ព័ត៌មាន

អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិ៖ នយោបាយដាក់គំនាបទៅលើប្រទេសតូចៗ ធ្វើឱ្យសហរដ្ឋអាម៉េរិកនិងអឺរ៉ុបខាតបង់ ប៉ុន្តែកំពុងផ្ដល់ផលចំណេញដល់ចិន

2021-02-09 04:35:12 ថ្ងៃអង្គារ, 09 កុម្ភៈ 2021 ម៉ោង 11:35 AM
អ្នកមើល 3405
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «នយោបាយដាក់គំនាបទៅលើប្រទេសតូចៗ ធ្វើឱ្យសហរដ្ឋអាម៉េរិកនិងអឺរ៉ុបខាតបង់ ប៉ុន្តែកំពុងផ្ដល់ផលចំណេញដល់ចិន» នេះជាការគូសបញ្ជាក់របស់អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិមួយរូប ដែលបានថ្លែងក្នុងឱកាសចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «អ្វីទៅដែលពិភពលោកទទួលបានពីនយោបាយថ្មីរបស់អាម៉េរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន?» ដែលប្រព្រឹត្តទៅនៅរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃចន្ទ ១១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងបទអន្តរាគមន៍លើប្រធានបទស្ដីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក ក្នុងរដ្ឋបាលដឹកនាំរបស់លោក ចូ បៃដិន លោក ប៉ែន បូណា បានលើកឡើងបញ្ជាក់អំពីវប្បធម៌នយោបាយរបស់លោកខាងលិច និងសហរដ្ឋអាម៉េរិក ដែលជានិច្ចកាលបានអះអាងថាប្រជាធិបតេយ្យ និងសិទ្ធិ គឺជាគុណតម្លៃស្នូលនៃទំនាក់ទំនងនយោបាយការបរទេសរបស់ខ្លួន ប៉ុន្តែ លោកបានគូសបញ្ជាក់ថា «នយោបាយដាក់គំនាបទៅលើប្រទេសផ្សេងៗ ពិសេសប្រទេសតូចៗរបស់សហរដ្ឋអាម៉េរិកនិងអឺរ៉ុប ត្រូវបានអ្នកវិភាគជាច្រើនសន្និដ្ឋានថា គឺជានយោបាយមួយដែលខាតបង់ ហើយជាចលករមួយដែលផ្ដល់ផលចំណេញដល់ចិន»។

ក្រៅតែពីការសន្និដ្ឋានយ៉ាងដូច្នេះរបស់អ្នកវិភាគជាច្រើន ប៉ែន បូណា បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា សូម្បីតែក្រុមការងារ South East Asia Task force របស់សហរដ្ឋអាម៉េរិក ក៏បានវិភាគយ៉ាងស៊ីជម្រៅផងដែរ នូវការខាតបង់និងការចំណេញរបស់សហរដ្ឋអាម៉េរិក នៅពេលដាក់ទណ្ឌកម្មនិងគំនាបទៅលើបណ្ដាប្រទេសនានា ពិសេសនៅអាស៊ាន ដែលក្រុមការងារនេះបានអះអាងថា សហរដ្ឋអាម៉េរិកគួរតែប្រើប្រាស់របៀបធ្វើការមួយដែលមានប្រសិទ្ធភាព ជាជាងការដាក់គំនាប និងទណ្ឌកម្ម។

សម្រាប់ករណីប្រទេសកម្ពុជា លោក ប៉ែន បូណា បានលើកឡើងនូវឱកាស និងការប្រឈមដែលប្រទេសតូចមួយនេះ នឹងពើបប្រទះក្នុងដំណាក់កាលប្រកួតប្រជែងរវាងចិន និងសហរដ្ឋអាម៉េរិកថា៖ «ក្នុងពេលដែលមហាអំណាចថ្មីកំពុងតែងើបឡើង ដែលត្រូវការការគាំទ្រពីប្រទេសតូចៗ កម្ពុជាអាចមានឱកាសទាញប្រយោជន៍ច្រើនពីមហាអំណាច ក្នុងករណីដែលមហាអំណាចបានប្ដូរពីការអនុវត្តការដាក់សម្ពាធឬគំនាប មកជាការយកចិត្តប្រទេសតូចៗ ប៉ុន្តែប្រសិនបើមហាអំណាចនៅតែបន្តបោះដុំថ្មក្ដៅមក នោះកម្ពុជានឹងជួបបញ្ហា ដូចជាករណីការចោទប្រទេសកម្ពុជាអំពីមូលដ្ឋានយោធាចិនជាដើម»។

គួរបញ្ជាក់ថា ហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅតែត្រូវបានបណ្ដាប្រទេសលោកខាងលិច និងសហរដ្ឋអាម៉េរិកលើកមកធ្វើជាប្រធានបទរិះគន់ និងដាក់សម្ពាធលើបណ្ដាប្រទេសតូចៗដូចជាប្រទេសកម្ពុជាជាដើម។ ទោះជាយ៉ាងនេះក្ដី អ្នកតាមដានព្រឹត្តិការណ៍នយោបាយអន្តរជាតិរូបនេះ បានអះអាងថា «ប្រជាធិបតេយ្យមានសារៈសំខាន់ណាស់ដែលកម្ពុជាត្រូវតែនាំគ្នាកសាង ប៉ុន្តែប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស មិនអាចត្រូវចម្លងទាំងស្រុងពីប្រទេសលោកខាងលិចមកដាក់នៅប្រទេសកម្ពុជាកម្ពុជាបាននោះទេ»។

បើតាមលោក ប៉ែន បូណា គុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់លោកខាងលិច គឺមានមូលដ្ឋានសេរីភាព ប៉ុន្តែគុណតម្លៃរបស់អាស៊ីគឺ លើវិន័យ និងសណ្ដាប់ធ្នាប់ ដូច្នេះហើយ កម្ពុជាត្រូវកសាងប្រជាធិបតេយ្យដោយផ្អែកលើគុណតម្លៃផ្ទាល់ខ្លួន គឺត្រូវដាំប្រជាធិបតេយ្យនៅកម្ពុជា ត្រូវតែកសាងឡើងនៅក្នុងថ្នាលរបស់ខ្មែរ នៅលើដីរបស់ខ្មែរ អាកាសធាតុរបស់ខ្មែរ ពូជខ្មែរ ជីរខ្មែរ ទឹកខ្មែរ ទើបយើងអាចកសាងប្រជាធិបតេយ្យមួយដែលមានតម្លៃ ហើយកម្ពុជាអាចកសាងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតាមរបៀបខ្មែរ ដោយខ្មែរមានមូលដ្ឋានគ្រឹះរឹងមាំណាស់។ បើសិនជាក្រឡេកមើលប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាមានវប្បធម៌ទទួលពីឥណ្ឌា ប៉ុន្តែយើងមើលឱ្យច្បាស់ ខ្មែរមិនមានអ្វីដែលដូចឥណ្ឌាទេ ដោយសារបុព្វបុរសខ្មែរ បានយកអ្វីដែលចម្លងពីឥណ្ឌាកែច្នៃឱ្យទៅជាអ្វីរបស់ខ្លួនឯង ហេតុនេះហើយកម្ពុជាក៏អាចកសាងបានក្នុងក្របខណ្ឌប្រជាធិបតេយ្យកម្ពុជា ដោយមិនត្រូវរំពឹងថាយកម៉ែត្រប្រជាធិបតេយ្យរបស់លោកខាងលិចមកវាស់ប្រជាធិបតេយ្យរបស់ខ្មែរនោះទេ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ក្រុមប្រឹក្សាជាតិភាសាខ្មែរអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យានិងរូបវិទ្យាបានចំនួន១៣ ពាក្យ»

ថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យានិងរូបវិទ្យា ប...

2018-11-07 14:02:36   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 09:02 PM
«៩ វិច្ឆិកា ២០១៨៖ ខួប៦៥ឆ្នាំ នៃឯករាជ្យជាតិកម្ពុជា និងជាថ្ងៃកំណើតនៃកងយោធពលខេមរភូមិន្ទ»

ចុះផ្សាយថ្ងៃទី៧  ខែវិច្ឆិកា ឆ្នាំ២០១៨ - ម៉ោង៖ ៤ :៣០ នាទីរសៀលភ្នំពេញ៖ ក្រោយពីទទួលបានឯករាជ្យបរិបូណ៌ពីសាធារណរដ្ឋបារាំង មកដល់ពេលនេះ មានរយៈពេល៦៥ឆ្នាំមកហើយ។ថ្ងៃសុក្រ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ប្រទេស...

2018-11-07 09:36:25   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 04:36 PM
«បរិស្ថាននិងវិស័យពាក់ព័ន្ធក្នុងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ E-Learning នៅកម្ពុជា...»

E-learning! ឱកាសសិក្សាដ៏ល្អ សម្រាប់សិស្ស និស្សិត អ្នកសិក្សាស្រាវជ្រាវ អ្នកកំពុងបំពេញការងារក្នុងវិស័យបរិស្ថាននិងវិស័យពាក់ព័ន្ធ ក្នុងកម្មវិធីសិក្សាគោលនយោបាយបរិស្ថានតាមប្រព័ន្ធអនឡាញ E-Learning នៅកម្ពុជា...

2018-11-07 08:38:52   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 03:38 PM
«និស្សិតអាហាររូបករណ៍ចំនួន២០០នាក់ នឹងទទួលបានការបណ្តុះបណ្តាលភាសាចិននៅរាជបណ្ឌិត្យសភាកម្ពុជា...»

ជំនួបពិភាក្សាទ្វេភាគីមួយ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក ស្រី ឧកញ៉ា កែវ មុំ តំណាងសមាគមអភិវឌ្ឍសុខមាលភាពអាស៊ីអាគ្នេយ៍ប្រជាជនចិន ស្តីពី«ការបណ្តុះបណ្តាលភាសាចិនដល់និស្ស...

2018-11-07 08:17:46   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 03:17 PM
«ប្រជុំពិភាក្សា និងវាយតម្លៃលទ្ធផលនៃការរៀបចំសន្និសីទអន្តរជាតិ ស្តីពី «៤០ឆ្នាំនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-សហភាពអឺរ៉ុប ៖ សមិទ្ធិផលនិងមាគ៌ាឆ្ពោះទៅមុខ»

ព្រឹកថ្ងៃពុធ ១៤រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដឹកនាំការប្រជុំពិភាក្សា និងវាយតម្លៃល...

2018-11-07 04:31:51   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 11:31 AM
«ក្រុមប្រឹក្សាជាតិភាសាខ្មែរបាន ប្រជុំ អនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍...»

ថ្ងៃអង្គារ ១៣រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការអក្សរសិល្ប៍បានចំនួន០៣ពា...

2018-11-07 04:08:13   ថ្ងៃពុធ, 07 វិច្ឆិកា 2018 ម៉ោង 11:08 AM

សេចក្តីប្រកាស