កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅតាមការគ្រោងទុក ដោយសារការលើកកាលបរិច្ឆេទប្រជុំនេះ រដ្ឋមន្ត្រីការបរទេសប្រទេសជាសមាជិកអាស៊ានទាំងអស់បានយល់​ព្រមតាមសំណើថៃម្ដងរួចមកហើយ។ លោកបណ្ឌិត យង់ ពៅ បានបង្ហាញក្ដីរំពឹងថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន​នឹង​មានការជជែកគ្នាដោយចំហ ការស្ថាបនា ការគិតគូរអំពីបញ្ហាមនុស្សធម៌ និងក្នុងភាតរភាពជាសមាជិកអាស៊ាន ចូលរួមចំណែកដោះស្រាយបញ្ហាដោយផ្អែកទៅលើគោលការណ៍ធម្មនុញ្ញអាស៊ាន និងធម្ម​នុញ្ញសហប្រជាជាតិ។ ទោះបីជាគេបានឃើញអំពីសកម្មភាពរំលោភបំពានច្បាប់អន្តរជាតិ និងមនុស្សធម៌ធ្ងន់ធ្ងររបស់ភាគីថៃក្ដី ក៏គេរំពឹងថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាននាពេលនេះ ភាគីទាំងពីរនឹងអាចអង្គុយជជែកពិភាក្សាគ្នា ហើយភាគីថៃនឹងអាចវិលត្រឡប់មកគោរពនិងអនុវត្តសេចក្ដីថ្លែងការណ៍សន្តិភាពកូឡាឡាំពួរឡើងវិញ។

          សម្រាប់ប្រទេសកម្ពុជា ពុំបានបំពាន និងទាត់ចោលសេចក្ដីថ្លែងការណ៍ដូចដែលថៃបានធ្វើ និងចោទប្រកាន់មកលើកម្ពុជានោះទេ។ លោកបណ្ឌិត យង់ ពៅ សង្ឃឹមថា ប្រទេសថៃនឹងវិលមកអនុវត្តបទឈប់បាញ់និងសេចក្ដីថ្លែងការណ៍សន្តិភាពឡើងវិញ ដើម្បីស្ថាបនាទំនាក់ទំនង ធានាសណ្ដាប់ធ្នាប់សហគមន៍អាស៊ាន សណ្ដាប់ធ្នាប់ពិភពលោក និងធានា​នូវភាពជាអ្នកជិតខាង កម្ពុជា-ថៃ ព្រោះទោះជាយ៉ាងណា កម្ពុជា-ថៃ មិនអាចលើកព្រំដែនគោក​ដែលមានប្រវែងជាង៨០០គីឡូម៉ែត្រ និងព្រំដែនទឹករួមចេញពីគ្នាបាននោះទេ។ ហេតុនេះហើយ ប្រទេសទាំងពីរ ត្រូវតែ​ចាប់ផ្ដើមស្ថាបនាទំនាក់ទំនងឡើងវិញ និងចាប់ផ្ដើមផ្ដល់សញ្ញាណនៃការជឿទុកចិត្តគ្នាឡើងវិញនៅក្នុងក្របខ័ណ្ឌសហគមន៍អាស៊ាន។ ប្រទេស​ជា​សមាជិកអាស៊ានទាំងអស់ ពិតជាបានដឹងអំពីស្ថានការណ៍ដែលកើតមាននៅតាមព្រំដែន​នៃប្រទេសទាំងពីរ ហើយនឹងចូលរួមនៅក្នុងស្មារតីស្ថាបនា ដើម្បីឈានទៅសម្រេចគោលដៅ​រួមរបស់អាស៊ានផង និងដើម្បីធានាអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះថ្នាក់ដោយ​សារ​តែគ្រាប់ផ្លោងនៅក្នុងសង្គ្រាមឈ្លានពានដ៏សាហាវយង់ឃ្នងធ្វើឡើងដោយភាគីថៃ។

          ជម្លោះព្រំដែនកម្ពុជា-ថៃ មានរយៈពេលរាប់រយឆ្នាំមកហើយ ខណៈដែលចាប់តាំងពី​កម្ពុជាទទួលបានឯករាជ្យពីបារាំងជាង១០០ឆ្នាំកន្លងមកនេះ ថៃបានចិញ្ចឹមចិត្តឈ្លានពានកម្ពុជា ដោយមិនគោរពខ្សែបន្ទាត់ព្រំដែន ដែលជាការទាត់ចោលមរតកបន្សល់ដោយអ្នកជំនាន់មុន ដែលបារាំងនិងសៀមបានចុះហត្ថលេខាព្រមព្រៀងគ្នាកំណត់ខ្សែបន្ទាត់ព្រំដែន​អន្តរជាតិរួចទៅហើយក្ដី។ ថៃនៅតែចិញ្ចឹមចិត្តចង់រំលោភបំពានខ្សែបន្ទាត់ព្រំដែនដដែលជា​ដដែល តែថៃក៏ត្រូវតែមើលនូវសម្ពាធដែលសហគមន៍អន្តរជាតិបានដាក់សម្ពាធព្រមគ្នា​ជាអន្លើ​ៗ ហើយនៅក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រក៏បានបង្ហាញយ៉ាងច្បាស់ផងដែរថា ទោះបីជានៅក្នុងអតីតកាលថៃបានច្រានចោលនូវសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលបានចេញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ និងបានប្រកាសធ្វើសង្គ្រាមដណ្ដើមទីតាំងប្រាសាទព្រះវិហារពីកម្ពុជាតែម្ដង។ ទោះជាយ៉ាងណា ដោយមានសម្ពាធពីសហគមន៍អន្តរជាតិ ថៃក៏​ត្រូវបង្ខំចិត្តទទួលគោរពតាមសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ឆ្នាំ១៩៦២វិញ។ ហេតុនេះហើយ នៅពេលនេះក៏ដូចគ្នាផងដែរ នៅពេលដែលសហគមន៍អន្តរជាតិបានមើលឃើញថាថៃពិតជាបានប្រព្រឹត្តខុស និងបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ច្បាប់អន្តរជាតិ ធម្មនុញ្ញសហប្រជាជាតិ ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដូច្នេះសហគមន៍អន្តរជាតិ​បានមើលឃើញយ៉ាងច្បាស់ ទើបដាក់សម្ពាធទៅលើប្រទេសថៃ ដែលជាការបង្ខំឱ្យប្រទេសថៃនឹងទទួលគោរពច្បាប់អន្តរជាតិមួយអន្លើ។ ទោះជាយ៉ាងនេះក្ដី ជាតិសាសន៍ថៃពិតជានឹង​មិនបញ្ចប់មហិច្ឆតាឈ្លានពាន និងរំលោភបំពានមកលើអធិបតេយ្យកម្ពុជានោះទេ ហើយថៃ​ក៏នឹងបន្តព្យាយាមរកឱកាសរំលោភបំពានមកលើប្រទេសកម្ពុជាសារជាថ្មីទៀត។ ហេតុនេះហើយ នេះគឺជាមេរៀនជាថ្មីម្ដងទៀតសម្រាប់ប្រទេសកម្ពុជា បន្ថែមលើមេរៀនពីប្រវត្តិសាស្ត្រ​កន្លងមកនេះ ដែលកម្ពុជាត្រូវតែចងចាំ ហើយរៀបចំខ្លួនឱ្យខ្លាំងគ្រប់វិស័យ ទាំងវិស័យការ​ពារ​ជាតិ សិក្សាធិការ និងវិស័យសេដ្ឋកិច្ច ព្រមទាំងវិស័យជាច្រើនផ្សេងទៀត ពោលគឺ​កម្ពុជា​ត្រូវតែពង្រឹងខ្លួនឱ្យបានរឹងមាំពិតប្រាកដ តាមរយៈការធ្វើកំណែទម្រង់ជាក់លាក់និងដោយប្រាកដនិយម ទើបអាចបង្ការហានិភ័យ និងត្រៀមខ្លួនទប់ទល់ទៅនឹងការឈ្លានពានរបស់ថៃ​នាពេលអនាគតខាងមុខបាន។ ប្រសិនបើកម្ពុជានៅតែទន់ខ្សោយ ថៃនឹងនៅតែបំពាន និងឆ្លៀតឱកាសឈ្លានពានជារៀងដរាប ដូច្នេះហើយ មានតែកម្ពុជាពង្រឹងខ្លួនឱ្យខ្លាំងដោយខ្លួនឯងទេ ទើប​អាចថែរក្សាសន្តិភាព និងបញ្ឈប់មហិច្ឆតាឈ្លានពានរបស់ថៃមកលើខ្លួនបាន៕

 

RAC Media