(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃចន្ទ ៦ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូនៃសាកលវិទ្យាល័យគរុកោសល្យជនជាតិដើមភាគតិច ក្វាងស៊ី ដឹកនាំដោយលោក Wei Maobin សាកលវិទ្យាធិការរងសាកលវិទ្យាល័យគរុកោសល្យជនជាតិដើមភាគតិច ក្វាងស៊ី។
ថ្លែងក្នុងជំនួបជាមួយនឹងប្រតិភូសាកលវិទ្យាល័យគរុកោសល្យជនជាតិដើមភាគតិច ក្វាងស៊ី នារសៀលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះជំនួបពិភាក្សាជាមួយប្រតិភូសាកលវិទ្យាល័យក្វាងស៊ី មីនជូ និងបានណែនាំសមាសភាពថ្នាក់ដឹកនាំនិងមន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានចូលរួមក្នុងជំនួបនារសៀលនេះ ព្រមទាំងប្រវត្តិនៃការបង្កើត ដំណើរការ និងរចនាសម្ព័ន្ធនៃរាជបណ្ឌិត្យសភាកម្ពុជា។
ជាការឆ្លើយតប លោក Wei Maobin សាកលវិទ្យាធិការរងសាកលវិទ្យាល័យគរុកោសល្យជនជាតិដើមភាគតិច ក្វាងស៊ី បានថ្លែងកោតសរសើរចំពោះការរីកចម្រើនជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា និងកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច។ លោកក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងរួមសុខទុក្ខរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ដែលទំនាក់ទំនងទ្វេភាគីនេះ បានចាប់ផ្ដើមតាំងពីការធ្វើទំនាក់ទំនងក្នុងក្របខ័ណ្ឌផ្លូវសូត្រសមុទ្ររបស់ចិនក្នុងអតីតកាល ហើយបានវិវត្តទៅជាទំនាក់ទំនងស្មើមុខស្មើមាត់នៅក្នុងឆាកអន្តរជាតិ និងជាទំនាក់ទំនងប្រកបដោយភាពស្អិតល្មួតនៃជាតិសាសន៍ទាំងពីរ ដែលមិនត្រឹមតែរវាងថ្នាក់ដឹកនាំទេ ប៉ុន្តែរវាងប្រជាជននិងប្រជាជនផងដែរ ដែលទាំងអស់នេះកើតចេញពីការធ្វើកិច្ចសហប្រតិបត្តិការល្អនៅក្នុងវិស័យអប់រំ បច្ចេកវិទ្យា និងការផ្លាស់ប្ដូរវប្បធម៌ជាដើម។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាពិនិត្យមើលលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរទៅលើ៖
+ ការសិក្សាលទ្ធភាពជំរុញលើកកម្ពស់ការអប់រំភាសាចិនបន្ថែម
+ ជំរុញការផ្លាស់ប្ដូរទស្សនកិច្ចអ្នកស្រាវជ្រាវ និងនិស្សិតទៅវិញទៅមក
+ សិក្សាលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការមន្ទីរពិសោធន៍
+ ពិនិត្យលទ្ធភាពរៀបចំព្រឹត្តិការណ៍បង្ហាញវប្បធម៌រួមគ្នា
+ ពិនិត្យលទ្ធភាពធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាលើការសិក្សាស្រាវជ្រាវ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ