ព័ត៌មាន

«ឯកឧត្តមបណ្ឌិត គិន ភា៖ ការស្រាវជ្រាវគឺជាការស្វែងរកការពិតនិងដោះស្រាយបញ្ហាមូលដ្ឋាន»

2021-01-30 09:16:52 ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 04:16 PM
អ្នកមើល 5113
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគឺជាចំណុចមួយដ៏មានសារសំខាន់បំផុតក្នុងការស្វែងរកការពិត និងដោះស្រាយបញ្ហាមូលដ្ឋាន ព្រមទាំងបង្កើននូវចំណេះដឹងសម្រាប់កំណត់គោលនយោបាយ ការធ្វើកំណែទម្រង់ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ចំពោះឯកឧត្តមបណ្ឌិត ការសិក្សាដោយគ្មានការស្រាវជ្រាវគ្រាន់តែជាការសូត្រតាមទ្រឹស្តីរបស់គេដោយគ្មានការគិត គ្មានការពិចារណា និងគ្មានការវិភាគ នោះខួរក្បាលរបស់យើងវគ្រាន់តែជាធុងសំរាមផ្ទុកចំណេះដឹងអ្នកដ៏ទៃ មិនមានអ្វីថ្មីនោះទេ។

ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាបានលើកឡើងថា ការរីកចម្រើនរបស់ប្រទេសអភិវឌ្ឍន៍ទាំងនយោបាយ សេដ្ឋកិច្ច និងបច្ចេកវិទ្យា មិនមែនកើតឡើងដោយភាពចៃដន្យនោះទេ គឺកើតឡើងដោយការសិក្សាស្រាវជ្រាវស្វែងរកការពិត និងផ្តល់តម្លៃនិងការជឿលើការស្រាវជ្រាវ ដោយប្រទេសមួយចំនួនបានចំណាយលុយរាប់រយរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំលើការស្រាវជ្រាវនិងអភិវឌ្ឍន៍។ ជាក់ស្តែង ប្រទេសមហាអំណាចទាំងឡាយសុទ្ធសឹងតែមានបច្ចេកវិទ្យារៀងៗខ្លួន ហើយពួកគេតែងតែសំញែងដាក់គ្នាតាមរយៈការបង្ហាញពីភាពរីកចំរើននៃបច្ចេកវិទ្យារបស់ពួកគេ (បច្ចេកវិទ្យាព័ត៌មានវិទ្យា សព្វាវុធ និងបច្ចេកវិទ្យាឧស្សាហកម្ម, កសិកម្ម, សុខាភិបាល។ល។)

ជុំវិញបញ្ហាស្រាវជ្រាវនេះ ឯកឧត្តមបណ្ឌិតមើលឃើញថា កម្ពុជាហាក់ចេញដំណើរយឺតបន្តិចហើយ បើសិនជាយើងប្រៀបធៀបជាមួយប្រទេសមួយចំនួននៅក្នុងតំបន់។ ប៉ុន្តែ មកយឺត ប្រសើរជាងមិនមក។ «ដូច្នេះ ការងារចំពោះមុខរបស់យើង គឺការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យស្រាវជ្រាវ។ យើងត្រូវទទួលស្គាល់ថា យើងនៅខ្វះធនធានមនុស្សដែលមានសមត្ថភាពលើការស្រាវជ្រាវវិទ្យាសាស្ត្រ តែយើងក៏នៅខ្វះការយកចិត្តទុកដាក់លើអ្នកវិទ្យាសាស្ត្រឬអ្នកស្រាវជ្រាវដែរ»។ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាបញ្ជាក់បន្ថែមលើការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសដែលផ្តោតលើការស្រាវជ្រាវ។

ឯកឧត្តមបណ្ឌិតបានបញ្ជាក់ទៀតថា ការបណ្តុះការសិក្សាស្រាវជ្រាវ មិនមែនទើបតែបណ្តុះក្នុងឧត្តមសិក្សា និងក្រោយឧត្តមសិក្សានោះទេ គឺគួរតែបណ្តុះតាំងពីក្មេងមកម្លេះ ដើម្បីឱ្យពួកគេ ចេះធ្វើការស្រាវជ្រាវ ចេះស្រមើរស្រម៉ៃលើការស្រាវជ្រាវមួយដែលសាមញ្ញៗ ដែលទាញចេញមកពីការងារប្រចាំរបស់ពួកគាត់ ដែលជាការស្រាវជ្រាវមួយដែលបំរើ ឱ្យការងារប្រចាំថ្ងៃ បណ្តុះឱ្យចេះស្រលាញ់ការសិក្សា កុំឱ្យចេះតែជឿ គ្រប់យ៉ាងនោះ។

ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់រាជរដ្ឋាភិបាលបន្តចូលរួមគាំទ្រការស្រាវជ្រាវ ដើម្បីបញ្ជៀសគម្លាតនៃជំនាញការងារ ស្រាវជ្រាវ ក្នុងការអភិវឌ្ឍជាតិ ខណៈរាជបណ្ឌិត្យសភាកម្ពុជា ក៏កំពុងរួមចំណែកជួយដល់រាជរដ្ឋាភិបាល ធ្វើការតាមដាននិងចងក្រងអត្ថបទវិទ្យាសាស្ត្រយ៉ាងយកចិត្តទុកដាក់សម្រាប់ជាចំណេះដឹង និងទុកជាបទពិសោធន៍ផងដែរ។

ដើម្បីលើកស្ទួយការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ឯកទេសវិទ្យាសាស្ត្រនយោបាយបានផ្តល់អនុសាសន៍ចំនួន៨ចំណុចមាន៖ ១. បណ្តុះគំនិតស្រាវជ្រាវតាំងពីថា្នក់ទាប ជាពិសេសថ្នាក់បឋមសិក្សានិងអនុវិទ្យាល័យ។ ការស្រាវជ្រាវបែបការ អនុវត្តងាយៗដែលសិស្សងាយយល់។ សំណើផេ្សងៗទៀត មានជាអារទិ៍ ការពិសោធន៍ងាយៗទាក់ទងជីវភាពប្រចំាថ្ងៃ ទសន្សកិច្ចសិក្សាក្នុងក្រុមហ៊ុនឬរោងចក្រជាដើម។ ២. បណ្តុះគំនិតឱ្យស្រឡាញ់ការអាន ការសរសេរ ការត្រឹះរិះការស្រាវជ្រាវ។ ៣. កម្រិតឧត្តមសិក្សាឡើងទៅ ត្រូវតែបញ្ចប់ការសិក្សាដោយការស្រាវជ្រាវនិងសរសេរនិក្ខេបបទ។ រៀនមិនមែនដើម្បីឱ្យតែបានសញ្ញាបត្រទេ តែរៀនដើម្បីឱ្យចេះ ឱ្យមានចំណោះស្មើនឹងសញ្ញាបត្រ និងអាចធ្វើការកើត។ ៤. បន្ស៊ីការបណ្ដុះបណ្ដាលនិងការស្រាវជ្រាវជាមួយនឹងតម្រូវការនៃការងារជាក់ស្ដែង។ ៥. បង្កើតទំនាក់ទំនងរវាងគ្រឹះស្ថានបណ្តុះបណ្ដាលនិងផ្នែកឯកជន ក៏ដូចជាផ្នែកសាធារណៈដើម្បីផ្តល់ទីលានដល់និស្សិតអនុវត្តចំណេះដឹងនិងទ្រឹស្ដី។ ៦. ជំរុញឱ្យមានផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍នៅតាមអង្គភាពរដ្ឋនិងឯកជន។ ៧. ស្ថាប័នស្រាវជ្រាវគួរត្រូវបានផ្តល់ធនធានគ្រប់គ្រាន់សម្រាប់បម្រើការងារស្រាវជ្រាវ និង៨. អ្នកស្រាវជ្រាវគួរត្រូវបានយកចិត្តទុកដាក់ខាងផ្នែកជីវភាព៕

RAC Media 


អត្ថបទទាក់ទង

ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 12:27 PM

សេចក្តីប្រកាស