Royal Academy of Cambodia
វាគ្មិន៖ លោក រ៉េត សាមុត
នៅក្នុងសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជា សូមលើកយកខ្លឹមសារនិងអត្ថន័យ អំពី តម្លៃវប្បធម៌សិល្បៈខ្មែរ «ក្បាច់ហៀន» ដែលបង្ហាញជូនដោយលោក រ៉េត សាមុត ជាក្រុមការងារបង្ហាញអំពីសិល្បៈ«ក្បាច់ហៀន» ដែលស្តាប់ទៅហើយ ហាក់ដូចជាកម្រនឹងបានលឺ។ ហេតុនេះ សូមសិក្សាស្វែងយល់ដូចខាងក្រោម៖
នៅក្នុងសកលលោកយើងនេះ យើងតែងសង្កេតឃើញសង្គមមួយរីកលូតលាស់រុងរឿងទៅមុខបាន លុះត្រាតែសង្គមនោះបានភ្ជាប់ជីវិតទៅជាមួយជំនឿ និងសាសនា តែសិល្បៈក៏ជាគ្រឿងមួយដែលមិនអាចខ្វះបាន ពីព្រោះទាំងនេះ គឺជាប្រភព និងជាគ្រឹះដែលនាំឱ្យសង្គម និងជីវិតប្រកបដោយសេចក្តីសង្ឃឹម ហើយសេចក្តីក្សេមក្សាន្ត។
ដោយឡែកនៅក្នុងសង្គមខ្មែរយើងនេះ គឺអាចចាត់ទុកជាប្រទេសដែលបានរៀបចំសង្គមបានល្អតាំងពីយូរលង់មក ចំពោះជំនឿវិញក៏បានប្រសូត្រនិងលាតត្រដាងឱ្យគេដឹងថា មានតាំងតែពី១២០០០ឆ្នាំទៅ៦០០០ឆ្នាំមុនគ្រឹះសករាជ គឺមុនពេលដែលជំនឿសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា មកដល់ខ្មែរមានជំនឿយ៉ាងខ្លាំងទៅលើផ្នែកអរូបិយ ដូចជា ខ្មោច ព្រាយ អសុរកាយ ធ្មប់ អាប ខ្យល់ ទឹក ដី កំដៅ ដុំដំបូក។ល។ ខ្មែរមានការចេះ ស្គាល់ យល់ដឹងពីកម្លាំងនៃបាតុភូតធម្មជាតិ កម្លាំងនៃឥទ្ធិពលធម្មជាតិ ផែនដី ព្រះច័ន្ទ ព្រះអាទិត្យ និងភពនានា ចេះមើលឃើញឋានសួគ៌ ទេវតា ឬ ព្រះអាទិត្យ...។
បាតុភូតដែលគួចនេះហើយ ដែលធ្វើឱ្យខ្មែរដើមបានយល់ដឹងថា គ្រប់យ៉ាងដែលកើតមក រមែងមានចំណុចចាប់ផ្តើម ដែលយើងហៅថា “មេ” ឬធាតុ។ ប្រសិនបើមិនមានធាតុគ្រប់គ្រាន់ អ្វីៗទាំងនេះវាមិនកើតទេ ឧទាហរណ៍៖ ដីចំការ ដែលយើងទុកចោល បើសិនជាដីនោះគ្មានកំដៅ គ្មានទឹក គ្មានអុកស៊ីសែននោះទេ ស្មៅ ឬរុក្ខជាតិ ក៏មិនអាចដុះបានទេ។ ហេតុនេះ ខ្ញុំចង់មានន័យថា គ្រប់យ៉ាងសុទ្ធតែត្រូវផ្សំពីចំណុចផ្តើម។
វិលមកជំនឿខ្មែរដើម គាត់ដឹងថា ភព ផ្កាយ ផែនដី ឬ អ្វីៗជុំវិញនេះ គឺប្រព្រឹត្តទៅដោយចលនា ការកំរើក ការវិល ការកើត ការចាស់ និងការបាត់ទៅវិញ...។ គាត់បង្កើតជាក្បាច់មួយបែបហៅថា “ក្បាច់ហៀន” ដែលជានិមិត្តរូបនៃភពផ្កាយ ផែនដី និងជីវិត ជាដើម នោះឡើងមក។(ត្រង់នេះមានបង្ហាញពីគំនូរ ៥ផ្ទាំងស្តីអំពី “ក្បាច់ហៀន” យ៉ាងត្រកាល...)។
តាមរយៈគំនូរក្បាច់ហៀននេះ បង្ហាញឱ្យឃើញថា ចំណុចដំបូងដែលគួចនោះ បង្ហាញពីភាពចាប់ផ្តើម វាប្រៀបដូចជាមេ ឬធាតុដំបូងនៃធម្មជាតិ នៃជីវិត ទាំងភព ទាំងផែនដី ទាំងដួងតារា ដែលចាប់កំណើតមក ហើយក្នុងគំនូរបន្ទាប់ បង្ហាញពីការវិវឌ្ឍធំធាត់ ជរា និងបាត់បង់ទៅវិញ។ សូមជម្រាបថា ក្នុងរចនាបថនៃសិល្បៈខ្មែរទាំង១២ប្រភេទ យើងតែងប្រទះឃើញក្បាច់ហៀននេះត្រូវបានដើរតួយ៉ាងសំខាន់ បីដូចជាចាំជួយតឿននិងក្រើនរំលឹកដល់គ្រប់ជីវិតទាំងអស់ឱ្យយល់ពី “វដ្ត” គឺ “កើត ចាស់ ឈឺ ស្លាប់” គឺរមែងកើតមានជាបន្តបន្ទាប់។ ក្បាច់នេះ មាននៅគ្រប់ប្រាសាទក្នុងស្រុកខ្មែរ បើមិនមានរាងដូច តែវាមិនដូរទំរង់ទេ។
សរុបមក នៅពេលដែលយើងមើលក្បាច់ទាំងឡាយ ដែលមានលក្ខណៈជាក្បាច់ហៀនទោះក្នុង ក្បាច់អង្គរ ក្បាច់ភ្ញីទេស ក្បាច់ភ្ញីវល្លិ៍ ក្បាច់ភ្ញីភ្នើង ក្បាច់ចក ក្បាច់ផ្សេង ក្នុងទំរង់ហៀនឬគូថខ្យងនេះ គឺសុទ្ធសឹងបង្ហាញពីថាមពល ភពផែនដី ពីព្រះ ពីទេវតា ពីនយោបាយ ពីសង្គមពីសេដ្ឋកិច្ច ពីជីវិត ពីធម្មជាតិ ពីសិល្បៈ ពីបាតុភូតគ្រប់យ៉ាង ដែលមានចំណុចចាប់ផ្តើម គឺតែងមានចំណុចនិងបញ្ចប់។ ទាំងនេះ គឺជាការបង្ហាញត្រួសៗស្តីពីក្បាច់ហៀន ឥឡូវនេះ ចូរអស់លោកទៅសង្កេតលើផ្នែកទឹក ទឹក គឺជាវត្ថុ ដ៏ពិសិដ្ឋ និងខ្ពង់ខ្ពស់ ដែលគ្រប់ជីវិតនៅក្នុងលោកខ្វះមិនបាន សត្វ មនុស្ស ធម្មជាតិ មិនអាចរស់ ដោយខ្វះទឹក ទឹកជាជីវិត គឺខ្មែរបុរាណ ប្រដូចនឹងក្បាច់ហៀន បើមានទឹក ខ្វះដីមិនបាន ដូចនេះ ទឹក+ដី > ជីវិត។
រវាងបុរសនិងស្រី ឬ មេនិងបា ត្រូវបានបង្ហាញសានិមិត្តរូបតាមរយៈសត្វល្មូន ដូចជា ម្ក ពស់ នាគ ត្រកួត ថ្លែន ដោយក្នុងចំណោមសត្វទាំងនេះ គេសង្កេតឃើញថា ពស់ នាគ ត្រូវខ្មែរចាត់ទុកជាសត្វមង្គល មានសច្ចៈ មានយុត្តិធម៌ ទៀងត្រង់ ទន់ភ្លន់ ល្វូតល្វន់ ស្រការវាសកជាតំណាងឱ្យភាពអមតៈ។(ត្រង់នេះមានបង្ហាញពីរបាំអប្សរា អមដោយកាន់អត្ថាធិប្បាយ ពីកាយវិការនៃក្បាច់ហៀនមាន៖ ពន្លត ដើម ស្លឹក មែក ធាង ផ្កា ផ្លែ ទុំ ជ្រុះ “វដ្ត”)៕
បើតាមការសម្ភាសផ្ទាល់ជាមួយលោក រ់េត សាមុត បានឱ្យដឹងថា លោកមានក្រុមការងារមួយដែលកំពុងត្រៀមខ្លួនសម្រាប់ធ្វើការផ្សព្វផ្សាយអំពីទម្រង់សិល្បៈផ្សេងៗជាច្រើនទៀត ដើម្បីចែករំលែកនូវអ្វីដែលក្រុមការងាររបស់លោក បានកសាងនិងចែករំលែកដល់ប្រជាពលរដ្ឋខ្មែរយើង៕
ដោយ៖ លោក ខែក វីរៈ
កិច្ចព្រមព្រៀង ស្តីពីការអនុវត្តនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៤។ ជំនួបរវាងភាគីទាំងពីរ បានជួបនិងចុះអនុស្សរណៈយោគយល់គ្នា កាលពីថ្ងៃទី១៩ ខែធ្នុ ម្សិលម៉ិញនេះ ដែលបានព្រមព្រៀងលើចំណុចដូចខាងក្រោម៖
១. កិច្ចព្រមព្រៀងដែលបានធ្វើឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០០៤ ហើយត្រូវបានបន្ត និងធ្វើឱ្យមានប្រសិទ្ធភាពឡើងវិញចាប់ពីថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០១៦ នៅពេលនេះត្រូវបានបន្តសុពលភាពរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩។
២. នៅកំឡុងពេលនៃការអនុវត្តកិច្ចព្រមព្រៀងដែលបានលើកឡើងខាងលើ មូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ នឹងផ្តល់ថវិកាសម្រាប់ការអនុវត្តគោលដៅរបស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា។
៣. មូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ នឹងផ្តល់ថវិកាគាំទ្ររហូតដល់ ៨០,០០០ USD (ប្រាំបីម៉ឺនដុល្លាអាមេរិក) ជាថវិកាប្រចាំឆ្នាំសម្រាប់មជ្ឈមណ្ឌល។ ថវិកាសម្រាប់កម្មវិធីផ្លាស់ប្តូរអ្នកសិក្សាស្រាវជ្រាវ នឹងត្រូវបានអនុវត្តដោយឡែក។
៤. មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា នឹងធ្វើរបាយការណ៍ហិរញ្ញវត្ថុ របាយការណ៍រដ្ឋបាល និងរបាយការណ៍ស្រាវជ្រាវប្រចាំឆ្នាំ ដាក់ទៅមូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់។
ក្រៅពីរបៀបវារៈដែលបានលើកឡើងខាងលើ លក្ខខណ្ឌ និងកិច្ចសន្យាជាលាយលក្ខអក្សរ ដែលបានធ្វើឡើងក្នុងកិច្ចព្រមព្រៀងកាលពីថ្ងៃទី១១ខែធ្នូ ឆ្នាំ២០០៤ នឹងនៅតែមានសុពលភាពរហូតដល់មានការពិនិត្យការកែប្រែឡើងវិញ។ ភាគីទាំងពីរបានធ្វើកិច្ចព្រមព្រៀងនេះជាពីរច្បាប់ ដោយមានការចុះហត្ថលេខាទទួលស្គាល់ពីភាគីទាំងសងខាង។
RAC Media
ដោយ៖ លោក ស៊ឺន សំ
មជ្ឈមណ្ឌលសា្រវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» នាថ្ងៃនេះ។ កម្មវិធីសន្និសីទអន្តរជាតិនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់បញ្ញវន្តនិងអ្នកស្រាវជ្រាវក្នុងតំបន់និងពិភពលោក សម្រាប់ចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈទៅលើតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក និងដើម្បីលើកកម្ពស់ និងជំរុញឱ្យមានភាពសុខដុមរមនា ភាពថ្កុំថ្កើងនៃអារ្យធម៌របស់ប្រជាជាតិក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីនេះ មានការអញ្ជើញភ្ញៀវចូលរួមពីសំណាក់អ្នកសា្រវជ្រាវជាតិ និងអន្តរជាតិ ប្រមាណ១០០នាក់ និងប្រព្រឹត្តធ្វើឡើងទៅចាប់ថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារអង្គរសេនជូរី ក្រុងសៀមរាប ខេត្តសៀមរាប។
នេះជាសន្និសីទលើកទី១៤ ដែលរៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា នាឆ្នាំនេះដោយមានវាគ្មិនអញ្ជើញមកពីមកពី១៥ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី កូរ៉េ ចិន ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក បារាំង ស្វីស សរុប១១០រូប។ អង្គសន្និសីទនឹងមានការពិភាក្សាផ្តោះប្តូរយោបល់គ្នារវាងវាគ្មិន និងអ្នកចូលរួមទាំងអស់ ដោយផ្តោតការយកចិត្តទុកដាក់លើសន្តិភាព និងភាពសុខុដុមរមនា ដើម្បីរក្សានូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនទាំងក្នុងតំបន់អាស៊ាន អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក ក្រោមស្ថានភាពវប្បធម៌នៃបណ្តាប្រជាជាតិផ្សេងពីគ្នា នាសម័យបច្ចុប្បន្ននេះ។ ក្នុងអង្គសន្និសីទដ៏មានអត្ថន័យនេះ រាជបណ្ឌិត្យសភាកម្ពុជា មានក្តីសង្ឃឹមយ៉ាងមុតមាំថា សាស្រ្តាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ជាវាគ្មិនទាំង១៥ប្រទេស នឹងចែករំលែកចំណេះដឹងជាលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីៗ នាសម័យសមាហរណកម្មតំបន់នេះ បានយ៉ាងល្អប្រសើរជាក់ជាមិនខាន។
ទាំងនេះ គឺជាការចូលរួមវិភាគទានដ៏មានតម្លៃចំពោះវិស័យវប្បធម៌ ក្នុងតំបន់ក៏ដូចជាពិភពលោក នាដំណាក់កាលសមាហរណកម្មតំបន់អាស៊ាន និងតំបន់អាស៊ីប៉ាស៊ីហ្វិកនាឆ្នាំ២០១៨ ដោយផ្តោតការពិភាក្សាលើខ្លឹមសារប្រធានបទចម្បងស្តីអំពី វប្បធម៌ ប្រវត្តិ និងមោទកភាព និងប្រធានបទរងចំនួនបីគឺ៖
១-ទំនើបកម្មអភិបាលកិច្ចនៃវប្បធម៌
២-បញ្ហាប្រឈមនៃសាកលភាវូបនីយកម្មវប្បធម៌
៣-ការលើកកម្ពស់បេតិកភណ្ឌពិភពលោក
គួររំលឹកដែរថា មូលនិធិកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់ នៃសាធារណរដ្ឋកូរ៉េ បានឧបត្ថម្ភគាំទ្រចំពោះមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីរៀបចំសន្និសីទអន្តរជាតិ ស្តីអំពី «តម្លៃវប្បធម៌អាស៊ីអាគ្នេយ៍» នៅព្រះរាជាណាចក្រកម្ពុជា ចំនួន១៣លើកកន្លងមក គឺបានចូលរួមចំណែកដល់ការសិក្សាស្រាវជ្រាវ ឈ្វេងយល់ ផ្សព្វផ្សាយ ថែរក្សាការពារវប្បធម៌ អរិយធម៌ ប្រពៃណី បច្ចេកវិទ្យារបស់ប្រជាជាតិនីមួយៗ។
កម្មវិធីសន្និសីទអន្តរជាតិលើកទី១៤ ស្តីអំពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវត្តិ និងមោទកភាព» នេះ នឹងបង្ហាញនូវសារប្រយោជន៍នៃការពិភាក្សាផ្តោះប្តូរយោបល់ អំពីការផ្សារភ្ជាប់វប្បធម៌ជាមួយសង្គមជាតិ ដោយផ្តោតការយកចិត្តទុកដាក់លើវប្បធម៌សន្តិភាព និងភាពសុខុដុមរមនា ដើម្បីរក្សានូវសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន ទាំងក្នុងតំបន់ និងពិភពលោក៕
RAC MEDIA
ដោយ៖ ចាន់ វណ្ឌី
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអ្នកទទួលខុសត្រូវរបស់សាកលវិទ្យាល័យជីវជាំងទាក់ទងនឹងបញ្ហាបន្តនិរន្តរភាពនៃទំនាក់ទំនងរាជបណ្ឌិត្យសភាកម្ពុជាជាមួយសាកលវិទ្យាល័យជីវជាំង ក្នុងកិច្ចបន្តដំណើរការវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
ក្រៅពីនោះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង នឹងសហការគ្នាលើវិស័យសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងពង្រឹងសមត្ថភាពដល់អ្នកស្រាវជ្រាវ និងបញ្ញវន្តខ្មែរ។
ក្នុងឱកាសជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក៏បានរៀបចំពិធីសម្ពោធទីតាំងហាត់ការរបស់សាកលវិទ្យាល័យជីវជាំង ដែលមានទីតាំងនៅវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ ពិធីសម្ពោធទីតាំងហាត់ការនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃពុធ ១២កើត ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
RAC Media
ដោយ៖ លឹម សុវណ្ណរិទ្ធ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិតឱ្យផ្នែកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរអគ្គិសនីកម្ពុជាចុះដោះស្រាយជាបន្ទាន់ដើម្បីឆ្លើយតបចំពោះបញ្ហាតម្លៃអគ្គិសនីនៅតាមទីផ្សារ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានការប្រើប្រាស់អគ្គិសនីតាមការបញ្ចុះតម្លៃ ដូចគ្នាជាមួយតម្លៃដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់។ នេះបើតាមការប្រកាសឱ្យដឹងនៅលើគណនីបណ្ដាញសង្គមហ្វេសប៊ុករបស់ឯកឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល។
កម្ពុជាដែលកំពុងកសាងប្រទេសលើគ្រប់វិស័យដើម្បីឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលខាងមុខនេះ ត្រូវការជាចាំបាច់នូវប្រភពថាមពលដែលមានតម្លៃសមរម្យសម្រាប់ជាចលករក្នុងការជំរុញសកម្មភាព និងដំណើរការនៃវិស័យនានាដែលជាម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ ទាំងក្នុងវិស័យសិប្បកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនជាដើម។ ថ្វីត្បិតថាតម្លៃអគ្គិសនីនៅកម្ពុជាហាក់មានតម្លៃខ្ពស់ជាងប្រទេសជិតខាងក៏ដោយក្ដី ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បាននិងកំពុងខិតខំយកចិត្តទុកដាក់លើវិស័យថាមពលអគ្គិសនីនេះជាទីគួរកត់សម្គាល់ តាមរយៈការជំរុញនិងលើកទឹកចិត្តដល់ការវិនិយោគទៅលើស្ថានីយ៍ផលិតថាមពលអគ្គិសនីនានា ពិសេសការកសាងនូវទំនប់វារីអគ្គិសនីនៅតាមទន្លេសំខាន់ៗក្នុងប្រទេសកម្ពុជា។ តួយ៉ាងនាពេលថ្មីៗនេះ ទំនប់វារីអគ្គិសនីដ៏ធំមួយរបស់កម្ពុជាគឺ វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិតខេត្តស្ទឹងត្រែង ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់កាលពីថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៨កន្លងទៅនេះ។
នាពេលកន្លងមក អាជ្ញាធរអគ្គិសនីកម្ពុជាបានពង្រីកបណ្ដាញបញ្ជូនតង់ស្យុងអគ្គិសនីជាបន្តបន្ទាប់ និងបានផ្ដល់អាជ្ញាបណ្ណដល់អ្នកផ្គត់ផ្គង់អគ្គិសនីឯកជននៅតាមបណ្ដាខេត្ត និងទីប្រជុំជននានាជាច្រើន ដើម្បីសម្រួលដល់ការផ្គត់ផ្គង់អគ្គិសនីជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយដែលក្នុងនោះ ៩៥% នៃអ្នកផ្គត់ផ្គង់អគ្គិសនីឯកជន បានប្រើប្រាស់ប្រេងឥន្ធនៈសម្រាប់ដំណើរការរោងចក្រផលិតអគ្គិសនី។ ដោយមើលឃើញពីផលវិបាកដែលកើតចេញពីការកំណត់តម្លៃប្រេងឥន្ធនៈខ្ពស់ខ្លាំងនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរ៉ែនិងថាមពល និងក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការ បានបង្កើតគណៈកម្មការដែលមានសមាសភាពចម្រុះពាក់ព័ន្ធ ធ្វើការកំណត់តម្លៃអតិបរមានៃប្រេងឥន្ធនៈនៅកម្ពុជារៀងរាល់១០ថ្ងៃម្ដង។
ពាក់ព័ន្ធនឹងតម្លៃអគ្គិសនីនេះដែរ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងចូលដល់ឆ្នាំ២០១៩ ហើយដែលតម្លៃប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានតម្លៃកាន់តែមានតម្លៃទាបជាបន្តបន្ទាប់ទៅទៀត។
គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល កំពុងសិក្សាលទ្ធភាពលើគម្រោងវារីអគ្គិសនីជាច្រើនទៀត (២០១៧ដល់ ២០២៥) ក្នុងតំបន់ភាគឦសាន និងដងទន្លេមេគង្គមានដូចជា ទន្លេសេសានក្រោម៣, ទន្លេសេសានក្រោម១, ទន្លេស្រែពក៣, ព្រែកល្អាង១ និង២, ស្ទឹងពោធិ៍សាត់១, ស្ទឹងបាត់ដំបង២, ព្រែកឆ្លូង២, សេកុង, សំបូរ, រោងចក្រដើរដោយធ្យូងថ្មចំនួន៤គម្រោង និងរោងចក្រដើរដោយថាមពលកំដៅចំនួន១។ល។
RAC Media
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែងថា នៅសល់តែ១៤ថ្ងៃទៀតទេ នឹងចូលដល់ឆ្នាំ២០១៩ ហើយតម្លៃប្រើប្រាស់អគ្គិសនីនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងមានតម្លៃកាន់តែធូរថ្លៃ សមស្របទៅតាមប្រភេទនៃការប្រើប្រាស់នីមួយៗ និងកម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ដូចមានបង្ហាញខាងក្រោម៖
ប្រភេទទី១. តម្លៃសម្រាប់អ្នកប្រើប្រាស់ធំៗគ្រប់ប្រភេទ ទិញពីអនុស្ថានីយ៍ នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ តម្លៃអគ្គិសនី ត្រូវបែងចែកជាបីប្រភេទ ដូចខាងក្រោម៖
ប្រភេទទី២. ជាប្រភេទអ្នកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្មទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យម។ អ្នកប្រើ្ប្រាស់ប្រភេទនេះ ត្រូវទិញក្នុងតម្លៃខុសគ្នាបន្តិចអាស្រ័យតាមទីតាំង។ តម្លៃចែកចាយនៅរាជធានីភ្នំពេញ គឺ ០,១៦៥០ដុល្លារ/Kwh (៦៧៦៛) ថ្លៃជានៅបណ្តាខេត្ត ១០រៀលប៉ុណ្ណោះ នៅឆ្នាំ២០១៨នេះ ហើយតម្លៃអគ្គិសនី នឹងបន្ថយចុះមកនៅត្រឹម ០,១៤៧០ដុល្លារ/Kwh (៥៩៥៛) ឆ្នាំ២០១៩ និង ត្រឹម ០,១៤៦០ដុល្លារ/Kwh (៥៩២៛) ឆ្នាំ២០២០ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តទូទាំងប្រទេស។
ប្រភេទទី៣. គឺសម្រាប់អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម និងរដ្ឋបាលដែលទិញតាមខ្សែបញ្ជូនរង និងខ្សែតង់ស្យុងមធ្យមនៃតំបន់ចែកចាយ គឺមានតម្លៃដូចគ្នាជាមួយនឹងតម្លៃសម្រាប់ប្រភេទទី២ខាងលើនៅឆ្នាំ២០១៨នេះ។ តែតម្លៃ អគ្គិសនីនឹងត្រូវថយចុះតម្លៃមកនៅត្រឹម ០,១៥៩០ដុល្លារ/Kwh (៦៤៥៛) នៅឆ្នាំ២០១៩ និងបន្តចុះដល់តម្លៃត្រឹម ០,១៥៨០ដុល្លារ/Kwh (៦៤០៛) នៅឆ្នាំ២០២០។
ប្រភេទ៤. ជាប្រភេទអ្នកប្រើប្រាស់តាមលំនៅស្ថាន គឺសំដៅលើការរស់នៅជាទូទៅរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលតម្លៃត្រូវបែងចែង តាមកម្រិតនៃការប្រើប្រាស់ដូចខាងក្រោម៖
ប្រភេទទី៥. ជាប្រភេទនៃការប្រើប្រាស់សម្រាប់ការបូមទឹកក្នុងវិស័យកសិកម្ម ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៧ព្រឹក គឺមានតម្លៃថោកសមរម្យ ៤៨០៛/Kwh ហើយតម្លៃនេះ នឹងនៅបន្តសុពលភាព ៤៨០៛/kwh ដដែលនៅឆ្នាំ២០១៩ និងឆ្នាំ២០២០។
ប្រភេទទី៦. ការប្រើប្រាស់នៅតាមសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព មានតម្លៃកំពុងប្រើប្រាស់បច្ចុប្បន្នគឺ ៧៧០៛/Kwh នឹងធ្លាក់ចុះមកនៅត្រឹម ៦១០៛/Kwh នៅឆ្នាំ២០១៩ និង ២០២០។
ទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលមានសម្ដេចតេជោ នាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំ បានធ្វើឱ្យកម្ពុជាទទួលបាននូវសមិទ្ធផលថ្មីៗធំៗជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់ការ ប្រកប របរ រកស៊ី ក៏ដូចជាក្នុងជីវភាពរស់នៅ របស់ ប្រជាពលរដ្ឋទូទៅ៕
ដកស្រង់ពី៖ ហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រី
RAC Media | ផាញ់ សារឿន
ល្ខោនខោល ឬ ភាណី ឬ ល្ខោនពាក់មុខ ជាប្រភេទសិល្បៈទស្សនីយភាពរបស់ខ្មែរមួយ ដែលមាន អាយុកាលតាំងពីសតវត្សរ៍ទី១០។ លក្ខណៈពិសេសរបស់ល្ខោនខោលគឺ សម្ដែងតែនៅក្នុងរឿង រាមកេរ្តិ៍ខែ្មរមួយគត់ (មិនយករឿងអ្វីផ្សេងមកសម្ដែងឡើយ), អ្នកសម្តែងសុទ្ធតែប្រុសៗ (ទោះ បីជាតួអង្គស្រីក៏យកប្រុសមកសម្តែងដែរ), សម្ដែងពាក់មុខខ្មុក (ស្មាច់ពីក្រដាស) ជារបាំង មុខ ជារូបក្បាល តួអង្គផ្សេងៗ ដូចជា រូបក្បាលមេទ័ពស្វា ពលស្វា មេទ័ពយក្ស សេនាយក្ស តាឥសី ជាដើម ។ មាន វង់ល្ខោនខ្លះ សម្ដែងតួដោយមិនពាក់មុខដែរ ប្រសិនបើតួអង្គមានរូបរាងជាមនុស្ស ដូចជាតួអង្គព្រះរាម ព្រះលក្សណ៍ នាងសេតា តែក្រុមខ្លះទៀតពាក់មុខខ្មុកទាំងអស់ ហើយត្រូវមានអ្នកពោលដំណើររឿងសាច់រឿងដោយចេះចាំស្ទាត់ ព្រមទាំងឆ្លើយឆ្លងពីតួអង្គមួយទៅតួអង្គមួយផង។
ខាងក្រោមនេះ ជាអត្ថបទស្រាវជ្រាវដែលលោកបណ្ឌិត ផុន កសិកា អនុប្រធានវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជ បណ្ឌិត្យ សភា កម្ពុជា បានសិក្សានិងចងក្រងសម្រាប់ជាគតិពិចារណាស្វែងយល់បន្ថែមពីសិល្បៈល្ខោនខោលខ្មែរយើង បន្ទាប់ពីមានការចុះ បញ្ជី ជា បេតិកភណ្ឌ វប្បធម៌អរូបីពិភពលោក របស់យូណេស្កូ នាពេលថ្មីៗកន្លងទៅនេះ ដូចខាងក្រោម៖
RAC Media
«មហោរី» ជាទម្រង់សិល្បៈតន្រ្តីមួយប្រភេទដែលបានបង្កើតឡើងដើម្បីប្រគំថ្វាយអាទិទេព និងបម្រើព្រះមហាក្សត្រ។ ក្រោយមកតន្រ្តីមហោរី ក៏ប្រគំសម្រាប់លើកទឹកចិត្តដល់នាម៉ឺនមន្ត្រី ដែលមានគុណបំណាច់ចំពោះប្រទេសជាតិផងដែរ ជាអាទិ៍ មានការប្រគំតន្រ្តីមហោរីលើកទឹកចិត្តកងទ័ពនៅពេលវិលត្រឡប់ពីទទួលជ័យជម្នះពីសង្រ្គាមជាដើម។
ក្រៅពីតន្រ្តីមហោរី ខ្មែរមានទម្រង់សិល្បៈមហោរីមួយផ្សេងទៀតគឺ «ល្ខោនមហោរី» ដែលមានអាយុកាលយូរមកហើយ។ ល្ខោនមហោរី មានការសម្តែងជាសាច់រឿងដោយប្រើតន្រ្តី និងចម្រៀងមហោរីជាមូលដ្ឋាន មានសំនៀងតិច ស្រាលស្រទន់ ដោយមានប្រើគ្រឿងភ្លេងដេញ ដំ ផ្លុំ កូតរបស់ខ្មែរ។ វង់ភ្លេងមហោរីមានប្រភពចេញពីអ្នកចេះដឹងនៅជុំវិញព្រះរាជា ក្រោយមកតន្រ្តីមហោរី និងល្ខោនមហោរី មានការវិវឌ្ឍជាបន្តបន្ទាប់ទៅតាមស្ថានភាពរបស់ប្រទេសជាតិនិងសង្គមខ្មែរ។
ដូច្នេះចង់ដឹងថា សិល្បៈមហោរីខ្មែរយយើងមានទម្រង់យ៉ាងណា សូមស្វែងយល់ពី «ទម្រង់សិល្បៈមហោរីខ្មែរ» សិក្សាស្រាវជ្រាវនិងចង់ក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ បច្ចុប្បន្នជាប្រធានផ្នែកទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា ដូចខាងក្រោម៖
RAC Media
វិទ្យាស្ថានវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ៖ ឯកឧត្តមបណ្ឌិត នូ ចាន់សុភី ប្រធានវិទ្យាស្ថានវប្បធម៌និង វិចិត្រសិល្បៈ បានដឹកនាំការប្រជុំវិទ្យាស្ថានប្រចាំខែធ្នូ ដែលជាខែចុងក្រោយឆ្នាំ២០១៨ នាព្រឹកថ្ងៃចន្ទ ១០កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩:៣០ព្រឹក នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា។
កិច្ចប្រជុំបានផ្តោតលើរបៀបវារៈសំខាន់ៗ ២គឺ៖
១. ពិនិត្យមើលសមិទ្ធផលការងារប្រចាំខែវិច្ឆិកាដែលបានអនុវត្តកន្លងមក
២. រៀបចំរបាយការណ៍សម្រាប់ការប្រជុំរួមនាថ្ងៃទី២៤ធ្នូ២០១៨។
៣. ផ្សេងៗ
លទ្ធផលនៃកិច្ចប្រជុំ៖
១. ប្រធានវិទ្យាស្ថាន បានផ្សព្វផ្សាយនិងបូកសរុបសមិទ្ធផលការងារប្រចាំខែវិច្ឆិកាកន្លងទៅ និងណែនាំអំពីគុណភាពនៃការសរសេររបាយការណ៍ដែលអាចវាស់វែងបាន
២. ពិនិត្យមើលការងារដែលត្រូវបំពេញ សម្រាប់បន្តអនុវត្តនៅក្នុងខែធ្នូ មានដូចខាងក្រោម៖
៣. ផ្សេងៗ៖
ដោយ លោក ហឿង សុធារស់
បេសកកម្មការងាររុករកប្រភេទសត្វស្លាបលើកទី១នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បាន បញ្ចប់ និងបានរកឃើញប្រភេទបក្សីចំនួន១៤៥ប្រភេទផ្សេងគ្នា ដែលកំពុងបង្ហាញវត្តមាននៅក្នុង តំបន់ ឧទ្យាន។ លោក ស្រី សីហា មន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានឱ្យដឹងថា សម្រាប់ ប្រិយ៍មិត្តដែលស្រឡាញ់សត្វស្លាប អាចបន្តតាមដានពីការបង្ហាញរូបបក្សីដែលថតបាន ពី តំបន់ ឧទ្យាន តាមផេក ហ្វេស ប៊ុក អ្នក ថត វត្តមាន សត្វ ស្លាប នៅ កម្ពុជា និង ផេកហ្វេសប៊ុកឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោ សែន ឫស្សីត្រឹប ស្រុកឆែប ខេត្តព្រះវិហារ។ នៅពេលនេះ សូមលើកយកមកបង្ហាញជូនបក្សីចំនួន ២ប្រភេទជាមុនសិន គឺ សត្វ ត្រសេះបៃតងក្បាលខ្មៅ និង សត្វត្រយងយក្ស (ឬហៅថាសត្វ ឪលើក តាមប្រជាជនចាស់ស្រុក)។
១. សត្វ«ត្រសេះបៃតងក្បាលខ្មៅ» មានឈ្មោះជាភាសាអង់គ្លេស «Black-headed Woodpecker» និងមានឈ្មោះវិទ្យាសាស្ត្រ ថា «Picus erythropygius» ជាប្រភេទបក្សីមិនសូវសម្បូរ។ វាបង្ហាញវត្តមានពេញមួយឆ្នាំនៅតំបន់ខ្ពង់រាបនិងភ្នំ ដែលចំណូលចិត្តនៃការរស់នៅគឺនៅព្រៃរបោះ ព្រៃស្រល់។
២. សត្វ«ត្រយងយក្សឬឪលើក» មានឈ្មោះជាភាសាអង់គ្លេស «Giant Ibis» និងមានឈ្មោះវិទ្យាសាស្ត្រថា «Thaumatibis gigantean» ជាប្រភេទបក្សីមិនសូវសម្បូរនិងផុតពូជនៅលើពិភពលោក។ វាជានិមិត្តរូបព្រះរាជាណាចក្រកម្ពុជាខាងផ្នែកបក្សី។ ជាបក្សីដែលមានជាប់ទាក់ទងនឹងរឿងព្រេងបុរាណខ្មែរ "រឿងសត្វកូនលោក"។ វាបង្ហាញវត្តមានគ្រប់រដូវកាលនៅខ្ពង់រាបឦសានមានខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី។ អាហារដែលវាចូលចិត្តមានអន្ទង់ កង្កែប ត្រី។
ខាងក្រោមនេះ ជាវីដេអូខ្លីដែលខាងក្រុមការងារនៃអង្គការ WCS បានធ្វើឡើង ដើម្បីបង្ហាញជូនអំពីសត្វត្រយ៉ងយក្ស ដូច្នេះសូមអញ្ជើញទស្សនាជាការយល់ដឹងបន្ថែមអំពីសត្វត្រយ៉ងយក្សនេះ ដូចតទៅ៖
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM