Royal Academy of Cambodia
ក្នុងវេទិកាកិច្ចពិភាក្សាតុមូល ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ហើយមានការចូលរួមពីបណ្តាអ្នកស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដែលសុទ្ធសឹងជាអ្នកជំនាញ និងមានបទពិសោធយូរឆ្នាំក្នុងកិច្ចការងារស្រាវជ្រាវ និងបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗ បានធ្វើការជជែកពិភាក្សា និងបានកំណត់នូវអត្ថប្រយោជន៍នៃការស្រាវជ្រាវចំនួន៧ចំណុចគឺ៖
ទីមួយ៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ការស្រាវជ្រាវមានភាពចំបាច់ណាស់ក្នុងការចូលរួមចំណែក ដើម្បីអភិវឌ្ឍសង្គម និងការស្រាវជ្រាវជាមូលដ្ឋានក្នុងការធ្វើឱ្យមានកំហុសឆ្គងកាន់តែតិច។ ការសិក្សាស្រាវជ្រាវ ដើម្បីពង្រីកនូវចំណេះដឹងឱ្យកាន់តែទូលំទូលាយ មានភាពសម្បូរបែប ដើម្បីវឌ្ឍនភាពនៃសង្គម។
ទីពីរ៖ បណ្ឌិតសភាចារ្យ នេត បារ៉ុម សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថាការស្រាវជ្រាវនៅប្រទេសដែលមានការអភិវឌ្ឍជឿនលឿនទាំងអស់នៅលើពិភពលោក គឺពឹងផ្អែកលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ព្រោះថាការស្រាវជ្រាវ គឺជាការស្រាវជ្រាវរុករកបញ្ហាអ្វីមួយឱ្យបានច្បាស់លាស់បែបវិទ្យាសាស្រ្ត។ អ្នកស្រាវជ្រាវជាន់ខ្ពស់រូបនេះបានបន្ថែមថា ដរាបណា សា្មរតីស្រាវជ្រាវត្រឹមត្រូវស្ថិតក្នុងសតិអារម្មណ៍ប្រជាជនយើងគ្រប់រូបនោះប្រទេសយើងកាន់តែជឿនលឿន។
ទីបី៖ លោកស្រីបណ្ឌិត អេង នេត្រា បានបញ្ជាក់យ៉ាងដូច្នេះថា ការស្រាវជ្រាវជាក់លាក់អាចឈានទៅរកការសម្រេចចិត្តបានប្រសើរ។ ក្នុងនាមអ្នកស្រាវជ្រាវ ដែលមានបទពិសោធក្នុងការងាររយៈពេលជិត១០ឆ្នាំមកនេះ បច្ចុប្បន្ន លោកស្រីបណ្ឌិត អេង នេត្រា ជានាយិកា នៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បានចាត់ទុកការស្រាវជ្រាវជាជម្រើសអាទិភាពមួយក្នុងដំណើរការអភិវឌ្ឍស្ថាប័ន និងប្រទេសជាតិ។ លោកស្រីមើលឃើញថា ធនធានមនុស្សផ្នែកការស្រាវជ្រាវរបស់ខ្មែរមានច្រើនគួរសម ធៀបនឹងរយៈពេល១០ឆ្នាំមុន ហើយរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ការសិក្សាស្រាវជ្រាវផងដែរទាំងលើ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសាងអគារហេដ្ឋារចនាសម្ព័ន្ធជារូបវ័ន្ត និងធនធានហិរញ្ញវត្ថុ។
ទីបួន៖ បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ការស្រាវជ្រាវ គឺជាការកំណត់អត្តសញ្ញាណ និងការរីកចំរើនរបស់សង្គម ព្រោះសង្គមដែលរីកចំរើនឥតឈប់ឈរគឺមិនអាចខ្វះបាននូវការស្រាវជ្រាវបានទេ»។ លើសពីនោះ លោកបណ្ឌិតនៅបានបន្តទៀតថា កន្លងមកសង្គមពុំសូវផ្តល់តម្លៃដល់ការស្រាវជ្រាវប៉ុន្មានទេ ម្យ៉ាងទៀតសូម្បីតែនៅតាមសាកលវិទ្យាល័យ ដែលជាកន្លែងសិក្សាស្រាវជ្រាវហើយក៏ដោយ ក៏ការស្រាវជ្រាវនៅមានកម្រិតផងដែរ។
ទីប្រាំ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានបង្ហាញថា «កាលណាយើងមានការស្រាវជ្រាវ វាជាឧបករណ៍សំខាន់មួយសម្រាប់ចំណេះដឹង សម្រាប់ការសិក្សារបស់យើង ការសិក្សាដែលគ្មានការស្រាវជ្រាវ គឺជាការសិក្សាដែលត្រឹមតែសូត្រតាមទ្រឹស្តីរបស់គេ ដោយគ្មានការពិចារណ៍ គ្មានការវិភាគ ដែលធ្វើឱ្យគំនិតរបស់យើងគ្រាន់តែជាធុងសំរាមនៃចំណេះដឹងរបស់អ្នកដទៃ ហើយគ្មានអ្វីថ្មីនោះទេ។» លោកបណ្ឌិត នៅបន្ថែមទៀតថា ការខ្វះការស្រាវជ្រាវ នឹងធ្វើឱ្យយើងមិនអាចបែងចែងនូវអ្វីដែលជាការពិត និងអ្វីដែលមិនពិត។ ព្រោះថាសព្វថ្ងៃនោះ មានព័ត៌មានជាច្រើន ដែលគេផ្សព្វផ្សាយតាមបណ្តាញសង្គមនានា បើយើងខ្វះការស្រាវជ្រាវ នោះយើងប្រាកដជាមិនអាចញែកបាននូវអ្វីដែលជាការព័ត៌មានពិត។ ឬការស្រាវស្រាវជ្រាវរួមចំណែកក្នុងការអភិវឌ្ឍ និងការកែទម្រង់។
ទីប្រាំមួយ៖ បណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) បានបង្ហាញថា ការស្រាវជ្រាវត្រូវមានក្រមសីលធម៌ និងបើកបេះដូងឱ្យទូលាយ ដើម្បីទទួលបានទិន្នន័យសុក្រឹតច្បាស់លាស់ដែលឈានវិភាគវាយតម្លៃ និងដាក់ផែនការអនុវត្តដោះស្រាយចំបញ្ហា។ ជាងនោះទៅទៀត ដើម្បីមានក្រមសីលធម៌ និងបើកបេះដូងឱ្យទូលាយបាន អ្នកស្រាវជ្រាវដែលមានសមត្ថភាពត្រូវមានគោលការណ៍ចំនួន ៣ចំណុចរួមមាន៖ ១. ការតស៊ូទាំងកម្លាំងចិត្ត និងកម្លាំងកាយ។ ២. វិន័យ ឆន្ទៈ និងការងារលឿន និង៣. ត្រូវមានភាពបត់បែន និងវិធីសាស្រ្តដែលត្រូវតាមសភាពការណ៍ ទិន្នន័យ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្សក្នុងការស្រាវជ្រាវរបស់ខ្លួន ហើយអ្នកស្រាវជ្រាវទាំងអស់ត្រូវតែចេះបើកបេះដូងរបស់ខ្លួនឱ្យបានទូលំទូលាយក្នុងការទទួលយកការរិះគន់ពីអ្នកដទៃ ដែលជាធាតុចូល ដើម្បីយកមកវិភាគវែកញែកពិចារណា រកដំណោះស្រាយ និងការដាក់ចេញគោលនយោបាយនានាឱ្យកាន់តែប្រសើរឡើង។
ទីប្រាំពីរ៖ បណ្ឌិត បេងហុង សុជាតិខេមរ៉ូ ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា និងអគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់តម្លៃខ្ពស់ចំពោះការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ដោយលោកបណ្ឌិតបានលើកឡើងថា សារប្រយោជន៍នៃការស្រាវជ្រាវគឺស្ថិតនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស «ប្រសិនបើគ្មានការស្រាវជ្រាវ គឺគ្មានការអភិវឌ្ឍដោយចរីភាពនោះទេ» ព្រោះការសិក្សាស្រាវជ្រាវជាស្នូលមួយសំខាន់ម្បងនៃការអនុវត្តការងារជាក់ស្តែងនៅលើគ្រប់វិស័យទាំងអស់។ ជាងនេះទៅទៀតលោកបណ្ឌិតបានសង្កត់ធ្ងន់ពីសារសំខាន់ការស្រាវជ្រាវ ថា ការស្រាវជ្រាវគឺជាការរៀបចំផែនការជារូបវ័ន្ត ដូច្នេះគ្មានការស្រាវជ្រាវ គ្មានទិន្នន័យ យើងមិនអាចរៀបចំផែនការច្បាស់លាស់ និងអនុវត្តផែនការចំគោលដៅបានទេ។
កិច្ចពិភាក្សាតុមូលស្តីពី សារៈសំខាន់នៃការស្រាវជ្រាវដែលរាជបណ្ឌិត្យសភាកម្ពុជារៀបចំឡើងនោះគឺ ចង់បង្ហាញឱ្យឃើញពីភាពចាំបាច់នៃការសិក្សាស្រាវជ្រាវ ក្នុងការចូលរួមដោះស្រាយបញ្ហានានាក្នុងសង្គម ដោយប្រែក្លាយពីបញ្ហាទៅជាកាលានុវត្តន៍ថ្មីក្នុងការកសាង អភិវឌ្ឍន៍ខ្លួន និងសង្គមជាតិទាំងមូលប្រកបដោយចីរភាព និងព្រមទាំងចូលរួមចំណែកក្នុងការបណ្តុះគំនិតឱ្យសិស្ស និស្សិត និងអ្នកសិក្សាទាំងឡាយនូវទស្សនៈវិស័យវែងឆ្ងាយសម្រាប់អនាគតរបស់ពួកគេលើវិស័យសិក្សាស្រាវជ្រាវនេះ។ មួយវិញទៀតគឺ ដើម្បីចែករំលែកចំណេះដឹងខាងការស្រាវជ្រាវជូនដល់សិស្ស និស្សិត អ្នកស្រាវជ្រាវ និងសាធារណជនទូទៅបានដឹងពីអត្ថប្រយោជន៍នៃការស្រាវជ្រាវ។
RAC Media
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្រុមការងារនៃរាជបណ្ឌិត្យសភាកម្ពុជាបានបន្តផ្ដល់ទឹកដោះគោស្រស់តេជោសែន ឫស្សីត្រឹប សរុ...
វត្ថុទាំងឡាយ នៅក្នុងធម្មជាតិ ឬក៏ ហៅម្យ៉ាងទៀតថាវត្ថុធម្មជាតិ (natural things) ក៏បាន។ វត្ថុទាំងឡាយនេះសុទ្ធតែ មាន គុណភាព (quality) ផ្ទាល់របស់ពួកវា ប៉ុន្តែ មនុស្សទាំងឡាយមានការយល់ដឹង អំពី ទីតាំងគុណភាព (qua...
(រាជធានីភ្នំពេញ)៖ ថ្ងៃសៅរ៍ ១១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ តាមការណែនាំពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រ...
គ្រប់វិស័យទាំងអស់សុទ្ធតែមានទស្សនវិជ្ជានៅក្នុនោះ ព្រោះវាមានចំណោទបញ្ហា ទ្រឹស្តី គំនិត និងវិធីដោះស្រាយបញ្ហា ជាលក្ខណៈទស្សនវិជ្ជា ហើយគោលបំណង នៃការប្រតិបត្តិក្នុងគ្រប់វិស័យទាំងអស់សុទ្ធតែតម្រង់ទៅរកទស្សនវិជ្ជ...
សីតុណ្ហភាពមធ្យមនៅលើភពផែនដី នៅក្នុងពេលបច្ចុប្បន្ននេះ កំពុងតែមានការកើនឡើងខ្លាំង និងលឿនជាងអ្វីដែលមនុស្សធ្លាប់បានសង្កេតតាមលក្ខណៈធម្មជាតិ បើធៀបទៅនឹង កាលពីពេលមុនៗ។ ក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការ សហប្រជាជ...
ក្រោយការបោះឆ្នោតជាសកលជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី២ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ វិបត្តិនយោបាយផ្ទៃក្នុងមួយបានកើតឡើង។ ដើម្បីដោះស្រាយវិបត្តិនេះ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សនយោបាយទ...