ព័ត៌មាន

«របត់នៃការអភិវឌ្ឍថ្មី ក្រោយសមាជលើកទី១៣ របស់វៀតណាម»

2021-02-03 07:29:22 ថ្ងៃពុធ, 03 កុម្ភៈ 2021, 07:29 AM
post_detail

សមាជបក្សកុម្មុយនីស្តវៀតណាមលើកទី១៣ បានបិទបញ្ចប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ មុនការគ្រោងទុកមួយថ្ងៃដោយសារស្ថានភាពនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះមានភាពស្មុគស្មាញ។ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានប្រកាសជាផ្លូវការថា លោក Nguyen Phu Trong ដែលមានអាយុ៧៦ឆ្នាំ បន្តកាន់តំណែងជាអគ្គលេខាធិការបក្សកុម្មុយនីស្តមួយអាណត្តិបន្តទៀត។ ការសម្រេចចិត្តរបស់បក្សនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីតួនាទីដឹកនាំដ៏សំខាន់របស់លោក អគ្គលេខាធិការបក្ស Nguyen Phu Trong។ ក្រោមការដឹកនាំរបស់លោក វៀតណាមបានគ្រប់គ្រងបាន ការរីករាលដាលនៃវីរុស កូវីដ-១៩ ហើយខឿនសេដ្ឋកិច្ចជាតិក៏បានបន្តកើនឡើងកាលពីឆ្នាំកន្លងទៅ និងជាពិសេសចំពេលដែលមានការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងសហរដ្ឋអាម៉េរិក និងចិន។ លើសពីនេះ អ្នកស្រាវជ្រាវពីស្ថានភាពនយោបាយរបស់វៀតណាមក៏បានព្យាករផងដែរថា លោក Nguyen Xuan Phuc អតីតនាយករដ្ឋមន្ត្រី នឹងកាន់តំណែងជាប្រធានរដ្ឋ។ លោក Pham Minh Chinh អតីតប្រធានគណៈចាត់តាំងមជ្ឈិមបក្ស នឹងកាន់តំណែងជានាយករដ្ឋមន្ត្រី។ លោក Vuong Dinh Hue លេខាគណៈកម្មការបក្សទីក្រុងហាណូយ នឹងកាន់តំណែងជាប្រធានរដ្ឋសភា។

សមាជបានបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការមជ្ឈិមបក្សចំនួន១៨០រូប និង២០រូប ជាសមាជិកបម្រុង។ សមាជិកទាំងនេះមានតួនាទីសំខាន់បំផុតនៅក្នុងប្រព័ន្ធនយោបាយរបស់វៀតណាម។ សមាជនេះធ្វើឡើងនៅពេលដែលតំបន់ និងអន្តរជាតិមានការអភិវឌ្ឍដ៏ស្មុគស្មាញ និងបញ្ហាប្រឈមជាច្រើន ដូចជា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត។ ដូច្នេះ គេអាចនិយាយបានថា ប្រទេសវៀតណាមកំពុងស្ថិតនៅក្នុងរបត់ដ៏សំខាន់មួយ។

ថ្នាក់ដឹកនាំថ្មីរបស់ប្រទេសវៀតណាមក៏បានកំណត់គោលដៅ សម្រាប់ឆ្នាំ២០៣០ នឹងធ្វើឱ្យប្រទេសវៀតណាម ក្លាយជាប្រទេសសេដ្ឋកិច្ចឧស្សាហកម្ម ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល៧% ក្នុងមួយឆ្នាំ និងផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្ស ម្នាក់កើនរដូតដល់ ៧ ៥០០ដុល្លារអាម៉េរិក។

សមាជលើកនេះ មានលក្ខណៈជាប្រវត្តិសាស្ត្រ មិនត្រឹមតែសម្រាប់ប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូលផងដែរ ដែលមានការប្រកួតប្រជែង និងឱកាសជាច្រើន។ វឌ្ឍនភាពនៃសេដ្ឋកិច្ចដែលគួរឱ្យកត់សម្គាល់របស់វៀតណាម ក្នុងរយៈពេល១៥ឆ្នាំកន្លងទៅ ក៏ដូចជាការធ្វើកំណែទម្រង់សេដ្ឋកិច្ចតាមរយៈ Doi Moi មិនត្រឹមតែនាំមកនូវភាពរីកចម្រើនដល់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងបានពង្រឹងជំហររបស់ប្រទេសនេះទៅក្នុងតំបន់ ក៏ដូចជា នៅលើឆាកអន្តរជាតិផងដែរ។ តាមពិត វៀតណាមទាក់ទាញការវិនិយោគបរទេសកាន់តែខ្លាំងឡើងដោយសារបរិយាកាសនយោបាយមានស្ថេរភាព បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយដៃគូសំខាន់ៗ និងមានសក្តានុពលក្នុងខ្សែសង្វាក់នៃតម្លៃ។ លើសពីនេះទៅទៀត ប្រទេសវៀតណាមបានគ្រប់គ្រងដោយជោគជ័យ នូវការរាតត្បាតនៃវីរុសកូវីដ-១៩ ហើយក៏ត្រូវបានគេចាត់ទុកថា ជាទិសដៅនៃការវិនិយោគ និងជាមជ្ឈមណ្ឌលផលិតកម្មក្នុងទសវត្សខាងមុខ។

ភារកិច្ចដ៏សំខាន់មួយនៅក្នុងសមាជលើកទី១៣ របស់បក្សកុំម្មុយនីស្តពេលកន្លងទៅនេះ គឺការដាក់ចេញនូវគោលនយោបាយការបរទេសរបស់ខ្លួន ក្នុងបរិបទដែលវៀតណាមត្រូវថ្លឹងថ្លែងរវាងសហរដ្ឋអាម៉េរិក ដែលជាប្រទេសមហាអំណាចដែលគេមើលឃើញថាកំពុងធ្លាក់ចុះ និងប្រទេសចិន ជាមហាអំណាចក្នុងតំបន់ ដែលកំពុងតែឈានទៅ រក មហាអំណាចពិភពលោក។ ក្នុងរបាយការណ៍នៃសមាជលើកទី១៣ បានបង្ហាញថា ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចកាន់តែខ្លាំងឡើងៗ នឹងបណ្តាលឱ្យប្រទេសនៅអាស៊ីអាគ្នេយ៍ អាចត្រូវបានហ៊ុមព័ទ្ធទៅដោយការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយដែលនឹងជះឥទ្ធិពលដល់ប្រទេសវៀតណាម។ លើសពីនេះទៅទៀត សេដ្ឋកិច្ចពិភពលោកបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ប្រទេសមហាអំណាចត្រូវបានបង្ខំឱ្យកែសម្រួលយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ពួកគេ និងកាត់បន្ថយការពឹងផ្អែកពីខាងក្រៅ។ ទាំងនេះនឹងបង្កជាបញ្ហាប្រឈមក្នុងការកំណត់ទីតាំងនៃខ្សែសង្វាក់ឧស្សាហកម្មសកលរបស់វៀតណាម។ ក្នុងបរិបទនេះ អ្នកជំនាញជាច្រើនបានលើកឡើងថា វៀតណាម ត្រូវពឹងផ្អែកបន្ថែមលើតួនាទីនាំមុខរបស់ខ្លួនក្នុងតំបន់អាស៊ាន, ធ្វើសមាហរណកម្មអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ, អនុវត្តកិច្ចព្រមព្រៀងសេដ្ឋកិច្ច-ពាណិជ្ជកម្ម ដែលបានចុះហត្ថលេខាជាមួយបណ្តាប្រទេសនានា និងតំបន់ផ្សេងទៀត, ផ្តោតសំខាន់លើការលើកកម្ពស់វិស័យការទូតពហុភាគី និងការធ្វើពិពិធកម្ម។

ជាមួយនឹងសកម្មភាពយ៉ាងសកម្ម និងមានភាពបទបែនរបស់វៀតណាមនៅក្នុងតំបន់អាស៊ាន ការផ្លាស់ប្តូរគោលនយោបាយការបរទេសរបស់វៀតណាម នឹងអាចជះឥទ្ធិពលដល់ប្រទេសកម្ពុជា ដែលជាប្រទេសជិតខាងរបស់ វៀត ណាម និងជាសមាជិកអាស៊ានដូចគ្នា។ មេដឹកនាំថ្មីដែលកើតចេញពីសមាជលើកទី១៣នេះ បានបង្ហាញថា គោលនយោបាយនៃភាពជាមិត្តភាពសម្រាប់ប្រទេសជិតខាង រួមទាំងប្រទេសកម្ពុជា នឹងត្រូវបានរក្សាយ៉ាងខ្ជាប់ខ្ជួន ដោយគណបក្សកុម្មុយនីស្តវៀតណាម។ កាលពីឆ្នាំ២០១៩ លោក Trong បានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក៏ដូចជាធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលរវាងសហរដ្ឋអាម៉េរិក និងប្រទេសកូរ៉េខាងជើង នេះបានបង្ហាញថា អគ្គលេខាធិការបក្ស Nguyen Phu Trong គឺជាបុគ្គលម្នាក់ដែលបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ក្រោមការគ្រប់គ្រងរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

មានមតិសាធារណៈជាច្រើនរបស់ប្រជាជនវៀតណាម កំពុងទន្ទឹងរងចាំនាយករដ្ឋមន្រ្តីថ្មីរបស់ខ្លួន គឺ លោក Pham Minh Chinh ដែលអាចនាំសេដ្ឋកិច្ចវៀតណាមទៅរកការរីកចម្រើនក្នុងបរិបទនៃការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលដោយវីរុសកូវីដ-១៩។ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងវៀតណាម ក៏នឹងទទួលបានអត្ថប្រយោជន៍ពីគ្នាទៅវិញទៅមក ក្នុងនាមកម្ពុជាដែលជាប្រទេសភូមិផងរបងជាមួយគ្នា។

----------------------------------------

ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។​


អត្ថបទទាក់ទង

«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»

វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...

2018-09-25 02:39:55   Tue, 25,09,2018, 02:39 AM
«២៤ កញ្ញា ឆ្នាំ២០១៨ ខួបទី២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា»

ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...

2018-09-22 14:24:27   Sat, 22,09,2018, 02:24 PM
«ជំនួបជាមួយលោកបណ្ឌិត Brad Glosserman»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ បានទទួលជួបជាមួយលោកបណ្ឌិត Brad Glosserman នាយករង និងជាសាស្ត្រាចារ្យដែលកំពុងផ្លាស់ប...

2018-09-19 09:29:20   Wed, 19,09,2018, 09:29 AM
គម្រោងស្រាវជ្រាវលើប្រសិទ្ធភាព Biochar បានបោះពុម្ពផ្សាយក្នុងទស្សនាវដ្តីកម្រឹត​ពិភពលោក

ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...

2018-09-17 12:17:54   Mon, 17,09,2018, 12:17 PM
សង្ខេបព័ត៌មាន ២សប្តាហ៍កន្លងមកនេះ

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖ មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយស​ពីវិទ្យាស្ថានស្តង់ដា​កម្ពុជា​នៃក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្...

2018-09-17 04:31:18   Mon, 17,09,2018, 04:31 AM
«ប្រវត្តិសិល្បៈមហោរីខ្មែរ»

(ស្រាវជ្រាវចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិតស្យសភាកម្ពុជា) ការសិក្សាអំពីសង្គម និងវប្បធម៌របស់ជាតិសាសន៍ណាមួយ មិនមែនជាការងាយស្រួ...

2018-09-14 03:05:51   Fri, 14,09,2018, 03:05 AM

សេចក្តីប្រកាស