ព័ត៌មាន

បណ្ឌិត យង់ ពៅ លើកឡើងអំពីមូលដ្ឋាន៥ចំណុចនៅក្នុងការវិភាគនយោបាយនិងសង្គម

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន និងជាការចែករំលែកបទពិសោធផ្ទាល់ខ្លួន លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជាអ្នកវិភាគបញ្ហាសង្គមមួយរូបនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងអំពីមូលដ្ឋានសំខាន់ៗ៥ចំណុច ដែលលោកបណ្ឌិតបានផ្ដោតនៅក្នុងការផ្ដល់បទវិភាគកន្លងមកគឺ ប្រភពទិន្នន័យ ទិដ្ឋភាពច្បាប់/សង្គម ទ្រឹស្ដីនិងចំណេះដឹង ក្រមសីលធម៌/មនសិកា និងសច្ចភាព។

 

បើតាមលោកបណ្ឌិត យង់ ពៅ ដើម្បីវិភាគនិងវាយតម្លៃបញ្ហាសង្គមនិងនយោបាយបានគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្ដែង គេត្រូវផ្ដោតជាសំខាន់ទៅលើប្រភពទិន្នន័យដែលជាមូលដ្ឋានសំខាន់បំផុត ដើម្បីជាធាតុចូលចម្បងមួយសម្រាប់ការវិភាគព្រឹត្តិការណ៍ឬបញ្ហាអ្វីមួយ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ប្រភពទិន្នន័យនៅត្រង់ចំណុចនេះ គេអាចទាញចេញពីទិដ្ឋភាពប្រវត្តិសាស្ត្រ ទិន្នន័យដែលទទួលបានពីការស្រាវជ្រាវទៅលើប្រធានបទនីមួយៗ ដែលអ្នកវិភាគអាចទាញចេញពីការអានឯកសារ សៀវភៅ ការសិក្សាស្វែងយល់ឬអង្កេត ឬស្នាដៃស្រាវជ្រាវផ្សេងៗ ដែលពាក់ព័ន្ធនឹងប្រធានបទជាដើម។

 

បន្ថែមពីនេះ នៅក្នុងការវិភាគនិងវាយតម្លៃទៅលើប្រធានបទនីមួយៗ អ្នកវិភាគក៏ត្រូវតែពិនិត្យទៅលើទិដ្ឋភាពច្បាប់និងសង្គមផងដែរថា តើបញ្ហាឬប្រធានបទនេះ មានជាប់ពាក់ព័ន្ធនឹងដំណើរប្រព្រឹត្តទៅឬនិន្នាការនៃសង្គម ឬជាប់ពាក់ព័ន្ធនឹងទិដ្ឋភាពផ្លូវច្បាប់យ៉ាងដូចម្ដេច ដោយការវិភាគត្រូវតែមានលក្ខណៈស្របទៅតាមច្បាប់ដែលមានជាធរមាននៅក្នុងប្រទេស ក្នុងតំបន់ ឬមានលក្ខណៈសម្រាប់តាមការវិវត្តនៃសម័យកាលនីមួយៗដែរឬយ៉ាងណា។ គេមិនអាចវិភាគដោយផ្ដោតទៅលើតែព័ត៌មានមួយជ្រុង ឬទិន្នន័យដែលទទួលបានតែពីមួយប្រភព ហើយធ្វើការសន្និដ្ឋាន ឬវាយតម្លៃមិនគ្រប់ជ្រុងជ្រោយទៅលើបញ្ហាដោយផ្អែកទៅលើតែច្បាប់ទូទៅ ឬច្បាប់នៅក្នុងប្រទេសណាមួយ ឬសម្រេចដាក់បន្ទុកទៅលើប្រទេសណាមួយ ដោយយកច្បាប់ប្រទេសផ្សេងមកកំណត់ធ្វើជាមូលដ្ឋាននៅក្នុងសន្និដ្ឋាននោះទេ។

 

ជាមួយគ្នានេះដែរ ទ្រឹស្ដី និងមូលដ្ឋានចំណេះដឹងដែលមានលក្ខណៈវិទ្យាសាស្ត្រ ក៏ជាចំណែកដ៏សំខាន់មួយផ្សេងទៀត ដែលអ្នកវិភាគត្រូវតែដាក់បញ្ចូលទៅក្នុងបទវិភាគរបស់ខ្លួនផងដែរ។ ទ្រឹស្ដីគោលដែលពាក់ព័ន្ធនឹងប្រធានបទ គឺជាចំណុចមិនអាចខ្វះបាននៅក្នុងការពន្យល់បកស្រាយ ឬលើកបង្ហាញអំពីបញ្ហាអ្វីមួយឱ្យមហាជន អ្នកស្ដាប់ ឬអ្នកអានអាចយល់ដឹងបានថែមមួយកម្រិតទៀតអំពីបញ្ហានៅក្នុងវិស័យផ្សេងៗ។ ចំណេះដឹងនិងទ្រឹស្ដីសំខាន់ៗដែលពាក់ព័ន្ធនឹងប្រធានបទ គឺជាការបកស្រាយដែលមានលក្ខណៈឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយទៅលើហេតុផលដែលនាំទៅដល់ការកើតមាននូវហេតុការណ៍ណាមួយ ឬវិបាកដែលគេអាចនឹងទទួលបានពីព្រឹត្តិការណ៍ឬស្ថានការណ៍មួយដែលបានកើត កំពុងតែកើត ឬដែលនឹងកើតមានឡើងនៅក្នុងពេលខាងមុខ។ តាមរយៈមូលដ្ឋាននៃទ្រឹស្ដី និងចំណេះដឹងប្រកបដោយលក្ខណៈជាក់ស្ដែងទាំងនេះ គេអាចត្រិះរិះពិចារណាបានហ្មត់ចត់ និងស៊ីជម្រៅតាមបែបទស្សនវិជ្ជា ទៅលើប្រធានបទនីមួយៗ។ ទ្រឹស្ដីនិងចំណេះដឹងទាំងនេះ ក៏ជាមូលដ្ឋាននៅក្នុងការទាញការសន្និដ្ឋាន ឬនិទស្សន៍និ​ន្នាការដែលព្រឹត្តិការណ៍ឬស្ថានការណ៍នោះអាចនឹងវិវត្តទៅនាពេលបន្ទាប់ផងដែរ។

 

លើសពីនេះទៅទៀត ដើម្បីឱ្យការវិភាគនយោបាយនិងសង្គម មានលក្ខណៈរឹងមាំ និងគួរឱ្យទុកចិត្តបាន គេក៏ត្រូវពិចារណានិងប្រកាន់ខ្ជាប់ឱ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ និងប្រកបដោយមនសិការផងដែរ។ អ្នកវិភាគដែលមានទស្សនទានផ្អែកទៅលើផលប្រយោជន៍ជាតិ និងមនសិការជាចម្បង នឹងអាចផ្ដល់នូវខ្លឹមសារនៃបទវិភាគមួយ ដែលមានលក្ខណៈស្ថាបនា ជាសារដាស់តឿន និងជាការរួមចំណែកប្រកបដោយភាពវិជ្ជមានសម្រាប់ដំណើរការវិវត្តនៃសង្គមជាតិ។ បើតាមលោកបណ្ឌិត យង់ ពៅ ប្រសិនបើការវិភាគមួយដែលគ្មានខ្លឹមសារស្ថាបនា ឬចូលរួមចំណែកប្រកបដោយភាពវិជ្ជមានសម្រាប់ដំណើរការវិវត្តនៃសង្គមជាតិនោះទេ អត្ថបទវិភាគនោះគ្រាន់តែជាវោហាសាស្ត្រមួយ ដែលផ្អែកទៅលើមនោសញ្ចេតនាបុគ្គល ធ្វើឱ្យខាតបង់ផលប្រយោជន៍ជាតិ និងខាតបង់នៅក្នុងទិដ្ឋភាពជាច្រើនផ្សេងទៀត ដែលក្នុងករណីខ្លះថែមទាំងបង្កផលប៉ះពាល់នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងបាត់បង់កិត្យានុភាព និងមុខមាត់ប្រទេសជាតិថែមទៀតផង។

 

មូលដ្ឋានដ៏សំខាន់ទី៥នោះគឺ សច្ចភាព។ អត្ថបទវិភាគនីមួយៗ ត្រូវតែផ្អែកជាសំខាន់ទៅលើសច្ចភាពជាក់ស្ដែង ដែលជាការលើកឡើងនូវរឿងពិតជាក់ស្ដែង ឆ្លើយតបឬស្របទៅនឹងហេតុការណ៍ពិតប្រាកដ។ ការវិភាគដែលមានអំណះអំណាងត្រឹមត្រូវ ជាក់លាក់ និងគ្មានការបន្លំបោកប្រាស ឬប្រតិដ្ឋរឿងហេតុទៅតាមទំនោរឬនិន្នាការ ទើបជាបទវិភាគមួយដែលមានគុណតម្លៃសម្រាប់ជាការត្រិះរិះពិចារណា និងនាំមកនូវពុទ្ធិថ្មីៗ សម្រាប់សង្គមជាតិ។ ការកុហក ភូតភរ ឬបំភ័ន្តសាធារណមតិ ដើម្បីបម្រើទៅតាមគោលបំណងរបស់ខ្លួន ឬគ្រាន់តែចង់ឱ្យខ្លួនឯងបានល្បីល្បាញ គឺជាកំហុសដ៏ធ្ងន់ធ្ងរមួយនៅក្នុងការវិភាគ ព្រោះគេមិនអាចយកក្រដាសខ្ចប់ភ្លើងឡើយ ហើយការពិតនឹងត្រូវលាតត្រដាងនៅពេលណាមួយដោយចៀសពុំរួច៕

 

RAC Media | លឹម សុវណ្ណរិទ្ធ

2024-12-11 10:13:13   ថ្ងៃពុធ, 11 ធ្នូ 2024 ម៉ោង 05:13 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំពិព័រណ៌ស្ថាបត្យកម្មកម្ពុជា-ចិន ក្រោមប្រធានបទ ៖ “ទីក្រុង និងជនបទ” ភាពរស់រវើកនៃបេតិកភណ្ឌវប្បធម៌ស្ថាបត្យកម្មកម្ពុជា-ចិន”

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យ សភាកម្ពុជាបានរៀបចំ កម្មវិធីពិព័រណ៌ «ទីក្រុងនិងជនបទ ភាពរស់រវើកនៃបេតិកភណ្ឌវប្បធម៌ស្ថាបត្យកម្មកម្ពុជា-ចិន» នៅឯរាជបណ្ឌិត្យសភាកម្ពុជា គឺដើម្បីបង្ហាញដើម្បីពង្រីក និងពង្រឹងទំនាក់ទំនង និងការផ្លាស់ប្តូរការអប់រំ វប្បធម៌ អរិយធម៌ រវាងប្រទេសយើងទាំងពីរ (កម្ពុជានិងចិន) ។ ក្រោមអធិបតីភាព ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរងរាជបណ្ឌិតសភាកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តមបណ្ឌិត  ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សិស្សនិស្សិតដែលចូលរួមប្រមាណជា ២៥០នាក់ ដែលក្នុងនោះកម្មវីធិនេះ បានរៀបចំឡើងក្នុងគោលបំណង ទន្ទឹមនឹងនេះ ពិព័រណ៌ស្ថាបត្យកម្មកម្ពុជា-ចិន ឆ្នាំ២០២៤។

កញ្ញា វុធ សុភ័ក្រណា ប្រធានវិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ (ក្នុងឆ្នាំ២០២៤ នេះគឺជាឆ្នាំមិត្តភាពកម្ពុជា-ចិន ហើយក៏ជាឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន។ ចាប់តាំងពី វិទ្យាស្ថានគរុកោសល្យភាសាចិនក្នុងតំបន់នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្កើតមក យើងតែងតែប្តេជ្ញាចិត្តក្នុងការផ្តល់ ឱ្យសិស្ស-និស្សិត នូវការអប់រំភាសាចិន ដែលមាន គុណភាពខ្ពស់ ខណៈពេលដែលការជំរុញយ៉ាងសកម្ម នូវការផ្លាស់ប្តូរ ភាសា វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាង ប្រទសយើង ទាំងពីរ កម្ពុជា-ចិន។ វិទ្យាស្ថានយើង មិនត្រឹមតែផ្តល់ឱ្យសិស្សនូវ វគ្គសិក្សា ភាសាចិនជាប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះ ទេពកោសល្យចិន ជាមួយនឹង ចក្ខុវិស័យសកល និងជំនាញ ទំនាក់ទំនងឆ្លង វប្បធម៌តាមរយៈ សកម្មភាពវប្បធម៌ផ្សេងៗ ការផ្លាស់ប្តូរការសិក្សា និង កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ព្រឹត្តិការណ៍ថ្ងៃនេះមិនត្រឹមតែ បង្ហាញពីភាពទាក់ទាញពិសេស នៃសិល្បៈ ស្ថាបត្យកម្មប្រទេសយើងទាំងពីរ កម្ពុជា និងចិន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ផ្តល់ឱកាសឱ្យ សិស្សានុសិស្ស នូវវេទិកាសិក្សាឆ្លងវប្បធម៌ដ៏មានតម្លៃផងដែរ។ តាមរយៈសកម្មភាព បែបនេះ យើងសង្ឃឹម ថា សិស្សានុសិស្ស នឹងទទួល បានការយល់ដឹងអំពីភាពស្រស់ស្អាតនៃស្ថាបត្យកម្មចិន រីកចម្រើន តាមរយៈអន្តរកម្ម ហើយបន្ទាប់មកក្លាយ ជាស្ពានតភ្ជាប់ សម្រាប់ការផ្លាស់ប្តូរមិត្តភាពនៃប្រទេសទាំងពីរកម្ពុជា ចិន។ វិទ្យាស្ថាននឹងនៅតែបន្តទំនាក់ទំនងជិតស្និទ្ធិជាមួយដៃគូ និងមិត្តិភក្តិទាំងអស់ ក្នុងន័យខិតខំក្នុងការសហការការងារ រួមគ្នាក្នុងការជម្រុញការអភិវឌ្ឍវិស័យ អប់រំភាសាចិននៅកម្ពុជាឈានទៅមុខបន្តទៀត ជាចុងក្រោយរួម ចំណែកជាផ្នែកមួយក្នុងការអនុវត្តចីរភាពនៃទំនាក់ទំនងកម្ពុជា-ចិន។)


នេះជាកិច្ចទំនាក់ទំនងដ៏ស្អិតរមួតរវាងទំនាក់ទំនងកម្ពុជា-ចិន លោក សរ រិទ្ធី ប្រធានសមាគមសមាគម
ប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា អាស៊ាន ចិន បានលើកឡើងថា៖ (ស្ថាបត្យកម្ម គឺជាសិល្បៈ ក្នុងសាងសង់ប្រកបដោយការតុបតែង តាមក្បួនខ្នាតត្រឹមត្រូវ តួយ៉ាងស្ថាបត្យកម្មខ្មែរ មុនសម័យអង្គ សម័យអង្គរ និងក្រោយសម័យអង្គរ គឺមានភាពលេចធ្លោល្អវិចិត្រ ល្បីល្បាញពាសពេញសាកលលោក។ រាល់ស្ថាបត្យកម្មខ្មែរ សុទ្ធតែមានសិល្បៈ និងទស្សវិជ្ជាបង្កប់នៅខាងក្នុង គឺសំដៅទៅលើការសាងសង់ផ្សេងៗ ដោយជំនាញ ហត្ថកម្ម គ្រប់បែបយ៉ាង ដែលមានសោភ័ណ ប្រកបដោយសិល្ប៍ ពោលគឺធ្វើឱ្យមនុស្សពេញចិត្តគាប់អារម្មណ៍ មានភាពរស់រវើកឱ្យអ្នកទស្សនា ចង់មើល ចង់ឃើញ និងចង់ស្វែងយល់ អំពីអត្ថរស អត្ថន័យ ។ រីឯរចនាបទ គឺសំដៅទៅលើការបញ្ចេញគំនិតផ្ទាល់ខ្លួន ការតុបតែងច្នៃប្រតិដ្ឋទៅតាម គោលគំនិតរបស់ព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំ ឬស្ថាបត្យករខ្លួនឯង នៅក្នុងសម័យបុរាណគេបានចែករចនាបថដាច់ ដោយឡែកពីគ្នា ដែលមានរហូត ដល់ទី១៣ រចនាបថក្នុងរចនាបទនីមួយៗ មានកសាង និងមានលក្ខណៈពិសេសៗ ខុសគ្នាទៅតាមសម័យកាលនីមួយៗ។

ស្ថាបត្យកម្មខ្មែរ គឺមានការវិវត្តរីកចម្រើន ឥតឈប់ឈរ ពីសម័យមួយទៅសម័យមួយ ហើយកាន់តែលូតលាស់ ជាលំដាប់ ត្រង់នេះបង្ហាញថា ស្ថាបត្យករខ្មែរ គឺពិតជាមានទេពកោសល្យខ្ពង់ខ្ពស់បំផុត ដោយក្រៅពីការផ្សែរផ្សំធ្វើ សំយោគពីសិល្បៈបរទេស និងសិល្បៈខ្មែរជំនាន់មុនៗ ស្ថាបត្យករខ្មែរបានបង្កើត​ចេញនូវសិល្បៈថ្មីមួយទៀត
ដែលមានទម្រង់ជាសិល្បៈខ្មែរស្របតាមទស្សនៈខ្មែរសុទ្ធសាធ។
លោកបានបន្តទៀតថា ៖ (ក្នុងនាមសមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំកម្ពុជាអាស៊ានចិន និងក្នុងនាមរូបខ្ញុំ ផ្ទាល់ ខ្ញុំសូមគាំទ្រទាំងស្រុង ចំពោះការរៀបចំឱ្យមាន ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា-ចិន ឆ្នាំ២០២៤ នេះឡើង និងសូមលើកទឹកចិត្តឱ្យមានកម្មវិធីបែបនេះ និងកម្មវិធីផ្សេងៗទៀតដែលប្រយោជន៍ចំពោះ ប្រជាជាតិទាំងពី កម្ពុជា-ចិន ជាបន្តទៀត។)

នៅក្នុងកម្មវិធីពិព័រណ៌ «ទីក្រុង និងជនបទ-ភាពរស់រវើកនៃបេតិកភណ្ឌវប្បធម៌ស្ថាប-ត្យកម្មកម្ពុជា-ចិន » ឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរងរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា៖ (នៅក្នុងឆ្នាំនេះផងដែរថ្នាក់ដឹកនាំ កម្ពុជា ចិនបានរឹតចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់ វិស័យជាពិសេសលើវិស័យ កសិកម្ម ពាណិជ្ជកម្ម អប់រំ និងវប្បធម៌ជាដើម បណ្តាលឱ្យកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា ចិនបានកំពុងតែបន្ថែមនូវខ្លឹមសារថ្មីៗជាបន្តបន្ទាប់ ហើយកិច្ចសហប្រតិបត្តិការទាំងអស់កាន់តែពេញលេញ និងមាន ប្រសិទ្ធិភាព។

ក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ទំនាក់ទំនងកម្ពុជា-ចិន បានស្ថិតក្នុងកម្រិតមួយខ្ពស់ដែល មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ថ្វីបើពេលនេះ ទំនាក់ទំនងការទូតកម្ពុជា-ចិនមានត្រឹម៦៦ឆ្នាំ ក៏ពិតមែន ក៏ប៉ុន្តែ ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានមានទំនាក់ទំនងជាមួយគ្នាជាប្រវត្តិសាស្ត្ររាប់សតវត្សរ៍មកហើយ។ ក្នុងទិដ្ឋភាពភូមិសាស្ត្រ ប្រទេសយើងទាំងពីរចងភ្ជាប់ដោយទន្លេមេគង្គ និងទន្លេឡានឆាង ដែលជាប្រភព ទឹកស្រោចស្រពយ៉ាងសំខាន់ និងជាខ្ទះអាហារដ៏ធំនៃប្រជាជននៃប្រទេសយើងទាំងពីរ។ ទោះជាបែបនេះក្តី ក្នុងកម្រិតនយោបាយ យើងឃើញថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរពេលនេះ បានមកដល់ចំណុច មួយគួរឱ្យមោទនៈ និងប្រកបដោយអំណរ ប៉ុន្តែ ក្នុងកម្រិតប្រជាជន ទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ ត្រូវបានឆ្លុះបញ្ចាំងក្នុងរូបភាពអវិជ្ជមានមួយចំនួននៅឡើយ។ ក្នុងស្ថានភាពនេះ វាទាមទារឱ្យយុវជនកម្ពុជា ចិន ធ្វើការស្វែងយល់ពីគ្នា ពិសេសតាមរយៈការស្វែងយល់ពីភាសា វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីរវាងគ្នា ដែលការ ស្វែងយល់នេះ នឹងក្លាយជាស្ពានដ៏រឹងមាំក្នុងការបន្តដំណើរ វិវត្តន៍នៃ ទំនាក់ទំនងរវាងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន។ ក្នុងន័យនេះ ខ្ញុំយល់ឃើញថា ព្រឹត្តិការណ៍បែបនេះ គួរត្រូវបានរៀបចំឡើងឱ្យបានញឹកញាប់ និងមានការចូលរួម ឱ្យបានទូលំទូលាយជាងនេះ ដើម្បីរួមចំណែកលើកកម្ពស់ការយោគយល់គ្នា តាមរយៈការយល់ឃើញដ៏ត្រឹមត្រូវ ពីគ្នាទៅវិញទៅមក ពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជានិងចិន និងនាំ មកនូវទំនាក់ទំនងមិត្តភាពកាន់តែជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជននៃប្រទេសទាំងពីរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-12-11 09:31:51   ថ្ងៃពុធ, 11 ធ្នូ 2024 ម៉ោង 04:31 PM
តើរដ្ឋឯករាជ្យនិងអធិបតេយ្យមួយ មានសិទ្ធិពង្រឹងនីតិរដ្ឋនៅក្នុងប្រទេសខ្លួនដែរឬទេ?

ដោយ៖ លឹម សុវណ្ណរិទ្ធ

នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សភា​អឺរ៉ុប បានចេញសេចក្ដីសម្រេចដោយជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប ពិនិត្យ​សើរើ​ឡើងវិញ​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​​មុខ​ទំនិញ​ទាំង​អស់​លើកលែង​តែ​អាវុធ» (EBA) ដែល​នៅ​សល់​ចំនួន​៨០%​ សម្រាប់​ប្រទេស​កម្ពុជា និងជំរុញឱ្យ​ដាក់​ទណ្ឌកម្មទៅ​​លើមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា  ដែល​សភា​អឺរ៉ុបអះអាងថា​ពាក់ព័ន្ធ​នឹងអ្វីដែលខ្លួនយល់ថាជា​ការ​រឹតត្បិត​ផ្នែក​នយោបាយ។ សេចក្ដី​សម្រេចនេះ ធ្វើឡើងក្រោយកម្ពុជាចាត់វិធានការទៅតាមនីតិវិធីច្បាប់ទៅលើអង្គការ​សង់​ត្រាល់ ដោយការអនុវត្តច្បាប់ជាធរមានរបស់កម្ពុជាខាងលើនេះ ត្រូវបានសភាអឺរ៉ុបយល់ថា ជាការចាត់វិធានការដែលមានចរិត​នយោបាយ និងបានជំរុញឱ្យរាជរដ្ឋាភិបាល​បញ្ឈប់ការ​ធ្វើ​សវនកម្មលើអង្គការ​សមធម៌​កម្ពុជា និង​អង្គការ​ចលនា​មាតា​ធម្មជាតិថែមទៀតផង។ ការ​ចាត់​វិធានការនេះ សភាអឺរ៉ុបហាក់បង្ហាញថា ខ្លួន​ការពារបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិ​របស់​អង្គ​ការ​ទាំងនេះ ពីការអនុវត្តវិធានការច្បាប់ជាធរ​មាន​របស់​កម្ពុជា ដែលប្រៀបបីដូចជាបង្ហាញ​ថា អង្គការទាំងនេះ មានសិទ្ធិពិសេសលើសពី​អង្គការនិងសមាគមដទៃ​ជាង​៦ពាន់​អង្គការ​សមាគម​ផ្សេងទៀត និងលើសពីតំណាងការទូតនៃបណ្ដាប្រទេសផ្សេងៗថែមទៀតផង។

ជា​ការ​ពិត​ណាស់ បើគេពិនិត្យមើលច្បាប់អន្តរជាតិ រដ្ឋធម្មនុញ្ញនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និងបទដ្ឋានអន្តរជាតិពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិ​នានា គេពិតជាមិនអាច​រក​ឃើញ​នៅត្រង់មាត្រាណា ដែលបាន​កំណត់​ថា​អង្គការទាំងនេះមានសិទ្ធិ​ពិសេស​យ៉ាង​ដូច​ម្ដេច​ណាស់ ព្រោះ​អង្គការទាំងនេះ​ពុំមែន​ជា​តំណាង​ប្រទេសឬរដ្ឋអធិបតេយ្យណាមួយ ដែល​មានបុព្វសិទ្ធិ​និង​អភ័យឯកសិទ្ធិការទូត ដូច​ស្ថាន​ទូតប្រទេសនានាដែលបានតាំងទូត​នៅ​កម្ពុជានោះដែរ។ បើ​ដូច្នេះ តើហេតុ​អ្វីបាន​ជា​សភា​អឺរ៉ុបបានចេញសេចក្ដី​សម្រេច​ការ​ពារ​អង្គ​ការទាំងនេះ ពីការ​អនុវត្តច្បាប់ជា​ធរមាន​របស់​កម្ពុជា ខណៈដែលសូម្បីតែភ្នាក់ងារទូត​នៃបណ្ដាប្រទេសឬរដ្ឋ​នានា ដែលដាក់ទូត​​​នៅក្នុងប្រទេសមួយ ក៏​ត្រូវ​តែ​គោរពនិងអនុវត្ត​ច្បាប់នៃប្រទេសម្ចាស់ផ្ទះផងដែរនោះ?

នៅក្នុងអនុសញ្ញាទីក្រុង វីយ៉ែន ឆ្នាំ១៩៦១ ស្ដីពីទំនាក់ទំនងការទូត ប្រការ៤១ ត្រង់​កថាខណ្ឌទី១ បានចែងអំពីភាពចាំបាច់ដែលភ្នាក់​ងារ​ការ​ទូត​ដែល​មាន​បុព្វ​សិទ្ធិ​និង​អភ័យ​ឯកសិទ្ធិ ក៏ត្រូវមាន​ករណីយកិច្ចគោរពច្បាប់ និងបទបញ្ញត្តិ​របស់​រដ្ឋ​ម្ចាស់​ផ្ទះផងដែរ។ បន្ថែម​ពី​នេះ ភ្នាក់​ងារ​ការ​ទូតក៏មានកាតព្វកិច្ចមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋម្ចាស់​ផ្ទះ​ផង​ដែរ។

នៅពេលដែលគេនិយាយអំពីប្រជាធិបតេ្យ សេរីភាព និងសិទ្ធិមនុស្ស ពិតប្រាកដ​ណាស់គ្រប់គ្នានឹងអាចឆ្លើយបានដូចៗគ្នាថា មិនមាននរណាម្នាក់ដែលអាចអនុវត្ត​សិទ្ធិ​សេរី​ភាពរបស់ខ្លួនដោយរំលោភបំពានលើសិទ្ធិអ្នកដទៃបាននោះឡើយ។ ដូច្នេះ ការគោរពនិង​អនុវត្តច្បាប់ដែលជាពិដានសម្រាប់ការធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងស្ថិរភាពនៃសង្គម​គឺពិតជាមូលដ្ឋានដ៏សំខាន់នៅក្នុងការការពារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ នៃប្រទេស​អធិប​តេយ្យមួយ។ ការធានាសិទ្ធិ​ជាសមូហភាព ទើបជាការគោរពសិទ្ធិពេញលេញ​របស់​មនុស្សទាំងអស់នៅក្នុងសង្គម។

ម្យ៉ាងវិញទៀត នៅក្នុងទិដ្ឋភាពអធិបតេយ្យរដ្ឋ កម្ពុជាមានរដ្ឋធម្មនុញ្ញ និង​ច្បាប់ជាធរមាននានា ដែលរាជរដ្ឋាភិបាលនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្ត និង​ថែ​រក្សា​ការ​ពារ​សណ្ដាប់​ធ្នាប់ សន្តិសុខ ស្ថិរភាព និងសន្តិភាព។ ប្រសិនបើ​អឺរ៉ុប​សម្រេច​ដាក់​សម្ពាធ​ឬទណ្ឌកម្មណាមួយលើកម្ពុជា ដោយសារករណីខាងលើនេះ នឹងធ្វើឱ្យ​មាន​ការ​ចោទ​ជាចម្ងល់អំពី ការលូកដៃទៅក្នុងដំណើរការយុត្តិធម៌​របស់​រដ្ឋ​​ឯករាជ្យនិងអធិបតេយ្យមួយ។ គេត្រូវចងចាំថា នីតិរដ្ឋគឺជាចំណែកដ៏សំខាន់មួយនៃសង្គម​ប្រជាធិបតេយ្យ ហើយការ​រារាំង​ឬ​អន្តរាគមន៍ទៅលើរដ្ឋឯករាជ្យមួយមិនឱ្យអនុវត្តនូវ​ច្បាប់​ដែល​មានជាធរមានរបស់ខ្លួន គឺ​ជា​ការរំលោភបំពានអធិបតេយ្យនិងជ្រៀតជ្រែកកិច្ចការផ្ទៃ​នៃ​រដ្ឋមួយ ដែលផ្ទុយ​ពីគោល​ការណ៍​ច្បាប់​និងបទដ្ឋានទំនាក់ទំនងអន្តរជាតិ។ ការអនុវត្ត​ប្រជាធិប​តេយ្យនៅក្នុងរដ្ឋមួយ ​មិន​មាន​ន័យថា ទាល់តែប្រព្រឹត្តទៅ​ស្របតាម​ទស្សនៈ​យល់​ឃើញ​របស់មហាអំណាចបស្ចិមប្រទេស ឬក្រុមប្រទេស ឬសហគមន៍​ណា​មួយ​លើ​ពិភព​លោក​ឡើយ។ ត្រង់ចំណុចនេះ សហ​ភាព​អឺរ៉ុបគួរតែពិនិត្យមើលនូវ​ធម្មនុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ និងអនុសញ្ញាទីក្រុង វីយ៉ែន ឆ្នាំ​១៩៦១ ស្ដីពីទំនាក់ទំនងការទូត ដើម្បីចៀសវាង​នូវការធ្វើសេចក្ដីសម្រេច​ចិត្ត​ណាមួយ​ដែល​ប្រាសចាកនឹងបទដ្ឋាននៅក្នុងទំនាក់ទំនងអន្តរជាតិ ព្រោះការផ្ដល់តម្លៃទៅដល់​ច្បាប់​អន្តរ​ជាតិនិងគោលការណ៍អន្តរជាតិ​ម្ដង​ហើយម្ដងទៀតរបស់មហាអំណាច នឹងនាំ​មក​នូវ​ភាព​គ្មាន​សណ្ដាប់​ធ្នាប់កាន់តែខ្លាំងបន្ថែមទៀតនៅក្នុងពិភពលោក បន្ថែមពីលើកំហុស​ដែល​មហា​អំណាចធ្លាប់​បានប្រព្រឹត្តនៅតាមបណ្ដាប្រទេសនានាលើពិភពលោក រាប់ទាំងករណី​នៅក្នុងប្រទេស​កម្ពុជាក្នុងអតីតកាលផងដែរ។

ពិតប្រាកដណាស់ សមាជិកអង្គការសង្គមស៊ីវិលទាំងឡាយមិនមានបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិ រួចផុតពីការទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមានរបស់កម្ពុជានោះឡើយ ហើយរាជរដ្ឋាភិបាលក៏គួរតែចាត់វិធានការឱ្យបានសមស្របឆ្លើយតបទៅនឹងសកម្មភាព ឬដំណើរការរបស់អង្គការសមាគម និងភ្នាក់ងារអង្គការអន្តរជាតិទាំងឡាយនៅកម្ពុជា ព្រមទាំងត្រូវពិនិត្យថ្លឹងថ្លែងបន្ថែមទៀតរវាងការពង្រឹងនីតិរដ្ឋ និងការអនុវត្តសិទ្ធិមនុស្ស ព្រោះនីតិរដ្ឋគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាស្ថិរភាពនយោបាយ ដើម្បីសម្រេចបាននូវវឌ្ឍនភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងការការពារសិទ្ធិ និងសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕

2024-12-10 09:39:19   ថ្ងៃអង្គារ, 10 ធ្នូ 2024 ម៉ោង 04:39 PM
បណ្ឌិត យង់ ពៅ៖ ទស្សនកិច្ចសម្ដេចតេជោនៅចិន គូសបញ្ជាក់ពីការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រ

កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅបំពេញទស្សនកិច្ចជាលើកទីមួយក្រោយសម្ដេចក្លាយជាប្រធានព្រឹទ្ធសភាកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ដោយបានជួបជាមួយនឹងឯកឧត្ដម ស៊ី ជីនភីង ប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន ព្រមទាំងជួបនឹងប្រធានគណកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយប្រជាជនចិន និងប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជន​ចិន។ នៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ មានការលើកឡើងជាច្រើននូវទស្សនៈដែលបានបង្កប់ចេតនានយោបាយមួយចំនួន ដូចជា ដំណើរទស្សនកិច្ចនេះធ្វើឡើងឆ្លើយតបនឹងបរិបទនៃការផ្លាស់ប្ដូរប្រធានាធិបតីសហរដ្ឋអាម៉េរិក ឬក៏ដោយ​សារ​សេចក្ដី​សម្រេចចិត្តរបស់សភាអឺរ៉ុប ជំរុញឱ្យសហភាពអឺរ៉ុបកាត់ផ្ដាច់ប្រព័ន្ធ​អនុ​គ្រោះពន្ធ«គ្រប់មុខទំនិញ លើកលែងតែអាវុធ (EBA) ជាដើម។

ចំពោះដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់សម្ដេចតេជោ ក្នុងនាមជាប្រធានព្រឹទ្ធសភានៃ​ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ឃើញថា គឺជាដំណើរទស្សនកិច្ចដែលបានគូសបញ្ជាក់ពីការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកាន់​តែរឹងមាំរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។ លោកបណ្ឌិត បានលើកឡើងថា បើគេពិនិត្យទៅលើស្ថានភាពនៃទំនាក់ទំនងប្រទេសទាំងពីរ ការបំពេញទស្សនកិច្ចរបស់សម្ដេចប្រធានព្រឹទ្ធសភានាពេលនេះ  មានទិដ្ឋភាព ៥ចំណុចគឺ៖

          ១​. ការបំពេញទស្សនកិច្ច គឺជាការបំពេញទស្សនកិច្ចជាផ្លូវការ និងដោយសុឆន្ទៈ

ការបំពេញទស្សនកិច្ចរបស់សម្ដេចប្រធានព្រឹទ្ធសភា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន នៅមុនការបំពេញទស្សនកិច្ចរបស់សម្ដេចតេជោ មានការប្រកាសព័ត៌មានជាផ្លូវការ​ជាមុន និងត្រូវបានរៀបចំឡើងដោយស្របទៅតាមបែបបទពិធីការការទូតរួចរាល់ជាស្រេច ពោលគឺមិនមែនជាទស្សនកិច្ចភ្លាមៗនោះទេ ក្នុងនាមសម្ដេចជាប្រធានស្ថាប័ននីតិប្បញ្ញត្តិ​ជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងន័យពិធីការការទូត ដំណើរទស្សនកិច្ចរបស់​ថ្នាក់ដឹកនាំនៃរដ្ឋឬប្រទេសអធិបតេយ្យមួយពេញលេញមួយ ទាមទារឱ្យមានការរៀបចំពិធី​ការការទូតត្រឹមត្រូវ និងស័ក្តិសមនឹងមុខតំណែងរបស់ថ្នាក់ដឹកនាំរូបនោះ ហើយភាគីចិន​ក៏​ពុំ​អាចទទួលស្វាគមន៍ថ្នាក់ដឹកនាំនៃប្រទេសមួយដោយតក់ក្រហល់នោះឡើយ ពោលត្រូវមាន​ការជូនដំណឹងរៀបចំពិធីការការទូតជាក់លាក់ និងច្បាស់លាស់ទុកជាមុន នៅក្នុងក្របខ័ណ្ឌ​ពិធីការការទូតអន្តរជាតិ។

          ២. ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងដែលមានលក្ខណៈពិសេសខុសប្លែកពីទំនាក់ទំនងដទៃ

ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងពិសេសដោយឡែកមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រផង ជាទំនាក់ទំនងដែលមានលក្ខណៈការផ្សារភ្ជាប់សាច់ឈាមផង និងជាទំនាក់ទំនងចងភ្ជាប់ដោយកត្តាវប្បធម៌ថែមទៀតផង។ ប្រសិនបើគេពិនិត្យនៅលើជញ្ជាំងប្រាសាទបុរាណខ្មែរ ពិសេសប្រាសាទបាយ័ន គេនឹងអាចមើលឃើញចម្លាក់ដែលបង្ហាញឱ្យ​ឃើញថា ទំនាក់ទំនងកម្ពុជា-ចិន មានរយៈកាលរាប់ពាន់ឆ្នាំកន្លងមកហើយ ព្រមទាំងមាន​ការផ្សារសាច់ឈាមជាមួយគ្នាតាមរយៈចំណងគ្រួសារ ដែលប្រជាជននៃប្រទេសទាំងពីរ​បាន​រួមរស់នៅជាមួយនឹងគ្នាតជាកូនពូនជាចៅរៀងមករហូតដល់បច្ចុប្បន្ន។ ហេតុនេះហើយ ទំនាក់ទំនងវប្បធម៌ ពិសេសការអនុវត្តជំនឿនិងទំនៀមទម្លាប់បែបចិន បានកើតមានឡើងជាបន្តបន្ទាប់នៅកម្ពុជាជាច្រើនជំនាន់នៅក្នុងប្រវត្តិសាស្ត្រ ដែលជាសក្ខីភាពមិនអាចប្រកែក​បានឡើយ។

          ៣. ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងមិត្តភាពដែកថែប និងឈានដល់កិច្ចសហប្រតិបត្តិការ​ត្បូងពេជ្រ

នៅក្នុងទិដ្ឋភាពនយោបាយ ទំនាក់ទំនងកម្ពុជា-ចិនបានវិវឌ្ឍដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្រ តាមរយៈការបង្កើនការទុកចិត្ត ការគាំទ្រគ្នាទៅវិញទៅមក និងការរួមសុខទុក្ខជាមួយគ្នានៅគ្នាលំបាក ពោលគឺជាជាទំនាក់ទំនងជាមិត្តភាពដែកថែប ដែលបច្ចុប្បន្នឈានដល់ការជំរុញកិច្ចសហប្រតិបត្តិការ​ត្បូងពេជ្ររវាងប្រទេសទាំងពីរ ដោយបាន​ពង្រឹង​ទំនាក់ទំនងល្អនឹងគ្នានៅគ្រប់កម្រិត និងឋានានុក្រម។ ការបំពេញទស្សនកិច្ចដ៏ញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ គឺជាករណីប្រក្រតីភាព ស្ថិតនៅក្រោមក្របខ័ណ្ឌនៃកិច្ច​សហប្រតិបត្តិការត្បូងពេជ្រ និងមិត្តភាពដែកថែប កម្ពុជា-ចិន ខណៈដែលឆ្នាំ២០២៤ ត្រូវ​បានថ្នាក់ដឹកនាំប្រទេសទាំងពីរ ឧទ្ទិសជាឆ្នាំនៃការជំរុញទំនាក់ទំនងរវាងប្រជាជន​និងប្រជាជនថែមទៀតផង។

          ៤. កម្ពុជាបានបើកចំហរនយោបាយការបរទេសរបស់ខ្លួនជាទូទៅមិនចំពោះ

ទាំងនៅក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញកម្ពុជា ធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងលិខិតបទដ្ឋានគតិយុត្តិជាអន្តរជាតិនានា ការជំរុញនិងពង្រឹងទំនាក់ទំនងកម្ពុជា-ចិន គឺជាដំណើរការប្រព្រឹត្តទៅជាប្រក្រតីភាពនៅក្នុងទំនាក់ទំនងអន្តរជាតិ ពោលគឺមិនបានប៉ះពាល់ ឬកែប្រែមូលដ្ឋានគិតយុត្តិទាំងនៅក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិនោះឡើយ ហើយកម្ពុជាពិតជាមានសិទ្ធិ និងអធិបតេយ្យពេញលេញ នៅក្នុងការពង្រឹងទំនាក់ទំនង ក៏ដូចជា​ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសទាំងឡាយលើពិភពលោក ដែលគេមិនអាច​ហាមឃាត់កម្ពុជាមិនឱ្យកសាងទំនាក់ទំនងល្អជាមួយប្រទេសមួយបានឡើយ។ ត្រង់ចំណុចនេះ បើទោះបីជាកម្ពុជាមានទំនាក់ទំនងល្អជាមួយបណ្ដាប្រទេសណាមួយ ជាង​ប្រទេសជាដៃគូដទៃផ្សេងទៀតក៏ដោយ ក៏គេពុំអាចប្រឆាំង ឬរារាំងដោយលើកយកនូវហេតុផលណាមួយមកដាក់បន្ទុកលើប្រទេសកម្ពុជាបាននោះឡើយ។ ត្រង់ចំណុចនេះ គេគួរតែផ្ដោតការយកចិត្តទុកដាក់ថា តើទំនាក់ទំនងរវាងកម្ពុជា ជាមួយនឹងប្រទេសជាដៃគូ បានផ្ដល់​នូវគុណតម្លៃ និងអត្ថប្រយោជន៍កម្រិតណាដល់ប្រទេសជាតិខ្លួន។ ប្រសិនបើទំនាក់ទំនងនេះ បានហុចគុណប្រយោជន៍ដល់ជាតិ គឺត្រូវតែរួមគ្នាពូនជ្រំឱ្យកាន់តែស្អិតល្មួត និងរឹងមាំបន្ថែមទៅទៀត។ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ នៅក្នុងទំនាក់ទំនងកម្ពុជា-ចិននាយុគសម័យទំនើបថ្មីនេះ ប្រទេសទាំងពីរពិតជាបានរួមចំណែកនៅក្នុងការជំរុញការរីកចម្រើនព្រមគ្នា ​និងថែមទាំងបានគាំទ្រគ្នា ក៏ដូចជាការពារផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកថែម​ទៀតផង។ ទំនាក់ទំនងទ្វេភាគីនេះ កម្ពុជា-ចិន បានបន្តទំនាក់ទំនងល្អ និងប្រកបដោយផ្លែ​ផ្កា ក៏ដូចជាទំនាក់ទំនងក្នុងភាពស្មើមុខមាត់គ្នា ស្របតាមច្បាប់អន្តរជាតិយ៉ាងពិតប្រាកដ បើទោះ​បីជាចិនបានក្លាយជាមហាអំណាចពិភពលោកទី២ និងជាប្រទេសជឿនលឿនក៏ដោយក្ដី  ក៏ប្រទេសទាំងពីរគោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងគាំទ្រគ្នាទៅនៅក្នុងទិដ្ឋភាពនយោបាយ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចជាដើម។ ហេតុនេះ កម្ពុជាពិតជាមានភាពចាំបាច់នៅក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនង កម្ពុជា-ចិន ឱ្យរីកចម្រើន និងឆ្ពោះទៅមុខកាន់តែប្រសើរឡើងថែមទៀត តាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងការបំពេញទស្សន​កិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ស្របតាមរដ្ឋធម្មនុញ្ញ ក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគណបក្ស​ប្រជាជនកម្ពុជា ដែលគណបក្សកាន់អំណាចបច្ចុប្បន្ន តាមរយៈទស្សនកិច្ចនាពេលនេះ បានសបញ្ជាក់កាន់តែច្បាស់បន្ថែមទៀតថា កម្ពុជាពិតជាបានបើកចំហរទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្រប់បណ្ដាប្រទេសទាំងអស់លើពិភពលោក។ ត្រង់ចំណុចនេះ នៅក្នុងក្របខ័ណ្ឌធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាធម្មនុញ្ញនៃបណ្ដាប្រទេសនានា ឬមហាអំណាចទាំងអស់ មិនបានចែងថា ប្រទេសមួយមិនត្រូវធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសឬមហាអំណាចណាមួយផ្សេងៗពីខ្លួន ឬដាក់កំហិតមិនឱ្យមានទំនាក់ទំនងល្អជាមួយនឹងប្រទេសឬមហាអំណាចណាមួយខ្ពស់ឬទាបជាងខ្លួននោះទេ។ កម្ពុជានៅតែបន្តប្រកាន់នូវគោលការណ៍សន្តិសហវិជ្ជមាន ពោលគឺធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្រប់បណ្ដាប្រទេសនិងមហាអំណាចទាំងអស់ នៅក្នុងយុគសម័យទំនើបដែលគ្មានការប្រកួតប្រជែង ឬបែងចែកមនោគមវិជ្ជាដូចសម័យសង្គ្រាមត្រជាក់។

ការធ្វើទំនាក់ទំនងល្អ ឬជិតស្និទ្ធជាមួយនឹងបណ្ដាប្រទេសឬមហាអំណាចជាដៃគូនីមួយៗ គឺអាស្រ័យនៅលើឆន្ទៈរបស់ប្រទេសនិងមហាអំណាចទាំងនោះជាមួយនឹងប្រទេស​កម្ពុជា ព្រោះនៅក្នុងទំនាក់ទំនងការទូត គឺទាមទារឱ្យមានការខិតខំប្រឹងប្រែងជំរុញទំនាក់ទំនង និងផ្ដល់នូវផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ពោលគឺមិនមែនមានតែកិច្ចខិតខំប្រឹងប្រែង​ពីសំណាក់កម្ពុជាតែម្ខាង អាចធ្វើឱ្យទំនាក់ទំនងនោះមានភាពប្រសើរឡើងនោះទេ។ ទោះជាយ៉ាងណា កម្ពុជាក៏ត្រូវស្វះស្វែងរកទំនាក់ទំនងល្អនិងកិចច្ចសហប្រតិបត្តិការកាន់តែប្រសើរជាមួយប្រទេសជាដៃគូឬមហាអំណាចផ្សេងទៀតផងដែរ ដើម្បីជាតុល្យភាពនៃទំនាក់ទំនងដែលជាគោលដៅនៃនយោបាយការបរទេស និងដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិរបស់ខ្លួន។

          ៥. ការរីកចម្រើនរបស់កម្ពុជា មិនបានបង្កជាផលរំខានដល់សណ្ដាប់ធ្នាប់ពិភពលោក

ពិតប្រាកដណាស់ ការរីកចម្រើននៃសេដ្ឋកិច្ចនិងសង្គមកម្ពុជានិងទំនាក់ទំនងល្អរវាងកម្ពុជាជាមួយ​នឹងប្រទេសណាមួយ ពុំបានបង្កផលរំខាន ឬគំរាមកំហែងដល់សន្តិសុខ និងសណ្ដាប់ធ្នាប់ពិភពលោកឡើយ ហើយកម្ពុជាតែងតែមានចេតនានៅក្នុងការចូលរួមចំណែក​ជំរុញសន្តិសុខ សន្តិភាព ស្ថិរភាព និងសណ្ដាប់ធ្នាប់ពិភពលោកជាដរាបរៀង ដែលសក្ខីភាពជាក់ស្ដែងគឺ កម្ពុជាតែងតែបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅចូលរួមនៅក្នុងបេកសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅតាមបណ្ដាប្រទេសនានា។ កម្ពុជាពុំធ្លាប់​បានអភិវឌ្ឍ និងពង្រឹងខ្លួនដើម្បីបង្កការប៉ះពាល់ ឬគំរាមកំហែងទៅដល់បណ្ដាប្រទេសណាមួយឡើយ វៀរលែងតែក្នុងករណីដែលកម្ពុជាជួបប្រទះនឹង​កល​យុគ​នយោបាយ-សង្គម ដែលអាចជះឥទ្ធិពលឬបង្កផលប៉ះពាល់ដល់ប្រទេសក្នុងតំបន់ឬពិភព​លោក។ ដូច្នេះ គេគួរ​តែអបអរសាទរ ដែលប្រទេសកម្ពុជាទទួលបាននូវការរីកចម្រើន ហើយបណ្ដាប្រទេសជាមិត្ត​នានាគួរតែជួយស្វែងរកច្រកដើម្បីជំរុញឱ្យកម្ពុជាកាន់តែមានភាពរីកចម្រើន និងមានភាព​សុខដុម ដើម្បីធានានូវសណ្ដាប់ធ្នាប់តំបន់ និងពិភពលោក។ អ្នកនយោបាយមួយក្រុមតូច និងអ្នកវិភាគមួយចំនួន​ មិនគួរសម្ដែងការព្រួយបារម្ភនឹងការដែលកម្ពុជាពង្រឹងនិងពង្រីកទំនាក់ទំនងល្អជាមួយនឹងមហាអំណាចណាមួយ ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិរបស់ខ្លួននោះទេ៕

RAC Media | លឹម សុវណ្ណរិទ្ធ

2024-12-05 09:38:36   ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2024 ម៉ោង 04:38 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចពិភាក្សាតុមូល ស្តីពី «អាករពិសេសលើថ្នាំជក់»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាយុវជនតាមស្ដីពី «អាការពិសេសលើថ្នាំជក់» ដែលបានធ្វើឡើងនៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។ វេទិកានេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងអង្គការសុខភាពពិភពលោក តំណាងក្រសួងអប់រំ ក្រសួងសុខាភិបាល អង្គការចលនាដើម្បីសុខភាពកម្ពុជា អ្នកសិក្សាស្រាវជ្រាវ និស្សិត និងមន្ត្រីរាជការសរុប ៣២០នាក់។

តាមរយៈវេទិកាទាំងពីរលើកកន្លងមក បានបង្ហាញថា ការទប់ស្កាត់ការរីករាលដាលនៃការប្រើប្រាស់បារីនិងថ្នាំជក់មានវិធានការជាច្រើន ដូចជាវិធានការផ្សព្វផ្សាយ អប់រំ និង ការរារាំង ការជក់បារីដាក់រូបជំងឺដែលបង្កដោយការជក់បារី ការហាមឃាត់ក្នុងផ្សព្វផ្សាយពាណិជ្ជកម្ម ព្រមទាំងវិធានការពន្ធនានា ដែលរាជរដ្ឋាភិបាលបានបង្កើនជាបណ្តើរក្នុងការទប់ស្កាត់នូវការរីករាលដាលនៃការប្រើប្រាស់បារីនិងថ្នាំជក់នៅកម្ពុជា។ ជាមួយគ្នានោះដែរ ទាំងមហាជន អ្នកសិក្សា ស្រាវជ្រាវ ប្រជាពលរដ្ឋទូទៅ ក៏ដូចជាយុវជនក៏បានគាំទ្រយ៉ាងពេញទំហឹងនូវវិធានការនានាក្នុង កាត់បន្ថយការប្រើប្រាស់បារីនេះ ជាពិសេសគឺវិធានការពន្ធ។

ក្នុងឱកាសអញ្ជើញថ្លែងមតិស្វាគមន៍ នាឱកាសបើកវេទិកាយុវជនតាមស្ដីពី «អាការពិសេសលើថ្នាំជក់» នាព្រឹកនេះ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា វេទិកានេះ មានការអញ្ជើញចូលរួម ពីវាគ្មិនសំខាន់ចំនួន បួនរូប ដែលសុទ្ធសឹងតែជាវាគ្មិនដែលមានជំនាញ និង ជាអ្នកសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងបញ្ហាថ្នាំជក់នៅកម្ពុជា អញ្ជើញមកពី អង្គការសុខភាពពិភពលោក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អង្គការចលនាដើម្បីសុខភាពកម្ពុជា និង អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់អំពីពន្ធនិងអាករលើថ្នាំជក់។

ឯកឧត្ដមបណ្ឌិតបានបន្តថា ពាក់ព័ន្ធនឹងការជំរុញកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់នៅកម្ពុជា វិធានការហាមជក់តាមទីសាធារណៈ និងកន្លែងធ្វើការវិញ ការអនុវត្តក៏នៅមានកម្រិត ដែលក្នុងនោះ មានត្រឹមតែ៥១% នៃកន្លែងធ្វើការប៉ុណ្ណោះដែលអាចអនុវត្តបានពេញលេញតាមការកំណត់នៃអនុក្រឹត្យស្តីពី វិធានការហាមការជក់ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការឬទីសាធារណៈ ហើយមានតែ ៨៥%នៃកន្លែងធ្វើការ ដែលបានបិទស្លាកហាមជក់បារី។ បរិយាកាសនៃការប្រើប្រាស់បារីនិងផលិតផលថ្នាំជក់ នៅតែពិបាកក្នុងការទប់ស្កាត់ ដែលអាចនឹងជះផលអវិជ្ជមានទៅដល់ចំណោមយុវជន លើសុខភាពរបស់គាត់ និងរួមចំណែកក្នុងរារាំងដល់ការរីកចម្រើននៃអាយុសង្ឃឹមរស់ ឬហៅថាអាយុមធ្យម របស់ប្រជាពលរដ្ឋ។ ឯកឧត្ដមបន្ថែមថា វិធានការមួយទៀត គឺការដំឡើងពន្ធលើបារី ដែលអាចធ្វើឱ្យថ្លៃបារីកើនដល់ ៧០% ដែលជាសំណូមពររបស់អង្គការសុខភាពពិភពលោក ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់បារីរបស់យុវជន និង ប្រជាពលរដ្ឋដែលមានចំណូលទាប។ វិធានការនេះ ត្រូវបានលើកមកពិភាក្សា ពីរដងរួចមកហើយ នៅក្នុងកិច្ចពិភាក្សាតុមូល និង វេទិកាយុវជនស្តីពីវិធានការពន្ធលើថ្នាំជក់ ដោយបានលើកបង្ហាញថា ភាពរសើបនៃការប្រើប្រាស់បារីនិងផលិតផលថ្នាំជក់ជាមធ្យម -0.5 ដែលមានន័យថា បើសិនជាយើងតម្លើងពន្ធលើបារីដល់៧០% អាចនឹងធ្វើឱ្យកាត់បន្ថយការជក់បារីបានដល់ទៅ ៣៥%ឯណោះ។ រាជរដ្ឋាភិបាលកម្ពុជា គួរតែអនុវត្តឱ្យបានម៉ឺងម៉ាត់នូវការគ្រប់គ្រងការនាំចូល ការផលិត និង ការបង់ពន្ធឱ្យបានត្រឹមត្រូវ នោះនឹងធ្វើឱ្យថ្លៃបារីកាន់តែខ្ពស់ ចំណូលពន្ធកាន់តែកើនឡើង ជំងឺមិនឆ្លងកាន់តែថយចុះ និង បន្ទុកសុខាភិបាលកាន់តែថយចុះ ដែលនេះ ជាការគណនាតាមវិទ្យាសាស្រ្តដែលអាចទុកជាការពិចារណាក្នុងការតម្លើងពន្ធនេះឱ្យកាន់តែខ្ពស់ ដើម្បីរួមចំណែកកាត់បន្ថយការប្រើប្រាស់បារី និង ផលិតផលថ្នាំជក់នៅកម្ពុជា។

បើតាមឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បច្ចុប្បន្ននេះ ការចំណាយរបស់រដ្ឋាភិបាលគឺពឹងផ្អែកលើហិរញ្ញវត្ថុសាធារណៈ ដែលរដ្ឋាភិបាលមានគោលការណ៍បង្កើនចំណាយសាធារណៈជារៀងរាល់ឆ្នាំ ហើយទាមទារឱ្យរាជរដ្ឋាភិបាលខិតខំប្រមូលពន្ធឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។ ចំពោះការប្រមូលពន្ធវិញ បច្ចុប្បន្ននេះ ពន្ធលើថ្នាំជក់រួមមានអាករពិសេស២០% អាករបំភ្លឺសាធារណៈ៥% អាករលើតម្លៃបន្ថែម១០% ពន្ធនាំចូល និង ពន្ធលើប្រាក់ចំណូលប្រាក់ចំណេញ ដែលសរុបជាមធ្យមពន្ធលើបារីនេះ មានត្រឹមតែ ៣០% ទៅ ៣៥% នៃថ្លៃបារីតែប៉ុណ្ណោះ ហើយកម្រិតនៅទាបបើប្រៀបធៀបជាមួយ បណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោក។

ដូច្នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលបានផ្តោតយកចិត្តទុកដាក់ជាខ្លាំងលើមូលធនមនុស្ស ដែលជាស្នូលនៃយុទ្ធសាស្រ្តបញ្ចកោណ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា រៀបចំវេទិកាយុវជន ដើម្បីពិភាក្សាអំពី អាករពិសេសលើថ្នាំជក់ ដើម្បីដាក់ជូនវេទិកាយុវជននាឱកាសនេះ ចូលរួមពិភាក្សា លើកមតិយោបល់ និងចោទជាសំណួរទាំងអស់គ្នា៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-12-05 07:55:33   ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2024 ម៉ោង 02:55 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំកិច្ចពិភាក្សាតុមូល ស្តីពី «ស្ថានភាពបំណុលនៅកម្ពុជា»

នៅរសៀលថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវកិច្ចពិភាក្សាតុមូលស្ដីពី «ស្ថានភាពបំណុលនៅកម្ពុជា» ដែលត្រូវបានធ្វើឡើងនៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមការសម្របសម្រួលដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជា។

កិច្ចពិភាក្សាតុមូលនេះ មានការអញ្ជើញចូលពីជាវាគ្មិនកិត្តិយសពីសំណាក់៖

 - ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍   ទីប្រឹក្សាសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

 - ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជា ពៅ   អគ្គស្នងការរងនគរបាលជាតិ

 - ឯកឧត្ដម ជូ វណ្ណៈ   អគ្គនាយក និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

 - លោកស្រី ម៉ក់ រស្ម៊ី   អគ្គនាយករង បទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ និងជាប្រធាននាយកដ្ឋានបទប្បញ្ញត្តិ

 - លោក សុខ វឿន   អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា

 - លោក តូច ចៅចេក   សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារកម្ពុជា និងជាអគ្គនាយកនៃធនាគារប្រីយសណីយ៍កម្ពុជា

ថ្លែងក្នុងឱកាសអញ្ជើញជាវាគ្មិននៅក្នុងកិច្ចពិភាក្សាតុមូលនេះ ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា ស្ថានភាពបំណុលនៅប្រទេសកម្ពុជា ស្ថិតនៅក្នុងកម្រិតមួយដែលនៅអាចគ្រប់គ្រងបាន ពុំបង្កឱ្យមានការព្រួយបារម្ភនៅឡើយនោះទេ។ ចំពោះការដាក់ចេញវិធានការរៀបចំឥណទានឡើងវិញ ត្រូវបានឯកឧត្ដមពន្យល់ថា ពុំទាន់ទទួលបានលទ្ធផលជោគជ័យគួរឱ្យកត់សម្គាល់នៅឡើយទេ ដោយសារតែ អ្នកជំពាក់បំណុលខ្លះ ពុំមែនជាការជំពាក់បំណុលជាមួយនឹងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឬគ្រឹះស្ថានផ្លូវការនោះឡើយ ពោលគឺពួកគេជំពាក់បំណុលក្រៅប្រព័ន្ធ (មិនផ្លូវការ) ឬជាការបង់រំលស់អចលនទ្រព្យ ឬរថយន្តជាដើម ដែលវិធានការរៀបចំឥណទានឡើងវិញនេះ ពុំមានប្រសិទ្ធភាពចំពោះករណីនេះឡើយ។ សម្រាប់កម្ចីជាមួយនឹងស្ថាប័នផ្លូវការនៅក្នុងប្រព័ន្ធ វិធានការរៀបចំឥណទានឡើងវិញ នឹងអាចបង្ហាញឱ្យឃើញពីប្រសិទ្ធភាពជាក់ស្ដែងនៅក្នុងខែធ្នូ ឬខែមករាខាងមុខនេះ។

ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់ថា បញ្ហាបំណុលនេះ គឺជារឿងដែលមានការជាប់ពាក់ព័ន្ធពហុភាគី ហើយគោលនយោបាយនីមួយៗត្រូវការពេលវេលានៅក្នុងការអនុវត្តដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ និងក៏ត្រូវការការចូលរួមពីគ្រប់ភាគីទាំងអស់។ បន្ថែមពីនេះ ឯកឧត្ដមបានផ្ដល់អនុសាសន៍ថា បញ្ហានេះ ទាមទារឱ្យមានការដោះស្រាយឱ្យមានតុល្យភាពរវាងស្ថាប័នផ្ដល់កម្ចី និងអ្នកទទួលកម្ចី ពោលគឺរដ្ឋត្រូវព្យាយាមដោះស្រាយបញ្ហាបំណុលនេះជាលក្ខណៈសន្សឹមៗ និងត្រូវការការចូលរួមពីប្រជាពលរដ្ឋដែលជាអ្នកជំពាក់បំណុល ព្រមទាំងមានភាពចាំបាច់ដែលពលរដ្ឋត្រូវងាកមករកនិន្នាការចាយវាយជាប្រក្រតីឡើងវិញ ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងសង្គម។

គួរបញ្ជាក់ផងដែរថា កិច្ចពិភាក្សាតុមូលនេះ កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅចាប់ពីម៉ោង២:៣០នាទីរសៀល ដល់ម៉ោង ៥:០៦នាទីល្ងាច និងមានការអញ្ជើញចូលរួមពីសំណាក់អ្នកសិក្សាស្រាវជ្រាវ និស្សិត និងមន្ត្រីរាជការសរុបចំនួន ១៩៨រូប៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-12-05 07:34:45   ថ្ងៃព្រហស្បតិ៍, 05 ធ្នូ 2024 ម៉ោង 02:34 PM
បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវត្រៀមខ្លួនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងមហាអំណាចទាំងអស់ ជាជាងរំពឹងតែទៅលើប្រព័ន្ធអនុគ្រោះពន្ធតែមួយមុខ

ជុំវិញការចោទជាសំណួរអំពីលទ្ធភាពនៃការផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកឡើងវិញដល់កម្ពុជាត្រូវបានអស់សុពលភាពជាច្រើនឆ្នាំមកហើយ នៅក្នុងអាណត្តិដឹកនាំជាថ្មីរបស់លោកដូណាល់ ត្រាំ ត្រូវបានលោកបណ្ឌិត យង់ ពៅ ថ្លែងអះអាងថា ថ្វីដ្បិតតែប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាម៉េរិកនេះ ពិតជាមានគុណតម្លៃសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មកម្ពុជា ជាពិសេសវិស័យឧស្សាហកម្មដែលនាំចេញទៅសហរដ្ឋអាម៉េរិកពិតមែនក៏ដោយ ប៉ុន្តែកន្លងទៅនេះ ការនាំចេញផលិតផលទៅសហរដ្ឋអាម៉េរិកបានស្ថិតនៅក្នុងទំហំពាណិជ្ជកម្មធំគួរកត់សម្គាល់ផងដែរ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា បើទោះបីជានៅក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) អាចនឹងអនុម័តឬមិនអនុម័តផ្ដល់ដល់កម្ពុជាជាថ្មីក៏ដោយក្ដី ក៏រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាម៉េរិក គួរតែរក្សាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការផ្សេងទៀត ព្រមទាំងសេនារីយ៉ូ ដែលកំពុងមានស្រាប់ដូចបច្ចុប្បន្ននេះឱ្យកាន់តែប្រសើរឡើងថែមទៀត ដើម្បីរក្សាឱ្យជញ្ជីងពាណិជ្ជកម្ម កម្ពុជា-សហរដ្ឋអាម៉េរិក បន្តស្ថានភាពល្អប្រសើរឡើងថែមទៀត ដែលនេះគឺជាប្រភពនៃកំណើនសេដ្ឋកិច្ចកម្ពុជា បន្តការរីកចម្រើន និងមានស្ថិរភាពដដែល។

កម្ពុជា-សហរដ្ឋអាម៉េរិកគួរតែពង្រឹងនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ក្នុងស្ថានភាពបច្ចុប្បន្ន និងស្វះស្វែងរកការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ កាន់តែប្រសើរឡើងថែមទៀត ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ នៅក្នុងរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ។ បើតាមលោកបណ្ឌិត ប្រទេសទាំងពីរ គួរតែពង្រឹងទំនាក់ទំនងល្អដែលមានស្រាប់ ជាជាងគិតគូរទៅលើរឿងដែលកន្លងហួសទៅហើយ ខណៈដែលជញ្ជីងពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាម៉េរិក នៅបន្តមានកំណើននិងស្ថិតក្នុងស្ថានភាពល្អប្រសើរ។

លោកបណ្ឌិត យង់ ពៅ បន្តថា ការរំពឹងទៅលើប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) គឺគ្រាន់តែជាចំណុចមួយនៃទំនាក់ទំនងប៉ុណ្ណោះ ប៉ុន្តែការពង្រឹងកិច្ចសហប្រតិបត្តិការដែលកំពុងរឹងមាំ និងរីកចម្រើនស្រាប់រវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ទើបជាអ្វីដែលគេត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែម ជាពិសេសកម្ពុជាត្រូវតែរៀបចំខ្លួនបន្ថែមទៀត ដើម្បីធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយគ្រប់បណ្ដាមហាអំណាចទាំងអស់ ពុំមែនតែជាមួយសហរដ្ឋអាម៉េរិកនោះទេ។ លោកបណ្ឌិតបានបន្ថែមថា ទំនាក់ទំនងរវាងកម្ពុជាជាមួយនឹងមហាអំណាចនីមួយៗ សុទ្ធសឹងតែបានបំពេញឱ្យគ្នាទៅវិញទៅមក តួយ៉ាងដូចជា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយចិន បាននាំមកនូវការវិនិយោគជាច្រើន ខណៈដែលសហរដ្ឋអាម៉េរិកគឺជាប្រភពនៃទីផ្សារនាំចេញរបស់កម្ពុជា ដែលនេះឧទាហរណ៍ងាយយល់មួយ នៃទំនាក់ទំនងរវាងកម្ពុជានិងមហាអំណាច ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមកធៀបនឹងទំនាក់តំនងជាមួយមហាអំណាចផ្សេងទៀត។

ជារួម កម្ពុជាត្រូវត្រៀមខ្លួនពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយនឹងមហាអំណាចទាំងអស់ ព្រមៗគ្នា ទើបអាចជំរុញឱ្យសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជាមានស្ថិរភាព និងបន្តមានការអភិវឌ្ឍ​និងរីកចម្រើនជាលំដាប់នៅក្រោមម្លប់សន្តិភាព៕

RAC Media

2024-12-04 05:55:48   ថ្ងៃពុធ, 04 ធ្នូ 2024 ម៉ោង 12:55 PM
រាជបណ្ឌិត្យសភាកម្ពុជា សម្ពោធស្លាកវិទ្យាស្ថានម៉ក់ជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា

នៅថ្ងៃអង្គារ ៣ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ០៩:៣០ នាទីព្រឹក រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «ពិធី សម្ពោធស្លាក វិទ្យាស្ថានម៉ក់ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯក ឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុម ប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា និងលោក យ៉ាង យៀកឈាន (YANG Yuequan) នាយក និងជាលេខាបក្ស នៃវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈតាលៀន និងមានការ អញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា និងថ្នាក់ដឹកនាំនិង តំណាងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈតាលៀននិងវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈតាលៀន ហ្វុង យៀក សរុប ១២៧នាក់។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកពិធីសម្ពោធស្លាកវិទ្យាស្ថានម៉ក់ជឺ នៃរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់ថា  ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលលោក យ៉ាង យៀកឈាន លេខាបក្ស បានសម្ពោធស្លាកវិទ្យាស្ថានម៉ក់ជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីជំរុញទំនាក់ ទំនងប្រទេសទាំងពីរទៅលើការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យា ដែលសិក្សាទៅលើ ជំនាញបញ្ញាសិប្បនិម្មិត (Ai) ជំនាញកុំព្យូទ័រ និងអាចឈានទៅបណ្តុះបណ្តាលអ្នកបម្រើការងារនៅក្នុងវិស័យអាកាសចរណ៍ ព្រមទាំង ពេទ្យឆ្មបស៊ីវិល។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ពិធីសម្ពោធស្លាកវិទ្យាស្ថានម៉ក់ជី នៃរាជបណ្ឌិត្យសភាកម្ពុជានាថ្ងៃនេះ គឺជាមោទកភាព ណាស់សម្រាប់ទំនាក់ទំនងកម្ពុជា-ចិន នៅលើផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលក្នុងសម័យ ឧស្សាហកម្មជំនាន់ទី៤ បានជំរុញឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យក្លាយជាកិច្ចសហប្រតិបត្តិការឆ កោណត្បូងពេជ្រពិតប្រាកដ ដោយយើង មិនត្រឹមតែផ្សារភ្ជាប់ភាសា និងវប្បធម៌ទេ ប៉ុន្តែឈានទៅធ្វើកិច្ច សហប្រតិបត្តិការលើកវិស័យបច្ចេកវិទ្យា និងជំនាញវិជ្ជាជីវៈផងដែរ៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-12-03 07:31:50   ថ្ងៃអង្គារ, 03 ធ្នូ 2024 ម៉ោង 02:31 PM
បណ្ឌិត យង់ ពៅ៖ កម្ពុជាត្រូវតែបោសសម្អាតអំពើពុករលួយ ដើម្បីជំរុញប្រសិទ្ធភាពរដ្ឋបាលសាធារណៈ

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួន ស្ត្រី២នាក់ ដាក់ពន្ធនាគារ ពាក់ព័ន្ធយកលុយ ៣០០ ០០០ដុល្លារ ទៅឱ្យបុគ្គលឈ្មោះ មួង ឃីម និងបុគ្គលឈ្មោះ លី សាម៉េត ដើម្បីរត់ការឱ្យកូនប្រុសធ្វើជាមន្ត្រីគយ នៅខេត្តបាត់ដំបង។ នេះជាការបំបែកសំណុំរឿងពុករលួយ និងឆបោកដ៍ធំមួយនៅឆ្នាំ២០២៤នេះ ដែលមានយ៉ាងហោចណាស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងឧកញ៉ា រួមទាំងពលរដ្ឋសរុបប្រមាណ ១០នាក់ ជាប់ពាក់ព័ន្ធនឹងករណីប៉ុនប៉ងក្នុងបទសូកប៉ាន់ ដើម្បីទទួលបានឋានៈនិងតំណែងធំ ឬធ្វើការនៅកន្លែង «ខ្លាញ់» ក្នុងស្ថាប័នរដ្ឋ។

លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា ចំណាត់ការរបស់តុលាការនិងអាជ្ញាធរពាក់ព័ន្ធនេះ គឺជារឿងដែលគួរឱ្យកត់សម្គាល់មួយ នៅក្នុងការជំរុញនីតិរដ្ឋតាមរយៈការពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ពោលគឺទាំងអ្នកសូកប៉ាន់ និងអ្នកទទួលសំណូក ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដែលមានជាធរមាន ពិសេសច្បាប់ ស្ដីពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ ការពង្រឹងការអនុវត្តច្បាប់ពិតជាមានសារៈសំខាន់ណាស់ ពោលគឺដើម្បីធានានូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈនៅក្នុងសង្គមជាតិ ហើយការមានតែការគ្រប់គ្រងរដ្ឋតាមបែបនីតិរដ្ឋទេ ដែលអាចនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍ និងសុដុមនីយកម្មបានយ៉ាងពេញលេញ។

ជាមួយគ្នានេះដែរ បើតាមលោកបណ្ឌិត យង់ ពៅ ការពង្រឹងការអនុវត្តច្បាប់ មិនមែនជាកិច្ចការងារដែលត្រូវធ្វើតែនៅក្នុងករណីណាមួយ ឬត្រឹមតែមួយរយៈពេល ដែលមានការប្រតិកម្មពីសំណាក់មហាជន ឬថ្នាក់ដឹកនាំប៉ុណ្ណោះទេ។ ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តអនុវត្តតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងសមធម៌ដោយមិនចំពោះ ពោលគឺច្បាប់ជាម៉ែត្រវាស់ដែលមានពិដានតែមួយ ហើយធានាបាននូវយុត្តិធម៌នៅក្នុងសង្គម។

លោកបណ្ឌិតបន្តថា ការអនុវត្តច្បាប់ខាងលើនេះ ក៏ជាចំណែកមួយនៅក្នុងការចូលរួមជំរុញ និងធានាបាននូវដំណើរការរដ្ឋបាលសាធារណៈរបស់សង្គម ប្រកបដោយភាពស្អាតស្អំ និងរឹងមាំផងដែរ ព្រោះប្រសិនបើឋានៈនិងតំណែងរបស់ថ្នាក់ដឹកនាំអង្គភាពឬដែនដី ឬមន្ត្រីដែលទទួលខុសត្រូវលើតួនាទីឬតំណែងមុខងារសាធារណៈនោះ ទទួលបានមកពីអំពើមិនសុចរិត ឬដោយចេតនាទុច្ចរឹត ច្បាស់ណាស់ដែលថា បុគ្គលនោះពិតជាមិនអាចបំពេញការងារប្រកបដោយមនសិកា និងដោយភាពស្អាតស្អំនោះឡើយ។ ត្រង់ចំណុចនេះមានន័យថា ការយកមាសប្រាក់ដើម្បីទទួលបានឋានៈ តំណែង តួនាទីណាមួយនៅក្នុងមុខងារសាធារណៈនោះ បុគ្គលដែលជាអ្នកសូកប៉ាន់ ពិតជាបានគិតគូរទុកជាមុនថា ខ្លួននឹងទទួលបានលាភសក្ការៈ ឬផលប្រយោជន៍ដែលមិនត្រឹមត្រូវតាមផ្លូវច្បាប់នានា ពីការទទួលបានឋានៈ តំណែង តួនាទីណាមួយនៅក្នុងមុខងារសាធារណៈជាក់ជាមិនខាន។

បន្ថែមពីលើនេះ ការចាត់វិធានការផ្លូវច្បាប់ទៅលើបុគ្គលជាអ្នកសូកប៉ាន់ និងអ្នកទទួលសំណូកនាពេលនេះ នឹងក្លាយជារូបភាពដ៏ប្រសើរមួយនៅក្នុងការ​ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការផ្ដល់មេរៀន និងបទពិសោធន៍ទៅដល់អ្នកដែលមានបំណងចង់សូកប៉ាន់ ឬទទួលសំណូកទាំងឡាយ ឱ្យមានការខ្លាចក្រែងរអែងនឹងច្បាប់ដែលមានជាធរមាន។  សម្រាប់លោកបណ្ឌិត យង់ ពៅ វិធានការដ៏មុតមាំនាពេលនេះ គឺជាការជំរុញលើកទឹកចិត្តទៅដល់យុវជនជំនាន់ក្រោយដែលខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បីចូលបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ និងជាការធានាបានថា អ្នកបន្តវេននៅក្នុងតំណែងមុខងារសាធារណៈ នឹងពិតជាធនធានមនុស្សដែលប្រកបដោយថាមភាព សមត្ថភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមតម្រូវការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនជឿនលឿនទៅមុខ។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមទៀតផងដែរថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយដែលសកម្ម ច្បាស់លាស់ និងគ្មានការយោគយល់ឬលើកលែង គឺជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីឈានឆ្ពោះទៅកសាងសមត្ថភាពជាតិខ្លាំងពូកែ តាមរយៈការផ្ដល់ឱកាសដល់អ្នកសមត្ថភាព អាចចូលរួមកសាងនិងបម្រើសង្គមជាតិ ដោយផ្តោតជាសំខាន់ទៅលើសមត្ថភាពពិតប្រាកដរបស់ខ្លួន ពុំមែនអាស្រ័យនៅលើប្រាក់កាសដែលខ្លួនមានដើម្បីសូកប៉ាន់យកឋានៈ តួនាទី ឬមុខតំណែង ឬអាស្រ័យដោយមានខ្សែរយៈឬបក្ខពួកជាអ្នកមានអំណាច ឬជាអ្នកនយោបាយជាន់ខ្ពស់នោះឡើយ។

RAC Media | លឹម សុវណ្ណរិទ្ធ

2024-12-02 02:22:34   ថ្ងៃចន្ទ, 02 ធ្នូ 2024 ម៉ោង 09:22 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបជាមួយនឹងប្រតិភូបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១៣ រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច  ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយកញ្ញា SONG Jin, សមាជិកគណៈកម្មាធិការប្រតិបត្តិ ដើម្បីពិភាក្សាការងារ ព្រមទាំងពិនិត្យលទ្ធភាបនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន និងរាជបណ្ឌិត្យសភាកម្ពុជា។

នៅក្នុងឱកាសទទួលជួបនិងពិភាក្សាការងារនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះជំនួបពិភាក្សាជាមួយនឹងប្រតិភូបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិន និងបានជម្រាបជូនប្រតិភូបណ្ឌិត្យសភាពូតុង អំពីប្រវត្តិនៃការបបង្កើតរាជបណ្ឌិត្យសភាកម្ពុជាដំបូង និងការបង្កើតឡើងវិញនៅឆ្នាំ១៩៩៩ រចនាសម្ព័ន្ធ បេសកកម្ម និងសមិទ្ធផលសំខាន់ៗមួយចំនួនដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននៅក្រោមការដឹកនាំរបស់ឯកឧត្ដម​បណ្ឌិតសភាចារ្យ សុខ ទូច។ ឯកឧត្ដមបណ្ឌិត ក៏បានគូសបញ្ជាក់អំពី ការបំពេញការងារប្រកបដោយភាពជិតស្និទ្ធរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន​ ដើម្បីចូលរួមចំណែកនៅក្នុងការជំរុញទំនាក់ទំនងកម្ពុជា-ចិនផងដែរ។

ជាការឆ្លើយតប កញ្ញា SONG Jin សមាជិកគណៈកម្មាធិការប្រតិបត្តិ និងជាប្រធានប្រតិភូបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងអំណរគុណឯកឧត្ដមបណ្ឌិតចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅក្នុងជំនួបពិភាក្សានាឱកាសនេះ និងបានជម្រាបជូនឯកឧត្ដមបណ្ឌិតអំពីរចនាសម្ព័ន្ធ តួនាទី និងសមិទ្ធផលសំខាន់ៗដែលបណ្ឌិត្យសភាពូតុងសម្រេចបាននាពេលកន្លងមកនេះ។

បន្ទាប់ពីបានជជែកពិភាក្សា និងដោះដូរទស្សនៈយល់ឃើញទៅវិញទៅមក អំពីទំនាក់ទំនងកម្ពុជា-ចិន ភាគីទាំងពីរ រាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាពូតុង ក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាពិនិត្យលទ្ធភាពនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើ៖

១. ការសិក្សាស្រាវជ្រាវរួមគ្នា

២. ការផ្លាស់ប្ដូរនិស្សិត និងគ្រូបង្រៀនទៅវិញទៅមក

៣. ការពិនិត្យចាត់តាំងអ្នកជំនាញឱ្យចូលរួមនៅក្នុងកម្មវិធី ឬវេទិកាកម្រិតខ្ពស់របស់ភាគីទាំងសងខាង

៤. ការពិនិត្យលទ្ធភាពដើម្បីឈានទៅរៀបចំសិក្ខាសាលារួមគ្នា នាពេលអនាគត៕

RAC Media | លឹម សុវណ្ណរិទ្ធ នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ

2024-11-28 16:29:18   ថ្ងៃព្រហស្បតិ៍, 28 វិច្ឆិកា 2024 ម៉ោង 11:29 PM

សេចក្តីប្រកាស

សេចក្តីជូនដំណឹងស្តីពីការដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៥

ថ្ងៃពុធ, 26 កុម្ភៈ 2025 ម៉ោង 10:55 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពី"ការអញ្ជើញចូលរួមដេញថ្លៃ ការផ្គត់ផ្គង់ប្រេងឥន្ធនៈប្រចាំឆ្នាំ២០២៤ សម្រាប់ជរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី១៨ មេសា ឆ្នាំ២០២៤។​ *ចាប់ទទួលលក់ពាក្យដេញថ្លៃពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : ០២៣ ៨៩០ ១៨០។

ថ្ងៃចន្ទ, 08 មេសា 2024 ម៉ោង 02:35 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹង ស្តីពីការ ចូលរួមដេញថ្លៃ ផ្គត់ផ្គង់សម្ភារៈអេឡិចត្រូនិកសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៥ មិថុនា ឆ្នាំ២០២៣។​ *កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០.៣០នាទីព្រឹក។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃសុក្រ, 02 មិថុនា 2023 ម៉ោង 09:21 PM

ចុចមើល ទាញយក

វគ្គថ្មី! បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ពីថ្ងៃទី៤ និង ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ!

ថ្ងៃអង្គារ, 31 មករា 2023 ម៉ោង 10:35 AM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំដេញថ្លៃផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិក នៅរាជបណ្ឌិត្យសភាកម្ពុជា។ កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:59 PM

ចុចមើល ទាញយក

សេចក្ដីជូនដំណឹងពីការរៀបចំទទួលពាក្យដេញថ្លៃផ្គត់ផ្គង់សម្ភារៈសង្ហារឹម នៅរាជបណ្ឌិត្យសភាកម្ពុជា កាលបរិច្ឆេទឈប់ទទួលពាក្យដេញថ្លៃ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១៥.៣០នាទីរសៀល។ ទូរសព្ទទំនាក់ទំនង : 012 78 36 46។

ថ្ងៃពុធ, 14 កញ្ញា 2022 ម៉ោង 02:58 PM

ចុចមើល ទាញយក

វគ្គសិក្សាថ្មី សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២២-២០២៣ ! សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅរាជបណ្ឌិត្យសភាកម្ពុជា ចាប់ផ្តើមទទួលចុះឈ្មោះហើយ.... ព័ត៌មានលម្អិត សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្រ្ទទេវី) ឬតាមរយៈទូរសព្ទ៖ 067-811-667 / 010-268-797 / 099-238-677 / 097 728 4444

ថ្ងៃចន្ទ, 22 សីហា 2022 ម៉ោង 03:11 PM

ចុចមើល ទាញយក

កម្មវិធីតុមូល ស្ដីពី «ធនធានមនុស្ស គឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» សាលមហោស្រពខេមរវិទូ អគារខេមរវិទូ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 03 សីហា 2022 ម៉ោង 06:15 PM

ចុចមើល ទាញយក

កិច្ចពិភាក្សាតុមូល ស្ដីពី «ធនធានមនុស្សគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍសង្គមជាតិ» នៅព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២

ថ្ងៃពុធ, 20 កក្កដា 2022 ម៉ោង 09:42 AM

ចុចមើល ទាញយក

សេចក្តីជូនដំណឹងស្តីពី ការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ទនៈសម្រាប់ឆ្នាំ២០២២ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃពុធ, 02 មីនា 2022 ម៉ោង 12:01 PM

ចុចមើល ទាញយក