ដោយ៖ លោក ផាញ់ សារឿន
ប្រវត្តិសាស្រ្តថៃ ទើបតែកកើតជារដ្ឋពេញលេញនៅសតវត្សរ៍ទី១៣ នៃគ្រិស្ដសករាជ ដែលទឹកដីនេះបានមកពីការឈ្លានពានដណ្ដើមយកពីកម្ពុជា ដែលសរុបមកជាង៣០ខេត្ត ហើយភាពលោភលន់នេះថៃនៅតែបន្តចង់បានជាហូរហែបន្ថែមទៀតនូវអ្វីៗគ្រប់យ៉ាងរបស់កម្ពុជា។
តាមប្រវត្តិជម្លោះជាយូរ ថៃប្រកាសថាប្រាសាទព្រះវិហារជារបស់ខ្លួន ប៉ុន្តែហេតុអ្វីថៃបាញ់បំផ្លាញប្រាសាទព្រះវិហារ? បច្ចុប្បន្ននេះ ថៃប្រកាសថាប្រាសាទតាក្របីជារបស់ខ្លួន ប៉ុន្តែហេតុអ្វីបានជាថៃបាញ់បំផ្លាញប្រាសាទតាក្របី? “ថៃនៅតែប្រើប្រាស់ទង្វើជាចោរ តែស្រែកឱ្យចាប់ចោរ”។
ព្រោះតែចង់បានសំឡេងឆ្នោតគាំទ្រពីប្រជាជន ថៃបែរជាប្រើមធ្យោបាយដ៏សាហាវយង់ឃ្នងឈ្លានពានកម្ពុជា ហើយការប្រើកម្លាំងយោធារបស់ថៃ គឺក្នុងគោលបំណងធ្វើឱ្យពលរដ្ឋខ្លួនគាំទ្រអំណាចខាងក្រៅ (អំណាចខាងក្នុងជារបស់ស្ដេច ស្ដេចថៃមានសិទ្ធិបញ្ជាទ័ព) របស់ក្រុមយោធាកាន់តែខ្លាំង។ ការឈ្លានពានដើម្បីសំឡេងឆ្នោតរបស់ថៃជាទង្វើហួសសម័យ ដែលទង្វើនេះមិនត្រឹមតែខុសច្បាប់អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែ វានឹងធ្វើឱ្យពលរដ្ឋថៃ និងអន្តរជាតិអស់ជំនឿលើប្រទេសថៃផងដែរ។ “ប្រយោជន៍ដែលទទួលបានដោយភាពឃោរឃៅ គឺជាផ្លែផ្កាបណ្ដោះសន្ន”។
ថៃបានរំលោភច្បាប់អន្តរជាតិយ៉ាងគឃ្លើន និងមានចេតនាឈ្លានពានកម្ពុជាជាយូរណាស់មកហើយ ជាក់ស្ដែង ថៃបានចាប់កងទ័ពកម្ពុជាចំនួន ១៨នាក់ ក្រោយបទឈប់បាញ់ជាបន្ទាន់ ដែលបានព្រមព្រៀងគ្នានៅទីក្រុង ពុត្រារ៉ាចា (Putrajaya) ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ហើយលើកទី២ កិច្ចព្រមព្រៀងសន្តិភាពពេញលេញ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅទីក្រុង កូឡាឡាំពួរ (Kuala Lumpur) នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ប៉ុន្តែ ថៃនៅតែបន្តមិនដោះលែងកងទ័ពកម្ពុជាចំនួន១៨នាក់ នោះដដែល។ ការឈ្លានពាន និងរំលោភកិច្ចព្រមព្រៀងរបស់ថៃជា “ការយកក ទៅលអន្ទាក់” ជីករណ្ដៅកប់ខ្លួនឯង។
កន្លងមក សារព័ត៌មានថៃជាច្រើនបានយករូបភាពសមយុទ្ធចាស់ៗរបស់កម្ពុជាមកផ្សព្វផ្សាយ ហើយចោទកម្ពុជាថាជាអ្នកបាញ់ថៃ ដើម្បីយកលេសបន្តវាយប្រហារឈ្លានពានមកលើកម្ពុជា។ ភាព អសីលធម៌នៃសារព័ត៌មានរបស់ថៃបានធ្លាក់ចុះយ៉ាងខ្លាំង ការឃោសនាដោយបំភាន់មតិជាតិ និងអន្តរជាតិ មិនអាចដុតបំផ្លាញការពិតបានទេ។ “ដំរីស្លាប់ យកចង្អេរទៅបាំងមិនជិតទេ” ឬ “ភូតច្រើនចាញ់អាត្មា”។
ថៃលើកឡើងថា ដើម្បីជាការការពារខ្លួន ប៉ុន្តែថៃបែរជាបើករថក្រោះទៅបាញ់ប្រហារប្រជាពលរដ្ឋកម្ពុជាដល់ភូមិដ្ឋាន តើកម្ពុជាតបតវិញខុសឬ? យន្តហោះថៃ F-16 ទម្លាក់គ្រាប់បែកលើលំនៅដ្ឋាន ពលរដ្ឋកម្ពុជា និងថៃបានបាញ់សម្លាប់ពលរដ្ឋស្លូតត្រង់កម្ពុជានៅនឹងមុខ តើកម្ពុជាត្រូវបន្តអត់ធ្មត់ឬយ៉ាងណា? ថៃបានប្រព្រឹត្តទង្វើខុសច្បាប់អន្តរជាតិដោយប្រើយន្តហោះបាញ់ផ្សែងពុល ដែលជាទង្វើឈ្លានពានដោយចេតនាមកលើកម្ពុជា ហើយចំណុចនេះយើងអាចពិចារណាឃើញថា សូម្បីតែសត្វតូចតាចក៏ចេះស្រឡាញ់និងការពារសំបុករបស់វាដែរ ចុះទម្រាំយើងជាមនុស្ស ជាម្ចាស់ប្រទេស តើឱ្យកម្ពុជានៅស្ងៀមឈរមើលគេមកបំផ្លាញផ្ទះសម្បែងនិងភូមិដ្ឋានរបស់ខ្លួនដូចម្តេចនឹងបាន? “ចោរមកដល់របង ម្ចាស់ផ្ទះត្រូវតែការពារទ្រព្យសម្បត្តិនិងអាយុជីវិត” ហើយថៃប្រើសម្ដីការពារខ្លួន តែថៃបានប្រើប្រាស់ទង្វើបំផ្លាញវត្តអារាម និងប្រើរថក្រោះទៅបាញ់សម្លាប់ប្រជាពលរដ្ឋកម្ពុជាដល់ផ្ទះ ដែលទាំងនេះជាទង្វើមួយហៅថា “ចិត្តជាទេវទត្ត មាត់ជាទេវតា”។
សម្រាប់សណ្ដាប់ធ្នាប់ពិភពលោក ប្រទេសតូចៗនិងប្រទេសធំៗមួយចំនួន តែងចោទប្រកាន់គ្នាថា បង្កឬបំផ្លាញសណ្ដាប់ធ្នាប់ក្នុងតំបន់ ប៉ុន្តែប្រទេសតូចៗនិងប្រទេសធំៗទាំងនោះបែរជានៅស្ងៀម មិនអើពើពីទង្វើខុសច្បាប់អន្តរជាតិ និងមិនថ្កោលទោសប្រទេសថៃ។ ការមិនអើពើនឹងទង្វើខុសច្បាប់របស់ថៃនេះ បានធ្វើឱ្យថៃកាន់តែមានភាពក្រអឺតក្រទម ក្នុងការរំលោភបំពាននិងឈ្លានពានកម្ពុជាយ៉ាងកម្រោល។ ការមិនថ្កោលទោសអំពើខុសច្បាប់របស់ថៃ នឹងធ្វើឱ្យប្រទេសនោះឯកោវិញនៅពេលដែលខ្លួនឯងជួបទុក្ខផ្ទាល់នៅពេលអនាគត។ “សហគមន៍អន្តរជាតិ ដែលមិនបានអើពើចំពោះទង្វើអយុត្តិធម៌និងអសីលធម៌ នោះនឹងបំផ្លាញសណ្ដាប់ធ្នាប់ក្នុងតំបន់ ហើយនឹងធ្វើឱ្យពហុភាគីអន្តរជាតិសាបរលាប”។
ភស្ដុតាងជាក់ស្ដែង យើងទាំងអស់គ្នាបានឃើញថា សកម្មភាពរបស់ថៃហាក់ដូចជា ចោរបានលួចឆក់ប្លន់ និងគំរាមជនស្លូតត្រង់ ហើយយើង(អន្តរជាតិ) បែរជាឈរមើលទៅវិញ ហើយបើហារមាត់តបវិញ និយាយថា ឱ្យអត់ធ្មត់ និងចរចា តើកម្ពុជាត្រូវបន្តអត់ធ្មត់ជាមួយចោរបែបនេះឬ? “ភ្លើងឆេះហើយ យើងត្រូវជួយពន្លត់ អន្តរជាតិមិនគួរឱ្យមានភាពអត់ធ្មត់ ដោយបណ្ដោយឱ្យភ្លើងឆេះនោះទេ”។ “អន្តរជាតិឃើញចោរហើយ គួរតែទៅជួយប្ដឹងអាជ្ញាធរអន្តរជាតិ(ប្រើច្បាប់អន្តរជាតិ) ដែលនោះហើយទើបជាការកសាងសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់”។
ថៃមិនងាយនឹងឈប់បំពានកម្ពុជា និងមិនរាងចាលចំពោះទង្វើរបស់ខ្លួននោះទេ ដរាបណាកម្ពុជា មិនធ្វើឱ្យថៃរាងចាលម្ដង។ ប្រសិនបើកម្ពុជាតបតចំពោះការវាយប្រហាររបស់ថៃ យើងមិនគួរគ្រាន់តែតបតដោយដេញទៅវិញនោះទេ ត្រូវតែធ្វើឱ្យថៃដួលដោយងើបមិនរួច។ ប្រសិនបើកម្ពុជាមិនតបតចំពោះការឈ្លានពាននេះទេ គេនឹងមើលងាយថាខ្មែរយើងខ្សោយ ឬអស់ឫទ្ធិ។
សរុបមក ថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់បានគិតគូរដល់អាយុជីវិតពលរដ្ឋគ្រប់រូប ហើយវីរបុរសវីរនារីខ្មែរគ្រប់រូបព្យាយាមជម្លៀសពលរដ្ឋទៅកន្លែងមានសុវត្ថិភាព ចំណែកកងទ័ពកម្ពុជាទប់ទល់នឹងសត្រូវ ឈ្លានពានដើម្បីការពារទឹកដីយ៉ាងប្ដូរផ្ដាច់អង់អាចក្លាហាន ហើយកងទ័ពអាវសរបស់កម្ពុជាលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច ព្រមទាំងប្រជាជនកម្ពុជា ដែលជាសមរភូមិក្រោយ បានធ្វើការបរិច្ចាគឈាម និងឧបត្ថម្ភផ្សេងៗយ៉ាងសស្រាក់សស្រាំ។ វីរភាពនេះ ឆ្លាក់ជាប់នៅក្នុងដួងព្រលឹងរបស់ប្រជាជនខ្មែរយើងគ្រប់ជំនាន់។ ជាមួយគ្នានេះដែរ កម្លាំងជួរក្រោយផ្សេងៗទៀត ក៏បានរួបរួមគ្នាជាកម្លាំងសាមគ្គីទៅតាមផ្នែកផ្សេងៗផងដែរ។ យើងត្រូវបន្តសាមគ្គីគ្នា បន្តជឿជាក់លើថ្នាក់ដឹកនាំ និងពង្រឹងសមត្ថភាពខ្លួនឯងលើគ្រប់វិស័យ។ “ទូកដែលលិច មិនមែនដោយសារទឹកខាងក្រៅនោះទេ គឺដោយសារទឹកខាងក្នុង ហើយទូកដែលលឿនទៅមុខ ដោយសារយើងជួយអុំទាំងអស់គ្នា”៕
***បញ្ជាក់៖ ទស្សនៈខាងលើ គឺជាការយល់ឃើញរបស់ស្មេរផ្ទាល់ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ។