(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «កម្មវិធីតម្រង់ទិសកម្មវិធីសិក្សាដល់និស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី១ និងជំនាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា។ ពិធីបើកបវេសនកាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ សាស្ត្រាចារ្យ គ្រូបង្រៀន និស្សិត និងមន្ត្រីរាជការ សរុបចំនួន ១ ១៦២ អង្គ/នាក់។
ក្នុងឱកាសថ្លែងសុន្ទរកថាបើកកម្មវិធីនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍លើកឡើងថា ការជ្រើសរើសគ្រឹះស្ថានឧត្ដមសិក្សា និងការជ្រើសរើសមុខជំនាញដើម្បីបន្តការសិក្សានៅថ្នាក់ឧត្ដមសិក្សា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការកំណត់អនាគតរបស់និស្សិតនៅក្នុងរយៈពេល៤ឆ្នាំខាងមុខនេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា ប្រសិនបើនិស្សិតមិនមានមូលដ្ឋាននៅក្នុងការជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញដែលត្រូវសិក្សាបន្តនោះ បញ្ហាមិនមែនសម្រាប់តែយុវជនប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាប្រឈមសម្រាប់សង្គមជាតិទាំងមូលផងដែរ។ បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ យុវជនដែលបញ្ចប់ការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិទាំងអស់ ត្រូវផ្ដោតការជ្រើសរើសគ្រឹះស្ថានសិក្សា ដោយផ្ដោតជាសំខាន់ទៅលើកម្មវិធីសិក្សា គ្រូបង្រៀន ឯកសារសិក្សាស្រាវជ្រាវ និងភាពសម្បូរបែបនៃបណ្ណាល័យសម្រាប់ការស្រាវជ្រាវនិងពង្រីកចំណេះដឹងបន្ថែម។ រាល់គ្រូបង្រៀនទាំងអស់ ត្រូវតែជាគ្រូបង្រៀនដែលមានបទពិសោធន៍ សៀវភៅគោលសិក្សា និងមានឯកសារគ្រប់គ្រាន់ ហើយជាវិជ្ជាជីវៈគ្រូបង្រៀន ត្រូវតែមានការសិក្សាស្រាវជ្រាវជាប្រចាំ ដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹង និងមានលទ្ធភាពក្នុងការផ្ទេរចំណេះដឹងដល់និស្សិតកាន់តែមានប្រសិទ្ធភាព។ ចំពោះការជ្រើសរើសជំនាញសិក្សានៅឧត្ដមសិក្សា ឯកឧត្ដមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា យុវជនមិនត្រូវជ្រើសរើសដោយផ្អែកទៅលើទីផ្សារនោះទេ ព្រោះទីផ្សារការងារមានការប្រែប្រួលនិងផ្លាស់ប្ដូរជានិច្ច មានការតែពង្រឹងសមត្ថភាពរបស់ខ្លួន ដោយផ្អែកលើទេពកោសល្យ និងឧបនិស្ស័យប៉ុណ្ណោះ ទើបអាចមានលទ្ធភាពបញ្ចេញសក្ដានុពលដែលខ្លួនមានបាន។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានកត់សម្គាល់អំពី និន្នាការនៃការជ្រើសរើសមុខជំនាញរបស់និស្សិតបច្ចុប្បន្នថា ខ្លះជ្រើសរើសដោយសម្លឹងមើលទីផ្សារ ខ្លះដោយការបន្តវង្សត្រកូល អ្នកខ្លះទៀតជ្រើសរើសតាមមនុស្សដែលខ្លួនស្រឡាញ់ ជ្រើសរើសតាមការផ្ដល់ដំបូន្មាន និងចុងក្រោយគឺការជ្រើសរើសមុខជំនាញដោយការសម្រេចចិត្តខ្លួនឯង ផ្អែកលើចំណង់ចំណូលចិត្ត និងទេពកោសល្យរបស់ខ្លួន។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងថា នៅពេលដែលយុវជនជ្រើសរើសតាមទេពកោសល្យរបស់ខ្លួន នោះយុវជននឹងអាចបញ្ចេញសមត្ថភាព និងសក្ដានុពលដែលខ្លួនមាន ហើយថែមទាំងអាចបង្កើតឱកាសការងារនិងទីផ្សារសម្រាប់ខ្លួនឯងនិងអ្នកដទៃផងដែរ។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានលើកទឹកចិត្តឱ្យយុវជន ឱ្យសម្រេចចិត្តជ្រើសរើសបន្តការសិក្សារបស់ខ្លួនមិនត្រឹមតែកម្រិតបរិញ្ញាបត្រនោះទេ ត្រូវបន្តការសិក្សាដល់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ហើយត្រូវកំណត់គោលដៅរបស់ខ្លួនថា ត្រូវធ្វើអ្វីដើម្បីយកចំណេះដឹងនិងសមត្ថភាពរបស់ខ្លួនចូលរួមចំណែកក្នុងជ្រុងណាមួយសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិ។
ថ្លែងក្នុងឱកាសថ្លែងចំណាប់អារម្មណ៍ក្នុងកម្មវិធីតម្រង់ទិសកម្មវិធីសិក្សាដល់និស្សិតថ្នាក់បរិញ្ញាបត្រជំនាន់ទី១ និងជំនាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជានាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍លើកឡើងថា ការសិក្សានៅឧត្ដមសិក្សា មានការសិក្សារយៈពេល៤ឆ្នាំ ប៉ុន្តែនៅក្នុងសង្គម មនុស្សត្រូវរៀនសូត្រពេញមួយជីវិត ដូច្នេះហើយ នៅឧត្ដមសិក្សា យុវជនត្រូវតែខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងសក្ដានុពលរបស់ខ្លួន។ ឯកឧត្ដមបណ្ឌិតបន្តថា និស្សិតទាំងអស់ត្រូវតែមានបំណិនសម្បទាជាចាំបាច់ ចៀសវាងការសូត្រតាមតែទ្រឹស្ដីដែលគ្រូបង្រៀន ហើយគ្មានការស្រាវជ្រាវអ្វីដែលថ្មី ពោលគឺត្រូវតែប្រើប្រាស់សម្បទារបស់ខ្លួនឱ្យអស់ពីលទ្ធភាព ចៀសវាង ការទន្ទេញរត់មាត់តែតាមគ្រូបង្រៀន ហើយយកជាពុទ្ធិសូត្រតាមពេញមួយជីវិត គ្មានគំនិតជឿនលឿន។
ឯកឧត្ដមបណ្ឌិតបានបន្ថែមទៀតថា ពិធីបើកបវេសនកាលនៅថ្ងៃនេះ គឺជាការបង្កើតនិងត្រួសត្រាយផ្លូវថ្មី សម្រាប់ការបង្រៀននិងរៀនក្នុងទម្រង់វិធីសាស្ត្របែបថ្មី ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្តថា គោលការណ៍នៃការបណ្ដុះបណ្ដាលនៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវផ្អែកលើ គោលការណ៍ចំណេះដឹង មានតម្លៃស្មើនឹងសញ្ញាបត្រ ខណៈដែលនៅសាកលវិទ្យាល័យខ្លះ បានផ្ដល់សញ្ញាបត្រ ដែលមិនផ្អែកលើចំណេះដឹងនិងសមត្ថភាពនោះទេ ដែលនេះជាចំណែកមួយជំរុញឱ្យសង្គមជាតិកាន់តែធ្លាក់ចុះ។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានក្រើនរំឭកដល់និស្សិតទាំងអស់បន្ថែមថា ត្រូវតែប្រកាន់ទស្សនៈផ្ទាល់ថា សង្គមកម្ពុជារីកចម្រើន ត្រូវតែមានចំណែកនៃការចូលរួមរបស់ខ្លួន។ ឯកឧត្ដមបណ្ឌិតថ្លែងសង្កត់ធ្ងន់ថា «ត្រូវដាំដើមឈើដើម្បីអ្នកដទៃទៀតក្នុងសង្គមបានទទួលផលផងដែរ មិនត្រូវមានទស្សនៈអាត្មានិយម យកតែរួចខ្លួននោះទេ»៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ