បណ្ឌិតសភាចារ្យ ឡុង សៀម

បណ្ឌិតសភាចារ្យ ឡុង សៀម

សមាជិកពេញសិទ្ធិ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ



(ឯកឧត្ដមបណ្ឌិតសភាចារ្យ បានទទួលអនិច្ចកម្មនៅវេលាម៉ោង ៨ៈ៣៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៧  ដោយរោគាពាធ)

ព័ត៌មានផ្ទាល់ខ្លួន៖

  • គោត្តនាម-នាម ៈ ឡុង សៀម 
  • ថ្ងៃខែឆ្នាំកំណើត ៈ ១៥ កក្កដា ១៩៣៥
  • ទីកន្លែងកំណើត ៈ ភូមិថ្លា ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
  • ឳពុកឈ្មោះ ៈ ឡុង ច្រឹក (ស្លាប់)
  • ម្ដាយឈ្មោះ ៈ រ័ត្ន ស៊ន (ស្លាប់)
  • លោកជាកូនច្បងក្នុងចំណោមបងប្អូន ៦នាក់ (ស្រី២នាក់) (ប្អូនប្រុសទី១ និងប្អូនស្រីទី២ ភ្លោះ ស្លាប់តាំងពីកុមារភាព, ប្អូនស្រីទី៣ ឈ្មោះ ឡុង អ៊ន (ស្លាប់ឆ្នាំ១៩៧១), ប្អូនប្រុសទី៤ ឈ្មោះ ឡុង ស៊ី និងប្អូនប្រុសទី៥ ឈ្មោះ ឡុង ប៊ុនថា (សុទ្ធតែស្លាប់ក្នុងរបបប៉ុលពត)។
  • ស្ថានភាពគ្រួសារ៖
    - ឆ្នាំ១៩៥៥ : រៀបអាពាហ៍ពិពាហ៍ជាមួយកញ្ញា ឃ្លាំង សៅថន ជាគ្រូបង្រៀន មានកូនស្រីម្នាក់ឈ្មោះ ឡុង សុគន្ធា កើតឆ្នាំ១៩៥៧។ អ្នកទាំងពីរ បានស្លាប់នៅឆ្នាំ១៩៧៧ នៅភូមិឈើទាលភ្លោះ ឃុំឆក់កន្ទោង ស្រុកឆ្លូង ខេត្តក្រចេះ។
    - ភរិយាទី២ គឺលោកជំទាវ ឡុង ក្លារ៉ា ជាជនជាតិរុស្ស៊ី និងបានស្លាប់នៅឆ្នាំ២០០៤។
    - ភរិយាទី៣ គឺលោកជំទាវ ឡុង វណ្ណា រៀបការនៅឆ្នាំ២០០៥។ លោកជំទាវ មានកូនស្រីម្នាក់ឈ្មោះ ឡុង លក្ខិណា។
  • ឯកឧត្ដមបណ្ឌិតសភាចារ្យ បានទទួលអនិច្ចកម្មនៅវេលាម៉ោង ៨ៈ៣៥នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៧ ដោយរោគាពាធ គឺចំថ្ងៃខែកំណើតរបស់ខ្លួន។

ប្រវត្តិការសិក្សា៖

  • សាលាវត្តថ្លា ភូមិថ្លា ឃុំច្រនៀង ស្រុកបារាយណ៍ ខេត្តកំពង់ធំ;
  • សាលាបឋមសិក្សា នៅស្រុកបារាយណ៍ និង នៅកំពង់ធំក្រុង;
  • សញ្ញាបត្រទទួលបាន៖
    - ឆ្នាំ១៩៥៨ : សញ្ញាបត្រគរុកោសល្យ;
    - ឆ្នាំ១៩៦១ : សញ្ញាបត្រទុតិយភូមិ នៅវិទ្យាស្ថានគរុកោសល្យ;
    - ឆ្នាំ១៩៦១-១៩៦២ : សញ្ញាបត្របរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ;
    - ឆ្នាំ១៩៦២-១៩៦៥ : សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់(អនុបណ្ឌិត) ចំណងជើងសារណា : សាកល្បងសិក្សាមហាវេស្សន្តរជាតក;
    - ឆ្នាំ១៩៧១ : សញ្ញាបត្រថ្នាក់បណ្ឌិត នៅវិទ្យាស្ថានបូព៌ា នៃបណ្ឌិតសភាវិទ្យាស្ថានសហព័ន្ធរុស្ស៊ី, និក្ខេបបទ ៖ «ការស្រាវជ្រាវនិរុត្តវិទ្យានៃភាសាខ្មែរទំនើប»;
    - ឆ្នាំ១៩៧៦-១៩៨០ : ថ្នាក់បណ្ឌិតរដ្ឋនៅសាកលវិទ្យាល័យប៉ារីសស័របោន, និក្ខេបបទ ៖ «ការស្រាវជ្រាវវចនស័ព្ទវិទ្យានៃភាសាខ្មែរ តាមរយៈសិលាចារឹកកម្ពុជាពីសតវត្សទី៦ ដល់សតវត្សទី១៤»។

ការងារនិងបេសកកម្ម៖

  • ឆ្នាំ១៩៥៧ : សាស្ត្រាចារ្យភាសាខ្មែរ នៅអនុវិទ្យាល័យតាកែវ។
  • ឆ្នាំ១៩៦២-១៩៦៥ : សាស្ត្រាចារ្យភាសា និង អក្សរសិល្ប៍ខ្មែរ នៅវិទ្យាល័យព្រះយុគន្ធរ ក្រុងភ្នំពេញ។
  • ឆ្នាំ១៩៦៥-១៩៦៩ : សាស្ត្រាចារ្យភាសា និង វប្បធម៌ខ្មែរ តាមព្រះរាជក្រឹត្យលេខ១៦១ PCM/om នៃបេសកកម្មនៅវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសរុស្ស៊ី និង នៅសាកលវិទ្យាល័យរដ្ឋនៃទីក្រុងម៉ូស្គូ។
  • ឆ្នាំ១៩៧១ - ១៩៩២ : នៅឆ្នាំ១៩៧១ ជាអ្នកស្រាវជ្រាវភាសាវិទ្យានៅវិទ្យាស្ថានបូព៌ាសាស្ត្រ និងទទួលបានការតែងតាំងជាព្រឹទ្ធសហការីវិទ្យាសាស្ត្រនៃសហព័ន្ធរុស្ស៊ី ទទួលបន្ទុកជាអ្នកដឹកនាំក្រុមអ្នកស្រាវជ្រាវភាសាខ្មែរបុរាណតាមសិលាចារឹក និងភាសាមន-ខ្មែរ នៅឥណ្ឌូចិន និងចាប់ពីនៅឆ្នាំ១៩៧៩ ជាអ្នកដឹកនាំនិក្ខេបបទថ្នាក់បណ្ឌិត នៃកម្មសិក្សាការីរបស់ប្រទេសកម្ពុជា និងកម្មសិក្សាការីបរទេស ជាពិសេស ជនជាតិរុស្ស៊ី។
  • ឆ្នាំ១៩៧៨ : ចូលរួមជាវាគ្មិនតាមការអញ្ជើញរបស់គ្រឹះស្ថាន EPHE-Sorbonne រយៈពេលមួយខែឧសភា ក្នុងសិក្ខាសាលាស្ដីពី «ភាសាវិទ្យានិងសិលាចារឹកវិទ្យា» នៅមជ្ឈមណ្ឌលប្រវត្តិសាស្ត្រនិងអារ្យធម៌ នៃឧបទ្វីបឥណ្ឌូចិន ប្រទេសបារាំង។
  • ឆ្នាំ១៩៨២-១៩៨៥ : ទស្សនកិច្ចសិក្សា និងជាវាគ្មិនក្នុងសិក្ខាសាលា ស្ដីពី «ភាសាវិទ្យានិងប្រវត្តិសាស្ត្រ» តាមការអញ្ជើញរបស់ក្រសួងអប់រំ យុវជន និងកីឡា នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ក្នុងឋានៈជាបេសកជន នៃវិទ្យាស្ថានបូព៌ានៃបណ្ឌិតសភាវិទ្យាសាស្ត្រសហភាពសូវៀត។ ក្នុងកំលុងពេលនេះ លោកសាស្ត្រាចារ្យបណ្ឌិត ឡុង សៀម និងលោកស្រី ឡុង ក្លារ៉ា បានរួមចំណែកផ្ដួចផ្ដើមបង្កើនកិច្ចសហការ ក្នុងការបញ្ជូននិស្សិតខ្មែរជាច្រើនទៅសិក្សានៅសហភាពសូវៀត។
  • ឆ្នាំ១៩៩៣-១៩៩៤ :
    - ជាអ្នកឯកទេស TOKTEN (Transfer of Knowledge through Expatriate Nationals) នៃអង្គការសហប្រជាជាតិ;
    - ជាទីប្រឹក្សាវិទ្យាសាស្ត្រ នៅវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងអប់រំ យុវជន និងកីឡា;
    - ជាសមាជិករួមនៃមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ ប្រទេសបារាំង (URA 1075, 22 Av. du President Wilson, 7506 Paris);
    - ជាអ្នកឯកទេសនៃអង្គការ (IOM)។
  • ឆ្នាំ១៩៩៣-១៩៩៩ : ជាសាស្ត្រាចារ្យភាសាវិទ្យា និង សិលាចារឹកវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
  • ឆ្នាំ១៩៩៤-១៩៩៦ :  ជាអ្នកពិគ្រោះការនៃគណៈកម្មការកែលម្អប្រព័ន្ធអប់រំនិងជាសមាជិកដឹកនាំការងារជាតិសម្រាប់ឧត្តមសិក្សា។
  • ឆ្នាំ១៩៩៥-១៩៩៩ : ជាអ្នកឯកទេសស្ម័គ្រចិត្តនៃអង្គការសហប្រជាជាតិ និងជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកដំណើរការបង្កើតវិទ្យាស្ថានភាសាជាតិ។ 
  • ឆ្នាំ២០០០-២០០៧ : ជាសាស្ត្រាចារ្យបង្រៀននិងដឹកនាំសារណាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង និក្ខេបបទថ្នាក់បណ្ឌិត នៅរាជបណ្ឌិតសភាកម្ពុជា និង ជាសាស្ត្រាចារ្យបង្រៀននិងដឹកនាំសារណាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័័យភូមិន្ទវិចិត្រសិល្បៈ។

តួនាទីក្នុងរាជរដ្ឋាភិបាល៖

  • ឆ្នាំ១៩៩៦ : ជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដំណើរការវិទ្យាស្ថានភាសាជាតិភាសាខ្មែរ;
  • ឆ្នាំ១៩៩៧-១៩៩៨ : ជាទីប្រឹក្សានាយករដ្ឋមន្ត្រីទី១ នៃរាជរដ្ឋាភិបាលកម្ពុជា មានឋានៈស្មើរដ្ឋលេខាធិការ ទទួលបន្ទុកផ្នែកវប្បធម៌ និង អក្សរសាស្ត្រ និងជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ;
  • ឆ្នាំ២០០០ : ទីប្រឹក្សាបច្ចេកទេសរបស់ឯកឧត្តម តុល ឡោះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកជាប្រធានវិទ្យាស្ថានភាសាជាតិ;
  • ឆ្នាំ២០០១ : ប្រធានវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានឋានៈស្មើអនុរដ្ឋលេខាធិការ និង ជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃរាជបណ្ឌិតសភាកម្ពុជា និងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជា មានគោរមងារវិទ្យាសាស្ត្រ ជា«បណ្ឌិតសភាចារ្យ»;
  • ឆ្នាំ២០០៣ : ជាសមាជិកគណៈកម្មការវប្បធម៌កម្ពុជា-ថៃ និងជាសមាជិកគណៈកម្មការបណ្ឌិតសភា ទទួលបន្ទុកអនុម័តពាក្យច្បាប់;
  • ឆ្នាំ២០០៦ : ជាអនុប្រធានរាជបណ្ឌិតសភាកម្ពុជា ឋានៈស្មើរដ្ឋលេខាធិការ;
  • ឆ្នាំ២០០៧ : ជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិភាសាខ្មែរ;

គ្រឿងឥស្សររិយយស៖ 

  • ឆ្នាំ២០០៥ ទទួលកិត្តិយស ជាវីរសិល្បករ ឯកទេសសិលាចារឹក ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
  • ឆ្នាំ២០០៦ ទទួលគ្រឿងឥស្សររិយយសមុនីសារភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ពីរាជរដ្ឋាភិបាលកម្ពុជា។

ស្នាដៃបោះពុម្ពផ្សាយ៖

  • ឆ្នាំ១៩៦៥ ៈ សាកល្បងសិក្សារឿងមហាវេស្សន្ដរជាតក, រោងពុម្ពសំបូរ បោះពុម្ពលើកទី២ ឆ្នាំ១៩៦៦, ភ្នំពេញ ១៤០ទំព័រ។
  • ឆ្នាំ១៩៦៩ ៈ សៀវភៅសិក្សាភាសាខ្មែរ, បោះពុម្ពផ្សាយដោយវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ, ម៉ូស្គូ, ១២០ទំព័រ។
  • ឆ្នាំ១៩៨៥ ៈ ប្រវត្តិសាស្ត្រសង្ខេបនៃប្រទេសកម្ពុជា (ជាអ្នករៀបរៀង-បកប្រែ), អង្គការបោះពុម្ពផ្សាយ «ប្រូហ្គ្រេស្ស» ម៉ូស្គូ, ៥៨៤ទំព័រ។
  • ឆ្នាំ១៩៩៦ ៈ វាក្យស័ព្ទសំស្រ្កឹតដំបូងក្នុងភាសាខ្មែរបុរាណ និង ស្ថាននាមវិទ្យាខ្មែរ មានប្រភពចេញមកពីភាសាសំស្ក្រឹត, ចុះផ្សាយដោយទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី៥០ លេខ១ ព.ស. ២៥៤០។
  • ឆ្នាំ១៩៩៦ ៈ ស្ថាននាមវិទ្យា, ចុះផ្សាយដោយទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី៥០ លេខ២ ព.ស. ២៥៤០។
  • ឆ្នាំ១៩៩៦ ៈ នរនាម និង ឋានន្តរនាម តាមសិលាចារឹកកម្ពុជាសម័យមុនអង្គរ (សតវត្សទី៦ ដល់សតវត្សទី៨), ចុះផ្សាយដោយទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី៥០ លេខ៤ ព.ស. ២៥៤០។
  • ឆ្នាំ១៩៩៧ ៈ ឋានន្តរនាមសម័យមុនអង្គរ (សតវត្សទី៦ ដល់សតវត្សទី៨), ចុះផ្សាយដោយទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី៥១ លេខ១ ព.ស. ២៥៤០។
  • ឆ្នាំ១៩៩៧ ៈ ទម្រង់វេយ្យាករណ៍នៃនរនាម (តាមសិលាចារឹកកម្ពុជា), ចុះផ្សាយដោយទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី៥១ លេខ២ ព.ស. ២៥៤១។
  • ឆ្នាំ១៩៩៧ ៈ ពាក្យរណ្ដំបរិវារស័ព្ទក្នុងភាសាអក្សរសិល្ប៍ខ្មែរ, 
  • ឆ្នាំ១៩៩៧ ៈ ស្ថាននាមវិទ្យាខ្មែរ តាមសិលាចារឹកកម្ពុជា (សតវត្សទី៦ ដល់សតវត្សទី១៤), បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ, ភ្នំពេញ, ១៥១ទំព័រ។
  • ឆ្នាំ១៩៩៩ ៈ សិលាចារឹករកឃើញថ្មី ឆ្នាំ១០១៤, ចុះផ្សាយដោយទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំទី៥៣ លេខ២ ព.ស. ២៥៤៣។
  • ឆ្នាំ១៩៩៩ ៈ វចនស័ព្ទវិទ្យាខ្មែរ, រោងពុម្ពភ្នំពេញ, ១១៣ទំព័រ។
  • ឆ្នាំ២០០០ ៈ វចនានុក្រមខ្មែរបុរាណ (តាមសិលាចារឹកបុរេអង្គរ សតវត្សទី៦ ដល់ទី៨) មានការបកប្រែជាភាសាបារាំង ឧបត្ថម្ភដោយមូលនិធិតូយ៉ូតាជប៉ុន, រោងពុម្ពភ្នំពេញ, ៧៣០ទំព័រ។
  • ឆ្នាំ២០០០ ៈ សិក្សាកថា សិលាចារឹករកឃើញថ្មីរបស់ព្រះបាទសូរ្យវរ្ម័នទី១ (នៅសារមន្ទីរអភិរក្សអង្គរ) ចុះផ្សាយដោយទស្សនាវដ្ដីវិទ្យាស្ថានភាសាជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លេខ១ ឆ្នាំ២០០០។
  • ឆ្នាំ២០០២ ៈ នាយករៀបរៀងបទសម្ភាសនាទីអក្សរសាស្ត្រខ្មែររបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។
  • ឆ្នាំ២០០៥ ៈ និពន្ធនាយកវចនានុក្រមអក្ខរាវីរុទ្ធនៃភាសាខ្មែរ។
  • ឆ្នាំ២០០៧ ៈ និពន្ធវចនានុក្រមខ្មែរបុរាណ (តាមសិលាចារឹកសម័យអង្គរ សតវត្សទី៩ ដល់សតវត្សទិ១៤, ប្រមាណ ២០០០ទំព័រ (មិនទាន់ចប់)។

ស្នាដៃបោះពុម្ពផ្សាយជាភាសារុស្ស៊ី និង បារាំង៖

  • ឆ្នាំ១៩៧៥ ៈ បញ្ហានិរុត្តវិទ្យានៃភាសាខ្មែរទំនើប, រោងពុម្ពណាអ៊ូកា ម៉ូស្គូ, ១៣១ទំព័រ (ជាភាសារុស្ស៊ី)។
  • ឆ្នាំ១៩៧៦ ៈ ឡិចសែមដើមនិងដែនសេម៉ង់ទិកនៅក្នុងភាសាខ្មែរ, ឯកសារសមាជទី៣៩ អ្នកប្រាជ្ញខាងបូព៌ាវិទ្យា, ខ្សែទី២, ប៉ារីស (ជាភាសាបារាំង)។
  • ឆ្នាំ១៩៧៦ ៈ នរនាមតាមសិលាចារឹកកម្ពុជា, ឯកសារសមាជទី៣៩ អ្នកប្រាជ្ញខាងបូព៌ាវិទ្យា, ខ្សែទី២, ប៉ារីស (ជាភាសាបារាំង)។
  • ឆ្នាំ១៩៨១ ៈ ទំនាក់ទំនងអន្តរប្រព័ន្ធរវាងភាសាខ្មែរ-មន, ព្រឹត្តិប័ត្រសាលាចុងបូព៌ា, ខែ្សទី៧០, ប៉ារីស (ជាភាសាបារាំង)។
  • ឆ្នាំ១៩៨៤ ៈ វចនានុក្រមខ្មែរ-រុស្ស៊ី (និពន្ធ យូរី ហ្គ័រហ្គោនី, រៀបរៀងដោយ ឡុង សៀម), រោងពុម្ពណាអ៊ូកា, ម៉ូស្គូ, ៩៨៣ទំព័រ។
  • ឆ្នាំ១៩៨៧ ៈ ស្ថានភាពនិងតថភាពខាងសង្គម-សេដ្ឋកិច្ចនិងវប្បធម៌នៃប្រទេសកម្ពុជាបុរាណ (តាមអត្ថបទសិលាចារឹក) សន្និសីទទី១ រវាងបារាំង-សូវៀត ស្ដីពីអាស៊ីអាគ្នេយ៍ ម៉ូស្គូ (ភាសារុស្ស៊ី-បារាំង)។
  • ឆ្នាំ១៩៩០ ៈ លក្ខណៈពិសេសខ្លះៗនៃវេយ្យាករណ៍ខ្មែរបុរាណ, ចុះផ្សាយដោយទស្សនារដ្ដីសិក្សាសិក្សាមន-ខ្មែរ លេខ២០ ឆ្នាំ១៩៩០ បាងកក (ជាភាសាបារាំង)។
  • ឆ្នាំ១៩៩១ ៈ ការសិក្សាអំពីវេយ្យាករណ៍ និង និរុត្តវិទ្យាភាសាខ្មែរ, តាមរយៈសិលាចារឹកកម្ពុជា, រោងពុម្ពណាអ៊ូការ, ម៉ូស្គូ, ១១៤ទំព័រ។
  • ឆ្នាំ១៩៩១ ៈ វចនានុក្រមភាសាខ្មែរបុរាណ (តាមសិលាចារឹកកម្ពុជា សតវត្សទី៦ ដល់សតវត្សទី១៤) ភាសាបារាំង-រុស្ស៊ី, ២៥០០ទំព័រ។ ឯកសារនេះ បានរៀបចំតាំងពីឆ្នាំ១៩៧៣ ហើយបានរក្សាទុកនៅបណ្ណាល័យមជ្ឈិមនៃបណ្ឌិតសភាវិទ្យាសាស្ត្ររុស្ស៊ី ចុះលេខ៤៦៨១៨។
  • ឆ្នាំ១៩៩៨ ៈ មុខងារខាងកម្លាយពាក្យស័ព្ទនៃបុព្វបទ និងអន្តរបទនៅក្នុងការបង្កើតពាក្យក្នុងភាសាខ្មែរបុរាណ, តាមសិលាចារឹកកម្ពុជា ពីសតវត្សទី៦ ដល់សតវត្សទី១៤ , កម្រងនិក្ខេបបទនៃសន្និសីទអន្តរជាតិ ខាងខេមរវិទ្យា ភាគទី១ ភ្នំពេញ (ជាភាសាបារាំង)។