(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ATIC)  ដឹកនាំដោយលោក  BARROS FIGUEIRA MIGUEL ប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា។

 

ថ្លែងក្នុងជំនួបសម្ដែងការគួរសមនារសៀលនេះ លោក  BARROS FIGUEIRA MIGUEL ប្រធានសមាគមឧស្សាហកម្មថ្នាំជក់ (ATIC) បានជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពីដំណើរការនៃសមាគមឧស្សាហកម្មថ្នាំជក់ (ATIC) ដែលមានក្រុមហ៊ុនចំនួន៦ជាសមាជិក និងការចូលរួមចំណែករបស់សមាគមជាមួយរាជរដ្ឋាភិបាល បញ្ជ្រាបអំពីផលប៉ះពាល់នៃការប្រើប្រាស់បារីនិងថ្នាំជក់ និងជំរុញកាត់បន្ថយការប្រើប្រាស់បារីនិងថ្នាំជក់នៅកម្ពុជាផងដែរ។ លោកបានបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនជាសមាជិកសមាគមបានដំណើរការអាជីវកម្មរបស់ខ្លួនដោយអនុលោមតាមច្បាប់ជាធរមាន និងបានរួមចំណែកនៅក្នុងការផ្សព្វផ្សាយបញ្ហាសុខភាពសាធារណៈ តាមរយៈការផ្សព្វផ្សាយ​សារព្រមានសុខភាពបណ្ដាលមកពីការជក់បារីនៅលើកញ្ចប់ផលិតផលរបស់ខ្លួនៅលើទីផ្សារ។ ទោះជាយ៉ាងណា លោក  BARROS FIGUEIRA MIGUEL បានជម្រាបឯកឧត្ដមបណ្ឌិតសភាចារ្យ អំពីការព្រួយបារម្ភរបស់សមាគម ចំពោះកំណើននៃផលិតផលថ្នាំជក់ និងបារីក្លែងក្លាយនៅក្នុងទីផ្សារ ដែលអាចបណ្ដាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះអ្នកប្រើប្រាស់ ពិសេសយុវជនកម្ពុជា ដែលមានទំនោរប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីក្លែងក្លាយមួយចំនួន ដែលគ្មានសារព្រមានអំពីបញ្ហាសុខភាព ព្រមទាំងគ្មានការកំណត់ស្តង់ដារសុខភាពបានត្រឹមត្រូវផងដែរ។

 

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យបានថ្លែងកត់សម្គាល់ថា ថ្វីដ្បិតតែផលិតផលថ្នាំជក់បច្ចុប្បន្ន ត្រូវបានផលិតឡើងដោយបច្ចេកទេសនិងបច្ចេកវិទ្យាទំនើបក្ដី តែក៏នៅតែបន្តមានផលប៉ះពាល់ទៅលើសុខភាពរបស់អ្នកប្រើប្រាស់ផងដែរ។ សម្រាប់ឯកឧត្ដមបណ្ឌិតសភាចារ្យដែលជាអ្នកមិនចូលចិត្តអ្នកជក់បារីខ្លាំងនោះ ឯកឧត្ដមតែងតែនៅចៀសឆ្ងាយពីអ្នកជក់បារី និងអ្នកប្រើប្រាស់ផលិតផលថ្នាំជក់ផ្សេងៗ។ ចំពោះសារព្រមានអំពីផលប៉ះពាល់នៃការជក់បារី គឺជាស្តង់ដារមួយរបស់ពិភពលោក មិនមែនតែកម្ពុជានោះទេ តែទោះជាយ៉ាងណា ហើយអ្វីដែលគេត្រូវផ្ដោតជាសំខាន់នោះគឺ ប្រទេសកម្ពុជា ប្រជាជនមានកម្រិតសេដ្ឋកិច្ចទាប ដែលរូបភាពខាងក្រៅនៃផលិតផលបារី មិនមែនជាបញ្ហានោះទេ គឺអាស្រ័យលើតម្លៃនៃបារី ដែលបារីគេចពន្ធ មានតម្លៃថោកជាងបារីស្របច្បាប់។

 

ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់បន្ថែមទៀតថា ពាក់ព័ន្ធនឹងការចូលរួមរបស់ឧស្សាហកម្មថ្នាំជក់នៅក្នុងវិស័យសេដ្ឋកិច្ច ឧស្សាហកម្មនិងអាជីវកម្មថ្នាំជក់ពិតជារួមចំណែកផ្ដល់ការងារដល់ប្រជាជនមួយចំនួនពិតប្រាកដមែន ប៉ុន្តែបច្ចុប្បន្ន ផលិតផលបារីនិងថ្នាំជក់នៅលើទីផ្សារក្នុងប្រទេសភាគច្រើន ពុំមែនជាផលិតផលនៅក្នុងស្រុកនោះទេ គឺជាផលិតផលនាំចូលពីបរទេស។ ឯកឧត្ដមបណ្ឌិតសភា​ចារ្យបានថ្លែងសង្កត់ធ្ងន់ថា ផលនៃការចូលរួមនៅក្នុងសេដ្ឋកិច្ច នឹងមានទំហំកាន់តែធំធេង ពិសេសការបង្កើតការងារនៅក្នុងស្រុកសម្រាប់ប្រជាជន ប្រសិនបើផលិតផលបារីនិងថ្នាំជក់ដែលកំពុងចរាចរណ៍នៅក្នុងទីផ្សារកម្ពុជា គឺជាផលិតផលដែលត្រូវបានដាំដុះនិងផលិតនៅក្នុងស្រុក ហើយខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាដែលស្ថិតនៅតាមដងទន្លេ មានសក្ដានុពលនៅក្នុងការដាំដុះដំណាំប្រភេទនេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍បន្តថា នៅពេលដែលសង្វាក់ផលិតកម្មនៃឧស្សាហកម្មថ្នាំជក់ ត្រូវបានប្រព្រឹត្តឡើងនៅក្នុងស្រុក នោះនឹងសង្វាក់ផលិតកម្មនេះនឹងហុចផលប្រយោជន៍ដល់គ្រប់គ្នា ដែលរាប់ចាប់តាំងពី អ្នកដាំដុះ អ្នកកែច្នៃ អ្នកលក់ អ្នករចនា និងអ្នកដឹកជញ្ជូនជាដើម។

 

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ក៏បានថ្លែងគូសបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវសុខុមាលភាពសាធារណៈ សម្រាប់ប្រជាជនទូទៅ កម្ពុជាមានភាពចាំបាច់នៅក្នុងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងនិងម៉ឺងម៉ាត់ ទប់ស្កាត់ឱ្យបាននូវការរត់ពន្ធបារីនិងផលិតផលថ្នាំជក់ខុសច្បាប់ ព្រមទាំងធានាឱ្យបាននូវបរិយាកាសទីផ្សារប្រកួតប្រជែងដោយស្មោះត្រង់។ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងសង្កត់ធ្ងន់បន្ថែមទៀតថា ចំណុចសំខាន់ទាំងពីរខាងលើនេះ មិនត្រឹមតែធានានូវសុខភាពសាធារណៈសម្រាប់ប្រជាជន ទាក់ទាញការវិនិយោគបន្ថែមទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងនឹងបង្កើននូវការប្រមូលពន្ធថវិកាពន្ធចូលរដ្ឋយ៉ាងមានប្រសិទ្ធភាពផងដែរ៕

 

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ