ព័ត៌មាន

ហេតុអ្វីបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី តែងតែក្លាយជារឿងដែលអ្នកនយោបាយលើកយកមកធ្វើជាប្រធានបទនយោបាយ?

ដោយ៖ លឹម សុវណ្ណរិទ្ធ

   នៅក្នុងសង្គមជាតិនីមួយៗ អ្នកនយោបាយដែលមាននិន្នាការផ្សេងគ្នា​តែងតែមាន​ការ​ខ្វែង​គំនិតគ្នាទៅលើ​ប្រធានបទនានា ដោយយោងទៅលើផលប្រយោជន៍នយោបាយ យុទ្ធ​សាស្ត្រ​ទាក់ទាញ​ប្រជាប្រិយភាពនិងការគាំទ្រ និងការកំណត់របៀបវារៈនយោបាយ​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​សម្រេចគោល​ដៅរបស់ខ្លួនជាដើម។ ប្រធានបទនយោបាយខ្លះ ដែល​គេ​លើក​យក​មក​​ពិភាក្សា ចោទសួរដេញដោល ឬដាក់បន្ទុកទៅកាន់គូភាគីម្ខាងទៀត អាចជាប់​ពាក់​ព័ន្ធ​​ទៅ​នឹង​​វិស័យនានា បញ្ហាសិទ្ធិមនុស្ស បញ្ហាយុត្តិធម៌សង្គម ឬបញ្ហាអធិបតេយ្យភាពជាតិ អាស្រ័យ​​លើការវិវត្តស្ថានភាពសេដ្ឋកិច្ច សង្គម ឬនយោបាយ។ នៅក្នុងចំណោម​ប្រធាន​បទ​​ទាំង​នោះ បញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី ជានិច្ចកាល តែង​តែ​ក្លាយ​ជា​រឿង​ដែល​គេ​លើក​យកមកធ្វើជាប្រធានបទនយោបាយផងដែរ។

   អធិបតេយ្យភាព សំដៅលើអំណាចខ្ពស់បំផុតនៅក្នុងរដ្ឋដែលមានសិទ្ធិគ្រប់គ្រង កំណត់​និង​ត្រួតពិនិត្យកិច្ចការនានារបស់រដ្ឋ ដោយគ្មានការជ្រៀតជ្រែកពីអ្នកដទៃ។ ចំណែក បូរណភាពទឹកដី សំដៅទៅលើភាពពេញលេញនៃទឹកដី ដែលគ្មានខ្វះខាត ឬបាត់បង់​ចំណែកណាមួយឡើយ។ បញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី គឺជារឿងដែល​អ្នក​នយោបាយខ្មែរតែងតែលើកឡើងធ្វើជាប្រធានបទនយោបាយ ដាក់បន្ទុក ឬចោទ​ប្រកាន់​ទៅ​លើ​ដៃគូម្ខាងទៀត រាប់ចាប់តាំងពីសម័យសង្គម​រាស្ត្រនិយម សម័យសាធារណរដ្ឋខ្មែរ និង​សម័យក្រោយៗមកទៀតផងដែរ។

   ការលើកយកបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី ធ្វើជាប្រធានបទ​នយោបាយ ក៏​ព្រោះ​តែបញ្ហានេះគឺជាប្រធានបទរសើប និងជាបញ្ហារួមរបស់ប្រជាជាតិ ដែល​គេអាច​ដាស់​ស្មារតី និង​ទាក់​ទាញ​ចំណាប់អារម្មណ៍របស់មហាជនគ្រប់រូប ពិសេសបំផុសបំផុលស្មារតី​ជាតិ​និយម ដែល​ជួន​កាល បញ្ហា​នេះត្រូវបានគូភាគីលើក​ឡើង ដើម្បីចោទជាចម្ងល់​ចំពោះ​ឯក​រាជ្យនៃការ​សម្រេច​ចិត្តរបស់មេដឹកនាំ សិទ្ធិអំណាច​របស់​រដ្ឋាភិបាល​នៅក្នុង​ការគ្រប់​គ្រង​ដែន​ដី ឬទាញយកផល​ប្រយោជន៍​ពីធន​ធាន​ដែលមាននៅ​ក្នុង​ដែនដីដែលស្ថិត​ក្រោម​អធិប​តេយ្យភាព​ស្រប​ច្បាប់​របស់​រដ្ឋ​ខ្លួន។ ចំពោះ​ប្រទេស​កម្ពុជា​ផ្ទាល់ បទពិសោធន៍ប្រវត្តិសាស្ត្រ និង​មេរៀនពីអតីតកាលជាមួយនឹងប្រទេសជិតខាង នៅតែ​ដិត​ដាមក្នុង​ការ​គិត​របស់​ប្រជា​ពល​រដ្ឋជាប់ជានិច្ច ដែលជាហេតុធ្វើឱ្យការ​លើកឡើង​ទាំង​ឡាយរបស់អ្នកនយោបាយ ពាក់ព័ន្ធ​នឹង​បញ្ហា​អធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ក្លាយ​ជា​ប្រធានបទដ៏ពេញនិយម ដោយបានទាក់ទាញចំណាប់អារម្មណ៍ និងការ​តាមដាន​ខ្លាំង​បំផុត​ពីសំណាក់មហាជន។

   ទោះជាយ៉ាងណា ប្រទេសជាតិនេះគឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយរាជរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ច​ធានាឱ្យបាន​នូវ​ឯករាជ្យ អធិប​តេយ្យភាព និង​បូរណ​ភាពទឹកដី ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះជាណាចក្រកម្ពុជា និង​ផ្អែក​ទៅលើ​ច្បាប់អន្តរជាតិដែលមានជាធរមាន ពិសេសលិខិតបទដ្ឋាន​គតិ​យុត្តិ​ដែលមាន​តម្លៃ​ជា​អន្តរ​ជាតិ បន្សល់ដោយអាណានិគមបារាំង ពោលគឺរាល់សន្ធិសញ្ញានិងលិខិត​បទ​ដ្ឋាន​កំណត់ព្រំប្រទល់រដ្ឋបាល​ទាំង​ឡាយ ដែល​បារាំង​ចុះ​ហត្ថលេខាពាក់ព័ន្ធនឹងអធិប​តេយ្យកម្ពុជា ក្នុងអំឡុងពេលដែលមហា​អំណាច​ពិភពលោកមួយ​នេះ​បានដាក់​អាណានិគម​មក​លើប្រទេស​កម្ពុជា និង​តំបន់​ឥណ្ឌូ​ចិន-បារាំង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវតែមាន​ការ​បក​ស្រាយ​ដល់ប្រជាពល​រដ្ឋ អំពីបញ្ហាអធិបតេយ្យភាព និង​បូរណ​ភាព​ទឹកដី​ដែល​មិន​អាច​រំលោភ​បាន​របស់​ប្រទេសកម្ពុជា ឆ្លើយតបទៅនឹង​ការ​លើក​ឡើង​ឬការ​ចោទ​ប្រកាន់​ទាំង​ឡាយ​ណាដែលថា រាជរដ្ឋាភិបាល​ពុំ​បាន​ធានាអធិប​តេយ្យ​និងបូរណភាព​ទឹក​ដី​របស់ខ្លួន ព្រោះប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា មិនមានការបក​ស្រាយ​ណាមួយ​​ឱ្យ​បានច្បាស់លាស់នោះទេ ការលើកឡើង​ឬការ​ចោទ​ប្រកាន់​ខាងលើនេះ នឹងក្លាយទៅជា​មូលហេតុដែលប្រជាពលរដ្ឋអាចវាយតម្លៃ ឬដាក់​ការ​សង្ស័យទៅ​តាម​ជ្រុង​នៃការគិតផ្សេងៗគ្នា លើការដឹកនាំរបស់​រាជ​រដ្ឋាភិបាល​នៅក្នុង​ការ​ធានា​បាន​នូវអធិបតេយ្យភាព និង​បូរណភាពទឹកដី ហើយអាចក្លាយទៅជាបញ្ហាប្រឈមដែល​ប៉ះ​ពាល់ដល់​ប្រជាប្រិយភាព និង​ការគាំទ្ររបស់ប្រជា​ពល​រដ្ឋលើរាជរដ្ឋាភិបាល ឬអាចឈានទៅ​ដល់ការបង្កអស្ថិរភាពសង្គមជាតិថែមទៀត​ផង។

   ចំពោះបញ្ហាអធិបតេយ្យ និងបូរណភាពទឹកដី គឺជាកត្តាកំណត់ភាពស្លាប់រស់របស់​រដ្ឋ​មួយ និងក៏ជាកត្តាកំណត់នូវជោគវាសនារបស់មេដឹកនាំនៃប្រទេសមួយផងដែរ។ នៅចំពោះ​មុខបរទេស មេដឹកនាំ​ត្រូវ​តែមានជំហររឹងមាំដាច់ខាត ជាមួយនឹងភាពប្រាកដប្រជា​ចំពោះ​ការធានាឱ្យ​បាននូវ​អធិបតេយ្យភាព​ជាតិ និងការពារឱ្យខាងតែបាននូវបូរណភាពទឹកដី។ សម្រាប់​បញ្ហាផ្ទៃក្នុងប្រទេស មេដឹកនាំត្រូវតែ​គ្រប់​គ្រង​ស្ថានការណ៍ពាក់ព័ន្ធឱ្យ​បានគ្រប់​ជ្រុង​ជ្រោយ ក្ដោប​ក្ដាប់ឱ្យបានមនោសញ្ចេតនាស្នេហា​ជាតិរបស់ប្រជាពលរដ្ឋ ព្រម​ទាំងត្រូវ​ចាប់​យក​ឱកាស​បង្វែរនិន្នាការនៃការព្រួយបារម្ភ ទៅជាការផ្ដល់ជំនឿទុកចិត្ត និង​ការ​គាំទ្រ​យ៉ាង​ពេញ​លេញ តាម​រយៈការអនុវត្តសកម្មភាពប្រកបដោយភាពប្រាកដនិយម និងបង្ហាញ​ឱ្យ​ឃើញ​នូវ​សមិទ្ធ​ផល​ជាក់​ស្ដែងរបស់ខ្លួន។

   គេត្រូវតែចងចាំថា រាល់គុណសម្បត្តិ និងភាពចន្លោះប្រហោងរបស់មេដឹកនាំនិង​អ្នក​នយោបាយ ពិសេសនៅក្នុងការសម្រេចចិត្ត ក៏ដូចជាទង្វើជាក់ស្ដែងទាំងឡាយដែល​ពាក់​ព័ន្ធ​ទៅនឹងបញ្ហាអធិប​តេយ្យ​ភាព បូរណភាពទឹកដី និងផលប្រយោជន៍របស់ជាតិ នឹង​ត្រូវ​កត់​ត្រា​ទុក​នៅក្នុងឯកសារប្រវត្តិ​សាស្ត្រ ដែលម​នុស្សគ្រប់ជំនាន់នឹងចងចាំ និងយល់ដឹង​អំពី​ការណ៍​​ពិត ដែលពួកគេនឹងមានការគោរព រឭកដឹងគុណ និងមានមោទកភាពចំពោះ​អ្នក​ជំនាន់​មុន ដែល​ធានាបាននូវអធិបតេយ្យជាតិ បូរណភាពទឹកដី និងផលប្រយោជន៍​របស់​ជាតិ និង​ថ្កោល​ទោសចំពោះអ្នកដែលពុំបានចូលរួមចំណែកថែរក្សាការពារអធិបតេយ្យជាតិ និង​បូរណ​ភាពទឹកដីរបស់ខ្លួន៕

2024-11-12 10:31:21   ថ្ងៃអង្គារ, 12 វិច្ឆិកា 2024 ម៉ោង 05:31 PM
របបកម្ពុជាប្រជាធិបតេយ្យ៖ ការដឹកនាំសង្គមដែលយកបញ្ញវន្តជាសត្រូវ ធ្វើឱ្យរបបនេះទន់ខ្សោយនិងដួលរលំយ៉ាងឆាប់រហ័ស

ដោយ៖ បណ្ឌិត យង់ ពៅ

នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពីការ «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» ដែលរៀបចំឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា មានការលើកឡើងជាសំណួរដោយអ្នកចូលរួមអំពី សារៈសំខាន់នៃការអភិវឌ្ឍនៃការអភិវឌ្ឍសង្គមជាតិត្រូវការអ្នកមានចំណេះដឹងច្រើន ប៉ុន្តែនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ មានអ្នកចេះដឹងនៅក្នុងនោះដែរ បែរជាដឹកនាំកម្ពុជាឆ្ពោះទៅរកអន្តរាយទៅវិញ។ ការលើកឡើងអំពីចម្ងល់នេះ គេហាក់ដូចជាមិនបានសិក្សាឱ្យបានជាក់ច្បាស់អំពីស្ថានភាពនៃការដឹកនាំនៃរបបនោះឡើយ។

មេដឹកនាំកំពូលនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលជាអ្នកមានសិទ្ធិអំណាចសម្រេចចិត្តគឺ ប៉ុល ពត គឺជាមនុស្សដែលពុំបានទទួលការសិក្សាទូលំទូលាយនោះឡើយ ពោល ប៉ុល ពត បានចូលរៀនត្រឹមតែកម្រិតកម្មករជំនាញតែប៉ុណ្ណោះ។ នៅក្នុងបទសម្ភាសន៍ ជាមួយនឹងអ្នកសារព័ត៌មានជនជាតិអាម៉េរិកឈ្មោះ Nate Thayer ដែលជាអ្នកបានសម្ភាសន៍ ប៉ុល ពត ផ្ទាល់តែម្នាក់គត់ មុន ប៉ុល ពត ស្លាប់ ប៉ុល ពត បានសារភាពថាខ្លួនមិនបានរៀនចេះដឹងអ្វីនោះទេ ដោយ ប៉ុល ពត រៀននៅប្រទេសបារាំង គ្មានលុយកាក់អ្វីនោះឡើយ ហើយមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យរូបនេះ នឹកស្រមៃឃើញតែវណ្ណៈអធននៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ។ ប៉ុល ពត បានមើលតែសៀវភៅក្រហម ជាសៀវភៅកុម្មុយនីស្តតែមួយគត់ដែល ប៉ុល ពត បានអាន នៅស្ទឹងសែន ទីក្រុងប៉ារីស ប្រទេសបារាំង។

ជាសក្ខីភាពផ្ទាល់ដែលបញ្ជាក់ថា របបប្រល័យមនុស្សជាតិនេះ បានចាត់ទុកបញ្ញវន្តជាសត្រូវនោះគឺ ក្រោយការឡើងកាន់អំណាច ប៉ុល ពត បានធ្វើការអំពាវនាវឱ្យបញ្ញវន្តខ្មែរ ដែលនៅបរទេសទាំងអស់ ចូលមកកម្ពុជាដើម្បីកសាងប្រទេសជាតិជាមួយនឹងខ្លួន ប៉ុន្តែផ្ទុយទៅវិញ មេដឹកនាំដ៏ឃោរឃៅរូបនេះ បានយកបញ្ញវន្តដែលវិលត្រឡប់ទៅមាតុភូមិកំណើត ដើម្បីចូលរួមកសាងប្រទេសជាតិឡើងវិញនោះ ទៅសម្លាប់ចោលទាំងអស់ ដែលនេះបានបញ្ជាក់អំពីកំហឹងនិងការគុំគួនវណ្ណៈរបស់ ប៉ុល ពត ចំពោះបញ្ញវន្តនិងអ្នកមានចំណេះដឹងជាទូទៅ។

បន្ថែមពីនេះ របបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ ប៉ុល ពត ថែមទាំងបានចាត់ទុកជនទាំងឡាយណាដែលឃើញមានពាក់វែនតា ឬត្រូវបានស៊ើបដឹងថាជាគ្រួសារ សាច់ញាតិរបស់កងទ័ព នគរបាល គ្រូបង្រៀន និងមន្ត្រីរដ្ឋការសម័យមុន ត្រូវបានកម្លាំងនៃរបបនេះនាំយកទៅសម្លាប់ចោលទាំងអស់ ដោយពួកគេបានអះអាងថា ជីកស្មៅ ត្រូវជីកទាំងឫស ចៀសវាងបន្សល់ដានទៅដល់ថ្ងៃក្រោយ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា មេដឹកនាំនៃរបបនេះ បានសម្លាប់អ្នកប្រាជ្ញ បញ្ញវន្តខ្មែរដែលស្ថិតនៅក្នុងប្រទេសចោលស្ទើតែទាំងអស់ ឱ្យតែខ្លួនរកឃើញថាជាមនុស្សមានចំណេះដឹង។ ត្រង់នេះ ប៉ុល ពត ហាក់មានការព្រួយបារម្ភចំពោះអ្នកចេះដឹង ដែលអាចនឹងងើបឡើងលេចធ្លោជាងខ្លួនទាំងនៅក្នុងជួរអ្នកដឹកនាំឬកម្មាភិបាលកណ្ដាល ក៏ដូចជាលទ្ធភាពនៃការជំរុញចរន្តប្រឆាំងនឹងខ្លួនពីមូលដ្ឋាននានានៅតាមតំបន់និងភូមិភាគ។

ការដឹកនាំប្រទេសដោយយកការកាប់សម្លាប់ជាតិសាសន៍ឯង ពិសេសផ្ដោតទៅលើការកាប់សម្លាប់អ្នកចេះដឹងដែលនៅសេសសល់ពីសង្គ្រាម គឺជានយោបាយដឹកនាំជាតិដ៏ល្ងង់ខ្លៅមួយ ដែលក្រុមជនកុម្មយនីស្តខ្មែរទាំងនេះ ពិសេស ប៉ុល ពត បានសាងនូវវិនាសកម្មដ៏ធ្ងន់ធ្ងរសម្រាប់ជាតិមាតុភូមិ។ ជាលទ្ធផល ប្រទេសកម្ពុជា​នៅក្រោមការដឹកនាំរបស់ ប៉ុល ពត បានឈានទៅរកភាពទន់ខ្សោយជាទីបំផុត ទាំងក្នុងដំណើរការអភិវឌ្ឍប្រទេស ក៏ដូចជាការកសាងកម្លាំងដើម្បីការពារជាតិ ក៏ព្រោះតែភាពសង្ស័យ និងការភ័យខ្លាចចំពោះអ្នកមានចំណេះដឹង មិនអាចប្រមូលយកអ្នកមានចំណេះដឹងឱ្យចូលរួមជំរុញការអភិវឌ្ឍជាតិ និងពង្រឹងការដឹកនាំរដ្ឋរបស់ខ្លួន។

ជារួម សង្គមជាតិដែលដឹកនាំដោយសម្បូរធនធានមនុស្ស និងមានការចូលរួមពីបញ្ញវន្ត និងអ្នកមានចំណេះដឹងនៅក្នុងវិស័យឬជំនាញផ្សេងៗគ្នា នឹងឈានឆ្ពោះទៅកាន់ការរីកចម្រើន បើទោះបីជាមានការយល់ឃើញខុសៗគ្នាទៅតាមជ្រុងផ្សេងៗក្ដី ក៏តាមរយៈរបកគំហើញនៃបញ្ញវន្ត និងអ្នកប្រាជ្ញនានា សង្គមជាតិនោះនឹងមានវឌ្ឍនភាពជឿនលឿនឆ្ពោះទៅមុខជានិច្ច៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-11-12 04:14:47   ថ្ងៃអង្គារ, 12 វិច្ឆិកា 2024 ម៉ោង 11:14 AM
បណ្ឌិត យង់ ពៅ៖ វិទ្យាសាស្ត្រនយោបាយ គឺជាវិទ្យាសាស្ត្រដឹកនាំមនុស្ស

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «វិទ្យាសាស្ត្រនយោបាយ គឺជាវិទ្យាសាស្ត្រដឹកនាំមនុស្ស ព្រោះគ្រប់ការសម្រេចចិត្តទាំងអស់សុទ្ធសឹងតែពាក់ព័ន្ធនឹងនយោបាយ ហើយគ្មានវិទ្យាសាស្ត្រណាមួយដែលគេចផុតពីនយោបាយនោះទេ» នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ ឆ្លើយតបទៅនឹងសំណួរដែលលើកឡើងដោយអ្នកចូលរួម ក្នុងឱកាសលោកបណ្ឌិត ចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា»។

លោកបណ្ឌិត យង់ ពៅ បានថ្លែងគូសបញ្ជាក់អំពីទ្រឹស្ដី ដែលលើកឡើងដោយអ្នកប្រាជ្ញ អារីស្តូត ដែលលើកឡើងថា «វិទ្យាសាស្ត្រនយោបាយ គឺជាមុខវិជ្ជាចម្បងនៃមុខវិជ្ជាវិទ្យាសាស្ត្រ (Political Science is the master of science)» ដែលមានន័យថា មុខជំនាញវិទ្យាសាស្ត្រនយោបាយ គឺជាមុខជំនាញសម្រាប់ធ្វើសេចក្ដីសម្រេចចិត្តតាមរយៈការទទួលបានព័ត៌មានពីគ្រប់ជ្រុងជ្រោយ ដែលអ្នកសិក្សាជំនាញវិទ្យាសាស្ត្រនយោបាយ មានសិក្សាមុខជំនាញផ្សេងៗជាច្រើន ជាហេតុនាំឱ្យអ្នកសម្រេចចិត្តដែលមានមូលដ្ឋានវិទ្យាសាស្ត្រនយោបាយ អាចធ្វើសេចក្ដីសម្រេចបានគ្រប់ជ្រុងជ្រោយ និងត្រូវស្ថានការណ៍។ លោកបណ្ឌិតអះអាងថា ទ្រឹស្ដីដែលលើកឡើងដោយអារីស្តូតនេះ មានរយៈពេលជាង២ពាន់ឆ្នាំមកហើយ ហើយនៅតែមានភាពត្រឹមត្រូវ ព្រោះការសម្រេចចិត្តធំៗលើវិស័យ និងជំនាញផ្សេងៗ សុទ្ធសឹងជាការសម្រេចចិត្តបែបនយោបាយ។

ជាការពិតណាស់ មនុស្សម្នាក់សុទ្ធសឹងតែមានការគិតខុសៗគ្នា មានសម្បជញ្ញៈផ្សេងៗគ្នា។ ហេតុនេះហើយ ដើម្បីដឹកនាំមនុស្សបាន គេត្រូវមានមូលដ្ឋានពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យការសម្រេចចិត្តអាចធ្វើឡើងប្រកបដោយភាពបត់បែន មានការថ្លឹងថ្លែងពិចារណាបានហ្មត់ចត់។ កន្លងមក មានការលើកឡើងថា "នយោបាយគឺជានយោបោក" ត្រូវបានលោកបណ្ឌិត យង់ ពៅ ពន្យល់ថា ការមិនបានដឹងអំពីអ្វីដែលជាវិទ្យាសាស្ត្រនយោបាយ ទើបមហាជនមួយចំនួន ត្រូវបានគេបោកប្រាស់ ជាហេតុនាំឱ្យមាននិន្នាការយល់ឃើញមួយជ្រុងអំពីនយោបាយថា គឺជាការបោកប្រាស់សុទ្ធសឹង ប៉ុន្តែនិយមន័យពិតប្រាកដនៃពាក្យវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីដំណើរការនៃការកៀងគរការគាំទ្រ ដើម្បីឈានទៅដល់អំណាចសម្រេចចិត្តនៅក្នុងការគ្រប់គ្រងរដ្ឋឬបុរីមួយ។

បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ បានអះអាងថា ពលរដ្ឋនិងយុវជន ពុំគួរព្រួយបារម្ភ ឬភ័យខ្លាចនឹងការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយនោះទេ ព្រោះការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយបានកាន់តែទូលំទូលាយ គឺជាការចូលរួមចំណែកជំរុញដំណើរការនយោបាយនៅកម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត។ លោកបណ្ឌិត បានមានប្រសាសន៍ចាត់ទុកថា «នយោបាយគឺជាឆ្នាំងបាយ» ព្រោះនៅក្នុងជីវិតប្រចាំថ្ងៃជាក់ស្ដែង គ្មានវិស័យណាមួយ ឬដំណើរការផ្នែកណាមួយនៃសង្គមដែលពុំជាប់ពាក់ព័ន្ធនឹងនយោបាយនោះឡើយ។ លោកបណ្ឌិតបន្តថា ការសិក្សាវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាដែលផ្ដោតទៅលើរបៀបរបបនៃការដឹកនាំ និងគ្រប់គ្រងរដ្ឋ ដែលអ្នកសិក្សាអាចស្វែងយល់អំពីទ្រឹស្ដីនៃការគ្រប់គ្រងរដ្ឋ ការស្វែងយល់អំពីស្ថានភាពទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ក៏ដូចជាតួអង្គមិនមែនរដ្ឋ ព្រមទាំងទទួលបាននូវពុទ្ធិផ្សេងៗទៀត ពាក់ព័ន្ធទៅប្រវត្តិសាស្ត្រ សេដ្ឋកិច្ច សង្គមវិជ្ជា ទស្សនវិជ្ជា និងវិទ្យាសាស្ត្រសង្គមដទៃទៀតដែលទាក់ទងទៅនឹងដំណើរអភិវឌ្ឍប្រទេសជាតិ។

ជាចុងក្រោយ លោកបណ្ឌិតក៏បានជំរុញលើកទឹកចិត្តឱ្យយុវជនដែលមានបំណងបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ត្រូវព្យាយាមស្វែងយល់អំពីទេពកោសល្យនិងឧបនិស្ស័យដែលខ្លួនមាន ព្រមទាំងដាក់គោលដៅ និងផែនទីគំនិតរបស់ខ្លួនឆ្ពោះទៅសម្រេចចិត្តគោលដៅជីវិត និងការប្រកបមុខរបរឬអាជីពការងារផ្សេងៗ ដើម្បីសម្រេចបាននូវភាពជោគជ័យនិងអត្ថន័យនៃជីវិត។

RAC Media | លឹម សុវណ្ណរិទ្ធ

2024-11-11 10:29:47   ថ្ងៃចន្ទ, 11 វិច្ឆិកា 2024 ម៉ោង 05:29 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ ជ្រើសរើសមុខជំនាញតាមទេពកោសល្យ ទើបមនុស្សអាចបញ្ចេញសក្ដានុពលរបស់ខ្លួន និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនបាន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងគូសបញ្ជាក់ទៅដល់សិស្សានុសិស្ស និងយុវជនដែលបានចូលរួមថា «ការជ្រើសរើសមុខជំនាញតាមទេពកោសល្យ គឺជាការជ្រើសរើស ដែលមនុស្សអាចបញ្ចេញសក្ដានុពលរបស់ខ្លួន និងធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនបាន»។

ពាក់ព័ន្ធនឹងការជ្រើសរើសមុខជំនាញសិក្សាបន្តនៅថ្នាក់ឧត្ដមសិក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់អំពីឥរិយាបថមួយចំនួនដែលសិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងត្រៀមចូលរៀនបន្តនៅមហាវិទ្យាល័យនានាថា សិស្សានុសិស្សខ្លះ បានជ្រើសរើសមុខជំនាញតាមទីផ្សារ ខ្លះជ្រើសរើសតាមឪពុកម្ដាយ អាណាព្យាបាល ឬមិត្តភ័ក្តិ និងខ្លះទៀតជ្រើសរើសដើម្បីបន្តវេនមុខរបរឬអាជីពការងារជាដើម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា និន្នាការនៃការជ្រើសរើសមុខជំនាញទាំងអស់នេះ អាចបណ្ដាលមកពីយុវជនបារម្ភខ្លាចគ្មានការងារធ្វើបន្ទាប់ពីបញ្ចប់ការសិក្សា ឬសម្រេចចិត្តដោយសារតែមនោសញ្ចេតនាបុគ្គល ក៏ដូចជាការបង្ខិតបង្ខំឬដាក់សម្ពាធផ្សេងៗ ដែលប្រការទាំងអស់អាចនឹងប៉ះពាល់ទៅដល់ការសិក្សារៀនសូត្រ និងការបំពេញការងារមិនបានប្រសើរឬអស់លទ្ធភាពនោះឡើយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ប្រសិនបើយុវជនជ្រើសរើសមុខជំនាញតាមទីផ្សារ អាចនឹងត្រូវខកចិត្តឬមិនសមនឹងអ្វីដែលខ្លួនចង់បាននៅពេលដែលរៀនចប់ ក៏ព្រោះតែតម្រូវការទីផ្សារមានការប្រែប្រួលជានិច្ច។ ចំណែកឯការជ្រើសរើសមុខជំនាញតាមឪពុកម្ដាយ អាណាព្យាបាល ឬមិត្តភ័ក្តិ អាចបណ្ដាលមកពីមនោសញ្ចេតនា ប៉ុន្តែនៅពេលដែលសម្រេចជ្រើសរើសដោយមិនបានពិនិត្យសមត្ថភាពនិងលទ្ធភាពរបស់ខ្លួន អាចធ្វើឱ្យមានការបោះបង់ការសិក្សានៅពាក់កណ្ដាលផ្លូវ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា សម្រាប់ការជ្រើសរើសជំនាញដើម្បីបន្តវេនក៏អាចនឹងទទួលបានជោគជ័យ តាមរយៈការជ្រោមជ្រែងរបស់គ្រួសារ ប៉ុន្តែគេនឹងមិនអាចបញ្ចេញសមត្ថភាព ក៏ដូចជាប្រើប្រាស់សក្ដានុពលដែលខ្លួនមាន ដើម្បីឈានទៅរកជោគជ័យពេញលេញនោះទេ ហើយនៅក្នុងករណីខ្លះ ក៏អាចនឹងបរាជ័យផងដែរ ព្រោះការសម្រេចចិត្តមិនស្ថិតនៅលើខ្លួនឯង។

ជាអនុសាសន៍ដើម្បីឱ្យយុវជនអាចជ្រើសរើសមុខជំនាញបានត្រឹមត្រូវ និងបញ្ចេញសក្ដានុពលរបស់ខ្លួនបានពេញលេញនោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានជំរុញឱ្យយុវជនត្រូវក្លាហាន មានការសម្រេចចិត្តផ្ទាល់ខ្លួន និងម្ចាស់ការនៅក្នុងការសម្រេចចិត្តជ្រើសរើសមុខជំនាញ ដើម្បីមានជំហររឹងមាំនៅក្នុងជីវិតនៅពេលអនាគត។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមថា យុវជនត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន មិនមែនរត់ទៅរកគេឬរត់ទៅរកទីផ្សារនោះទេ ប៉ុន្តែនៅពេលដែលយើងមានសមត្ថភាព នោះការងារនឹងរត់មករកខ្លួន។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ យុវជនត្រូវជ្រើសរើសមុខជំនាញដោយផ្អែកលើទេពកោសល្យដែលខ្លួនមាន និងស្របទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន ទើបពួកគេអាចរៀនឆាប់ចាប់បាន និងប្រើប្រាស់សក្ដានុពលដែលខ្លួនមាន ដើម្បីឈានទៅសម្រេចបានលទ្ធផលកាន់តែប្រសើរទាំងនៅក្នុងការសិក្សា និងការបំពេញការងារ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមទៀតថា យុវជនត្រូវតែសម្រេចចិត្តជ្រើសរើសមុខជំនាញ ដោយផ្ដោតជាចម្បងទៅលើទេពកោសល្យ បន្ទាប់មកគឺផ្អែកលើចំណង់ចំណូលចិត្តនិងការស្រលាញ់ និងចុងក្រោយទើបពិនិត្យមើលទៅលើទីផ្សារ។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានស្នើឱ្យឪពុកម្ដាយនិងអាណាព្យាបាល គាំទ្រនិងយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្ររបស់កូនៗ និងអ្នកក្រោមអាណាព្យាបាលរបស់ខ្លួន និងលើកទឹកចិត្តដល់ពួកគេឱ្យជ្រើសរើសទៅតាមអ្វីដែលខ្លួនស្រលាញ់ពេញចិត្ត និងមានទេពកោសល្យពិតប្រាកដ ជាជាងការបង្ខិតបង្ខំឬដាក់សម្ពាធឱ្យពួកគេជ្រើសរើសតាមអ្វីដែលខ្លួនចង់បាន៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ

2024-11-11 07:21:01   ថ្ងៃចន្ទ, 11 វិច្ឆិកា 2024 ម៉ោង 02:21 PM
បណ្ឌិត យង់ ពៅ៖ នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ទិដ្ឋភាព និងព្យាយាមស្វែងយល់ពីឥរិយាបថរបស់មហាអំណាច

          ក្រោយការប្រកាសលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបង្ហាញថា លោក ដូណាល់ ត្រាំ បានជាប់ឆ្នោតជាថ្មីក្លាយជាប្រធានាធិបតីសហរដ្ឋអាម៉េរិក ថ្នាក់ដឹកនាំកម្ពុជាបានប្រកាសត្រៀមខ្លួនធ្វើការងារជាមួយនឹងរដ្ឋាភិបាលសហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់ប្រធានាធិបតីថ្មីរូបនេះ។

          បើគេពិនិត្យលើស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា និតីកាលទី៧ ដែលបានកំណត់គោលនយោបាយការបរទេស ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តថ្មី ដោយផ្អែកលើមូលដ្ឋានច្បាប់ជាតិនិងអន្តរជាតិ និងការថែរក្សាទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលពុំមានប្រធានបទធ្វើឱ្យទំនាក់ទំនងនេះល្អក់កករ ដោយទំហំពាណិជ្ជកម្ម ពិសេសការបញ្ជាទិញពីសហរដ្ឋអាម៉េរិកនៅតែរក្សាបានក្នុងកម្រិតល្អប្រសើរមួយ។ ទំនាក់ទំនងពាណិជ្ជកម្មនេះ គឺជាផ្នែកមួយ ដែលបង្ហាញអំពីការចូលរួមចំណែករបស់សហរដ្ឋអាម៉េរិកនៅក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា ហើយនៅក្នុងអាណត្តិកន្លងទៅរបស់លោក ដូណាល់ ត្រាំ ទំនាក់ទំនងប្រទេសទាំងពីរ ក៏ពុំមានសញ្ញាណណាមួយដែលឈានទៅដល់ការធ្លាក់ចុះនៃកម្រិតទំនាក់ទំនងផងដែរ។ ដូច្នេះ នៅក្នុងរដ្ឋបាលដឹកនាំថ្មី របស់ប្រធានាធិបតីសហរដ្ឋអាម៉េរិកទី៤៧នេះ ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ក៏ទំនងជានឹងបន្តប្រក្រតីភាពនិងអាចមានលទ្ធភាពប្រសើរឡើងជាងមុនផង​ដែរ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការនៅលើមូលដ្ឋានដែលមានស្រាប់ ព្រោះលោក ដូណាល់ ត្រាំ ក៏នឹងនៅតែបន្តរក្សាគោលជំហរគាំពារនិយមរបស់ខ្លួន។ តាមរយៈនេះ លោក ដូណាល់ ត្រាំ នឹងកែសម្រួលតួនាទីនយោបាយការបរទេសសហរដ្ឋអាម៉េរិកនៅលើពិភពលោក ដោយងាកទៅពង្រឹងនយោបាយ​ក្នុងស្រុក និងគិតគូរទៅលើសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកជាចម្បង ជាជាងការពង្រីកលទ្ធភាពធ្វើសង្គ្រាមនៅឯក្រៅប្រទេសច្រើនដូចរដ្ឋបាលមុន។

          សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងព្យាយាមបញ្ចប់បញ្ហានៅខាងក្រៅដូចជា សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនជាដើម ហើយងាកទៅពង្រឹងកិច្ចការខាងក្នុងវិញ។ ហេតុនេះ សម្រាប់ប្រទេសកម្ពុជា មិនមែនជាប្រធានបទដែលជះឥទ្ធិពលធំធេងទៅដល់សណ្ដាប់ធ្នាប់ពិភពលោក ទំនងជាងនឹងមិនមានការប្រែប្រួលធំធេងនោះទេ ហើយកម្ពុជាអាចព្យាយាមជំរុញទំនាក់ទំនងល្អប្រសើរបន្ថែមទៅទៀតផងដែរ។

          ទោះជាយ៉ាងណា សម្រាប់ប្រទេសកម្ពុជា នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច កម្ពុជាត្រូវត្រៀមខ្លួនឱ្យបានរួចរាល់គ្រប់ទិដ្ឋភាព និងព្យាយាមស្វែងយល់ពីឥរិយាបថរបស់មហាអំណាច មិនមែនតែជាមួយសហរដ្ឋអាម៉េរិកតែមួយនោះទេ។ កម្ពុជាត្រូវតែប្រើប្រាស់នយោបាយការបរទេសផ្កាចម្រុះពណ៌ ដែលមានន័យថា កម្ពុជាត្រូវតែមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់មហាអំណាចទាំង​អស់តាមរយៈការស្វែងយល់អំពីឥរិយាបថរបស់មេដឹកនាំ គោលនយោបាយការបរទេសរបស់មហាអំណាច ព្រោះនៅក្នុងអតីតកាលនិងបច្ចុប្បន្ន គ្រប់មហាអំណាចទាំងអស់ សុទ្ធសឹងតែមានឥទ្ធិពល ទោះជាដោយផ្ទាល់ឬប្រយោលក៏ដោយក្ដី លើស្ថានភាពតំបន់ និងប្រទេសកម្ពុជា។

          សម្រាប់សហរដ្ឋអាម៉េរិកក្រោយការផ្លាស់ប្ដូរមេដឹកនាំ កម្ពុជាត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់នៅក្នុងការធ្វើការជាមួយប្រធានាធិបតីជាប់ឆ្នោត ដើម្បីជំរុញទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងព្រមគ្នាជាមួយនឹងទំនាក់ទំនងល្អជាមួយនឹងមហាអំណាចផ្សេងៗទៀត។ បច្ចុប្បន្ន មិនមែនជាយុគសម័យសង្គ្រាមត្រជាក់ ដែលត្រូវបង្ខំចិត្តជ្រើសរើសយកមហាអំណាចណាមួយ ហើយចោលមហាអំណាចម្ខាងទៀតនោះទេ។ មេដឹកនាំកម្ពុជាត្រូវពិនិត្យមើលលើការចង់បានរបស់មហាអំណាចចំពោះកម្ពុជា ហើយត្រូវសិក្សាទៅលើសារនយោបាយ ដែលបេក្ខភាពប្រធានាធិបតីបានយកមកឃោសនានៅក្នុងយុទ្ធនាការបោះឆ្នោតនាពេលកន្លងមកនេះ។ អ្នកតាក់តែងគោលនយោបាយការបរទេស ត្រូវពិនិត្យពិចារណាឱ្យបានហ្មត់ចត់ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយចំពោះលទ្ធភាពដែលមហាអំណាចអាចផ្លាស់ប្ដូរជំហរនយោបាយការបរទេស ឬក៏ការសម្រេចចិត្តផ្សេងៗទៅលើបញ្ហាក្នុងតំបន់និងពិភពលោក ដែលមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍របស់​ប្រទេសកម្ពុជា។

          នៅក្នុងទំនាក់ទំនងជាមួយនឹងមហាអំណាច កម្ពុជាច្រើនតែទទួលបានផលប្រយោជន៍នៅក្នុងទិដ្ឋ​ភាពផ្សេងៗគ្នាអាស្រ័យលើកម្រិតនៃទំនាក់ទំនង ភាពអនុគ្រោះ ឬឧត្ដមភាពរបស់កម្ពុជាផ្ទាល់។ ទោះជាយ៉ាងណា សម្រាប់មហាអំណាចសហរដ្ឋអាម៉េរិក កម្ពុជាទទួលបាននូវផលប្រយោជន៍នៅក្នុងការដោះដូរពាណិជ្ជកម្ម ដែលសហរដ្ឋអាម៉េរិកគឺជាទីផ្សារសំខាន់មួយសម្រាប់ការនាំចេញផលិតផលកម្ពុជា ដែលសុទ្ធសឹងជាផលិតផលឧស្សាហកម្មធន់ស្រាល។ ការនាំចេញផលិតផលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកនេះទៀតសោត គឺជាការចូលរួមចំណែកនៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលកម្ពុជាមានភាព​ចាំ​បាច់ត្រូវតែព្យាយាមពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត និងដោះស្រាយនូវ​ការយល់ឃើញខុសគ្នា ឬករណីភ័ន្តច្រឡំណាមួយដែលកើតមានដោយសារតែពុំទាន់មានការបកស្រាយ និងជជែកពិភាក្សាគ្នាឱ្យបានស៊ីជម្រៅនៅឡើយ។

          បន្ថែមពីលើនេះ កម្ពុជាត្រូវតែពង្រឹងជំហរនៅក្នុងនយោបាយការបរទេស តាមរយៈការថ្លឹងថ្លែងយុទ្ធសាស្ត្រនយោបាយការបរទេសជាមួយនឹងមហាអំណាចទាំងអស់ ដោយត្រូវព្យាយាមថែរក្សានយោបាយឯករាជ្យ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ កម្ពុជាត្រូវតែខិតខំប្រឹងប្រែងរក្សាឱ្យបាននូវស្ថិរភាពនយោបាយនិងសង្គមនៅក្នុងប្រទេស ព្រោះនៅពេលដែលស្ថានភាពនយោបាយនិងសង្គមមានស្ថិរភាព ដើម្បីទទួលបានការ​វិនិយោគពីក្រៅប្រទេស និងការដោះដូរពាណិជ្ជកម្មក្នុងលក្ខខណ្ឌអំណោយផល ដែលជាចំណែកនៃការជំរុញកំណើនសេដ្ឋកិច្ចប្រទេស ហើយនិងឈានទៅលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ​ឱ្យកាន់តែប្រសើរឡើង​ជាលំដាប់៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-11-08 13:42:36   ថ្ងៃសុក្រ, 08 វិច្ឆិកា 2024 ម៉ោង 08:42 PM
មិនគួរយកបញ្ហានិទ្ទេសកំណត់ព្រំដែននៃការគិតអំពីដំណើរឆ្ពោះទៅមុខនោះទេ

ក្រោយការប្រកាសលទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បច្ចុប្បន្ន នៅមានឪពុកម្ដាយមួយចំនួន តែងប្រៀបធៀបលទ្ធផលសិក្សារបស់កូនខ្លួនជាមួយសិស្សដទៃ ដែលករណីនេះ ធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍កូន បង្កឱ្យមានសម្ពាធ ឬភាពតានតឹងចិត្ត និងឱ្យតម្លៃខ្លួនឯងទាប។ ជាការពិតណាស់ លទ្ធផលនៃការប្រឡងបាក់ឌុប គឺជាសារមួយសម្រាប់យុវជនសិស្សបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិ ដោយនេះគឺជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងជាការក្រើនរំឭកដាស់តឿនដល់យុវសិស្សដែលទទួលបានលទ្ធផលពុំគាប់ប្រសើរ ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់ដំណើររៀនសូត្រនាពេលខាងមុខ។

ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត យង់ ពៅ នៅក្នុងការប្រឡង ពិតជាមានលទ្ធផលគួរជាទីគាប់ចិត្ត និងមិនសមបំណងសម្រាប់សិស្សានុសិស្សផ្ទាល់ ក៏ដូចជាក្រុមគ្រួសារផងដែរ អាស្រ័យទៅលទ្ធភាព សមត្ថភាព និងការខិតខំប្រឹងប្រែង ប៉ុន្តែនៅក្នុងទស្សនៈរបស់អាណាព្យាបាល និងសិស្សានុសិស្សជាសាមីខ្លួនផ្ទាល់ មិនត្រូវព្យាយាមប្រៀបធៀបនិទ្ទេសនិងលំដាប់ពិន្ទុ ទៅអ្នកដទៃ ហើយកំណត់ព្រំដែននៃការគិតអំពីដំណើរជីវិតឆ្ពោះទៅមុខនោះទេ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា លទ្ធផលប្រឡងបាក់ឌុប គឺគ្រាន់តែជាការវាស់ស្ទង់នូវកម្រិតចំណេះដឹងទូទៅ ដែលសិស្សានុសិស្សអាចស្រូបយកបាននៅកម្រិតមធ្យមសិក្សាតែប៉ុណ្ណោះ ប៉ុន្តែនៅក្នុងដំណើរជីវិតឆ្ពោះទៅអនាគតខាងមុខ មានកិច្ចការងារ និងភារកិច្ចជាច្រើនទៀត ដែលប្អូនៗជាសិស្សានុសិស្សដែលបញ្ចប់ការសិក្សាត្រូវបំពេញ និងសម្រេចឱ្យបន្ថែមជាបន្ថែមទៀត។ ពិន្ទុ ឬនិទ្ទេស ដែលទទួលបានពីការប្រឡងបាក់ឌុបនឹងមិនអាចកំណត់ជោគ​វាសនា​ទាំងស្រុងរបស់ប្អូនៗនោះឡើយ។ គេត្រូវគិតថា ការសិក្សារៀនសូត្រ មិនមែនត្រូវបញ្ចប់នៅត្រឹមការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នេះឡើយ ពោលការសិក្សារៀនសូត្រ ត្រូវធ្វើឡើងជារៀងដរាបពេញមួយជីវិត។

លោកបណ្ឌិត យង់ ពៅ បានថ្លែងបញ្ជាក់បន្ថែមថា ដំណើរជីវិតរបស់មនុស្ស ត្រូវធ្វើឡើងទៅតាមលំនាំ "រស់ រៀន រីកចម្រើន" ដោយគេមិនអាចមានមោទនភាពនឹងលទ្ធផលគាប់ប្រសើររបស់ខ្លួននាពេលបច្ចុប្បន្ន រួចបោះបង់ការសង្វាតសិក្សារៀនសូត្រនោះឡើយ ហើយគេក៏មិនអាចបោះបង់ក្ដីសង្ឃឹមរបស់ខ្លួន ដោយសារតែលទ្ធផលមិនគួរជាទីគាប់ចិត្តរបស់ខ្លួនដូចគ្នាដែរ។ ត្រង់ចំណុចនេះ ក៏ដូចគ្នាដែរ អាណាព្យាបាលទាំងអស់ត្រូវចងចាំថា បើទោះបីជាកូនរបស់ខ្លួនមិនបានទទួលលទ្ធផលល្អប្រសើរដូចជាកូនអ្នកដទៃ ឬសិស្សផ្សេងទៀត ក៏នេះ ពុំតំណាងថា ពួកគេនឹងត្រូវមានស្ថានភាពរស់នៅ និងការបំពេញការងារទទួលបានលទ្ធផលទាបជាងសិស្សដែលបាននិទ្ទេសល្អប្រសើរនោះដែរ។ ដំណើរជីវិតរបស់សិស្សដែលទើបបានបញ្ចប់ការសិក្សានៅមធ្យមសិក្សា នៅតែមានបន្តយូរអង្វែងតទៅមុខទៀត ខណៈដែលរាជរដ្ឋាភិបាលបានផ្ដល់ឱកាសច្រើនដល់យុវជនទាំងអស់ មិនថានៅកម្រិតអាយុណា កាន់សាសនា ឬមាននិន្នាការនយោបាយណានោះទេ សុទ្ធសឹងតែអាចជ្រើសរើសសិក្សាជំនាញឯកទេសនៅឧត្ដមសិក្សា ឬជំនាញវិជ្ជាជីវៈក្រោយបញ្ចប់ការសិក្សាមធ្យមសិក្សាចំណេះទូទៅ បានទៅតាមសមត្ថភាព លទ្ធភាព ឧបនិស្ស័យ និងចំណង់ចំណូលចិត្តរបស់ខ្លួន ដើម្បីបង្កើតមុខរបរនិងបំពេញការងារផ្សេងៗ។ មានន័យថា ក្រោយបញ្ចប់ការសិក្សានៅមធ្យមសិក្សា យុវជនទាំងឡាយ សុទ្ធសឹងតែមានឱកាសនៅក្នុងការពង្រីកចំណេះដឹង និងអភិវឌ្ឍសមត្ថភាពបំពេញការងារតទៅមុខបន្ថែមទៀត ពុំមែនជាទីបញ្ចប់នៃលទ្ធភាពរីកចម្រើនរបស់យុវជននោះទេ។

មិនត្រឹមតែមិនគួរប្រៀបធៀបលទ្ធផលសិក្សារបស់កូនខ្លួនជាមួយសិស្សដទៃ ឬដាក់សម្ពាធទៅលើកូនៗរបស់ខ្លួនប៉ុណ្ណោះ ឪពុកម្ដាយនិងអាណាព្យាបាលទាំងអស់ គួរតែចូលរួមនៅក្នុងការបង្កបរិយាកាសកាន់តែប្រសើរសម្រាប់យុវជនឱ្យបន្តការសិក្សារៀនសូត្រ និងចាប់យកជំនាញឯកទេស ឬជំនាញវិជ្ជាជីវៈ ដើម្បីបន្តដំណើរជីវិតនៅក្នុងអាជីពនិងមុខរបរការងារ ដើម្បីចិញ្ចឹមជីវិត និងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសង្គមជាតិទៅតាមជ្រុងនីមួយៗផ្សេងៗគ្នា។

ជាមួយគ្នានេះដែរ ឪពុកម្ដាយនិងអាណាព្យាបាលទាំងអស់ គប្បីរួមចំណែកគាំទ្រ និងលើកទឹកចិត្តដល់កូនចៅ និងមនុស្សជំនាន់ក្រោយ ឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ក្រេបយកចំណេះដឹងតាំងពីថ្នាក់បឋមសិក្សា មធ្យមសិក្សា និងឧត្ដមសិក្សា ក៏ដូចជាជំនាញវិជ្ជាជីវៈ ដើម្បីឱ្យពួកមានកម្លាំងចិត្ត និងការរំពឹងខ្ពស់ចំពោះលទ្ធផលនៃការសិក្សានិងការពង្រឹងជំនាញឯកទេស ឬក៏ជំនាញវិជ្ជាជីវៈរបស់ខ្លួន។ គេត្រូវចងចាំថា ការវិនិយោគទៅលើការបណ្ដុះបណ្ដាល និងការសិក្សារៀនសូត្រ គឺជាការវិនិយោគដែលត្រូវការប្រើប្រាស់ពេលវេលាយូរអង្វែង និងជាការវិនិយោគដ៏ត្រឹមត្រូវ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចបុគ្គល គ្រួសារ និងសង្គមជាតិ។ បន្ថែមពីនេះ ការចំណាយពេលវេលារបស់ឪពុកម្ដាយ និងអាណាព្យាបាល ដើម្បីប្រឹក្សាយោបល់ តម្រង់ទិស និងចែករំលែកបទពិសោធទាំងនៅក្នុងទិដ្ឋភាពសិក្សារៀនសូត្រ និងទិដ្ឋភាពបំពេញការងារវិជ្ជាជីវៈផ្សេងៗ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កុមារនិងយុវជន ព្រោះនេះគឺជាការបង្ហាញផ្លូវ និងជួយពន្យល់បង្ហាញនូវជម្រើសដែលពួកគេអាចសម្រេចចិត្ត តាមរយៈការបង្កើនការយល់ដឹងកាន់តែប្រសើរឡើងបន្ថែមទៀតសម្រាប់អ្នកបន្តវេន៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-11-08 07:01:36   ថ្ងៃសុក្រ, 08 វិច្ឆិកា 2024 ម៉ោង 02:01 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំសន្និសីទអន្តរជាតិ ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា : កម្ពុជានៅក្នុងសម័យអាណានិគមបារាំង»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសន្និសីទអន្តរជាតិ ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា : កម្ពុជានៅក្នុងសម័យអាណានិគមបារាំង» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី។

ក្នុងឱកាសថ្លែងសុន្ទរកថាស្វាគមន៍ ​ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា សន្និសីទអន្តរជាតិស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា : កម្ពុជាក្នុងសម័យអាណានិគមបារាំង» ត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៨រួមមាន៖

១- ស្វែងរកធាតុចូលពីអ្នកជំនាញជាតិនិងអន្ដរជាតិ ដើម្បីឱ្យអត្ថបទដែលបានសរសេររួចហើយបានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រប្រទេសកម្ពុជា

២- ពង្រឹងនិងការពារនិរន្តរភាពនៃការស្រាវជ្រាវប្រវត្តិសាស្ត្រប្រទេសកម្ពុជា  

៣- បញ្ជ្រាបចំណេះដឹងប្រវត្តិសាស្ត្រខ្មែរទៅដល់អ្នកសិក្សាស្រាវជ្រាវ សិស្ស និស្សិត សាធារណជន និងយុវជនឱ្យយល់កាន់តែច្បាស់ អំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជាជាពិសេសក្នុងសម័យអាណានិគមបារាំង

៤- លើកកម្ពស់ការយល់ដឹង និងកសាងបណ្តាញប្រវត្តិសាស្ត្រកម្ពុជា ក្នុងចំណោមអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ

៥- ពិនិត្យទស្សនៈផ្សេងគ្នាលើប្រវត្តិសាស្ត្រកម្ពុជាក្នុងសម័យអាណានិគមបារាំង

៦- ពង្រឹងនិងជំរុញការស្រាវជ្រាវប្រកបដោយនិរន្តរភាពលើប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា

៧- រួមចំណែកក្នុងជំរុញការសិក្សាប្រវត្តិសាស្ត្រខ្មែរ

៨- ផ្ទៀងផ្ទាត់ខ្លឹមសារនិងទិន្នន័យអំពីប្រវត្តិសាស្ត្រខ្មែររវាងអ្នកស្រាវជ្រាវមកពីប្រភពនានា។

សន្និសីទអន្តរជាតិស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា : កម្ពុជាក្នុងសម័យអាណានិគមបារាំង» ត្រូវបានរៀបចំឡើងនៅសាលមហោស្រពអគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយរៀបចំឡើងចំនួនមួយថ្ងៃកន្លះ ដោយចាប់ផ្តើមនាព្រឹកថ្ងៃទី៧ពេញមួយថ្ងៃនិងនៅថ្ងៃទី៨ចំនួនមួយពេលព្រឹកដោយចែកចេញជា៣ ប្រធានបទរងរួមមាន៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៨៤៥-១៨៦៣​, ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៨៦៣-១៩០៤ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៩០៤-១៩៥៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនជំនាញដែលជាអ្នកសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ អញ្ជើញមកពីបណ្ដាប្រទេសនានាដូចជា ប្រទេសបារាំង សហរដ្ឋអាម៉េរិក          សហព័ន្ធរុស្ស៊ី ឡាវ និងអូស្ត្រាលី ជាដើម។

នៅក្នុងប្រធានបទទី១ ស្ដីពី «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៨៤៥-១៨៦៣​» មានវាគ្មិនចំនួន៣រូបគឺ៖

- ឯកអគ្គរដ្ឋទូត Julio A. Jeldres  អ្នកឯកទេសប្រវត្តិសាស្ត្រការទូតរបស់កម្ពុជា និងជាអតីតលេខារបស់សម្ដេចព្រះនរោត្ដមសីហនុ និងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Griffith University ប្រទេសអូស្ត្រាលី

- លោកបណ្ឌិត តឹក ម៉េង អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

- លោកបណ្ឌិត Dmitry MOSYAKOV ប្រធានមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍ អូស្ត្រាលី និងអូសេអានី នៃវិទ្យាស្ថានសិក្សាបូព៌ា នៃបណ្ឌិត្យវិទ្យាសាស្ត្ររុស្ស៊ី

នៅក្នុងប្រធានបទទី២ ស្ដីពី «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៨៦៣-១៩០៤​» មានវាគ្មិនចំនួន៤រូបគឺ៖

- លោកបណ្ឌិត ជិន សុជាតិ ប្រធានស្ដីទីនាយកដ្ឋាននៃវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

- លោកសាស្ត្រាចារ្យ Bernard Cohen ប្រធានក្រុមស្រាវជ្រាវមូលដ្ឋានទិន្នន័យអង្គរ

- សាស្ត្រាចារ្យ Leszek Buszynski អ្នកជំនាញនយោបាយកម្ពុជា នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី

- សាស្ត្រាចារ្យ Kenton Clymer អ្នកនិពន្ធសៀវភៅ ស្ដីពី “ទំនាក់ទំនងសហរដ្ឋអាម៉េរិកនិងកម្ពុជា ឆ្នាំ១៩៦៩-២០០០៖ ទំនាក់ទំនងដែលមានបញ្ហា” និងសៀវភៅជាច្រើនទៀតអញ្ជើញមកពីសហរដ្ឋអាម៉េរិក

នៅក្នុងប្រធានបទទី៣ ស្ដីពី «ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រពីឆ្នាំ១៩០៤-១៩៥៣» មានវាគ្មិនចំនួន៤រូបគឺ៖

- ឯកឧត្ដមបណ្ឌិត ជូ ច័ន្ទដារី  ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា

- លោកសាស្ត្រាចារ្យ Carlyle Thayer  សាស្ត្រាចារ្យនៃសាលាមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម UNSW Canberra ប្រទេសអូស្ត្រាលី

- បណ្ឌិត SomSoupha XaYaVong  អ្នកសិក្សាស្រាវជ្រាវពីបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ចឡាវ

- ឯកឧត្ដម Blaise Kilian  សហនាយក SOSORO នៃសារមន្ទីរព្រះស្រីឦសាន្តវរ្ម័ន។

សន្និសីទអន្តរជាតិស្តីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា : កម្ពុជាក្នុងសម័យអាណានិគមបារាំង» មានអ្នកសិក្សាស្រាវជ្រាវ មន្ត្រីរាជការ ព្រះសង្ឃ និស្សិត និងសាធារណជន សរុប ៥១៣ អង្គ/នាក់ ដោយមានការជជែកពិភាក្សា ដោះដូរយោបល់ និងវេទិកាសំណួរចម្លើយយ៉ាងផុសផុល៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-11-07 06:28:34   ថ្ងៃព្រហស្បតិ៍, 07 វិច្ឆិកា 2024 ម៉ោង 01:28 PM
បណ្ឌិត យង់ ពៅ៖ ការវិលមកកាន់តំណែងជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងនាំមកនូវការផ្លាស់ប្ដូរដ៏ធំជាថ្មីទៀតចំពោះសណ្ដាប់ធ្នាប់ និងភូមិសាស្ត្រនយោបាយពិភពលោក

          នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតី​សហ​រដ្ឋអាម៉េរិក ដែលបេក្ខជនលេចធ្លោមកពីគណបក្សធំៗទាំងពីរគឺ លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋ និងលោកស្រី ខាម៉ាឡា ហារីស បេក្ខ​ភាព​ប្រធានាធិបតី​គណបក្សប្រជាធិបតេយ្យ។ យោងតាមលទ្ធផលនៃការរាប់សន្លឹក​ឆ្នោត​កំពុង​តែ​បន្ត លោកដូណាល់ត្រាំបានទទួលបានសម្លេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលការណ៍នេះ​បង្ហាញថាលោក ដូណាល់ ត្រាំ នឹងវិលមកកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក​នៅក្នុងអាណត្តិដឹកនាំទីពីររបស់លោក​។

          លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក បានបង្ហាញនូវទិដ្ឋភាពសំខាន់ៗចំនួនដែលឆ្លុះបញ្ចាំងដោយបញ្ហាផ្សេងៗរបស់ពិភពលោក និងនៅសហរដ្ឋអាម៉េរិកផ្ទាល់។ សម្រាប់បញ្ហាផ្ទៃក្នុងរបស់សហរដ្ឋអាម៉េរិកគឺ វិបត្តិសេដ្ឋកិច្ច និងបញ្ហាអតិផរណាក្នុងស្រុក ដែលជាវិ​បត្តិអូសបន្លាយមកពីការរីករាលដាលជំងឺកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានធ្វើឱ្យសហរដ្ឋអាម៉េរិកទទួល​រងនូវផលវិបាកដូចគ្នានឹងបណ្ដាប្រទេសដទៃទៀតផងដែរ។ បញ្ហានេះ បានកើតឡើងនៅក្នុង​អាណត្តិដឹកនាំនៃរដ្ឋបាលលោក ចូ បៃដិន ជាប្រធានាធិបតី និងលោកស្រី ខាម៉ាឡា ហារីស ជាអនុប្រធានាធិបតី ដែលមកពីគណបក្សប្រជាធិបតេយ្យ ជាហេតុធ្វើឱ្យលោក ដូណាល់ ត្រាំ មានប្រៀបខាងប្រជាប្រិយភាពនៅក្នុងការបោះឆ្នោតនេះ។ បន្ថែមពីនេះ បញ្ហាអន្តោប្រវេសន៍ និងអត្រាគ្មានការងារធ្វើនៅសហរដ្ឋអាម៉េរិក គឺជាប្រធានបទពីរដែលបង្កការប៉ះពាល់ដល់ផលប្រយោជន៍បុគ្គលផ្ទាល់របស់​ពលរដ្ឋសហរដ្ឋអាម៉េរិក ដែលមានការលំបាកនៅក្នុងការស្វែងរកការងារធ្វើ ជាហេតុនាំទៅ​ដល់ការដាក់បន្ទុកទៅលើការដឹកនាំរបស់គណបក្សប្រជាធិបតេយ្យ ដែលមិនអាចដោះស្រាយ​បញ្ហាទាំងនេះបាន។

          ស្របពេលដែលសហរដ្ឋអាម៉េរិកកំពុងជួបប្រទះនឹងវិបត្តិខាងលើនេះ លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ នៅតែបង្ហាញអំពីជំហរ​គាំពារនិយមចំពោះផលប្រយោជន៍សហរដ្ឋអាម៉េរិក ដែលលោកធ្លាប់បានអនុវត្តគោលនយោបាយអាម៉េរិកជាចម្បង គឺជាគុណសម្បត្តិមួយដែលទាក់ទាញទឹកចិត្តរបស់ពលរដ្ឋ​អាម៉េរិក ជំរុញបង្កើតជាស្ថានភាពពុះកញ្ជ្រោលនៃស្មារតីជាតិនិយមរបស់អាម៉េរិក ការពារ​ផលប្រយោជន៍ពលរដ្ឋអាម៉េរិកនៅចំពោះមុខវិបត្តិដែលកើតមានឡើង។ ជាមួយគ្នានេះដែរ ករណីប៉ុនប៉ងធ្វើឃាតមិនបានសម្រេចទៅលើលោក ដូណាល់ ត្រាំ ក៏អាចជាចំណែកមួយ​នៃការទទួលបានជ័យជម្នះរបស់បេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋផងដែរ ព្រោះ​ទោះជារឿងនេះគឺជាការរៀបចំដោយភាគីណាមួយក៏ដោយក្ដី ពលរដ្ឋអាម៉េរិកពិតជា​ដាក់បន្ទុកអំពីភាពទន់ខ្សោយ នៃការដឹកនាំរបស់រដ្ឋបាលលោក ចូ បៃដិន និងលោកស្រី ខាម៉ាឡា ហារីស ដែលបណ្ដោយឱ្យមានការបាញ់ប្រហារទៅលើបេក្ខជនប្រធានាធិបតីរបស់ប្រទេសមហាអំណាចមួយនេះ។

          បន្ថែមពីលើនេះ ពលរដ្ឋអាម៉េរិកពិតជាបានមើលឃើញថា សហរដ្ឋអាម៉េរិកដែលស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋបាល​លោក ដូណាល់ ត្រាំ បានសម្រេចនូវការជំរុញកំណើន​សេដ្ឋកិច្ច និងកំណើនការងារយ៉ាងពិតប្រាកដនៅសហរដ្ឋអាម៉េរិក គឺជាលក្ខណៈសម្បត្តិវាយតម្លៃមួយបន្ថែមទៀត សម្រាប់អ្នកបោះឆ្នោត​អាម៉េរិក ដែលត្រូវការមេដឹក​នាំ​ដែលអាចដោះស្រាយបញ្ហាដែលកើតមានឡើង​នៅចំពោះមុខនេះបាន។ លើសពីនេះ នៅក្នុងទិដ្ឋ​ភាពមួយជ្រុងទៀតនោះគឺ លោក ដូណាល់ ត្រាំ គឺជាមេដឹកនាំដែលមានការសម្រេចចិត្ត​ដាច់​ដោយឡែកមួយ ដែលធ្វើឱ្យដៃគូរបស់លោក ពិបាកនៅក្នុងការប៉ាន់ស្មានអំពីការដឹកនាំរបស់​របស់លោក ដែលជាគុណសម្បត្តិសម្រាប់ភាពជាអ្នកដឹកនាំនៃប្រទេសមហាអំណាចពិភព​លោកមួយនេះ ហើយពលរដ្ឋអាម៉េរិកក៏ប្រហែលជាមានការរំពឹងទៅលើការដឹកនាំរបស់​លោក ដូណាល់ ត្រាំ នៅក្នុងការដោះស្រាយបញ្ហាធំៗនៅក្នុងឆាកអន្តរជាតិ ជាជាងលើការ​ដឹកនាំរបស់លោកស្រី ខាម៉ាឡា ហារីស ដែលកំពុងស្ថិតក្នុងរដ្ឋបាលដឹកនាំរបស់លោក ចូ បៃដិន។

          ជាការកត់សម្គាល់មួយទៀតផងដែរ ថ្វីដ្បិតតែសហរដ្ឋអាម៉េរិកជាមហាអំណាច​ទីមួយ និងជាមហាអំណាចប្រជាធិបតេយ្យក៏ដោយក្ដី ប៉ុន្តែសហរដ្ឋអាម៉េរិក ហាក់ពុំទាន់ទទួលបាន​នៅឡើយទេនូវប្រធានាធិបតីស្ត្រីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ព្រោះ នៅសហ​រដ្ឋអាម៉េរិកបច្ចុប្បន្ន នៅតែមានការរើសអើងចំពោះស្ត្រីភេទនៅឡើយ ខណៈដែលប្រធាន​បទធំៗលើពិភពលោកបច្ចុប្បន្ន ត្រូវការមេដឹកនាំពិភពលោក ដែលមានការសម្រេចចិត្តមោះមុត និងមាំទាំ ប៉ុន្តែលោកស្រី ខាម៉ាឡា ហារីស ពុំបានបង្ហាញសញ្ញាណឥរិយាបថនយោបាយ​ណាមួយដែលគូសបញ្ជាក់អំពីឆន្ទៈមុតមាំនៅក្នុងដឹកនាំប្រទេស និងការដោះស្រាយបញ្ហា​ជាសាកលក្នុងនាមជាប្រទេសក្បាលម៉ាស៊ីនពិភពលោកនៅឡើយនោះដែរ។

          មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមការស្ទង់មតិនៅសហរដ្ឋអាម៉េរិក ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ ក៏ទទួលបានពីគាំទ្រពីសំណាក់យុវជននៅសហរដ្ឋអាម៉េរិកផងដែរ ព្រោះសារនយោបាយដែលលោកបានលើកឡើង ចាក់ចំបេះដូងរបស់យុវជន ដូចជាការសន្យាដោះស្រាយបញ្ហាអន្តោប្រវេសន៍ ការដោះស្រាយវិបត្តិសេដ្ឋកិច្ច អតិផរណា ភាពគ្មាន​ការងារធ្វើ និងការដោះស្រាយសំណុំរឿងនៅមជ្ឈិមបូព៌ា ក៏ដូចជាការបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។

          ចំពោះការវិលត្រឡប់មកកាន់តំណែងជាថ្មីរបស់លោក ដូណាល់ ត្រាំ ក្នុងឋានៈជាប្រធានាធិបតីសហរដ្ឋអាម៉េរិក អ្វីដែលលោកបានសន្យាថានឹងធ្វើដំបូងគេ ក្នុងតំណែងជាប្រធានាធិបតីនោះគឺ ការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ ដែលជាប្រធានបទក្ដៅមួយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួន ដោយលោកបានចោទថា បានបង្កនូវបញ្ហា​អសន្តិសុខ បញ្ហាសណ្ដាប់ធ្នាប់ និងធ្វើឱ្យបាត់បង់ផលប្រយោជន៍ពលរដ្ឋនិងយុវជនអាម៉េរិកដូចជាងការដណ្ដើមការងាររបស់ពលរដ្ឋសហរដ្ឋអាម៉េរិក។ បន្ថែមពីនេះ រដ្ឋបាលរបស់លោក​ ដូណាល់ ត្រាំ ក៏ទំនងជាងនឹងចេញក្រឹត្យដោះលែងក្រុមកុបករ ដែលមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយបានចូលរួមនៅក្នុង​ការ​វាយ​ប្រហារ​លើវិមាន Capitol របស់សហរដ្ឋអាម៉េរិកដូចដែលលោកធ្លាប់បានសន្យានោះផងដែរ។ ជាមួយគ្នានេះ នៅក្នុងនយោបាយការបរទេស រដ្ឋបាលសហរដ្ឋអាម៉េរិកដែលនឹងបន្តប្រកាន់យកនយោបាយអាម៉េរិកជាចម្បងនេះ ក៏​នឹងធ្វើឱ្យទំនាក់ទំនងជាមួយនឹងសម្ព័ន្ធមិត្ត ពិសេសសមាជិកអង្គការណាតូ នឹងប្រឈម​ភាពរងារឡើងវិញ ដូចកាលពីអាណត្តិទី១នៃការដឹកនាំរបស់លោក ដែលនឹងធ្វើឱ្យប្រទេសជាសមាជិកអង្គការនេះ លែងទុកចិត្តសហរដ្ឋអាម៉េរិក។ សហរដ្ឋអាម៉េរិករបស់លោក ដូណាល់ ត្រាំ ពិតជានឹងអាចលះបង់កាតព្វកិច្ចអនុវត្តតាមមាត្រា ៥ នៃសន្ធិសញ្ញាអាត្លង់ទិក​ខាងជើង ដែលចែងអំពីការការពារគ្នាទៅវិញទៅមកនោះ ព្រោះសម្រាប់លោក ដូណាល់ ត្រាំ ផលប្រយោជន៍ផ្ទាល់របស់សហរដ្ឋអាម៉េរិក គឺជាអ្វីដែលរដ្ឋាភិបាលលោកត្រូវគិតគូរ។ មេដឹកនាំសហរដ្ឋអាម៉េរិករូបនេះ ពិតជានឹងគ្មានចេតនាចង់ចំណាយថវិកាកម្រិតណាមួយ ដើម្បីការពារសម្ព័ន្ធភាពអាម៉េរិក​នោះទេ ដែលនេះនឹងធ្វើឱ្យអង្គការអន្តរទ្វីបមួយនេះ បាត់​បង់លំនឹងរបស់ខ្លួនសារជាថ្មី ខណៈដែលសហរដ្ឋអាម៉េរិកគឺជាក្បាលម៉ាស៊ីនដឹកនាំ និងជាអ្នកសម្រេចចិត្តដ៏សំខាន់នៅក្នុងអង្គការយោធាមួយនេះ។

          បន្ថែមពីលើនេះ សំណុំរឿងអ៊ុយក្រែន ដែលជាប្រធានបទក្ដៅសម្រាប់ពិភពលោក នឹងត្រូវប្រែប្រួលស្ថានការណ៍ទាំងស្រុង ដោយសារតែលោក ដូណាល់ ត្រាំ ធ្លាប់លើកឡើង​ជាញឹកញាប់ថា នៅពេលដែលលោកឡើងកាន់តំណែងជាថ្មី លោកនឹងបញ្ឈប់នូវការគាំទ្រដល់អ៊ុយក្រែន នៅក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ហើយសម្ដីនេះ លោក ដូណាល់ ត្រាំ ពិតជានឹងអាចសម្រេចដូចការអះអាងពិតមែន ព្រោះលោកធ្លាក់លើកឡើងហើយថា សហរដ្ឋអាម៉េរិកបានចំណាយថវិកាយ៉ាងច្រើនទៅលើសង្គ្រាម ដែលលោកយល់ថាមិនមែនជាការការពារផលប្រយោជន៍​សហរដ្ឋអាម៉េរិក។ លោកថែមទាំងធ្លាប់អះអាងថា “លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ពូកែ​ធ្វើ​ជំនួញជាងគេនៅលើពិភពលោកនេះ ព្រោះតែ​រាល់​លើក, ឱ្យតែនៅពេល​លោក ហ្សេឡេនស្គី ធ្វើ​ដំណើរ​មក​សហរដ្ឋអាមេរិក​ម្តងៗ, តែងតែ​ត្រឡប់​ទៅវិញ ជាមួយនឹងថវិការាប់ពាន់លានដុល្លារ” ដែលត្រង់ចំណុចនេះ លោក ដូណាល់ ត្រាំ ទំនង​ជាយល់ឃើញថា ជាការកេងចំណេញលើសហរដ្ឋអាម៉េរិក និងកេងចំណេញលើពលរដ្ឋអាម៉េរិក​។ ហេតុនេះហើយ លោក ដូណាល់ ត្រាំ ពិតជានឹងស្វែងរកលទ្ធភាពដើម្បីបិទបញ្ចប់សង្គ្រាមមួយនេះ បើទោះបីជាការសម្រេចចិត្តរបស់អាម៉េរិក ជារឿងរបស់អាម៉េរិកផ្ទាល់ក៏ដោយក្ដី ប៉ុន្តែដើម្បីបញ្ចប់សង្គ្រាមនេះបាន លុះត្រាតែការសម្រេចចិត្តបញ្ឈប់សង្គ្រាមនេះ ស្របទៅនឹងការចង់បានរបស់រុស្ស៊ីផងដែរ។ ប្រការនេះ នឹងធ្វើឱ្យមេដឹកនាំអ៊ុយក្រែន ត្រូវ​រងភាពរងារយ៉ាងខ្លាំង ក៏ដូចជាការខាតបង់សម្រាប់អ៊ុយក្រែនទាំងមូល៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-11-06 10:35:12   ថ្ងៃពុធ, 06 វិច្ឆិកា 2024 ម៉ោង 05:35 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ ទទួលជួបជាមួយលោក ឆៃ យ៉ុងឈីង ប្រធានក្រុមហ៊ុន ហង់ចូវ ម៉ូហ្កង់ តិចណូឡូជី (Hangzhou Mogong Technology Co., Ltd.)

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ​នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបជាមួយលោក ឆៃ យ៉ុងឈីង ប្រធានក្រុមហ៊ុន ហង់ចូវ ម៉ូហ្កង់ តិចណូឡូជី (Hangzhou Mogong Technology Co., Ltd.) ដែលមានទីតាំងស្ថិតនៅខេត្តហ្សឺជាំង ប្រទេសចិន ដែលបានបង្ហាញជូនពីផលិតអេឡិចត្រូនិកប្រភេទ ថេប្លេតប្រើប្រាស់ជំនួយដល់ការសិក្សាភាសាចិនសម្រាប់ជនបរទេស។ 

នៅក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា បច្ចុប្បន្ន យុវជនកម្ពុជា កំពុងមានចំណាប់អារម្មណ៍រៀនភាសាចិនយ៉ាងផុសផុល ហើយការបង្រៀនភាសាចិននេះ ជាកម្មវិធីមួយដែលរាជបណ្ឌិត្យសភាកម្ពុជា កំពុងបណ្ដុះបណ្ដាលតាមរយៈវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា។ ឆ្លើយតបទៅនឹងការបង្ហាញនូវឧបករណ៍អេឡិកត្រូនិក ដែលអាចប្រើជាជំនួយសម្រាប់សិក្សាភាសាចិនចាប់ពីថ្នាក់ដំបូង រហូតដល់ភាសាក្នុងកម្រិតខ្ពស់ ឯកឧត្តមបណ្ឌិត យង់ ពៅ បានចាប់អារម្មណ៍លើកម្មវិធីដែលរៀបចំឡើង មានភាពងាយស្រួលសម្រាប់អ្នកសិក្សាគ្រប់វ័យ ហើយក៏អាចជួយឱ្យអ្នករៀន​ស្វែងយល់បន្ថែមពីវប្បធម៌បុរាណចិន តាមសម័យកាលផ្សេងៗជាច្រើន។ 

លោក ឆៃ យ៉ុងឈឺង បានបញ្ជាក់ថា បច្ចុប្បន្ន ឧបករណ៍នេះ នៅពឹងផ្អែកលើប្រព័ន្ធអ៊ីនធឺណិត តែទោះយ៉ាងណា  ក្រុមហ៊ុន បានគិតពីស្ថានភាពនៃប្រព័ន្ធអ៊ីនធឺណិតផ្សេងៗពីគ្នាតាមតំបន់ ហើយបាននិងកំពុងអភិវឌ្ឍបញ្ចូលនូវកម្មវិធីជំនួយការសិក្សាពេញលេញ សម្រាប់សម្រួលដល់សិស្សរៀននៅតាមតំបន់ដែលមិនមានប្រព័ន្ធអ៊ិនធឺណិត។ បញ្ហានេះ ឯកឧត្តមបណ្ឌិត យង់ ពៅ ថានឹងរឹតតែងាយស្រួលកាន់តែខ្លាំង សម្រាប់សិស្សានុសិស្សប្រើប្រាស់នៅតាមបណ្ដាខេត្តឆ្ងាយនៅកម្ពុជា។

សូមបញ្ជាក់ថា លោក ឆៃ យ៉ុងឈីង ជាជនពិការជើងទាំងសងខាង តែលោកមានភាពឈ្លាសវៃ ជាអ្នកតស៊ូក្នុងជីវិតការងារ និងបានដឹកនាំក្រុមហ៊ុន ហង់ចូវ ម៉ូហ្កង់ តិចណូឡូជី ទទួលបានជោគជ័យក្នុងវិស័យអេឡិចត្រូនិក៕

RAC Media

2024-11-05 10:12:30   ថ្ងៃអង្គារ, 05 វិច្ឆិកា 2024 ម៉ោង 05:12 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយនឹងប្រតិភូសាកលវិទ្យាល័យYunnan Minzu នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Yin Shitang

នៅរសៀលអង្គារ ៥ កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច  ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូសាកលវិទ្យាល័យYunnan Minzu នៃខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Yin Shitang សាកលវិទ្យាធិការរង សាកលវិទ្យាល័យYunnan Minzu ដើម្បីពិភាក្សាការងារ ព្រមទាំងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យYunnan Minzu និងរាជបណ្ឌិត្យសភាកម្ពុជា។

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពសិក្សាលទ្ធភាពនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការទៅលើ៖

១- ការរៀបចំគម្រោងសិក្សាស្រាវជ្រាវរួមគ្នា

២- ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈរួមគ្នា

៣- ការរៀបចំសិក្ខាសាលារួមគ្នា៕

2024-11-05 10:00:46   ថ្ងៃអង្គារ, 05 វិច្ឆិកា 2024 ម៉ោង 05:00 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក