ដោយ៖ លឹម សុវណ្ណរិទ្ធ

គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ

 

            ក្រោយពីការប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែល​មាន​ការ​ចូល​រួមជាសាក្សីពីសំណាក់ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងកិច្ចព្រម​ព្រៀង​ផ្សេងៗទៀតដែលបានចុះហត្ថលេខាជាមួយនឹងកម្ពុជា សព្វាវុធធុនធ្ងន់ជាច្រើន រាប់ទាំង​យន្ត​ហោះ​ចម្បាំង F-16 និង Grippen ត្រូវបានកងទ័ពថៃបញ្ជូនមកកាន់តំបន់ព្រំដែនសារជាថ្មី។ មិនត្រឹម​តែ​ប៉ុណ្ណោះ នាយករដ្ឋមន្ត្រីថៃ អនុទីន ចាន់វីរៈគុល ថែមទាំងបានបង្ហាញវត្តមានរបស់ខ្លួន នៅក្នុង​ឯក​សណ្ឋានកងទ័ពថៃក្នុងទម្រង់ប្រយុទ្ធទៀតផង។ នេះបានបញ្ជាក់យ៉ាងច្បាស់ថា ថៃមិន​សុខ​ចិត្ត​បញ្ចប់មហិច្ឆតាឈ្លានពាន និងការគំរាមកំហែងសន្តិសុខនិងសន្តិភាព​នៅក្នុង​តំបន់​នោះ​ឡើយ។

 

            បន្ថែមពីនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃដែល​ថៃបានសន្យាដោះ​លែង​កង​ទ័ព​កម្ពុជា​ទាំង១៨នាក់ ដែលខ្លួនបានប្រើល្បិចចាប់ដោយខុសច្បាប់ ប៉ុន្តែជាថ្មីម្ដងទៀត ថៃមិនត្រឹមតែ​មិន​​ដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨នាក់នោះទេ តែថែមទាំងបានធ្វើសកម្មភាពញុះញង់​បង្ក​ហេតុជាបន្តបន្ទាប់ និងឈានដល់បើកការវាយ​ប្រហារ​ដោយ​គ្មាន​មនុស្សធម៌មកលើជនស៊ីវិល​ស្លូត​ត្រង់​កម្ពុជា ដែលមិនបានបង្កសកម្មភាពគំរាមឬរំខាន​អ្វីទាល់តែសោះ​ទៅលើ​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃថែមទៀតផង។ ការវាយប្រហារលើពលរដ្ឋស្លូតត្រង់កម្ពុជានាពេលនេះ កាន់តែបង្ហាញចរិត​ចោរ​ព្រៃរបស់​ទាហាន​ឈ្លានពានថៃ និងទង្វើដ៏ឃោរឃៅនិងអមនុស្សធម៌នៃរដ្ឋស៊ីវិល័យ ដែល​មិន​ត្រឹម​តែ​ធ្វើការ​វាយ​ប្រហារលើទីតាំងស៊ីវិលប៉ុណ្ណោះទេ តែជាជនស៊ីវិលដែលបានបាត់បង់ផ្ទះ​សម្បែង​ដោយ​សារ​ការ​ឈ្លានពានរបស់ថៃ និងកំពុងស្នាក់នៅក្នុងតង់ជាជម្រកបណ្ដោះអាសន្នថែមទៀតផង។

 

            ការទាត់ចោលកិច្ចព្រមព្រៀងសន្តិភាព ដែលធ្វើឡើងតាមរយៈការប្រកាសជាផ្លូវការ និង​សកម្ម​ភាព​បាញ់ប្រហារជាក់​ស្ដែងធ្វើឱ្យមានមនុស្សស្លាប់និងរបួសពីសំណាក់ភាគីថៃនេះ ឆ្លុះ​បញ្ចាំង​ពី​ភាព​ក្រអឺតក្រទមនឹងច្បាប់អន្តរជាតិ និងជាការទាត់ចោលនូវកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគី​ទាំង​កម្ពុជា ម៉ាឡេស៊ី ចិន និងសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណា ទង្វើដ៏ឃោរឃៅនិងអមនុស្សធម៌នេះ ហាក់គ្រាន់​តែជាសេនារីយ៉ូ ដែលថៃកំពុងបន្តព្យាយាមស្ទាបស្ទង់ជំហររបស់អាម៉េរិកនិងចិន នៅក្នុង​ករណី​ជម្លោះព្រំដែន​ជាមួយកម្ពុជាតែប៉ុណ្ណោះ។ ដូចបានលើកឡើងខាងលើ ​ប្រទេសថៃ ដែល​មាន​ចេតនាត្រៀម​ខ្លួន​បង្ក​សង្គ្រាម​ឈ្លានពានមកលើកម្ពុជាជាថ្មីនោះ កំពុងប្រើប្រាស់ករណីខាងលើនេះ ដើម្បីពិនិត្យ​មើលការឆ្លើយតបរបស់មហាអំណាចចិន និងសហរដ្ឋអាម៉េរិក ថានឹងមានប្រតិកម្ម​ក្នុង​កម្រិតណា​ចំពោះទង្វើរបស់ខ្លួន ដើម្បីថៃអាចប៉ាន់ស្មានស្ថានការណ៍ និងបន្តអនុវត្តផែនការ​ឈ្លាន​ពាន​របស់ខ្លួនបន្ត​ទៅទៀត។

 

            ទោះជាយ៉ាងណា នេះគឺជាពេលវេលាដ៏ល្អ ដែលចិនអាចចេញមុខ បង្ហាញតួនាទី​សម្រប​សម្រួល និងជំរុញឱ្យភាគីជម្លោះទាំងពីរបន្ថយភាពតានតឹង និងសម្រួលស្ថានការណ៍មកកាន់ភាព​ប្រក្រតី​ឡើងវិញ ដើម្បីស្ដារនូវការទូតសាធារណៈរបស់ខ្លួននៅក្នុងចំណោមមហាជនកម្ពុជា ដែល​កន្លងទៅ មានការចោទសួរអំពីតួនាទីចិននៅក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ក្នុងជម្លោះកម្ពុជា-ថៃ និង​មានការ​បំផុស​បំផុលរូបភាពអវិជ្ជមានរបស់ចិននៅក្នុងចំណោមសាធារណៈមតិកម្ពុជាពាក់​ព័ន្ធនឹងករណីជម្លោះខាងលើនេះ។ ជាការពិតណាស់ ទោះបីជាសាធារណរដ្ឋប្រជាមានិតចិន ពិត​ជា​បាន​ចូលរួមចំណែកនៅក្នុងការជំរុញឱ្យកម្ពុជានិងថៃ ឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព​ក្ដី ក៏នៅក្នុងចំណោមសាធាណៈមតិកម្ពុជា ហាក់ផ្ដល់តម្លៃខ្លាំងដល់តួនាទីរបស់​សហរដ្ឋអាម៉េរិក​នៅ​ក្នុង​ការសម្រេច​បាន​កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួនេះ។ ហេតុនេះ ការចូលរួមចំណែក​របស់​ចិន​នៅ​ពេលនេះ គឺ​ពិត​ជានឹងជះឥទ្ធិពលយ៉ាងមានប្រសិទ្ធភាពដល់ផ្នត់គំនិតសាធារណជន​កម្ពុជា​ចំពោះភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន និងបង្កើនរូបភាព​វិជ្ជមានរបស់ចិននៅក្នុងចំណោម​ប្រជា​ពលរដ្ឋកម្ពុជា។

 

            ត្រង់ចំណុចនេះ គេក៏គួរកត់សម្គាល់ផងដែរថា ទង្វើ​បាញ់ប្រហារ​របស់​ថៃនាពេលនេះ ហាក់​ធ្វើឡើងនៅក្នុងទស្សនៈយល់ឃើញថា “សហរដ្ឋអាម៉េរិក​កំពុង​ប្រឈមនឹងបញ្ហាផ្ទៃក្នុងរបស់ខ្លួន ពាក់​ព័ន្ធនឹងបញ្ហាបើកដំណើរការរដ្ឋាភិបាលឡើងវិញ សំណុំ​រឿងអន្តរជាតិផ្សេងៗ និងការប្រជែងភូមិ​សាស្ត្រ​នយោបាយរវាងអាម៉េរិកនងចិន នៅក្នុងប្រទេសថៃផងដែរ ហេតុ​នេះ​សហរដ្ឋ​អាម៉េរិក​អាច​នឹង​មានប្រតិកម្មក្នុងកម្រិតមិនធ្ងន់ធ្ងរឡើយ”។ បន្ថែមពីនេះ ខណៈដែលខ្លួន​គឺជាសម្ព័ន្ធ​មិត្ត​ជាង​៧០​ឆ្នាំ​ជាមួយសហរដ្ឋអាម៉េរិក ថៃទំនងជាមានជំនឿថាអាម៉េរិកនឹង​មិនដាក់​សម្ពាធ​ធ្ងន់​ធ្ងរ​ទៅ​លើខ្លួន​នោះ​ទេ ខណៈនាយករដ្ឋមន្ត្រីថៃ ថែមទាំងបានគំរាមឈប់រកស៊ីជាមួយអាម៉េរិក បើ​សហរដ្ឋ​អាម៉េរិក​ហ៊ាន​យកបញ្ហាពន្ធមកគំរាមលើករណីព្រំដែនជាមួយកម្ពុជាថែមទៀតផង។

 

            ជាមួយគ្នានេះដែរ ចេតនាបង្កសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាសារជាថ្មីនេះ ក៏ជា​វិបាកមួយកើតឡើងដោយសារតែ មិនទាន់មានការដាក់សម្ពាធគ្រប់គ្រាន់ពីសំណាក់មហា​អំណាច​ពាក់ព័ន្ធ និងបណ្ដាប្រទេសធំៗក្នុងតំបន់ផងដែរ។ ភាគីថៃអាចនឹងយល់ឃើញ ទាំង​សហរដ្ឋ​អាម៉េរិក ទាំងចិន និងទាំងបណ្ដាប្រទេសជាសមាជិកអាស៊ាន ទំនងជានឹងមិនមានប្រតិកម្មធ្ងន់ធ្ងរ​ចំពោះ​ទង្វើឈ្លានពាន​របស់ខ្លួនមកលើប្រទេសកម្ពុជា រហូតដល់បោះបង់ចោលនូវ​ផល​ប្រយោជន៍​សេដ្ឋកិច្ច-ពាណិជ្ជកម្ម ភូមិសាស្ត្រ​នយោបាយ និងការរក្សា​ទំនាក់ទំនងល្អជាមួយខ្លួននោះទេ ហើយ​ដរាប​ណាដែលខ្លួន អាចបង្កើត​លេសដើម្បីបង្កសង្គ្រាមជាមួយកម្ពុជាបាន ប្រទេស​ជាដៃគូ​ទាំង​អស់​នឹង​មិនប្រតិកម្មខ្លាំងក្លាហួសប្រមាណនោះ​ឡើយ។ មានន័យថា ថៃនៅតែជឿជាក់ថា នៅក្នុង​សំណុំ​រឿង​ព្រំដែនជាមួយនឹងកម្ពុជា ខ្លួន​ពិតជា​អាច​ប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗ ដើម្បីដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា ដូចជា ការមិនព្រម​ដោះ​លែង​កងទ័ពកម្ពុជាទាំង១៨នាក់ដូចដែលខ្លួនសន្យា ការ​បន្ត​បៀតបៀន​អាយុ​ជីវិត​ជន​ស៊ីវិលខ្មែរ​នៅ​តាម​ព្រំដែន ដើម្បីដុតបញ្ឆេះកំហឹងពលរដ្ឋខ្មែរ​ឱ្យ​មាន​ការ​អាក់អន់ចិត្តចំពោះរដ្ឋាភិបាលខ្លួន និងការ​បន្តរំលោភផ្ទះសម្បែង ដីធ្លី និងរាយលួសបន្លា​នៅ​តាម​ទីតាំង​ផ្សេងៗនៅតាម​បណ្ដោយ​ព្រំដែន​ជាដើម។ ទោះជាយ៉ាងណា កាលដែលថៃធ្វើ​សកម្ម​ភាព​ទាំងអស់នេះ ក៏ព្រោះ​តែ​ពួកគេជឿជាក់ថា ក្នុងករណី​សំណុំ​រឿងព្រំដែនជាមួយនឹងកម្ពុជា ខ្លួន​ពិត​ជា​នឹងត្រូវរង​បរាជ័យ​ទាំង​នៅក្នុងទិដ្ឋ​ភាព​ការទូត និងការតតាំងតាមយន្តការច្បាប់អន្តរជាតិ។ ដូច្នេះ​ហើយ ថៃគ្មាន​ជម្រើស​អ្វីក្រៅតែពីបន្តប្រើប្រាស់កម្លាំងដើម្បីទន្ទ្រានកាន់កាប់ទឹកដីកម្ពុជា ដើម្បី​រក្សា​មុខមាត់នៅ​ចំពោះមុខប្រជាជនរបស់ខ្លួន និងដើម្បីកសាងប្រជាប្រិយភាពតាម​រយៈ​ការបង្កបញ្ហា​ព្រំដែន​ជាមួយកម្ពុជា និងឈានទៅទទួលបានការគាំទ្រសម្រាប់ការបោះឆ្នោតថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខតែប៉ុណ្ណោះ។

 

            ជារួម ប្រសិនបើគ្មានប្រតិកម្មជាក់លាក់និងការអន្តរាគមន៍ពីសំណាក់មហាអំណាចចិន​និង​សហរដ្ឋអាម៉េរិកនោះទេ  ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នឹងនៅតែបន្តមានភាព​តាន​តឹង​ជា​លំដាប់រហូតដល់អាចឈានទៅផ្ទុះសង្គ្រាមឈ្លានពារសារជាថ្មី ​ដោយ​សារតែ​មហិច្ឆតា​វាត​ទី​ទឹកដីរបស់ថៃ និង​ការ​ស្រេក​ឃ្លានអំណាចរបស់អ្នកនយោបាយនៅទីក្រុងបាងកក។ នៅក្នុងពេល​នេះ ភាគីថៃទំនងជាកំពុងរង់ចាំតែការវិវត្តស្ថានការណ៍នៅតាមព្រំដែន ដែលខ្លួនអាចយក​ធ្វើ​ជា​លេស​សមស្របមួយ ដើម្បីបញ្ឆេះភ្លើងសង្គ្រាមជាមួយកម្ពុជា​តែ​ប៉ុណ្ណោះ។ សម្រាប់ប្រទេសកម្ពុជា នៅក្នុងពេលនេះ កិច្ច​ខិត​ខំ​ប្រឹងប្រែងខាងការទូត គួរតែត្រូវបានបន្តបង្កើនឱ្យខ្លាំងក្លាបន្ថែមទៀត ដើម្បី​រុញ​ច្រាន​ឱ្យ​ថៃកាន់តែស្ថិតនៅឯកា ជុំវិញសំណុំរឿងឈ្លានពានកម្ពុជា។ ការគាំទ្រការទូត និង​ការរួម​ចំណែកបន្ថែមដើម្បីជំរុញសន្តិភាពកម្ពុជា-ថៃពីសំណាក់មហាអំណាច នឹងកាន់តែរួមចំណែក​ពង្រឹង​ជំហររបស់កម្ពុជា នៅចំពោះមុខការឈ្លានពានរបស់ថៃ។ ទោះជាយ៉ាងណា នៅ​ក្នុង​ដំណាក់​កាលនេះ ក្រៅពីការបន្តឆន្ទៈបញ្ចៀសឱ្យបាននូវសង្គ្រាម តាមរយៈកិច្ចខិតខំប្រឹងប្រែង​ក្នុងសមរភូមិ​ការ​ទូត​និងព័ត៌មាន កម្ពុជាពិត​ជា​ចៀស​មិន​ផុត​ពីការ​ត្រៀម​លក្ខណៈឱ្យបានរួចរាល់ខាងយោធា ប្រឆាំងនឹងសង្គ្រាមឈ្លាន​ពាន​សារ​ជាថ្មីនោះ​ទេ ហើយសង្គ្រាមដែលអាចកើតឡើងនោះ ទំនង​ជា​សង្គ្រាមដែលត្រូវប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានលក្ខណៈកាន់តែបំផ្លិចបំផ្លាញ៕

 

បញ្ជាក់៖ រាល់ទស្សនៈដែលបានលើកឡើងខាងលើ ជាទស្សនៈផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពី​ទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ។