ទំនាក់ទំនងរវាងកម្ពុជានិងថៃនៅក្នុងឆ្នាំ២០២៥ បានឈានដល់កម្រិតប្រឈមធ្ងន់ធ្ងរ​ក្នុងប្រវត្តិសាស្ត្រខ្មែរក្នុងសម័យទំនើប ដែលមិនមែនជាវិវាទព្រំដែនសាមញ្ញឡើយ តែគឺជាជម្លោះដ៏ស្រួចស្រាល់ដែលថៃបានប្រព្រឹត្តមកលើប្រទេសកម្ពុជា តាមរយៈការបង្កសង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជា វាយប្រហារបាញ់សម្លាប់និងចាប់ខ្លួនកងទ័ពកម្ពុជា ដោយរំលោភច្បាប់អន្តរជាតិ ពិសេសល្មើសនឹងច្បាប់សង្គ្រាម។ ថៃមិនត្រឹមតែឈ្លានពានកម្ពុជាប៉ុណ្ណោះទេ តែថៃថែមទាំងបានប្រមាថមាក់ងាយមកលើជាតិសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរដូចជាថា ខ្មែរជាអ្នកសុំទានកន្លះប្រទេស ខ្មែរនឹងស្លាប់ដោយសារគ្មានអ្វីបរិភោគបើសិនជាថៃបិទមិននាំចេញទំនិញមកកម្ពុជា ដែលជាហេតុឈានដល់ការបិទព្រំដែន ផ្ដាច់អគ្គិសនី និងអ៊ីនធឺណិត ក៏ដូចជាគម្រាមកាត់ផ្ដាច់ទំនិញជាយុទ្ធសាស្ត្រមកកាន់កម្ពុជាជាដើម។ តាមរយៈការ​កាត់បន្ថយម៉ោងចេញចូល និងបិទច្រកមួយចំនួនដោយឯកត្តោភាគីពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបិទច្រកព្រំដែនគោកទាំងស្រុងជាមួយនឹងភាគីថៃ និងហាមឃាត់ការនាំចូលទំនិញមួយចំនួនពីប្រទេសថៃមកកាន់កម្ពុជា ដែលនេះជាការឆ្លើយតបទៅនឹងទង្វើដែលភាគីថៃបានចាប់ផ្ដើមសកម្មភាពដ៏គឃ្លើននៅតាមតំបន់ព្រំដែន។

          ទោះជាយ៉ាងណា នៅក្នុងពេលថ្មីៗនេះ យើងឃើញថា មានការហូរចូលនៃទំនិញថៃ​មកកាន់ទីផ្សារកម្ពុជា ដែលរហូតដល់មានទំនិញជាគ្រឿងឧបភោគបរិភោគដូចជា សាច់ក្រក និងសាច់បង្កកជាដើម ដែលត្រូវបានរកឃើញនៅទីតាំងឃ្លាំងស្តុកទុកទំនិញមួយចំនួនជាច្រើនរយតោន។ យើងអាចចោទសួរថា តើទំនិញទាំងនោះត្រូវបាននាំចូលមកតាមវិធីណា? តាមច្រកព្រំដែនគោកណាមួយដោយខុសច្បាប់ ឬនាំចូលតាមច្រកព្រំដែនទឹកឬតាមរយៈប្រទេសទី៣? ក្នុងករណីទំនិញទាំងនោះត្រូវបាននាំចូលតាមច្រកព្រំដែនផ្លូវការណាមួយក៏ដោយ ដោយស្របច្បាប់ នោះមិនមែនជាបញ្ហាចោទនោះទេ ព្រោះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទតែច្រកព្រំដែនគោកជាមួយថៃ និងហាមឃាត់មុខទំនិញមួយចំនួនប៉ុណ្ណោះ ដោយមិនបានហាមឃាត់គ្រប់មុខទំនិញពីថៃតាមច្រកព្រំដែនទឹកឬតាមផ្លូវអាកាសនោះទេ។ ទោះជាយ៉ាងណា គ្រប់មុខទំនិញហាមឃាត់ ដាច់ខាតមិនត្រូវអនុញ្ញាតឱ្យមានការឃុបឃិត ឬលួចនាំចូលមកក្នុងប្រទេសនោះឡើយ បើទោះបីជានាំចូលតាមច្រកប្រទេសទី៣ក្ដី ព្រោះនេះជាគឺជាទង្វើដ៏អាក្រក់ដែលប្រៀបដូចជាទង្វើចូលដៃជាមួយនឹងសត្រូវ ប្រឆាំងនឹងប្រជាជាតិខ្លួនឯង ព្រោះនេះជាដំណាក់កាលដែលខ្មែរត្រូវរួបរួមគ្នាជាធ្លុងមួយដើម្បីបង្ហាញជំហរ​ប្រឆាំងនឹងការឈ្លានបានដ៏ឃោរឃៅ និងគ្មានច្បាប់ទម្លាប់របស់ប្រទេសជិតខាងមួយនេះ។

          លោកបណ្ឌិត យង់ ពៅ បានថ្លែងសង្កត់ធ្ងន់ថា រាល់ការនាំចូលទំនិញពីបរទេស ពិសេសប្រទេសថៃដែលជាសត្រូវឈ្លានពានរបស់កម្ពុជា គប្បីត្រូវឆ្លងកាត់ការត្រួតពិនិត្យគុណភាពស្វែងរកសារធាតុគីមីដែលប៉ះពាល់ដល់សុខភាព មានការពិនិត្យមើលភូតគាមអនាម័យ និងត្រូវឆ្លងកាត់ការបង់ពន្ធគយនាំចូលឱ្យបានត្រឹមត្រូវនិងស្របតាមនីតិវិធីច្បាប់ជាធរ​មាន។ លោកបណ្ឌិតបានលើកឡើងថា យើងបានដឹងហើយថា ភាគីថៃបានប្រើប្រាស់ផ្សែងពុលមកលើប្រជាជននិងកងទ័ពកម្ពុជា ដោយជាចំហរនិងគ្មានការក្រែងញញើត​ច្បាប់អន្តរជាតិនោះឡើយ ដូច្នេះ លទ្ធភាពដែលទំនិញនាំចូលពីថៃមកកាន់កម្ពុជាក៏អាចផ្ទុកនូវសាធាតុគីមីហាមឃាត់ ឬជាទំនិញដែលគ្មានគុណភាព ដោយប្រការណាមួយផងដែរ ដោយ​សារតែនិន្នាការជ្រុលនិយមរបស់ជនជាតិថៃមួយចំនួនប្រឆាំងនឹងប្រជាជនកម្ពុជា។ បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ ក៏បានដាក់ការសង្ស័យចំពោះគុណភាពនៃទំនិញជាអាហារទាំងឡាយរបស់ថៃដែលឈ្មួញខ្មែរបានលួចនាំចូលមកកាន់កម្ពុជា តាមរយៈប្រទេសទី៣ ពិតជាអាចប្រឈមនឹងការខូចគុណភាពដោយសារតែរយៈពេល និងចម្ងាយផ្លូវដែលត្រូវដឹកមកត្រូវប្រើពេលយូរ និងឆ្ងាយជាងការដឹកត្រង់ពីប្រទេសថៃមកកាន់កម្ពុជា ហើយក្នុងករណីដែលគេចង់រក្សាគុណភាព គេត្រូវតែប្រើប្រាស់សារធាតុគីមីដើម្បីរក្សាទុកបានយូរ ដែលអ្នកប្រើប្រាស់នឹងត្រូវប្រឈមបញ្ហាសុខភាពធ្ងន់ធ្ងរបន្ថែមទៀត។ ត្រង់ចំណុចនេះ លោកបណ្ឌិតបានជំរុញឱ្យមានការយកចិត្តទុកដាក់ត្រួតពិនិត្យឱ្យបានខ្ពស់ និងដោយប្រុងប្រយ័ត្នបំផុត ចៀសវាងការឆ្លៀតឱកាសកេងចំណេញ បន្លំភ្នែកប្រជាជន ហើយប្រព្រឹត្តអំពើពុករលួយ អនុញ្ញាតឱ្យទំនិញដែលខូចគុណភាព និងប៉ះពាល់ដល់សុខភាពប្រជាជន ចរាចរណ៍នៅ​ក្នុងប្រទេសកម្ពុជា។

          លោកបណ្ឌិត យង់ ពៅ បានគូសរំឭកអំពីទង្វើដ៏សាហាវព្រៃផ្សៃ ដែលកងទ័ពថៃបាន​លបចូលមកបាញ់ប្រហារកងទ័ពកម្ពុជាក្នុងលេណដ្ឋានឈរជើងក្នុងទឹកដីរបស់ខ្លួន ការប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម និងផ្សែងពុលគីមីមកលើកងទ័ពកម្ពុជា ប្រជាជនស្លូតត្រង់ និងទីតាំងស៊ីវិលជាច្រើនកន្លងទៀត ដែលទាំងអស់នេះគួរតែជារឿងឈឺចាប់ខ្លោចផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប ត្រូវតែចងចាំការឈឺចាប់ និងទុក្ខវេទនារបស់ជាតិសាសន៍ខ្លួន ហើយគប្បីបន្តការពហិការប្រើប្រាស់ និងចៀសវាងការនាំចូលទំនិញរបស់ចោរឈ្លានពាន។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ការចូលរួមឆ្លើយតបទៅនឹងការឈ្លានពានរបស់ថៃ គឺជាកាតព្វកិច្ចរបស់ប្រជាជនខ្មែរគ្រប់រូប និងគ្រប់ស្រទាប់វណ្ណៈ ដើម្បីបង្ហាញអំពីជំហររួមរបស់ជាតិ និងជាការប្រើប្រាស់អាវុធសេដ្ឋកិច្ចបញ្ជាក់ទៅកាន់ពួកឈ្លានពានថា ពួកគេត្រូវតែ​បង់សងតម្លៃ ចំពោះការឈ្លានពានរបស់ខ្លួនមកលើប្រទេសកម្ពុជា ដែលមានដូចជាផលប្រយោជន៍សេដ្ឋកិច្ចដែលកម្ពុជានាំចូលទំនិញរាប់រយលានដុល្លារជាប្រចាំនោះ។

          ទោះជាយ៉ាងណា សម្រាប់ទំនិញដែលត្រូវបាននាំចូលមកហើយនោះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ ដែលមានតួនាទីត្រួតពិនិត្យលើទំនិញដែលត្រូវបានរកឃើញនិងឃាត់ទុកនោះ ត្រូវតែបង្ហាញអំពីតម្លាភាព និងការគោរពវិជ្ជាជីវៈរបស់ខ្លួន ឱ្យសាធារណជនបានមើលឃើញនិងជឿជាក់ ទាំងនៅក្នុងទិដ្ឋភាពភូតគាមអនាម័យ ទាំងការបង់ពន្ធគយលើការនាំចូលទំនិញ និងច្រកព្រំដែនដែលទំនិញទាំងនោះ​ត្រូវបាននាំចូលជាដើម។ លោកបណ្ឌិតបានមានប្រសាសន៍គូសបញ្ជាក់បន្ថែមទៀតថា គេត្រូវតែរកឱ្យឃើញ និងបញ្ឈប់ឱ្យបាននូវទង្វើលួចនាំចូលទំនិញថៃខុសច្បាប់មកកាន់កម្ពុជាដែលទាំងនេះ សុទ្ធសឹងតែជាទង្វើក្បត់ប្រជាជាតិ ក្បត់ប្រជាជន និងជារឿងមិនគប្បីចំពោះ​ការពលីរបស់កងកម្លាំងកម្ពុជាដែលបានបូជាកម្លាំងកាយចិត្ត និងរហូតដល់អាយុជីវិតដើម្បីការពារទឹកដី និងប្រជាជនកម្ពុជា៕

 

RAC Media | លឹម សុវណ្ណរិទ្ធ