នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល បានប្រកាសព្យួរកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួ ឬហៅថា សេចក្ដីប្រកាសរួមស្ដីពីសន្តិភាព ដែលមានលោក ដូណាល់ត្រាំ និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សីដោយផ្ទាល់។ ការប្រកាសនេះ ត្រូវបានលោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា នេះគឺជាការប្រកាសដោយឯកតោភាគីរបស់ថៃ និងជានយោបាយទាល់ច្រករបស់ថៃ ដោយថៃតែងតែព្យាយាមរកលេសជាច្រើន ដើម្បីញុះញង់ឱ្យកម្ពុជាចូលអន្ទាក់ក្នុងការរំលោភបទឈប់បាញ់ ក៏ដូចជាកិច្ចព្រមព្រៀងសន្តិភាព។ ទោះជាយ៉ាងណា កម្ពុជាបានប្រកាន់ឥរិយាបថនឹងធឹង ព្យាយាមគោរពឱ្យបាននូវកិច្ចព្រមព្រៀង សន្ធិសញ្ញាអន្តរជាតិ ក៏ដូចជាសេចក្ដីប្រកាសរួមនេះផងដែរ។ បើតាមលោកបណ្ឌិត យង់ ពៅ កម្ពុជាក៏ដូចជាសហគមន៍អន្តរជាតិ ពិតជាបានដឹងយ៉ាងច្បាស់នូវសកម្មភាពដ៏គឃ្លើនចំពោះច្បាប់អន្តរជាតិរបស់ថៃ រាប់ចាប់ពីការរំលោភលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាជាអន្តរជាតិនានា ការប្រកាសផ្អាកអនុវត្តអនុស្សរណៈយោគយល់ឆ្នាំ២០០០ពីសំណាក់ភាគីថៃ រួមទាំងការប្រើប្រាស់ផែនទីជាឯកតោភាគីរបស់ថៃផងដែរ។
ជាការពិតណាស់ ថៃតែងតែធ្វើអ្វីដោយឯកតោភាគី នៅក្នុងទំនាក់ទំនងជាមួយនឹងកម្ពុជា ហើយកម្ពុជាពុំបានយល់ស្របទៅតាមការចង់បានស្រេចតែចិត្តរបស់ភាគីថៃនោះឡើយ ព្រោះបើកម្ពុជាសម្របទៅតាមតែការចង់បានរបស់ថៃ នោះកម្ពុជានឹងខាតបង់នៅគ្រប់ទិដ្ឋភាព។ ដូចគ្នានេះដែរ ខណៈដែលថៃបានប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងកិច្ចព្រមព្រៀងដទៃទៀត កម្ពុជាមិនអាចបង្ហាញជំហរព្យួរការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនិងកិច្ចព្រមព្រៀងនានាដែលពាក់ព័ន្ធ នោះកម្ពុជានឹងត្រូវខាតបង់តាមចេតនារបស់ភាគីថៃ ព្រោះចំណុចគន្លឹះនៃការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ គឺស្ថិតនៅលើដំណោះស្រាយដែលមានការចូលរួមជាពហុភាគីនេះហើយ។ ថៃតែងតែចង់ឱ្យកម្ពុជាដោះស្រាយបញ្ហាជាមួយខ្លួនជាលក្ខណៈទ្វេភាគី ដោយសម្អាងការមានប្រៀបខាងសេដ្ឋកិច្ច និងយោធារបស់ខ្លួនលើកម្ពុជា។
បន្ថែមពីនេះ កម្ពុជាមិនអាចដើរតាមសេនារីយ៉ូរបស់ភាគីថៃ ដោយផ្អាកឬព្យួរកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួនេះបានទេ ព្រោះនេះជាចំណុចសំខាន់ដែលអាចឈានទៅដោះស្រាយបញ្ហា បញ្ចប់អរិភាពនិងជម្លោះទៅថ្ងៃអនាគត ដែលចាំបាច់ត្រូវតែផ្ដើមពីកិច្ចព្រមព្រៀងសន្តិភាពដែលមានការចូលរួមជាសាក្សីដឹងឭពីសំណាក់ប្រធានាធិបតីអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ដូច្នេះ ប្រសិនបើកម្ពុជាព្យួរឬបោះបង់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ នឹងធ្វើឱ្យកម្ពុជាខាតបង់ធំ នៅក្នុងការទទួលបានការគាំទ្រពីសហរដ្ឋអាម៉េរិកនិងម៉ាឡេស៊ី ក្នុងការស្វែងរកសន្តិភាពនៅតាមបណ្ដោយព្រំដែនជាមួយថៃ។
ប្រទេសកម្ពុជា ត្រូវតែអំពាវនាវឱ្យប្រទេសជាហត្ថលេខីដូចជាសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) តាមដានយ៉ាងខ្ជាប់ខ្ជួនទៅលើបញ្ហាដែលថៃបានប្រកាសយ៉ាងគឃ្លើនផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ។ កម្ពុជាត្រូវតែរៀបចំរបាយការណ៍ជាបន្ទាន់ដាក់ជូនប្រធានាធិបតីសហរដ្ឋអាម៉េរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាភាគីហត្ថលេខី ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយអំពាវនាវឱ្យមានការជំរុញយ៉ាងទទូចទៅកាន់ភាគីថៃ ឱ្យអនុវត្តឱ្យខាងតែបានតាមស្មារតីដែលបានឯកភាពគ្នានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពនេះ។
ជាមួយគ្នានេះ កម្ពុជាពិតជាបានយល់យ៉ាងច្បាស់អំពីនយោបាយទុច្ចរឹតរបស់ថៃ ដែលជាទម្លាប់ដដែលៗ ថៃតែងតែព្យាយាមបំពានឥតឈប់ឈរមកលើកម្ពុជាលើគ្រប់ទិដ្ឋភាព ទាំងការឈ្លានពានអធិបតេយ្យភាព ការរំលោភបំពានលើកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគី ព្រមទាំងសន្ធិសញ្ញាអន្តរជាតិនានា។ ដូច្នេះ ដូចដែលយើងបានដឹងហើយថា រាល់ការសន្យាទាំងឡាយរបស់ភាគីថៃ មិនថាកម្រិតអ្នកដឹកនាំ អ្នកនយោបាយ ឬមេបញ្ជាការកងទ័ពថៃនោះទេ ពិតជាមិនអាចជឿជាក់និងទុកចិត្តបានឡើយ ហេតុនេះហើយ កម្ពុជាត្រូវតែត្រៀមចិត្តទទួលយកការពិត និងត្រៀមលក្ខណៈឱ្យបានរួចរាល់នៅគ្រប់សេនារីយ៉ូ និងគ្រប់ទិដ្ឋភាព ទាំងនៅក្នុងទិដ្ឋភាពការទូត ទិដ្ឋភាពច្បាប់អន្តរជាតិ ទាំងកម្លាំងការពារជាតិដើម្បីឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានណាមួយដែលអាចកើតមានឡើង។ ជាការពិតណាស់ នៅក្នុងទិដ្ឋភាពការទូត និងច្បាប់អន្តរជាតិ ភាគីថៃពិតជាមិនអាចតតាំងជាមួយនឹងកម្ពុជាបាននោះឡើយ ព្រោះពិភពលោកបានមើលឃើញយ៉ាងច្បាស់នូវចេតនាទុច្ចរឹតរបស់ថៃ ប្រឆាំងនឹងច្បាប់អន្តរជាតិ និងកកូរកកាយសណ្ដាប់ធ្នាប់តំបន់និងអន្តរជាតិ ហើយកម្ពុជាមានគ្រឹះយ៉ាងរឹងមាំនៅក្នុងការទូតនិងទិដ្ឋភាពច្បាប់អន្តរជាតិ។
លោកបណ្ឌិត យង់ ពៅ ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ការប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ ក៏ទំនងជាមកពីភាគីថៃបានមើលឃើញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដែលកម្ពុជាបានដកសព្វាវុធធុនធ្ងន់របស់ខ្លួនចេញពីតំបន់ព្រំដែន ទើបថៃបានចាប់ផ្ដើមរិះរកបង្កើតសេនារីយ៉ូទាហានខ្លួនជាន់មីន ធ្វើយ៉ាងណាដើម្បីខ្លួនមានលេសព្យួរការអនុវត្តកិច្ចព្រមព្រៀង រួចបញ្ឆេះស្ថានការណ៍នៅតាមព្រំដែនជាមួយកម្ពុជាឱ្យកាន់តែតានតឹងឡើង ក្នុងគោលបំណងបន្តរុញឱ្យផ្ទុះអាវុធនិងបង្កសង្គ្រាមសារជាថ្មី ដើម្បីបម្រើដល់មហិច្ឆតាឈ្លានពានទឹកដីកម្ពុជាបន្តទៀត។ ហេតុដូច្នេះហើយ ក្រៅតែពីបង្ហាញឆន្ទៈឥតងាករេចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព និងចង់បានដំណោះស្រាយដោយសន្តិវិធីនោះ កម្ពុជាក៏ត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់គ្រប់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានជាថ្មីណាមួយពីសំណាក់ភាគីថៃ៕
RAC Media