ព័ត៌មាន

ការស្រាវជ្រាវផ្តល់សារៈប្រយោជន៍៧យ៉ាងដល់សង្គម

2021-01-30 04:57:27 ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 11:57 AM
អ្នកមើល 7189
post_detail

ក្នុងវេទិកាកិច្ចពិភាក្សាតុមូល ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ហើយមានការចូលរួមពីបណ្តាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធយូរឆ្នាំក្នុងកិច្ចការងារស្រាវជ្រាវ និងបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗ បានធ្វើការជជែកពិភាក្សា និងបានកំណត់នូវអត្ថប្រយោជន៍នៃការស្រាវជ្រាវចំនួន៧ចំណុចគឺ៖

ទីមួយ៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការស្រាវជ្រាវមានភាពចំបាច់ណាស់ក្នុងការចូលរួមចំណែក ដើម្បីអភិវឌ្ឍសង្គម និងការស្រាវជ្រាវជាមូលដ្ឋានក្នុងការធ្វើឱ្យមានកំហុសឆ្គងកាន់តែតិច។ ការសិក្សាស្រាវជ្រាវ ដើម្បីពង្រីកនូវចំណេះដឹងឱ្យកាន់តែទូលំទូលាយ មានភាពសម្បូរបែប ដើម្បីវឌ្ឍនភាពនៃសង្គម។

ទីពីរ៖ បណ្ឌិតសភាចារ្យ នេត បារ៉ុម សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថាការស្រាវជ្រាវនៅប្រទេសដែលមានការអភិវឌ្ឍជឿនលឿនទាំងអស់នៅលើពិភពលោក គឺពឹងផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ព្រោះថាការស្រាវជ្រាវ គឺជាការស្រាវជ្រាវរុករកបញ្ហាអ្វីមួយឱ្យបានច្បាស់លាស់បែបវិទ្យាសាស្រ្ត។ អ្នកស្រាវជ្រាវជាន់ខ្ពស់រូបនេះបានបន្ថែមថា ដរាបណា សា្មរតីស្រាវជ្រាវត្រឹមត្រូវស្ថិតក្នុងសតិអារម្មណ៍ប្រជាជនយើងគ្រប់រូបនោះប្រទេសយើងកាន់តែជឿនលឿន។

ទីបី៖ លោកស្រីបណ្ឌិត អេង នេត្រា បានបញ្ជាក់យ៉ាងដូច្នេះថា ការស្រាវជ្រាវជាក់លាក់អាចឈានទៅរកការសម្រេចចិត្តបានប្រសើរ។ ក្នុងនាមអ្នកស្រាវជ្រាវ ដែលមានបទពិសោធក្នុងការងាររយៈពេលជិត១០ឆ្នាំមកនេះ បច្ចុប្បន្ន លោកស្រីបណ្ឌិត អេង នេត្រា ជានាយិកា នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចាត់ទុកការស្រាវជ្រាវជាជម្រើសអាទិភាពមួយក្នុងដំណើរការអភិវឌ្ឍស្ថាប័ន និងប្រទេសជាតិ។ លោកស្រីមើលឃើញថា ធនធានមនុស្សផ្នែកការស្រាវជ្រាវរបស់ខ្មែរមានច្រើនគួរសម ធៀបនឹងរយៈពេល១០ឆ្នាំមុន ហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ការសិក្សាស្រាវជ្រាវផងដែរទាំងលើ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសាងអគារហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត និងធនធានហិរញ្ញវត្ថុ។

ទីបួន៖ បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ការស្រាវជ្រាវ គឺជាការកំណត់អត្តសញ្ញាណ និងការរីកចំរើនរបស់សង្គម ព្រោះសង្គមដែលរីកចំរើនឥតឈប់ឈរគឺមិនអាចខ្វះបាននូវការស្រាវជ្រាវបានទេ»។ លើសពីនោះ លោកបណ្ឌិតនៅបានបន្តទៀតថា កន្លងមកសង្គមពុំសូវផ្តល់តម្លៃដល់ការស្រាវ​ជ្រាវប៉ុន្មានទេ ម្យ៉ាងទៀតសូម្បីតែនៅតាមសាកលវិទ្យាល័យ ដែលជាកន្លែងសិក្សាស្រាវជ្រាវហើយក៏ដោយ ក៏ការស្រាវជ្រាវនៅមានកម្រិតផងដែរ។

ទីប្រាំ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានបង្ហាញថា «កាលណាយើងមានការស្រាវ​ជ្រាវ វាជាឧបករណ៍សំខាន់មួយសម្រាប់ចំណេះដឹង សម្រាប់ការសិក្សារបស់យើង ការសិក្សាដែលគ្មានការស្រាវជ្រាវ គឺជាការសិក្សាដែលត្រឹមតែសូត្រតាមទ្រឹស្តីរបស់គេ ដោយគ្មានការពិចារណ៍ គ្មានការវិភាគ ដែលធ្វើឱ្យគំនិតរបស់យើងគ្រាន់តែជាធុងសំរាមនៃចំណេះដឹងរបស់អ្នកដទៃ ហើយគ្មានអ្វីថ្មីនោះទេ។» លោកបណ្ឌិត នៅបន្ថែមទៀតថា ការខ្វះការ​ស្រាវជ្រាវ នឹងធ្វើឱ្យយើងមិនអាចបែងចែងនូវអ្វីដែលជាការពិត និងអ្វីដែលមិនពិត។ ព្រោះថាសព្វថ្ងៃនោះ មានព័ត៌មានជាច្រើន ដែលគេផ្សព្វផ្សាយតាមបណ្តាញសង្គមនានា បើយើងខ្វះការស្រាវជ្រាវ នោះយើងប្រាកដជាមិនអាច​ញែកបាននូវអ្វីដែលជាការព័ត៌មានពិត។ ឬការស្រាវស្រាវជ្រាវរួមចំណែកក្នុងការអភិវឌ្ឍ និងការកែទម្រង់។

ទីប្រាំមួយ៖ បណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានបង្ហាញថា ការស្រាវជ្រាវត្រូវមានក្រមសីលធម៌ និងបើកបេះដូងឱ្យទូលាយ ដើម្បីទទួលបានទិន្នន័យសុក្រឹតច្បាស់លាស់ដែលឈានវិភាគវាយតម្លៃ និងដាក់ផែនការអនុវត្តដោះស្រាយចំបញ្ហា។ ជាងនោះទៅទៀត ដើម្បីមានក្រមសីលធម៌ និងបើកបេះដូងឱ្យទូលាយបាន អ្នកស្រាវជ្រាវដែលមានសមត្ថភាពត្រូវមានគោលការណ៍ចំនួន ៣ចំណុចរួមមាន៖ ១. ការតស៊ូទាំងកម្លាំងចិត្ត និងកម្លាំងកាយ។ ២. វិន័យ ឆន្ទៈ និងការងារលឿន និង៣. ត្រូវមានភាពបត់បែន និងវិធីសាស្រ្តដែលត្រូវតាមសភាពការណ៍ ទិន្នន័យ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្សក្នុងការស្រាវជ្រាវរបស់ខ្លួន ហើយអ្នកស្រាវជ្រាវទាំងអស់ត្រូវតែចេះបើកបេះដូងរបស់ខ្លួនឱ្យបានទូលំទូលាយក្នុងការទទួលយកការរិះគន់ពីអ្នកដទៃ ដែលជាធាតុចូល ដើម្បីយកមកវិភាគវែកញែកពិចារណា រកដំណោះស្រាយ និងការដាក់ចេញគោលនយោបាយនានាឱ្យកាន់តែប្រសើរឡើង។

ទីប្រាំពីរ៖ បណ្ឌិត បេងហុង សុជាតិខេមរ៉ូ ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា និងអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់តម្លៃខ្ពស់ចំពោះការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដោយលោកបណ្ឌិតបានលើកឡើងថា សារប្រយោជន៍នៃការស្រាវជ្រាវគឺស្ថិតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស «ប្រសិនបើគ្មានការស្រាវជ្រាវ គឺគ្មានការអភិវឌ្ឍដោយចរីភាពនោះទេ» ព្រោះការសិក្សាស្រាវជ្រាវជាស្នូលមួយសំខាន់ម្បងនៃការអនុវត្តការងារជាក់ស្តែងនៅលើគ្រប់វិស័យទាំងអស់។ ជាងនេះទៅទៀតលោកបណ្ឌិតបានសង្កត់ធ្ងន់ពីសារសំខាន់ការស្រាវជ្រាវ ថា ការស្រាវជ្រាវគឺជាការរៀបចំផែនការជារូបវ័ន្ត ដូច្នេះគ្មានការស្រាវជ្រាវ គ្មានទិន្នន័យ យើងមិនអាចរៀបចំផែនការច្បាស់លាស់ និងអនុវត្តផែនការចំគោលដៅបានទេ។

កិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវដែលរាជបណ្ឌិត្យសភាកម្ពុជារៀបចំឡើងនោះគឺ ចង់បង្ហាញឱ្យឃើញពីភាពចាំបាច់នៃការសិក្សាស្រាវជ្រាវ ក្នុងការចូលរួមដោះស្រាយបញ្ហានានាក្នុងសង្គម ដោយប្រែក្លាយពីបញ្ហាទៅជាកាលានុវត្តន៍ថ្មីក្នុងការកសាង អភិវឌ្ឍន៍ខ្លួន និងសង្គមជាតិទាំងមូលប្រកបដោយចីរភាព និងព្រមទាំងចូលរួមចំណែក​ក្នុងការបណ្តុះគំនិតឱ្យសិស្ស និស្សិត និងអ្នកសិក្សាទាំងឡាយនូវទស្សនៈវិស័យវែងឆ្ងាយសម្រាប់អនាគតរបស់ពួកគេលើវិស័យសិក្សាស្រាវជ្រាវនេះ។ មួយវិញទៀតគឺ ដើម្បីចែករំលែកចំណេះដឹងខាងការស្រាវជ្រាវជូនដល់សិស្ស និស្សិត អ្នកស្រាវជ្រាវ និងសាធារណជនទូទៅបានដឹងពីអត្ថប្រយោជន៍នៃការស្រាវជ្រាវ។

RAC Media


អត្ថបទទាក់ទង

សិក្ខាសាលាផ្សព្វផ្សាយស្តីពីអាហារូបករណ៍ទៅសិក្សានៅប្រទេសចិនតាមរយៈការប្រឡង HSK នៅកម្ពុជាប្រចាំឆ្នាំ២០២១

RAC Media 

2021-11-26 03:34:31   ថ្ងៃសុក្រ, 26 វិច្ឆិកា 2021 ម៉ោង 10:34 AM
កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)...

2021-11-23 12:01:55   ថ្ងៃអង្គារ, 23 វិច្ឆិកា 2021 ម៉ោង 07:01 PM
អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភ...

2021-11-15 12:09:10   ថ្ងៃចន្ទ, 15 វិច្ឆិកា 2021 ម៉ោង 07:09 PM
សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្...

2021-10-30 10:45:10   ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM
តួនាទីសេដ្ឋកិច្ចរបស់កម្ពុជាសម្រាប់អាស៊ាន-ចិន ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន ត្រូវបានផ្តួចផ្តើមធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០២ នៅទីក្រុងភ្នំពេញ (ដែលកម្ពុជាជាប្រធានអាស៊ាន) ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រ...

2021-10-27 13:55:27   ថ្ងៃពុធ, 27 តុលា 2021 ម៉ោង 08:55 PM
ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកនិងការប្រកួតប្រជែងឥទ្ធិពលរវាង ចិន-អាម៉េរិក នៅអាស៊ីអាគ្នេយ៍ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

គិតរហូតមកទល់ពេលនេះ ក្នុងបរិបទនៃការប្រកួតប្រជែងឥទ្ធិពល រវាងសហរដ្ឋអេម៉េរិក និងចិន ដែលកំពុងតែមានភាពក្តៅគគុកនៅ តំបន់អាស៊ីអាគ្នេយ៍ មានបុគ្គល ក្រុមហ៊ុន និងប្រទេសមួយចំនួន កំពុងជាប់ និងត្រៀមនឹងជាប់ទណ្ឌកម្មសេដ...

2021-10-27 11:17:03   ថ្ងៃពុធ, 27 តុលា 2021 ម៉ោង 06:17 PM

សេចក្តីប្រកាស