ព័ត៌មាន

ការបើកការដ្ឋានកសាងផ្លូវក្រវាត់ព្រំដែន៖ រដ្ឋាភិបាលបានប្រែក្លាយការចូលរួមក្នុងន័យមនសិកាជាតិរបស់ពលរដ្ឋ ទៅជាសមិទ្ធផលជាក់ស្ដែងពិតប្រាកដ

ដោយ៖ បណ្ឌិត យង់ ពៅ

          ក្រោយរាជរដ្ឋាភិបាល បានបិទបញ្ចប់ការទទួលថវិកានៅក្នុងគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន កងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ បានកសាងផ្លូវខ្សែក្រវាត់ព្រំដែនប្រវែង ២៥០ គ.ម. ដោយប្រើប្រាស់ថវិកាបានមកពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនខាងលើនេះ ផ្តោតលើផ្លូវខ្សែក្រវាត់ព្រំដែននេះ និងបានធ្វើទ្បើងក្នុងខេត្តចំនួន ២ គឺ ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ ១៤៧,៥២ គ.ម. និងខេត្តរតនគិរី ប្រវែងប្រមាណ ១០២,៤៩ គ.ម.។

          ការប្រកាសបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែននេះ រាជរដ្ឋាភិបាលបានបើកទូលាយអនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់ គ្រប់និន្នាការ ដែលមានចិត្តស្រឡាញ់និងស្នេហាជាតិពិតប្រាកដ បានចូលរួមជាមួយគ្នាដើម្បីបុព្វហេតុកសាងជាតិ ដែលគិតដល់ថ្ងៃបិទបញ្ចប់ មូលនិធិទទួលបានថវិការហូតដល់ ២៧លានដុល្លារសហរដ្ឋអាម៉េរិក។ នេះគឺជាឱកាសដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានទឹកចិត្តនិងមនសិកាស្នេហាជាតិពិតប្រាកដ អាចចូលរួមជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាបាន។ បន្ថែមពីនេះ ក្រៅពីបានផ្ដល់ឱកាសឱ្យមានការចូលរួមដោយទូលាយ រាជរដ្ឋាភិបាលកម្ពុជាក៏ថែមទាំងបានប្រែក្លាយថវិកានៃមូលនិធិនេះ អភិវឌ្ឍឱ្យចេញជាសមិទ្ធផលជាក់ស្ដែង ដូចដែលខ្លួនបានប្រកាសនិងសន្យាចំពោះប្រជាពលរដ្ឋ ផ្ដល់ភាពកក់ក្ដៅ និងការពេញចិត្តសម្រាប់ប្រជាពលរដ្ឋដែលចូលរួមថវិការបស់ខ្លួននៅក្នុងមូលនិធិនេះ។

          សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរដែលបានចូលរួមនៅក្នុងមូលនិធិនេះ ពិតជាបានក្លាយទៅជាម្ចាស់កម្មសិទ្ធិទឹកដីយ៉ាងពិតប្រាកដ ព្រោះហេដ្ឋារចនាសម្ព័ន្ធ ពិសេសផ្លូវថ្នល់ដែលត្រូវបានកសាងនេះ មានចំណែកនៃការចូលរួមរបស់ពួកគាត់ បើទោះបីជាថវិកាតិចឬច្រើន ប៉ុន្តែសុទ្ធសឹងតែជាការចូលរួមចំណែកប្រកបដោយស្មារតីជាតិតែមួយ។ នៅពេលដែលផ្លូវខ្សែក្រវាត់ព្រំដែននេះកសាងរួចរាល់ ហើយពលរដ្ឋដែលបានចូលរួមនៅក្នុងមូលនិធិនេះបានធ្វើដំណើរទៅដល់តំបន់ព្រំដែន និងឃើញសមិទ្ធផលដែលកើតចេញពីការចូលរួមរបស់ខ្លួន នោះគឺជាសារដាស់ស្មារតីដ៏​មោះមុតថា ក្នុងនាមជាពលរដ្ឋនៃប្រទេសជាតិនេះ ពួកគេផ្ទាល់ពិតជាចូលរួមចំណែកតាមលទ្ធភាព និងមនសិកាដែលខ្លួនមាន ហើយពលរដ្ឋខ្មែរគឺពិតជាម្ចាស់ប្រទេស ទាំងនៅក្នុងរូបភាពការអនុវត្តសិទ្ធិជាពលរដ្ឋ ទាំងការចូលរួមចំណែកដោយឆន្ទៈពិតប្រាកដនៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាងការចូលរួមចំណែកជំរុញការកសាងប្រទេសជាតិនៅក្នុងរូបភាពផ្សេង​ៗ។

          ការចូលរួមរបស់ពលរដ្ឋនៅក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះ ក៏ជាការផ្ដល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរនៅក្នុងចំណែកចូលរួមការពារទឹកដីតំបន់ព្រំដែន ចូលរួមនៅក្នុងការអភិវឌ្ឍតំបន់ជាយដែន ដែលផ្សារភ្ជាប់បេះដូងប្រជាពលរដ្ឋនិងប្រជាជាតិខ្មែរទាំងមូលទៅនឹងអធិបតេយ្យជាតិជាមួយនឹងរាជរដ្ឋាភិបាលផងដែរ។ ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរនេះផងដែរ ក៏បានបញ្ជាក់​អំពីទិដ្ឋភាពមួយសម្រាប់ស្មារតីជាតិនិយមរបស់ខ្មែរគឺ នៅពេលដែលមានបញ្ហាពាក់ព័ន្ធនឹងអធិបតេយ្យ បូរណភាពទឹកដី និងការការពារប្រទេសជាតិគឺ ប្រជាពលរដ្ឋខ្មែរទាំងអស់មានស្មារតីរួមគ្នាជាធ្លុងមួយ និងមានការចូលរួមពីគ្រប់មជ្ឈដ្ឋានក៏ដូចជាគ្រប់និន្នាការនយោបាយ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-11-04 10:26:58   ថ្ងៃចន្ទ, 04 វិច្ឆិកា 2024 ម៉ោង 05:26 PM
រាជបណ្ឌិត្យសភាកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី «កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងគម្រោង» ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យជាតិសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៤ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះអនុស្សារណៈនៃការយោគយល់គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងគម្រោង ជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា និងសាកលវិទ្យាល័យជាតិសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

អនុស្សរណៈនៃការយោគយល់គ្នានាឱកាសនេះ ធ្វើឡើងដើម្បីឈានទៅសម្រេចបាននូវគោលបំណងនៃការសាងសង់ "សាលារៀនទឹកភ្លៀងចំនួន ១ ០០០កន្លែង នៅក្នុងប្រទេសកម្ពុជា" ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមគោលការណ៍ណែនាំនៃរបៀបវារៈសកម្មភាពទឹករបស់អង្គការសហប្រជាជាតិ, ផ្ដល់ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេសដល់វិស្វករ សាធារណជន និងសិស្សានុសិស្ស ណែនាំការធ្វើនវានុវត្តន៍ផ្នែកបច្ចេកទេស សេដ្ឋកិច្ច និងសង្គមសម្រាប់ការបង្កើតប្រព័ន្ធទឹកភ្លៀងផ្អែកលើសហគមន៍សម្រាប់ការផឹកនៅក្នុងសហគមន៍កម្ពុជា ព្រមទាំងប្រមូលផ្ដុំនិងផ្សព្វផ្សាយចំណេះដឹងអំពីអាកាសធាតុសាកល។

ថ្លែងក្នុងឱកាសពិភាក្សានិងចុះអនុស្សរណៈយោគយល់នេះ លោកជំទាវ គឹម សេដ្ឋានី បានថ្លែងថា នេះគឺជាគម្រោងទីមួយនៅកម្ពុជា និងក៏ជាគម្រោងដ៏មានសារៈសំខាន់សម្រាប់កម្ពុជាផងដែរ ដែលមានលក្ខណៈសមស្របនឹងសភាពការណ៍នៃការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។ លោកជំទាវបានគូសបញ្ជាក់ថា កាលពី៥ឆ្នាំមុន សាលារៀននៅតំបន់ខ្ពង់រាបក្នុងប្រទេសកម្ពុជា បានជួបប្រទះនឹងបញ្ហារាំងស្ងួត និងខ្វះទឹកប្រើប្រាស់។ គម្រោងនេះនឹងជាចំណែកមួយក្នុងការទ្រទ្រង់ដល់អាហារូបត្ថម្ភ ពិសេសការផ្ដល់ទឹកស្អាតស្រាប់កុមារកម្ពុជា ដែលនឹងជះឥទ្ធិពលទៅដល់សហគមន៍ប្រជាពលរដ្ឋ នៅក្នុងការពិចារណាអំពីការរក្សាទឹកទុកសម្រាប់ប្រើប្រាស់ផងដែរ។ លោកជំទាវបានមានប្រសាសន៍ថា ប្រសិនបើគម្រោងនេះអាចមានលទ្ធភាពនៅក្នុងការពង្រីកការអនុវត្តនៅគ្រប់រាជធានីខេត្ត គឺជាការប្រសើរបំផុត។

បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងអំណរគុណចំពោះលោកជំទាវរដ្ឋលេខាធិការ ដែលបានលើកទឹកចិត្តនិងជំរុញឱ្យមានការផ្សព្វផ្សាយអំពីគម្រោងប្រមូលនិងរក្សាទឹកភ្លៀងទុកសម្រាប់ប្រើប្រាស់នេះ ព្រមទាំងអរគុណដល់លោកសាស្ត្រាចារ្យ Han Mooyoung  និងក្រសួងអប់រំ យុវជន និងកីឡា ដែលបានជ្រើសរើសយកសាលាបឋមសិក្សាសម្រាប់ជាគោលដៅអនុវត្តគម្រោងនេះ ព្រោះគឺជាគំនិតផ្ដួចផ្ដើមសម្រាប់ជំរុញឱ្យមនុស្សជំនាន់ក្រោយក្លាយទៅជាអ្នកដឹកនាំដែលគិតគូរទៅដល់ការថែរក្សានិងការពារបរិស្ថាន។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា មនុស្សបានបំផ្លាញបរិស្ថានរហូតដល់ទៅ៥ចំណុចគឺ៖ ប្រទេសរីកចម្រើនជាអ្នកបំផ្លាញធម្មជាតិខ្លាំងជាងគេ ការរស់នៅបែបទំនើបក៏ជាចំណែកមួយដែលបំផ្លាញធម្មជាតិ ការទាញយកធនធានពីធម្មជាតិហួសកម្រិតដែលជាហេតុបណ្ដាលឱ្យមានការប្រែប្រួលអាកាសធាតុ ការសាកល្បងអាវុធីគីមី និងការរត់ប្រណាំងសព្វាវុធនិងការបង្កសង្គ្រាម សុទ្ធសឹងតែបានចូលរួមបំផ្លាញធ្ងន់ធ្ងរដល់ធម្មជាតិ និងបរិស្ថានពិភពលោក។ ជាមួយគ្នានេះ ​ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្ថែមថា កម្ពុជាក៏ត្រូវសិក្សារៀនសូត្រពីសាធារណរដ្ឋកូរ៉េ អំពីការថែរក្សានិងអភិរក្សព្រៃឈើនៅក្នុងទីក្រុងផងដែរ ព្រោះនៅពេលដែលនិយាយពីបរិស្ថាន គេត្រូវគិតដល់ជីវិត ដែលជាប់ពាក់ព័ន្ធគ្នារាប់ចាប់តាំងពីរជីវៈចម្រុះ និងរុក្ខជាតិ ហើយប្រសិនបើមនុស្សនៅតែបន្តបំផ្លាញបរិស្ថាន មនុស្សក៏មិនអាចរស់នៅលើពិភពលោកនេះបានសុខសាន្តនោះដែរ។

សម្រាប់លោកសាស្ត្រាចារ្យ Han Mooyoung បានសម្ដែងនូវសេចក្ដីសោមនស្សជាខ្លាំងចំពោះការពិភាក្សានិងពិធីចុះអនុស្សរណៈនាព្រឹកនេះ ដោយលោកបានគូសបញ្ជាក់អំពីការចូលរួមចំណែករបស់លោកនាពេលកន្លងមក នៅក្នុងការជួយជំរុញកែប្រែសហគមន៍នៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៨មក។ លោកបានរំឭកអំពីការចាប់ផ្ដើមគម្រោងដែលធ្វើឡើងនៅវិទ្យាល័យកំពូល និងការយកចិត្តទុកដាក់របស់វិទ្យាស្ថានមេគង្គអំពីបញ្ហានេះផងដែរ។ លោកបានគូសបញ្ជាក់បន្ថែមអំពីគម្រោងនេះថា គម្រោងនេះមានសារៈសំខាន់ចំនួន៣គឺ 

        ១. ការគ្រប់គ្រង ដែលការប្រមូលផលទឹកភ្លៀង និងការជួយកាត់បន្ថយទឹកជំនន់ ខណៈដែលទឹកភ្លៀងធម្មជាតិមានសារធាតុកខ្វក់តិចតួច។

        ២. ការអប់រំដែលផ្ដោតទៅលើការប្រែប្រួលអាកាសធាតុ ការរៀបចំកម្មវិធីសិក្សាឱ្យសិស្សយល់ដឹងអំពីការគ្រប់គ្រងទឹកភ្លៀង និងជំរុញឱ្យសិស្សចូលរួមចំណែកជាមួយសហគមន៍របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងវិបត្តិអាកាសធាតុនាពេលបច្ចុប្បន្ន។

        ៣. វិធីសាស្រ្តទាក់ទងនឹងវប្បធម៌៖ កម្ពុជានិងកូរ៉េ មានវប្បធម៌នៃការយកឈ្នះលើធម្មជាតិដូចគ្នា។ ដូច្នេះ គម្រោងនេះគឺជាគម្រោងដែលសមស្របសម្រាប់ការអនុវត្តនៅកម្ពុជា ពិសេសពាក់ព័ន្ធទៅនឹងការយកចិត្តទុកដាក់លើការរក្សាទឹកទុកប្រើប្រាស់ជាប្រយោជន៍ផ្សេង ស្របពេលដែលការប្រែប្រួលអាកាសធាតុកើតមានឡើងជាបន្តបន្ទាប់។

គួរបញ្ជាក់ផងដែរថា ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានររៀបចំឡើងដោយមានការអញ្ជើញចុះហត្ថលេខាដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកសាស្ត្រាចារ្យបណ្ឌិត HAN Mooyoung តំណាងមជ្ឍមណ្ឌលស្រាវជ្រាវទឹកភ្លៀង នៃសាកលវិទ្យាល័យជាតិសេអ៊ូល និងមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្ដមជាថ្នាក់ដឹកនាំ និងលោកលោកស្រីជាមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡាជាច្រើនរូបទៀត៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-11-04 04:09:39   ថ្ងៃចន្ទ, 04 វិច្ឆិកា 2024 ម៉ោង 11:09 AM
តើគួរចាត់វិធានការយ៉ាងណា ឆ្លើយតបនឹងការផ្សព្វផ្សាយអវិជ្ជមានអំពីប្រទេសកម្ពុជា?

ដោយ៖ លឹម សុវណ្ណរិទ្ធ

ថ្មីៗកន្លងទៅនេះ មានការផ្សព្វផ្សាយក្នុងន័យអវិជ្ជមានជាច្រើនប្រឆាំងនឹងប្រទេសកម្ពុជា រាប់ចាប់តាំងពីរការផលិតជាខ្សែភាពយន្ត មាតិកាជាវីដេអូ មាតិកាព័ត៌មាន និងសារព្រមានផ្សេងៗទៀត ដែលបានចង្អុលបង្ហាញប្រទេសកម្ពុជាថាជាទីគួរឱ្យខ្លាចរអារ ឬជាទីកន្លែងនៃការប្រព្រឹត្តអំពើឧក្រិដ្ឋ ឬជាប្រទេសអសន្តិសុខជាដើម។ ថ្វីដ្បិតតែមានការប្រតិកម្មពីរាជរដ្ឋាភិបាល និងការចាត់វិធានការមួយចំនួនឆ្លើយតបទៅនឹងករណីដំបូងក៏ដោយក្ដី ក៏គេសង្កេតឃើញថា ការផ្សព្វផ្យាយក្នុងរូបភាពនេះ កើតមានជាបន្តបន្ទាប់រហូតមក។ តើអ្វីជាមូលបញ្ហានៃករណីនេះ? តើគេគួរតែចាត់វិធានការយ៉ាងដូចម្ដេច ដើម្បីទប់ស្កាត់បាតុភាពដែលជះឥទ្ធិពលដល់វិស័យទេសចរណ៍និងបរិយាកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា?

គេប្រហែលជានៅចងចាំបាន អំពីករណីភាពយន្តចិន ដែលមានចំណងជើងថា «No more bets» ដែលកាលពីឆ្នាំ២០២៣ បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់មហាជនពាក់ព័ន្ធនឹងការដែលក្រុមហ៊ុនចិនបានផលិតរឿង បង្កឱ្យមានផលប៉ះពាលដល់កេរ្តិ៍ឈ្មោះប្រទេសក្នុងតំបន់មួយចំនួន ពិសេសប្រទេសកម្ពុជា អំពីការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងភាពយន្តនោះថែមទាំងបានប្រើប្រាស់អក្សរខ្មែរថែមទៀតផង។ ថ្វីដ្បិតតែពេលនោះ ក្រសួងវប្បធម៌កម្ពុជាបានប្រតិកម្មតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសចិនក្ដី ប៉ុន្តែភាពយន្តនោះ បានបង្កឱ្យមានផលប៉ះពាល់រួចទៅហើយដល់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ដោយពិតជាបានបណ្ដាលប្រជាជនចិន និងប្រជាជនបណ្ដាប្រទេសផ្សេងទៀតដែលពុំបានស្គាល់និងយល់ដឹងពីស្ថានការណ៍ជាក់ស្ដែងនៅកម្ពុជា អាចមានការភ័យខ្លាចអំពីប្រទេសកម្ពុជា បន្ទាប់ពីបានទស្សនារឿងនេះ។

បន្ទាប់មកទៀត យើងក៏ឃើញមានករណីដែលជនជាតិចិនតៃវ៉ាន់ចំនួន ២នាក់ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ បានថតវីដេអូប្រតិដ្ឋរឿងធ្វើទារុណកម្មនៅខេត្តព្រះសីហនុដើម្បីបង្ខូចឈ្មោះប្រទេសកម្ពុជា ហើយត្រូវបានតុលាការកម្ពុជាផ្ដន្ទាទោសដាក់ពន្ធនាគារនិងពិន័យជាសាច់ប្រាក់ជាដើម។ ក្រោយមក មានករណីផ្សព្វផ្សាយព័ត៌មានដោយសារព័ត៌មានអង់គ្លេស និងការផលិតមាតិកាវីដេអូនៅលើទូរទស្សន៍កូរ៉េខាងត្បូង ដែលបានលើកឡើងថា មានករណីជួញដូរនិងបង្ខាំងមនុស្សទ្រង់ទ្រាយធំនៅកម្ពុជា ដែលក្នុងមានទាំងជនជាតិកូរ៉េខាងត្បូង និងករណីនៅប្រទេសឥណ្ឌាដែលគេឃើញមានការតាំងបង្ហាញឈ្មោះប្រទេសកម្ពុជាធំៗថាជាគោលដៅឆបោកការងារនៅតាមព្រលានយន្តហោះឥណ្ឌាជាដើម។ ទាំងអស់នេះ សុទ្ធសឹងតែជាចំណែកនៃការផ្សព្វផ្សាយរូបភាពអវិជ្ជមានអំពីប្រទេសកម្ពុជា បើទោះជាករណីខ្លះធ្វើឡើងដោយវិស័យឯកជន ជាលក្ខណៈបុគ្គល ឬបម្រើគោលបំណងផ្សេងៗក៏ដោយក្ដី ប៉ុន្តែនេះគឺជាបញ្ហាធ្ងន់ធ្ងរដែលកម្ពុជាត្រូវតែចាត់វិធានការឆ្លើយតបឱ្យមានប្រសិទ្ធភាព និងបង្ការកុំឱ្យមានករណីស្រដៀងគ្នានេះកើតឡើងជាថ្មីម្ដងទៀត។

ជាការពិតណាស់ នៅក្នុងប្រទេសនីមួយៗតែងតែកើតមានឡើងនូវបាតុភាពអវិជ្ជមានផ្សេងៗដោយជៀសពុំរួច បើទោះបីជាប្រទេសនោះមានការរីកចម្រើនខាងសេដ្ឋកិច្ចឬសង្គមយ៉ាងណាក្ដី ព្រោះមនុស្សរស់នៅក្នុងសង្គមនីមួយៗ សុទ្ធសឹងតែមានការគិតផ្សេងៗគ្នា មានឥរិយាបថនិងនិន្នាការផ្សេងៗគ្នា មានទំនោរស្វែងយកប្រយោជន៍ខុសៗគ្នា ពិសេសនៅក្នុងសង្គមដែលចម្រុះទៅដោយជាតិសាសន៍ ឬក្រុមអម្បូរជនជាតិផ្សេងៗគ្នា។ ទោះជាយ៉ាងណា មានការលើកឡើងពីមជ្ឈដ្ឋានខ្លះថា ការផ្សព្វផ្សាយទាំងនេះអាចឆ្លុះបញ្ចាំងពីការពិតក្នុងចំណែកណាមួយនៅក្នុងប្រទេសកម្ពុជា និងមជ្ឈដ្ឋានខ្លះទៀតថាការផ្សាយទាំងនេះគឺជាការបំភ្លៃការពិតទាំងស្រុងដើម្បីវាយប្រហារប្រទេសកម្ពុជា។ មិនថានៅក្នុងន័យណានោះទេ តាមរយៈការផ្សព្វផ្សាយរូបភាពអវិជ្ជមានទាំងអស់នេះ ប្រទេសនិងប្រជាជនកម្ពុជាផ្ទាល់គឺជាអ្នកទទួលរងផលប៉ះពាល់ ហើយកម្ពុជាត្រូវខ្នះខ្នែងស្វែងរកដំណោះស្រាយ។

វិធានការដែលរាជរដ្ឋាភិបាលកម្ពុជាត្រូវឆ្លើយតបដំបូងគេគឺ តាមរយៈស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងនោះ ដែលត្រូវចេញមុខពន្យល់បកស្រាយ និងឆ្លើយបំភ្លឺត្រឡប់ទៅកាន់ប្រភពផ្សព្វផ្សាយសារអវិជ្ជមានទាំងនោះ។ ស្ថានទូតកម្ពុជាគប្បីមានការសហការជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីដំណើររឿងដែលត្រូវបានគេលើកឡើងទាំងនោះ។ ក្នុងករណីរកឃើញថា សារផ្សព្វផ្សាយទាំងនោះ ជាការប្រតិដ្ឋ បំភ្លៃរឿងហេតុខុសពីការពិត ស្ថានទូតគួរតែចេញលិខិតផ្លូវការស្នើសុំឱ្យប្រភពទាំងនោះកែតម្រូវ ឬលុបចោលមាតិកា ឬការផ្សព្វផ្សាយ ដែលប្រាសចាកការពិតអំពីប្រទេសកម្ពុជា ហើយទាមទារឱ្យធ្វើការសុំទោសជាផ្លូវការចំពោះការផ្សព្វផ្សាយមិនពិតបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា។ ក្នុងករណីដែលភាគីផ្សព្វផ្សាយនោះ ពុំយល់ព្រមតាមសំណើនោះទេ ស្ថានទូតគប្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់មានជាធរមាននៅក្នុងប្រទេសនោះ ដើម្បីបង្ហាញទៅសាធារណៈមតិក្នុងប្រទេសនោះ ពិសេសការពារកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ប្រទេសនិងប្រជាជនកម្ពុជា។

ទោះជាយ៉ាងណា គេក៏ពុំត្រូវទាត់ចោលទាំងស្រុងនូវលទ្ធភាពដែលថា រឿងហេតុទាំងនោះ អាចកើតចេញពីតថភាពជាក់ស្ដែងមួយជ្រុងតូចណាមួយនៅក្នុងប្រទេសកម្ពុជានោះឡើយ។ ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចត្រូវតែចាត់វិធានការក្ដៅ ចំពោះបទល្មើសនិងបទឧក្រិដ្ឋទាំងឡាយ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ទាំងករណីតូចធំទាំងអស់ ពិសេសករណីដែលមានជាប់ពាក់ព័ន្ធនឹងជនបរទេស បើទោះជាជនបរទេសនោះជាអ្នកប្រព្រឹត្តបទល្មើស ឬជាជនរងគ្រោះក្ដី ព្រោះបើពិនិត្យមើលទៅលើការចោទប្រកាន់ទាំងនោះមកលើប្រទេសកម្ពុជា ទាំងអ្នកដែលប្រព្រឹត្តនិងជនរងគ្រោះភាគច្រើនសុទ្ធសឹងជាជនបរទេស។ បទល្មើសនិងបទឧក្រិដ្ឋទាំងនេះហើយ ដែលប្រព័ន្ធផ្សព្វផ្សាយបរទេសអាចឆ្កឹះយកមកចោទប្រកាន់ ឬបំភ្លៃពន្លើសរឿងហេតុពិតប្រាកដ ដើម្បីវាយប្រហារលើប្រទេសកម្ពុជា។ ការចាត់វិធានការនេះទៀតសោត ត្រូវតែធ្វើឡើងជាប្រចាំ ជាជាងយុទ្ធនាការភ្លៀងធំមួយមេ ក៏ស្ងប់ខ្យល់រួចក៏រាំងភ្លៀងស្ងប់ស្ងាត់ទៅវិញ។ គេត្រូវតែវែកមុខរកឱ្យឃើញនូវមេក្លោងនៃបទល្មើសនិងបទឧក្រិដ្ឋសំខាន់ៗ ហើយរាជរដ្ឋាភិបាលត្រូវមានបង្ហាញពីឆន្ទៈមុតមាំ  និងឥតបន្ធូរដៃរបស់ខ្លួន ដើម្បីឈានទៅវះកាត់អ្នកនៅពីក្រោយខ្នងឬជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋទាំងឡាយ ដើម្បីសងភាពស្អាតស្អំដល់រាជរដ្ឋាភិបាល ប្រជាជន និងប្រទេសកម្ពុជាវិញ។

ជាមួយគ្នានេះដែរ យុទ្ធនាការស្ដារមុខមាត់ និងកេរ្តិ៍ឈ្មោះប្រទេសកម្ពុជា គប្បីត្រូវបានធ្វើឡើងក្នុងកម្រិតអន្តរស្ថាប័ន និងជាលក្ខណៈទ្រង់ទ្រាយធំពីគ្រប់មជ្ឈដ្ឋានទាំងអស់ តាមរយៈការចាប់ផ្ដើមចេញពីក្រសួងស្ថាប័នពាក់ព័ន្ធ ដែលត្រូវជំរុញការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ អំពីសក្ដានុពលនៃការវិនិយោគ និងសក្ដានុពលទេសចរណ៍របស់ប្រទេសកម្ពុជា។ ក្នុងតថភាពជាក់ស្ដែង ប្រទេសកម្ពុជានៅតែបន្តជាគោលដៅសក្ដានុពលសម្រាប់ការវិនិយោគពីបរទេស (FDI) តាមរយៈលក្ខណៈសម្បត្តិសំខាន់ៗមួយចំនួនដូចជាការស្ដារឡើងវិញយ៉ាងឆាប់រហ័សក្រោយការរីករាលដាលជំងឺជាសាកល, កំណើនសេដ្ឋកិច្ចក្រោយរងផលប៉ះពាល់នៃការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់ពិភពលោក, យន្តការលើកទឹកចិត្តដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនាពេលថ្មីៗ, ស្ថិរភាពនយោបាយដែលបាននិងកំពុងបន្តរក្សាបាន និងឱកាសទីផ្សារថ្មីៗដែលកម្ពុជាទទួលបានពីការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់និងពិភពលោក។ សម្រាប់សក្ដានុពលវិស័យទេសចរណ៍ កម្ពុជាមានប្រភេទទេសចរណ៍សំខាន់ៗពីរគឺ ទេសចរណ៍វប្បធម៌ និងទេសចរណ៍ធម្មជាតិ ដោយសម្រាប់ទេសចរណ៍ធម្មជាតិ កម្ពុជាគឺជាប្រទេសដែលមានវប្បធម៌ដ៏ចំណាស់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេសមានប្រាសាទនិងសំណង់ស្ថាបត្យកម្មបុរាណ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកដ៏សម្បូរបែប និងធ្លាប់ជាទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិតាមសមុទ្រដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ (កំពង់ផែអូរកែ សម័យនគរភ្នំ) ជាដើម។ សម្រាប់ទេសចរណ៍ធម្មជាតិ កម្ពុជាមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេលើពិភពលោក (ជាសមាជិកនៃក្លិបសមុទ្រឆ្នេរស្អាតជាងគេលើពិភពលោក) មានសម្រស់ព្រៃឈើនិងរុក្ខជាតិរាប់ពាន់ប្រភេទនៅពាសពេញប្រទេស ពិសេសនៅក្នុងតំបន់អភិរក្សសំខាន់ៗ, មានបឹងទន្លេសាបដែលជាបឹងទឹកសាបដ៏ធំជាងគេនៅក្នុងតំបន់ជាមួយនឹងមច្ឆជាតិរាប់រយប្រភេទ (ជាទីបណ្ដុំប្រភេទត្រីទឹកសាបដ៏ច្រើនលើសលប់) និងប្រភេទសត្វស្លាបកម្រនិងជិតផុតពូជជាច្រើន ព្រមទាំងទេសភាពខ្នងភ្នំធម្មជាតិសំខាន់ៗដ៏ច្រើនសន្ធឹកសន្ធាប់។ លើសពីនេះទៅទៀត ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅកម្ពុជានឹងកាន់តែមានភាពកក់ក្ដៅនៅក្នុងចិត្ត ជាមួយនឹងភាពរួសរាយរាក់ទាក់និងស្នាមញញឹមរបស់ប្រជាជនកម្ពុជា ដែលកើតចេញពីមនោសញ្ចេតនាពិតប្រាកដ សុទ្ធសឹងជាចំណុចទាក់ទាញដែលភ្ញៀវទេសចរបរទេសជាច្រើនពុំបានដឹង និងជ្រួតជ្រាបអំពីប្រទេសកម្ពុជានៅឡើយនោះ។ នៅត្រង់ចំណុចនេះ យើងឃើញថា ប្រទេសកម្ពុជាពិតជាមាតុភូមិដែលសម្បូរទៅដោយលក្ខណៈសម្បត្តិពិសេសៗ ដែលភ្ញៀវទេសចរនិងអ្នកផ្សងព្រងគ្រប់ជាតិសាសន៍ប្រាថ្នាចង់ឃើញ ចង់ជួប និងចង់ស្គាល់នូវចំណុចទាំងអស់នេះ ប៉ុន្តែការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍របស់កម្ពុជាហាក់នៅមានកម្រិតនៅឡើយ ដែលនេះជាចំណុចសំខាន់គប្បីត្រូវបានយកចិត្តទុកដាក់ និងជំរុញឱ្យខ្លាំងក្លាបន្ថែម។ ទោះជាយ៉ាងណា សក្ដានុពលសម្រាប់ការវិនិយោគ និងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាទាំងអស់នេះ អាចនឹងក្លាយទៅជាអសារបង់ មិនអាចទាក់ទាញវិនិយោគិនក៏ដូចជាភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាបាននោះទេ ប្រសិនបើរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់  មិនអាចបង្ហាញអំពីរូបភាពនៃការធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈដ៏ប្រសើរ ដែលឆ្លើយតបទៅនឹងការផ្សព្វផ្សាយក្នុងន័យអវិជ្ជមានជាច្រើនប្រឆាំងនឹងប្រទេសកម្ពុជាដែលធ្លាប់មានកន្លងមកនេះ។

មិនត្រឹមតែប៉ុណ្ណោះ ក្រៅពីឆន្ទៈនិងការអនុវត្តសកម្មភាពជាក់ស្ដែងរបស់តំណាងទូតកម្ពុជានៅបរទេស រាជរដ្ឋាភិបាលនិងក្រសួងស្ថាប័នពាក់ព័ន្ធនោះ ការចូលរួមពីសំណាក់សាធារណជន ពិសេសប្រជាពលរដ្ឋកម្ពុជា គឺជាចំណែកដែលមិនអាចខ្វះបានឡើយ។ ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងផ្ទាល់ ត្រូវតែចូលរួមចំណែកនៅក្នុងការប្រឆាំងការផ្សព្វផ្សាយអវិជ្ជមានអំពីប្រទេសជាតិខ្លួន តាមរយៈការបញ្ឈប់ការផ្សព្វផ្សាយសារ និងចែករំលែកមាតិកាអវិជ្ជមានទាំងឡាយអំពីសង្គមកម្ពុជា ដោយក្នុងនាមជាកោសិកាសង្គម ពលរដ្ឋទាំងអស់ត្រូវមានមោទកភាពនឹងប្រជាជាតិរបស់ខ្លួននៅក្នុងជ្រុងផ្សេងៗ ហើយរួមចំណែកក្នុងការផ្សព្វផ្សាយសារវិជ្ជមាន និងសក្ដានុពលសំខាន់ៗដែលកម្ពុជាមាន ទៅកាន់ពិភពលោកខាងក្រៅ ជាជាងការបន្តុះបង្អាប់ជាតិសាសន៍ខ្លួនបន្ថែម ឬបង្ហាញកាយវិការគាំទ្រនឹងការផ្សព្វផ្សាយព័ត៌មានអវិជ្ជមានរបស់ប្រទេសជាតិខ្លួនទៅកាន់បរទេស។ ប្រជាពលរដ្ឋខ្មែរគួរតែឈ្វេងយល់អំពីបទពិសោធន៍ដ៏ជូរចត់នៅក្នុងប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានរងគ្រោះដោយសារតែការបែកបាក់ផ្ទៃក្នុង និងការហែកហួរជាតិសាសន៍ឯង នៅចំពោះមុខមហិច្ឆតារបស់បរទេសលើប្រទេសកម្ពុជា ដូចពាក្យសុភាសិតខ្មែរមួយឃ្លាលើកឡើងថា «សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់» និង «ឈ្លោះគ្នាក្នុងគ្រួសារដូចស្រាតកាយាបង្ហាញញាតិ ឈ្លោះគ្នាក្នុងសង្គមជាតិដូចលាតកំណប់បង្ហាញចោរ»។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប គួរតែចងចាំថា នៅពេលដែលប្រទេសជាតិជួបនឹងវិបត្តិ មានតែប្រជាជាតិនិងប្រជាជនខ្មែរទេដែលរងគ្រោះ និងត្រូវប្រឈមមុខជាមួយនឹងទុក្ខវេទនាដោយផ្ទាល់ ខ្មែរគួរតែរួមគ្នានៅក្នុងការកសាង និងជំរុញវឌ្ឍនភាពជាតិ ទៅតាមជំនាញ និងសមត្ថភាពប្រកបដោយមនសិកាជាតិរៀងៗខ្លួន៕

 

2024-11-01 10:29:27   ថ្ងៃសុក្រ, 01 វិច្ឆិកា 2024 ម៉ោង 05:29 PM
លទ្ធផលប្រឡងបាក់ឌុប បង្ហាញពីនិន្នាការឱ្យតម្លៃលើការអប់រំនិងផ្លែផ្កានៃកំណែទម្រង់ ហើយក៏ជាការដាស់ស្មារតីយុវជនថា ខ្លួនត្រូវក្លាយជាមនុស្សពេញវ័យ ដែលត្រូវមានភាពរឹងមាំនៅក្នុងការគិតពិចារណា

          ក្រោយការប្រកាសលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ បានបង្ហាញថា ចំនួនសិស្សថ្នាក់ទី១២ ដែលបានប្រឡងជាប់ជាស្ថាពរមានកំណើនឡើងជាងឆ្នាំមុនៗ ដែល​មានរហូតដល់ទៅ១០៦ ៣៥១ ស្មើនឹង៧៩%នៃចំនួនសិស្សប្រឡងសរុប ខណៈដែលចំនួនសិស្សជាប់និទ្ទេស A និងនិទ្ទេស B ក៏មានការកើនឡើងជាងឆ្នាំមុនផងដែរ។ នៅក្នុងនាមជាអាណាព្យាបាល ជាគ្រូបង្រៀន និងជាអ្នកតែងតែផ្ដល់ទស្សនៈអប់រំ​សម្រាប់សង្គម លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃទៅលើលទ្ធផលនៃការប្រឡងបាក់ឌុប ឆ្នាំ២០២៤នេះថា គឺជាការបង្ហាញពីនិន្នាការឱ្យតម្លៃលើការអប់រំនិងផ្លែផ្កានៃកំណែទម្រង់ ហើយក៏ជាការដាស់ស្មារតីយុវជនថា ខ្លួនត្រូវក្លាយជាមនុស្សពេញវ័យ ដែលត្រូវមានភាពរឹងមាំនៅក្នុងការគិតពិចារណា។ នៅក្នុងន័យនេះ លោកបណ្ឌិត ក៏បានគូសបញ្ជាក់នូវទស្សនៈចំនួន ៥ចំណុច ពាក់ព័ន្ធនឹងដំណើរឆ្ពោះទៅមុខ​សម្រាប់យុវជន វិស័យអប់រំ និងដំណើរការអភិវឌ្ឍសង្គមផងដែរ។ ទស្សនៈទាំង ៥ចំណុចនោះគឺ៖

១. ត្រូវចៀសវាងការប្រៀបធៀបពិន្ទុ ឬនិទ្ទេស ត្រូវគិតការរៀបចំដំណើរជីវិតឆ្ពោះទៅមុខ

          នៅក្នុងការប្រឡង ពិតជាមានលទ្ធផលគួរជាទីគាប់ចិត្ត និងមិនសមបំណងសម្រាប់សិស្សានុសិស្សផ្ទាល់ ក៏ដូចជាក្រុមគ្រួសារផងដែរ អាស្រ័យទៅលទ្ធភាព សមត្ថភាព និងការខិតខំប្រឹងប្រែង ប៉ុន្តែនៅក្នុងទស្សនៈរបស់អាណាព្យាបាល និងសិស្សានុសិស្សជាសាមីខ្លួនផ្ទាល់ មិនត្រូវព្យាយាមប្រៀបធៀបនិទ្ទេសនិងលំដាប់ពិន្ទុ ទៅអ្នកដទៃ ហើយកំណត់ព្រំដែននៃការគិតអំពីដំណើរជីវិតឆ្ពោះទៅមុខនោះទេ។ លទ្ធផលប្រឡងបាក់ឌុប គឺគ្រាន់តែជាការវាស់ស្ទង់នូវកម្រិតចំណេះដឹងទូទៅ ដែលសិស្សានុសិស្សអាចស្រូបយកបាននៅកម្រិតមធ្យមសិក្សាតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងដំណើរជីវិតឆ្ពោះទៅអនាគតខាងមុខ មានកិច្ចការងារ និងភារកិច្ចជាច្រើនទៀត ដែលប្អូនៗជាសិស្សានុសិស្សដែលបញ្ចប់ការសិក្សាត្រូវបំពេញ និងសម្រេចឱ្យបន្ថែមជាបន្ថែមទៀត។ ពិន្ទុ ឬនិទ្ទេស ដែលទទួលបានពីការប្រឡងបាក់ឌុបនឹងមិនអាចកំណត់ជោគ​វាសនា​ទាំងស្រុងរបស់ប្អូនៗនោះឡើយ តែនេះគ្រាន់តែជាសារដាស់តឿន ឬលើកទឹកចិត្តឱ្យប្អូនៗពិនិត្យ និង​រៀបចំផែនការ និងផ្លូវដែលត្រូវជ្រើសរើសនៅក្នុងដំណើរជីវិតរបស់ខ្លួនតែប៉ុណ្ណោះ។

២. យុវជនត្រូវគិតអំពីទស្សនវិជ្ជារៀនពេញមួយជីវិត

          ទស្សនវិជ្ជាអប់រំពេញមួយជីវិត គឺជាទស្សនវិជ្ជាសម្រាប់វិស័យអប់រំ ប៉ុន្តែនេះក៏ជាសច្ចភាពមួយរបស់​មនុស្សរស់នៅក្នុងសង្គមផងដែរ ដោយមនុស្សត្រូវការរៀនសូត្រអ្វីដែលថ្មីៗជាប្រចាំ ដើម្បីសម្រួលដល់ស្ថានភាពជីវភាព ការបំពេញកិច្ចការងារសម្រាប់បុគ្គល សម្រាប់សហគមន៍ និងដើម្បីសង្គមជាតិទាំងមូល។ ការប្រឡងបាក់ឌុបមិនមែនជាការ​បញ្ចប់ការសិក្សារបស់យុវជននោះទេ ប៉ុន្តែនេះគឺជាការបង្ហាញថា យុវជនបានបញ្ចប់ការសិក្សានៅកម្រិតចំណេះដឹងទូទៅហើយ ដោយជំហានបន្ទាប់ ត្រូវចាប់យកទស្សនវិជ្ជារៀនពេញមួយជីវិត មានន័យថា ត្រូវអភិវឌ្ឍសមត្ថភាពនិងចំណេះដឹងរបស់ខ្លួនតាមរយៈសិក្សារៀនសូត្រនៅ​គ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត។ ក្នុងនាមជាឪពុក ជាមេគ្រួសារ ជាមន្ត្រីរាជការ និងជាអ្នកផ្ដល់ទស្សនៈអប់រំនៅតាមប្រព័ន្ធផ្សព្វផ្សាយ លោកបណ្ឌិត យង់ ពៅ បានលើកទឹកចិត្តដល់យុវជនទាំងអស់ ត្រូវចាប់យកឱកាសសិក្សានៅថ្នាក់ឧត្ដមសិក្សា ឬជំនាញវិជ្ជាជីវៈ ហើយបន្តការសិក្សាស្វែងយល់អំពីបរិយាកាសជុំវិញខ្លួន ទាំងនៅក្នុងថ្នាក់រៀន នៅក្នុងសង្គម និងនៅក្នុងទំនាក់ទំនងជាមួយមនុស្សថ្មីៗជាច្រើនផ្សេងទៀត។

៣. រដ្ឋាភិបាលបានផ្តល់គោលនយោបាយដែលមានជម្រើសច្រើនសម្រាប់យុវជន

          លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយផ្ដល់ជម្រើសច្រើនសម្រាប់យុវជន នៅក្នុងការអភិវឌ្ឍ​សមត្ថភាព និងចាប់យកជំនាញដើម្បីអាជីព និងការប្រកបមុខរបរផ្សេងៗ ដូច្នេះបើទោះជាលទ្ធផលនៃការប្រឡងរបស់យុវជន ទទួលបានពិន្ទុឬនិទ្ទេសណាក៏ដោយ រាជរដ្ឋាភិបាលមានគោលនយោបាយគាំទ្រដល់គ្រប់យុវជនទាំងអស់ ដោយមិនប្រកាន់និន្នាការនយោបាយ ភេទ ឬអាយុនោះឡើយ។ តាមរយៈការជំរុញនិងគាំទ្ររបស់រាជរដ្ឋាភិបាល នៅប្រទេសកម្ពុជាមានសាកលវិទ្យាល័យជាច្រើន ទាំងសាកលវិទ្យាល័យរដ្ឋ និងឯកជន ហើយក៏មានអាហាររូបករណ៍ជាច្រើនដែលត្រូវបានប្រកាសឡើង ដូចជា អាហារូបករណ៍សម្ដេចតេជោ អាហារូបករណ៍សម្ដេចធិបតី និងអាហារូបករណ៍ដែលផ្ដល់ជូនដោយសប្បុរសជន និងសាកលវិទ្យាល័យនានា ក៏ដូចជាឱកាសអាហារូបករណ៍ផ្ដល់ដោយប្រទេសជាមិត្តតាមរយៈរាជរដ្ឋាភិបាល សាកលវិទ្យាល័យ និងសប្បុរសជននានាផងដែរ។ ទាំងនេះ សុទ្ធសឹង​តែជាឱកាស និងការលើកទឹកចិត្តចំពោះអ្នកមានសមត្ថភាព និងមានឆន្ទៈបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ដើម្បីឈានទៅចាប់យកអាជីពកម្រិតជំនាញឯកទេស។ បន្ថែមពីនេះ គោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាល ក៏បានគិតគូរទៅដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជាច្រើន ដែលផ្ដល់ដល់យុវជន ទាំងអ្នកជាប់និងធ្លាក់បាក់ឌុប ឱ្យចាប់យកជំនាញវិជ្ជាជីវៈបច្ចេកទេស និងជំនាញវិជ្ជាជីវៈដូនតាជាដើម ដែលអនុញ្ញាតឱ្យយុវជនទើបបញ្ចប់ការសិក្សា អាចសិក្សានិងចាប់យកជាជំនាញប្រកបអាជីពចិញ្ចឹមជីវិតបានផងដែរ។ ដូច្នេះហើយ នេះគឺជាពេលវេលាដ៏ល្អ សម្រាប់យុវជនកម្ពុជាយើង ដែលមិនមានភាពទ័លច្រកនៅក្នុងការចាប់យកជំនាញ ឬឯកទេស ដើម្បីប្រកបអាជីព និងបំពេញការងារជាមួយនឹងជំនាញផ្សេងៗជាច្រើន ដែលពួកគេអាចជ្រើសរើសតាមទេពកោសល្យ ការស្រឡាញ់ពេញចិត្ត លទ្ធភាព និងសមត្ថភាពដែលខ្លួនមាន សម្រាប់យកទៅអនុវត្តដើម្បីចិញ្ចឹមជីវិត និងចូលរួមអភិវឌ្ឍសង្គមជាតិគ្រប់ៗគ្នា។

៤. ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងពីគុណតម្លៃនៃការអប់រំ

          យើងឃើញថា និន្នាការបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរបានជ្រួតជ្រាបកាន់តែទូលំទូលាយអំពីគុណតម្លៃនៃការអប់រំកាន់តែប្រសើរឡើង តាមរយៈលទ្ធផលនៃការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនៅឆ្នាំ២០២៤នេះ សិស្សប្រឡប់ជាប់និទ្ទេស A និង B មានការកើនឡើងគួរឱ្យកត់សម្គាល់។ កំណើនសិស្សជាប់និទ្ទេស A និង B នេះ បានសបញ្ជាក់ឱ្យឃើញអំពីការប្រឹងប្រែងរបស់អាណាព្យាបាលក្នុងការជំរុញនិងលើកទឹកចិត្តឱ្យកូនក្មួយ ឱ្យសិក្សារៀនសូត្រដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ហើយអាចវាស់ស្ទង់ឱ្យមើលឃើញបានតាមរយៈលទ្ធផលនៃការប្រឡង។ តាមរយៈនិន្នាការនេះ លោកបណ្ឌិត យង់ ពៅ ជឿជាក់ថា ប្រទេសកម្ពុជានឹងកាន់តែមានធនធានមនុស្សសម្បូរបែប និងប្រកបដោយគុណភាពបន្ថែមទៀតនាពេលអនាគតខាងមុខ ហើយយុវជនប្រកបដោយសមត្ថភាពភាពទាំងនេះ ក៏នឹងក្លាយទៅជាចលករជំរុញដល់ការអភិវឌ្ឍសង្គមជាតិកាន់តែជឿនលឿនរហ័ស ឆ្ពោះទៅសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានមហិច្ឆតាចង់សម្រេចឱ្យកម្ពុជាក្លាយទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ផង​ដែរ។

៥. កម្ពុជានៅតែមានភាពចាំបាច់នៅក្នុងការបន្តកំណែទម្រង់វិស័យអប់រំ

          តាមរយៈលទ្ធផលនៃកំណែទម្រង់អប់រំ ពិសេសកំណែទម្រង់នៃរដ្ឋបាលប្រឡងបាក់ឌុប ដែលក្រសួងអប់រំប្រើប្រាស់ពេលវេលាប្រមាណជាង១០ឆ្នាំកន្លងទៅនេះ លោកបណ្ឌិត យង់ ពៅ បានបង្ហាញការយល់ឃើញថា កម្ពុជាពិតជាទទួលបានផ្លែផ្កាគួរជាទីកត់សម្គាល់ពីកំណែទម្រង់វិស័យអប់រំ។ ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត យង់ ពៅ កម្ពុជាត្រូវតែបន្តកំណែទម្រង់វិស័យអប់រំបន្ថែមទៀត ដែលគ្រប់គ្នាបានយល់ដឹងហើយថា វិស័យអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងការកសាងនិងអភិវឌ្ឍសង្គមជាតិមួយ ហើយភាពរឹងមាំរបស់ពលរដ្ឋ ផ្ដើមចេញពីការអប់រំកុមារតូចប្រកបដោយគុណភាពពិតប្រាកដ ដែលត្រង់ចំណុចនេះ គេត្រូវពង្រឹងគុណភាពនៃការអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាចាប់ពីថ្នាក់ដំបូងមកម្ល៉េះ ពោលគឺកំណែទម្រង់វិស័យអប់រំត្រូវផ្ដោតលើការពង្រឹងគុណភាពនៃការអប់រំនិងបណ្ដុះបណ្ដាលដល់កុមារតូច រហូតដល់មធ្យមសិក្សា។ លោកបណ្ឌិត យង់ ពៅ ជឿជាក់ថា ការជំរុញកំណែទម្រង់កាន់តែស៊ីជម្រៅនៅក្នុងវិស័យអប់រំនេះ ត្រូវការការចូលរួមពីគ្រប់ភាគីទាំងអស់នៅក្នុងសង្គម ដែលត្រូវពិនិត្យពិចារណា និងវាយម្លៃលើលទ្ធភាពនៃការធ្វើកំណែទម្រង់ទាំងប្រព័ន្ធសិក្សា កម្មវិធីសិក្សា បរិយាកាសអប់រំនៃសង្គមទាំងមូល ដែលរាប់ចាប់តាំងពីទិដ្ឋភាពសង្គម និងបរិយាកាសនៃការអប់រំនៅតាមសាលារៀននានា ពិសេសគ្រឹះស្ថានសិក្សារបស់រដ្ឋ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-10-31 04:22:57   ថ្ងៃព្រហស្បតិ៍, 31 តុលា 2024 ម៉ោង 11:22 AM
បណ្ឌិត យង់ ពៅ៖ ពលរដ្ឋគប្បីសិក្សាស្វែងយល់ឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងកិច្ចការដឹកនាំរដ្ឋ និងទំនាក់ទំនងអន្តរជាតិ ចៀសវាងអ្នកនយោបាយ ញុះញង់ឱ្យធ្លាក់ចូលក្នុងល្បិចកលនយោបាយដោយពុំដឹងខ្លួន

ពាក់ព័ន្ធនឹងបញ្ហាកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមបកស្រាយពន្យល់គ្រប់ទិដ្ឋភាពទាំងអស់ និងចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការនេះ និងបានជូនដំណឹងទៅភាគីនៃកិច្ចសហប្រតិបត្តិការរួចក៏ដោយក្ដី អ្នកប្រឆាំងនៅក្រៅប្រទេសនៅតែបន្តបកស្រាយ និងលើកចំណុចផ្សេងៗដើម្បីភ្ជាប់ទៅនឹងរបៀបវារៈ​នយោបាយប្រឆាំង ដែលកន្លងទៅនេះ អ្នកនយោបាយប្រឆាំងបានលើកឡើងដោយចោទប្រកាន់ថា ការប្រកាសរបស់រាជរដ្ឋាភិបាលដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) មិនគ្រប់គ្រាន់នោះទេ ពោលគឺដើម្បីអាចដកប្រទេសកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការនេះបាន លុះត្រាតែឆ្លងកាត់ការអនុម័តពីរដ្ឋសភាថែមទៀតផង។ ដោយផ្អែកតាមរបៀបវារៈដែលបង្កប់នូវនយោបាយប្រឆាំងជ្រុលនិយមនេះ អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានបន្តដុតរោល និងបំផុសបំផុលពលរដ្ឋខ្មែរនៅក្រៅប្រទេស ឱ្យចូលរួមបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ហើយបើទោះបីជាមានការចូលរួមពីពលរដ្ឋខ្មែរមួយចំនួនតូចក្ដី តែនេះក៏បានបញ្ជាក់អំពី និន្នាការប្រឆាំងជ្រុលនិយមនៅក្នុងចំណោមពលរដ្ឋខ្មែរនៅបរទេស ដែលពុំបានព្យាយាមឈ្វេងយល់ឱ្យបានស៊ីជម្រៅ និងជាក់លាក់អំពីរឿងហេតុដែលទាក់ទងនឹងនយោបាយប្រទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិនោះទេ។

នៅក្នុងទំនាក់ទំនងអន្តរជាតិ កិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិរវាងប្រទេសនីមួយៗនៅក្នុងពិភពលោក មានកម្រិត និងឋានានុក្រមខុសៗគ្នា ប្រៀបដូចជាច្បាប់ឬបទដ្ឋានគិតយុត្តិនៅក្នុងប្រទេសនីមួយៗផងដែរ ដែលទាមទារឱ្យមានការសិក្សាស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងវាយតម្លៃ ឬឈានទៅដល់ការសន្និដ្ឋានដែលខ្វះមូលដ្ឋានវិទ្យាសាស្ត្រ។ កិច្ចសហប្រតិបត្តិការ ឬកិច្ចព្រមព្រៀងរវាងប្រទេសមួយនិងប្រទេសមួយ អាចនឹងត្រូវបានធ្វើឡើងនៅក្នុងកម្រិតផ្សេងៗគ្នា អាស្រ័យទៅលើលក្ខខណ្ឌ ភាពចាំបាច់ និងការព្រមព្រៀងគ្នារវាងគូភាគីនិងគូភាគី ដែលកន្លងទៅនេះ គេក៏ឃើញមានផងដែរ កិច្ចសហប្រតិបត្តិនៅក្នុងកម្រិតរដ្ឋនិងរដ្ឋ រដ្ឋាភិបាលនិងរដ្ឋាភិបាល កិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថាប័នអន្តរប្រទេស និងមានរហូតដល់កម្រិតមន្ត្រីជំនាញថែមទៀតផង។

នៅត្រង់ចំណុចនេះ គេត្រូវដឹងផងដែរថា កិច្ចព្រមព្រៀង ឬកិច្ចសហប្រតិបត្តិការដែលត្រូវបានចុះហត្ថលេខារវាងរដ្ឋាភិបាលនឹងរដ្ឋាភិបាល អាចបន្តនិរន្តរភាព ឬត្រូវបានបញ្ចប់ដោយការសម្រេចចិត្តក្នុងកម្រិតរដ្ឋាភិបាល ពុំមែនធ្វើឡើងដោយរដ្ឋាភិបាលនិងរដ្ឋាភិបាល ហើយត្រូវបញ្ចប់ទៅវិញនៅក្នុងកម្រិតរដ្ឋសភា ឬប្រមុខរដ្ឋនោះទេ។ ការយល់ដឹងពុំច្បាស់លាស់អំពីកម្រិតកិច្ចសហប្រតិបត្តិការអន្តរប្រទេស គឺជាចំណុចខ្សោយមួយរបស់អ្នកនយោបាយ ដែលខ្វះខាតការសិក្សាស្វែងយល់អំពីកិច្ចការអន្តរជាតិ ហើយក៏ជាភាពអាម៉ាស់មួយរបស់ប្រទេសជាតិផងដែរ ប្រសិនបើអ្នកនយោបាយនោះស្ថិតនៅក្នុងកម្រិតមេដឹកនាំ ឬអ្នកកាន់កិច្ចការទំនាក់ទំនងអន្តរជាតិក្នុងនាមតំណាងប្រទេស។

មិនត្រឹមតែប៉ុណ្ណោះ សាធារណជន ក៏ដូចជាពលរដ្ឋដែលដើរតាមអ្នកនយោបាយ ក៏គប្បីគួរតែព្យាយាមសិក្សាស្រាវជ្រាវ និងយល់ដឹងអំពីកិច្ចការនានាពាក់ព័ន្ធនឹងដំណើរការដឹកនាំរដ្ឋ ក៏ដូចជានៅក្នុងក្របខ័ណ្ឌទំនាក់ទំនងអន្តរជាតិផងដែរ ដើម្បីជាទុននៅក្នុងពង្រីកចំណេះដឹង និងការយល់ឃើញឆ្លុះបញ្ចាំងទៅលើសារនយោបាយ ក៏ដូចជាយុទ្ធសាស្ត្របំផុសបំផុលរបស់អ្នកនយោបាយ ដើម្បីទាក់ទាញការគាំទ្រនិងការចូលរួមពីពលរដ្ឋ ក្នុងគោលបំណងបម្រើមហិច្ឆតានយោបាយរបស់ខ្លួន។ មនសិកាជាតិ ការស្រលាញ់ និងព្រួយបារម្ភអំពីជោគវាសនាប្រទេសជាតិ គឺជារឿងដ៏គួរឱ្យសោមនស្សសម្រាប់ប្រជាជាតិទាំងមូល ប៉ុន្តែពលរដ្ឋក៏គួរតែពង្រីកការយល់ដឹងរបស់ខ្លួនអំពីនយោបាយ និងច្បាប់សង្គម ក៏ដូចជាច្បាប់អន្តរជាតិផងដែរ ដើម្បីឱ្យខ្លួនមានមូលដ្ឋានចំណេះដឹង អាចពិចារណា ថ្លឹងថ្លែង និងវាយតម្លៃហេតុការណ៍នានាដែលកើតឡើងចំពោះប្រទេសជាតិ បានត្រឹមត្រូវ និងអាចចូលរួមជំរុញថែរក្សា និងការពារផលប្រយោជន៍ជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់។

បន្ថែមពីលើនេះ ប្រជាពលរដ្ឋទាំងនៅក្នុងនិងក្រៅប្រទេសទាំងអស់ ក៏គួរតែស្ដាប់និងទទួលយកការបកស្រាយពីគ្រប់ភាគីនិងគ្រប់មជ្ឈដ្ឋានទាំងអស់ ពាក់ព័ន្ធនឹងប្រធានបទនីមួយៗ ដើម្បីយកមកជាការពិចារណាថ្លឹងថ្លែង និងអាចឈានទៅធ្វើការសន្និដ្ឋាន ឬសម្រេចចិត្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ជៀសវាងជឿជាក់ទៅលើតែភាគីឬអ្នកនយោបាយម្ខាងៗ ពិសេសអ្នកនយោបាយប្រឆាំង ដែលតែងតែព្យាយាមប្រើប្រាស់ចរន្តជាតិនិយមជ្រុលទៅលើបញ្ហាអធិបតេយ្យជាតិ មកដុតរោលនិងបញ្ឆេះកំហឹងបងប្អូនពលរដ្ឋខ្មែរនៅក្រៅស្រុក ដើម្បីធ្វើជាទុនបន្តនយោបាយប្រឆាំងរបស់ខ្លួន។ ពលរដ្ឋខ្មែរគ្រប់រូប និងគ្រប់និន្នាការពុំគួរធ្វើការសន្មត់ដោយបុរេវិនិច្ឆ័យរបស់ខ្លួនដោយទាត់ចោលនូវមូលដ្ឋានវិទ្យាសាស្ត្រ និងដោយកង្វះការពិចារណាទៅលើហេតុផលគ្រប់ជ្រុងជ្រោយ ទៅលើព្រឹត្តិការណ៍ ឬហេតុការណ៍ណាមួយ ពិសេសកិច្ចការដែលពាក់ព័ន្ធទៅនឹងឧត្ដមប្រយោជន៍ជាតិឡើយ ព្រោះការណ៍នេះ ពុំបាននាំមកនូវការថែរក្សានិងការពារបាននូវផលប្រយោជន៍ជាតិនោះទេ ប៉ុន្តែ គឺជាការបង្ហាញស្មារតីស្នេហាជាតិ ដោយការចូលរួមក្នុងន័យស្ថាបនាទៅវិញទេ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-10-30 08:25:21   ថ្ងៃពុធ, 30 តុលា 2024 ម៉ោង 03:25 PM
របបរាជានិយមកម្ពុជា ជារាជានិយមដែលមានលក្ខណៈពិសេសដោយឡែកមួយនៅលើពិភពលោក

ដោយ៖ លឹម សុវណ្ណរិទ្ធ

នៅក្រោយការបោះឆ្នោតជាសកល ខែឧសភា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញដែលត្រូវបានតាក់តែងដោយសភាធម្មនុញ្ញ ដែលសមាជិកសុទ្ធសឹងជាតំណាងរាស្ត្រទើបជាប់ឆ្នោត បានកំណត់ឱ្យប្រទេសកម្ពុជាប្រកាន់យកនូវរបបរាជានិយមជាថ្មីឡើងវិញ ឬអាចហៅថាជាសម័យរាជាណាចក្រទីពីរ ក្រោយការវិវត្តនៃព្រឹត្តិការណ៍នយោបាយក្នុងរយៈពេលជាង ២៣ឆ្នាំ ពោលគឺចាប់តាំងពីការទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ពីតំណែងព្រះប្រមុខរដ្ឋកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលបង្កើតរបបសាធារណរដ្ឋខ្មែរ និងមានព្រឹត្តិការណ៍បដិវត្តន៍ ការផ្ដួលរំលំរដ្ឋាភិបាល ក៏ដូចជាការផ្លាស់ប្ដូររបបនយោបាយជាបន្តបន្ទាប់តរៀងមក។ យោងតាមខ្លឹមសារនៅក្នុងរដ្ឋធម្មនុញ្ញនោះបានចែងថា “ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រ ដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស (រដ្ឋធម្មនុញ្ញមាត្រា១ វាក្យខណ្ឌទី១)។

ការរស់ឡើងវិញនៃរបបរាជានិយមនៅកម្ពុជា នាឆ្នាំ១៩៩៣ ត្រូវបានគេចាត់ទុកថា ព្រឹត្តិការណ៍ដ៏វិសេសមួយសម្រាប់កម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ដោយរបបរាជានិយមដែលត្រូវបានគេផ្ដួលរំលំអស់ជាង២ទសវត្សរ៍ និងមានការផ្លាស់ប្ដូររបបនយោបាយជាបន្តបន្ទាប់ដូចជា បដិវត្តន៍ផ្ដួលរំលំរបបនយោបាយ សង្គ្រាមឈ្លានពាន សង្គ្រាមមនោគមវិជ្ជា ក៏ដូចជាសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃជាបន្តបន្ទាប់ អាចវិលត្រឡប់មករកអត្ថិភាពវិញបាន។ ទោះជាយ៉ាងណា ការវិលត្រឡប់មកវិញនៃរបបរាជានិយមនៅក្នុងសង្គមខ្មែរនេះ ពុំមែនជាការចៃដន្យនោះឡើយ ព្រោះសម្ដេចព្រះនរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) នាពេលនោះ គឺជាតួអង្គនយោបាយដ៏សំខាន់ នៅក្នុងការជំរុញឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាមួយនឹងដៃគូចរចាដ៏សំខាន់មួយទៀតគឺ សម្ដេច ហ៊ុន សែន ដែលឥស្សរជនទាំងពីរគឺជាតួអង្គនយោបាយមិនអាចខ្វះបាន នៅក្នុងកិច្ចចរចាស្វែងរកសន្តិភាព ពន្លត់ភ្លើងសង្គ្រាមជាង៣ទសវត្សរ៍នៅកម្ពុជានេះ រហូតដល់ឈានការសម្រេចបាននូវកិច្ចព្រមព្រៀងបញ្ចប់ជម្លោះរវាងខ្មែរនឹងខ្មែរ។ ជំនួបលើកដំបូងរវាង សម្ដេចព្រះនរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) និងសមមិត្ត ហ៊ុន សែន នៅថ្ងៃទី២-៤ ធ្នូ ១៩៨៧ នៅ Fère-en-Tardenois ប្រទេសបារាំង គឺជាការបើកទំព័រប្រវត្តិសាស្ត្រ ដែលឥស្សរជនខ្មែរជួបគ្នា អង្គុយចរចាដើម្បីស្វែងរកដំណោះស្រាយនយោបាយជូនជាតិមាតុភូមិ។ ដោយសារតែតួនាទីដ៏សំខាន់របស់អតីតព្រះមហាក្សត្រ សម្ដេចព្រះនរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) និងឆន្ទៈនយោបាយរបស់ឥស្សរជននយោបាយសំខាន់ៗផ្សេងទៀត ពិសេសសម្ដេច ហ៊ុន សែន ទើបនៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ បានកំណត់យករបបរាជានិយមឱ្យស្គាល់អត្ថិភាពឡើងវិញនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ក្រៅពីតួនាទីសំខាន់របស់សម្ដេចព្រះនរោត្ដម សីហនុ (ព្រះបរមរតនកោដ្ឋ) នៅក្នុងនយោបាយ ប្រជាប្រិយភាពរបស់ព្រះអង្គក្នុងចំណោមប្រជាជនខ្មែរនាពេលនោះ ក៏ជាចំណែកចូលរួមមួយទៀតផងដែរ ដែលគេឆ្លុះបញ្ចាំងបានតាមរយៈការប្រើប្រាស់ប្រជាប្រិយភាពរបស់ព្រះអង្គ ដោយអ្នកនយោបាយខ្លះនៅក្នុងសម័យនោះ ដែលបានបង្កើតសារឃោសនានយោបាយថា “ស្រុកកើតសង្គ្រាមដោយសារតែអត់ស្ដេច ឥឡូវស្ដេចមកវិញហើយ តើរង់ចាំអីទៀត?”។

គួរបញ្ជាក់ផងដែរថា របបរាជានិយមដែលបន្តអត្ថិភាពឡើងវិញនៅកម្ពុជានេះទៀតសោត គឺជាការបន្តគ្រងរាជសម្បត្តិនៃខ្សែរាជវង្សដដែលនៅមុនថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងអតីតព្រះមហាក្សត្រគឺ សម្ដេចព្រះនរោត្ដម សីហនុ ក៏បានយាងមកគ្រងរាជសម្បត្តិជាថ្មីម្ដងទៀតផងដែរ ដោយព្រះអង្គបានយាងគង់នៅជានិមិត្តរូបនៃឯកភាពជាតិ ដែលអ្នកនយោបាយគ្រប់និន្នាការគោរពទ្រង់ជាព្រះមហាក្សត្រ និងចាត់ទុកទ្រង់ជាឥស្សរជនដ៏កំពូលរបស់ប្រទេសជាតិ។ នេះគឺជាលក្ខណៈពិសេសដោយឡែកមួយទៀតនៃរបបរាជានិយមនៅកម្ពុជា។

បន្ថែមពីនេះ របបរាជានិយមនៅកម្ពុជា មានលក្ខណៈខុសប្លែកពីរបបរាជានិយមនៃបណ្ដាប្រទេសនានាដែលត្រូវបានគេធ្វើបដិវត្តន៍ ឬផ្ដួលរំលំបញ្ចប់អត្ថិភាពរាជានិយម ឬរក្សាឱ្យមានព្រះមហាក្សត្រ ប៉ុន្តែពុំមានតួនាទីអ្វីនោះឡើយ។ សម្រាប់ រាជានិយមនៅកម្ពុជានៅក្នុងសម័យរាជាណាចក្រទីពីរ បើទោះបីជាព្រះមហាក្សត្រ ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចក៏ដោយក្ដី ប៉ុន្តែទ្រង់មានព្រះរាជតួនាទីជាព្រះប្រមុខរដ្ឋមួយជីវិត និងពុំអាចមាននរណារំលោភបំពានបានឡើយ (រដ្ឋធម្មនុញ្ញ មាត្រា៧)។ មានន័យថា ក្នុងព្រះរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គទ្រង់មានព្រះរាជតួនាទីដ៏សំខាន់នៅក្នុងឆាកការទូតអន្តរជាតិ ទទួលសារតាំងនៃអគ្គរដ្ឋទូត/រាជទូតនៃប្រទេសជាមិត្ត ធានានូវដំណើរការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់ ព្រមទាំងចេញពីរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ឬបញ្ចប់មុខតំណែងឬគោរមងារផ្សេងៗ តាមសំណើរបស់នាយករដ្ឋមន្ត្រី និងចេញព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ច្បាប់នានាដែលស្ថាប័ននីតិប្បញ្ញត្តិបានអនុម័ត ក្នុងព្រះនាមព្រះអង្គជាព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះទៅទៀត របបរាជានិយមកម្ពុជា មានលក្ខណៈពិសេសមួយទៀតនៅត្រង់ថា គឺជារបបរាជានិយមតាមបែបជ្រើសតាំង ដែលធ្វើឡើងដោយក្រុមប្រឹក្សារាជសម្បត្តិ ដោយព្រះមហាក្សត្រ ទ្រង់ពុំមានព្រះរាជអំណាចចាត់តាំងព្រះរជ្ជទាយាទសម្រាប់គ្រងរាជសម្បត្តិ (រដ្ឋធម្មនុញ្ញ មាត្រា១០) ដូចរបបរាជានិយមនៅតាមបណ្ដាព្រះរាជាណាចក្រនានាលើពិភពលោក ឬរបបរាជានិយតាមបែបប្រពៃណីដូចនៅក្នុងសម័យប្រវត្តិសាស្ត្រនោះឡើយ។ ប្រការនេះ ពិតជាធានាបាននូវការជ្រើសតាំងព្រះរាជវង្សានុវង្ស ដែលប្រកបដោយ លក្ខណៈសម្បត្តិសមស្របពេញលេញដើម្បីគ្រងរាជសម្បត្តិជាព្រះមហាក្សត្រ និងជាព្រះប្រមុខរដ្ឋ ដែលធានាបាននូវការបំពេញព្រះរាជតួនាទីដូចបានរៀបរាប់ខាងលើដោយប្រសិទ្ធភាពខ្ពស់។ សមាសភាពក្រុមប្រឹក្សារាជសម្បត្តិ មានឥស្សរជនកំពូលៗចំនួន ៩អង្គ/នាក់គឺ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី, សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ, អនុប្រធានទី១ និងអនុប្រធានទី២ព្រឹទ្ធសភា, អនុប្រធានទី១ និងអនុប្រធានទី២ រដ្ឋសភា (រដ្ឋធម្មនុញ្ញា មាត្រា១៣ថ្មី)។

នៅក្នុងទិដ្ឋភាពនយោបាយបច្ចុប្បន្ននៅកម្ពុជា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ពិតជាមានលក្ខណៈសមស្របបំផុតឆ្លើយតបនឹងស្ថានភាពសង្គម វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលទំនាក់ទំនងរវាងមហាក្សត្រ និងប្រជានុរាស្ត្រ បានបន្តជាប់ពាក់ព័ន្ធគ្នាយ៉ាងស្អិតល្មួត ជាលក្ខណៈប្រពៃណីតាំងពីសម័យប្រវត្តិសាស្ត្ររហូតដល់សម័យទំនើប បើទោះបីជាស្ថិតនៅក្នុងដំណាក់កាលសម័យអាណានិគមបារាំងក៏ដោយក្ដី ប្រជារាស្ត្រខ្មែរមានភក្តីភាពចំពោះព្រះមហាក្សត្ររបស់ខ្លួន។ លើសពីនេះទៅទៀត នៅក្នុងសម័យរាជាណាចក្រទីពីរ ព្រះមហាក្សត្រខ្មែរនៅតែបន្តព្រះរាជតួនាទីដ៏សំខាន់ ជាតំណាងប្រជាជាតិខ្មែរ ជានិមិត្តរូបនៃការឯកភាពជាតិ និងជាអាជ្ញាកណ្ដាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់ ក្នុងមុខនាទីជាព្រះប្រមុខរដ្ឋដែលបំពេញមុខងារទាំងឡាយរាប់ចាប់តាំងពីការធានានិរន្តរភាពនៃដំណើរការរដ្ឋបាលសាធារណៈ ព្រះរាជកិច្ចការងារការទូត និងព្រះរាជកិច្ចនៅក្នុងវិស័យសង្គមនិងមនុស្សធម៌ជាដើម។

ជារួម រាជានិយមនៅកម្ពុជា គឺជារាជានិយមដែលមានលក្ខណៈពិសេសទាំងនៅក្នុងទិដ្ឋភាពនយោបាយ ប្រវត្តិសាស្ត្រ និងដំណើរវិវត្តនៃសង្គមទាំងមូល ដោយរបបរាជានិយមកម្ពុជាបានបន្តអត្ថិភាពរបស់ខ្លួនស្របទៅនឹងលក្ខខណ្ឌសង្គម ប្រវត្តិសាស្ត្រ និងវប្បធម៌នៃប្រជាជាតិខ្មែរ ហើយការណ៍ដែលព្រះមហាក្សត្របំពេញព្រះរាជតួនាទីនៅក្នុងនាមជាព្រះប្រមុខរដ្ឋ ពិតជាបានចូលរួមចំណែកជំរុញឯកភាពជាតិ ដោយព្រះមហាក្សត្រគឺជាតួអង្គដ៏ស័ក្តិសមបំផុតនៅក្នុងព្រះរាជតួនាទីជាជានិមិត្តរូបឯកភាពជាតិ ជាឥស្សរជនដែលជំរុញស្មារតីរួមជាអត្តសញ្ញាណជាតិ ក៏ដូចជាបំពេញព្រះរាជតួនាទីនៅក្នុងវិស័យការទូតអន្តរជាតិជាដើម៕

(រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ ជាទស្សនៈយល់ឃើញរបស់ស្មេរផ្ទាល់ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ)

2024-10-28 09:55:08   ថ្ងៃចន្ទ, 28 តុលា 2024 ម៉ោង 04:55 PM
បណ្ឌិត យង់ ពៅ៖ វត្ថុសិល្បៈខ្មែរមិនត្រឹមជាវត្ថុសម្រាប់លម្អជាសោភ័ណប៉ុណ្ណោះទេ តែវត្ថុទាំងនោះក៏មានគុណតម្លៃជាអរិយធម៌ផងដែរ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើក សិក្ខាសាលាស្ដីពី វត្ថុសិល្បៈខ្មែរ ភាពអស្ចារ្យ និងហានិភ័យ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានប្រសាសន៍គូសបញ្ជាក់ថា «វត្ថុសិល្បៈខ្មែរមិនត្រឹមជាវត្ថុសម្រាប់លម្អជាសោភ័ណប៉ុណ្ណោះទេ តែវត្ថុទាំងនោះក៏មានគុណតម្លៃជាអារិយធម៌ផងដែរ»។

ជាកិច្ចចាប់ផ្ដើមនៅក្នុងការថ្លែងសុន្ទរកថាបើក ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា សិក្ខាសាលាស្ដីពី «វត្ថុសិល្បៈខ្មែរ៖ ភាពអស្ចារ្យ និងហានិភ័យ» ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយមរតកបេតិកភណ្ឌវប្បធម៌ ដែលទាក់ទងនឹងគុណតម្លៃនៃវត្ថុសិល្បៈខ្មែរ និងបញ្ហាផ្សេងៗដែលបង្កហានិភ័យដល់វត្ថុសិល្បៈទាំងនោះ។ ឯកឧត្ដមបណ្ឌិតបន្ថែមទៀតថា អរិយធម៌ខ្មែរដ៏ល្បីល្បាញ ដែលបង្ហាញឡើងតាមរយៈស្នាដៃសំណង់ស្ថាបត្យកម្មប្រាសាទ ស្ពានបុរាណ ផ្លូវបុរាណ សាលាសំណាក់ មន្ទីរពេទ្យ វត្ថុសិល្បៈនានា ក្នុងនោះមានរូបបដិមាធ្វើពីថ្មនិងលោហៈ គ្រឿងប្រដាប់ធ្វើពីលោហៈ ព្រមទាំងកុលាលភាជន៍ ជាច្រើន បានបន្សល់ទុកជាកេរដំណែលដ៏មានសារៈសំខាន់ និងមានតាំងពីយូរអង្វែងមកហើយ។

ឯកឧត្ដមបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា វត្ថុសិល្បៈខ្មែរមិនត្រឹមជាវត្ថុសម្រាប់លម្អជាសោភ័ណប៉ុណ្ណោះទេ តែវត្ថុទាំងនោះក៏មានគុណតម្លៃជាអរិយធម៌ផងដែរគឺ

១- ជាព្រលឹងរបស់បុព្វបុរសខ្មែរ (ប្រាសាទតែងតែសាងដោយមានតម្កល់បដិមានៅខាងក្នុង។ ប្រសិនបើគ្មានបដិមា ប្រាសាទហាក់គ្មានព្រលឹង មានតែរូបកាយ តែបាត់ព្រលឹង)

២- បច្ចេកទេសនិងបច្ចេកវិទ្យាក្នុងការឆ្លាក់ សូន សិត

៣- ការអប់រំ ការចែករំលែកចំណេះ ជំនាញ បំណិនជីវិត

៤- បង្កប់ភាពអំណត់អត់ធ្មត់ តស៊ូ ព្យាយាម

៥- ទឹកដៃដ៏ប៉ិនប្រសប់ និង សម្រិតសម្រាំង

៦- សេដ្ឋកិច្ច ដែលអាចយកដាក់តាំងក្នុងវិចិត្រសាល ឬ សារមន្ទីរ ជាដើម។

៧- វត្ថុសិល្បៈគឺជាវត្ថុតាងបង្កប់នូវព័ត៌មានខាងនយោបាយ សាសនា ឬ សង្គមអំពីមនុស្សនៅក្នុងសង្គមបុរាណនោះ។

 

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-10-28 08:24:23   ថ្ងៃចន្ទ, 28 តុលា 2024 ម៉ោង 03:24 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញទទួលជួបនិងពិភាក្សាការងារជាមួយប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក YANG Jinwei អនុប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តសានទុង (SASS)។

 

នៅក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់អំពីប្រវត្តិនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា បេសកកម្ម និងសមិទ្ធផលធំៗដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន ពិសេសនៅក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យផ្ទាល់ ព្រមទាំងបានគូសបញ្ជាក់អំពីលទ្ធភាព ដែលភាគីទាំងពីរអាចឈានទៅធ្វើកិច្ចសហប្រតិបត្តិការគ្នានៅក្នុងវិស័យមួយចំនួន ដូចជាសេដ្ឋកិច្ច សង្គម និងវប្បធម៌ជាដើម។

 

ភាគីទាំងពីរបានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការសិក្សាស្រាវជ្រាវនៅក្នុងវិស័យវិទ្យាសាស្ត្រសង្គម ព្រមទាំងពិនិត្យមើលលទ្ធភាពនៅក្នុងការរៀបចំសិក្ខាសាលារួមគ្នា រវាងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់ទាំងពីរ។

 

ជាមួយគ្នានេះ លោក YANG Jinwei តាងនាមឱ្យថ្នាក់ដឹកនាំនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តសានទុង (SASS) ក៏បានអញ្ជើញឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្តសានទុង ពិសេសនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមខេត្តសានទុង (SASS)នៅក្នុងឱកាសសមស្របណាមួយនាពេលខាងមុខផងដែរ៕

 

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-10-28 04:40:15   ថ្ងៃចន្ទ, 28 តុលា 2024 ម៉ោង 11:40 AM
បណ្ឌិត យង់ ពៅ៖ រដ្ឋាភិបាលមានភាពចាំបាច់ការពាររដ្ឋធម្មនុញ្ញ សន្តិភាព និងការអភិវឌ្ឍប្រទេស ដែលត្រូវតែចាត់វិធានការទប់ស្កាត់ការញុះញង់នយោបាយ បង្កអស្ថិរភាពក្នុងសង្គម

មិនខុសពីឆ្នាំមុនៗទេ នៅឆ្នាំ២០២៤នេះ អតីតអ្នកនយោបាយប្រឆាំងនៅតែបន្តឆ្កឹះឆ្កៀល បញ្ហាអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីទទួលបានការគាំទ្រ និងជំរុញឱ្យមានការរិះគន់លើរាជរដ្ឋាភិបាល ក្នុងគោលបំណងបំផុសបំផុលឱ្យមហាជនចងកំហឹង និងមានការភ័ន្តច្រឡំលើរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ ជានិច្ចកាល អតីតអ្នកនយោបាយប្រឆាំងនៅក្រៅស្រុក តែងតែភ្ជាប់ព្រឹត្តិការណ៍និងបញ្ហាជាតិនិយមរសើបនានានៅកម្ពុជា ដើម្បីចោទប្រកាន់ និងដាក់បន្ទុកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងហេតុផលរុញច្រានបញ្ហាឱ្យផ្ទុះទៅជាចរន្តប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ ទង្វើទាំងអស់នេះ ក៏ជាវិញ្ញាសាដើម្បីដាក់សម្ពាធទៅលើរាជរដ្ឋាភិបាលផង ជាការស្ទាបស្ទង់អំពីប្រជាប្រិយភាពរបស់ខ្លួនផង និងជាការស្វែងរកផលចំណេញទាំងលើនយោបាយ និងការកៀងគរថវិកាដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនផង ខណៈដែលអ្នកដើរតាមអ្នកនយោបាយប្រឆាំងរូបនេះ តែងតែរងគ្រោះដោយសារតែការលង់ជឿ និងដើរតាមល្បិចនយោបាយប្រឆាំង។

សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ប្រសិនបើពុំរិះរកវិធីសាស្ត្រ និងចាត់វិធានការឆ្លើយតប ឬបណ្ដោយឱ្យល្បិចនយោបាយនេះចេះតែបន្តដោយគ្មានការទប់ស្កាត់ទាន់ពេលវេលានោះទេ វាក៏អាចនឹងទាញសង្គមជាតិទាំងមូលធ្លាក់ចូលទៅក្នុងរបៀបវារៈដូចដែលក្រុមគេចង់បាន ហើយអាចនឹងនាំប្រទេសជាតិជួបនឹងមហន្តរាយធ្ងន់ធ្ងរផងដែរ។ ទង្វើញុះញង់ប្រកបដោយទុច្ចរឹតនយោបាយ របស់ក្រុមប្រឆាំងនៅក្រៅស្រុកនេះ ពិតជាគ្មានអ្វីការពីការព្យាយាមដុតរោលសង្គមឱ្យវ៉ឹកវរ ជ្រួលច្របល់ គ្មានសណ្ដាប់ ហើយរង់ចាំឱកាសស្រង់យកផលចំណេញនយោបាយនោះឡើយ។

ជាថ្មីម្ដងហើយម្ដងទៀត ក្រុមប្រឆាំងនៅក្រៅស្រុកតែងតែបង្កការរំខានដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិខ្លួន ដោយទាក់ទាញប្រជាពលរដ្ឋ ឱ្យមានសមានចិត្តនឹងខ្លួន ហើយមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ នៅក្នុងពេលចុងក្រោយនេះ ពួកគេបានបន្តយកករណីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសធ្វើជាប្រធានបទវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាពួកគេផ្ទាល់បានដឹងស្រាប់ទៅហើយថា ស្មារតីនិងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពនេះ ត្រូវបានដាក់បញ្ចូលស្ទើរតែទាំងស្រុង ទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣រួចទៅហើយ ហើយរាជរដ្ឋាភិបាលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិទៅហើយក្ដី។ មួយវិញទៀត នៅក្នុងខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះទៀតសោត នៅក្នុងភាគទី១ ដែលបានលើកឡើងអំពី របៀបរៀបចំដំណាក់កាលអន្តរកាល ដែលកិច្ចព្រមព្រៀងបានចែងយ៉ាងច្បាស់នៅត្រង់មាត្រា១អំពី អាជ្ញាធរបណ្ដោះអាសន្នអ.ស.ប. ប្រចាំនៅកម្ពុជា (អ៊ុនតាក់) ក្រុមប្រឹក្សាជាន់ខ្ពស់ជាតិកម្ពុជា (SNC) និងដំណើរការផ្សេងៗនៃកិច្ចព្រមព្រៀងនេះ នឹងត្រូវបានបញ្ចប់នៅពេលដែលរាជរដ្ឋាភិបាលថ្មី ដែលកើតចេញពីការបោះឆ្នោតឆ្នាំ១៩៩៣  ត្រូវបានបង្កើតឡើង។ ហេតុនេះ កិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់សុពលភាពទៅហើយ ហើយអ្វីដែលត្រូវអនុវត្តនាពេលនេះគឺ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលរាជរដ្ឋាភិបាលបានគោរពនិងប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួន ដោយបានធានាឱ្យប្រាកដប្រជានូវរបបរាជានិយមអាស្រ័យធម្មនុញ្ញ ធានាលទ្ធិប្រជាធិបតេយ្យនិងដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោតយ៉ាងទៀងទាត់តាមប្រតិទិន ទោះនៅក្នុងស្ថានភាពនយោបាយ និងប្រធានស័ក្តិធម្មជាតិណាមួយ ក៏កម្ពុជាពុំធ្លាប់បានខកខាន ឬលើកកាលបរិច្ឆេទនៅក្នុងការបោះឆ្នោតនោះដែរ។ បន្ថែមពីនេះ រាជរដ្ឋាភិបាកម្ពុជាថែមទាំងធានបាននូវ សិទ្ធិមនុស្ស សិទ្ធិនយោបាយ សន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។

លើសពីនេះ រាជរដ្ឋាភិបាលបានធានាការពារនូវសិទ្ធិជាមូលដ្ឋានដ៏សំខាន់របស់ប្រជាពលរដ្ឋគឺ សិទ្ធិរស់នរានមានជីវិត តាមរយៈការថែរក្សាឱ្យបាននូវសន្តិភាព បញ្ចៀសស្ថានភាពវឹកវរនៅក្នុងសង្គម និងវិលត្រឡប់មកវិញនៃសង្គ្រាមស៊ីវិល។ ការចោទប្រកាន់ថារាជរដ្ឋាភិបាលកម្ពុជា មិនបានអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមកពីអ្នកនយោបាយប្រឆាំង ពុំបានយល់ដឹងច្បាស់ ឬទាត់ចូលនូវសច្ចភាពប្រវត្តិសាស្ត្រ មិនយល់ពីនីតិវិធីផ្លូវច្បាប់ និងបញ្ហាប្រាកដនិយមពាក់ព័ន្ធទៅនឹងទិដ្ឋភាពនយោបាយ។

ដូច្នេះហើយ ការយកប្រធានបទកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីជំរុញនិងបំផុសបំផុលឱ្យមានការងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈការប្រើប្រាស់សារនយោបាយណាមួយ ដែលឈានទៅការគៀងគរប្រជាជនឱ្យផ្ដួលផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ដោយកម្លាំងមហាជន នោះហើយគឺជាការដុតបញ្ឈេះទៅជាបដិវត្តពណ៌។ ត្រង់ចំណុចនេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ អនុវត្តច្បាប់ ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ ស្ថិរភាព និងសន្តិភាពប្រទេសជាតិ ដែលជាមូលដ្ឋានដ៏សំខាន់នៅក្នុងមាគ៌ាអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃរដ្ឋមួយ។ ប្រសិនបើរាជរដ្ឋាភិបាលមិនអាចអនុវត្តដូចនេះបានទេ នោះមានន័យថារាជរដ្ឋាភិបាលរំលោភលើរដ្ឋធម្មនុញ្ញ មិនការពារនីតិរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋភាគច្រើននៅក្នុងសង្គម ដែលបានបោះឆ្នោតគាំទ្រដល់ខ្លួនឱ្យដឹកនាំប្រទេសជាតិ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-10-26 05:46:42   ថ្ងៃសៅរ៍, 26 តុលា 2024 ម៉ោង 12:46 PM
សារៈសំខាន់នៃការពង្រឹងនីតិរដ្ឋ នៅក្នុងដំណើរការអភិវឌ្ឍសង្គម

ដោយ៖ លឹម សុវណ្ណរិទ្ធ

          នីតិរដ្ឋគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាស្ថិរភាព​នយោបាយ ដើម្បី​សម្រេចបាននូវវឌ្ឍនភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំង​ការ​ការពារ​សិទ្ធិ និង​សេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ នីតិរដ្ឋផ្ដល់មូលដ្ឋានគ្រឹះដល់ការ​ទទួល​បានសេវា​សង្គមផ្សេងៗប្រកបដោយសមភាពនិងសមធម៌សម្រាប់ប្រជាពលរដ្ឋ ទប់​ស្កាត់​អំពើពុករលួយ ទប់ស្កាត់​ការរំលោភ​បំពានអំណាច និងធានាបាននូវយុត្តិធម៌សង្គម។ ការពង្រឹងនីតិរដ្ឋ ពិតជាដើរ​តួនាទី​យ៉ាងសំខាន់នៅក្នុងការជំរុញការអភិវឌ្ឍ​សង្គមប្រកប​ដោយ​ថាមភាព តាមរយៈការ​ធានាបានថាមនុស្សគ្រប់រូបនៅក្នុងសង្គមស្ថិតនៅក្រោម​បន្ទាត់​នៃច្បាប់ ដោយត្រូវមាន​ទំនួលខុសត្រូវនិងគណនេយ្យភាពចំពោះទង្វើរបស់ខ្លួន ពោលគឺ​ច្បាប់ជា​ម៉ែត្រ​វាស់ភាពត្រឹមត្រូវ និងកែតម្រូវទង្វើនិងសកម្មភាព​ខុសឆ្គង​ទាំង​អស់នៅក្នុង​សង្គម។ ការពង្រឹង​នីតិរដ្ឋផ្អែកលើ​ច្បាប់ដែលមានចែងជាធរមាន គួរ​តែ​ត្រូវបានចាត់ទុក​ថា​ជា​លទ្ធ​ផល​នៃ​របៀប​វារៈ​គោលដៅ​អភិវឌ្ឍន៍ប្រកប​ដោយ​ចីរភាព (SDGs)។ នីតិ​រដ្ឋ​អាច​ផ្តល់​នូវការជំរុញដ៏ខ្លាំងក្លា និងយូរអង្វែង​ដល់ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស និងជំរុញកំណើនសេដ្ឋ​កិច្ច-សង្គម។ ការធានាបាននូវនីតិរដ្ឋ ជា​មូលដ្ឋាន​ដ៏ចាំបាច់​ដែលផ្ដល់ឱ្យបុគ្គលគ្រប់រូបទទួល​បាន​សិទ្ធិ លក្ខ​ខណ្ឌអំណោយ​ផល​ផ្សេងៗដែលគាំទ្រដល់ការរស់នៅ និង​អាច​ចូល​រួម ចំណែកបាន​ពេញ​លេញ​នៅ​ក្នុង​ការ​អភិវឌ្ឍសង្គមជាតិ តាមរយៈ​ចំណេះដឹង សមត្ថភាព លទ្ធភាព និង​សក្ដានុពល​ដែល​ខ្លួនមាន ដោយគ្មានការរើសអើង​ដោយ​សារ​តែ​សាវតាជាតិ ឋានៈ ភេទ ពណ៌សម្បុរ និន្នាការ ឬស្ថានភាពសង្គម-សេដ្ឋកិច្ចដទៃផ្សេងទៀត។ នៅក្នុង​សង្គមនីតិរដ្ឋ ពលរដ្ឋទាំង​អស់​មានសិទ្ធិស្មើគ្នាដោយឈរលើមូលដ្ឋានច្បាប់។

          ដើម្បីពង្រឹងនីតិរដ្ឋនៅក្នុងសង្គមជាតិមួយ ទាមទារនូវឆន្ទៈនយោបាយដ៏មោះមុតនិង​ប្រាកដប្រជាពីសំណាក់មេ​ដឹកនាំ ដើម្បីបើកផ្លូវដល់ការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ និងមាន​លក្ខណៈជាទូទៅមិនចំពោះ។ ត្រង់ចំណុចនេះ ពិតជាត្រូវការជាចាំបាច់នូវការលះបង់ដ៏ធំ​ធេងរបស់មេដឹកនាំ ដែលត្រូវកាត់​ផ្ដាច់ការជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍បុគ្គល បក្ខពួក​និយម និងប្រាសចាកឱ្យឆ្ងាយពីការ​សម្រេច​ចិត្តដោយផ្អែកលើមនោ​សញ្ចេតនា ឬសមាន​ចិត្ត​ដែលខ្លួនមានចំពោះបុគ្គលឬក្រុម​ណាមួយនៅក្នុងក្រសួង ស្ថាប័ន ក្នុងជួររដ្ឋាភិបាល ឬនៅ​ក្នុង​សង្គម។

          នៅ​ក្នុងបរិបទ​នៃ​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្របខ័ណ្ឌនៃអនុវត្តច្បាប់ដ៏រឹងមាំ និង​មាន​ប្រសិទ្ធភាព ពិតជា​មាន​សារៈ​សំខាន់ណាស់​សម្រាប់​ការបង្កើតបរិយាកាសសង្គម ដែល​មាន​ស្ថិរ​ភាព និងកសាងបាននូវទំនុកចិត្ត​ដល់ភាគីពាក់ព័ន្ធ ពិសេសវិនិយោគិននិងទេសចរទាំងក្នុង​ស្រុក​និង​ពី​បរទេស ដែល​ជា​កត្តា​អំណោយ​​ផល​ដល់ការជំរុញ​កំណើន​សេដ្ឋកិច្ច វឌ្ឍនភាពសង្គម និង​អភិ​បាល​កិច្ច​តាម​បែបប្រជាធិបតេយ្យ។ ក្របខ័ណ្ឌច្បាប់​ដ៏​រឹង​មាំ និងមានប្រសិទ្ធភាពផ្តល់​នូវមូល​ដ្ឋានគ្រឹះ​សម្រាប់ការជំរុញដំណើរការ​អភិវឌ្ឍសង្គម​ដែល​មាន​ស្ថិរភាព យុត្តិធម៌ និង​សម​ធម៌។

          សារៈសំខាន់ចម្បងដែលទទួលបានពីការអនុវត្តនីតិរដ្ឋគឺ ការធានាបាននូវ​សន្តិ​ភាព សន្តិ​សុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ដោយផ្ដើមឡើងពីការដាក់​ចេញ​នូវ​ក្រប​ខ័ណ្ឌ​គោល​នយោបាយថ្នាក់ជាតិពង្រឹងនិងថែរក្សាឱ្យបាននូវសន្តិភាព សន្តិ​សុខ សុវត្ថិភាព​ និងសណ្ដាប់ធ្នាប់សាធារណៈ។ ដើម្បីសម្រេចបាននូវគោលដៅនៃគោលនយោបាយ​ថ្នាក់​ជាតិ​នេះ ក្របខ័ណ្ឌច្បាប់​និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗត្រូវបានរៀបចំឡើង និងអនុម័ត​​ដោយ​ស្ថាប័ននីតិប្បញ្ញត្តិ ដោយផ្អែកលើការកំណត់ប្រភេទនិងលក្ខណៈនៃទង្វើដែល​អាច​បង្ក​ផលប៉ះពាល់ដល់សុខសន្តិ​ភាព សន្តិ​សុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់​សាធារណៈ​ បញ្ហា​ប្រឈមនិងលទ្ធភាព​ដែល​អាច​ឈានដល់ការកើតឡើងនៃបទល្មើស ការកំណត់អំពី​តួនាទី​និងភារកិច្ចរបស់ភ្នាក់ងារ​អនុវត្តច្បាប់​ដែលត្រូវទប់​ស្កាត់ បង្ការនិងបង្ក្រាបបទល្មើស ការដាក់​ចេញ​នូវវិធានការឆ្លើយ​តប​ជាក់​ស្ដែង​ចំពោះបទល្មើស ការកំណត់អត្តសញ្ញាណនៃអ្នក​ប្រព្រឹត្ត​​ទៅតាមនីតិវិធីច្បាប់ និង​ការ​ធានាបានថាមន្ត្រីមានសមត្ថកិច្ចនឹងអនុវត្ត​ទៅ​តាម​នីតិ​វិធីដោយផ្អែកលើ​ច្បាប់ដែល​ពាក់​ព័ន្ធ។ នៅ​ពេលដែលគេអាចធានាបានថា អ្នកប្រព្រឹត្តបទ​ល្មើស​​នឹងត្រូវបានអនុវត្តវិធានការច្បាប់ និង​ផ្ដន្ទាទោសទៅច្បាប់ដែលមានជាធរមាន វាគឺជា​ការ​​ធានា​បានថា មនុស្សគ្រប់រូបនៅ​ក្នុង​សង្គម ត្រូវមានទំនួលខុសត្រូវចំពោះទង្វើដែល​ខ្លួន​បានប្រព្រឹត្ត ដោយគ្មានការលើកលែងឬរួចខ្លួន​ដោយសារតែហេតុផលណាមួយ នោះបុគ្គល​គ្រប់រូប​នឹង​មាន​ការ​ប្រុងប្រយ័ត្ន ឬចៀសវាងឱ្យ​ខាងតែបាននូវរាល់សកម្មភាពទាំងឡាយណា ដែល​ប៉ះ​ពាល់​ទៅដល់​សន្តិ​ភាព សន្តិ​សុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

          ជាមួយគ្នានេះ ការពង្រឹងនីតីរដ្ឋ ក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ដើម្បីធានាបាន​នូវ​យុត្តិធម៌សង្គម និងការគោរពសិទ្ធិមនុស្ស ដែល​ជា​មូលដ្ឋាននៃ​សុខដុមនីយកម្មនៅក្នុង​សង្គម និងជាគោល​ការណ៍​រួម​ចំណែកយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍ ព្រោះនៅពេលដែល​សង្គម​ជាតិ​​មួយ​ប្រកាន់​យកគោលការណ៍ច្បាប់ជាធំ នោះមនុស្សនៅ​ក្នុងសង្គមនឹងទទួល​បាននូវ​សិទ្ធិ និងឱកាសក្នុងការចូលរួមឬការទទួលបានផលប្រយោជន៍ខាងសេដ្ឋកិច្ច នយោបាយ និងសង្គម ព្រមទាំង​ការ​​ផ្ដល់​សិទ្ធិ​សេរីភាពយ៉ាងទូលំទូលាយស្រប​តាមខ្លឹមសារ​ដែល​ច្បាប់​​បានចែង តួយ៉ាង​ដូច​ជា សិទ្ធិ​រស់​រានមានជីវិត សិទ្ធិមានកម្មសិទ្ធិ សិទ្ធិធ្វើដំណើរដោយសេរី សិទ្ធិទទួល​បាន​ការ​ការ​ពារ​​ពីច្បាប់ សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិនយោបាយ សេរីភាពពី​ការធ្វើ​ទណ្ឌ​កម្ម និងសិទ្ធិលើ​ជំនឿ​សាសនា​ជាដើម។ នៅពេលដែលគេអាចធានាបានថាបុគ្គល​គ្រប់​រូប ទទួលបាននូវសិទ្ធិ​សេរី​ភាព​គ្រប់គ្រាន់នៅក្នុងការរស់នៅដោយស្របច្បាប់នៅក្នុង​សង្គម​ជាតិ​មួយ មានន័យថា ពល​រដ្ឋ​ទាំងអស់អាចរស់នៅដោយចុះសម្រុងនៅក្នុងសង្គម និងប្រកប​ដោយភាពសុខដុមជាមួយ​នឹងបរិយាកាសសង្គម ដែលនេះគឺជាការធានាបានថា គ្មាន​និន្នា​ការងើបឡើងប្រឆាំងនឹង​ការ​គាបសង្កត់ពី​រដ្ឋ​អំណាច ឬ​ការតវ៉ាប្រឆាំងទាមទារយុត្តិធម៌និង​សិទ្ធិ​​ជាទ្រង់​ទ្រាយ​ធំ ដែលអាចបង្កការរាំង​ស្ទះ​ដល់​ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចនិង​សង្គម​នោះ​ឡើយ។

          លើសពីនេះទៅទៀត ការពង្រឹងនីតិរដ្ឋ បានរួមចំណែកយ៉ាងមានប្រសិទ្ធភាព នៅ​ក្នុង​ការលើកកម្ពស់អភិបាលកិច្ចសង្គមផងដែរ ដោយតាមរយៈការប្រកាន់ខ្ជាប់នូវគោល​ការណ៍​​ច្បាប់​ជាធំ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ក៏ដូចជាមន្ត្រីរាជការ ដែលផ្ដល់សេវា​សាធារណៈ​ទាំង​អស់ ក៏សុទ្ធសឹងតែត្រូវមានគណនេយ្យភាព ចំពោះ​តួនាទី​ភារកិច្ចរបស់ខ្លួន​ផងដែរ។ នៅពេលដែលនីតិរដ្ឋត្រូវបានពង្រឹង​ពិតប្រាកដ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន​នៅ​គ្រប់​លំដាប់ថ្នាក់ ត្រូវមានការទទួលខុសត្រូវខ្ពស់​ចំពោះ​ការសម្រេចចិត្តរបស់ខ្លួន នៅក្នុងដំណើរ​ការអនុវត្តមុខងារនៃស្ថាប័នដែលខ្លួន​គ្រប់​គ្រង រាប់ចាប់​តាំងពីការប្រើប្រាស់ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់​ស្ថាប័ន ព្រមទាំងការចាត់តាំងភារកិច្ច ឬតែងតាំង​តួនាទី​មន្ត្រីរាជការជាដើម។ ក្នុងករណី​ដែល​មានភាពមិនប្រក្រតី ឬប្រាសចាកទៅនឹង​នីតិ​វិធី​ច្បាប់ ថ្នាក់ដឹកនាំទាំងនោះនឹងត្រូវ​ប្រឈមនឹងការចាត់វិធានការតាមផ្លូវច្បាប់ ដែល​ការណ៍​នេះ គឺជាការជំរុញឱ្យថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំងនេះ ត្រូវមានស្មារតីដឹកនាំស្ថាប័ន​ប្រកប​ដោយ​តម្លាភាព និងគណនេយ្យភាព​ខ្ពស់ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តិ​ដែលមាន​ជា​ធរមាន។ ក្នុងន័យស្របគ្នានេះ​ដែរ ការពង្រឹងនីតិរដ្ឋ ក៏នឹងរួមចំណែកជំរុញការ​ឱ្យមន្ត្រី​រាជ​ការ​បំពេញតួនាទីភារកិច្ចរបស់​ខ្លួន ប្រកបដោយទំនួលខុសត្រូវស្របតាមលក្ខន្តិកៈមុខងារ គោរពអនុវត្តច្បាប់ដោយគ្មាន​ការលម្អៀង និងចៀសវាងការប្រើប្រាស់តួនាទីភារកិច្ចខ្លួន សម្រាប់​បម្រើឱ្យផល​ប្រយោជន៍​បុគ្គលផងដែរ។ នៅក្នុងន័យនេះដែរ នៅពេលដែលប្រទេស​ជាតិមួយ​អាច​ពង្រឹង​នីតិរដ្ឋនៅក្នុងសង្គមបាន យុទ្ធនាការនៃការប្រឆាំងអំពើពុករលួយ​ដែល​មាន​​ប្រសិទ្ធ​ភាព​គឺ​ជា​ផ្លែផ្កាដ៏​សំខាន់មួយនៃ​ដំណើរការនេះ ដែលនឹងរួមចំណែកលើកកម្ពស់​អភិបាលកិច្ចប្រទេស​ជាតិ​ផង​ដែរ។ នៅពេលដែលនីតិរដ្ឋត្រូវបានពង្រឹងពិតប្រាកដ មន្ត្រី​រាជ​ការ ថ្នាក់ដឹកនាំ​ស្ថាប័នរដ្ឋ និង​មន្ត្រី​ជាន់ខ្ពស់ដែលប្រព្រឹត្តអំពើពុករលួយ បក្ខ​ពួក​និយម និង​កេង​បន្លំ​ថវិកា​ជាតិ នឹងត្រូវបាន​រកឃើញតាមរយៈយន្តការច្បាប់​ដែលលក្ខណៈរឹងមាំ​ជា​ប្រព័ន្ធ ដោយសារ​ការរាយការណ៍​អំពី​អំពើពុក​រលួយពីមជ្ឈដ្ឋានផ្សេងៗ ឬនៅក្នុងចំណោម​មន្ត្រី​រាជការ​និងអ្នក​បំពេញការងារ​ក្រោម​ឱវាទអ្នកទាំងនោះផ្ទាល់ ព្រោះគេជឿជាក់ថា ការ​អនុវត្ត​ច្បាប់​ពិតជា​សុក្រឹត្យ មិន​លម្អៀង និងគ្មានការលើកលែងដោយសារតែហេតុផលណា​មួយ​ឡើយ ហើយអ្នកដែលរាយ​ការណ៍ទៀតសោត ក៏នឹងពុំត្រូវប្រឈមនឹងការគុំគួន ឬសង​សឹក​​ត្រឡប់​វិញ​ដោយសារតែ​ការរាយការណ៍អំពីអំពើពុករលួយនោះដែរ។ នៅពេល​ដែល​ជន​ប្រព្រឹត្ត​អំពើពុករលួយ​ទាំង​នោះ ត្រូវបាននាំយកទៅផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន នោះគេនឹង​អាចធានាបាននូវ​គណនេយ្យភាព តម្លាភាព និងសុចរិតភាពនៃស្ថាប័នរដ្ឋ ពិសេស​គឺការ​ពង្រឹង​អភិបាលកិច្ច​នៅក្នុងក្រសួង ស្ថាប័នរដ្ឋ ក៏ដូចជា​នៅក្នុង​ជួរ​រដ្ឋាភិបាល​ទាំង​មូលផងដែរ។

          ទោះជាយ៉ាងណា ដើម្បីសម្រេចបាននូវការពង្រឹងនូវនីតិរដ្ឋប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព ទាមទារឱ្យមានការពង្រីកការយល់ដឹងជាសាធារណៈ ហើយការពង្រឹង​នីតិ​រដ្ឋនេះទៀត​សោត​ត្រូវអនុវត្តឡើង​ដោយទូទៅ នៅគ្រប់វិស័យ និងដោយស្មើភាព​គ្នា​ចំពោះ​គ្រប់បុគ្គលទាំងអស់នៅក្នុងសង្គម អនុលោមតាមគោល​ការណ៍សិទ្ធិមនុស្ស និងធ្វើ​ឡើង​ដោយភាពប្រាកដប្រជា និងនៅក្នុងជំហានជាក់លាក់មួយ ជាជាងការប្រើប្រាស់​វោហារ​សព្ទ​របស់មេដឹកនាំ ហើយយកធ្វើជានយោបាយប្រជាភិថុតិ ដើម្បីតែ​ទាក់​ទាញ​ប្រជាប្រិយ​ភាព​ពី​ចំណោមមហាជន។ គេត្រូវចងចាំថា នីតិរដ្ឋគឺជាមូលដ្ឋានដ៏សំខាន់​បំផុតនៅក្នុង​ការ​កំណត់​ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃអភិបាលកិច្ចប្រទេសជាតិ៕

2024-10-25 08:55:06   ថ្ងៃសុក្រ, 25 តុលា 2024 ម៉ោង 03:55 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក