ដោយ៖ លឹម សុវណ្ណរិទ្ធ
គ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយ
ក្រោយពីការប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានការចូលរួមជាសាក្សីពីសំណាក់ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗទៀតដែលបានចុះហត្ថលេខាជាមួយនឹងកម្ពុជា សព្វាវុធធុនធ្ងន់ជាច្រើន រាប់ទាំងយន្តហោះចម្បាំង F-16 និង Grippen ត្រូវបានកងទ័ពថៃបញ្ជូនមកកាន់តំបន់ព្រំដែនសារជាថ្មី។ មិនត្រឹមតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីថៃ អនុទីន ចាន់វីរៈគុល ថែមទាំងបានបង្ហាញវត្តមានរបស់ខ្លួន នៅក្នុងឯកសណ្ឋានកងទ័ពថៃក្នុងទម្រង់ប្រយុទ្ធទៀតផង។ នេះបានបញ្ជាក់យ៉ាងច្បាស់ថា ថៃមិនសុខចិត្តបញ្ចប់មហិច្ឆតាឈ្លានពាន និងការគំរាមកំហែងសន្តិសុខនិងសន្តិភាពនៅក្នុងតំបន់នោះឡើយ។
បន្ថែមពីនេះ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃដែលថៃបានសន្យាដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ដែលខ្លួនបានប្រើល្បិចចាប់ដោយខុសច្បាប់ ប៉ុន្តែជាថ្មីម្ដងទៀត ថៃមិនត្រឹមតែមិនដោះលែងវីរៈកងទ័ពកម្ពុជាទាំង១៨នាក់នោះទេ តែថែមទាំងបានធ្វើសកម្មភាពញុះញង់បង្កហេតុជាបន្តបន្ទាប់ និងឈានដល់បើកការវាយប្រហារដោយគ្មានមនុស្សធម៌មកលើជនស៊ីវិលស្លូតត្រង់កម្ពុជា ដែលមិនបានបង្កសកម្មភាពគំរាមឬរំខានអ្វីទាល់តែសោះទៅលើកងកម្លាំងប្រដាប់អាវុធថៃថែមទៀតផង។ ការវាយប្រហារលើពលរដ្ឋស្លូតត្រង់កម្ពុជានាពេលនេះ កាន់តែបង្ហាញចរិតចោរព្រៃរបស់ទាហានឈ្លានពានថៃ និងទង្វើដ៏ឃោរឃៅនិងអមនុស្សធម៌នៃរដ្ឋស៊ីវិល័យ ដែលមិនត្រឹមតែធ្វើការវាយប្រហារលើទីតាំងស៊ីវិលប៉ុណ្ណោះទេ តែជាជនស៊ីវិលដែលបានបាត់បង់ផ្ទះសម្បែងដោយសារការឈ្លានពានរបស់ថៃ និងកំពុងស្នាក់នៅក្នុងតង់ជាជម្រកបណ្ដោះអាសន្នថែមទៀតផង។
ការទាត់ចោលកិច្ចព្រមព្រៀងសន្តិភាព ដែលធ្វើឡើងតាមរយៈការប្រកាសជាផ្លូវការ និងសកម្មភាពបាញ់ប្រហារជាក់ស្ដែងធ្វើឱ្យមានមនុស្សស្លាប់និងរបួសពីសំណាក់ភាគីថៃនេះ ឆ្លុះបញ្ចាំងពីភាពក្រអឺតក្រទមនឹងច្បាប់អន្តរជាតិ និងជាការទាត់ចោលនូវកិច្ចខិតខំប្រឹងប្រែងពីគ្រប់ភាគីទាំងកម្ពុជា ម៉ាឡេស៊ី ចិន និងសហរដ្ឋអាម៉េរិក។ ទោះជាយ៉ាងណា ទង្វើដ៏ឃោរឃៅនិងអមនុស្សធម៌នេះ ហាក់គ្រាន់តែជាសេនារីយ៉ូ ដែលថៃកំពុងបន្តព្យាយាមស្ទាបស្ទង់ជំហររបស់អាម៉េរិកនិងចិន នៅក្នុងករណីជម្លោះព្រំដែនជាមួយកម្ពុជាតែប៉ុណ្ណោះ។ ដូចបានលើកឡើងខាងលើ ប្រទេសថៃ ដែលមានចេតនាត្រៀមខ្លួនបង្កសង្គ្រាមឈ្លានពានមកលើកម្ពុជាជាថ្មីនោះ កំពុងប្រើប្រាស់ករណីខាងលើនេះ ដើម្បីពិនិត្យមើលការឆ្លើយតបរបស់មហាអំណាចចិន និងសហរដ្ឋអាម៉េរិក ថានឹងមានប្រតិកម្មក្នុងកម្រិតណាចំពោះទង្វើរបស់ខ្លួន ដើម្បីថៃអាចប៉ាន់ស្មានស្ថានការណ៍ និងបន្តអនុវត្តផែនការឈ្លានពានរបស់ខ្លួនបន្តទៅទៀត។
ទោះជាយ៉ាងណា នេះគឺជាពេលវេលាដ៏ល្អ ដែលចិនអាចចេញមុខ បង្ហាញតួនាទីសម្របសម្រួល និងជំរុញឱ្យភាគីជម្លោះទាំងពីរបន្ថយភាពតានតឹង និងសម្រួលស្ថានការណ៍មកកាន់ភាពប្រក្រតីឡើងវិញ ដើម្បីស្ដារនូវការទូតសាធារណៈរបស់ខ្លួននៅក្នុងចំណោមមហាជនកម្ពុជា ដែលកន្លងទៅ មានការចោទសួរអំពីតួនាទីចិននៅក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ក្នុងជម្លោះកម្ពុជា-ថៃ និងមានការបំផុសបំផុលរូបភាពអវិជ្ជមានរបស់ចិននៅក្នុងចំណោមសាធារណៈមតិកម្ពុជាពាក់ព័ន្ធនឹងករណីជម្លោះខាងលើនេះ។ ជាការពិតណាស់ ទោះបីជាសាធារណរដ្ឋប្រជាមានិតចិន ពិតជាបានចូលរួមចំណែកនៅក្នុងការជំរុញឱ្យកម្ពុជានិងថៃ ឈានទៅសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពក្ដី ក៏នៅក្នុងចំណោមសាធាណៈមតិកម្ពុជា ហាក់ផ្ដល់តម្លៃខ្លាំងដល់តួនាទីរបស់សហរដ្ឋអាម៉េរិកនៅក្នុងការសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួនេះ។ ហេតុនេះ ការចូលរួមចំណែករបស់ចិននៅពេលនេះ គឺពិតជានឹងជះឥទ្ធិពលយ៉ាងមានប្រសិទ្ធភាពដល់ផ្នត់គំនិតសាធារណជនកម្ពុជាចំពោះភាពរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន និងបង្កើនរូបភាពវិជ្ជមានរបស់ចិននៅក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។
ត្រង់ចំណុចនេះ គេក៏គួរកត់សម្គាល់ផងដែរថា ទង្វើបាញ់ប្រហាររបស់ថៃនាពេលនេះ ហាក់ធ្វើឡើងនៅក្នុងទស្សនៈយល់ឃើញថា “សហរដ្ឋអាម៉េរិកកំពុងប្រឈមនឹងបញ្ហាផ្ទៃក្នុងរបស់ខ្លួន ពាក់ព័ន្ធនឹងបញ្ហាបើកដំណើរការរដ្ឋាភិបាលឡើងវិញ សំណុំរឿងអន្តរជាតិផ្សេងៗ និងការប្រជែងភូមិសាស្ត្រនយោបាយរវាងអាម៉េរិកនងចិន នៅក្នុងប្រទេសថៃផងដែរ ហេតុនេះសហរដ្ឋអាម៉េរិកអាចនឹងមានប្រតិកម្មក្នុងកម្រិតមិនធ្ងន់ធ្ងរឡើយ”។ បន្ថែមពីនេះ ខណៈដែលខ្លួនគឺជាសម្ព័ន្ធមិត្តជាង៧០ឆ្នាំជាមួយសហរដ្ឋអាម៉េរិក ថៃទំនងជាមានជំនឿថាអាម៉េរិកនឹងមិនដាក់សម្ពាធធ្ងន់ធ្ងរទៅលើខ្លួននោះទេ ខណៈនាយករដ្ឋមន្ត្រីថៃ ថែមទាំងបានគំរាមឈប់រកស៊ីជាមួយអាម៉េរិក បើសហរដ្ឋអាម៉េរិកហ៊ានយកបញ្ហាពន្ធមកគំរាមលើករណីព្រំដែនជាមួយកម្ពុជាថែមទៀតផង។
ជាមួយគ្នានេះដែរ ចេតនាបង្កសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាសារជាថ្មីនេះ ក៏ជាវិបាកមួយកើតឡើងដោយសារតែ មិនទាន់មានការដាក់សម្ពាធគ្រប់គ្រាន់ពីសំណាក់មហាអំណាចពាក់ព័ន្ធ និងបណ្ដាប្រទេសធំៗក្នុងតំបន់ផងដែរ។ ភាគីថៃអាចនឹងយល់ឃើញ ទាំងសហរដ្ឋអាម៉េរិក ទាំងចិន និងទាំងបណ្ដាប្រទេសជាសមាជិកអាស៊ាន ទំនងជានឹងមិនមានប្រតិកម្មធ្ងន់ធ្ងរចំពោះទង្វើឈ្លានពានរបស់ខ្លួនមកលើប្រទេសកម្ពុជា រហូតដល់បោះបង់ចោលនូវផលប្រយោជន៍សេដ្ឋកិច្ច-ពាណិជ្ជកម្ម ភូមិសាស្ត្រនយោបាយ និងការរក្សាទំនាក់ទំនងល្អជាមួយខ្លួននោះទេ ហើយដរាបណាដែលខ្លួន អាចបង្កើតលេសដើម្បីបង្កសង្គ្រាមជាមួយកម្ពុជាបាន ប្រទេសជាដៃគូទាំងអស់នឹងមិនប្រតិកម្មខ្លាំងក្លាហួសប្រមាណនោះឡើយ។ មានន័យថា ថៃនៅតែជឿជាក់ថា នៅក្នុងសំណុំរឿងព្រំដែនជាមួយនឹងកម្ពុជា ខ្លួនពិតជាអាចប្រើប្រាស់យុទ្ធសាស្ត្រផ្សេងៗ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដូចជា ការមិនព្រមដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ដូចដែលខ្លួនសន្យា ការបន្តបៀតបៀនអាយុជីវិតជនស៊ីវិលខ្មែរនៅតាមព្រំដែន ដើម្បីដុតបញ្ឆេះកំហឹងពលរដ្ឋខ្មែរឱ្យមានការអាក់អន់ចិត្តចំពោះរដ្ឋាភិបាលខ្លួន និងការបន្តរំលោភផ្ទះសម្បែង ដីធ្លី និងរាយលួសបន្លានៅតាមទីតាំងផ្សេងៗនៅតាមបណ្ដោយព្រំដែនជាដើម។ ទោះជាយ៉ាងណា កាលដែលថៃធ្វើសកម្មភាពទាំងអស់នេះ ក៏ព្រោះតែពួកគេជឿជាក់ថា ក្នុងករណីសំណុំរឿងព្រំដែនជាមួយនឹងកម្ពុជា ខ្លួនពិតជានឹងត្រូវរងបរាជ័យទាំងនៅក្នុងទិដ្ឋភាពការទូត និងការតតាំងតាមយន្តការច្បាប់អន្តរជាតិ។ ដូច្នេះហើយ ថៃគ្មានជម្រើសអ្វីក្រៅតែពីបន្តប្រើប្រាស់កម្លាំងដើម្បីទន្ទ្រានកាន់កាប់ទឹកដីកម្ពុជា ដើម្បីរក្សាមុខមាត់នៅចំពោះមុខប្រជាជនរបស់ខ្លួន និងដើម្បីកសាងប្រជាប្រិយភាពតាមរយៈការបង្កបញ្ហាព្រំដែនជាមួយកម្ពុជា និងឈានទៅទទួលបានការគាំទ្រសម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅពេលខាងមុខតែប៉ុណ្ណោះ។
ជារួម ប្រសិនបើគ្មានប្រតិកម្មជាក់លាក់និងការអន្តរាគមន៍ពីសំណាក់មហាអំណាចចិននិងសហរដ្ឋអាម៉េរិកនោះទេ ស្ថានការណ៍នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នឹងនៅតែបន្តមានភាពតានតឹងជាលំដាប់រហូតដល់អាចឈានទៅផ្ទុះសង្គ្រាមឈ្លានពារសារជាថ្មី ដោយសារតែមហិច្ឆតាវាតទីទឹកដីរបស់ថៃ និងការស្រេកឃ្លានអំណាចរបស់អ្នកនយោបាយនៅទីក្រុងបាងកក។ នៅក្នុងពេលនេះ ភាគីថៃទំនងជាកំពុងរង់ចាំតែការវិវត្តស្ថានការណ៍នៅតាមព្រំដែន ដែលខ្លួនអាចយកធ្វើជាលេសសមស្របមួយ ដើម្បីបញ្ឆេះភ្លើងសង្គ្រាមជាមួយកម្ពុជាតែប៉ុណ្ណោះ។ សម្រាប់ប្រទេសកម្ពុជា នៅក្នុងពេលនេះ កិច្ចខិតខំប្រឹងប្រែងខាងការទូត គួរតែត្រូវបានបន្តបង្កើនឱ្យខ្លាំងក្លាបន្ថែមទៀត ដើម្បីរុញច្រានឱ្យថៃកាន់តែស្ថិតនៅឯកា ជុំវិញសំណុំរឿងឈ្លានពានកម្ពុជា។ ការគាំទ្រការទូត និងការរួមចំណែកបន្ថែមដើម្បីជំរុញសន្តិភាពកម្ពុជា-ថៃពីសំណាក់មហាអំណាច នឹងកាន់តែរួមចំណែកពង្រឹងជំហររបស់កម្ពុជា នៅចំពោះមុខការឈ្លានពានរបស់ថៃ។ ទោះជាយ៉ាងណា នៅក្នុងដំណាក់កាលនេះ ក្រៅពីការបន្តឆន្ទៈបញ្ចៀសឱ្យបាននូវសង្គ្រាម តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងសមរភូមិការទូតនិងព័ត៌មាន កម្ពុជាពិតជាចៀសមិនផុតពីការត្រៀមលក្ខណៈឱ្យបានរួចរាល់ខាងយោធា ប្រឆាំងនឹងសង្គ្រាមឈ្លានពានសារជាថ្មីនោះទេ ហើយសង្គ្រាមដែលអាចកើតឡើងនោះ ទំនងជាសង្គ្រាមដែលត្រូវប្រើប្រាស់សព្វាវុធធុនធ្ងន់ដែលមានលក្ខណៈកាន់តែបំផ្លិចបំផ្លាញ៕
បញ្ជាក់៖ រាល់ទស្សនៈដែលបានលើកឡើងខាងលើ ជាទស្សនៈផ្ទាល់របស់ស្មេរ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់រាជបណ្ឌិត្យសភាកម្ពុជាឡើយ។