បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន

បណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន

សមាជិកពេញសិទ្ធិ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

ព័ត៌មានផ្ទាល់ខ្លួន៖

 លោក ច័ន្ទ រ័ត្ន កើតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ១៩៦៥ នៅភូមិព្រែកស្តី ឃុំលលកសរ ស្រុកបាកាន ខេត្តពោធិសាត់។ ឪពុកឈ្មោះ ច័ន្ទ ហម ជាកសិករ ទទួលមរណៈភាពនៅឆ្នាំ១៩៧២។ ម្តាយឈ្មោះ កែវ ហួត ជាកសិករ ទទួលមរណៈភាពនៅឆ្នាំ១៩៧៦។ មានបងប្អូនសរុបចំនួន៧នាក់ បងស្រីចំនួនបួននាក់ និងបងប្រុសចំនួន២នាក់។ បងប្រុសម្នាក់ស្លាប់នៅក្នុងឆ្នាំ១៩៧៨។ លោក ច័ន្ទ រ័ត្ន បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកស្រី ស្រី មុនីរតន៍ នៅឆ្នាំ១៩៩១ ហើយមានបុត្រពីរនាក់គឺ ១. កូនស្រី ឈ្មោះ ច័ន្ទរ័ត្ន មុនីតា និង ២. កូនប្រុសឈ្មោះ ច័ន្ទរ័ត្ន មុនី។

កុមារភាពរបស់លោក ច័ន្ទ រ័ត្ន សិក្សានៅសាលាបឋមសិក្សាហង្សាបីតិ ស្ថិតនៅក្នុងវត្តហង្សាបីតិ ភូមិព្រែកស្តី ឃុំលលកសរ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យត្រូវបានជន្លៀសឱ្យទៅរស់នៅភូមិកំពែង ឃុំកំពែង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ លោក ច័ន្ទ រ័ត្ន បានរស់នៅក្នុងមជ្ឈមណ្ឌលកូឡាបខេត្តពោធិ៍សាត់ ហើយបន្តការសិក្សានៅសាលាមធ្យមសិក្សាកំរិត២ (អនុវិទ្យាល័យ) ខេត្តពោធិសាត់ ហើយបានបន្តការសិក្សានៅសាលាមធ្យមសិក្សាកំរិត៣ (វិទ្យាល័យភ្នំដូនពេញ) ភ្នំពេញ ពីឆ្នាំ១៩៨២ ដល់ឆ្នាំ១៩៨៥ ដោយស្នាក់នៅក្នុងមជ្ឈមណ្ឌលកូឡាបទី៣ (ស្ទឹងមានជ័យ) ភ្នំពេញ។

លោក ច័ន្ទ រ័ត្ន បានបញ្ចប់ការសិក្សា នៅកម្រិតមធ្យមសិក្សាទុតិយភូមិដោយជោគជ័យ ហើយបានទទួលអាហារូបករណ៍ទៅបន្តការសិក្សានៅកម្រិតឧត្តមសិក្សានៅសហភាពសាធារណ រដ្ឋសង្គមនិយមសូវៀត សាកលវិទ្យាល័យរដ្ឋដាហ្គេស្តង់ ទីក្រុងម៉ាខាច់ឆ្កាឡា រដ្ឋដាហ្គេស្តង់ ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ១៩៩១។ ក្នុងរយៈពេលសិក្សានៅកម្រិតឧត្តមសិក្សា លោក ច័ន្ទ រ័ត្ន ជានិស្សិតឆ្នើមបានទទួលប្រាក់រង្វាន់បន្ថែមលើអាហារូបករណ៍ជារៀងរាល់ឆ្នាំហើយបញ្ចប់ការសិក្សាដោយ ជោគជ័យទទួលបានសញ្ញាបត្រឆ្នើម (សញ្ញាបត្រក្រហម) លើឯកទេសគណិតវិទ្យា ហើយត្រូវបានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យរដ្ឋដាហ្គេស្តង់ចេញសេចក្តីសម្រេចឱ្យបន្តការសិក្សានៅថ្នាក់ក្រោយបរិញ្ញាបត្រ(ថ្នាក់បណ្ឌិត) បន្តទៀត ពីឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៤។

លោក ច័ន្ទ រ័ត្ន បានសិក្សាស្រាវជ្រាវលើប្រធានបទ៖«ដំណោះស្រាយសមីការអនុគមន៍ឌីផេរ៉ង់ស្យែលលំដាប់ទីអិន(n) មានមេគុណការី និងអថេរពន្យារពេល នៅក្នុងលំហហ៊ីលប៊ែត» អស់រយៈពេលបីឆ្នាំគត់ ហើយបានការពារនិក្ខេបបទបញ្ចប់ដោយជោគជ័យ នៅខែវិច្ឆិកាឆ្នាំ១៩៩៤។ ស្នាដៃនេះលោកបណ្ឌិតបានយកទៅបង្ហាញ នៅក្នុងសមាជអ្នកគណិតវិទ្យាពិភពលោកជាបន្តបន្ទាប់រយៈពេលបួនឆ្នាំម្តង ចាប់ពីឆ្នាំ២០០៦ មកដល់សព្វថ្ងៃ (២០០៦ប្រទេសអេស្បាញ ២០១០ ប្រទេសឥណ្ឌា ២០១៤សាធារណរដ្ឋកូរ៉េ ២០១៨ប្រទេសប្រេស៊ីល)។

លោកបណ្ឌិត ច័ន្ទ រ័ត្ន បានចូលបំរើការងារជាគ្រូឧទ្ទេសគណិតវិទ្យា នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០២០។ បានផ្ទេរមកបំរើការងារជាមន្រ្តីស្រាវជ្រាវនៅវិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៃរាជបណ្ឌិត្យសភាកម្ពុជា ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៥។ បន្ទាប់មកបានផ្ទេរការងារមកធ្វើជាប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត នៃក្រសួងអប់រំ យុវជន និងកីឡា ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៨ ហើយបានប្តូរមកបំរើការងារជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ ចាប់ពីឆ្នាំ២០១៩ រហូតដល់់បច្ចុប្បន្ន។

ដើម្បីផ្ទេរចំណេះដឹងដល់អ្នកជំនាន់ក្រោយ លោកបណ្ឌិត ច័ន្ទ រ័ត្ន បានចូលរួមធ្វើជាគ្រូឧទ្ទេសនៅតាមសាកលវិទ្យាល័យនានាចាប់តាំងពីឆ្នាំ១៩៩៥ រហូតដល់បច្ចុប្បន្នដូចជា៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សាកលវិទ្យាល័យស្វាយរៀង សាកលវិទ្យាល័យ ន័រតុន សាកលវិទ្យាល័យអន្តរជាតិ សាកលវិទ្យាល័យ ខេមរៈ និងសាកលវិទ្យាល័យសៅរ៍អេសអេស៊ា។
ស្នាដៃស្រាវជ្រាវ របស់លោកបណ្ឌិត ច័ន្ទ រ័ត្ន ដែលលេចធ្លោនៅលើឆាកអន្តរជាតិមានដូចជា៖

១. អត្ថបទ៖ «ដំណោះស្រាយសមីការអនុគមន៍ឌីផេរ៉ង់ស្យែលលំដាប់ទីអិន(n) មានមេគុណការី និងអថេរពន្យារពេល នៅក្នុងលំហហ៊ីលប៊ែត» ស្នាដៃនេះត្រូវបានយកទៅបង្ហាញនៅក្នុងសមាជអ្នកគណិតវិទ្យាពិភពលោកនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ នៅខែសីហា ឆ្នាំ២០០៦ ហើយស្នាដៃនេះត្រូវបានបោះពុម្ពនៅក្នុងឯកសារជាផ្លូវការ Proceding of International Congress of Mathematicians 2006 (ICM-2006), Madrid, Spain, 2006។

២. អត្ថបទ៖ «ស្ថានភាពការអប់រំគណិតវិទ្យានៅកម្ពុជា ពីឆ្នាំ១៩៨០ ដល់ឆ្នាំ២០១២ ៖ បញ្ហាប្រឈម ដំណោះស្រាយ និងទស្សនវិស័យនៅឆ្នាំ២០២៥» ស្នាដៃនេះត្រូវបានបង្ហាញនៅក្នុងសមាជអ្នកអប់រំគណិតវិទ្យាពិភពលោកឆ្នាំ២០១២ នៅCOEX ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាខែកក្កដាឆ្នាំ២០១២។ ស្នាដៃនេះត្រូវបានបោះពុម្ពនៅក្នុងទស្សនាវដ្តី Academic Star Publishing Company, Journal of Modern Education Review, សហរដ្ឋអាមេរិកនៅឆ្នាំ២០១៣។

៣. អត្ថបទស្រាវជ្រាវ និងផ្ទាំងអត្ថបទបង្ហាញ (Poster)៖ «ដំណោះស្រាយសមីការអនុគមន៍ ឌីផេរ៉ង់ស្យែលលំដាប់ទីអិន(n) មានមេគុណការី និងមានអថេរពន្យាពេល នៅក្នុងលំហហ៊ីប៊ែត៖ លក្ខខណ្ឌដែលនាំឱ្យមានចម្លើយតែមួយគត់ និងឧទាហរណ៍អនុវត្តន៍»ស្នាដៃនេះត្រូវបានយកទៅបង្ហាញនៅក្នុងសមាជអ្នកគណិតវិទ្យាពិភពលោក នៅCOEX ទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េ ខែសីហា ឆ្នាំ២០១៤។

៤. អត្ថបទ៖ «បច្ចុប្បន្នភាពនៃការអប់រំគណិតវិទ្យានៅកម្ពុជា និងការវាយតម្លៃចំណេះដឹងថ្នាក់ជាតិនៅកម្រិតបឋមសិក្សា» ស្នាដៃនេះត្រូវបានយកទៅបង្ហាញនៅក្នុងសន្និសីទអន្តរជាតិស្តីពីបរិយាកាសបើកចំហ សម្រាប់ការអប់រំគណិតវិទ្យាពិភពលោក នៅទីក្រុងម៉ូស្គូ ប្រទេសសហព័ន្ធរុស្ស៊ី ខែមេសាឆ្នាំ២០១៥ ។

៥. អត្ថបទ៖ «តើត្រូវលើកកម្ពស់និងពង្រឹងគុណភាពអប់រំគណិតវិទ្យានៅកម្ពុជាយ៉ាងដូចម្តេចដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០» ទស្សនាវដ្តីស្រាវជ្រាវរាជបណ្ឌិត្យ សភាកម្ពុជាឆ្នាំ២០២០។

៦. អត្ថបទ៖ « យុទ្ធសាស្រ្តអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា សម្រាប់បដិវត្តន៍ឧស្សាហកម្ម៤.០» ស្នាដៃនេះនេះត្រូវបានបង្ហាញនៅក្នុង សន្និសីទអាស៊ីប៉ាស៊ីហ្វិកលើកទី២ ស្តីពីការស្រាវជ្រាវអន្តរវិស័យលើប្រធានបទ«ផ្តល់សិទ្ធិអំណាចដល់សាកលវិទ្យាល័យ សម្រាប់អាស៊ាន បដិវត្តន៍ឧស្សាហកម្ម៤.០» នាខែកញ្ញាឆ្នាំ២០១៩ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

៧. អត្ថបទ៖ « ការអប់រំស្ទែមនៅកម្ពុជា៖ ឧបសគ្គ និងឱកាស» ស្នាដៃនេះត្រូវបានបង្ហាញនៅក្នុងវេទិកាអន្តរជាតិផ្នែកសិល្បៈ និងវប្បធម៌ នៅសាកលវិទ្យាល័យបើកទូលាយ ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាខែមិថុនា ឆ្នាំ២០១៨។

៨. អត្ថបទ៖ «ឥទិ្ធពលនៃកំណែទម្រង់វិស័យអប់រំ លើការអប់រំគណិតវិទ្យានៅកម្ពុជា ចាប់ពីឆ្នាំ២០១៤ ដល់បច្ចុប្បន្ន» ស្នាដៃនេះត្រូវបានបង្ហាញនៅក្នុង សន្និសីទអាស៊ានលើកទី២ ស្តីពីការស្រាវជ្រាវអន្តរវិស័យលើប្រធានបទ«ការស្រាវជ្រាវអន្តរមុខជំនាញ ជាមធ្យោបាយដើម្បីសម្រេចលទ្ធផលសិក្សា» នាខែកក្កដា ឆ្នាំ២០១៨ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

៩. អត្ថបទ៖ «គោលនយោបាយ និងផែនការសកម្មភាពសម្រាប់អភិវឌ្ឍការស្រាវជ្រាវ ក្នុងវិស័យអប់រំ» ស្នាដៃនេះត្រូវបានបង្ហាញនៅក្នុងវេទិការស្រាវជ្រាវអប់រំកម្ពុជាលើកទី១ ថ្ងៃទី១៤ ដល់ ថ្ងៃទី១៥ ខែ កុម្ភៈឆ្នាំ២០១៤ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

១០. អត្ថបទ៖ «និន្នាការគណិតវិទ្យាពិភពលោក និងគណិតវិទ្យានៅកម្ពុជា»ស្នាដៃនេះត្រូវបានបង្ហាញនៅក្នុងសន្និសីទជាតិលើកទី១ ស្តីពីគណិតវិទ្យា និងបច្ចេកវិទ្យាក្រោមប្រធានបទ«ការស្រាវជ្រាវ ការអប់រំ និងការអនុវត្ត» នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ខែតុលា ឆ្នាំ២០១៤ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

១១. អត្ថបទ៖ «ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងការបង្រៀនគណិតវិទ្យា៖ បញ្ហាប្រឈម និងដំណោះស្រាយ» ស្នាដៃនេះត្រូវបានបង្ហាញនៅក្នុងសន្និសីទបច្ចេកវិទ្យាអាស៊ានលើកទី១៧ និងគណិត វិទ្យា ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ Suan Sunandha Rajabhat ទីក្រុងបាងកក ប្រទេសថៃ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២។

ស្នាដៃបកប្រែ តាក់តែងនិងចងក្រងជាសៀវភៅ 

១. សៀវភៅមេរៀនមូលដ្ឋានគ្រឹះគណិតវិទ្យា ឯកទេសធរណីមាត្រ សម្រាប់ប្រើផ្ទៃក្នុង គ្រឹះស្ថានឧត្តមសិក្សា ឆ្នាំ២០០១

២. សៀវភៅមេរៀនមូលដ្ឋានគ្រឹះគណិតវិទ្យា ឯកទេសគណិតវិទ្យាវិភាគ សម្រាប់ប្រើផ្ទៃក្នុងគ្រឹះស្ថានឧត្តមសិក្សា ឆ្នាំ២០០២

៣. សៀវភៅមេរៀនស្ថិតិ សម្រាប់ប្រើផ្ទៃក្នុងគ្រឹះស្ថានឧត្តមសិក្សា ឆ្នាំ២០០២

៤. សៀវភៅមេរៀនមូលដ្ឋានគ្រឹះគណិតវិទ្យា ឯកទេសពីជគណិត សម្រាប់ប្រើផ្ទៃក្នុង គ្រឹះស្ថាន ឧត្តមសិក្សា ឆ្នាំ២០០៣

៥. សៀវភៅមេរៀនប្រូបាប៊ីលីតេ សម្រាប់ប្រើផ្ទៃក្នុងគ្រឹះស្ថានឧត្តមសិក្សា ឆ្នាំ២០០៤

៦. បកប្រែសៀវភៅដំណោះស្រាយ 100 Great problem of Elementary Mathematics, Their History and Solution របស់អ្នកនិពន្ធឈ្មោះ Heinrich Dorrie, David Antin, 1958, 1965 ឆ្នាំ២០០៥

៧. បកប្រែសៀវភៅដំណោះស្រាយ Famous Problems of Geometry and How to Solve Them, របស់អ្នកនិពន្ធឈ្មោះ Benjamin Bold,1969, ឆ្នាំ២០០៦។

៨. ប្រធានក្រុមការងារតាក់តែងសៀវភៅលំហាត់សម្រាប់សិស្សថ្នាក់ទី១១ និងថ្នាក់ទី១២ អាននិង ធ្វើលំហាត់បន្ថែម ដោះស្រាយលំហាត់ពិបាកដោយប្រើបច្ចេកវិទ្យាម៉ាស៊ីនគិតលេខ ឆ្នាំ២០១០។

៩. បកប្រែសៀវភៅគណិតវិទ្យាប្រជាប្រិយ៍ Math Wonderland, របស់អ្នកនិពន្ធឈ្មោះ Jin Akiyama, Japan, ឆ្នាំ២០១១។

១០. បកប្រែអត្ថបទស្រាវជ្រាវគណិតវិទ្យាអប់រំ នៃគម្រោង Klein Project ឆ្នាំ២០១៣

១១. រៀបរៀងសៀវភៅវិធីសាស្រ្តបង្រៀនគណិតវិទ្យានៅកម្រិតបឋមសិក្សានៃប្រទេសសឹង្ហបូរី នៅឆ្នាំ២០១៨។

១២. រៀបចំកម្មវិធីសិក្សាលម្អិតស្តីពីការបង្រៀន និងរៀនគណិតវិទ្យានៅកម្រិតបឋមសិក្សា ភាគ២ ក្រោមការឧបត្ថម្ភថវិកាដោយអង្គការ VVOB  នៅខែតុលា ឆ្នាំ២០១៩។

១៣. រៀបរៀងសៀវភៅ«ស្ថិតិអនុវត្តក្នុងធុរៈកិច្ច» សម្រាប់បង្រៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ធុរៈកិច្ច ជំនាញគ្រប់គ្រងទូទៅ។ ប្រើប្រាស់ផ្ទៃក្នុងគ្រឹះស្ថានឧត្តមសិក្សា នៅខែមករា ឆ្នាំ២០១៩។

១៤. បកប្រែសៀវភៅ« មគ្គុទ្ទេសក៍ GeoGebra » កម្មវិធីស៊ូវវែរបើកទូលាយសម្រាប់បង្រៀនគណិតវិទ្យា នៅខែកញ្ញា ឆ្នាំ២០១៩។

១៥. រៀបចំកម្មវិធីសិក្សាលម្អិតស្តីពីចំណេះដឹងលើវិធីសាស្រ្តរង្វាយតម្លៃចំណេះដឹងគណិត វិទ្យានៅកម្រិតបឋមសិក្សា ក្រោមការឧបត្ថម្ភថវិកាដោយអង្គការ VVOB  នៅឆ្នាំ២០២០។

ក្រៅពីកិច្ចការស្រាជ្រាវ បកប្រែ តាក់តែង និងចងក្រងសៀវភៅ លោកបណ្ឌិត ច័ន្ទ រ័ត្ន ជាស្ថាបនិកនៃការបង្កើតសហគមន៍អ្នកគណិតវិទ្យាកម្ពុជានៅឆ្នាំ២០០៥ មានការទទួលស្គាល់ពីរាជរដ្ឋាភិបាលកម្ពុជា ហើយមានការចូលរួមពីលោកគ្រូ អ្នកគ្រូគណិតវិទ្យាទូទាំងប្រទេស និងមានការទទួលស្គាល់ថ្នាក់អន្តរជាតិ ហើយបានក្លាយជា៖
១. សមាជិកនៃសហគមន៍អ្នកគណិតវិទ្យាអាស៊ីអគ្នេយ៍ចាប់ពីឆ្នាំ២០០៥
២. សមាជិកនៃមជ្ឈមណ្ឌលអន្តរជាតិផ្នែកគណិតវិទ្យាទ្រឹស្តី និងការអនុវត្ត ចាប់ពីឆ្នាំ២០០៦
៣. សមាជិកបម្រុងនៃសហព័ន្ធអ្នកគណិតវិទ្យាអន្តរជាតិ (IMU) ចាប់ពីឆ្នាំ២០១០
៤. សមាជិកនៃគណៈកម្មការអន្តរជាតិផ្នែកការបង្រៀនគណិតវិទ្យា (ICME) ចាប់ពីឆ្នាំ២០១០

លោកបណ្ឌិត ច័ន្ទ រ័ត្ន ជាស្ថាបនិកនៃការបង្កើតវេទិកាសន្និសីទអន្តរជាតិ ស្តីពីការអប់រំ គណិតវិទ្យា និងវិទ្យាសាស្រ្ត នៅក្នុងប្រទេសកំពង់អភិវឌ្ឍន៍ (កម្ពុជា ម៉ាយ៉ានម៉ា និងឡាវ) ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០០៨។ រៀបចំនៅកម្ពុជាបានចំនួន៥លើក បន្ទាប់មករៀបចំនៅម៉ាយ៉ាម៉ាបានចំនួន៥លើក។ បច្ចុប្បន្នកំពង់រៀបចំនៅក្នុងប្រទេសឡាវបានចំនួន៣លើក និងបន្តបន្ទាប់ទៀត។

លោកបណ្ឌិត ច័ន្ទ រ័ត្ន បានដឹកនាំចលនានិស្សិតស្ម័គ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះជួយបង្រៀន និងបង្កើតក្លិបសិក្សាគណិតវិទ្យា និងវិទ្យាសាស្រ្តនៅតាមវិទ្យាល័យក្នុងរាជធានីភ្នំពេញ និងនៅស្រុកកងមាសខេត្តកំពង់ចាម ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។

លោកបណ្ឌិត ច័ន្ទ រ័ត្ន បានដឹកនាំ រៀបចំ ចងក្រង «គោលនយោបាយស្តីពីការអភិវឌ្ឍការស្រាវជ្រាវក្នុងវិស័យអប់រំ» ដែលទទួលបានការអនុម័តពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំ២០១០។ ដឹកនាំ រៀបចំ ចងក្រង «ផែនការគោលសម្រាប់អភិវឌ្ឍការស្រាវជ្រាវក្នុង វិស័យអប់រំ ឆ្នាំ២០១១-២០១៥» ដែលទទួលបានការអនុម័តពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នៅខែកក្កដាឆ្នាំ២០១១។ ដឹកនាំ រៀបចំ ចងក្រង «ផែនការសកម្មភាពសម្រាប់អភិវឌ្ឍការស្រាវជ្រាវក្នុងវិស័យអប់រំ ឆ្នាំ២០១១-២០១៥» ដែលទទួលបានការអនុម័តពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នៅខែវិច្ឆិកា ឆ្នាំ២០១១។
លោកបណ្ឌិត ច័ន្ទ រ័ត្ន បានចូលរួមដឹកនាំ សហការរៀបចំការតាំងពិព័រណថ្នាក់ជាតិស្តីពី «ការជំរុញ និងលើកកម្ពស់ការអប់រំស្ទែមនៅកម្ពុជា» បានចំនួន៤លើកចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ នៅ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងនៅពហុកីឡដ្ឋាន ជាតិអូឡាំពិក។

លោកបណ្ឌិត ច័ន្ទ រ័ត្ន បានសហការជាមួយវិទ្យាស្ថានវិញ្ញាបនបត្រគណិតវិទ្យានៃប្រទេសជប៉ុន រៀបចំតេស្តវាយតម្លៃចំណេះដឹងស្តង់ដាគណិតវិទ្យាអន្តរជាតិ ដល់សិស្សកម្ពុជា ពីថ្នាក់ទី៤ ដល់ថ្នាក់ទី១២ និងកម្រិតសាកលវិទ្យាល័យ បានចំនួន១២លើក ចាប់ពីឆ្នាំ២០០៨ ដល់ បច្ចុប្បន្ន។ បានសហការជាមួយមជ្ឈមណ្ឌលអន្តរជាតិនៃការប្រកួតប្រជែងគណិតវិទ្យា នៃប្រទេស សឹង្ហបុរី រៀបចំការប្រកួតប្រជែងលើបំណិនគណនាគណិតវិទ្យា Maths Warriors, SASMO, AMO, VANDA, ICAS (គណិតវិទ្យា, វិទ្យាសាស្ត្រ, និងភាសាអង់គ្លេស) ប្រឡងដោយផ្ទាល់ចាប់ពីឆ្នាំ២០១៩ និងប្រឡងតាមរយៈអ៊នឡាញ និងពីចម្ងាយ ចាប់ពីឆ្នាំ២០២០។

លោកបណ្ឌិត ច័ន្ទ រ័ត្ន ត្រូវបានទទួលស្គាល់ទាំងកម្រិតជាតិ ទាំងកម្រិតអន្តរជាតិ ដែលទទួលបាននូវលិខិតសរសើរ ស្លាក និងមេដាយ ដូចខាងក្រោម៖

១. អនុក្រឹតលេខ ៨៧៩ អនក្រ.តត ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៧ ចុះបញ្ជីលេខៈ ៥០១៣ និងប្រកាសនីយប័ត្រ គ្រឿងឥស្សរិយយស ការងារ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៧ រាជរដ្ឋាភិបាលកម្ពុជា ជូន នូវឥស្សរិយយស ការងារថ្នាក់មេដាយមាស។

២. អនុក្រឹតលេខ ១៦២៤ អនក្រ.តត ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ បញ្ជីលេខៈ ១០៦៣៣ និងប្រកាសនីយប័ត្រ គ្រឿងឥស្សរិយយស សុវត្ថារា ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៩ រាជរដ្ឋាភិបាលកម្ពុជា ជូន នូវគ្រឿងឥស្សរិយយស សុវត្ថារា។

៣. ព្រះរាជក្រឹត្យ នស/រកត/០១១០/០៥២ ធ្វើនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១០ និងប្រកាសនីយប័ត្រ គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ធ្វើនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១០ ប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេនា។

៤. Outstanding Organization Award presented to Cambodian Mathematical Society in recognition of the contribution and commitment to International Junior Math Olympiad 2017. 14th August 2017, IJMO. Singapore

៥. លិខិសរសើរ ដែលបានចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួល និងធ្វើបទឧទ្ទេស ក្នុងសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយ និងការបញ្ជ្រាបការអប់រំស្ទែមនៅកម្ពុជា» ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨។ ក្រសួងអប់រំ យុវជន និងកីឡា

៦. Leadership Award for Outstanding Vision, Dedication & Commitment to Excellence,
7th & 8th July 2018, SIMOC 2018. Singapore    

៧. Research Advocacy Award 2018 for imparting invaluable expertise as Keynote Speaker at the Asian Conference on Interdisciplinary Research (ACIR2018), 23 July 2018, at Hotel Sofitel Angkor Phokeethra Golf & Spa Resort, Siem Reap, Cambodia

៨. Author Citation Award for having achieved research impact as evidenced by 1 citation with an h-index of 1 from research publications, a remarkable achievement of a researcher who has nourished other scholars around the world. 23 July 2018, at Hotel Sofitel Angkor Phokeethra Golf & Spa Resort, Siem Reap, Cambodia

៩. Outstanding Contribution Award in appreciation for leadership in helping The Mathematics Certification Institute of Japan achieve its goals. 31st October 2018. Japan

១០. Outstanding Honorary Advisor Award for voluntary contributions in mentoring teachers and students to uplift lives worldwide and contributions to mathematics and computational thinking education. July 8, 2019. SIMOC’s 5th Anniversary. Singapore

១១. Research Advocacy Award 2019 for imparting invaluable expertise as Keynote Speaker at the 2nd Asia Pacific Conference on Interdisciplinary Research (APCIR2019) , 05 September 2019, Siem Reap, Cambodia

១២. Certificate of Special Award, ITC-ACU Intensive Training on e-Learning Course Development, 9th – 10th September, 2019. Institute Technology of Cambodia

១៣. អនុក្រឹតលេខៈ ៣៩១ អនក្រ.តត ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ ស្តីពីការតែងតាំងសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងបណ្ឌិត ច័ន្ទ រ័ត្ន ជំនាញ រូបវិទ្យា និងគណិតវិទ្យា ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា។

១៤. ព្រះរាជក្រឹត្យ នស/រកត/០៧២០/៧៥៩ ធ្វើនៅព្រះបរមរាជវាំង រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្តីពីការតែងតាំងសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានត្រាស់បង្គាប់តែងតាំង ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ រ័ត្ន ជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារជា បណ្ឌិតសភាចារ្យ៕