ព័ត៌មាន

«ខួបទី២៧ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»


ចុះផ្សាយថ្ងៃអាទិត្យ ទី២១  ខែតុលា ឆ្នាំ២០១៨  ម៉ោង៖ ១២ និង២០នាទី

 ភ្នំពេញ៖ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១ - ២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុចរចាគ្នា។គេមិនអាចបំភ្លេចបាននោះទេថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសមិទ្ធផល ដែលផ្ដើមចេញពីការចរចានយោបាយរវាងឥស្សរជនខ្មែរទាំងពីររូបគឺ សម្ដេចនរោត្ដមសីហនុ(ព្រះបរម រតនកោដ្ឋ)ដែលជាប្រមុខនៃក្រុមខ្មែរត្រីភាគី និងសម្ដេចតេជោ ហ៊ុន សែន(កាលណោះជាសមមិត្ត ហ៊ុន សែន)ដែលតំ ណាងឱ្យរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា(ដែលក្រោយមកបានដូរឈ្មោះជារដ្ឋកម្ពុជានៅថ្ងៃទី០១ខែឧសភា ឆ្នាំ១៩៨៩)។

មុននឹងឈានទៅដល់សន្និសីទអន្តរជាតិទីក្រុងប៉ារីសជំនួបរវាងឥស្សរជននយោបាយទាំងពីរបានប្រព្រឹត្តិទៅរហូតដល់ទៅ៥លើកគឺ៖

១.ជំនួបលើកទី១ នៅថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧ នៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង

២.ជំនួបលើកទី២ នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង

៣. ជំនួបលើកទី៣ នៅថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ១៩៨៨ នាទីក្រុង Fère-en-Tardenois ប្រទេសបារាំង

៤. ជំនួបលើកទី៤ នៅថ្ងៃទី២៤-៣០ កក្កដា ១៩៨៩ នៅទីក្រុង សែនសាំងខ្លូដ ប្រទេសបារាំង

៥. ជំនួបលើកទី៥ ថ្ងៃទី១៧ កុម្ភៈ ១៩៩០ នៅផ្ទះនាយករដ្ឋមន្ត្រីថៃ ឆាធីឆៃ នៅទីក្រុងបាងកក ប្រទេសថៃ

សន្និសីទ អន្តរជាតិទីក្រុងប៉ារីសនាសម័យប្រជុំលើកទី១ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ១៩៩១ ប្រទេសដែលជាភាគីចូលរួមក្នុងសន្និសីទអន្តរជាតិទីក្រុងប៉ារីសមានចំនួន១៨ប្រទេសគឺ៖ បារាំង និងឥណ្ឌូនេស៊ី ដែលជាសហប្រធាន និង អូស្ត្រាលី កាណាដា ឥណ្ឌា ជប៉ុន ចិន អង់គ្លេស សហរដ្ឋអាមេរិក អតីតសាធារណរដ្ឋសហព័ន្ធសង្គមនិយមសូវៀត យូហ្គោស្លាវី និងបណ្ដាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ប្រ៊ុយណេ ឡាវ ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន ថៃ និងវៀតណាម) រួមទាំងអគ្គលេខាធិការអ.ស.ប មួយរូប។

នាសម័យប្រជុំលើកទី២ នៃសន្និសីទអន្តរជាតិទីក្រុងប៉ារីស ដែលប្រព្រឹត្តិទៅចាប់ពី ថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ទីបំផុតសន្និសីទអន្តរជាតិទីក្រុងប៉ារីសបានសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលត្រូវបានចុះហត្ថលេខាដោយប្រទេសហត្ថលេខីទាំង១៨។

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកញ្ចប់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសហត្ថលេខីទាំង១៨នៅក្នុងសន្និសីទអន្តរជាតិទីក្រុងប៉ារីស មានឯកសារសំខាន់ៗ៤ដែលបានចុះហត្ថលេខាគឺ 

ទី១៖ “កិច្ចព្រមព្រៀងស្ដីពី ដំណោះស្រាយរួមមួយនៃជំលោះកម្ពុជា ”

ទី២៖ “កិច្ចព្រមព្រៀងទាក់ទងនឹងអធិបតេយ្យភាព ឯករាជ បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដី អព្យាក្រឹត្យភាព ឯកភាពជាតិកម្ពុជា ”

ទី៣៖ “សេចក្ដីថ្លែងការណ៍ ស្ដីពីការស្ដារនិងការកសាងប្រទេសកម្ពុជាឡើងវិញ ”

ទី៤៖ “កិច្ចព្រមព្រៀងចុងក្រោយនៃសន្និសីទប៉ារីស ” ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមានប្រទេសនិងប្រជាជនកម្ពុជាបានស្គាល់នូវការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្សជាលើកដំបូងក្រោយសង្គ្រាមស៊ីវិលជាង៣ ទសវត្សរ៍។

ការបោះឆ្នោតនីតិកាលទី១ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ដោយគណ បក្សដែលបានចូលរួមការបោះឆ្នោតមានចំនួន២០គណបក្ស។ប៉ុន្តែការព្រួយបារម្ភអំពីសង្គ្រាមស៊ីវិលនៅកម្ពុជាបានកើតឡើងជាថ្មី ដោយនៅក្នុងក្រុមខ្មែរត្រីភាគីឯណោះ អតីតកម្លាំងនៃរបបកម្ពុជាប្រជាធិបតេយ្យ(ខ្មែរក្រហម)បានបោះបង់ចោល ការចូលរួមប្រកួតប្រជែងយកអំណាចដឹកនាំរដ្ឋតាមបែបប្រជាធិបតេយ្យ ហើយចាប់កាន់អាវុធឡើងវិញ ដែលបង្ខំឱ្យកម្លាំងនៃរបបរដ្ឋកម្ពុជាបដិសេធមិនព្រមទុកអាវុធតាមការស្នើសុំរបស់អាជ្ញាធរបណ្ដោះអាសន្ននៃអង្គសហប្រជាជាតិប្រចាំកម្ពុជា (UNTAC)។

ទោះបីជាយ៉ាងណាក៏ដោយ ក្រោយបោះឆ្នោតរួចនៅឆ្នាំ១៩៩៣ រដ្ឋាភិបាលស្របច្បាប់មួយរបស់កម្ពុជាត្រូវបានបង្កើតឡើង ហើយនៅអាណត្តិបន្ទាប់មកទៀត តាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្ដេច ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសមាហរណកម្មកម្លាំងដែលនៅសេសសល់របស់ខ្មែរក្រហម ឱ្យចូលមករួមរស់ដោយភាតរភាពក្នុងសង្គមជាតិ ហើយកម្ពុជាបានទទួលសន្តិភាពពេញលេញ និងបញ្ចប់ការគ្រប់គ្រងទឹកដីតាមរបៀបស្បែកខ្លានៅឆ្នាំ២០០០៕

RAC Media | លឹម សុវណ្ណរិទ្ធ







2018-10-21 05:41:44   ថ្ងៃអាទិត្យ, 21 តុលា 2018 ម៉ោង 12:41 PM
«ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ ព្រះសង្ឃជាង៥ម៉ឺនអង្គ មិនមែនខូចទាំងអស់នោះទេ ប៉ុន្តែយើងត្រូវកែសង្ឃដែលខុសវិន័យ២-៣អង្គ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាជាតិ ស្ដីពី «សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្បីពង្រឹងនិងអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងសង្គមកម្ពុជាបច្ចុប្បន្ន៖ ការពង្រឹងសង្ឃវិន័យ» ដែលប្រព្រឹត្តិទៅនៅសាលនួន នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ និស្សិត និងសាធារណជនទូទៅប្រមាណជា ១០០នាក់។

ក្នុងឱកាសនៃការប្រកាសបើកសិក្ខាសាលាជាតិខាងលើនេះ ឯកឧត្ដមបណ្ឌិតបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងនូវស្ថានភាពនិងការប្រតិបត្តិក្នុងវិស័យពុទ្ធចក្រ និងទំនោររបស់បុព្វជិកអង្គខ្លះ ដែលហាក់ប្រាសចាកទៅនឹងពុទ្ធដីការរបស់ព្រះសម្មាសម្មុទ្ធ។ ឯកឧត្ដមបានមានប្រសាសន៍ថា «ព្រះពុទ្ធចេញពីក្នុងវាំង ចូលទៅក្រោមដើមពោធិ លះបង់អ្វីៗទាំងអស់ដើម្បីស្វែងយល់ព្រះធម៌ ប៉ុន្តែព្រះសង្ឃអង្គខ្លះ ចេញពីផ្ទះតូចមកនៅវីឡាកុដិ ហើយថាជាសាវ័ករបស់ព្រះពុទ្ធ ដោយមិនគិតខ្វល់អំពីជីវភាពប្រជាពលរដ្ឋ។»ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា នៅក្នុងជំនឿសាសនា គេបានប្រើប្រាស់មនោនិយម (ការអប់រំផ្លូវចិត្ត) ដើម្បីឱ្យបរិស័ទជឿ និងអនុវត្តទៅតាមទ្រឹស្ដីទស្សនវិជ្ជារបស់សាសនានីមួយៗ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ បុព្វជិតមួយចំនួន បែរជាទទួលយកនូវទំនោរសម្ភារៈនិយម ហើយបង្អួតបង្ហាញពីភាពហ៊ឺហារនិងស្កឹមស្កៃទៅកាន់បរិស័ទទៅវិញ។ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងថា «ឥឡូវនេះ គឺសម្ភារៈនិយមបានលុបទៅលើមនោនិយមហើយ នៅពេលដែលត្រូវគឺយកព្រះពុទ្ធមកដាក់នៅនឹងមុខ ហើយនៅពេលដែលខុសបែរជានិយាយថានេះគឺជាការវិវត្តនៃសម័យកាល។»

បន្ថែមពីលើនេះ ឯកឧត្ដមប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់ថា ព្រះសង្ឃដែលប្រតិបត្តិខុសទៅនឹងពុទ្ធោ វាទ និងសង្ឃវិន័យ មានចំនួនតិចតួចប៉ុណ្ណោះ បើប្រៀបធៀបនឹងព្រះសង្ឃជាង៥ម៉ឺនអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែគេត្រូវពង្រឹងសង្ឃវិន័យបន្ថែមទៀត និងកែប្រែទំនោរនៃការប្រតិបត្តិខុសឆ្គងទាំងនោះ។ ហើយទោះបីជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋខ្មែរនៅតែមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនា៕

RAC Media | លឹម សុវណ្ណរិទ្ធ










2018-10-19 13:39:32   ថ្ងៃសុក្រ, 19 តុលា 2018 ម៉ោង 08:39 PM
«សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្បីពង្រឹងនិងអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងសង្គមកម្ពុជាបច្ចុប្បន្ន៖ ការពង្រឹងសង្ឃវិន័យ»

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាជាតិ ស្ដីពី «សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្បីពង្រឹងនិងអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងសង្គមកម្ពុជាបច្ចុប្បន្ន៖ ការពង្រឹងសង្ឃវិន័យ» ដែលប្រព្រឹត្តិទៅនៅសាលនួន នៃរាជបណ្ឌិត្យសភាកម្ពុជា។

កម្មវិធីនេះបានរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីសហការជាមួយវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យា សាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការឧបត្ថម្ភរបស់មូលនិធីកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ដែលជាអង្គការផ្ដោតការ យកចិត្តទុកដាក់លើការអប់រំសិក្សាស្រាវជ្រាវ មិនស្វែងរកកប្រាក់កម្រៃនិងផ្ដោតទៅលើផលប្រយោជន៍សាធារណៈនេះបានបង្កើតឡើងនៅឆ្នាំ១៩៧៤ ក្នុងគោលបំណងបណ្ដុះបណ្ដាលបញ្ញវន្តជាន់ខ្ពស់និងរួមវិភាគទានដល់វឌ្ឍនភាពនៃការសិក្សាស្រាវជ្រាវជាន់ខ្ពស់។ មានការចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ និស្សិត និងសាធារណជនទូទៅប្រ មាណជា ១០០នាក់  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

ការរៀបចំសិក្ខាសាលានេះ ដើម្បីឈ្វេងយល់អំពី មធ្យោបាយនានានៃការពង្រឹង និងការអភិវឌ្ឍវិស័យពុទ្ធចក្រនិងអាណាចក្រ ផលប៉ះពាល់ដោយការមិនគោរពតាមសង្ឃវិន័យរបស់ព្រះសង្ឃមួយចំនួននៅក្នុងព្រះរាជាណា ចក្រកម្ពុជា បញ្ហាប្រឈមនិងដំណោះស្រាយហើយនិងរៀបចំបាននូវផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍ដើម្បីរម្ងាប់អធិករជាបាតុភូតអវិជ្ជមាននានា នៅក្នុងវិស័យព្រះពុទ្ធសាសនានៅក្នុងសង្គមកម្ពុជាយើង។ 

RAC Media | ផាញ់ សារឿន





2018-10-19 13:29:13   ថ្ងៃសុក្រ, 19 តុលា 2018 ម៉ោង 08:29 PM
«កិច្ចប្រជុំពិភាក្សាសេចក្តីព្រាង ចក្ខុវិស័យ បេសកកម្ម ភារកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»

រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដឹកនាំអង្គប្រជុំពិភាក្សា ស្តីអំពី ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ចក្ខុវិស័យ បេសកកម្ម ភារកិច្ច របស់នាយកដ្ឋាន និងការិយាល័យចំណុះ របស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា។

កិច្ចប្រជុំពិភាក្សាប្រព្រឹត្តទៅពេញមួយរសៀល ដើម្បីរៀបចំសេចក្តីព្រាង ចក្ខុវិស័យ បេសកកម្ម ភារកិច្ច របស់នាយកដ្ឋានទាំងប្រាំមួយ (នាយកដ្ឋានយោបាយនិងសន្តិសុខអន្តរជាតិ នាយកដ្ឋានច្បាប់អន្តរជាតិ និងការទូត​ នាយកដ្ឋានសេដ្ឋ កិច្ចអន្តរជាតិ នាយកដ្ឋានសិក្សាអាស៊ី និងអាហ្វ្រិក នាយកដ្ឋានសិក្សាអឺរ៉ុប និងរុស្ស៊ី និងនាយកដ្ឋានសិក្សាអាម៉េរិក អាម៉េរិកឡាទីន និងអូសេអានី) និងការិយាល័យចំណុះ។

ប្រភព៖​ អ៊ុច លាង មន្ត្រី​ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media




2018-10-18 15:38:59   ថ្ងៃព្រហស្បតិ៍, 18 តុលា 2018 ម៉ោង 10:38 PM
«តើ​អ្វី​ទៅជា​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) និង អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ?»

តើ​អ្វី​ទៅជា​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM)?កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប (ASEM) គឺជា​កិច្ចពិភាក្សា​នៃ​ដំណើរការ​ផ្លូវការ​មួយ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សមាជិក​សហភាព​អឺរ៉ុប​ទាំង៣០ប្រទេស និង​អាស៊ី​ចំនួន២១ប្រទេស ព្រមទាំង​លេខាធិការ​អាស៊ាន​ផងដែរ។ កិច្ចពិភាក្សា ASEM លើកឡើង​ពី​បញ្ហា នយោបាយ សេដ្ឋកិច្ច និង វប្បធម៌ ជាមួយ​គោល បំណង នៃ​ការលើក​កំពស់​ទំនាក់ទំនង រវាង​តំបន់​ទាំងពីរ ដោយ​ឈរលើ​គោលបំណង នៃ​ការគោរព​គ្នា​ទៅវិញទៅមក និង ភាពជា​ដៃគូ​ដោយ​ស្មើ​សិទ្ធិ​គ្នា។

ASEM ត្រូវបាន​បើក​កិច្ចប្រជុំ​ជា​លើកដំបូង​កាលពី​ឆ្នាំ១៩៩៦ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ដោយមាន​ការចូល​ពី​ 
ប្រទេស​ចំនួន១៥នៃ​សហភាព​អឺរ៉ុប និង​ប្រទេស​ចំនួន៧ នៃ​សមាជិក​អាស៊ាន បូក​ថែម​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង និង​ស្នងការ​អឺរ៉ុប​ប៉ុណ្ណោះ។នៅពេលនោះ​អឺរ៉ុប បានទទួល​ស្គា​ល់ពី​ការអភិវឌ្ឍ​ការ​លូត​យ៉ាង​រហ័ស និង​សក្តានុ ពល​នៅក្នុង​តំបន់​អាស៊ី ហើយ​គេច​ង់​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការពង្រឹង និង​ការធ្វើ​ទំនើបកម្ម​ទំនាក់ទំនង​លើ​វិស័យ ឬ​សរសរ​ស្តម្ភ​បី​គឺ៖ នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌។មេដឹកនាំកំពូលៗមកពី​តំបន់​អាស៊ី និង​អឺរ៉ុប​នឹង​ប្រមូលផ្តុំ​នៅក្នុង «កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) លើក​ទី១២» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃទី ១៨ -១៩ ខែតុលា ឆ្នាំ២០១៨ នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក និង​កិច្ចប្រជុំ​កំពូល​អ្នកដឹកនាំ​វិនិយោគ​សាកល នៃ​វេទិកា​វិនិយោគ​ពិភពលោក​ឆ្នាំ២០១៨ របស់​សន្និសីទ​សហប្រជាជាតិ​ស្ដីពី​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី២២ ដល់២៤ តុលា ២០១៨ នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស។

កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) លើក​ទី១២នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ”អឺរ៉ុប និង​អាស៊ី ដៃគូ​សកល​សម្រាប់​បញ្ហា​ប្រឈម​សកល”មាន​គោលបំណង​ពង្រឹង​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​តំបន់​អាស៊ី និង​អឺរ៉ុប ខណៈពេលដែល​តំបន់​ទាំងពីរ​ជំរុញ​កសាង​កម្លាំង​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាច្រើន ចាប់ពី​ការបង្កើន​ពាណិជ្ជកម្ម និង​វិ និយោគ ការតភ្ជាប់ ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បំរែបំរួល​អាកាសធាតុ​ជាដើម។ នេះបើតាមការផ្សាយព័ត៌ មានរបស់ propertyarea នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។បើតាមការផ្សាយព័ត៌មាន Fresh News នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ គឺ ASEM តំណាងឱ្យ៥០ភាគរយ នៃ GDP របស់ពិភពលោក ព្រមទាំងស្មើនឹង ៦០ភាគរយនៃចំនួនប្រជាជនពិភពលោក និង ៦០ភាគរយ នៃពាណិជ្ជកម្មពិភពលោក។

សម្រាប់កម្ពុជា បានក្លាយជាសមាជិកនៃវេទិកានេះក្នុងកិច្ចប្រជុំកំពូល ASEM លើកទី៥ រៀបចំឡើងនៅទីក្រុងហា ណូយ ប្រទេសវៀតណាម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៤។សម្រាប់ដំណើរការរបស់វេទិកានេះ គឺប្រទេសជាសមាជិក ASEM ទាំងអស់ មានភារកិច្ចជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការ​នៃដំណើរការរបស់ ASEM តាមរយៈការដើរតួនាទីផ្លាស់វេនគ្នាជាប្រទេសសម្របសម្រួល។

បច្ចុប្បន្នមានប្រទេសជាអ្នកសម្របសម្រួលចំនួន៤ ក្នុងនោះប្រទេសចំនួន២ មកពីអាស៊ី និងប្រទេស ២ទៀតមកពីអឺរ៉ុប។ ប្រទេសសម្របសម្រួលមានតួនាទីធ្វើជាម្ចាស់ផ្ទះ និងសហប្រធាននៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់របស់ASEM, ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសម្របសម្រួល, ធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ASEM និងកិច្ចប្រជុំកំពូល ASEM, សម្របសម្រួលជាមួយដៃគូ និងប្រគល់ឯកសារឱ្យដៃគូសម្រាប់កិច្ចប្រជុំនានា និងយកសំណូមពរ គម្រោង ផ្ដួចផ្ដើមគំនិត និងឯកសារទៅដល់ដៃគូសម្រាប់ពិចារណា។

អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA)?
អ្វីៗគ្រប់យ៉ាង លើលែងតែអាវុធ (EBA) ត្រូវបានអនុម័តដោយ វិធានរបស់ក្រុមប្រឹក្សា សហភាពអឺរ៉ុប លេខ No.416/2001 ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០១។EBA គឺជាគំនិតផ្តួចផ្តើម របស់សហភាពអឺរ៉ុប ដែលអនុញ្ញាតឱ្យ ការនាំចូលទំនិញទាំងអស់ លើកលែងតែសព្វាវុធ ទៅសហភាពអឺរ៉ុបពីប្រទេសអភិវឌ្ឍន៍តិចតួចទទួលនូវការអនុ គ្រោះដោយមិនជាប់ពន្ធនាំចូលនិងកូតា។

EBA គឺជាផ្នែកនៃប្រព័ន្ធអនុគ្រោះទូទៅរបស់សហភាពអឺរ៉ុប ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃ ទី០៥ ខែមីនា ឆ្នាំ២០០១មកម្ល៉េះ និងគ្មានកំណត់ពេលវេលាបញ្ចប់នោះទេ។ ទំនិញនាំចូលទាំងអស់នឹងត្រូវទទួលបាននូវការអនុ គ្រោះមិនជាប់ពន្ធនាំចូល និងកូតា ប្រសិនបើអនុលោមទៅតាមវិធានប្រភពដើមទំនិញ និងបណ្តាវិធានពាក់ព័ន្ធដទៃទៀត។ គម្រោងនេះគ្រប់ដណ្តប់ទៅលើផលិតផលប្រមាណ៧២០០បន្ទាត់ពន្ធគយ ក្នុងនោះ៩១៩បន្ទាត់ពន្ធគយ គឺជាផលិតផលកសិកម្ម។ប្រទេសអភិវឌ្ឍន៍តិចតួចចំនួន៤៨ រួមទាំងកម្ពុជាផងដែរ ទទួលបានការអនុគ្រោះពីគំនិតផ្តួចផ្តើមនេះ។ ចំពោះកម្ពុជា EBA ផ្តល់ផលប្រយោជន៍យ៉ាងខ្លាំងដល់វិស័យកសិកម្ម ជាពិសេស អង្ករ និងផលិតផលសក្តានុ ពលមួយចំនួនទៀត។

ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការនាំចេញអង្ករយ៉ាងច្រើនទៅសហភាពអឺរ៉ុប ជាពិសេសប្រទេសបារាំង អ៊ីតាលី ជាដើម។ ដូចគ្នាដែរ ការនាំចេញ សំលៀកបំពាក់ទៅសហភាពអឺរ៉ុបក៏កើនឡើងគួរ ឱ្យ កត់សម្គាល់ដែរ។ការនាំចេញអាចប្រព្រឹត្តទៅ បាន ដោយសារតែការបន្ធូរបន្ថយលើវិធានប្រភពដើមទំនិញដែលកំ ណត់ធាតុផ្សំក្នុងស្រុក (local content) ត្រឹមតែ៣០ភាគរយប៉ុណ្ណោះ។ នេះបើតាមការផ្សាយ Website របស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។

ដកស្រង់៖ propertyarea, fresh news, ក្រសួងពាណិជ្ជកម្ម
RAC Media | ផាញ់ សារឿន




2018-10-18 04:16:28   ថ្ងៃព្រហស្បតិ៍, 18 តុលា 2018 ម៉ោង 11:16 AM
«មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន០៧ រូបទទួលបានការតែងតាំងពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា...»

តាមរយៈអនុក្រឹត្យលេខ៩៩៤.អនក្រ.តត  ចុះថ្ងៃទី អង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មន្រ្តីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាចំនួន០៧ រូបទទួលបានការតែងតាំងដោយប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តបតាមសំណើរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។



2018-10-17 15:18:43   ថ្ងៃពុធ, 17 តុលា 2018 ម៉ោង 10:18 PM
«កាណាដានៅបន្តទិញសម្លៀកបំពាក់ពីកម្ពុជា»

តំណាង​ប្រទេស​កាណាដា បាន​មានប្រសាសន៍​ប្រាប់ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ថា ប្រទេស​ដ៏​ធំ​មួយ​នេះ​មិន​ត្រឹម​តែ​នៅ​បន្ត​ការបញ្ជាទិញ​ផលិតផល​វាយ​ន​ភ​ណ្ឌនិង​សម្លៀកបំពាក់​ពី​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​នឹង​បន្ថែម​ការបញ្ជា​ទិញ​ផលិត​ទាំង​នោះ​ពី​កម្ពុជា​ទៀត​ផង​។​ នេះបើតាមការផ្សាយព័ត៌មានរបស់ CEN ថ្ងៃទី«១៦ ខែតុលា ឆ្នាំ២០១៨។

បើតាមការផ្សាយព័ត៌មានរបស់ វាយោ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងតំណាងភាគីកាណាដា កាលពីថ្ងៃទី១៦ ខែតុលា ភាគីទាំងពីរបានសម្រេច ឯកភាពបន្តកិច្ចព្រមព្រៀងស្តីពីការសម្រួលពាណិជ្ជកម្ម ដែលទើបនឹងផុតសុពលភាព កាលពីចុងខែកញ្ញាកន្លងទៅ។ការឯកភាព​បន្ត​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​លោក ប៉ាន សូរ​ស័ក្កិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោកស្រី ដូ​នីកា ប៉ូ​ទី (Donica Pottie) ឯកអគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា នា​ទីស្តីការ​ក្រសួង​ពាណិជ្ជកម្ម​។​

យោងតាមប្រភពព័ត៌មាន Fresh news ផ្សាយថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងកាណាដា សម្រេចបានទឹកប្រាក់សរុប ១,០៤ប៊ីលានដុល្លារអាម៉េរិក ជាមួយអត្រាកំណើនប្រចាំឆ្នាំគិតជាមធ្យម ១១%។ក្នុងនោះទឹកប្រាក់នាំចេញពីកម្ពុជា ទៅកាណាដា មានចំនួន ១ប៊ីលានដុល្លារអាម៉េ រិក និងនាំចូលមានចំនួន ៤០លានដុល្លារអាម៉េរិក។ ចំពោះផលិតផលសក្តានុពលនាំចេញរបស់កម្ពុជា រួមមាន៖ សម្លៀកបំពាក់ ស្បែកជើង គ្រឿងបង្គុំយានយន្ត គ្រឿងសង្ហារឹម ផ្លាស្ទីក ផលិតផលក្មេងលេង និងទំនិញកសិកម្ម៕ដកស្រង់៖ Cen , Fresh news , វាយោ

RAC Media | ផាញ់ សារឿន



2018-10-17 04:53:31   ថ្ងៃពុធ, 17 តុលា 2018 ម៉ោង 11:53 AM
«ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានស្ថានីយឡស្លដែក និងមនុស្សរស់នៅតាំងពីយុគថ្មរំលីង ២០០០ឆ្នាំមុនគ្រិស្តសករាជ...?»

នៅឆ្នាំ២០១៧ ក្រុមការងារផ្នែកបុរាណវិទ្យា ដឹកនាំដោយលោក ផុន កសិកា និងអ្នកជំនាញបុរាណវិទ្យាជាច្រើននៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នចំណុះនៃរាជបណ្ឌិត្យសភាកម្ពុជា បានចុះធ្វើការសិក្សាស្រាវជ្រាវស្តីពី «មរតកវប្បធម៌រូបី និងអរូបី នៅតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» មានទីតាំងស្ថិតក្នុងឃុំឆែប១ និងឃុំឆែប២ ស្រុកឆែបខេត្តព្រះវិហារស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាមានក្រឡាផ្ទៃចំនួន ១១៤៣៥ហិចតា។

ដោយមានការចូលរួមពីមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ផងនោះ ការស្រាវជ្រាវបានរុករក និងរកឃើញស្ថានីយបុរាណដែលជាមរតកវប្បធម៌រូបីជាច្រើន មានទួលសន្លុង (ទួលឡស្លដែក)ត្រពាំងសន្លុង (ត្រពាំងតូចៗដែលគេជីកនៅជាប់ទួលសន្លុង) ត្រពាំង និងបុរាណវត្ថុជាច្រើនមានដូចជា កុលាលភាជន៍ ត្រឡែកតូច ត្រឡែកធំ និងឧបករណ៍ផលិតពីដែក មានផ្លែចបជីក ផ្លែដឹង ចង្កំដងកាំបិត ដងកាំបិត និងដែកគោលជាដើម។

នៅឆ្នាំ២០១៨មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈនៅធ្វើការសិក្សាបន្ដ។ ស្ថានីយបុរាណ និងវត្ថុបុរាណបន្ថែមមួយចំនួនទៀតក៏ត្រូវបានរកឃើញ មានដូចជា៖ ទួលសន្លុង (ទួលឡស្លដែក) បណ្តុំទួលសន្លុងរួមទាំងបុរាណវត្ថុមួយចំនួន មានកុលាលភាជន៍ ត្រឡែកតូច ត្រឡែកធំ ដុំថ្មភក់ប្រើក្នុងការស្មិតដែក ផ្លែចបជីក ផ្លែដឹង ចង្កំដង កាំបិត ដងកាំបិត និង ដែកគោលជាដើម និងឧបករណ៍ថ្មរំលីង ដែលគេគិតថាមនុស្សក្នុងសម័យបុរេប្រវត្តិ ផលិត និង យកមកប្រើសម្រាប់ធ្វើកសិកម្ម ដាំដំណាំ កាប់ព្រៃឈើជាដើម។​ ផ្អែកតាមការកំណត់កាលបរិច្ឆេទរបស់លោក ឆាល ហាយហេម (Charles F. W. Higham) ឧបករណ៍ថ្មរំលីងដែលស្ថិតក្នុងយុគថ្មរំលីង ឬសម័យថ្មរំលីង មានអាយុកាលប្រហែលចាប់ពីរវាងឆ្នាំ៨០០០-៦០០០មុនគ្រិស្តសករាជ ប៉ុន្តែនៅតំបន់អាស៊ីអាគ្នេយ៍វិញ ការកំណត់អាយុកាលយុគ ថ្មរំលីង ចាប់ពី២៥០០-២០០០ឆ្នាំមុនគ្រិស្តសករាជ។លោក Charles F. W. Higham ក៏បានសន្និដ្ឋានដែរថា ការធ្វើកសិកម្មស្រូវដំបូងៗ បានកើតឡើងនៅតំបន់ជ្រលងទន្លេយ៉ាងហ្ស៊ី (Yangzi) និងជ្រលងទន្លេលឿង (Yellow River) ហើយបានបន្តមកតំបន់អាស៊ីអាគ្នេយ៍នៅ៣០០០ឆ្នាំមុនគ្រិស្តសករាជ ដែលស្ថិតក្នុងយុគថ្មរំលីង។រីឯនៅប្រទេស កម្ពុជាវិញ យុគថ្មរំលីងមានអាយុប្រហែល២០០០ឆ្នាំមុនគ្រិស្តសករាជ។

បើយើងមើលពីទីតាំងផ្សេងៗនៅក្បែរឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបវិញ ដូចជានៅភូមិសង្កែ ដែលស្ថិតនៅក្បែរតំបន់នោះ ត្រូវបានអ្នកស្រាវជ្រាវជនជាតិបារាំង មានលោក អេតម៉ុង សូរាំង នៅឆ្នាំ១៩៦៣ បាន រកឃើញភស្តុតាងទីតាំងរស់នៅដំបូងៗ ដែលជាស្ថានីយស្ថិតក្នុងយុគគ្រួសបំបែក ដោយលោកបានដាក់ឈ្មោះថា “ស្ថានីយឆែប” ហើយសព្វថ្ងៃស្ថិតនៅក្នុងភូមិសង្កែ ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ដែលមានចម្ងាយប្រមាណជាង ១០គីឡូម៉ែត្រ ពីស្ថានីយឡស្លដែកនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។

ទីតាំងផ្សេងទៀតដែលស្ថិតនៅក្បែរនោះគឺ“ស្ថានីយម្លូព្រៃ” សព្វថ្ងៃស្ថិតនៅក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃ ស្រុកឆែប ខេត្តព្រះវិហារ ក៏បន្សល់ភស្ដុតាងនៃការតាំងទីលំនៅរបស់មនុស្សក្នុងសម័យបុរេប្រវត្តិសាស្រ្ត ក្នុងយុគថ្មរំលីង ដែលធ្លាប់បានស្រាវជ្រាវដោយលោក ប៉ូល ឡេវី ក្នុងឆ្នាំ១៩៤៣។ ក្រៅពីនោះនៅមានស្ថានីយបុរេប្រវត្តិសាស្រ្ត ដែលគេកំណត់កាលបរិច្ឆេទក្នុងយុគថ្មរំលីងដែលស្ថិតនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ដូចជាស្ថានីយល្អាងស្ពាន ស្ថានីយសំរោង សែន ស្ថានីយក្រែក ជាដើម។ 

ចំណែកឯលទ្ធផលស្រាវជ្រាវកន្លងមក មានភស្តុតាងនៃការរស់នៅរបស់មនុស្សនៅស្ថានីយឡស្លដែកនៅឧទ្យានរាជ បណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប អាចកំណត់បានតែក្នុងយុគថ្មរំលីងប៉ុណ្ណោះ ដោយមិនឃើញមានភស្ដុ តាងបុរាណវត្ថុវិទ្យាបង្ហាញថាមនុស្សយុគក្រោយៗមកទៀត ដូចជាយុគសំរឹទ្ធ យុគដែក មកតាំងទីលំនៅក្នុងឧទ្យាននេះឡើយ។ហើយភស្តុតាងនៃការរស់នៅរបស់មនុស្សបាត់ដានដ៏វែងឆ្ងាយរហូតដល់ពេលមួយដែលតំបន់នេះ (បច្ចុប្បន្នតំបន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប) ចាប់ផ្ដើមមានការមកតាំងទីលំនៅឡើងវិញ ហើយប្រែក្លាយជាតំបន់ផលិតដែកធំមួយក្នុងសម័យអង្គរ (ចាប់ពីសតវត្សទី១១ ដល់សតវត្សទី១៣) ក្នុងចំណោមតំបន់ផលិតដែកផេ្សងៗទៀតដូចជានៅតំបន់ភ្នំដែក ស្រុករវៀង និងតំបន់ប្រាសាទព្រះខ័នកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តព្រះវិហារ។

ប្រភព៖ ផ្នែកបុរាណវិទ្យានៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

RAC Media











2018-10-17 04:29:03   ថ្ងៃពុធ, 17 តុលា 2018 ម៉ោង 11:29 AM
សម្ដេចតេជោ៖ «...មមារញឹកស្ទើរតែរកពេលបាយមិនឃើញ តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការងារនេះ ព្រោះជាប្រយោជន៍ជាតិយើង»

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) លើកទី១២​ដោយសម្ដេចនិងគណៈប្រតិភូនឹងអញ្ជើញចាកចេញពីព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១២:២០ នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ។ នេះបើយោងតាមការប្រកាស ឱ្យដឹងនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៦ ខែតុលានេះ។

គួរបញ្ជាក់ផងដែរថា បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសទេសនិងសហប្រតិបត្តិការអន្តរជាតិ គណៈប្រតិភូអញ្ជើញអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី មានឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។បន្ទាប់ពីប្រជុំអាស៊ីអឺរ៉ុប សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងធ្វើទស្សនៈកិច្ចនៅប្រទេសទួគី ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ តុលា។ ហើយក្នុងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ដដែល សម្ដេចនឹងអញ្ជើញធ្វើដំណើរចេញពីប្រទេសទួគី ទៅកាន់ទីក្រុង ហ្សឺ ណែវប្រទេសស្វីស ដើម្បីចូលរួមសន្និសីទស្តីពីពាណិជ្ជកម្ម។បើតាមការគ្រោងទុក បន្ទាប់ពីបំពេញបេសកកម្មក្រៅប្រ ទេសលើកនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញធ្វើមាតុភូមិនិវត្តន៍ចាកចេញពីប្រទេសស្វីសនៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ហើយនឹងអញ្ជើញវិលត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាវិញនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០ ១៨ ដើម្បីដឹកនាំការប្រជុំសេចក្តីពីការព្រាងច្បាប់ថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី ២៦ តុលា ២០១៨។

សម្ដេចបានគូសបញ្ជាក់បន្ថែមនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចថា៖ «ក្រឡេកមើលកម្មវិធីការងារនៅក្រៅប្រទេសលើកនេះពិតជាមមារញឹកស្ទើរតែរកពេលបាយមិនឃើញ ប្រជុំផង ជំនួបទ្វេភាគីផង តែខ្ញុំពេញចិត្តនឹងធ្វើកិច្ចការនេះ ព្រោះជាប្រយោជន៍ជាតិយើង។ការងារមួយដែលខ្ញុំមិនអាចបោះបង់ចោលបាន គឺជួបបងប្អូនប្រជាជន និងនិសិ្សតខ្មែរដែលកំពុងរស់នៅ​ និងរៀនសូត្រនៅអឹរ៉ុប ដែលបងប្អូនកូនក្មួយកំពុងរង់ចាំខ្ញុំនៅទីនោះ។»

លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់អំពីភាពជាអ្នកដឹកនាំយ៉ាងដូច្នេះថា៖«ការងារយោធាកូនទាហានដើរមុខ មេទាហានដើរក្រោយ ឯការងារនយោបាយវិញ គឺមេដឹកនាំដើរមុខ អ្នកជំនួយការដើរក្រោយវិញ ហើយនេះប៉ះលើរូបខ្ញុំតែម្តង គឺដើរមុខជានិច្ច។តើនេះជាព្រហ្មលិខិតដែលតម្រូវអោយខ្ញុំធ្វើក្នុងជាតិនេះមែនទេ? តែបើទោះជាដោយមូលហេតុ ណាក៏ដោយ ខ្ញុំត្រូវតែធ្វើដើម្បីសេចក្តីសុខ និងការរីកចំរើនរបស់ជាតិយើង។»ជាមួយគ្នានេះដែរ សម្ដេចក៏បានផ្ញើសារជូនពរដល់បងប្អូនជនរួមជាតិខ្មែរ ឱ្យជួបប្រទះតែសេចក្តីសុខគ្រប់គ្នាផងដែរ៕

រូបភាព៖ ហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រី

RAC Media | លឹម សុវណ្ណរិទ្ធ





2018-10-16 04:38:32   ថ្ងៃអង្គារ, 16 តុលា 2018 ម៉ោង 11:38 AM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងពិធីបើកសិក្ខាសាលាកសាងសមត្ថភាពស្តីពី «បម្លាស់ប្តូរបៃតងសម្រាប់សន្តិសុខធនធានថាមពល និងធនធានទឹកនៅក្នុងអនុតំបន់ទន្លេមេគង្គ» នៅលើទឹកដីហាឡុង

(ហាឡុង)៖ ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ក្នុងកម្មវិធីសិក្ខាសាលាដែលរៀបចំនៅទីក្រុងហាឡុង ខេត្តគ័ងនីង សាធារណៈរដ្ឋសង្គមនិយមវៀតណាមដោយមាន៣ប្រទេសចូលរួម គឺ វៀតណាម កម្ពុជា ឡាវ ក្រោមការឧបត្ថម្ភពីវិទ្យាស្ថានបរិស្ថានកូរ៉េ (CLV+KEI)ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ ផ្តោតសំខាន់ទៅលើស្ថានភាពសេដ្ឋកិច្ច-ពាណិជ្ជកម្មពិភពលោក ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែក៏ទាម ទារឱ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុតដូចគ្នាលើការប្រែប្រួលអាកាសធាតុពិភពលោក ដែលជាកង្វល់យ៉ាងសម្បើមរបស់មនុស្សលោក និង ការប្រើប្រាស់ថាមពល ធនធានធានទឹក ធនធានធម្មជាតិយ៉ាងណាឱ្យប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា «កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍដោយគ្មាននិរន្តរភាព កំពុងជំរុញ ឱ្យប្រព័ន្ធអេកូទន្លេមេគង្គស្ថិតនៅលើចំណុចមួយ ដែលងាយរងនូវការបាត់បង់ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ភាពរីក ចម្រើនរបស់តំបន់នេះ។ចក្ខុវិស័យមិនវែងឆ្ងាយ ការសម្រេចចិត្តមិនបានត្រឹមត្រូវ ក្នុងការប្រើប្រាស់ធនធានរបស់ទន្លេមេគង្គសម្រាប់តែរយៈពេលខ្លី ដោយគ្មានការពិចារណាពីផលប៉ះពាល់រយៈពេលវែងដល់អាងទន្លេ គឺបានបំផ្លិចបំផ្លាញដល់សេដ្ឋកិច្ច និងបរិស្ថានតំបន់យ៉ាងធ្ងន់ធ្ងរ»។ លោកបានបន្តថា «ជាឧទាហរណ៍ថ្មីៗនេះ មានសាងសង់ទំនប់វារីអគ្គិ សនីនៅលើដងទន្លេមេគង្គក្រោម ហើយហេតុផលតែមួយគត់ ដែលគេលើកឡើង គឺកង្វះថាមពលអគ្គិសនី ដូច្នេះធ្វើឱ្យរដ្ឋាភិបាលនានាបង្កើតវាកាន់តែច្រើនឡើងៗបន្ថែមទៀត។ទំនប់វារីអគ្គិសនីធំៗបានបង្អាក់ដល់ផ្លូវធ្វើដំណើរបស់    មច្ឆាជាតិនានា ជាពិសេសបំផ្លាញដល់ប្រភេទត្រីកម្រ និងគំរាមកំហែងដល់សន្តិសុខស្បៀងរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ ហើយចំពោះការបូមខ្សាច់ដែលមិនមានការហាមឃាត់ និងគ្រប់គ្រងបានល្អក៏បានធ្វើឱ្យមានសំណឹកបាក់ច្រាំងទន្លេ និងមហន្តរាយដល់ផ្នែកខាងក្រោមនៃអាងទន្លេនេះផងដែរ។ ហេតុនេះ អ្នកសម្រេចចិត្តទាំងនោះត្រូវតែគិតឡើងវិញ ពីរបៀបដែលពួកគេគិតអំពីទន្លេមេគង្គបើចង់ឃើញសេដ្ឋកិច្ចក្នុងតំបន់នេះនៅបន្តរីកលូតលាស់។ តំបន់នេះមិនអាចនៅតែបន្តមើលរំលងផលប៉ះពាល់បរិស្ថាន ថាតិចតួចជាងបញ្ហាសេដ្ឋកិច្ចនោះទេពីព្រោះចំណុចទាំងពីរនេះគឺមានសារៈសំខាន់ដូចគ្នា»។បន្ថែមពីលើនេះទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃយ៉ាងខ្ពស់ចំពោះការប្រធានបទដែលលើកយកមកពិភាក្សាក្នុងសិក្ខាសាលាលើកនេះ ថា«សិក្ខាសាលាដែលពួកយើងកំពុងតែប្រារព្ធឡើងនៅថ្ងៃនេះ គឺជាការរួមចំណែកដ៏មានសារៈសំខាន់បំផុតចំពោះការអនុវត្ត និងការទទួលយកនូវទស្សទាននៃបម្លាស់ប្តូរបៃតង និងការធានានូវសន្តិសុខធនធានថាមពល និងធនធានទឹកនៅក្នុងអនុតំបន់មេគង្គ សម្រាប់ការការអភិវឌ្ឍន៍ដោយចីរភាពនៅក្នុងតំបន់របស់យើងនិងនៅទូទាំងពិភពលោកហើយសិក្ខាសាលានេះក៏កំពុងតែដើរតួជាមជ្ឈមណ្ឌល ជួបជុំគ្នាសម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នកបង្កើតគោលនយោបាយ អ្នកអនុវត្ត ធុរជន និងអ្នកចូលរួមផ្សេងទៀត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍របស់ខ្លួនអំពីប្រធានបទខាងលើ ហើយចំពោះប្រធានបទនាថ្ងៃនេះ ថ្វីត្បិតតែពាក្យពេជន៍ខុសពីប្រធានបទកាលពីម្សិលមិញក៏ពិតមែន ប៉ុន្តែវាបានផ្សារភ្ជាប់ទៅនឹងប្រទេសភូមិផងរបងជាមួយទាំងបី គឺ កម្ពុជា ឡាវ វៀតណាម។ ម្យ៉ាងទៀត ទំនាក់ទំនងរវាងប្រទេសយើងទាំងបី គឺត្រូវបានចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ ជាពិសេស ទន្លេមេគង្គបានក្លាយជានិមិត្តរូបដ៏សំខាន់នៃចំណងមិត្តភាពរបស់យើង, ប្រជាជននៃប្រទេសយើងទាំងបីបានផឹកទឹកទន្លេនេះជាមួយគ្នារាប់ពាន់ម៉ឺនឆ្នាំមកហើយ។

ដូច្នេះ ការគិតគូរ និងការធ្វើសកម្មភាពរួមគ្នាក្នុងការពារ ថែរក្សា និងអភិរក្សទន្លេនេះ គឺជារឿងចាំបាច់បំផុត។ ខ្ញុំសង្ឃឹមថា ប្រធានបទដ៏សំខាន់នេះ នឹងត្រូវបានពិភាក្សាយ៉ាងផុលផុសនៅក្នុងអំឡុងពេលនៃការពិភាក្សាបន្ទាប់ពីកម្មវិធីបើកសិក្ខាសាលានេះ»។

RAC Media










2018-10-16 04:15:30   ថ្ងៃអង្គារ, 16 តុលា 2018 ម៉ោង 11:15 AM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក