(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីង (KUST) ដឹកនាំដោយលោកសាស្ត្រាចារ្យ LIU Dianwen សាកលវិទ្យាធិការរងសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីង (KUST) ដើម្បីពិនិត្យលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ។
ថ្លែងក្នុងជំនួបពិភាក្សាការងារនារសៀលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់អំពីប្រវត្តិនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជានាសម័យសង្គមរាស្ត្រនិយម និងការបង្កើតឡើងវិញនៅឆ្នាំ១៩៩៩ រចនាសម្ព័ន្ធ បេសកកម្ម និងដំណើរការការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងសមិទ្ធផលសំខាន់ៗ ដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបានជាមួយនឹងដៃគូមកពីសាធារណរដ្ឋប្រជាមានិតចិនជាច្រើនស្ថាប័ន។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានមានប្រសាសន៍លើកឡើងអំពីសមិទ្ធផលចម្បងៗដែលសម្រេចបាននៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដែលជាទីអភិរក្សព្រៃឈើ សត្វព្រៃ និងមរតកវប្បធម៌និងប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជា និងកិច្ចការងារអភិវឌ្ឍនៅក្នុងឧទ្យាននេះ ដើម្បីគាំទ្រនិរន្តរភាព និងការបង្កើតការងារដល់ប្រជាជនក្នុងតំបន់ផងដែរ។
ជាការឆ្លើយតប លោកសាស្ត្រាចារ្យ LIU Dianwen សាកលវិទ្យាធិការរងសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីង (KUST) បានបង្ហាញសេចក្ដីសោមនស្សរីករាយ និងមោទកភាពចំពោះការរីកចម្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច។ លោកបានគូសបញ្ជាក់បន្ថែមអំពីលក្ខណៈសម្បត្តិពិសេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីង (KUST) និងបានបង្ហាញពីគោលបំណងនៅក្នុងការពង្រឹង និងពង្រីកសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា។ ជាមួយគ្នានេះ លោកសាស្ត្រាចារ្យ ក៏បានថ្លែងកោតសរសើរអំពីកេរ្តិ៍ឈ្មោះបស់រាជបណ្ឌិត្យសភាកម្ពុជា ដែលមានជំនាញនៅក្នុងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសង្គម ដូចជាការរៀបចំវេទិកាធនាគារជាន់ខ្ពស់ជាដើម ខណៈដែលសាកលវិទ្យាល័យរបស់លោក មានជំនាញខាងវិទ្យាសាស្ត្រវិស្វកម្ម និងបច្ចេកវិទ្យា។ លោកសាស្ត្រាចារ្យបានបង្ហាញក្ដីសង្ឃឹមថា ស្ថាប័នទាំងពីរនឹងអាចបំពេញចន្លោះខ្វះខាតឱ្យគ្នា និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដែលយើងអាចជំរុញឱ្យដំណើរការខាងវិទ្យាសាស្ត្រពិត និងវិទ្យាសាស្ត្រសង្គម ដើរទន្ទឹមនឹងគ្នា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថ្លែងកោតសរសើរចំពោះល្បឿននៃការរីកចម្រើនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់សាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាលទ្ធផលនៃការបណ្ដុះបណ្ដាលធនធានមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីង (KUST)។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបង្ហាញក្ដីរំពឹងថា ភាគីសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីង (KUST) និងរាជបណ្ឌិត្យសភាកម្ពុជា នឹងអាចរៀបចំអនុស្សរណៈយោគយល់គ្នា ដើម្បីរៀបចំការបណ្ដុះបណ្ដាលនិស្សិតលើមុខជំនាញបញ្ញាសិប្បនិម្មិត ការសិក្សាស្រាវជ្រាវរួមគ្នាលើបញ្ហាបរិស្ថាន ផែនដីវិទ្យា និងធនធានធម្មជាតិ ក៏ដូចជាការចូលរួមរបស់សាកលវិទ្យាល័យជាមួយរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងកិច្ចការងារថែរក្សាអភិរក្សធនធានធម្មជាតិនិងបរិស្ថាន និងការកែច្នៃតំបន់ទេសចរណ៍ធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបផងដែរ។
ជាលទ្ធផល ភាគីទាំងពីរ បានឯកភាពគ្នាពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការទៅលើ៖
១- ការបណ្ដុះបណ្ដាលធនធានមនុស្សលើមុខជំនាញបញ្ញាសិប្បនិម្មិត
២- កិច្ចសហការគ្នានៅក្នុងការរៀបចំមន្ទីរពិសោធន៍ទៅលើការស្រាវជ្រាវអំពីផែនដី
៣- ការសិក្សាស្រាវជ្រាវរួមគ្នាទៅលើវិស័យបរិស្ថាននិងធនធានធម្មជាតិ និងកិច្ចសហប្រតិបត្តិការរៀបចំសិក្ខាសាលារួមគ្នា
៤- កិច្ចការអភិរក្ស និងរៀបចំគម្រោងអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការ