(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ១៣ កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជារៀបចំបាឋកថា ស្ដីពី «ឱកាសសិក្សានៅវិទ្យាស្ថានពូសស្គីនសហព័ន្ធរុស្ស៊ី» ដែលឧទ្ទេសនាមដោយលោក វ្លា ឌីមៀរ មីសយូកេវិច (Vladimir Misyukevich) និងលោកស្រី ហ្គុលណាស់ ម៉ាដាណូវ៉ា (Gulnaz Mardanova) និងមានអញ្ជើញថ្លែងមតិស្វាគមន៍ដោយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

 

បាឋកថា ស្ដីពី «ឱកាសសិក្សានៅវិទ្យាស្ថានពូសស្គីនសហព័ន្ធរុស្ស៊ី» ត្រូវបានរៀបចំឡើងក្នុងគោលបំណងណែនាំឱ្យនិស្សិតកម្ពុជាស្គាល់អំពីវិទ្យាស្ថានភាសារុស្ស៊ី ពូសស្គីន នៃសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងមានចំណេះដឹងភាសារុស្ស៊ី និងឈានទៅស្វែងរកឱកាសសិក្សានៅសហព័ន្ធរុស្ស៊ី។

 

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍លើកឡើងថា វិទ្យាស្ថានពូសស្គីន នៃសហព័ន្ធរុស្ស៊ី ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦៦ នៅក្រោយការបង្កើតរាជបណ្ឌិត្យសភាកម្ពុជាលើកដំបូង ប៉ុន្តែវិទ្យាស្ថាននេះបានបន្តដំណើរការរបស់ខ្លួនរហូតមកដល់បច្ចុប្បន្ន ដែលមានកេរ្តិ៍ឈ្មោះល្បីខាងការបណ្ដុះបណ្ដាលភាសាអន្តរជាតិលើពិភពលោក។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានថ្លែងលើកឡើងថា ប្អូនៗនិស្សិតដែលមានបំណងសិក្សានៅប្រទេសរុស្ស៊ី ត្រូវតែរៀនភាសារុស្ស៊ីជាមុន ព្រោះនៅក្នុងប្រទេសរុស្ស៊ី រាល់ការបង្រៀននិងរៀនទាំងអស់ សុទ្ធតែធ្វើឡើងជាភាសារុស្ស៊ី។ សម្រាប់យុវជនដែលមានបំណងឬគ្មានបំណងទៅសិក្សានៅប្រទេសរុស្ស៊ីក៏ដោយ សុទ្ធតែអាចសិក្សាអំពីភាសារុស្ស៊ីបាន ព្រោះភាសានេះជាភាសាអន្តរជាតិ ដែលប្រើប្រាស់នៅក្នុងអង្គការសហប្រជាជាតិ។

 

ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា ការសិក្សាភាសានៃប្រទេសឬជាតិសាសន៍នីមួយៗ ពិតជាមានសារៈសំខាន់ណាស់ នៅពេលដែលយើងសិក្សាស្រាវជ្រាវ ឬសរសេរសារណា/និក្ខេបបទអំពីប្រទេសឬតំបន់ដែលប្រើប្រាស់ភាសានោះ ឱ្យបានស៊ីជម្រៅ និងជាក់លាក់ច្បាស់លាស់។ 

 

បាឋកថាដ៏មានសារៈសំខាន់នេះ មានការនិមន្តពីសំណាក់ព្រះសង្ឃ និងអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិតសរុបចំនួន ១៣៤ អង្គ/នាក់ ចូលរួមស្វែងយល់ និងចោទសួរយ៉ាងផុសផុលក្នុងកម្មវិធីបាឋកថានារសៀលនេះ៕

 

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ