ព័ត៌មាន

ទំនាក់ទំនងកម្ពុជា-វៀតណាមនឹងនៅតែរក្សាបានស្ថិរភាព ក្រោយសមាជលើកទី១៣របស់បក្សកុម្មុយនីស្តវៀតណាម

2021-01-28 03:09:05 ថ្ងៃព្រហស្បតិ៍, 28 មករា 2021, 03:09 AM
post_detail

បក្សកុម្មុយនីស្តវៀតណាម ប្រារព្ធសមាជជាតិលើកទី១៣របស់ខ្លួននៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី២៥ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១។ សេចក្តីសម្រេចនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការមជ្ឈិមបក្ស ក្នុងអំឡុងពេលនៃកិច្ចប្រជុំពេញអង្គលើកទី១៤ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហា ណូយ កន្លងទៅ។ សមាជនេះនឹងនាំមកនូវការផ្លាស់ប្តូរមេដឹកនាំជាន់ខ្ពស់វៀតណាម ប៉ុន្តែ ទំនាក់ទំនងកម្ពុជា-វៀតណាម ទំនងជាមិនមានការប្រែប្រួលទេ។

សមាជជាតិនីតិកាលទី១៣នេះ នឹងបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការកណ្តាលឆ្នើមៗ ចំនួន១៨០រូប ចេញពីសមាជិកសភាចំនួន ១ ៥៨៧ នាក់ មកពីទូទាំងប្រទេស និងជ្រើសរើសបេក្ខជនអគ្គលេខាធិការបក្សចេញពីក្រុមឆ្នើមៗទាំងនោះ។ កិច្ចប្រជុំពេញអង្គនេះ នឹងធ្វើរបាយការណ៍បង្ហាញជូនសភាជាតិទាំងមូលនូវរបាយការណ៍សំខាន់ៗមួយចំនួន រួមមាន៖ របាយការណ៍ស្តីពីស្ថានភាពនយោបាយ, ការវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមឆ្នាំ២០១១-២០២០ និងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២១ - ២០៣០, ពិនិត្យឡើងវិញនូវសមិទ្ធផលដែលសម្រេចបានលើផ្នែកសេដ្ឋកិច្ច-សង្គមមួយអាណត្តិកន្លងទៅពីអំឡុងឆ្នាំ២០១៦-២០២០ និងដាក់ចេញនូវផែនការបន្តសម្រាប់អាណត្តិបន្ទាប់ពីឆ្នាំ២០២១-២០២៥ ។

សម្រាប់ការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់រយៈពេល១០ឆ្នាំ(២០១១-២០២០) ចំពេលដែលស្ថានភាពនៃពិភពលោក និងតំបន់កាន់តែស្មុគស្មាញជាងការព្យាករណ៍ទុកនាឆ្នាំចុងក្រោយនេះ ដែលមានការរីក រាលដាលនៃវីរុសកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ដែលបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែលប៉ុន្មានទសវត្សចុងក្រោយនេះមិនធ្លាប់កើតមាន ហើយផលប៉ះពាល់នេះនៅតែ បន្តអូសបន្លាយពេលជាច្រើនឆ្នាំទៅមុខទៀត។

នៅក្នុងប្រទេស ស្ថានភាពសេដ្ឋកិច្ចកំពុងតែជួបបញ្ហាប្រឈមជាច្រើន។ អតិផរណាមានកម្រិតខ្ពស់; បំណុលសាធារ ណៈបានកើនឡើងយ៉ាងឆាប់រហ័ស ផលិតកម្ម និងអាជីវកម្មបានជួបការលំបាកជាច្រើន។ ជាលទ្ធផល ឥទ្ធិពលខាងក្រៅក៏បានកើនឡើង ហើយមានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងឡើងៗ។ សេដ្ឋកិច្ចបានបើកចំហ ប៉ុន្តែភាពធន់នៅតែមានកម្រិត។ បម្រែបម្រួលអាកាសធាតុ, គ្រោះមហន្តរាយធម្មជាតិ និងរោគរាតត្បាត បានបង្កនូវភាពស្មុគស្មាញគួរឱ្យព្រួយបារម្ភ ជាពិសេស នៅឆ្នាំ២០២០ នៅមានការរាតត្បាតនៃវីរុសកូវីដ-១៩ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរស្ទើរតែគ្រប់វិស័យ ពិសេស ជះឥទ្ធិពលយ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច -សង្គម និងបង្កជាការលំបាកយ៉ាងច្រើនដល់ជីវិតរស់នៅរបស់មនុស្សជាជាតិទាំងមូល។

ក្នុងស្ថានភាពបែននេះ ទាំងបក្សកុម្មុយនីស្ត ទាំងប្រជាជនវៀតណាម និងកងទ័ព ត្រូវបានគេមើលឃើញថា បានរួមកម្លាំងគ្នា ខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនេះ ហើយទទួលបានលទ្ធផលជាផ្លែផ្កាស្ទើរគ្រប់វិស័យ។ វិស័យសេដ្ឋកិច្ច ទទួលបានកំណើនក្នុងកម្រិតខ្ពស់ ក្នុងអំឡុងឆ្នាំ២០១១-២០១៥។ កំណើនផលិតផលក្នុងស្រុកសរុប (GDP) សម្រេចបានជា មធ្យម ៥.៩ ភាគរយក្នុងមួយឆ្នាំ។ ក្នុងអំឡុងឆ្នាំ២០១៦-២០១៩ កំណើន GDP បានឈានដល់ ៦.៨ ភាគរយ ក្នុងមួយឆ្នាំ។ ដោយឡែកនៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចត្រូវបានបំផ្លាញ ដោយសារតែការរីក រាលនៃវីរុសកូវីដ-១៩ ប៉ុន្តែនៅតែមានកំណើនតិចតួច ដែលតាមការប៉ាន់ស្មានថាមានលើសពី២ភាគរយ។ សម្រាប់ឆ្នាំ២០១១-២០២០ កំណើន GDP ត្រូវបានព្យាករថា បានឈានដល់ ៥.៩ ភាគរយ ក្នុងមួយឆ្នាំ ដែលធ្វើឱ្យប្រទេស វៀតណាមស្ថិតក្នុងក្រុមប្រទេសដែលមានកំណើនខ្ពស់។ GDP បានកើនឡើងដល់ ២.៤ ភាគរយ គឺកើនពី ១១៦ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១០ ដល់ ២ ៦៨៤ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ ។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់បានកើនឡើងពី ១ ៣៣១ ដុល្លារអាម៉េរិក ក្នុងឆ្នាំ ២០១០ ដល់ប្រហែល ៧,៧៥០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២០ ។

ទំហំពាណិជ្ជកម្មសរុបបានរបស់វៀតណាមកើនលើសបីដង ពី ១៥៧.១ពាន់លានដុល្លារ អាម៉េរិក ក្នុងឆ្នាំ២០១០ ដល់ ៥១៧ ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩។ ដោយសារតែផលប៉ះពាល់នៃ ការរីករាលដាលនៃវីរុស កូវីដ-១៩ ក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មបានកើនឡើងត្រឹមតែ ៥២៧ ពាន់លានដុល្លារ អាម៉េរិកប៉ុណ្ណោះ ដែលប្រមាណជា ១៩០ ភាគរយនៃ GDP។ ជារួម ការនាំចេញបានកើនឡើងយ៉ាងរហ័សពី ៧២.២ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១០ ដល់ ២៦៧ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២០ ដែលកើនជាមធ្យម ប្រមាណ ១៤ ភាគរយ ក្នុងមួយឆ្នាំដែលជាកត្តាជំរុញឱ្យខឿនសេដ្ឋកិច្ចមានការកើនឡើង។

ទំនាក់ទំនងការបរទេស និងសមាហរណកម្មអន្តរជាតិ ត្រូវបានអនុវត្តយ៉ាងសកម្ម បានធ្វើឱ្យប្រទេសវៀតណាម មានភាពប្រសើរឡើងនូវកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។ តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង រដ្ឋាភិបាលបានខិតខំដោះស្រាយជម្លោះព្រំដែន តាមស្មារតីសន្តិភាព និងមិត្តភាព ដោយប្រើប្រាស់ នយោបាយការទូត និងច្បាប់អន្តរជាតិ។

រហូតមកដល់បច្ចុប្បន្ននេះ ប្រទេសវៀតណាមមានចំណងទំនាក់ទំនងការទូតជាមួយប្រទេសនានានៅជុំវិញពិភពលោកចំនួន ១១១ និងមានស្ថានទូត និងស្ថានកុងស៊ុលបរទេសចំនួន ៩៨ ខណៈដែលបេសកកម្មបរទេសនៅវៀតណាម មានចំនួនតែ ៩៥ ប៉ុណ្ណោះ ដែលកំពុងប្រតិបត្តិការនៅក្នុងទឹកដីវៀតណាម។

ចំពោះចំណងទំនាក់ទំនងការទូតរបស់ខ្លួនជាមួយកម្ពុជាវិញ ពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” តែងតែត្រូវបានលើកឡើងនៅគ្រប់ជំនួបរវាងមេដឹកនាំនៃប្រទេសទាំងពីរ កម្ពុជានិងវៀតណាម។ ក្នុងទម្រង់ផ្លូវការ ទំនាក់ទំនងរវាងប្រទេសភូមិផងរបងជាមួយគ្នាដែលមានព្រំដែនគោកនិងសមុទ្រជាប់គ្នាទាំងពីរនេះ ហាក់បានបង្ហាញឱ្យឃើញថា ជាទំនាក់ទំនងជាមិត្តភាព សាមគ្គីភាពយ៉ាងរឹងមាំជាប្រវត្តិសាស្ត្រ ជួយគ្នាទៅវិញទៅមក និងមានកិច្ចសហប្រតិបត្តិការយូរអង្វែងប្រកបដោយចីរភាព។

ពិធីសារនិងផែនការសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ គឺជាមគ្គុទេសក៍ដ៏សំខាន់ដែលប្រទេសទាំងពីរត្រូវអនុវត្តដើម្បីស្ថិរភាពនិងសន្តិភាពរវាងប្រទេសទាំងពីរ។ ប្រទេសទាំងពីរបានង្ហាញការប្តេជ្ញាចិត្តក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការចម្រុះលើកទី១៨ សន្និសីទលើកទី១១ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ក្នុងពេលវេលាសមស្រម ដើម្បីរួមគ្នាកាត់បន្ថយរាល់បញ្ហាស្មុគស្មាញនានា សំដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃការបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរដែលសម្រេចបានចំនួន៨៤%នាពេលកន្លងមក និងបន្តចរចាដើម្បីដោះស្រាយតំបន់ព្រំដែនដែលនៅសេសសល់ដែលមិនទាន់បានបោះបង្គោលព្រំដែន ដើម្បីកសាងព្រំដែនកម្ពុជា-វៀតណាមជាព្រំដែនសន្តិភាពនិងកិច្ចសហប្រតិបត្តិការ។ ប្រទេសទាំងពីតែងបង្ហាញឱ្យឃើញនូវគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិនិងក្នុងតំបន់ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន និងយន្តការដែលដឹកនាំដោយអាស៊ាន, អង្គការសហប្រជាជាតិ, អង្គការពាណិជ្ជកម្មពិភពលោក, ASEM, និងយន្តការសហប្រតិបត្តិការអនុតំបន់មេគង្គ។

សម្រាប់ឆ្នាំ២០២០កន្លងទៅ ទោះបីជាផលប៉ះពាល់ដោយការរីករាលដាលនៃវីរុសកូវីដ-១៩ក៏ដោយ ក៏ទំហំ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅតែរក្សាបានកំណើន ០.៨៤ ភាគរយ បើធៀបនឹងឆ្នាំ២០១៩ គឺឈាន ដល់ ៥.៣៣ ពាន់លានដុល្លារអាម៉េរិក។ រហូតមកទល់ឆ្នាំ២០២០ ការវិនិយោគរបស់វៀតណាមនៅកម្ពុជាទទួលបានលទ្ធផលជាវិជ្ជមាន ដែលមានគម្រោងវិនិយោគចំនួន ១៨៤ និងមានទុនសរុបប្រមាណ ២.៧៦ ពាន់លានដុល្លារអាម៉េរិកដែលជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោម៧៨ប្រទេសនិងដែនដី ដែលវៀតណាមបានដាក់ទុនវិនិយោគ (បន្ទាប់ពីប្រទេសរុស្ស៊ី និងឡាវ)។

សូមរំលឹកផងដែរថា ប្រទេសវៀតណាមបានចាប់ផ្តើមវិនិយោគនៅកម្ពុជាចាប់ពីឆ្នាំ២០០៥។ ចាប់ពីឆ្នាំ២០១៥ រហូតមកទល់ឆ្នាំ២០២០ កម្ពុជាទទួលបានគម្រោងជាមធ្យមចំនួន១០ក្នុងមួយឆ្នាំ ដែលមានទុនវិនិយោគសរុប ប្រមាណពី ៣០-៧០ លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ហើយភាគច្រើនផ្តោតលើវិស័យកសិកម្ម ធនាគារ និង ទូរគមនាគមន៍។ ប្រទេសទាំងពីរក៏នៅមានការវិវឌ្ឍលើវិស័យជាច្រើនផ្សេងទៀតដូចជា ទេសចរណ៍ ការផ្លាស់ប្តូរ វប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ ការអប់រំ ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្នែកសុខភាព សាធារណៈ។

ជាមួយនឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែងជាប្រវត្តិសាស្ត្រនិងភាពអន្តរអាស្រ័យ ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍនិងឈានដល់កម្រិតខ្ពស់ថ្មីមួយនាពេលអនាគត។ បន្ទាប់ពីមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម នឹងមានថ្នាក់ដឹកនាំកំពូលថ្មី ប៉ុន្តែ គេជឿជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរទំនងមិនមានការប្រែប្រួលទេ ពីព្រោះទំនាក់ទំនងរវាងប្រទេសទាំងពីរនេះបានចាក់គ្រឹះជ្រៅក្នុងកម្រិតបក្សនិងបក្សផង កម្រិតប្រទេសនិងប្រទេសផង និងកម្រិតប្រជាជននិងប្រជាជនផង ដែលជាមូលដ្ឋានដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍ប្រកបដោយសន្តិភាពនិងវិបុលភាព។

ទំនាក់ទំនងល្អរវាងកម្ពុជានិងវៀតណាម ពិតជាមានសារសំខាន់ក្នុងការការពារនិងអភិវឌ្ឍន៍ប្រទេសជាតិទាំងពីរ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងរួមចំណែកជាវិជ្ជមានដល់តំបន់និងពិភពលោកទាំងមូល។ ជាមួយនឹងចំណងសាមគ្គីជាប្រវត្តិសាស្ត្រ សមិទ្ធផលនៃទំនាក់ទំនង និងការប្តេជ្ញាចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ គេជឿជាក់ថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តធ្វើដំណើរ លើមាគ៌ាដ៏ត្រឹមត្រូវដោយឈរលើគោលការណ៍គោរពផលប្រយោជន៍គ្នា និងគោរពអធិបតេយ្យនិងបូរណភាពទឹក ដីងផងគ្នាទៅវិញទៅមក៕

ដោយ៖ លោក អ៊ុច លាង អ្នកស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

អត្ថបទទាក់ទង

«អប្សរា» ពីទេវកថាឥណ្ឌា មកចម្លាក់ខ្មែរ និងរបាំតន្តីខ្មែរ

បទបង្ហាញដោយ៖ បណ្ឌិតសភាចារ្យ សោម សុមុនី សមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា        របាំ​អប្សរា​ រួមទាំងរបាំ​ព្រះរាជ​ទ្រព្យ​ទាំងអស់នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកវប...

2018-12-20 06:56:24   Thu, 20,12,2018, 06:56 AM
សន្និសីទអន្តរជាតិ៖ «តម្លៃវប្បធម៌សិល្បៈខ្មែរ៖ ក្បាច់ហៀន»

វាគ្មិន៖ លោក រ៉េត សាមុត   នៅក្នុងសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការង...

2018-12-20 05:01:06   Thu, 20,12,2018, 05:01 AM
«សមិទ្ធផលពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់»

ដោយ៖ លោក ខែក វីរៈកិច្ចព្រមព្រៀង ស្តីពីការអនុវត្តនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៤។ ជំនួបរវាងភាគីទាំងពីរ ​បានជួបនិងចុះអនុស្សរណៈ​យោគយល...

2018-12-20 03:59:18   Thu, 20,12,2018, 03:59 AM
«រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក»

ដោយ៖ លោក ស៊ឺន សំ   មជ្ឈមណ្ឌលសា្រវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» នាថ្ងៃនេះ។ កម្មវិធីសន្និសីទអន្តរ...

2018-12-20 03:39:08   Thu, 20,12,2018, 03:39 AM
«ពិធីសម្ពោធទីតាំងហាត់ការរបស់សាកលវិទ្យាល័យជីវជាំង នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា»

ដោយ៖ ចាន់ វណ្ឌី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអ្នកទទួលខុសត្រូវរបស់សាកលវិទ្យាល័យជីវជាំងទាក់ទងនឹងបញ្ហាបន្តនិរន្តរភាពនៃទំនាក់ទំនងរាជបណ្ឌិត្យសភាកម្ពុជាជាមួ...

2018-12-19 14:51:19   Wed, 19,12,2018, 02:51 PM
រាជរដ្ឋាភិបាលដាក់កំហិតឱ្យមន្ត្រីពាក់ព័ន្ធចុះដោះស្រាយតម្លៃអគ្គិសនីតាមទីផ្សារ ឱ្យបានដូចតាមការកំណត់របស់រដ្ឋ

ដោយ៖ លឹម សុវណ្ណរិទ្ធ   ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិត​ឱ្យ​ផ្នែក​ពាក់​ព័ន្ធ​គ្រប់​លំដាប់​ថ្នាក់ និងអាជ្ញាធរ​អគ្គិសនី​កម្ពុជ...

2018-12-19 14:29:57   Wed, 19,12,2018, 02:29 PM

សេចក្តីប្រកាស