Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះអនុស្សរណៈយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងក្រុមហ៊ុន Capital Continuum Advisers LTD និងក្រុមហ៊ុន Climate Asset Facility Pte. Ltd។
អនុស្សរណៈយោគយល់គ្នាដែលត្រូវចុះហត្ថលេខានាឱកាសនេះ ត្រូវបានរៀបចំឡើងដើម្បី សិក្សាឱកាសនៅក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការ នៅក្នុងការអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ពិសេសការផលិតនិងលក់កាបូននៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទៅកាន់ភាគីទីបី។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន Capital Continuum Advisers LTD និងក្រុមហ៊ុន Climate Asset Facility Pte. Ltd ដែលប្រព្រឹត្តទៅនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចការអភិរក្សនិងអភិវឌ្ឍមរតកវប្បធម៌ និងធម្មជាតិ ក៏ដូចជាសក្ដានុពលសំខាន់ៗមាននៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលគប្បីត្រូវបានសិក្សាស្រាវជ្រាវបន្ថែម បន្តការងារអភិរក្ស និងអភិវឌ្ឍបន្ថែមទៀត ដើម្បីបន្សល់នូវមរតកវប្បធម៌និងធម្មជាតិដ៏កម្រ ជំរុញការថែរក្សាប្រព័ន្ធអេកូឡូស៊ី ដែលមានទាំងសត្វព្រៃនិងព្រៃឈើ ក៏ដូចជាការលើកកម្ពស់កម្រិតជីវភាពប្រជាជននៅក្នុងតំបន់ផងដែរ៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ជាថ្មីម្ដងហើយម្ដងទៀត ក្រុមប្រឆាំងនៅក្រៅប្រទេស បានព្យាយាមញុះញង់ឱ្យកើតមានបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល តាមរយៈលេស និងហេតុផលផ្សេងៗមិនចេះចប់ ដែលចុងក្រោយនេះ ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសដកប្រទេសកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA ក៏ដោយក្ដី ក៏ក្រុមនេះនៅតែបន្តលើកឡើងនូវបញ្ហាផ្សេងៗក្រោមរូបភាពបំភ្លៃផង និងបញ្ហាមិនពិតផ្សេងៗទៀត ដើម្បីដុតបញ្ឆេះកំហឹងពលរដ្ឋនៅក្រៅប្រទេស តាមរយៈការចោទប្រកាន់ដោយគ្មានមូលដ្ឋានផ្សេងៗមកលើរាជរដ្ឋាភិបាលកម្ពុជា។
ទោះជាយ៉ាងណាក៏ដោយ បាតុកម្មដែលត្រូវបានជំរុញនិងរៀបចំឡើងដោយក្រុមប្រឆាំងនៅឯក្រៅប្រទេស ពិសេសបាតុកម្មនៅសហរដ្ឋអាម៉េរិកនាពេលថ្មីៗកន្លងទៅនេះ បានឈានដល់បរិបទថ្មីមួយទៀត ដោយគេបានមើលឃើញថា នៅក្នុងបាតុកម្មដែលធ្វើឡើងដោយក្រុមជ្រុលនិយមសមរង្ស៊ី នៅសហរដ្ឋអាមេរិកថ្មីៗនេះ មានការចូលរួមពីក្រុមជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ាថែមទៀតផង។
ការចូលរួមរបស់ក្រុមជនជាតិភាគតិចវៀតណាម ម៉ុងតាញ៉ា នៅក្នុងបាតុកម្មដែលរៀបចំឡើងដោយលោក សម រង្សី នេះបានបង្ហាញឱ្យឃើញថា អ្នកនយោបាយជ្រុលនិយមនៅក្រៅស្រុក បានបន្តធ្វើនយោបាយប្រឆាំងទាំងងងឹតងងុល ដោយបានបំភ្លេចចោលបទពិសោធន៍ប្រវត្តិសាស្ត្រ ដែលខ្មែរត្រូវបានបាត់បង់ទឹកដីទៅប្រទេសជិតខាង ហើយក៏ជាការបង្ហាញឱ្យឃើញកាន់តែច្បាស់ថា នរណាជាអាយ៉ងបរទេស បម្រើឱ្យនយោបាយគ្រប់បរទេសដោយពុំរើសមុខ ពុំរើសជនជាតិ ឬជាតិសាសន៍នោះឡើយ។ គេគួរតែចាំថា កន្លងមក ជនបរទេស (វៀតណាម) មួយចំនួន តែងតែគាំទ្រខ្មែរឱ្យឈ្លោះគ្នា ហែកហួរបែកបាក់ជាតិ ដើម្បីឆ្លៀតកេងចំណេញប្រយោជន៍ពីខ្មែរនៅគ្រប់ទិដ្ឋភាពទាំងអស់ ទាំងសេដ្ឋកិច្ច នយោបាយ និងសង្គម។
ទង្វើនិងចេតនារបស់ក្រុមអ្នកនយោបាយប្រឆាំងទាំងនេះ គឺជារបៀបវារៈនយោបាយដែលជ្រុលនិយម ខ្វះមនសិកាស្នេហាជាតិ គ្មានទេឧត្ដមគតិចំពោះជាតិ ដោយពួកគេសម្លឹងមើលតែប្រយោជន៍នយោបាយសួនតួរបស់ខ្លួន ដោយមិនបានខ្វល់ខ្វាយពីសុខទុក្ខជាតិនោះឡើយ ហើយនរណាក៏ដោយឱ្យតែអាចជួយពួកគេសម្រេចនូវមហិច្ឆតានយោបាយ គឺពួកគេចាត់ទុកថាជាអ្នកស្នេហាជាតិខ្មែរ ដែលនេះបានបង្ហាញថា ពួកគេគឺពិតជាក្រុមនយោបាយប្រកបដោយគ្រោះថ្នាក់សម្រាប់ប្រជាជាតិទាំងមូល។
សកម្មភាពនយោបាយខាងលើរបស់ក្រុមអ្នកនយោបាយទាំងនេះ ក៏បានបង្ហាញផងដែរអំពីភាពទ័លច្រករបស់ក្រុមប្រឆាំង ដែលការគៀងគរមនុស្សពីគ្រប់មជ្ឍដ្ឋាន គ្រប់ជនជាតិ និងជាតិសាសន៍ ស្ដែងឱ្យឃើញពីភាពទន់ខ្សោយខាងយុទ្ធសាស្ត្រ និងកង្វះការគាំទ្រពីពលរដ្ឋខ្មែរពីបរទេស ពិសេសនៅសហរដ្ឋអាម៉េរិកផ្ទាល់។ ពោលគឺពួកគេព្យាយាមផ្ដោតតែលើការប្រមូលមនុស្សឱ្យចូលរួមទៅក្នុងបាតុកម្មរបស់ខ្លួន ដោយពុំគិតពិចារណាថា អ្នកនោះមកពីទីណាក៏ដោយ ជាជាតិសាសន៍អ្វីក៏ដោយ មានបំណងអ្វីក៏ដោយ ឱ្យតែយល់ព្រមចូលរួមក្នុងបាតុកម្មរបស់ខ្លួន គឺជាការប្រសើរហើយ។ ពួកគេធ្វើដូច្នេះគឺដើម្បីសាងរូបភាពឱ្យអ្នកខាងក្រៅយល់ឃើញថា បាតុកម្មរបស់ខ្លួនមានការចូលរួមច្រើន ប៉ុន្តែធាតុពិតជាក់ស្ដែងបាតុកម្មខាងលើនេះ នៅតែមិនអាចទាក់ទាញឱ្យមនុស្សចូលរួមបានច្រើនគ្រប់គ្រាន់នោះឡើយ។
ការមិនចូលរួមនៅក្នុងបាតុកម្មដែលរៀបចំដោយក្រុមប្រឆាំងជ្រុលនិយមនេះទៀតសោត ក៏បានបង្ហាញផងថា ពលរដ្ឋដើមកំណើតខ្មែរជាច្រើនពិតជាបានជ្រួតជ្រាប និងអាចយល់ដឹងច្បាស់ពីសភាពការណ៍និងការពិតជាក់ស្ដែងនៅក្នុងប្រទេស ក្រោយការបកស្រាយ និងការសម្រេចចិត្តជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការមិនចូលរួមពីសំណាក់ពលរដ្ឋខ្មែរជាច្រើននៅសហរដ្ឋអាម៉េរិកនេះទៀតសោត ក៏ព្រោះតែបងប្អូនពលរដ្ឋខ្មែរទាំងនោះ ពិតជាបានមើលឃើញ និងដឹងយ៉ាងច្បាស់អំពីកលល្បិច និងមហិច្ឆតាប្រកបដោយភាពគ្រោះថ្នាក់របស់ក្រុមជ្រុលនិយមទាំងនេះ៕
RAC Media
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីពីររូប អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «គម្រោងទីលានចាក់សំរាម ធំទូលាយ បរិស្ថានស្អាត» និងពិធីបើកស្លាក «មជ្ឈមណ្ឌលនវានុវត្តន៍បច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា-ចិន»។
ពិធីទាំងពីរនេះ មានការអញ្ជើញចូលរួមពីដៃគូសហការដូចជា បណ្ឌិត្យសភាវិទ្យាសាស្ត្រក្វាងស៊ី រាជបណ្ឌិត្យសភាកម្ពុជា ក្រុមហ៊ុនឡូជីស្ទីកទំនើបក្វាងស៊ីគ្រុប ក្រុមហ៊ុនបរិស្ថានធម្មជាតិគ្រុប និងគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឡូជីស្ទីកក្វាងស៊ី។ បន្ទាប់ពីចូលរួមកម្មវិធីខាងលើ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានអញ្ជើញទស្សនាមូលដ្ឋានបច្ចេកវិទ្យាគំរូសម្រាប់ការការពារបរិស្ថាន ស្រុកធានយ៉ាង ទីក្រុងប៉ាយសឺ ខេត្តក្វាងស៊ី របស់ក្រុមហ៊ុនជីនសានហាយ-ធិចគ្រុប ដើម្បីបន្តកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងការការពារបរិស្ថានកម្ពុជា-ចិនផងដែរ។
ជាមួយគ្នានេះ នៅពេលរសៀល ឯកឧត្តមអគ្គលេខាធិការ និងសហការីបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនជីនសានហាយ-ធិចគ្រុប ស្តីពីវឌ្ឍនៈភាពរបស់ក្រុមហ៊ុន នៃការកែច្នៃសំរាម(មិនកប់ មិនដុត និងប្រើប្រាស់ឡើងវិញ) និងការផលិតថាមពលអុីដ្រូសែនសម្រាប់ប្រើប្រាស់ជាមួយរថយន្តនាថ្ងៃអនាគត៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងសហការីពីររូប បានអញ្ជើញទៅចូលរួមពិធីសម្ពោធ និងកម្មវិធីសន្និសីទ នៅតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីថ្លែងសុន្ទរកថានិងជួបពិភាក្សាការងារដូចខាងក្រោម៖
១) នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «គម្រោងទីលានចាក់សំរាម ធំទូលាយ បរិស្ថានស្អាត» ស្រុកធានយ៉ាង ទីក្រុងប៉ាយសឺ ខេត្តក្វាងស៊ី និងជួបពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការគាំពារបរិស្ថានកម្ពុជា-ចិន ជាមួយក្រុមហ៊ុនជីនសានហាយ-ធិចគ្រុប នៅទីក្រុងណាននីង ខេត្តក្វាងស៊ី។
២) ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ទស្សនកិច្ចនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រក្វាងស៊ី ផ្តោតលើបច្ចេកវិទ្យាកសិកម្ម រុក្ខាប្រមាញ់ និងវារីវប្បកម្ម ដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់សួនឧស្សាហកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកសិកម្មអេកូឡូស៊ីកម្ពុជា-ចិន។ ព្រមទាំងទស្សនាគម្រោងវិទ្យាសាស្ត្រនានារបស់បណ្ឌិត្យសភាវិទ្យាសាស្ត្រក្វាងស៊ីផងដែរ។
៣) នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ពិធីបើកសន្និសីទរួមគ្នាលើកទី៣៩នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិក្នុងប្រទេសចិន និងទស្សនាឧទ្យានភ្នំឈីងស៊ាវ។ បន្ទាប់មកជួបពិភាក្សាជាមួយអគ្គកុងស៊ុលព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងណាននីង ខេត្តក្វាងស៊ី។
សូមបញ្ជាក់ថាដំណើរបំពេញបេសកកម្មខាងលើនេះ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្ដល់អាហារូបករណ៍ជូនដូចខាងក្រោម៖
១. និទ្ទេស A ផ្ដល់អាហារូបករណ៍ ១០០% រយៈពេល៤ឆ្នាំ
២. និទ្ទេស B ផ្ដល់អាហារូបករណ៍ ៥០% រយៈពេល៤ឆ្នាំ
៣. និទ្ទេស C ផ្ដល់អាហារូបករណ៍ ៣០% រយៈពេល៤ឆ្នាំ
* កាលបរិច្ឆេទចូលរៀន៖
+ លើកទី១៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
+ លើកទី២៖ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤
នៅក្នុងបរិបទនៃការដណ្ដើមឥទ្ធិពលឥតឈប់ឈររបស់មហាអំណាច និងការប្រជែងភូមិសាស្ត្រនយោបាយពិភពលោកដ៏តានតឹង កម្ពុជាត្រូវ មានការប្រយ័ត្នប្រយែងបំផុតនៅក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន ដើម្បីរក្សាជំហរប្រកបដោយការប្រុងប្រយ័ត្ន ពិសេសការចូលរួមនៅក្នុងសន្ធិសញ្ញាណាមួយ ដែលមានចរិតលក្ខណៈជាបក្សសម្ព័ន្ធដើម្បីប្រឆាំងប្រទេសណាមួយឡើយ បើទោះបីជាមានលក្ខណៈជាបក្សសម្ព័ន្ធយោធា ឬសន្ធិសញ្ញាដែលមានចរិតប្រឆាំងគ្នាទៅវិញទៅមកនៅក្នុងរបៀបវារៈនៃការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយនោះទេ។
ប្រសិនបើ មេដឹកនាំកម្ពុជាចូលរួមនៅក្នុងសន្ធិសញ្ញាណាមួយ ដែលមានចរិតលក្ខណៈជាបក្សសម្ព័ន្ធយោធា នឹងក្លាយជាការនាំប្រទេសកម្ពុជាដើរប្រាសចាកពីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ខ្លួន ដែលនៅត្រង់មាត្រា៥៣ថ្មី បានចែងយ៉ាងច្បាស់អំពី ការប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធរបស់ខ្លួន។ បន្ថែមពីនេះ កម្ពុជាក៏ត្រូវតែប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាធម្មនុញ្ញរបស់អាស៊ានផងដែរ ដែលកម្ពុជាមិនត្រូវលូកលាន់ចូលកិច្ចការផ្ទៃក្នុង ឬចូលទៅក្នុងបក្សសម្ព័ន្ធណាមួយដើម្បីប្រឆាំងប្រទេសដទៃនោះឡើយ។
លើសពីនេះទៅទៀត ដោយអនុវត្តតាមច្បាប់អន្តរជាតិ រក្សាបាននូវលំនឹងនយោបាយការទូត និងរក្សាលទ្ធភាពនៅក្នុងការអភិវឌ្ឍ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាដៃគូទាំងអស់ នៅក្នុងបរិបទនៃការប្រកួតប្រជែងដ៏ស្រួចស្រាល់របស់មហាអំណាច កម្ពុជាគ្មានជម្រើសអ្វីក្រៅតែពីការប្រកាន់ខ្ជាប់ទៅតាមគោលការណ៍ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ធម្មនុញ្ញអាស៊ានដែលជាអង្គការតំបន់ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាច្បាប់អន្តរជាតិនានាដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណា រក្សាបាននូវឧត្ដមប្រយោជន៍ជាតិ និងប្រជាជន។
កម្ពុជាមិនអាចចូលភ្ជាប់ខ្លួនទៅនឹងបក្សសម្ព័ន្ធណាមួយបានឡើយ បើពុំដូច្នោះទេ កម្ពុជានឹងត្រូវរងគ្រោះដូចអ្វីដែលបានកើតមានឡើងនៅក្នុងដំណាក់កាលសង្គ្រាមនៃសង្គ្រាមត្រជាក់។ នៅពេលនោះ ថ្វីដ្បិតតែសម្ដេចព្រះនរោត្ដមសីហនុ ព្រះប្រមុខរដ្ឋកម្ពុជា បានសម្រេចព្រះទ័យមិនចូលរួមទៅក្នុងបក្សសម្ព័ន្ធណាមួយរវាងប្លុកសេរីនិងប្លុកកុម្មុយនីស្តក៏ដោយក្ដី ក៏ប៉ុន្តែជាតថភាព កម្ពុជាបានចូលរួមបក្សសម្ព័ន្ធ ដោយមានឈ្មោះថា «ចលនាមិនចូលបក្សសម្ព័ន្ធ» ហើយកម្ពុជាត្រូវប្រឈមមុខនឹងវិបត្តិជាបន្តបន្ទាប់។ ជាងនេះទៅទៀត លោកសេនាប្រមុខ លន់ នល់ ក្រោយការទម្លាក់សម្ដេចព្រះនរោត្ដមសីហនុ ពីប្រមុខរដ្ឋ លោកបានសម្រេចចិត្តនាំប្រទេសកម្ពុជាដែលស្ថិតនៅក្រោមការដឹកនាំនៃរបបសាធារណរដ្ឋខ្មែរ ចូលរួមទៅក្នុងសម្ព័ន្ធភាពរបស់សហរដ្ឋអាម៉េរិក ដើម្បីធ្វើសង្គ្រាមជាមួយនឹងវៀតណាមកុម្មុយនីស្តនៅតំបន់ឥណ្ឌូចិន ដែលជាហេតុធ្វើឱ្យកម្ពុជាត្រូវរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយធ្វើឱ្យនាវាកម្ពុជាមិនអាចទប់លំនឹងបាននៅក្នុងសមុទ្រនៃសង្គ្រាមមនោគមវិជ្ជា និងការដណ្ដើមឥទ្ធិពលគ្នារវាងមហាអំណាចពិភពលោក។
ដូច្នេះហើយ ទាំងនេះគឺជាមេរៀននិងបទពិសោធន៍នៅក្នុងប្រវត្តិសាស្ត្រ ដែលមេដឹកនាំកម្ពុជាត្រូវតែចងចាំ ហើយបញ្ចៀសឱ្យបាននូវការដើរជាន់ដាលដដែលនៃប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។ សម្រាប់ពេលបច្ចុប្បន្ននេះ កម្ពុជាកាន់តែមានភាពចាំបាច់នៅក្នុងការរក្សាលំនឹងនៃនយោបាយឯករាជ្យ មិនចូលបក្សសម្ព័ន្ធឱ្យបានខ្ជាប់ខ្ជាប់បំផុត ដើម្បីគេចចេញផុតពីការប្រកួតប្រជែងឥទ្ធិពលនិងភូមិសាស្ត្រនយោបាយរបស់មហាអំណាច បើទោះបីជាប្រទេសតូចដូចជាកម្ពុជា ពិតជាមិនអាចគេចផុតពីវិបត្តិ ដែលបង្កឡើងដោយការប្រកួតប្រជែងរបស់មហាអំណាចក៏ដោយក្ដី ប៉ុន្តែកម្ពុជាត្រូវតែមានជំហររឹងមាំផ្ទាល់ខ្លួន ដើម្បីចៀសវាងមហាអំណាចយកទៅធ្វើជាកូនអុកនៃភូមិសាស្ត្រនយោបាយរបស់ខ្លួន៕
RAC Media | លឹម សុវណ្ណរិទ្ធ
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១២ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រចាំខែកញ្ញានៃអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា និងជំរុញដំណើរការរៀបចំបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងកិច្ចប្រជុំនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានក្រើនរំឭក និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនិងមន្ត្រីអគ្គលេខាធិការដ្ឋានរាជបណ្ឌិត្យសភាកម្ពុជា ឱ្យផ្ដោតការយកចិត្តទុកដាក់ទៅលើការបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងត្រូវមានផ្នត់គំនិតថា ការរីកចម្រើនរបស់ស្ថាប័នគឺជាសមិទ្ធផលនិងមានចំណែកនៃការចូលរួមរបស់ខ្លួនផងដែរ។ បើតាមឯកឧត្ដមបណ្ឌិត នៅពេលដែលមានស្មារតីមនសិកាការងារ នោះមន្ត្រីទាំងអស់នឹងមានក្ដីសោមនស្សក្នុងការបំពេញការងារ និងអាចបំពេញការងារប្រកបដោយថាមភាពខ្ពស់ នៅក្នុងការចូលរួមចំណែកជំរុញវឌ្ឍនភាពស្ថាប័ន។
បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិត ក៏បានគូសបញ្ជាក់ទៅកាន់អង្គប្រជុំផងដែរថា មន្ត្រីគ្រប់រូបនិងគ្រប់អង្គភាពទាំងអស់នៃអគ្គលេខាធិការដ្ឋាន ត្រូវផ្ដោតការយកចិត្តទុកដាក់ទៅលើការរៀបចំដំណើរការបណ្ដុះបណ្ដាលបរិញ្ញាបត្រ ដែលជាអាទិភាពមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជានាបច្ចុប្បន្ន ដែលជាការបើកទំព័រថ្មីនៃកម្មវិធីបណ្ដុះបណ្ដាលនៅរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីចូលរួមចំណែកពង្រឹងមូលធនមនុស្សនៅក្នុងប្រទេសកម្ពុជា ចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។
តាមការគ្រោងទុក រាជបណ្ឌិត្យសភាកម្ពុជា នឹងបើកដំណើរការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាលើកដំបូង នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលកាលបរិច្ឆេទចូលរៀនលើកទី១ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។
គួរបញ្ជាក់ផងដែរថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបើកការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ ឆ្នាំសិក្សា២០២៤-២០២៥ ទៅលើមុខជំនាញសំខាន់ៗដូចខាងក្រោមគឺ៖
- វិទ្យាសាស្ត្រនយោបាយនិងទំនាក់ទំនងអន្តរជាតិ
- វិទ្យាសាស្ត្រសេដ្ឋកិច្ច
- វិទ្យាសាស្ត្របរិស្ថាន
- រដ្ឋបាលសាធារណៈ
- អក្សរសាស្ត្រខ្មែរ
- គណិតវិទ្យា
- តូរ្យតន្ត្រី និង
- វិចិត្រកម្ម៕
RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ
ដោយ៖ លឹម សុវណ្ណរិទ្ធ
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្នុងជំនួបនាឱកាសកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាមានិតឡាវ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កម្ពុជា-កាណាដា បានឯកភាពគ្នាគ្រោងនឹងបើកស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសទាំងពីរ ដោយ ឯកឧត្ដម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានជម្រាបសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា កាណាដាគ្រោងនឹងបើកស្ថានឯកអគ្គរដ្ឋទូត នៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ។ នេះគឺជាការបង្ហាញអំពីដំណើរវិវឌ្ឍទៅមុខមួយកម្រិតថែមទៀត ទាំងនៅក្នុងទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា និងការធ្វើពិពិធកម្មការទូតនៅក្នុងក្របខ័ណ្ឌនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ផ្ដើមចេញពីការប្រកាសជំហរនយោបាយការបរទេស “ពង្រឹងមិត្តចាស់ បង្កើនមិត្តថ្មី” រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបោះជំហានយ៉ាងល្អប្រសើរនៅក្នុងទំនាក់ទំនងជាមួយនឹងអឺរ៉ុប ពិសេសបារាំងដែលជាក្បាលម៉ាស៊ីននាំមុខគេរបស់សហភាពអឺរ៉ុប និងការលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយនឹងសហរដ្ឋអាម៉េរិក នៅក្នុងអំឡុងរយៈពេល១ឆ្នាំដំបូងនៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេច។
បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា បានបន្តពង្រឹងគោលនយោបាយឯករាជ្យ អព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ដែលស្ដែងឱ្យឃើញតាមរយៈការប្រកាន់ជំហរយ៉ាងមុតមាំ នៅចំពោះមុខការប្រតិកម្មឬចោទប្រកាន់ពីសំណាក់បរទេសនិងប្រទេសជិតខាង ដែលបង្កប់ចរិតលក្ខណៈភូមិសាស្ត្រនយោបាយពាក់ព័ន្ធនឹងការសម្រេចចិត្តលើកិច្ចការផ្ទៃក្នុងកម្ពុជា, ការចូលរួមចំណែកថែរក្សាសន្តិភាពពិភពលោកនៅក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ពិសេសគឺជំហរផ្ទាល់ខ្លួនរបស់កម្ពុជានៅក្នុងបញ្ហាអន្តរជាតិ ដូចជាសំណុំរឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលការសម្រេចចិត្តរបស់កម្ពុជាមិនចំណុះឱ្យមហាអំណាច ឬបក្សសម្ព័ន្ធណាមួយឡើយ។ ទាំងអស់នេះ បានបង្ហាញអំពីការរក្សាបានអធិបតេយ្យ ឯករាជ្យ និងភាពម្ចាស់ការរបស់កម្ពុជានៅក្នុងទំនាក់ទំនងអន្តរជាតិ ដែលជាមូលដ្ឋានដ៏សំខាន់នៅក្នុងការធានាបាននូវទំនាក់ទំនងស្មើមុខស្មើមាត់ ជាមួយនឹងបណ្ដាប្រទេសជាដៃគូនានាលើពិភពលោក ពិសេសមហាអំណាចតំបន់ និងពិភពលោក ដើម្បីឈានទៅសម្រេចបានទំនាក់ទំនងដែលមានការគោរពគ្នា និងកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក។
ដូចបានលើកឡើងខាងលើ រាជរដ្ឋាភិបាលកម្ពុជាដែលកំណត់យកជំហរ “ពង្រឹងមិត្តចាស់ បង្កើនមិត្តថ្មី” គឺជាការធ្វើពិពិធកម្មការទូត ប្រកបដោយថាមភាព ដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាដៃគូស្រាប់ឱ្យកាន់តែប្រសើរឡើង និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មី ក៏ដូចជាជំរុញលើកកម្ពស់ទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសនានា ដែលអាចនាំមកនូវអត្ថប្រយោជន៍បន្ថែមទៀតដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាការពិតណាស់ កាណាដា គឺជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧របស់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា ប៉ុន្តែដោយសារតែកត្តាគួបផ្សំផ្សេងៗ ប្រទេសទាំងពីរពុំទាន់មានស្ថានទូតផ្លូវការដែលទទួលបន្ទុកលើទំនាក់ទំនងការទូតទ្វេភាគីនៅឡើយទេ ដោយស្ថានទូតកាណាដា ប្រចាំប្រទេសថៃគឺជាអ្នកទទួលបន្ទុកទំនាក់ទំនងជាមួយកម្ពុជា ខណៈដែលបេសកកម្មការទូតកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ជាអ្នកតំណាងឱ្យកម្ពុជា នៅក្នុងទំនាក់ទំនងការទូតជាមួយនឹងកាណាដា។
ទោះជាយ៉ាងណា ដោយផ្អែកទៅលើភាពចាំបាច់ជាក់ស្ដែងនៃការវិវត្តស្ថានការណ៍តំបន់និងពិភពលោក, សារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ ពិសេសដោយមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរបៀបវារៈនៃការធ្វើពិពិធកម្មការទូត និងការប្រកាន់ខ្ជាប់នូវនយោបាយការបរទេសផ្កាចម្រុះពណ៌ កម្ពុជាបានសម្រេចបាននូវជោគជ័យថ្មីបន្ថែមទៀតនៅក្នុងទំនាក់ទំនងអន្តរជាតិរបស់ខ្លួន គឺការបើកស្ថានទូតជាផ្លូវការរបស់កាណាដានៅព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ នៅពេលខាងមុខនេះ កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដែលមានសក្ដានុពលជាច្រើនទៀត។ នេះក៏ជាផ្នែកមួយនៃការទាញផលប្រយោជន៍ពីការធ្វើសមាហរកម្មនៅក្នុងតំបន់ផងដែរ ដោយនាពេលខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាត្រូវបានអនុម័ត ហើយការគាំទ្ររបស់កម្ពុជា ពិតជាមានសារៈសំខាន់ណាស់សម្រាប់កាណាដា។
ជាតថភាពជាក់ស្ដែង កម្ពុជាដែលជាប្រទេសតូច និងមានតម្រូវការអភិវឌ្ឍនៅលើវិស័យនានាជាច្រើនដើម្បីសម្រេចបាននូវវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម កម្ពុជាមានភាពចាំបាច់នៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្ដាប្រទេសនានាលើសាកលលោក ដើម្បីទាក់ទាញនូវការវិនិយោគទុន ការផ្ទេរបច្ចេកវិទ្យា ការចែករំលែកបទពិសោធន៍នៃការអភិវឌ្ឍ និងជំនួយអភិវឌ្ឍន៍ផ្សេងៗទៀត។ ទោះជាយ៉ាងណា កម្ពុជាក៏ពុំអាចចេះតែយល់ស្រប ឬដើរតាមតែការគូសវាសរបស់មហាអំណាចពិភពលោក ឬមហាអំណាចតំបន់ណាមួយ ដើម្បីដោះដូរយកជំនួយ ការវិនិយោគ ឬការផ្ដល់ឱ្យលក្ខខណ្ឌអនុគ្រោះក្នុងរូបភាពណាមួយ ដោយមិនគិតគូរអំពីភាពគ្រោះថ្នាក់របស់ជាតិ ឬហានិភ័យដែលអាចបង្កឡើងដោយសារការដើរតាមយុទ្ធសាស្ត្រ ដែលមហាអំណាចប្រជែងឥទ្ធិពលគ្នា ឬទៅតាមតែរបៀបវារៈភូមិសាស្ត្រនយោបាយរបស់មហាអំណាចនោះឡើយ។
ហេតុនេះហើយ កម្ពុជាត្រូវតែមានភាពរឹងមាំនៅក្នុងជំហរនយោបាយការបរទេស មានការសម្រេចចិត្តផ្ទាល់របស់ខ្លួន ដោយយោងទៅលើឧត្ដមប្រយោជន៍ជាតិ និងប្រជាជន ជាជាងទំនោរទៅរកតែមហាអំណាចណាមួយផ្ដាច់មុខ។ ជាមួយគ្នានេះ ឥទ្ធិពលដែលកម្ពុជាអាចពឹងផ្អែកបានក្នុងទំនាក់ទំនងជាមួយនឹងបណ្ដាប្រទេសនានាលើពិភពលោកគឺ អំណាចផ្លូវច្បាប់ អំណាចទន់ និងភាពស្មើមុខស្មើមាត់ក្នុងនាមជាប្រទេសអធិបតេយ្យមួយ ដែលមានសិទ្ធិនៅក្នុងការចូលរួមធ្វើសេចក្ដីសម្រេចចិត្តផ្សេងៗ ទាំងក្នុងនាមជាសមាជិកអង្គការតំបន់ (អាស៊ាន) និងជាសមាជិកអង្គការសហប្រជាជាតិ។ តាមរយៈមូលដ្ឋានទាំងអស់នេះ កម្ពុជាអាចទាញឱ្យមហាអំណាចក៏ដូចជាប្រទេសធំៗក្នុងតំបន់ ឱ្យងាកមកពិនិត្យនិងយកចិត្តទុកដាក់ទៅលើតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងគោរពអធិបតេយ្យរបស់កម្ពុជា ក្នុងនាមជារដ្ឋឯករាជ្យមួយផងដែរ៕
នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ សាធារណជនទូទៅ បានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការចាត់វិធានការលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ២រូប ពាក់ព័ន្ធទៅនឹងករណីឆបោកទ្រង់ទ្រាយធំ។ ការចាត់វិធានការនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានប្រកាសច្រានចោលជាសាធារណៈ នូវការភ្ជាប់ឈ្មោះសម្ដេចទៅនឹងការសូកប៉ាន់ដើម្បីទទួលបានតួនាទី ដែលធ្វើឡើងដោយលោក លី សាម៉េត អតីតទីប្រឹក្សាសម្ដេចតេជោផ្ទាល់។ បន្ថែមពីនេះ មន្ត្រីជាន់ខ្ពស់ម្នាក់ទៀតគឺ លោក ដួង តារា ដែលជាអតីតជំនួយការរបស់សម្ដេចតេជោ ក៏ត្រូវបានចាប់ខ្លួនផងដែរពាក់ព័ន្ធនឹងការឆបោក។ នេះគឺជាការអនុវត្តច្បាប់ដែលមានជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា ដែលរាល់ជនគ្រប់រូបដែលប្រព្រឹត្តបទល្មើស អាជ្ញាធរត្រូវតែចាត់វិធានការទៅតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែង។
រាល់បុគ្គលទាំងឡាយដែលបានប្រព្រឹត្តបទល្មើសទាំងអស់ រាប់ចាប់តាំងពីការឆបោក និងអំពើពុករលួយជាដើម គួរតែត្រូវបានផ្ដន្ទាទោសស្របទៅតាមខ្លឹមសារដែលមានចែងនៅក្នុងច្បាប់ ដូចជាច្បាប់ស្ដីពី ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងច្បាប់ពាក់ព័ន្ធដទៃទៀត ដែលមានកំណត់នៅកម្ពុជា ដើម្បីផ្ដល់ភាពស្អាតស្អំដល់កេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាលកម្ពុជា និងផ្ដល់ភាពស្អាតស្អំដល់សង្គមជាតិកម្ពុជាទាំងមូល។
ជាមួយគ្នានេះ អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធ ត្រូវតែអនុវត្តច្បាប់ដោយគ្មានការរើសអើង និងនៅគ្រប់ទិដ្ឋភាពទាំងអស់ ដោយគ្មានការលើកលែងឡើយ ព្រោះបុគ្គលទាំងអស់ រាប់ចាប់តាំងពីរប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏ដូចជាសមាជិករាជរដ្ឋាភិបាលផងដែរ សុទ្ធសឹងតែត្រូវរស់នៅក្រោមបន្ទាត់នៃច្បាប់ ដើម្បីចៀសវាងមុខមាត់ប្រទេសកម្ពុជាត្រូវបំផ្លាញដោយសារតែអំពើល្មើសច្បាប់ ដូចជាការឆបោកនេះជាដើម។ បទល្មើសទាំងឡាយ ដែលជនប្រព្រឹត្តអាចរត់រួចខ្លួនពីសំណាញ់ច្បាប់បាន នឹងធ្វើឱ្យប្រទេសកម្ពុជាបាក់មុខមាត់នៅលើឆាកអន្តរជាតិ ក៏ដូចជាបង្កការព្រួយបារម្ភដល់វិនិយោគិនបរទេស និងវិនិយោគិនក្នុងស្រុក មានការខ្លាចរអារក្នុងការបោះទុនវិនិយោគ មិនហ៊ានរកស៊ីនៅក្នុងប្រទេសកម្ពុជានោះទេ។
ការអនុវត្តច្បាប់នេះទៀតសោត ត្រូវតែអនុវត្តដោយស្មើភាព ស្មើមុខ ស្មើមាត់ អនុវត្តជាទូទៅ ចំពោះគ្រប់បុគ្គលដែលប្រព្រឹត្តល្មើសនឹងច្បាប់ ទាំងក្នុងករណីដូចគ្នា ឬផ្សេងៗគ្នាក៏ដោយក្ដី ដរាបណាទង្វើទាំងនោះ ប្រាសចាកពីច្បាប់ដែលបានចែង គឺត្រូវតែចាត់វិធានការឱ្យបានម៉ឺងម៉ាត់។ ការពង្រឹងនូវការអនុវត្តច្បាប់បានត្រឹមត្រូវ និងយុត្តិធម៌ ដែលធ្វើឡើងជាទូទៅ មិនចំពោះ នឹងធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពនៃសង្គមជាតិ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ដោយ៖ លឹម សុវណ្ណរិទ្ធ
អំពើពុករលួយ គឺជាការប្រើប្រាស់អំណាច ឥទ្ធិពល ឬតួនាទីដោយមន្ត្រីរដ្ឋ អ្នកនយោបាយ ឬមន្ត្រីរាជការសាធារណៈ នៅក្នុងការបំពេញមុខនាទីរបស់ខ្លួន ដើម្បីទទួលបានលាភសក្ការៈឬផ្ដល់/ទទួលនូវលក្ខខណ្ឌអនុគ្រោះផ្សេងៗ ដែលមិនអនុលោមទៅតាមច្បាប់ជាធរមាន។ ទោះបីជាគ្មាននិយមន័យជាសាកលណាមួយអំពីអំពើពុករលួយក្ដី ក៏ប៉ុន្តែនៅពេលដែលលើកឡើងពីអំពើពុករលួយ ជាទូទៅ គេតែងតែនឹកទៅដល់ការរំលោភបំពានអំណាចសាធារណៈ ឬការប្រើប្រាស់មុខតំណែងសាធារណៈដើម្បីទទួលបានផលប្រយោជន៍បុគ្គលផ្ទាល់ខ្លួន សម្រាប់ក្រុមខ្លួន ឬអ្នកដែលជិតស្និទ្ធទៅនឹងបុគ្គលជាអ្នកកំពុងស្ថិតនៅក្នុងមុខតំណែង។
អំពើពុករលួយ ការប្រើប្រាស់អំណាចសាធារណៈដោយខុសច្បាប់ ដើម្បីផលប្រយោជន៍បុគ្គលឬក្រុមបក្ខពួកខ្លួន គឺជាបញ្ហាសង្គមរ៉ាំរ៉ៃនៅក្នុងប្រទេសមានការអនុវត្តច្បាប់នៅទន់ខ្សោយ ដែលបានបង្កផលប៉ះពាល់ទៅលើគ្រប់វិស័យទាំងអស់ ពិសេសរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសជាតិទាំងមូល។ បន្ថែមពីនេះ អំពើពុករលួយបានក្លាយទៅជាហេតុផលចម្បងមួយ ដែលនាំទៅដល់ការបាត់បង់ជំនឿជាក់ពីសំណាក់សាធារណជនទៅលើរបបដឹកនាំ ឬរដ្ឋាភិបាលនៃប្រទេសមួយ ប្រសិនបើមេដឹកនាំនៃប្រទេសនោះ មិនអាចចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពទាន់ពេលវេលានោះទេ។ ជានិច្ចកាល អំពើពុករលួយបានក្លាយទៅជាឧបសគ្គដ៏ចម្បង នៅក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ ដោយសារតែវាបានរួមចំណែកបង្កឱ្យមានកង្វះខាតធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និង/ឬកង្វះយន្តការ/វិធានការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងដោយស័ក្តិសិទ្ធិភាព នៅក្នុងការផ្ដល់សេវាសាធារណៈ និងការធានាបាននូវមូលដ្ឋានអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព។
នៅក្នុងទិដ្ឋភាពសង្គម អំពើពុករលួយបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ តាមរយៈការបង្កើនការចំណាយ និងកាត់បន្ថយលទ្ធភាពរបស់ពលរដ្ឋនៅក្នុងការទទួលបានសេវានិងសិទ្ធិជាមូលដ្ឋាន ដូចជា សេវាសុខាភិបាល ការអប់រំ កម្មវិធីសង្គម ហេដ្ឋារចនាសម្ព័ន្ធ ការទទួលបាននូវយុត្តិធម៌ និងសិទ្ធិស្មើភាពក្នុងនាមជាពលរដ្ឋជាដើម។ បញ្ហាទាំងនេះ ជារឿងដែលមេដឹកនាំត្រូវតែយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ និងល្អិតល្អន់បំផុត ព្រោះអំពើពុករលួយ បានបង្កការគំរាមកំហែងដល់ការកសាងនិងការធានាបាននូវធនធានមនុស្សប្រកបដោយគុណភាព ដែលជាចំណែកមិនអាចខ្វះបាននៅក្នុងអភិវឌ្ឍប្រទេសជាតិមួយ ហើយអំពើពុករលួយក៏ថែមទាំងបានរារាំងការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការជំរុញវឌ្ឍនភាពនៃវិស័យនានាផងដែរ។ លើសពីនេះ ផលវិបាកសង្គមចម្បងពីរដែលបង្កឡើងដោយអំពើពុករលួយគឺ បញ្ហាអយុត្តិធម៌ និងវិសមភាពសង្គម (គម្លាតដ៏ធំរវាងអ្នកមាននិងអ្នកក្រ រវាងអ្នកធំនិងអ្នកតូច) ពិតជាអាចជះឥទ្ធិពលអវិជ្ជមានដល់ស្ថិរភាពសង្គម ពោលគឺនៅក្នុងករណីខ្លះ ផលវិបាកទាំងពីរនេះអាចបង្កទៅជាកំហឹងវណ្ណៈ ហើយត្រូវអ្នកនយោបាយឱកាសនិយមឬភាគីខាងក្រៅ រុញស្ថានការណ៍ឱ្យធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ រហូតដល់មិនអាចគ្រប់គ្រងសភាពការណ៍បាន ដូចដែលបណ្ដាប្រទេសមួយចំនួនលើពិភពលោកបានជួបប្រទះ ពិសេសក្នុងប្រវត្តិសាស្ត្រសាកលលោកនៅក្នុងដំណាក់កាលដួលរលំនៃរបបស័ក្តិភូមិនៃបណ្ដាប្រទេសទាំងឡាយ។
គេក៏គួរតែទាញការចាប់អារម្មណ៍ផងដែរថា ភាពមានបាន និងស្ដុកស្ដម្ភរបស់មន្ត្រីជាន់ខ្ពស់ អ្នកមានអំណាចមួយចំនួននិងក្រុមមនុស្សជិតដិតនឹងពួកគេ ដែលសម្ញែងទៅកាន់មហាជន ពិសេសប្រជាជនមានកម្រិតជីវភាពទាបនិងមធ្យម មិនបានទទួលការអបអរសាទរ ឬស្ញប់ស្ញែងពីសំណាក់សាធារណជននោះទេ ប៉ុន្តែការសម្ញែងទាំងនេះអាចនឹងបង្កឱ្យមានចំណោទសួរត្រឡប់មកវិញ អំពីហេតុផលដែលនាំឱ្យមន្ត្រីជាន់ខ្ពស់និងអ្នកមានអំណាចព្រមទាំងអ្នកជិតដិតរបស់ពួកគេអាចមានបានស្ដុកស្ដម្ភទៅវិញ។ ស្ថិរភាពនិងភាពសុខដុមរមនានៃសង្គម គឺជាចំណែកមួយមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍសង្គម ហេតុនេះហើយ ការធានាឱ្យបាននូវការចុះសម្រុង និងសុខដុមនីយកម្មនឹងគ្នារវាងមនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុងសង្គម គឺជាការកសាងនូវមូលដ្ឋានអភិវឌ្ឍប្រកបដោយនិរន្តរភាព។
សម្រាប់ទិដ្ឋភាពសេដ្ឋកិច្ច អំពើពុករលួយពិតជាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅដល់ការជំរុញដំណើរការសេដ្ឋកិច្ចនៃប្រទេសជាតិមួយ។ អំពើពុករលួយបាននាំមកនូវការបាត់បង់ថវិកាជាតិដ៏ច្រើនសន្ធឹកតាមរយៈការកេងបន្លំ និងការប្រមូលចំណូលដោយគ្មានតម្លាភាព គ្មានគណនេយ្យភាព និងគៃបន្លំយកថវិកាដាក់ចូលក្នុងហោប៉ៅបុគ្គលដែលប្រព្រឹត្តអំពើពុករលួយ និងការសូកប៉ាន់ដែលធ្វើឡើងដោយភ្នាក់ងារប្រមូលចំណូលផ្ទាល់តែម្ដង។ បន្ថែមពីនេះ អំពើពុករលួយនិងការសូកប៉ាន់ បានបង្កើតជាទម្រង់នៃការបែងចែកធនធានរបស់រដ្ឋដោយគ្មានប្រសិទ្ធភាពនិងស័ក្ដិសិទ្ធិភាព ព្រោះនៅពេលដែលអំពើពុករលួយកើតមានឡើង ការកេងបន្លំ និងការក្លែងព័ត៌មាន/ទិន្នន័យជាក់ស្ដែងនឹងកើតមានឡើងដូចគ្នា ដែលនាំឱ្យមានការវាយតម្លៃខុស និងដាក់ចេញនូវដំណោះស្រាយមិនសមស្របជាដើម។ ការណ៍នេះនឹងបណ្ដាលឱ្យការជំរុញមូលដ្ឋានអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ដែលត្រូវឆ្លើយតបទៅនឹងបញ្ហាកំពុងកើតមាន ប្រឈមនឹងបរាជ័យយ៉ាងធ្ងន់ធ្ងរ ព្រោះធនធានមនុស្ស និងធនធានហិរញ្ញវត្ថុដែលត្រូវបានប្រើប្រាស់ជាក់ស្ដែង មិនអាចសម្រេចយន្តការដែលបានបម្រុងទុក ឬគ្មានការចាត់វិធានការពិតប្រាកដ ដើម្បីឈានទៅសម្រេចគោលដៅសំខាន់ៗនៃគោលនយោបាយ ឬយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម។ នៅពេលដែលយន្តការនិងវិធានការគាំទ្រដល់គោលនយោបាយឬយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចជាតិត្រូវបរាជ័យ ដំណោះស្រាយដែលបានដាក់ចេញទៅនឹងគ្មានប្រសិទ្ធភាព ឬមិនអាចជំរុញផលិតភាពសេដ្ឋកិច្ចបានឡើយ ហើយការណ៍នេះនឹងរារាំងទៅដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិទាំងមូល។
ជាមួយគ្នានេះ អំពើពុករលួយបានរារាំងវិនិយោគិនទាំងក្នុងស្រុក និងពីបរទេស នៅក្នុងការពិចារណាដាក់ទុនវិនិយោគនៅក្នុងប្រទេសមួយផងដែរ ព្រោះអំពើពុករលួយបង្កើតបរិយាកាសវិនិយោគឬពាណិជ្ជកម្មមួយដែលគ្មានភាពច្បាស់លាស់ មិនអាចធានាដំណើរការអាជីវកម្មដោយស្ថិរភាព នីតិវិធីចុះបញ្ជីវិនិយោគស្មុគស្មាញ កំណើនការិយាធិបតេយ្យ ព្រមទាំងរួមចំណែកនៅក្នុងការបង្កើនតម្លៃប្រតិបត្តិការនៃអាជីវកម្មជាដើម។ ការណ៍នេះនឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសមានការថយចុះ ហើយប្រទេសនោះ ក៏នឹងមិនអាចបង្កើនឱកាសការងារដល់ប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងផងដែរ។ នៅពេលដែលវិបត្តិការងារបានបន្តកើនឡើង តម្លៃទំនិញឡើងខ្ពស់ អំណាចទិញរបស់ពលរដ្ឋថយចុះ អាជីវកម្មនានានឹងត្រូវប្រឈមការបិទទ្វារ ហើយផលប៉ះពាល់ទៅលើសេដ្ឋកិច្ចនឹងកាន់តែធ្ងន់ធ្ងរឡើងៗ។
បន្ថែមពីនេះ វិធានការលើកទឹកចិត្តនានារបស់រដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចនេះ អាចនឹងអនុវត្តទៅបានប្រកបដោយប្រសិទ្ធភាព គឺអាស្រ័យទៅលើតួអង្គដែលជាអ្នកអនុវត្តផ្ទាល់ផងដែរ ប៉ុន្តែប្រសិនបើអ្នកអនុវត្តផ្ទាល់មិនមានសមត្ថភាពគ្រប់គ្រាន់ (ដោយសារទទួលបានតួនាទីតាមរយៈអំពើពុករលួយ) ឬអនុវត្តមិនមានប្រសិទ្ធភាពឬមិនបានអនុវត្តតែម្ដង ដោយសារតែអំពើពុករលួយ នោះវិធានការដែលបានដាក់ចេញដោយរដ្ឋាភិបាល ពិតជាមិនអាចទទួលជោគជ័យនោះឡើយ។
នៅក្នុងទិដ្ឋភាពអភិបាលកិច្ចសង្គម អំពើពុករលួយបានធ្វើឱ្យដំណើរការប្រព្រឹត្តទៅនៃស្ថាប័នរដ្ឋត្រូវប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ តាមរយៈការធ្លាក់ចុះប្រសិទ្ធភាពនៃការបំពេញមុខងារ ការបាត់បង់សុចរិតភាពរបស់ក្រសួងស្ថាប័នរដ្ឋ ដែលជាសេនាធិការរបស់រដ្ឋាភិបាលនៅក្នុងការអនុវត្តគោលនយោបាយឬយុទ្ធសាស្ត្រឬកម្មវិធីសង្គមសំខាន់ៗ ដើម្បីដោះស្រាយបញ្ហានានានៅក្នុងសង្គម និងការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ។ រាប់ចាប់តាំងពីការចាត់តាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នរហូតដល់ការជ្រើសរើសមន្ត្រីរាជការ ឬបុគ្គលិកដែលមានអាណត្តិបំពេញការងារនៅក្នុងក្រសួងស្ថាប័ននានា អំពើពុករលួយនិងបក្ខពួកនិយម បានរារាំងដល់ការចាត់តាំងឬជ្រើសរើសបុគ្គលដែលមានលក្ខណៈសម្បត្តិសមស្រប និងមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញតួនាទី ដែលត្រូវឆ្លើយតបទៅនឹងសភាពការណ៍ ឬបញ្ហាដែលកំពុងតែកើតមានឡើង។ ការណ៍នេះទាក់ទងទៅដល់ប្រសិទ្ធភាពនៃការសម្រេចចិត្តខាងគោលនយោបាយ និង/ឬសមត្ថភាពនៃការបំពេញមុខងាររបស់មន្ត្រីឬបុគ្គលិក ដែលត្រូវប្រតិបត្តិផ្ទាល់ជាមួយនឹងការងារ ឬត្រូវដោះស្រាយបញ្ហាជាក់លាក់ក្នុងមុខនាទីរបស់ពួកគេ។
បន្ថែមពីលើនេះ អំពើពុករលួយបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គណនេយ្យភាព របស់ក្រសួងស្ថាប័នរដ្ឋ ក៏ដូចជាមន្ត្រីរាជការសាធារណៈផងដែរ ព្រោះអំពើពុករលួយនឹងបង្កើតទៅជាវប្បធម៌និទណ្ឌភាព ដែលមន្ត្រីនឹងបំពេញការងារដោយគ្មានទំនួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ ដោយសារតែការសម្អាងទៅលើការអន្តរាគមន៍ពីអ្នកនៅពីក្រោយខ្នង ឋានៈសង្គម ឬប្រាក់កាសដែលពួកគេស្វែងរកមកបានដោយសុចរិតឬដោយទុច្ចរឹតក្ដី។ លើសពីនេះ តាមរយៈវិសមភាព និងភាពអយុត្តិធម៌នៅក្រសួងស្ថាប័នឬអង្គភាព ដែលកើតឡើងចេញពីអំពើពុករលួយនិងបក្ខពួកនិយម ក៏នឹងបង្កទៅជាបាតុភាពអសកម្មផ្សេងបន្ថែមទៀត នៅពេលដែលអ្នកខិតខំប្រឹងប្រែងបំពេញការងារ មិនត្រូវបានលើកទឹកចិត្ត ឬមិនត្រូវបានយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំរបស់ខ្លួន ហើយគេបែរជាផ្ដោតការយកចិត្តទុកដាក់ឬលើកតម្កើងតែក្រុមបក្ខពួកខ្លួន ឬអ្នកសូកប៉ាន់ខ្លួនទៅវិញនោះ។
ជារួម ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងសង្គមជាតិមួយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជំរុញការអភិវឌ្ឍជាតិប្រកបដោយចីរភាព និងនិរន្តរភាព ព្រោះការកាត់បន្ថយ ឬឈានទៅលុបបំបាត់បាននូវអំពើពុករលួយនៅក្នុងសង្គម នឹងធានាបាននូវការកសាងនូវធនធានមនុស្សប្រកបដោយគុណភាព ដែលជាមូលដ្ឋានដ៏ចម្បងក្នុងការអភិវឌ្ឍប្រទេស, អាចបែងចែកធនធានរបស់រដ្ឋទៅក្នុងវិស័យនានាបានដោយពេញលេញនិងត្រឹមត្រូវដើម្បីជំរុញប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃការអភិវឌ្ឍតាមវិស័យនានា, ធានាបាននូវយុត្តិធម៌សង្គម ស្ថិរភាព និងសណ្ដាប់ធ្នាប់សង្គម, បង្កបរិយាកាសបើកទូលាយចំពោះការចូលរួមចំណែកអភិវឌ្ឍសង្គមពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងពីគ្រប់មជ្ឈដ្ឋាន និងឈានទៅពន្លឿនការអភិវឌ្ឍប្រទេស ស្របតាមចក្ខុវិស័យនិងទស្សនវិស័យដែលត្រឹមត្រូវ។ ទោះជាយ៉ាងណា ដើម្បីឈានទៅដល់ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យមានឆន្ទៈនយោបាយយ៉ាងមុតមាំ ពីសំណាក់ថ្នាក់ដឹកនាំនិងអ្នកនយោបាយ និងការប្ដេជ្ញាចិត្តយ៉ាងមោះមុតរបស់អង្គភាពឬភ្នាក់ងារអនុវត្តនៃប្រទេសនោះ, ការរៀបចំពង្រឹងការអនុវត្តច្បាប់ប្រកបដោយភាពម៉ឺងម៉ាត់ តម្លាភាព និងសុចរិតភាព, ការបណ្ដុះផ្នត់គំនិតរបស់មហាជននិងមន្ត្រីរាជការ អំពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយតាមរយៈការអប់រំជាប្រព័ន្ធជាក់លាក់និងដោយចីរភាព និងការបើកទូលាយឱ្យមានការចូលរួមចំណែកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយពីគ្រប់មជ្ឈដ្ឋានទាំងអស់៕
(រាល់ទស្សនៈដែលបានលើកឡើងខាងលើនេះ ជាទស្សនៈយល់ឃើញរបស់ស្មេរផ្ទាល់ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ)
សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។
ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM
សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។
ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM
វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444
ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM