Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច» នេះជាប្រសាសន៍លើកឡើងដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឱកាសអញ្ជើញថ្លែងអនុសាសន៍បិទបញ្ចប់កិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការស្រាវជ្រាវ» នៅព្រឹកថ្ងៃសុក្រ ១រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ នៅរាជបណ្ឌិត្យសភាកម្ពុជា។
ថ្លែងក្នុងកិច្ចពិភាក្សាតុមូលដែលមានការអញ្ជើញចូលរួមជាវាគ្មិនពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ ឯកឧត្ដមបណ្ឌិត លោកស្រីបណ្ឌិត និងលោកបណ្ឌិត ដែលសុទ្ធសឹងជាអ្នកជំនាញនិងមានបទពិសោធខ្ពស់ក្នុងកិច្ចការងារស្រាវជ្រាវ និងដែលបានបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះកិច្ចពិភាក្សាតុមូលនាថ្ងៃនេះថា ជាឱកាសដ៏ល្អមួយដែលរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញវាគ្មិនល្បីៗ និងមកពីមជ្ឈដ្ឋានផ្សេងៗគ្នា ដើម្បីបង្ហាញអំពីសារៈសំខាន់នៃការសិក្សាស្រាវជ្រាវជូនដល់សាធារណជន ពិសេសអ្នកសិក្សាស្រាវជ្រាវ ព្រមទាំងសិស្ស និងនិស្សិតដែលមានវត្តមានក្នុងកិច្ចពិភាក្សានេះ និងដែលបានតាមដានតាមការផ្សាយផ្ទាល់លើបណ្ដាញសង្គម។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងគាំទ្រចំពោះមតិល្អៗជាច្រើន ដែលត្រូវបានលើកឡើងដោយវាគ្មិនទាំង៤រូបនៅក្នុងបទបង្ហាញ និងការឆ្លើយតបទៅនឹងសំណួររបស់អ្នកចូលរួមក្នុងកិច្ចពិភាក្សាតុមូលនាព្រឹកនេះ ហើយព្រមទាំងបានចូលរួមជាអនុសាសន៍ផងដែរថា «មិនត្រឹមតែចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទេ ការសិក្សាស្រាវជ្រាវកាន់តែច្រើន គឺជាមូលដ្ឋានដែលធ្វើឱ្យភាពខុសឆ្គងមានកាន់តែតិច បើទោះបីជាក្នុងករណីដែលមានកំហុសឆ្គង តែវានឹងមិនក្លាយទៅជាការសោកស្ដាយនោះទេ»។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសរំឭកអំពីទស្សនវិជ្ជាសម្រាប់ការបំពេញភារកិច្ច ពិសេសកិច្ចការងារស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជាគឺ «ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយលទ្ធផល និងត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ» ដែលរាល់គម្រោងស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែមានលទ្ធផលនិងមានតម្លៃសម្រាប់ជាការអនុវត្ត ដោយពុំមែនជាការលើកគម្រោងដើម្បីយកថវិកាមកចាយវាយនោះទេ។
ថ្លែងគូសបញ្ជាក់ពីភាពចាំបាច់នៃការស្រាវជ្រាវនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏រំឭកជាថ្មីម្ដងទៀត អំពីតួនាទី និងកាតព្វកិច្ចរបស់រាជបណ្ឌិត្យសភាកម្ពុជាក្នុងនាមជាស្ថាប័នស្រាវជ្រាវ ដែលមានស្ថាប័នចំណុះ និងស្ថាប័នឧបសម្ព័ន្ធដែលបំពេញការងារលើវិស័យពាក់ព័ន្ធជាច្រើនក្នុងសង្គមថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា មិនត្រូវបំពេញការងារដូចមន្ត្រីធ្វើការងារនៅស្ថាប័នរដ្ឋបាលដទៃផ្សេង ដែលត្រឹមតែមកចុះហត្ថលេខា និងបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ ហើយបើកប្រាក់បៀវត្សរ៍នោះទេ ប៉ុន្តែត្រូវតែយកលទ្ធផល សមិទ្ធផលនៃការស្រាវជ្រាវរបស់ខ្លួនតាមជំនាញនិងការទទួលខុសត្រូវរបស់ខ្លួន ដែលជាស្នាដៃស្រាវជ្រាវមានលក្ខណៈវិទ្យាសាស្ត្រ មានមូលដ្ឋានទិន្នន័យត្រឹមត្រូវ និងច្បាស់លាស់ ព្រមទាំងអាចយកទៅអនុវត្តបាន សម្រាប់ជាធាតុចូលផ្ដល់ជូនទៅកាន់រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា។
បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានផ្ដល់អនុសាសន៍បន្ថែម ទៅលើការអប់រំបណ្ដុះបណ្ដាលនៅកម្រិតឧត្ដមសិក្សាបច្ចុប្បន្នតាមសាកលវិទ្យាល័យនានាថា « រាល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សូមកុំអនុវត្តនូវវិធីសាស្ត្រប្រឡងបញ្ចប់ការសិក្សា ត្រូវឱ្យនិស្សិតសរសេរសារណាបញ្ចប់ការសិក្សា ដោយពុំត្រូវផ្ដោតតែទៅលើបរិមាណនិស្សិតដែលត្រូវបានបណ្ដុះបណ្ដាលនោះទេ ត្រូវតែធ្វើការលើកទឹកចិត្តដល់និស្សិតធ្វើការសិក្សាស្រាវជ្រាវ ដើម្បីពង្រីកនូវចំណេះដឹងឱ្យកាន់តែទូលំទូលាយ មានភាពសម្បូរបែប ដើម្បីវឌ្ឍនភាពនៃសង្គមជាតិរបស់យើង»៕
RAC Media | លឹម សុវណ្ណរិទ្ធ
ក្នុងគោលបំណងនៃការសម្របសម្រួលលើកិច្ចសហការស្រាវជ្រាវវិទ្យាសាស្ត្រ អប់រំ កសិកម្ម និងទេសចរណ៍ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនៃព្រះរាជាណាចក្រថៃ បានព្រមព្រៀងចុះអនុស្សរណៈយោគយល់...
ការងារជាអាទិភាពចំនួន៥ ដែលនឹងត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅ ដោយសម្តចបានលើកឡើងថា ដើម្បីបន្តអភិវឌ្ឍទីក្រុងទូទាំងប្រទេសកម្ពុជា ជាទីក្រុងស្អាតបៃតង មានការអភិវឌ្ឍប្រកបដោយចីរភាព និងជា...
នៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតដែលមានចំណងជើងថា«ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច» នោះ លោក Alain Forest បានសរសេរបន្តថា ការអំពាវនាវជ្រើសរើសទាហានស្ម័គ្រចិត្តទ...
បច្ចេកសព្ទរបស់គណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន ០៦ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ កាលពីថ្ងៃពុធ ១ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសា...
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឍមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការី (កញ្ញា វុធ សុភក្ដ្រណា ប្រធានវិទ្យាស្ថាន ខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ចាន់ វណ្ឌី អនុប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរា...