Royal Academy of Cambodia
ទំនាក់ទំនងការទូតផ្លូវការរវាងព្រះរាជាណាចក្រកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលមានអាយុកាល ៧៥ឆ្នាំកន្លងទៅហើយនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ចាត់ទុកថា ជាទំនាក់ទំនងដែលមានភាពចាស់ទុំនិងយូរអង្វែងមួយនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ លោកបណ្ឌិត បានបន្តថា ទំនាក់ទំនងទ្វេភាគីនេះ តែងតែវិវត្តពីសម័យកាលមួយទៅសម័យកាលមួយ ហើយបើទោះបីជាមានភាពរអាក់រអួលខ្លះ ដោយសារការបត់បែនតាមកាលៈទេសៈនយោបាយពិភពលោក ការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយ និងនៅក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រកន្លងទៅក្ដី ក៏កម្ពុជានិងសហរដ្ឋអាម៉េរិក នៅតែរក្សាទំនាក់ទំនងរវាងគ្នាអស់រយៈពេល ៧៥ឆ្នាំកន្លងមកហើយ។ បើតាមការកត់សម្គាល់របស់លោកបណ្ឌិត យង់ ពៅ បើទោះជានៅក្នុងដំណាក់កាលខ្លះ ភាគីទាំងពីរ មានការយល់ឃើញខុសគ្នាយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរ បានភ្ជាប់ទំនាក់ទំនង និងបន្តការស្វែងយល់ពីគ្នា ក៏ដូចជារក្សាទំនាក់ទំនងបានអស់រយៈពេលដ៏យូរអង្វែង ព្រមទាំងបន្តទំនាក់ទំនងជាប្រក្រតីបន្តទៅទៀត។
ទោះជាយ៉ាងណា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ត្រូវបានលោកបណ្ឌិត យង់ ពៅ មើលឃើញថា ជាទំនាក់ទំនងទ្វេភាគី ដែលទាមទារឱ្យមានការស្វែងរកការយល់ដឹងពីគ្នាបន្ថែម និងបង្កើនភាពជឿទុកចិត្តគ្នាបន្តទៀត ដើម្បីរក្សាបាននូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ទាំងកម្ពុជា និងសហរដ្ឋអាម៉េរិក។ ជាទស្សនៈយល់ឃើញរបស់លោកបណ្ឌិត ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ត្រូវបានឆ្លុះបញ្ចាំងតាមរយៈទស្សនៈអវិជ្ជមានពីសំណាក់អ្នកតាមដាន ក៏ដូចជាអ្នកវិភាគមួយចំនួន ដែលជួនកាលបានអះអាងថា កម្ពុជាហាក់ដូចជាមិនបានមើលឃើញអំពីផលប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីនេះ ប៉ុន្តែជាសច្ចភាពនៅក្នុងទំនាក់ទំនងអន្តរជាតិ ទំនាក់ទំនងរវាងរដ្ឋនឹងរដ្ឋ តែងតែហុចផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ក្នុងកម្រិតណាមួយផ្សេងៗគ្នា។ លោកបណ្ឌិត បានបន្ថែមទៀតថា បើទោះបីជាទំនាក់ទំនងទ្វេភាគីរវាងប្រទេសធំឬប្រទេសតូចក៏ដោយក្ដី គ្មានទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋណាមួយ ដែលមិនផ្ដល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនោះឡើយ ពោល ផលប្រយោជន៍នៃទំនាក់ទំនងនោះ អាចស្ថិតនៅលើលម្ហភូមិសាស្ត្រនយោបាយ ឥទ្ធិពលការទូត ផលប្រយោជន៍នៅក្នុងលម្ហយុទ្ធភូមិសាស្ត្រ និងកិច្ចការអន្តរជាតិផ្សេងៗទៀត តែងតែមានជាប់ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងរដ្ឋមួយនឹងរដ្ឋមួយទៀត។
ដោយឡែក សម្រាប់ប្រទេសកម្ពុជា ក្រៅតែពីផលប្រយោជន៍ដូចបានរៀបរាប់ខាងលើ កម្ពុជាក៏ទទួលបានផងដែរ នូវផលប្រយោជន៍ដែលកើតចេញពីការដោះដូរពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាម៉េរិក ដែលកម្ពុជាបាននាំចេញផលិតផលទៅកាន់សហរដ្ឋអាម៉េរិក ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកមួយ ដែលបានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជាផងដែរ។ នេះគឺជាចំណុចដែលកម្ពុជាត្រូវការ និងគប្បីមានការយកចិត្តទុកដាក់នៅក្នុងទំនាក់ទំនងជាមួយនឹងសហរដ្ឋអាម៉េរិក។
ជាការពិតណាស់ប្រទេសទាំងពីរ ពិតជាមានភាពចាំបាច់នៅក្នុងការស្វែងយល់អំពីតម្រូវការ និងការចង់បានពីភាគីម្ខាងទៀត ពោល ត្រូវតែមានការឈ្វេងយល់ និងជជែកពិភាក្សាគ្នាឱ្យបានស៊ីជម្រៅ ទាំងនៅក្នុងកម្រិតថ្នាក់ដឹកនាំ មន្ត្រីនយោបាយ និងមន្ត្រីបច្ចេកទេសជាដើម។ ការឈ្វេងយល់អំពីគ្នាទៅវិញទៅមកនេះ ក៏គួរតែធ្វើឡើងទាំងទៅលើទិដ្ឋភាពនយោបាយ ទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គមវិជ្ជានយោបាយ និងទិដ្ឋភាពនៃការប្រជែងឥទ្ធិពលនៅក្នុងលម្ហភូមិសាស្ត្រផងដែរ។
ជាមួយគ្នានេះ បើតាមលោកបណ្ឌិត យង់ ពៅ កម្ពុជា-សហរដ្ឋអាម៉េរិក ក៏គួរតែមានការរៀបចំនូវការផ្លាស់ប្ដូរទស្សនៈរវាងអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានវិទ្យាសាស្ត្រផងដែរ ដើម្បីផ្ដល់នូវធាតុចូលដល់រដ្ឋាភិបាលនៃប្រទេសទាំងពីរ នៅក្នុងការកំណត់គោលនយោបាយ ក៏ដូចជាជំហរនយោបាយនៅក្នុងទំនាក់ទំនងទ្វេភាគិ សម្ដៅធ្វើយ៉ាងណាលើកកម្ពស់ការទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរពីទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរ គួរតែជំរុញជំនួបពិភាក្សា និងការដោះដូរទស្សនៈយល់ឃើញរវាងអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរ ឱ្យបានកាន់តែញឹកញាប់ ពិសេសនៅលើប្រធានបទក្ដៅនានា ដែលអាចបង្កការយល់ច្រឡំលើគ្នាទៅវិញទៅមកនៅក្នុងទំនាក់ទំនងទ្វេភាគីនេះ ដោយសារតែសារពីអ្នកសារព័ត៌មាន ឬអ្នកវិភាគមួយចំនួន ដែលលើកឡើងដោយភាពលម្អៀងដោយសារតែនិន្នាការផ្សេងៗ។
លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតថា កម្ពុជានិងសហរដ្ឋអាម៉េរិក ពិតជាមានភាពចាំបាច់ណាស់នៅក្នុងការបង្កើនទំនុកចិត្ត និងជំនឿជាក់លើគ្នាបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដែលហុចផ្លែផ្កាឱ្យគ្នាទៅវិញទៅមក។
លោកបណ្ឌិតបានបន្តថា កន្លងទៅនេះ បញ្ហាមួយចំនួន ដូចជាករណីកំពង់ផែយោធារាម រាជរដ្ឋាភិបាលកម្ពុជាតែងតែបានបង្ហាញអំពីតថភាពនៅក្នុងដំណើរការអភិវឌ្ឍកំពង់ទឹកជ្រៅរាម ដែលធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាពការពារ និងល្បាតនៅលើដែនទឹកស្ថិតក្នុងអធិបតេយ្យកម្ពុជា របស់កងទ័ពជើងទឹកកម្ពុជា ហើយកម្ពុជាពិតជាបានបង្ហាញនូវសមានចិត្តបើកទូលាយចំពោះបំណងស្វែងយល់បន្ថែមអំពីការធ្វើទំនើបកម្មមូលដ្ឋានយោធាជើងទឹកនេះ សម្រាប់ប្រទេសជាដៃគូទាំងឡាយរបស់កម្ពុជា។ លោកបណ្ឌិតថ្លែងសង្កត់ធ្ងន់ទៀតថា ការបើបង្ហាញនិងអនុញ្ញាតឱ្យមានការធ្វើទស្សនកិច្ចនៅមូលដ្ឋានយោធាជើងទឹករបស់កម្ពុជានេះ គឺជាផ្នែកមួយនៃការជំរុញនិងកសាងទំនុកចិត្តពីសំណាក់ប្រទេសជាដៃគូទាំងអស់របស់កម្ពុជា ហើយក៏ជាការបង្ហាញអំពីសុចរិតភាពរបស់កម្ពុជាផងដែរ។ ទោះជាយ៉ាងណា មានសារព័ត៌មាន និងអ្នកវិភាគមួយចំនួន ហាក់ដូចជាព្យាយាមបំប៉ោងព្រឹត្តិការណ៍ និងបំភ្លៃការពិត បង្កឱ្យមានការមិនយល់ពីគ្នានៅក្នុងទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ហើយបានបង្កផលប៉ះពាល់ដល់ទំនុកចិត្តនៅក្នុងទំនាក់ទំនងទ្វេភាគីនេះថែមទៀតផង។ ដូច្នេះ ដើម្បីកសាងបាននូវទំនុកចិត្តនៅក្នុងទំនាក់ទំនងទ្វេភាគីនេះ កម្ពុជានិងសហរដ្ឋអាម៉េរិក គប្បីជំរុញកិច្ចពិភាក្សា និងផ្លាស់ប្ដូរទស្សនៈយល់អំពីគ្នាទៅវិញទៅមក តាមរយៈការជួបប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំ មន្ត្រីនយោបាយ ក៏ដូចជាមន្ត្រីបច្ចេកទេ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវនៃប្រទេសទាំងពីរ ដើម្បីដោះស្រាយនូវចំណុចខ្វែងគំនិតគ្នា និងលុបបំបាត់ការភ័ន្តច្រឡំមួយចំនួនដែលបង្កឱ្យមានការប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អគ្គលេខាធិការដ្ឋាន ជាអង្គភាពផ្ដល់សេវាកម្មជួរមុខរបស់រាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីទាំងអស់ត្រូវតែបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងគោរពបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២៥ នៃអគ្គលេខាធិការដ្ឋាន នៅព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នេះ។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាគឺជាស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ និងជាស្ថាប័នមួយដែលផ្ដល់នូវគម្រូនៃការរៀបចំចក្ខុវិស័យ ក៏ដូចជាធាតុចូលសម្រាប់ស្ថាប័ននានា ដូច្នេះ រាល់ការបំពេញការងាររបស់មន្ត្រីរាជការ និងបុគ្គលិកនៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែមានការរៀបចំបែងចែក ចាត់តាំង និងប្រគល់ភារកិច្ចច្បាស់លាស់ ព្រមទាំងត្រូវធានាឱ្យបាននូវការបំពេញការងារដោយមានរបៀបរៀបរយនៅក្នុងស្ថាប័ន។ ត្រង់ចំណុចនេះ ឯកឧត្ដមបណ្ឌិត បានក្រើនរំឭកដល់មន្ត្រីរាជការនិងបុគ្គលិកទាំងអស់នៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជាថា ក្នុងនាមជាជាអង្គភាពផ្ដល់សេវាកម្មជួរមុខរបស់រាជបណ្ឌិត្យសភាកម្ពុជា មន្ត្រីទាំងអស់នៃអគ្គលេខាធិការដ្ឋាន ត្រូវតែបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងគោរពបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់។
ឯកឧត្ដមបណ្ឌិតបានបន្តថា សម្រាប់មន្ត្រីរាជការ ក្រៅតែពីការបំពេញការងារប្រកបដោយទំនួលខុសត្រូវ និងគោរពបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់ ចាំបាច់ត្រូវអនុវត្តការងារស្របតាមច្បាប់ស្ដីពី លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមបណ្ឌិត បានជំរុញឱ្យមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ត្រូវតែបំពេញការងារប្រកបដោយមនសិការ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទីនិងភារកិច្ច ដែលថ្នាក់ដឹកនាំបានប្រគល់ជូន។ ឯកឧត្ដមបណ្ឌិតបានបន្ថែមទៀតថា ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ ត្រូវចូលរួមផ្ដលមតិយោបល់ប្រកបដោយការស្ថាបនា ចំពោះដំណើការប្រព្រឹត្តទៅនៃអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីកែលម្អសេវាកម្ម និងលើកកម្ពស់ប្រសិទ្ធភាពនៃដំណើរការការងារនៅក្នុងស្ថាប័ន។ បើតាមឯកឧត្ដមបណ្ឌិត ការចូលរួមពីសំណាក់មន្ត្រីទាំងអស់ នៅក្នុងការជំរុញប្រសិទ្ធភាពនៃដំណើរការស្ថាប័ន ពិតជាមានសារៈសំខាន់ណាស់ ហើយក៏ជាការបង្ហាញស្មារតីចូលរួម ដើម្បីការរីកចម្រើននៃស្ថាប័នផងដែរ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដមបណ្ឌិត បានជំរុញឱ្យគ្រប់មជ្ឈមណ្ឌល វិទ្យាស្ថាន និងនាយកដ្ឋានទាំងអស់ ពន្លឿនកិច្ចការងារដែលបានកំណត់ទិសដៅ និងអនុវត្តស្មារតីសម្រេចនៃអង្គប្រជុំកន្លងមក ឱ្យមានប្រសិទ្ធភាពខ្ពស់ និងលើកឡើងនូវបញ្ហាប្រឈមនៅក្នុងការបំពេញការងារ បន្ទាប់ពីការអនុវត្តតាមស្មារតីសម្រេចនៃអង្គប្រជុំបូកសរុបការងារប្រចាំខែនាព្រឹកនេះ៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើបទបង្ហាញអំពីស្នាដៃស្រាវជ្រាវស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» ដែលមានការអញ្ជើញចូលរួមបកស្រាយ និងធ្វើបទបង្ហាញពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច លោកជំទាវ កែវ ណារុំ លោកស្រី យ៉ាន់ វិភាជរ័ត្ន និងលោក ចាន់ សោភ័ណ។
បទបង្ហាញនាព្រឹកនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីលទ្ធផល នៃការស្រាវជ្រាវចងក្រងឯកសារ នៅក្នុងគម្រោងស្រាវជ្រាវ ស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» ដែលផ្ដួចផ្ដើមគំនិតនិងចង្អុលបង្ហាញពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។ គម្រោងស្រាវជ្រាវដ៏មានសារៈសំខាន់នេះ មានការចូលរួមសិក្សាស្រាវជ្រាវពីសំណាក់អ្នកជំនាញចំនួន ៣រូបគឺ លោកជំទាវ កែវ ណារុំ, លោកស្រី យ៉ាន់ វិភាជរ័ត្ន និង លោក ចាន់ សោភ័ណ ដែលសុទ្ធសឹងជាអ្នកជំនាញវប្បធម៌ និងសិល្បៈខ្មែរ។
គោលបំណងនៃការអនុវត្តនូវគម្រោងស្រាវជ្រាវ ស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» គឺដើម្បីសិក្សាស្រាវជ្រាវប្រមូលនិងចងក្រងទុកជាឯកសារ, ថែរក្សាមរតកជាស្នាដៃរបស់បុព្វបុរសខ្មែរ, បង្កើតសារមន្ទីរតាំងបង្ហាញសម្លៀកបំពាក់ខ្មែរ និងតាំងបង្ហាញស្នាដៃដល់ភ្ញៀវជាតិនិងអន្តជាតិ ដើម្បីយល់ដឹងនិងស្វែងយល់អំពីសម្លៀកបំពាក់ខ្មែរទាំង១០សម័យកាល។
គម្រោងស្រាវជ្រាវ ស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» ត្រូវបានអនុវត្តដោយផ្ដោតទៅលើសម្លៀកបំពាក់ខ្មែរនៅក្នុងសម័យនីមួយៗដូចខាងក្រោម៖
១. នគរភ្នំ ឬសម័យហ្វូណន (ស.វ. ទី១-៦)
២. សម័យ ចេនឡា (ស.វ. ទី៧-៨)
៣. សម័យអង្គរ (ស.វ. ទី៩-១៣)
៤. សម័យចតុមុខ (ស.វ. ទី១៤-១៥)
៥. សម័យលង្វែក (ស.វ. ទី១៦-១៧)
៦. សម័យឧដុង្គ (ចុងស.វ. ទី១៧-១៨)
៧. សម័យអាណាព្យាបាលបារាំង (ស.វ. ទី១៩-២០)
៨. សម័យសង្គមរាស្ត្រនិយម (ឆ្នាំ១៩៥៥ ដល់ ឆ្នាំ១៩៧០)
៩. សម័យសាធារណរដ្ឋខ្មែរ (ឆ្នាំ១៩៧០ ដល់ ឆ្នាំ១៩៧៥)
១០. សម័យកម្ពុជាប្រជាធិបតេយ្យ (ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩)
ការស្រាវជ្រាវខាងលើនេះ ធ្វើឡើងដោយផ្ដោតទៅលើវិធីសាស្ត្រចម្រុះរួមមាន ការសិក្សាស្រាវជ្រាវឯកសារនៅតាមបណ្ណាល័យជាតិនិងបណ្ណាល័យផ្សេងៗ ការស្រាវជ្រាវតាមបណ្ណាល័យអេឡិចត្រូនិច ការស្រាវជ្រាវតាមសារមន្ទីរនៅតាមបណ្ដាក្រុងនិងខេត្ត ការសិក្សាស្រាវជ្រាវតាមប្រាសាទនានានៃប្រទេសកម្ពុជា និងការសិក្សាស្វែងយល់បន្ថែមតាមរយៈធ្វើបទសម្ភាសន៍ជាមួយអ្នកជំនាញនិងអ្នកពាក់ព័ន្ធ និងចំណាយពេលសិក្សាស្រាវជ្រាវចងក្រងអស់រយៈពេល៣ឆ្នាំ ដោយចងក្រងឯកសារសរុបបានចំនួន ៨៣៣ ទំព័រ។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់ថា ការរៀបចំធ្វើបទបង្ហាញ ស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» គឺជាការបង្ហាញអំពីអំពីលក្ខណៈនិងសណ្ឋាននៃសម្លៀកបំពាក់របស់ខ្មែរដែលវិវត្តពីសម័យកាលមួយទៅសម័យកាលមួយ ហើយឯកឧត្ដមបណ្ឌិតសភាចារ្យ បានបង្ហាញក្ដីរំពឹងថា ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត និងអ្នកសិក្សាស្រាវជ្រាវដែលនិមន្តនិងចូលរួមស្ដាប់បទបង្ហាញនាពេលនេះ នឹងក្លាយទៅជាអ្នកផ្សព្វផ្សាយអំពីវប្បធម៌ និងពង្រីកចំណេះដឹងមហាជនទូទៅអំពីសម្លៀកបំពាក់ខ្មែរយើងនៅក្នុងសម័យកាលនីមួយៗ។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ គម្រោងស្រាវជ្រាវ ស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» ត្រូវបានដាក់ឱ្យអនុវត្ត ដោយយោងទៅលើហេតុផលសំខាន់ៗចំនួន ៧ គឺ៖
១. សម្លៀកបំពាក់បង្ហាញអំពីសមត្ថភាពរបស់មនុស្ស និងការរីកចម្រើននៃជាតិសាសន៍នីមួយៗ
២. សម្លៀកបំពាក់បង្ហាញអំពីវប្បធម៌នៃសង្គមមនុស្ស នៅក្នុងសម័យកាលនីមួយៗ
៣. សម្លៀកបំពាក់បង្ហាញអំពីឥទ្ធិពលមនុស្សតាមសម័យកាល
៤. សម្លៀកបំពាក់បង្ហាញអំពីចិត្តសាស្ត្រ និងចរិតលក្ខណៈរបស់មនុស្សនៅក្នុងសង្គម
៥. សម្លៀកបំពាក់ឆ្លុះបញ្ចាំងអំពីធម្មជាតិនៃតំបន់ និងក្នុងសម័យកាលនីមួយៗ
៦. សម្លៀកបំពាក់បង្ហាញអំសម្លៀកបំពាក់បង្ហាញអំពីពីអំណាចនៃបុគ្គល
៧. សម្លៀកបំពាក់ឆ្លុះបញ្ចាំងអំពីមនោសញ្ចេតនារបស់បុគ្គលនៅក្នុងសម័យកាលនីមួយៗ
គួរបញ្ជាក់ផងដែរថា បទបង្ហាញ ស្ដីពី «សម្លៀកបំពាក់ខ្មែរ១០សម័យកាល» នាព្រឹកនេះ មានការនិមន្តនិងចូលរួមពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត និងអ្នកសិក្សាស្រាវជ្រាវសរុបចំនួន ៣២៤នាក់៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅក្នុងឱកាសឡើងកាន់តំណែងប្រធានាធិបតីសហរដ្ឋអាម៉េរិកជាថ្មីរបស់លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគភូមិសាស្ត្រនយោបាយ បានកត់សម្គាល់ឃើញថា ក្នុងដំណាក់កាលនេះ គឺជាពេលវេលាដ៏សមស្របមួយសម្រាប់ប្រទេសកម្ពុជា នៅក្នុងការច្បាមយកឱកាសពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយមហាអំណាច និងពង្រឹងតួនាទីរបស់ខ្លួនបន្ថែមនៅក្នុងឆាកអន្តរជាតិ។ បើតាមលោកបណ្ឌិត សហរដ្ឋអាម៉េរិកដែលដឹកនាំជាថ្មីដោយលោក ដូណាល់ ត្រាំ នៅតែបន្តអនុវត្តនយោបាយគាំពារនិយមគឺ ការគិតគូរប្រយោជន៍អាម៉េរិកជាចម្បង (American First) ដែលមេដឹកនាំរូបនេះ ធ្លាប់បានអនុវត្តរួចមកហើយកាលពីអាណត្តិដឹកនាំដំបូងរបស់លោក ហើយការដឹកនាំជាថ្មីរបស់លោក ក៏នឹងមិនមានភាពខុសគ្នាច្រើននោះដែរ ពោលសហរដ្ឋអាម៉េរិកនឹងមិនខ្លាចរអារនឹងសើរើនយោបាយទាំងឡាយណា ដែលលោក ដូណាល់ ត្រាំ យល់ថាបានធ្វើឱ្យសហរដ្ឋអាម៉េរិកបង់តម្លៃគ្មានប្រយោជន៍នោះទេ។
នៅក្នុងការចូលកាន់តំណែងដំបូង លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើក្រឹត្យប្រតិបត្តិមួយចំនួនដូចជា ការដកខ្លួនចេញសាជាថ្មី ពីអង្គការសុខភាពពិភពលោក និងកិច្ចព្រមព្រៀងអាកាសធាតុ ទីក្រុងប៉ារីស ជាដើម ដែលនេះគឺជារឿងគួរឱ្យសោកស្ដាយទាំងសម្រាប់ប្រជាជនសហរដ្ឋអាម៉េរិក និងពិភពលោកទាំងមូល។ ឥរិយាបថនយោបាយរបស់ប្រធានាធិបតីថ្មីសហរដ្ឋអាម៉េរិករូបនេះ ក៏នឹងធ្វើឡើងចំពោះសំណុំរឿងផ្សេងៗទៀត ទាំងសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនិងសម្រាប់ប្រទេសកម្ពុជាផងដែរ។ លោក ដូណាល់ ត្រាំ ហាក់ពុំទាន់បានផ្ដល់តម្លៃដល់ទម្ងន់យុទ្ធភូមិសាស្ត្រនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនោះទេ បើតាមការថ្លែងសុន្ទរកថានៅថ្ងៃដំបូងនៃការចូលកាន់តំណែងជាលើកទីពីររបស់លោកក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាម៉េរិក។
ដោយឆ្លុះបញ្ចាំងអំពីការផ្ដល់តម្លៃលើទម្ងន់យុទ្ធភូមិសាស្ត្រ (Geostrategic) នៅតំបន់អាស៊ីប៉ាស៊ីហ្វិក នយោបាយគិតគូរប្រយោជន៍អាម៉េរិកជាចម្បង បរិបទនៃការប្រជែងឥទ្ធិពលរបស់មហាអំណាច លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ក្នុងអាណត្តិដឹកនាំសារជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងមិនមានការកើនឡើងឬថយចុះគួរឱ្យកត់សម្គាល់នោះទេ ពោល សហរដ្ឋអាម៉េរិកនឹងពុំចាត់ទុកថា កម្ពុជាមានទម្ងន់យុទ្ធភូមិសាស្ត្រសំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកឬមិនមែនជាអាទិភាពនៅក្នុងនយោបាយការបរទេសរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ឡើយ។
បើតាមលោកបណ្ឌិត កម្ពុជាខ្លួនឯងត្រូវតែខិតខំប្រឹងប្រែងរៀបចំគោលនយោបាយការបរទេសយ៉ាងណា ឱ្យសមស្របនៅក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន និងនៅក្នុងរយៈពេលវែងខាងមុខ ពិសេសក្នុងអំឡុងពេលនៃការដឹកនាំរបស់លោក ដូណាល់ ត្រាំ ដែលជាមេដឹកនាំគាំពារនិយមរបស់សហរដ្ឋអាម៉េរិក។ លោកបណ្ឌិតបានបន្ថែមទៀតថា នយោបាយគាំពារនិយម ត្រូវបានអនុវត្តតាំងពីដើមអាណត្តិទីមួយរបស់លោក ដូណាល់ ត្រាំ មកម្ល៉េះ ហេតុនេះហើយ កម្ពុជាក៏ត្រូវតែរៀនសូត្រអំពីបទពិសោធន៍និងស្ថានការណ៍ទំនាក់ទំនងអន្តរជាតិ នៅក្នុងបរិការណ៍ដូចគ្នានេះ ព្រមទាំងព្យាករណ៍នូវលទ្ធភាពប្រែប្រួលស្ថានការណ៍ពិភពលោក ពិសេសនៅក្នុងសំណុំរឿងចម្បងៗរបស់ពិភពលោកដែលកំពុងកើតមានឡើង ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងប្រកាន់ខ្ជាប់នូវជំហរការទូតដ៏សមស្រប ក្នុងនាមជារដ្ឋអធិបតេយ្យ ឯករាជ្យ និងមិនចូលបក្សសម្ព័ន្ធ។ ស្របពេលជាមួយគ្នានេះ កម្ពុជាក៏ត្រូវមានជំហរការទូតបត់បែន ពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក ដើម្បីធានាយ៉ាងណា រក្សាបាននូវពិពិធភាពនៃទំនាក់ទំនងអន្តរជាតិប្រកបដោយភាពស្វាហាប់។
លោកបណ្ឌិត យង់ ពៅ បានវាយតម្លៃបន្ថែមថា នៅក្នុងទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងមិនផ្ដោតជាសំខាន់ទៅលើការជំរុញស្ថានភាពសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ និងប្រជាធិបតេយ្យ យកធ្វើជាលេសដើម្បីបុព្វហេតុភូមិសាស្ត្រនយោបាយអាម៉េរិកនោះឡើយ។ លោកបណ្ឌិត បានគូសរំឭកអំពី ជំហររបស់លោក ដូណាល់ ត្រាំ ក្នុងអាណត្ដិដឹកនាំដំបូងរបស់លោក គឺនៅក្នុងឆ្នាំ២០១៩ លោកបានសរសេរលិខិតមួយច្បាប់ទៅ សម្ដេចតេជោ ហ៊ុន សែន ដោយបានបញ្ជាក់អំពីបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលកាលណោះកំពុងមានភាពរកាំរកូសជាច្រើនឆ្នាំ។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាម៉េរិក គោរពអធិបតេយ្យភាពរបស់កម្ពុជា និងមិនទាមទារឱ្យមានការផ្លាស់ប្តូររបបដឹកនាំនៅកម្ពុជានោះទេ។ ពោលគឺ រដ្ឋបាលលោក ដូណាល់ ត្រាំ មិនបានបន្ថែមឬបន្ថយនៅក្នុងទំនាក់ទំនងជាមួយកម្ពុជានោះឡើយ។ ត្រង់ចំណុចនេះ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ថា ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក អាចនឹងរីកចម្រើន ឬត្រូវបានលើកកម្ពស់បន្ថែមទៀតទៅបាន អាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាខ្លួនឯងផ្ទាល់ ពង្រឹងតួនាទីរបស់ខ្លួននៅក្នុងឆាកអន្តរជាតិ ដើម្បីឱ្យមហាអំណាចពិភពលោកនេះ អាចវាយតម្លៃ ឬផ្ដោតសារៈសំខាន់ជាបន្ថែមមកលើទំនាក់ទំនងទ្វេភាគី និងភាពចាំបាច់នៅក្នុងការកសាងទំនាក់ទំនងល្អបន្ថែមជាមួយនឹងប្រទេសកម្ពុជា។
សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក យើងឃើញថា បើទោះបីជាប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) បានផុតកំណត់ក៏ដោយក្ដី ក៏គេមើលឃើញថា តួលេខនៃការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិក នៅតែរក្សាបាននៅក្នុងកម្រិតមួយល្អប្រសើរផងដែរ ដែលស្របទៅនឹងការលើកឡើងខាងលើនេះផងដែរ ដោយកម្ពុជាត្រូវតែប្រឹងប្រែងបន្ថែមទៀតនៅក្នុងការជំរុញកំណើនទំហំពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក ដោយផ្អែកទៅលើទិដ្ឋភាពនយោបាយការបរទេសនៃរដ្ឋបាលលោក ដូណាល់ ត្រាំ និងស្ថានការណ៍វិវត្តបន្តទៅមុខទៀត ព្រោះប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) មិនមែនជាគោលការណ៍គ្រឹះនៃជញ្ជីងពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាម៉េរិកទៀតនោះឡើយ ពោលគឺអាស្រ័យទៅលើឥរិយាបថនៃទំនាក់ទំនងទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិកដោយផ្ទាល់ ពិសេសនៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ នេះដោយផ្ទាល់។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាបន្តធ្វើកំណែទម្រង់ផ្ទៃក្នុង និងតម្រង់ទិសនៃការសម្របសម្រួលនយោបាយការបរទេសឱ្យបានក្នុងកម្រិតខ្ពស់បំផុត ជាមួយនឹងឥរិយាបថនយោបាយការបរទេសទន់ភ្លន់ និងវ័យឆ្លាត ស្របតាមបរិការណ៍នយោបាយអន្តរជាតិនាពេលបច្ចុប្បន្ន ដើម្បីធ្វើយ៉ាងណាស្វះស្វែងរកផលប្រយោជន៍សេដ្ឋកិច្ចជាមួយមហាអំណាចពិភពលោកមួួយនេះ។
លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងផងដែរ អំពីទំនាក់ទំនងយោធា កម្ពុជា-សហរដ្ឋអាម៉េរិក ដែលនៅក្នុងចុងអាណត្តិរបស់លោក ចូ បៃដិន ទំនាក់ទំនងនេះ មានសញ្ញាណខិតទៅរកភាពល្អប្រសើរឡើងវិញ ដែលស្របទៅនឹងការមិនបន្ថែមឬបន្ថយទម្ងន់យុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ កម្ពុជាគួរតែច្បាមឱកាសនេះ ពង្រឹងបន្ថែមនៅក្នុងទិដ្ឋភាពប្រកបដោយសញ្ញាណវិជ្ជមាន នៃទំនាក់ទំនងយោធា កម្ពុជា-សហរដ្ឋអាម៉េរិក ដើម្បីពង្រឹងនូវសមត្ថភាពកងកម្លាំងប្រដាប់អាវុធ ទាំងយុទ្ធោបករណ៍ យុទ្ធសាស្ត្រ និងបច្ចេកទេសផ្សេងៗ ក៏ដូចជាការរៀបចំកិច្ចសហប្រតិបត្តិការហ្វឹកហាត់ឡើងវិញជាមួយនឹងសហរដ្ឋអាម៉េរិក ក្នុងគោលបំណងទាញយកផលប្រយោជន៍ជាអតិបរមា ពីនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ដែលនឹងមិនដាក់សម្ពាធ ឬសង្កត់ធ្ងន់បន្ថែមលើសំណុំរឿងណាមួយជាមួយនឹងកម្ពុជា។ លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមទៀតថា កម្ពុជា គួរតែជំរុញឱ្យមានឡើងវិញនូវកិច្ចសហប្រតិបត្តិការដោះដូរបច្ចេកទេស ការបណ្ដុះបណ្ដាលមន្ត្រីជំនាញយោធារបស់កម្ពុជា ការជំរុញកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរព័ត៌មាន សន្តិសុខ និងការធ្វើយសមយុទ្ធយោធារួមគ្នា ឱ្យកាន់តែសកម្មឡើងវិញ ដោយអនុលោមទៅតាមខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៥៣ ដោយពង្រឹងទំនាក់ទំនងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ និងមហាអំណាចទាំងអស់ សំដៅធ្វើយ៉ាងណារក្សាតុល្យភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ប្រកបដោយមិត្តភាពនិងការស្ថាបនា។
ជារួម លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា ការវិលត្រឡប់មកដឹកនាំសហរដ្ឋអាម៉េរិកជាថ្មីម្ដងទៀតនេះរបស់លោក ដូណាល់ ត្រាំ គឺជាឱកាសសម្រាប់ប្រទេសកម្ពុជា ទាំងនៅក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងយោធា ដែលទិដ្ឋភាពទាំងអស់នេះគឺ អាស្រ័យលើប្រទេសកម្ពុជាខ្លួនឯង នៅក្នុងការរៀបចំខ្លួនឱ្យបានរួចរាល់នៅក្នុងការធ្វើការជាមួយលោក ដូណាល់ ត្រាំ នៅក្នុងអាណត្តិដឹកនាំជាថ្មីរបស់លោក ស្របពេលដែលរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕
RAC Media | លឹម សុវណ្ណរិទ្ធ
ស្របពេលដែលកម្ដៅនយោបាយនៅក្នុងប្រទេសកម្ពុជា ហាក់មិនថមថយ ដោយសារតែអ្នកនយោបាយមាននិន្នាការប្រឆាំងនៅបរទេស បានបន្តដុតរោល និងញុះញង់ឱ្យមានការបែកបាក់ជាតិក្នុងចំណោមស្រទាប់ប្រជាពលរដ្ឋខ្មែរ តាមរយៈការទាញព្រឹត្តិការណ៍ ក៏ដូចជាករណីផ្សេងៗ ដែលកើតមានទាំងក្នុងប្រទេស ក្នុងតំបន់ និងក្នុងពិភពលោកផ្សេងៗ ហើយអំពាវនាវ ឱ្យមានការក្រោកឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជានោះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា អ្នកនយោបាយដែលមាននិន្នាការប្រឆាំង និងអ្នកនយោបាយប្រឆាំងដែលនិរទេសខ្លួននៅក្រៅស្រុក គួរតែដល់ពេលវេលាបញ្ឈប់ការធ្វើសកម្មភាពនយោបាយ ដែលជាន់ពន្លិចប្រជាជាតិខ្មែរបន្តទៅទៀតហើយ។ បើតាមលោកបណ្ឌិត ការធ្វើនយោបាយនៅក្នុងរូបភាពនេះ មិនត្រឹមតែជានយោបាយហួសសម័យកាល មិនបានចូលរួមចំណែកនៅក្នុងការកសាងជាតិមាតុភូមិនោះទេ ប៉ុន្តែគឺជាការធ្វើនយោបាយដែលនាំមកនូវភាពគ្រោះថ្នាក់ចំពោះប្រទេសជាតិខ្លួនទៅវិញ។
លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា អ្នកនយោបាយដែលមាននិន្នាការមិនស្របនឹងរាជរដ្ឋាភិបាល ក៏ដូចជាអ្នកនយោបាយប្រឆាំង គួរតែផ្លាស់ប្ដូរវិធីសាស្ត្រធ្វើនយោបាយរបស់ខ្លួន ដោយត្រូវឈ្វេងយល់ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាការរីកចម្រើនសម្រាប់ប្រជាជាតិខ្មែរទាំងមូល និងជាការរីកចម្រើន ដែលនាំមកនូវផលប្រយោជន៍ ទាំងកិត្តិយសក្នុងនាមជាប្រជាជាតិស៊ីវិល ទាំងផលប្រយោជន៍ខាងសេដ្ឋកិច្ច សង្គម និងនយោបាយអភិវឌ្ឍនៅក្នុងវិស័យផ្សេងៗរួមផ្សំជាមួយគ្នាផងដែរ។ បើតាមលោកបណ្ឌិត បើទោះបីជាមិនបានចូលរួមចំណែកជួយដល់ការអភិវឌ្ឍប្រទេសជាតិ ក្រុមអ្នកនយោបាយគ្រប់និន្នាការ ក៏គួរបញ្ឈប់នយោបាយជាន់ពន្លិចប្រទេសជាតិខ្លួន ដែលគួរតែជនបរទេសទេ ដែលមានបំណងជាន់ពន្លិចប្រជាជាតិខ្មែរ មិនមែនជាជនរួមជាតិខ្មែរ ដែលមានដើមកំណើត សញ្ជាតិ និងសាវតាចេញពីប្រទេសជាតិខ្មែរខ្លួនឯងនោះទេ។ លោកបណ្ឌិតបន្ថែមថា គេមិនមានអ្វីជាចម្ងល់នោះទេ សម្រាប់ជនបរទេសដែលមានបំណងជៀតជ្រែកកិច្ចការផ្ទៃក្នុង និងបំពានបំផ្លាញផលប្រយោជន៍ខ្មែរ នឹងជាន់ពន្លិចប្រទេសកម្ពុជា ប៉ុន្តែសម្រាប់អ្នកដែលមានឈាមជ័រ និងដើមកំណើតជាជនជាតិខ្មែរ ពិតជាមិនគួរបន្តនយោបាយបំផ្លាញជាតិសាសន៍ខ្លួននោះទេ ពុំនោះទេ បុគ្គលទាំងនោះ នឹងក្លាយទៅជាសត្រូវរបស់ប្រជាជាតិខ្លួន។
បន្ថែមពីលើនេះ លោកបណ្ឌិតបានចាត់ទុកអ្នកនយោបាយ ដែលបន្តធ្វើនយោបាយប្រឆាំងផលប្រយោជន៍ជាតិសាសន៍ខ្លួន គឺជាអ្នកនយោបាយដែលមានភាពចាស់គំរិល ដើម្បីតែផលប្រយោជន៍នយោបាយខ្លួននិងបក្ខពួក បែរជាហ៊ានជាន់ពន្លិចប្រទេសជាតិខ្លួន។ លោកបណ្ឌិត យង់ ពៅ បន្តថា អ្នកនយោបាយខ្មែរគួរតែទទួលស្គាល់ថា សង្វៀននយោបាយកម្ពុជា អនុវត្តតាមលទ្ធិប្រជាធិបតេយ្យ ដែលមានការប្រកួតប្រជែងគ្នារៀងរាល់៥ឆ្នាំម្ដង ហើយអ្នកនយោបាយខ្មែរ គួរតែរៀបចំគោលនយោបាយនៅក្នុងការដឹកនាំនិងអភិវឌ្ឍប្រទេសជាតិ ដើម្បីបង្ហាញទៅដល់ម្ចាស់ឆ្នោត ហើយទុកឱ្យម្ចាស់ឆ្នោតជាអ្នកវិនិច្ឆ័យ ហើយអ្នកនយោបាយក្រៅរដ្ឋាភិបាលអាចបញ្ជាក់ឬបង្អួតទៅម្ចាស់ឆ្នោតថា ខ្លួនមានអ្វីល្អលើសរាជរដ្ឋាភិបាល ដើម្បីទទួលបានការគាំទ្រ។ លោកបណ្ឌិត បានជំរុញឱ្យអ្នកនយោបាយខ្មែរទាំងអស់ ជួយជំរុញផ្សព្វផ្សាយរូបភាពជាវិជ្ជមាននានាអំពីប្រទេសកម្ពុជា ដើម្បីផ្ដល់ផលចំណេញដល់ប្រទេសជាតិខ្លួន ហើយក្រុមអ្នកនយោបាយប្រឆាំងក៏អាចទាញប្រជាប្រិយភាពតាមរយៈរូបភាពនេះផងដែរ ថាខ្លួនពិតជាបានចូលរួមចំណែកនៅក្នុងការរីកចម្រើននៃប្រទេសជាតិ។
ជាមួយគ្នានេះ ថ្វីដ្បិតតែអ្នកនយោបាយប្រឆាំងមិនមានតួនាទីផ្លូវការនៅក្នុងស្ថាប័ននីតិប្រតិបត្តិ (រាជរដ្ឋាភិបាល) ក្ដី ប៉ុន្តែក្នុងនាមជាពលរដ្ឋកម្ពុជា ក៏គួរតែមានមនសិកាស្នេហាជាតិ និងទស្សនៈជាមូលដ្ឋានចង់ឱ្យប្រជាជាតិខ្លួនមានវឌ្ឍនភាពឆ្ពោះទៅមុខផងដែរ ហើយអ្នកនយោបាយខ្មែរគ្រប់រូប ពិតជាអាចចូលរួមចំណែកនៅក្នុងការថែរក្សា ការពារ និងពូនជ្រុំលើកតម្កើងផលប្រយោជន៍ជាតិខ្មែរ ទៅតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន ពិសេសការផ្សព្វផ្សាយសារវិជ្ជមានជាច្រើនដូចជា សក្ដានុពលទេសចរណ៍ សេដ្ឋកិច្ច និងកសិកម្មជាដើម។ លោកបណ្ឌិត បានលើកករណីលោក ថាក់ស៊ីន ស៊ីណាវាត់ត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលត្រូវបាននិរទេសទៅក្រៅប្រទេសទៅហើយក្ដី ក៏អ្នកនយោបាយថៃរូបនេះបានចូលរួមចំណែកផ្សព្វផ្សាយអំពីផលិតផលថៃ និងរួមចំណែកជំរុញផលប្រយោជន៍របស់ប្រទេសថៃផងដែរ។ ត្រង់ចំណុចនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អះអាងថា គឺជាស្មារតីនយោបាយសម័យទំនើប ដែលក្រុមអ្នកនយោបាយខ្មែរនៅក្រៅប្រទេសរៀនសូត្រ ដោយត្រូវលះបង់នូវនយោបាយពន្លិចប្រជាជាតិខ្លួន ចាប់ផ្ដើមធ្វើនយោបាយដើម្បីប្រជាជាតិខ្មែររឹងមាំ ចៀសវាងធ្វើនយោបាយ ដើម្បីតែផលប្រយោជន៍នយោបាយសួនតួរបស់ខ្លួននិងក្រុម។ លោកបណ្ឌិត បានថ្លែងសង្កត់ធ្ងន់ជាថ្មីថា នៅពេលដែលប្រជាជាតិខ្លួនមានការរីកចម្រើន ប្រជាពលរដ្ឋខ្មែរក៏នឹងអាចនឹកឃើញដល់ការចូលរួមចំណែកជំរុញការរីកចម្រើនប្រទេសជាតិ ពីសំណាក់អ្នកនយោបាយខ្មែរនៅក្រៅប្រទេសផងដែរ ហើយនោះគឺជាកិត្តិយស និងគុណតម្លៃ ដែលអ្នកនយោបាយខ្មែរទទួលបានពីការចូលរួមចំណែកដើម្បីផលប្រយោជន៍ជាតិផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីប្រតិកម្មរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ចំពោះលោក សម រង្ស៊ី ដែលព្យាយាមញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត យង់ ពៅ អ្នកវិភាគបញ្ហានយោបាយនិងសង្គម និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា លោក សម រង្ស៊ី ពុំធ្លាប់បោះបង់ចេតនាញុះញង់ពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ឱ្យងើបឡើងប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពូជានោះទេ នៅក្នុងអាជីពនយោបាយរបស់ខ្លួន ប៉ុន្តែជារៀងដរាបរហូតមក អ្នកនយោបាយរូបនេះ នៅតែមិនទទួលបានជោគជ័យទៅតាមបំណងរបស់របស់ខ្លួនឡើយ ក៏ព្រោះតែប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បានយល់ច្បាស់អំពីមហិច្ឆតានយោបាយប្រកបដោយភាពទុច្ចរឹតរបស់អ្នកនយោបាយរូបនេះ។
ទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា បើទោះបីជាលោក សម រង្ស៊ី បានដឹងថា គ្មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធចំពោះការអំពាវនាវរបស់ខ្លួនក៏ដោយក្ដី ក៏អតីតមេដឹកនាំបក្សប្រឆាំងរូបនេះ នៅតែបន្តបន្លឺសម្លេងរបស់ខ្លួននៅក្នុងបញ្ហានយោបាយកម្ពុជា ដើម្បីអាចទាញផលចំណេញនៅក្នុងរូបភាពណាមួយ ដែលពេលខ្លះបានត្រឹមតែជាការអង្រួនសង្វៀននយោបាយកម្ពុជា ឱ្យអ្នកគាំទ្ររបស់លោកមើលឃើញថា លោកនៅតែមានវត្តមាននៅក្នុងនយោបាយកម្ពុជា។ ជាលទ្ធផល អ្នកដែលជឿតាម និងដើរតាមការញុះញង់របស់លោក សម រង្ស៊ី ជានិច្ចកាលតែងតែរងគ្រោះដោយសារតែអ្នកនយោបាយរូបនេះ ពិសេសការប្រឈមមុខនឹងវិធានការផ្លូវច្បាប់ជាធរមាន រីឯលោក សម រង្ស៊ី បែរជាសម្ងំប្រមូលថវិកានៅឯក្រៅស្រុក ដោយមិនរវីរវល់នឹងសុខទុក្ខរបស់អ្នកដើរតាមនោះឡើយ។ នៅក្នុងករណីនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែគូសបញ្ជាក់សារឆ្លើយតបទៅអតីតអ្នកនយោបាយរូបនេះ ដើម្បីបញ្ចៀសកុំឱ្យពលរដ្ឋមួយចំនួនស្ដាប់ឬដើរតាមការញុះញង់របស់អ្នកនយោបាយប្រឆាំង ហើយធ្លាក់ខ្លួនជាជនរងគ្រោះនយោបាយ។
បើតាមលោកបណ្ឌិត យង់ ពៅ ការចាត់វិធានការ ដើម្បីបង្ការសកម្មភាពទាំងឡាយណាដែលបង្កដល់បញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់សារធារណៈ គឺជាកាតព្វកិច្ច និងទំនួលខុសត្រូវរបស់រាជរដ្ឋាភិបាលដែលជាស្ថាប័ននីតិប្រតិបត្តិ ហើយប្រសិនបើភាគីនយោបាយម្ខាងទៀត នៅតែបន្តញុះញង់ និងដុតរោលកងកម្លាំងប្រដាប់អាវុធ ដែលប្រើប្រាស់ "នយោបាយអុសសើមនៅជិតភ្លើង គង់អីនឹងឆេះ" ប៉ុន្តែរាជរដ្ឋាភិបាលមិនចាត់វិធានការឆ្លើយតប និងបង្ការទុកជាមុននោះទេ នោះនឹងបង្កឱ្យមានវិបត្តិនយោបាយ ឬអសន្តិសុខ កើតមាននៅក្នុងសង្គមជាតិជាក់ជាមិនខានឡើយ។ ហេតុនេះហើយ រាជរដ្ឋាភិបាលមានភាពចាំបាច់នៅក្នុងបំភ្លឺដល់សាធារណជន និងមន្ត្រីរាជការ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកបណ្ឌិតបានកត់សម្គាល់ថា ជានិច្ចកាល អ្នកនយោបាយប្រឆាំងនៅក្រៅស្រុក តែងតែព្យាយាមទាញភ្ជាប់ករណីផ្សេងៗទាំងក្នុងនិងក្រៅប្រទេស យកមកដាក់បន្ទុក និងញុះញង់ឱ្យមានចរន្តឬនិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា តួយ៉ាងចុងក្រោយនេះ ដូចជាករណីបដិវត្តន៍នៅបង់ក្លាដែស ករណីកោះគុជ និងចុងក្រោយនេះគឺ ករណីឃាតកម្មទៅលើអតីតអ្នកតំណាងរាស្ត្រអតីតគណបក្សប្រឆាំងកម្ពុជា នៅឯប្រទេសថៃជាដើម។ បើទោះជាបែបនេះក្ដី លោកបណ្ឌិត យង់ ពៅ បានអះអាងថា ការបន្តចេតនាញុះញង់ឆ្កឹះកឆ្កៀលពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធឱ្យប្រឆាំងនឹងរាជរដ្ឋាភិបាល ពីសំណាក់អតីតមេដឹកនាំគណបក្សប្រឆាំងនេះ នឹងមិនជះឥទ្ធិពល ឬបង្កជាចរន្តប្រឆាំងរដ្ឋាភិបាល ទៅតាមគោលដៅរបស់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅស្រុកនោះឡើយ ហើយការញុះញង់និងអំពាវនាវទាំងនេះ នឹងគ្រាន់តែជាសារនយោបាយដែលគ្មានទម្ងន់របស់អតីតអ្នកនយោបាយប្រឆាំងដែលនិរទេសនៅក្រៅស្រុកតែប៉ុណ្ណោះ។ លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់បន្ថែមថា «នេះគ្រាន់តែជានយោបាយចង់រក្សាសង្វៀននយោបាយប៉ុណ្ណោះ» មិនគួរអីប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធខ្លះ រើសយកមកពិចារណានាំខាតពេលវេលានោះទេ ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឆ្លើយតបទៅនឹងការចោទសួរពីអ្នកសារព័ត៌មាន ជុំវិញករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងទស្សនៈចំពោះប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា មេដឹកនាំអ៊ុយក្រែនគួរតែពិនិត្យលទ្ធភាពនៃការចរចាឱ្យបានកាន់តែឆាប់ ជាជាងរំពឹងចាំឱកាសមានប្រៀបក្នុងសង្គ្រាម ព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយងាយឡើយប្រសិនបើគ្មានការចរចា។
លោកបណ្ឌិត យង់ ពៅ បានយល់ស្របទៅនឹងប្រសាសន៍លើកឡើងរបស់សម្ដេចតេជោអំពីករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលមេដឹកនាំអ៊ុយក្រែនត្រូវចាប់ផ្ដើមចរចាក្នុងស្ថានភាពវាយផងចរចាផង ជាជាងរង់ចាំឱ្យអ៊ុយក្រែនមានប្រៀបលើសមរភូមិយោធាជាមុនសិន ទើបស្វែងរកការចរចា។ សម្រាប់លោកបណ្ឌិត ប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ គឺជាទស្សនៈឡូហ្ស៊ិកនយោបាយមួយ ពោលគឺដើម្បីសម្រេចបានតាមគោលដៅដែលចង់បាន ការតស៊ូទាំងផ្លូវសមរភូមិអាវុធ និងសមរភូមិការទូត ក៏ដូចជាការចរចា ត្រូវធ្វើឡើងស្របពេលដំណាលគ្នា។
លោកបណ្ឌិត យង់ ពៅ បានបន្តថា សម្ដេចតេជោបានដឹកនាំស្វែងរកសន្តិភាពសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា នៅក្នុងដំណើរការដូច្នេះដែរ ពោលគឺមិនរង់ចាំឱ្យអ្នកខាងក្រៅអន្តរាគមន៍ ឬជួយឱ្យខ្លួនឯងមានប្រៀបជាមុនទើបចរចានោះទេ ប៉ុន្តែ សម្ដេចតេជោបានចាប់ផ្ដើមការចរចាតាំងពីដំបូងទី ព្រោះសម្ដេចតេជោយល់យ៉ាងជាក់ច្បាស់ថា មានតែការចរចាតែប៉ុណ្ណោះ ដែលអាចឈានឆ្ពោះទៅរកការបញ្ចប់សង្គ្រាម និងនាំមកនូវសន្តិភាពពេញលេញជូនដល់ជាតិមាតុភូមិ។ លោកបណ្ឌិតបញ្ជាក់បន្ថែមថា បទពិសោធន៍នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា គឺជាលំនាំមួយដែលមេដឹកនាំអ៊ុយក្រែនក៏ដូចជាប្រទេសដែលកំពុងជួបសង្គ្រាមអាចយកជាមេរៀននៅក្នុងជ្រុងផ្សេងៗ ដើម្បីស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិខ្លួន ព្រោះប្រសិនបើអ្នកនយោបាយនៃជាតិសាសន៍មួយ មិនយល់ឃើញអំពីដំណើរការស្វែងរកសន្តិភាព ហើយរង់ចាំតែការអន្តរាគមន៍ឬជួយពីសំណាក់ភាគីខាងក្រៅ គេពិតជាពិបាកនឹងសម្រេចបានសន្តិភាពសម្រាប់ជាតិសាសន៍ខ្លួនណាស់។
បើតាមលោកបណ្ឌិត យង់ ពៅ នៅក្នុងទំនាក់ទំនងអន្តរជាតិ គ្មានប្រទេសណាមួយដែលជួយប្រទេសផ្សេងទៀត ដោយមិនគិតគូរអំពីផលប្រយោជន៍ដែលគេទទួលបានណាស់ ពោលគឺ ការអន្តរាគមន៍ ឬផ្ដល់ជំនួយផ្សេងៗដល់ប្រទេសដទៃ តែងតែស្ថិតនៅក្នុងរបៀបវារៈនយោបាយ ដើម្បីបម្រើផលប្រយោជន៍ជាយុទ្ធសាស្ត្រនយោបាយ ឬសេដ្ឋកិច្ចរបស់ប្រទេសខ្លួនជានិច្ច។ ការដែលមេដឹកនាំអ៊ុយក្រែនរង់ចាំជំនួយពីសំណាក់អាម៉េរិកឬអឺរ៉ុប ដើម្បីមានប្រៀបនៅក្នុងសង្គ្រាមជាមួយនឹងរុស្ស៊ីនេះ គឺជាការពឹងផ្អែកទាំងស្រុងទៅលើភាគីខាងក្រោ ដែលគេមិនអាចគិតគូរផលប្រយោជន៍ជាតិរបស់អ៊ុយក្រែន ជាងមេដឹកនាំនិងប្រជាជនអ៊ុយក្រែនខ្លួនឯងផ្ទាល់នោះទេ។ ហេតុនេះហើយ ប្រសិនបើមេដឹកនាំអ៊ុយក្រែន មិនរូតរះស្វែងរកការចរចាហើយបន្តរង់ចាំជំនួយពីសហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេស ដើម្បីមានប្រៀបលើសង្គ្រាមជាមួយនឹងរុស្ស៊ី មុននឹងធ្វើការចរចានោះ គឺប្រទេសនិងប្រជាជនអ៊ុយក្រែនខ្លួនឯងទេ ដែលត្រូវបន្តរងគ្រោះក្នុងរយៈពេលកាន់តែយូរបន្ថែមទៅទៀត។
លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា គេមិនអាចយកប្រទេសខ្លួនឯងធ្វើជាដើមទុនចរចា នៅចំពោះមុខភ្លើងសង្គ្រាមដែលកំពុងបន្តឆាបឆេះនោះ ហើយរង់ចាំពិភពលោកខាងក្រៅមកជួយអន្តរាគមន៍ ដើម្បីមានប្រៀបនៅក្នុងការចរចានោះឡើយ។ ប្រសិនបើមេដឹកនាំអ៊ុយក្រែនមាននិន្នាការសម្រេចចិត្តដូច្នេះ នោះសង្គ្រាមនឹងនៅតែបន្តឆាបឆេះ ហើយប្រទេសនិងប្រជាជនអ៊ុយក្រែនខ្លួនឯងដែលជាអ្នកទទួលរងគ្រោះធ្ងន់ជាងគេ។ លោកបណ្ឌិតបានបន្តថា នៅពេលដែលប្រទេសជាតិខ្លួនមានសង្គ្រាម មេដឹកនាំប្រទេសនោះគួរតែជាអ្នកចេញមុខស្វែងរកលទ្ធភាពចរចា ដើម្បីឈានឆ្ពោះទៅកាន់ដំណោះស្រាយសម្រាប់ប្រទេសជាតិរបស់ខ្លួន មិនអាចរង់ចាំការអន្តរាគមន៍ពីសំណាក់ភាគីខាងក្រៅ ដែលគេទន្ទឹងរង់ចាំឱកាសទទួលបានផលប្រយោជន៍ផ្ទាល់របស់គេនោះទេ។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា មានតែអ៊ុយក្រែនខ្លួនឯងទេ ជាអ្នកសម្រេចចិត្តលើជោគវាសនាជាតិរបស់ខ្លួន៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបង្ហាញទស្សនៈយល់ឃើញរបស់លោក អំពីដំណើរវិវត្តនៃការកាន់តំណែង និងសមិទ្ធផលសំខាន់ៗដែលសម្ដេចតេជោសម្រេចបានសម្រាប់ប្រជាជាតិខ្មែរ នៅក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា នៅក្នុងដំណើរដឹកនាំកម្ពុជាជាង៤០ឆ្នាំរបស់សម្ដេចតេជោ បានឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំប្រកបដោយវីរៈភាព និងនាំមកនូវសមិទ្ធផលសំខាន់ៗ សម្រាប់ប្រជាជាតិខ្មែរ។
លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា នៅក្នុងដំណើរវិវត្តនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ចាប់តាំងពីការទទួលតំណែងជាប្រធានក្រុមប្រឹក្សារដ្ឋ តាំងពីឆ្នាំ១៩៨៥ មកទល់នឹងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គេអាចឆ្លុះបញ្ចាំងបាន ៣ចំណុចសំខាន់ៗគឺ៖
១. ដំណើរប្រព្រឹត្តទៅនៃការដឹកនាំរបស់សម្ដេចតេជោ នៅក្នុងរយៈពេលជាង៤០ឆ្នាំនេះ ពិតជាបង្ហាញអំពីសច្ចភាពប្រវត្តិសាស្ត្រ ដែលសម្ដេចគឺជារដ្ឋបុរសមួយ ដែលមានពិតប្រាកដនៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ពុំមែនជារឿងដែលគេដំណាលដូចក្នុងប្រវត្តិសាស្ត្រមួយចំនួននោះឡើយ។
២. នៅក្នុងទិដ្ឋភាពនៃការដឹកនាំរបស់សម្ដេចតេជោ បានបង្ហាញថា សម្ដេចតេជោ គឺជារដ្ឋបុរសខ្លាំងកម្ពុជាពិតប្រាកដ ពោលសម្ដេចគឺជាមេដឹកនាំដ៏មានឥទ្ធិពលនៅក្នុងនយោបាយកម្ពុជា ដោយចាប់តាំងពីទទួលតំណែងរហូតមកដល់បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលជាស្ថាប័៏ននយោបាយខ្ពស់បំផុតមួយនៅកម្ពុជា សម្ដេចបានស្ថិតក្នុងតំណែងនយោបាយរយៈពេលជាង៤០ឆ្នាំ មិនដែលអាក់ខានឡើយ។ បើតាមលោកបណ្ឌិត សម្ដេចតេជោបានលះបង់តំណែងជានាយករដ្ឋមន្ត្រីដែលជាប្រមុខស្ថាប័ននីតិប្រតិបត្តិ មកកាន់តំណែងជាប្រធានព្រឹទ្ធសភា ជាស្ថាប័ននីតិប្បញ្ញត្តិវិញ។ សម្ដេចតេជោ គឺជាបុរសខ្លាំងពិតប្រាកដ ដែលបានទទួលអំណាច កាន់អំណាច និងរក្សាអំណាចនយោបាយជាប់ជានិច្ចដោយមិនរបូតម្ដងណាឡើយ។ នេះពិតជាលក្ខណៈសំខាន់ណាស់សម្រាប់ភាពជាអ្នកដឹកនាំ មិនត្រឹមតែសម្រាប់សម្ដេចតេជោនោះទេ គឺចំពោះឥស្សរជននយោបាយនានានៅក្នុងពិភពលោក ព្រោះការទទួលបានអំណាច គឺជារឿងមួយ រីឯការរក្សាអំណាច គឺជារឿងចាំបាច់និងមានការលំបាកមួយផ្សេងទៀត។ ទោះជាយ៉ាងណា សម្ដេចតេជោ ពិតជាបានរក្សាអំណាចរបស់លោកអស់រយៈពេលជាង៤០ឆ្នាំ តាមរយៈទទួលបានប្រជាប្រិយភាពនិងការគាំទ្រពីសំណាក់ប្រជាជនកម្ពុជាភាគច្រើនលើសលប់។ នេះគឺជាភាពកម្រមួយសម្រាប់មេដឹកនាំនយោបាយនៅលើពិភពលោក ដែលមេដឹកនាំភាគច្រើនមិនអាចសម្រេចបានឡើយ។
៣. ក្រៅពីរក្សាអំណាចនិងតួនាទីដ៏សំខាន់នៅក្នុងនយោបាយ បុរសខ្លាំងនៃកម្ពុជា ក៏ថែមទាំងរក្សាបានផងដែរនូវស្ថិរភាពនយោបាយនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលជាបុព្វលក្ខខណ្ឌអនុញ្ញាតឱ្យកម្ពុជាកសាងសេដ្ឋកិច្ចនិងសង្គមឱ្យមានការរីកចម្រើនដូចបច្ចុប្បន្ន។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានលើកឡើងអំពីសមិទ្ធផលធំៗ ដែលសម្ដេចតេជោ ហ៊ុន សែន ខិតខំប្រឹងប្រែងសម្រេចបានសម្រាប់ប្រជាជាតិកម្ពុជាផងដែរគឺ៖
១. សង្គ្រោះអាយុជីវិតកម្ពុជា ពោលទាំងជីវិតប្រជាជន និងទឹកដីប្រទេសកម្ពុជា ដោយសម្ដេចតេជោបានសង្គ្រោះប្រជាជាតិកម្ពុជាចេញពីនយោបាយកាប់សម្លាប់ជាតិសាសន៍ឯងរបស់ក្រុមមេដឹកនាំខ្មែរក្រហម តាមរយៈជ័យជម្នះ ៧ មករា ១៩៧៩។ ប្រសិនបើសម្ដេចតេជោ និងឥស្សរជននយោបាយផ្សេងទៀត មិនបានសង្គ្រោះប្រជាជាតិកម្ពុជាចេញពីកណ្ដាប់ដៃរបបកម្ពុជាប្រជាធិបតេយ្យនោះទេ មិនត្រឹមតែអាយុជីវិតប្រជាជនកម្ពុជាប៉ុណ្ណោះទេដែលត្រូវបាត់បង់ តែជោគវាសនានៃប្រជាជាតិកម្ពុជា ក៏ស្ថិតនៅក្នុងភាបស្រពិចស្រពិលផងដែរ ព្រោះប្រសិនបើរបបដ៏ឃោរឃៅយង់ឃ្នងនេះសម្លាប់ប្រជាជនខ្លួនអស់ គេពិតជាពិបាកស្រមៃថា តើប្រទេសណា និងជនជាតិណា ដែលនឹងចូលមកដឹកនាំនិងគ្រប់គ្រងទឹកដីប្រទេសកម្ពុជាជំនួសប្រជាជនខ្មែរណាស់។ បើតាមលោកបណ្ឌិត ក្រោយពីបង្កើតរណសិរ្សសង្គ្រោះជាតិកម្ពុជា ២ធ្នូ សម្ដេចតេជោ ហ៊ុន សែន និងឥស្សរជននយោបាយខ្មែរដទៃទៀត បានធ្វើការតស៊ូ ផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ និងទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃរស់រានមានជីវិតសារជាថ្មីរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅក្នុងប្រទេសកម្ពុជា។
២. សមិទ្ធផលមួយទៀតរបស់សម្ដេចតេជោ ហ៊ុន សែន គឺ ការទប់ស្កាត់នូវការវិលត្រឡប់មកវិញនៃសង្គ្រាម។ នៅបន្ទាប់ពីការសង្គ្រោះប្រជាជាតិខ្មែរចេញពីរបបប្រល័យមនុស្សជាតិ ប៉ុល ពត កាតព្វកិច្ចដ៏សំខាន់មួយទៀតគឺ ការទប់ស្កាត់នូវការវិលត្រឡប់មកវិញនៃសង្គ្រាម។ សង្គ្រាមនៅត្រង់ចំណុចនេះ គឺរាប់ចាប់តាំងពីសង្គ្រាមដែលបង្កឡើងដោយភាគីអមិត្ត និងក្រុមចលនាតស៊ូខ្មែរ ដែលក្រោយមកបានចាប់ដៃជាមួយនឹងក្រុមខ្មែរក្រហម បង្កើតជារដ្ឋាភិបាលត្រីភាគី តស៊ូនៅតាមព្រំដែនកម្ពុជា-ថៃ និងការប៉ុនប៉ងបង្កើតបដិវត្តន៍ពណ៌នៅកម្ពុជារបស់ក្រុមអ្នកនយោបាយប្រឆាំងនៅកម្ពុជាផងដែរ។ បើតាមលោកបណ្ឌិត យង់ ពៅ ទាំងអស់នេះ គឺជាសមិទ្ធផលដែលមិនអាចប្រកែកបានដែលសម្ដេចតេជោ បានបន្សល់ទុកសម្រាប់ប្រជាជាតិខ្មែរ។
៣. សមិទ្ធផលលេចធ្លោមួយទៀត ដែលសម្ដេចតេជោនាំមកជូនប្រទេសជាតិនោះគឺ ការស្វែងរកសន្តិភាពពេញលេញនិងយូរអង្វែងសម្រាប់ប្រជាជាតិខ្មែរ ដោយបាននាំប្រទេសកម្ពុជាចេញពីសង្គ្រោះហែកហួរផ្ទៃក្នុងដ៏រ៉ាំរ៉ៃរាប់ទសវត្សរ៍ និងនាំមកនូវសន្តិភាពពេញបរិបូរណ៌ឡើងវិញសម្រាប់ប្រជាជនកម្ពុជា។ ការស្វែងរកសន្តិភាពនេះគឺជាសមិទ្ធផលដ៏សំខាន់និងចាំបាច់បំផុតសម្រាប់ប្រជាជាតិនីមួយៗ ព្រោះនៅលើពិភពលោកនេះ ពេលដែលប្រទេសជាតិមួយធ្លាក់ចូលក្នុងសង្គ្រាមហើយ គេពិតជាលំបាកនៅក្នុងការកសាងសុខសន្តិភាពឡើងវិញណាស់។
៤. សមិទ្ធផលដ៏សំខាន់មួយទៀតដែលសម្ដេចតេជោសម្រេចបានសម្រាប់ប្រជាជាតិនោះគឺ ការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រោយពីនាំមកនូវសុខសន្តិភាពពេញលេញ សម្ដេចតេជោក្នុងនាមជាមេដឹកនាំ ក៏បានកសាងប្រទេសជាតិ ចេញពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ដូចបច្ចុប្បន្ននេះ។ ត្រង់ចំណុចនេះ យុវជនកម្ពុជាជំនាន់ក្រោយដែលរស់នៅក្នុងសម័យសន្តិភាព ថែមទាំងស្ទើតែនឹកស្រមៃមិនឃើញអំពីទិដ្ឋភាពសង្គ្រាមរបស់កម្ពុជានៅក្នុងអតីតកាលថែមទៀតផង ព្រោះពួកគេមើលឃើញតែការអភិវឌ្ឍ ជឿនលឿន សម្បូរសប្បាយ និងសន្តិភាពជារៀងដរាបមកក្នុងជីវិតរបស់ខ្លួន។ បើតាមលោកបណ្ឌិត យង់ ពៅ យុវជនជំនាន់ក្រោយមួយចំនួន ពិតជាមិនបានដឹងឡើយអំពីភាពជូរចត់នៃសង្គ្រាមផ្ទៃក្នុង ការបែកបាក់ព្រាត់ប្រាសនិរាស្ត្រគ្រួសារ ដោយសារការជម្លៀសនិងការបាត់បង់ជីវិតនោះទេ។ ការអភិវឌ្ឍសំខាន់ៗទាំងនោះរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងនិងអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាគ្រប់វិស័យទាំងអស់ ដែលជាបណ្ដើរៗបាននាំប្រទេសកម្ពុជាចេញពីប្រទេសមានចំណូលមធ្យមកម្រិតទាប ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅប្រទេសមានចំណូលកម្រិតខ្ពស់នាពេលខាងមុខ។
៥. ការបើកច្រកកម្ពុជាទៅកាន់ពិភពលោក៖ សម្ដេចតេជោមិនត្រឹមតែសង្គ្រោះប្រទេសជាតិខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបើកច្រកកម្ពុជាទៅកាន់ពិភពលោក និងថែមទាំងបានជួយសង្គ្រោះបណ្ដាប្រទេសនានាលើពិភពលោកថែមទៀតផង ដោយកម្ពុជាតែងតែបានរៀបចំវេទិកានៃកិច្ចសន្ទនាធំៗលើពិភពលោក ដូចជា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងៗ ដែលនាយករដ្ឋមន្ត្រី ប្រធានាធិបតី និងព្រះមហាក្សត្រនៃប្រទេសនានាបានមកជួបប្រជុំដោះស្រាយបញ្ហាសាកលលោក ព្រមទាំងការបញ្ជូនកងទ័ពមួកខៀវទៅចូលរួមរក្សាសន្តិភាពពិភពលោក ក៏ដូចជាការចូលរួមនៅក្នុងសេចក្ដីសម្រេច និងការដោះស្រាយបញ្ហាផ្សេងៗលើពិភពលោកក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ។
បន្ថែមពីលើនេះ លោកបណ្ឌិត យង់ ពៅ ក៏បានគូសបញ្ជាក់អំពីបទពិសោធន៍ដែលគេអាចរៀនសូត្រពីភាពជាអ្នកដឹកនាំនយោបាយ របស់សម្ដេចតេជោ ក្នុងរយៈពេលជាង៤០ឆ្នាំនេះផងដែរថា គេអាចរៀនសូត្រពីបទពិសោធន៍នយោបាយដ៏ល្អប្រសើររបស់សម្ដេចតេជោ ដែលប្រជាជាតិខ្មែរអាចសិក្សាស្វែងយល់អំពីវីរៈភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ ដោយការបូជានូវសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ជូនដល់ជាតិមាតុភូមិ និងជាសច្ចភាពមិនអាចប្រកែកបាន ដែលគេត្រូវតែពិនិត្យ រៀនសូត្រ យកធ្វើជាមេរៀន និងជាការត្រួសត្រាយបន្ត នៅក្នុងការអភិវឌ្ឍប្រទេសជាតិ និងថែរក្សាសុខសន្តិភាពឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជាជាបន្ត៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន អំពីបំណងបន្តកិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងប្រទេសកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលត្រូវបានកម្ពុជាលើកឡើងនៅថ្ងៃទី១៣ ខែមករា ដោយស្នើឱ្យអាមេរិកបន្ដកិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយគ្នាឡើងវិញ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានគូសបញ្ជាក់ថា គឺជាសញ្ញាណដ៏ល្អមួយនៅក្នុងទំនាក់ទំនងទ្វេភាគី និងអាចហុចផលឱ្យកម្ពុជាទាំងនៅក្នុងវិស័យយោធា នយោបាយ និងការទូត។ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ការស្នើពង្រឹងកិច្ចសហប្រតិបត្តិការវិស័យយោធារវាងកម្ពុជានិងសហរដ្ឋអាម៉េរិកឡើងវិញទៅលើការបណ្តុះបណ្តាលយោធា ផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងលទ្ធភាពនៃការធ្វើលំហាត់ហ្វឹកហ្វឺនឆ្មាំអង្គររួមគ្នាឡើងវិញនេះ គឺជាការប្រសើរមួយនៅក្នុងការជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។
លោកបណ្ឌិតបានមានប្រសាសន៍ថា ការស្នើឡើងរបស់កម្ពុជានេះ ស្របតាមកាលៈទេសៈតម្រូវរបស់ប្រទេសទាំងពីរ ក៏ដូចជាស្ថានភាពថ្មីនៃពិភពលោកផងដែរ ព្រោះការអាក់ខានកិច្ចសហប្រតិបត្តិការកន្លងទៅនេះ កើតឡើងដោយសារតែវិបត្តិរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ដែលតម្រូវឱ្យមានការប្រុងប្រយ័ត្ន និងបញ្ហាផ្សេងៗទៀតជាច្រើន ដូចចូលមកឡូកឡំនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ ដែលនាំឱ្យមានការខកខាន។ ការស្នើឡើងរបស់កម្ពុជានាពេលនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ វាយតម្លៃថា ត្រូវចំពេលដែលកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវពង្រឹងទំនាក់ទំនងល្អឡើងវិញនៅគ្រប់វិស័យ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។
បន្ថែមពីលើនេះ ការស្នើឡើងនេះក៏ស្របទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលតម្រូវឱ្យកម្ពុជាមានទំនាក់ទំនងល្អ និងបើកទូលាយនូវកិច្ចសហប្រតិបត្តិទៅលើវិស័យផ្សេងៗជាមួយគ្រប់បណ្ដាប្រទេស និងមហាអំណាចទាំងអស់ ដោយមិនផ្ដោតតែទៅលើមហាអំណាចណាមួយឡើយ។ សម្រាប់លោកបណ្ឌិត កម្ពុជាមានភាពចាំបាច់នៅក្នុងការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់បណ្ដាប្រទេសជាដៃគូ ក៏ដូចជាគ្រប់មហាអំណាចទាំងអស់ មិនថាចិន អាម៉េរិក សហព័ន្ធរុស្ស៊ី ឬមហាអំណាចដទៃផ្សេងទៀតឡើយ ដើម្បីរក្សាបាននូវឯករាជ្យភាព អព្យាក្រឹត្យភាព និងគោលការណ៍មិនចូលបក្សសម្ព័ន្ធដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។ ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ត្រូវធ្វើឡើងជាទូទៅ ដើម្បីចូលរួមថែរក្សា និងការពារសណ្ដាប់ធ្នាប់ពិភពលោកនិងតំបន់ លើកលែងតែការចូលរួមនៅក្នុងបក្សសម្ព័ន្ធយោធាតែប៉ុណ្ណោះ ពោលគឺមិនរំខានដល់សន្តិសុខនិងសណ្ដាប់ធ្នាប់តំបន់និងពិភពលោកឡើយ។ កិច្ចសហប្រតិបត្តិការយោធានេះ ត្រូវធ្វើឡើងក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសដៃគូជាមិត្តភាព ហើយត្រូវស្របតាមមាត្រា៥៣នៃរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់អន្តរជាតិនានាផងដែរ។
ជាមួយគ្នានេះដែរ ការណ៍នេះគឺជាភាពចាំបាច់មួយសម្រាប់ប្រទេសកម្ពុជាផ្ទាល់ ដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិនៅគ្រប់និន្នាការ និងគ្រប់មហាអំណាចទូទៅ មិនចំពោះនោះឡើយ ព្រោះកម្ពុជាបានសម្រេចជ្រើសរើសនយោបាយការបរទេសចម្រុះពណ៌ ពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។ ម្យ៉ាងទៀត សហរដ្ឋអាម៉េរិកគឺជាមហាអំណាចទីមួយនៃពិភពលោក ដែលដើរតួនាទីសំខាន់នៅក្នុងការដំណើរការចរចាស្វែងរកសន្តិភាពនៅកម្ពុជា ទាំងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ក្ដី ក៏ដូចជានៅក្នុងដំណើរការប្ដឹងទៅតុលាការអន្តរជាតិ ក្នុងរឿងក្ដីប្រាសាទព្រះវិហារក្ដី ដែលសហរដ្ឋអាម៉េរិកពិតជាបានចូលរួមយ៉ាងសកម្ម។ នេះគឺជាពេលវេលាដ៏សមស្របនិងចាំបាច់ ដែលកម្ពុជាត្រូវពង្រឹងទំនាក់ទំនងជាមួយមហាអំណាចគ្រប់និន្នាការទាំងអស់។
ដោយឡែក ប្រសិនបើពិនិត្យមើលតែកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាម៉េរិក លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ ពិតជាផ្ដល់សារៈប្រយោជន៍សម្រាប់ប្រទេសកម្ពុជានៅក្នុងទិដ្ឋនយោបាយ ព្រោះកន្លងមក កម្ពុជាតែងតែបានរងការចោទប្រកាន់ថា កម្ពុជាធ្វើកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចមួយ តែមិនពិនិត្យមើលលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការជាមួយមហាអំណាចមួយទៀត ដូចជាសហរដ្ឋអាម៉េរិកជាដើម។ ហេតុនេះ គំនិតដែលបានស្នើឡើងនេះ ពិតជាការបង្ហាញចេតនាជាវិជ្ជមាននៅក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងមហាអំណាចពិភពលោកមួយនេះ ហើយការពង្រឹងកិច្ចសហប្រតិបត្តិការយោធាឡើងវិញ រវាងប្រទេសទាំងពីរ នឹងបង្ហាញយ៉ាងច្បាស់បន្ថែមថា កម្ពុជាមានបំណងធ្វើកិច្ចសហប្រតិបត្តិល្អជាមួយគ្រប់មហាអំណាចទាំងអស់ ដើម្បីបម្រើដល់ប្រយោជន៍ជាតិ និងស្របតាមច្បាប់ជាធរមាន។
នៅក្នុងនោះដែរ ការពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាម៉េរិកឡើងវិញ ក៏នឹងផ្ដល់សារៈប្រយោជន៍ចំពោះកម្ពុជា នៅក្នុងការទទួលបានចំណេះដឹងបច្ចេកទេស យុទ្ធសាស្ត្រ និងបទពិសោធន៍យោធាថ្មីៗបន្ថែមទៀតសម្រាប់កងកម្លាំងយោធារបស់កម្ពុជា ហើយគ្រប់កិច្ចសហប្រតិបត្តិការយោធាជាមួយប្រទេសមានការរីកចម្រើនខាងយោធា ពិតជាបានចូលរួមចំណែកពង្រឹងសមត្ថភាពកងទ័ពកម្ពុជាយ៉ាងពិតប្រាកដ។
លើសពីនេះទៅទៀត ផលប្រយោជន៍ដែលទទួលបានពីកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-សហរដ្ឋអាម៉េរិក ក៏នឹងចូលរួមចំណែកជំរុញបន្ថែមទៀត នូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលកន្លងទៅ ទំនាក់ទំនងទ្វេភាគីនេះ យើងឃើញថា មានការវាយតម្លៃផ្សេងៗគ្នាថា កិច្ចសហប្រតិបត្តិការផ្សេងៗរវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ ខណៈជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ហាក់មិនមានការថមថយនោះឡើយ ប៉ុន្តែទំនាក់ទំនងខាងយោធា និងនយោបាយ មានការវាយតម្លៃក្នុងកម្រិតផ្សេងពីគ្នា។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានថ្លែងអះអាងថា ការពង្រឹងកិច្ចសហប្រតិបត្តិការយោធារវាងកម្ពុជានិងសហរដ្ឋអាម៉េរិក នឹងអាចក្លាយជាចលករចម្បងនៅក្នុងការវាយតម្លៃឡើងវិញនូវទស្សនៈនយោបាយចំពោះទំនាក់ទំនងរវាងប្រទេសជាមិត្តទាំងពីរ៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ចំខួបលើកទី៤០ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានលើកឡើងនូវចំណុចកត់សម្គាល់នូវសមិទ្ធផលធំៗចំនួន៩ចំណុច ដែលសម្តេចតេជោបានសាងចំពោះប្រជាជាតិកម្ពុជាគឺ៖
ទី១- សម្តេចជាអ្នកដឹកនាំចលនាតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនេះជាការលះបង់ដ៏ធំធេងបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានយកអាយុជីវិតជាដើមទុនរំដោះប្រជាជាតិកម្ពុជាឱ្យចេញផុតពីរបបប្រល័យពូជសាសន៍។
ទី២- សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរំដោះប្រទេស និងប្រជាជនចេញពីរបបប្រល័យ ពូជសាសន៍ហើយនោះ សម្តេចបានខិតខំសព្វបែបយ៉ាង ដើម្បីទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ដោយដាក់ចេញយុទ្ធសាស្ត្រ និងគោលនយោបាយសំខាន់ៗជាច្រើន ដើម្បីធានាភាពរស់រានមានជីវិតរបស់ប្រជាជាតិកម្ពុជា។
ទី៣- សម្តេចតេជោ ហ៊ុន សែន ចាប់ពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ មក គឺសម្តេច បានខិតខំ ប្រឹងប្រែង កសាង ស្តារសេដ្ឋកិច្ច ក្នុងស្ថានភាពដៃម្ខាងទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបប ប្រល័យពូជសាសន៍ និងដៃម្ខាងខំប្រឹងប្រែងស្តារ កសាងប្រទេសជាតិ ពីបាតដៃទទេក្នុង ស្ថានភាព មួយ ដែលកម្ពុជាមានការលំបាកមែនទែន ដោយពិភពលោកពីជ្រុងម្ខាង បានហ៊ុព័ទ្ធទាំងសេដ្ឋកិច្ច និងនយោបាយ។
ទី៤- សម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុត នៃដំណើរការចរចាសន្តិភាព ដែលចាប់ផ្តើមពីជំនួបជាប្រវត្តិសាស្ត្ររវាងសម្តេចតេជោ និងសម្តេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាជាតិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧។ ចាប់ពីឆ្នាំ១៩៨៧ រហូតដល់ឆ្នាំ១៩៩១ មុននឹងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១នោះ សម្តេចតេជោ បានលះបង់នូវថាមពល បញ្ញាញាណជាច្រើន ក្នុងដំណើរការនៃការចរចា ដែលសម្តេចត្រូវធ្វើដំណើរស្ទើរតែមួយចំហៀងពិភពលោក ដើម្បីធ្វើឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
ទី៥- សម្តេចតេជោ គឺជាតួអង្គដ៏សំខាន់ នាំមកវិញនូវរបបរាជានិយមនៅកម្ពុជា។ ជាការចាប់ផ្តើម គឺសម្តេចតេជោ គឺជាអ្នកយាងសម្តេច នរោត្តម សីហនុ ចូលមកប្រទេសកម្ពុជា មុនពេលមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៅទៀត។ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ សម្តេចតេជោ ជាតួអង្គសំខាន់បំផុត ដែលនាំឱ្យកម្ពុជា ចែងអំពីរបបរាជានិយម អាស្រ័យធម្មនុញ្ញ។ បើគ្មានការរួមចំណែកដ៏សំខាន់មិនអាចខ្វះបានរបស់សម្តេចតេជោ ហ៊ុន សែន ទេនោះ របបរាជានិយមនៅកម្ពុជា ប្រហែលជាមិនអាចចារឹកក្នុងរដ្ឋធម្មនុញ្ញនោះឡើយ។ សម្តេចតេជោ គឺជាអ្នកការពាររាជបល្ល័ង្កដ៏ពិតប្រាកដ។
ទី៦- សម្តេចតេជោ ហ៊ុន សែន គឺជាអគ្គមគ្គុទេសក៍ឯកនយោបាយឈ្នះ-ឈ្នះ ដែលធ្វើឱ្យកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញបរិបូរណ៍នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង៥០០ឆ្នាំ។ តាមរយៈសន្តិភាពនេះ គឺជាតម្លៃស្នូលដ៏មានសារៈសំខាន់បំផុតសម្រាប់ការស្តារ និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ទី៧- សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រជាជាតិកម្ពុជា ឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ រយៈពេលប្រមាណ ២០ឆ្នាំ ដែលធ្វើឱ្យកម្ពុជា ប្រែមុខមាត់ថ្មីលើការអភិវឌ្ឍ។ ពីមុនគេធ្លាប់ស្គាល់ជាប្រទេសដែលជួបគ្រោះទុរភិក្ស ចំការមីន ឬជាមជ្ឈមណ្ឌលប្រលងប្រជែងខាងមនោគមន៍វិជ្ជានយោបាយ ឬសាកល្បងអាវុធរបស់ មហាអំណាច ក្លាយទៅជាប្រទេសមួយ ដែលមានការប្រែមុខមាត់ថ្មី ជាគោលដៅទេសចរណ៍ ដ៏មានសារៈសំខាន់ ជាប្រទេសដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការ រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការដោះមីន ជាប្រទេសដែលនាំស្បៀងចេញ ជាប្រទេសនាំចេញសម្លៀកបំពាក់សម្រាប់ពិភពលោក។
ទី៨- សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសជាតិ ធ្វើឱ្យកម្ពុជាមានកិត្យានុភាព លើឆាកអន្តរជាតិ។ តួនាទីរបស់កម្ពុជា កាន់តែមានសារៈសំខាន់ឡើងក្នុងកិច្ចការតំបន់ និងអន្តរជាតិ។ ជាពិសេសអ្វីដែលមានមោទនភាពបំផុតនោះ គឺក្នុងតួនាទីកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានទទួលនូវជោគជ័យយ៉ាងត្រចះត្រចង់បំផុត ដែលធ្វើឱ្យកិត្យានុភាពជាតិលើឆាកអន្តរជាតិខ្ពស់ត្រដែត។ តាមរយៈតួនាទីជាប្រធានអាស៊ាន កម្ពុជា បានរួមចំណែកបន្ធូរបន្ថយសភាពការណ៍តំបន់ និងអន្តរជាតិបានយ៉ាងច្រើន ហើយទទួលបាននូវការសាទរ និងផ្តល់តម្លៃខ្ពស់បំផុតពីបណ្តាប្រទេសនានានៅក្នុងអាស៊ាន ក៏ដូចជាប្រទេសដៃគូអភិវឌ្ឍន៍។
ទី៩- សម្តេចតេជោ ហ៊ុន សែន ជាតួអង្គដ៏សំខាន់បំផុត ដែលប្រយុទ្ធដណ្តើមអាយុជីវិតប្រជាពលរដ្ឋចេញពីមច្ចុរាជនៃជំងឺកូវីដ-១៩។ តាមរយៈគោលនយោបាយ និងយុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាយកឈ្នះលើជំងឺរាតត្បាតកូវីដ១៩ នាំឱ្យកម្ពុជាមានភាពសុាំ មានអង់ទីគ័រ សម្រាប់ការពារជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាមានលទ្ធភាពបើកប្រទេសវិញទាំងស្រុង។
ជារួម សម្តេចតេជោ ហ៊ុន សែន នៅតែជាតួអង្គដ៏សំខាន់បំផុតសម្រាប់សង្គមកម្ពុជា ជាពិសេស ទស្សនវិជ្ជាសន្តិភាព និងនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ នៅតែធាតុដ៏ចាំបាច់សម្រាប់ការកសាង និងអភិវឌ្ឍន៍សង្គមកម្ពុជា។ សម្តេចតេជោជាឥស្សរជននយោបាយជាន់ខ្ពស់ ដែលប្រវត្តិសាស្ត្រកម្ពុជា ត្រូវតែកត់ត្រាទុកជា “វីរបុរសជាតិ” យ៉ាងពិតប្រាកដ៕
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM