ព័ត៌មាន

អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ៖ នយោបាយដាក់គំនាបទៅលើប្រទេសតូចៗ ធ្វើឱ្យសហរដ្ឋអាម៉េរិកនិងអឺរ៉ុបខាតបង់ ប៉ុន្តែកំពុងផ្ដល់ផលចំណេញដល់ចិន

2021-02-09 04:35:12 ថ្ងៃអង្គារ, 09 កុម្ភៈ 2021 ម៉ោង 11:35 AM
អ្នកមើល 3380
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «នយោបាយដាក់គំនាបទៅលើប្រទេសតូចៗ ធ្វើឱ្យសហរដ្ឋអាម៉េរិកនិងអឺរ៉ុបខាតបង់ ប៉ុន្តែកំពុងផ្ដល់ផលចំណេញដល់ចិន» នេះជាការគូសបញ្ជាក់របស់អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិមួយរូប ដែលបានថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អ្វីទៅដែលពិភពលោកទទួលបានពីនយោបាយថ្មីរបស់អាម៉េរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន?» ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងបទអន្តរាគមន៍លើប្រធានបទស្ដីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក ក្នុងរដ្ឋបាលដឹកនាំរបស់លោក ចូ បៃដិន លោក ប៉ែន បូណា បានលើកឡើងបញ្ជាក់អំពីវប្បធម៌នយោបាយរបស់លោកខាងលិច និងសហរដ្ឋអាម៉េរិក ដែលជានិច្ចកាលបានអះអាងថាប្រជាធិបតេយ្យ និងសិទ្ធិ គឺជាគុណតម្លៃស្នូលនៃទំនាក់ទំនងនយោបាយការបរទេសរបស់ខ្លួន ប៉ុន្តែ លោកបានគូសបញ្ជាក់ថា «នយោបាយដាក់គំនាបទៅលើប្រទេសផ្សេងៗ ពិសេសប្រទេសតូចៗរបស់សហរដ្ឋអាម៉េរិកនិងអឺរ៉ុប ត្រូវបានអ្នកវិភាគជាច្រើនសន្និដ្ឋានថា គឺជានយោបាយមួយដែលខាតបង់ ហើយជាចលករមួយដែលផ្ដល់ផលចំណេញដល់ចិន»។

ក្រៅតែពីការសន្និដ្ឋានយ៉ាងដូច្នេះរបស់អ្នកវិភាគជាច្រើន ប៉ែន បូណា បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា សូម្បីតែក្រុមការងារ South East Asia Task force របស់សហរដ្ឋអាម៉េរិក ក៏បានវិភាគយ៉ាងស៊ីជម្រៅផងដែរ នូវការខាតបង់និងការចំណេញរបស់សហរដ្ឋអាម៉េរិក នៅពេលដាក់ទណ្ឌកម្មនិងគំនាបទៅលើបណ្ដាប្រទេសនានា ពិសេសនៅអាស៊ាន ដែលក្រុមការងារនេះបានអះអាងថា សហរដ្ឋអាម៉េរិកគួរតែប្រើប្រាស់របៀបធ្វើការមួយដែលមានប្រសិទ្ធភាព ជាជាងការដាក់គំនាប និងទណ្ឌកម្ម។

សម្រាប់ករណីប្រទេសកម្ពុជា លោក ប៉ែន បូណា បានលើកឡើងនូវឱកាស និងការប្រឈមដែលប្រទេសតូចមួយនេះ នឹងពើបប្រទះក្នុងដំណាក់កាលប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាម៉េរិកថា៖ «ក្នុងពេលដែលមហាអំណាចថ្មីកំពុងតែងើបឡើង ដែលត្រូវការការគាំទ្រពីប្រទេសតូចៗ កម្ពុជាអាចមានឱកាសទាញប្រយោជន៍ច្រើនពីមហាអំណាច ក្នុងករណីដែលមហាអំណាចបានប្ដូរពីការអនុវត្តការដាក់សម្ពាធឬគំនាប មកជាការយកចិត្តប្រទេសតូចៗ ប៉ុន្តែប្រសិនបើមហាអំណាចនៅតែបន្តបោះដុំថ្មក្ដៅមក នោះកម្ពុជានឹងជួបបញ្ហា ដូចជាករណីការចោទប្រទេសកម្ពុជាអំពីមូលដ្ឋានយោធាចិនជាដើម»។

គួរបញ្ជាក់ថា ហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅតែត្រូវបានបណ្ដាប្រទេសលោកខាងលិច និងសហរដ្ឋអាម៉េរិកលើកមកធ្វើជាប្រធានបទរិះគន់ និងដាក់សម្ពាធលើបណ្ដាប្រទេសតូចៗដូចជាប្រទេសកម្ពុជាជាដើម។ ទោះជាយ៉ាងនេះក្ដី អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិរូបនេះ បានអះអាងថា «ប្រជាធិបតេយ្យមានសារៈសំខាន់ណាស់ដែលកម្ពុជាត្រូវតែនាំគ្នាកសាង ប៉ុន្តែប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មិនអាចត្រូវចម្លងទាំងស្រុងពីប្រទេសលោកខាងលិចមកដាក់នៅប្រទេសកម្ពុជាកម្ពុជាបាននោះទេ»។

បើតាមលោក ប៉ែន បូណា គុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់លោកខាងលិច គឺមានមូលដ្ឋានសេរីភាព ប៉ុន្តែគុណតម្លៃរបស់អាស៊ីគឺ លើវិន័យ និងសណ្ដាប់ធ្នាប់ ដូច្នេះហើយ កម្ពុជាត្រូវកសាងប្រជាធិបតេយ្យដោយផ្អែកលើគុណតម្លៃផ្ទាល់ខ្លួន គឺត្រូវដាំប្រជាធិបតេយ្យនៅកម្ពុជា ត្រូវតែកសាងឡើងនៅក្នុងថ្នាលរបស់ខ្មែរ នៅលើដីរបស់ខ្មែរ អាកាសធាតុរបស់ខ្មែរ ពូជខ្មែរ ជីរខ្មែរ ទឹកខ្មែរ ទើបយើងអាចកសាងប្រជាធិបតេយ្យមួយដែលមានតម្លៃ ហើយកម្ពុជាអាចកសាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមរបៀបខ្មែរ ដោយខ្មែរមានមូលដ្ឋានគ្រឹះរឹងមាំណាស់។ បើសិនជាក្រឡេកមើលប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាមានវប្បធម៌ទទួលពីឥណ្ឌា ប៉ុន្តែយើងមើលឱ្យច្បាស់ ខ្មែរមិនមានអ្វីដែលដូចឥណ្ឌាទេ ដោយសារបុព្វបុរសខ្មែរ បានយកអ្វីដែលចម្លងពីឥណ្ឌាកែច្នៃឱ្យទៅជាអ្វីរបស់ខ្លួនឯង ហេតុនេះហើយកម្ពុជាក៏អាចកសាងបានក្នុងក្របខណ្ឌប្រជាធិបតេយ្យកម្ពុជា ដោយមិនត្រូវរំពឹងថាយកម៉ែត្រប្រជាធិបតេយ្យរបស់លោកខាងលិចមកវាស់ប្រជាធិបតេយ្យរបស់ខ្មែរនោះទេ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ការជំរុញការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន នៅរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង...

2024-04-04 15:09:02   ថ្ងៃព្រហស្បតិ៍, 04 មេសា 2024 ម៉ោង 10:09 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃព្រហស្បតិ៍ ១១ រោច ខែផល្គុន បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង...

2024-04-04 04:25:53   ថ្ងៃព្រហស្បតិ៍, 04 មេសា 2024 ម៉ោង 11:25 AM
ពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយ៖ បណ្ឌិត យ៉ាន់ វិភារតន៍ ប្រធាន នាយកដ្ឋាន ផ្នែកសិល្បៈទស្សនីយភាពនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្ប:

ការកំណត់ថ្ងៃខែចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងតាំងពីយូលង់ណាស់មកហើយនោះគឺកំណត់យកតាមចន្ទគតិគឺកំណត់យកខែមិគសិរជាដើមឆ្នាំ។តាមចន្ទគតិគេកំណត់បែកចែកជា៣រដូវកាលធំៗនោះគឺៈ ១.ហេមន្តរដូវ ចាប់គិតពីថ្ងៃ១រោចខែកត្តិកដល់ថ...

2024-04-03 14:40:13   ថ្ងៃពុធ, 03 មេសា 2024 ម៉ោង 09:40 PM
លទ្ធផលនៃការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំព្រឹទ្ធសភា គូសបញ្ជាក់អំពីការឯកភាពខាងនយោបាយ និងការទទួលស្គាល់អំពីសារៈសំខាន់ នៃតួនាទីរបស់ព្រឹទ្ធសភានីតិកាលទី៥ នៅក្នុងទំនាក់ទំនងនយោបាយការបរទេសរបស់កម្ពុជា

នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រាព្ធពិធីបើកសម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាពព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រ...

2024-04-03 08:49:58   ថ្ងៃពុធ, 03 មេសា 2024 ម៉ោង 03:49 PM
"ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រួមចំណែកជួយជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជ​បណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប"

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលបានឧបត្ថម្ភថវិកាចំនួន ២០ ០០០ ០០០ រៀល ចូលរួមចំណែកនៅក្នុង «គម្រោងជីកប្រឡាយក្រវាត់ជុំវិញឧទ្យានរាជ​បណ្ឌិត្យ​សភាកម្ពុជា តេជោសែន ឫស្...

2024-04-02 11:29:11   ថ្ងៃអង្គារ, 02 មេសា 2024 ម៉ោង 06:29 PM
«ការសម្តែងល្ខោននិយាយរឿង នេះមិនមែនសុបិន្ត នៅសាលមហោស្រពខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា»

ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រាជបណ្ឌិត្យសភាកម្ពុជាគ្រោងរៀបចំការសម្តែងពិសេស ល្ខោននិយាយរឿង «នេះមិនមែនសុបិន្ត» នៅសាលមហោស្រពខេមរវិទូ ដោយមានការចូលរួមពី លោក ណេន ភារិទ្ធ និងកញ្ញា កែ...

2024-04-02 09:34:31   ថ្ងៃអង្គារ, 02 មេសា 2024 ម៉ោង 04:34 PM

សេចក្តីប្រកាស