Royal Academy of Cambodia
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ទីក្រុងតូក្យូ។ សម្តេចតេជោត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោក ស៊ិនហ្សូ អាបេ ដែលនៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនេះក៏មានពិធីគោរពទង់ជាតិនៃប្រទេសទាំងពីរ និងពិធីត្រួតពល។
លោកនាយករដ្ឋមន្រ្តីជប៉ុន សោមនស្សរីករាយបំផុតដែលបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន លើកនេះ ដែលស្របពេលនៃខួប៦៥ឆ្នាំនៃចំណងទាក់ទងការទូតកម្ពុជាជប៉ុន។ លោកបញ្ជាក់ថា ជប៉ុនតែងតែស្ថិតនៅជិតកម្ពុជាជានិច្ចក្នុងការជួយកសាងនិងអភិវឌ្ឍន៍ប្រទេស។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្តែងនូវក្តីសប្បាយរីករាយក្រៃលែង និងអរគុណ លោកនាយករដ្ឋមន្រ្តីជប៉ុន ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានអរគុណលោកដែលបានផ្ញើសារអបអរសាទរចំពោះសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសារជាថ្មី។សម្តេច តេជោ ក៏បានអរគុណមិត្តជប៉ុនដែលបានជួយដល់ការបោះឆ្នោតនៅកម្ពុជាតាំងពីពេលមុន និងក្នុងពេលបោះឆ្នោតកន្លងមកនេះ។ ទោះបីការបោះឆ្នោតបានបញ្ចប់ទៅហើយក្តី គឺកម្ពុជានៅតែត្រូវការប្រទេសជប៉ុនជួយជាបន្ត។ទន្ទឹមនឹងនេះ សម្តេចតេជោ បានអបអរសាទរចំពោះ លោក ស៊ិនហ្សូ អាបេ ដែលត្រូវបានជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិប តេយ្យសេរី និងជានាយករដ្ឋមន្រ្តីបន្ត។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ បានសម្តែងនូវការសោកស្តាយចំពោះ វិបិត្តគ្រោះមហន្តរាយដែលបានកើតឡើងនៅជប៉ុនកាលពីពេលថ្មីៗនេះ។ស្របគ្នានឹងកិច្ចប្រជុំកំពូលជប៉ុនមេគង្គលើក ទី១០ នៅថ្ងៃស្អែកនេះ លោក ស៊ិនហ្សូ អាបេ បានបញ្ជាក់សារជាថ្មីចំពោះសារៈសំខាន់នៃសរសរស្តម្ភ៣ដែលត្រូវពង្រឹង១)ការពង្រឹងវិសាលភាពនៃការតភ្ជាប់២)ការកសាងសង្គមតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស៣)ការសម្រេចបានដើម្បីអោយតំបន់មេគង្គក្លាយជាតំបន់បៃតង។
ចំពោះកម្ពុជា គឺប្រទេសជប៉ុននឹងបន្តផ្តល់ជំនួយជាបន្តដែលក្នុងនោះមាន ១)ជំនួយបច្ចេកទេសផ្នែកធារាសាស្រ្តលើវិស័យកសិកម្ម ២)បំពាក់សំភារៈទំនើប និងបច្ចេកវិទ្យាសម្រួលដល់កំពង់ផែស្វយ័តខេត្តព្រះសីហនុ៣)ជំនួយដល់កម្មវិធីអភិវឌ្ឍន៍កុមារ តាមរយៈ UNICEFជាដើម។ ដើម្បីលើកស្ទួយលទ្ឋិប្រជាធិបតេយ្យនៅកម្ពុជា ប្រទេសជប៉ុននឹងអញ្ជើញអ្នកដឹកនាំវ័យក្មេងកម្ពុជា, មន្រ្តីបម្រើផ្នែកយុត្តិធម៍, គណកម្មការជាតិរៀបចំការបោះឆ្នោត មកទស្សនកិច្ចសិក្សាអំពីប្រទេសជប៉ុន។ទន្ទឹមនឹងនោះដែរ ភាគីជប៉ុនក៏បានស្នើសុំអោយ សម្តេចតេជោ គាំទ្រ Indo-Pacific សេរី និងបើកចំហរដែលជាទិសដៅជប៉ុនក្នុងការពង្រឹងនិងពង្រីកវិសាលភាពពាណិជ្ជកម្មសេដ្ឋកិច្ច។សម្តេចតេជោ គាំទ្រប្រទេសជប៉ុន ហើយមានជំនឿថាសមាជិកនៃប្រទេសមេគង្គនឹងចូលរួមគាំទ្រចំពោះទិសដៅ Indo-Pacific សេរី និងបើកចំហរនេះជាមិនខាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជម្រាប លោក ស៊ិនហ្សូ អាបេ ផងដែរថា នៅឆ្នាំ ២០២០ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏មានបំណងចង់រៀបចំនៃកិច្ចប្រជុំអាស៊ី អ៊ឺរ៉ុបនៅឆ្នាំ២០២០នៅប្រទេសកម្ពុជា។សម្តេចប្រមុខដឹកនាំ បានអញ្ជើញលោកនាយករដ្ឋមន្រ្តីជប៉ុន ទៅបំពេញទស្សនៈកិច្ចនៅកម្ពុជាក្នុងពេលសមស្របណាមួយខាងមុខ។លោក ស៊ិនហ្សូ អាបេ បានគាំទ្របេក្ខភាពកម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះនៅក្នុងការរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់បំផុតនេះ។ មុននឹងបញ្ចប់កិច្ចពិភាក្សា លោកនាយករដ្ឋ មន្រ្តីជប៉ុន ស៊ិនហ្សូ អាបេបានអរគុណសម្តេចតេជោ ហ៊ុន សែន ហើយលោកនឹងជ្រើសរើសពេលវេលាសមស្របណាមួយទៅបំពេញទស្សនៈកិច្ចនៅកម្ពុជាដ៏ស្រស់ស្អាត។
លោកនាយករដ្ឋមន្រ្តីជប៉ុនបញ្ជាក់សារជាថ្មីថា ជប៉ុនបានតាំងចិត្តសហការជាមួយកម្ពុជាដើម្បីប្រទេសជាតិរីកចម្រើន ព្រោះកម្ពុជាបានឆ្លងកាត់ឧបសគ្គនិងសង្រ្គាម ២៥ឆ្នាំមកនេះ គឺពេលនេះកម្ពុជាកំពុងរីកចម្រើនពិតប្រាកដ៕
ដកស្រង់ពី៖ ទំព័រហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រី
RAC Media | លឹម សុវណ្ណរិទ្
នៅព្រឹកថ្ងៃសៅរ៍១២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៦ខែតុលា ឆ្នាំ២០១៨នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។
កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០នេះ នឹងធ្វើឡើងពីថ្ងៃទី៦ ដល់ ១០ ខែតុលា ឆ្នាំ២០១៨។ អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន មានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០នេះ នឹងពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។
សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាមួយដោយផ្តោតជាសំខាន់ទៅលើទិសដៅនាពេលអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ជាមួយនឹងឱកាសនោះផងដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញជួបជាមួយថ្នាក់ដឹកនាំ និងអ្នកវិនិយោគមួយចំនួនទៀតផងដែរ៕
ដកស្រង់៖ ទំព័រហ្វេសប៊ុកសម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
RAC Media | លឹម សុវណ្ណរិទ្ធ
(ភ្នំពេញ)៖ យោងតាមអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងវិស័យអាទិភាព ដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ការអនុគ្រោះដោយលើកលែងពន្ធដល់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជាចំនួន ៦វិស័យ ក្នុងគោលបំណងលើកកម្ពស់ការអភិវឌ្ឍសហគ្រាសទាំងនេះ និងដើម្បីបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក។ វិស័យអាទិភាពទាំងនោះរួមមាន៖
គួររំឭកដែរថា គ្រប់សហគ្រាសធុនតូច និងមធ្យម ត្រូវកាន់បញ្ជីគណនេយ្យ និងដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំទៅតាមកាលកំណត់ជូនរដ្ឋបាលសារពើពន្ធ ទោះបីជាត្រូវបានលើកលែងពន្ធលើប្រាក់ចំណូលដូចមានចែងក្នុងមាត្រា៦ នៃអនុក្រឹតលើកលែងពន្ធនេះក៏ដោយ និងត្រូវដាក់លិខិតប្រកាសបង់ពន្ធអាករដទៃទៀតតាមច្បាប់ និងប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។
RAC Media | ផាញ់ សារឿន
(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គ្មានការបង្កើតខេត្តថ្មីនោះទេ ដោយសម្ដេចបានបញ្ជារទៅក្រសួងមហាផ្ទៃឱ្យបញ្ឈប់ការសិក្សាលទ្ធភាពបង្កើតខេត្តថ្មីនេះហើយ ដោយសារតែដំណឹងសិក្សានេះត្រូវបានបែកខ្ញែក ហើយត្រូវអ្នកមានឥទ្ធិពលមួយចំនួនបានប្រជែងគ្នាដណ្តើមឋានៈតួនាទីក្នុងខេត្តថ្មីនេះ។
ភ្លាមៗនោះដែរ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចេញសេចក្តីជូនដំណឹងបញ្ឈប់ការសិក្សាពីការបង្កើតខេត្តថ្មី បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីបានប្រកាសបញ្ឈប់បង្កើតខេត្តថ្មីទាំងពីរនៅក្នុងឱកាសជាអធិបតីនៃពិធីអបអរសាទរទិវាគ្រូបង្រៀន នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្សសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» នៅវិទ្យាស្ថានជាតិអប់រំ។
គួរបញ្ជាក់ផងដែរថា កាលពីដើមខែសីហាកន្លងទៅ ក្រសួងមហាផ្ទៃ បានដាក់ស្នើសុំបង្កើតខេត្តថ្មីចំនួន២ ដោយខេត្តមួយត្រូវបំបែកចេញពីខេត្តកណ្ដាល និងខេត្តថ្មីមួយទៀតត្រូវបំបែកចេញពីខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ទន្ទឹមគ្នានោះ ក៏កើតមានពាក្យចចាមអារ៉ាមថា រាជរដ្ឋាភិបាលគ្រោងបង្កើតខេត្តថ្មីរហូតដល់៧ខេត្តថែមទៀតផង ប៉ុន្តែព័ត៌មាននេះ ត្រូវមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បដិសេធចោល៕
ដកស្រង់៖ ប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០១៨
RAC Media | លឹម សុវណ្ណរិទ្ធ
(រូបភាព៖ FreshNews)
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថា្នក់ដឹកនាំ និងមន្រ្តីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រមាណ៤០នាក់ បាននាំយកទេយ្យទានទៅចូលរួមកាន់បិណ្ឌទី១០ នៅវត្តពោធិ៍រុន ស្ថិតក្នុងភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ហើយនិងបាននាំយកថវិកាសម្រាប់ចូលរួមក្នុងព្រះពុទ្ធសាសនាប្រគេនវត្តចំនួន៤ទៀតនៅក្នុងឃុំត្រពាំងធំខាងជើងនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ។
ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និងមន្រ្តីទាំងអស់បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគបរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃ និងសម្រាប់ទុកកសាងសមិទ្ធផលផ្សេងៗក្នុងទីអារាម ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូន ជីតា បុព្វការីជន និងបញ្ញវន្តកម្ពុជា ពិសេសគឺឧទ្ទិសជូនដល់បញ្ញវន្តនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានចែកឋានទៅ ទៅតាមប្រពៃណីសាសនា។
ចង្ហាន់ មី ទឹកសុទ្ធ គ្រឿងរណ្តាប់បង្សុកូល អង្ករ និងថវិកាចំនួន៣.៦៣០.០០០ រៀល បានវេរប្រគេនព្រះសង្ឃវត្តពោធិរុន ហើយតាយាយចាស់ៗដែលបានអញ្ជើញមកវត្តយ៉ាងកុះករសរុប ៨៩នាក់ ក្នុងវេលានេះ ក៏ទទួលបានថវិកាក្នុងម្នាក់ៗ ១០.០០០រៀល ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ ក្រៅអំពីការធ្វើបុណ្យកាន់បិណ្ឌនៅវត្តពោធិ៍រុនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានចូលរួមជាថវិកាប្រគេនដល់ព្រះសង្ឃនៅតាមវត្តចំនួន៤ផ្សេងទៀតដែលមានក្នុងឃុំត្រពាំងធំខាងជើងផងដែរ ក្នុងនោះមាន៖ វត្តមង្គលមានលក្ខណ៍ ហៅវត្តត្រពាំងគល់ស្ថិតនៅភូមិត្រពាំងស្វាយ, វត្តអង្គស្អាតស្ថិតនៅភូមិព្រៃស្បាត, វត្តពោធិ៍ដុះស្ថិតក្នុងភូមិពោធិ៍ដុះ, និងវត្តសិរីដំណាក់នៅភូមិអង្គត្រាវ ទទួលបានបច្ច័យក្នុង១វត្តចំនួន ៤៦០.០០០រៀល ដោយឡែកតែវត្តពោធិ៍ដុះ ដែលថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានមានសទ្ធាជ្រះថ្លាបរិច្ចាកថវិកាបន្ថែមពីលើចំនួន២៤០.០០០រៀល សម្រាប់បិណ្ឌទី១០ និង ៩០.០០០រៀលបន្ថែមសម្រាប់បិណ្ឌទី១១ នៅវត្តពោធិ៍ដុះ សរុបវត្តពោធិ៍ដុះទទួលបាន ៧៩០.០០០ រៀល។
បន្ទាប់ពីប្រគេនចង្ហាន់ និងបច្ច័យរួចហើយ ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងមន្រ្តី បានបួងសួងឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់មានសុខភាពល្អ រួមគ្នាជាកម្លាំងបញ្ញាញាណ ធនាគារខួរក្បាល ខិតខំបំពេញភារកិច្ច សិក្សាស្រាវជ្រាវ ផ្តល់ជាធាតុចូលជូនរាជរដ្ឋាភិបាល ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនតទៅមុខទៀត៕
ទិដ្ឋភាពក្នុងពិធីកាន់បិណ្ឌទី១០ នៅវត្តពោធិ៍រុន ភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ៖
មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ប្រគេនបច្ច័យព្រះសង្ឃវត្តពោធិ៍ដុះ ភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង៖
មន្ត្រីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រគេនបច្ច័យនៅវត្តមង្គលមានលក្ខណ៍ ស្ថិតក្នុងភូមិត្រពាំងស្វាយ៖
មន្ត្រីវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ប្រគេនបច្ច័យវត្តអង្គស្អាត ស្ថិតក្នុងភូមិព្រៃស្បាត៖
RAC Media | ហេង សុភី
ថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨
(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅខេត្តនានា ក៏ដូចជាត្រឡប់មកពីខេត្តនានាមកកាន់រាជធានីភ្នំពេញវិញឱ្យមានលក្ខណៈល្អប្រសើរនោះ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់កាដូមួយថ្មីទៀតជូនដល់ប្រជាពលរដ្ឋដោយអនុញ្ញាតឱ្យសាលារាជធានីភ្នំពេញបញ្ចេញរថយន្តក្រុងសាធារណៈចំនួន ១២០គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅមកមិនគិតថ្លៃរយៈពេល៦ថ្ងៃនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនេះ។
ការដឹកជូនប្រជាពលរដ្ឋទៅវិញទៅមកដោយឥតគិតថ្លៃ ពីរាជធានីភ្នំពេញទៅស្រុកកំណើតនេះ នឹងចាប់ផ្តើមធ្វើឡើងនៅរៀងរាល់ម៉ោង ៥ៈ៣០នាទីព្រឹក ពីថ្ងៃទី០៦ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ដោយអនុវត្តនៅលើផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨។ ជាមួយនោះដែរសាលារាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ៩៥គ្រឿង ដើម្បីដឹកជញ្ជូនដោយមិនបង់ប្រាក់រយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៅក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តង។
សូមបញ្ជាក់ថា ក្រៅពីការផ្តល់កាដូឱ្យមានការដឹកជញ្ជូនប្រជាពលរដ្ឋទៅមកស្រុកកំណើតដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសឱ្យសហគ្រាស និងគ្រឹះស្ថានទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តច្បាប់ស្តីពីការងារអនុញ្ញាតឱ្យកម្មករនិយោជិក បានឈប់សម្រាកការងារចំនួន០៣ថ្ងៃ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយបើកប្រាក់ឈ្នួលមុនបុណ្យប្រពៃណីនេះផងដែរ។ ក្រៅពីនេះមន្រ្តីរាជការទូទៅ បានទទួលប្រាក់ខែមុនកំណត់ដូចជាកម្មករ កម្មការិនីផងដែរ ជាពិសេសទទួលបានប្រាក់ឧបត្ថម្ភបន្ថែមម្នាក់ៗចំនួន ៥ម៉ឺនរៀល នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះថែមទៀត៕
ប្រភព: សាលារាជធានីភ្នំពេញ
RAC Media | ហេង សុភី
ជារៀងរាល់សប្តាហ៍ នៅថ្ងៃអង្គារ និងថ្ងៃពុធ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នឹងរៀបចំប្រជុំគណៈកម្មការទាំងអស់ដើម្បីពិនិត្យនិងវាយតម្លៃលើបច្ចេកសព្ទតាមជំនាញនីមួយៗ។ នៅសប្តាហ៍នេះ គឺត្រូវនឹងថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា លើបច្ចេកសព្ទគណៈកម្មការវិទ្យាសាស្រ្តសេដ្ឋកិច្ច ហើយជាលទ្ធផល អង្គប្រជុំបានសម្រេចអនុម័តបច្ចេកសព្ទថ្មី បានចំនួន៥ពាក្យ ក្នុងនោះមាន៖
ប្រភព៖ ហង្ស លក្ខណា ក្រុមប្រឹក្សាភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា កម្ពុជានឹងក្លាយជាទីតាំងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោកនាពេលខាងមុខនេះ តាមរយៈគោល នយោបាយដំឡូងមី ឆ្នាំ២០១៨-២០២២។
ការលើកឡើងនេះធ្វើឡើងក្នុងពិធីប្រគល់និងទទួលឯកសារគោលនយោបាយដំឡូងមី ដែលបានចងក្រងដោយនាយក ដ្ឋានគោលនយោបាយពាណិជ្ជកម្ម សហការជាមួយអង្គការ UNDP និងស្ថាប័នពាក់ព័ន្ធដើម្បីបម្រើការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជាដែលជាដំណាំសក្ដានុពលទី២បន្ទាប់ពីដំណាំស្រូវ និងជាផលិតផលអាហារប្រចាំសតវត្សរ៍ទី២១ នាព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម។
គួររំលឹកថា ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី ៤០០ពាន់ហិកតា ដល់ ៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផលសរុបជាង ១៣លានតោន។
ជាមួយគ្នានេះ កាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេសដែលឈរនៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេសផលិតដំឡូងមីធំៗទាំង១០នៅលើពិភពលោក។ ទន្ទឹមគ្នានេះ បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបានកំពុងប្រឹងប្រែងជំរុញការនាំចេញផលិតផលដំឡូងមី ទៅកាន់ប្រទេសចិន ដោយសារតែប្រទេសទាំងពីរបានចុះហត្ថលេខាពិធីសារស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវផ្នែកភូតគាមអនាម័យនិងអនាម័យ ហើយបានកំពុងសិក្សាពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្មទីផ្សារនាំចេញ៕
ប្រភព: Business-cambodia
RAC Media | ហេង សុភី
ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្ពុជានិងក្រុមហ៊ុនChinese Road»។
ជំនួបនៃកិច្ចពិភាក្សានេះបានដឹកនាំដោយ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អមដោយលោក បណ្ឌិត គី សេរីវឌ្ឍន៍ប្រធានមជ្ឍមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា កញ្ញា វុធ សុភ័ក្រណានាយិកាភាគីខ្មែររបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជារួមទាំងប្រធាន និងអនុប្រធាននៃស្ថានប័នឧបសម្ព័ន្ធនានារបស់រាជបណ្ឌិត្យសភាកម្ពុជា។ ចំណែកឯភាគីចិន បានដឹកនាំដោយ លោក Anthony Guo នាយកក្រុមហ៊ុន«ផ្លូវភាសាចិន» អមដោយលោក Michael Chui ប្រធានផ្នែកទីផ្សារ លោក ឆាយ ឃឹឈីង នាយកភាគីចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។
គោលបំណងនៃជំនួបគឺបានពិភាក្សា៖
១- ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការណ៍ក្នុងការបើកវេទិកាសិក្សាភាសាចិនតាម Online របស់ភាគីចិនគឺក្រុមហ៊ុន «ផ្លូវភាសាចិន»នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
២- ដើម្បីសិក្សាស្រាវជ្រាវស្វែងទីផ្សារ ហិរញ្ញវត្ថុ ក៏ដូចជាផ្សារភាគហ៊ុននៅកម្ពុជា។
ថ្លែងនៅក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចនិងលើកជាអនុសាសន៍ថា៖ កិច្ចការបើកវេទិកាសិក្សាភាសាចិនតាមOnline របស់ភាគីចិនគឺមានវិទ្យាស្ថានខុងជឺនៃរាជ បណ្ឌិត្យសភាកម្ពុជាជាអ្នកទទួលសហការ។
ចំណែកការសិក្សាស្រាវជ្រាវស្វែងទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាផ្សារភាគហ៊ុននៅកម្ពុជា គឺត្រូវប្រគល់ជូនលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ជាអ្នកទទួលកិច្ចសហការជាមួយភាគីចិនផ្ទាល់។
RAC Media
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM