(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសុន្ទរកថាបើកវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម : ស្វ័យភាពជាយុទ្ធសាស្ត្រនិងជម្រើសគោលនយោបាយរបស់អាស៊ាន» ឯកឧត្ដមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍គូសបញ្ជាក់ថា "កម្ពុជាដែលធ្លាប់ជាប្រទេសទទួលបានការជួយសង្គ្រោះពីបរទេស បច្ចុប្បន្ន បានក្លាយទៅជាប្រទេសដែលជួយជ្រោមជ្រែងសន្តិភាព និងជំរុញពង្រឹងសន្តិសុខសាកល"។
ឯកឧត្ដមបណ្ឌិតបានលើកឡើងថា នៅក្នុងសម័យនៃសាកលភាវូបនីយកម្ម ការប្រែប្រួលសណ្ដាប់ធ្នាប់និងសន្តិសុខតំបន់និងពិភពលោក ក៏ដូចជាការផ្លាស់ប្ដូរនូវស្ថានភាពភូមិសាស្ត្រនយោបាយពិភពលោក គឺជាប្រធានបទដ៏មានសារៈសំខាន់ ដែលកម្ពុជាត្រូវតែតាមដាននិងវាយតម្លៃជាប់ជាប្រចាំ ដើម្បីត្រៀមខ្លួន និងរៀបចំគោលនយោបាយការបរទេសប្រកបដោយភាពបត់បែន ធ្វើយ៉ាងណាអាចសម្របខ្លួនឆ្លើយតបទៅនឹងការផ្លាស់ប្ដូរឥតឈប់ឈរនៃស្ថានការណ៍សាកល។ កម្ពុជាមិនអាចគេចវេសពីការប្រែប្រួលស្ថានភាពនយោបាយនិងសណ្ដាប់ធ្នាប់ពិភពលោកឡើយ។ បើតាមឯកឧត្ដមបណ្ឌិត ក្រៅតែពីការចូលរួមនៅក្នុងការបញ្ជូនកងទ័ពថែរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្នុងអំឡុង១០ឆ្នាំចុងក្រោយនេះ ជាមួយនឹងភាពសម្បូរបែបនៃធនធានមនុស្សលើវិស័យនយោបាយអន្តរជាតិ កម្ពុជាបានមានឱកាស និងលទ្ធភាពនៅក្នុងការចូលរួមជាទស្សនទានជាបន្តបន្ទាប់ ដើម្បីរួមចំណែកជាការស្វែងរកដំណោះស្រាយសម្រាប់ពិភពលោកទាំងមូល។
ឯកឧត្ដមបណ្ឌិត យង់ ពៅ បានកត់សម្គាល់បន្តថា កម្ពុជាដែលធ្លាប់ជាប្រទេសទទួលបានការជួយសង្គ្រោះពីបរទេស បច្ចុប្បន្ន បានក្លាយទៅជាប្រទេសដែលជួយជ្រោមជ្រែងសន្តិភាព និងសន្តិសុខសាកល ទាំងនៅក្នុងក្របខ័ណ្ឌនយោបាយការបរទេស កងទ័ពរក្សាសន្តិភាព និងបញ្ញវន្តផងដែរ។ ក្នុងដំណាក់កាលដែលសណ្ដាប់ធ្នាប់ពិភពលោកបានចាប់ផ្ដើមជាមួយនឹងនិន្នាការថ្មី ដោយសារតែរបៀបវារៈថ្មីៗដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មជ្ឈិមបូព៌ា និងចុងក្រោយគឺបញ្ហានៅក្នុងតំបន់អាស៊ាន កម្ពុជាត្រូវតែយកចិត្តទុកដាក់ចំពោះបញ្ហាពិភពលោក ព្រោះដើម្បីសម្របខ្លួន និងឆ្លើយតបជាមួយនឹងការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់និងភូមិសាស្ត្រនយោបាយពិភពលោក ចៀសវាងត្រូវបានគេផាត់ចេញពីចំណែកនៅក្នុងនយោបាយនិងបញ្ហាសាកលលោក។ នេះគឺជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដមបណ្ឌិត។
ក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ កម្ពុជាមានបុព្វសិទ្ធិ និងសម្លេងបោះឆ្នោតមួយសម្លេងស្មើនឹងបណ្ដាប្រទេសជាសមាជិកពេញសិទ្ធិដទៃទៀត ដែលអាចចូលរួមក្នុងសេចក្ដីសម្រេចចិត្តនានារបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បន្ថែមពីនេះ ជាមួយនឹងនយោបាយការបរទេសប្រកបដោយភាពបត់បែន និងភាតរភាពជាមួយបណ្ដាប្រទេសនានាក្នុងសាកលលោក កម្ពុជាបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងបណ្ដាអង្គការអន្តរជាតិនានា ក៏ដូចជាបានបង្ហាញអំពីតួនាទីជាអ្នកស្ថាបនាសន្តិភាពនិងចូលរួមជំរុញថែរក្សាសន្តិសុខតំបន់និងពិភពលោកផងដែរ។
ជាមួយគ្នានេះ ធនធានបញ្ញវន្តកម្ពុជាដែលបានបញ្ចប់ការសិក្សានៅក្នុងប្រទេស និងពីបណ្ដាប្រទេសនានាលើសាកលលោក បានក្លាយជាអ្នកនាំសម្លេង និងឆន្ទៈស្រឡាញ់សន្តិភាពទៅកាន់វេទិកាអន្តរជាតិជាច្រើនបន្តបន្ទាប់ ចូលរួមនៅក្នុងផ្ដល់ទស្សនទានប្រកបដោយន័យស្ថាបនាចំពោះបញ្ហាដែលកំពុងកើតមាននៅក្នុងតំបន់និងពិភពលោកផងដែរ។ នេះគឺជាការកែប្រែមុខមាត់ថ្មីរបស់កម្ពុជា ដែលធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាមនិងត្រូវការការជួយសង្គ្រោះពីបរទេស ទៅជាប្រទេសជួយជ្រោមជ្រែងយ៉ាងសកម្មដល់សន្តិភាព និងជំរុញពង្រឹងសន្តិសុខសាកល។
ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ផងដែរថា ប្រឈមមុខនឹងការវិវត្តឥតឈប់ឈរ នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី ក្រៅតែពីការពង្រឹងនូវស្វ័យភាពនិងឯករាជ្យភាពផ្អែកទៅលើច្បាប់អន្តរជាតិ ការពង្រឹងសមត្ថភាពយោធា ក៏ជាចំណែកដ៏សំខាន់មួយដែលប្រទេសកម្ពុជាត្រូវយកចិត្តទុកដាក់ខ្លាំងបន្ថែមទៀតផងដែរ។ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា "ត្រូវតែគិតឱ្យលើសពីអាហារបីពេល គិតឱ្យលើស ឱ្យសល់លុយទិញសព្វាវុធថ្មីៗបន្ថែមទៀតដើម្បីទំនើបកម្មយោធា ប្រឈមទៅនឹងមហិច្ឆតារំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីពីសំណាក់ប្រទេសជិតខាងមួយចំនួន"។
បន្ថែមពីលើនេះ ឯកឧត្ដមបណ្ឌិត បានមានប្រសាសន៍លើកឡើងផងដែរថា បន្ថែមពីលើការពង្រឹងសមត្ថភាពការពារជាតិ កម្ពុជាត្រូវតែក្រឡេកមើលបទពិសោធប្រវត្តិសាស្ត្រ មូលដ្ឋានគតិយុត្តិដែលមានស្រាប់ ព្រមទាំងធ្វើពិពិធកម្មការទូតប្រកបដោយភាពសកម្ម ដើម្បីឱ្យដទៃគូទាំងនោះអាចក្លាយជាអន្តរការីដោះស្រាយ ឬរួមចំណែកនៅក្នុងបញ្ហាផ្សេងៗ មិនត្រឹមតែជាជម្លោះកម្ពុជា-ថៃប៉ុណ្ណោះទេ តែថែមទាំងនៅក្នុងវិស័យផ្សេងៗទៀតដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូតជាដើម៕
RAC Media | លឹម សុវណ្ណរិទ្ធ