(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ១២ រោច ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២:៣០នាទីរសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញដឹកនាំការប្រជុំតម្រង់ទិសការបង្រៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី១ និងជំនាន់ទី២ នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីត្រៀមសម្រាប់បរិវេសន​កាលថ្មី ឆ្នាំសិក្សា ២០២៥-២០២៦ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ។

 

ការប្រជុំតម្រង់ទិសការបង្រៀនថ្នាក់បរិញ្ញាបត្រជំនាន់ទី១ និងជំនាន់ទី២ នៅរសៀលនេះ ត្រូវបានរៀបចំឡើងដោយផ្ដោតទៅលើរបៀបវារៈចំនួន៣គឺ៖

  - ការរៀបចំផែនការបង្រៀនតាមជំនាញ និងមុខវិជ្ជានីមួយៗ។

  - ការបង្រៀន និងរៀនថ្នាក់បរិញ្ញាបត្រ។

  - ការវាយតម្លៃលទ្ធផលការបង្រៀន និងរៀនថ្នាក់បរិញ្ញាបត្រ។

  - បញ្ហាផ្សេងៗ

 

ថ្លែងក្នុងឱកាសដឹកនាំការប្រជុំនារសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ទៅកាន់សាស្ត្រាចារ្យនិងគ្រូបង្រៀនទាំងអស់ថា ត្រូវតែផ្ដោតលើការបណ្ដុះបណ្ដាលនិស្សិតដោយឈរលើគោលការណ៍វិទ្យាសាស្ត្រ សីលធម៌ ស្មារតីទទួលខុសត្រូវ មនសិកា និងការពង្រឹងសមត្ថភាពស្រាវជ្រាវរបស់យុវជនកម្ពុជា។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតក៏បានស្នើសុំឱ្យសាស្ត្រាចារ្យ និងគ្រូបង្រៀនទាំងអស់ បណ្ដុះបណ្ដាលនិស្សិតដោយផ្សារភ្ជាប់នូវស្មារតីស្រឡាញ់និងថែរក្សាបរិស្ថាន បន្ថែមពីលើចំណេះដឹងនិងជំនាញឯកទេសដែលផ្ដល់ដល់និស្សិតទាំងអស់ ដើម្បីរួមចំណែកជាវិជ្ជមានសម្រាប់​ធម្មជាតិនិងបរិស្ថានកម្ពុជា៕

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ