ដោយ៖ លោក ផាញ់ សារឿន
ប្រធានស្ដីទីនាយកដ្ឋាននយោបាយការបរទេសចិន
នៃវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
មុននឹងសៀមកើតជាប្រទេសថៃសព្វថ្ងៃ សៀមគឺជាជនជាតិភាគតិចមួយរស់នៅខេត្តយូណានភាគនិរតីនៃប្រទេសចិន។ នៅសតវត្សរ៍ទី១៣ ក្រោយមកនៅពេលពួកម៉ុងហ្គោលវាយលុកប្រទេសចិន ជនជាតិសៀមក៏បានរត់ភៀសខ្លួនមកនៅកម្ពុជា។ ជាបន្តមកទៀតនៅឆ្នាំ១២២០ ជនជាតិនេះបានបះបោរប្រឆាំងនឹងចក្រភពខ្មែររហូតដល់បង្កើតបានជារដ្ឋពេញលេញ។ ចំណែកកម្ពុជាវិញ ចាប់កំណើតតាំងពីសតវត្សរ៍ទី១ នៃគ្រិស្ដសករាជមកម្ល៉េះ។ ជាបន្តបន្ទាប់មក សៀមក៏បានទទួលយកអ្វីៗដែលជារបស់ខ្មែរតាមរយៈការឈ្នះសង្គ្រាម និងចម្លងពីកម្ពុជាដូចជា វប្បធម៌ ភាសា សិល្បៈ និងប្រពៃណី ជាដើម។ ស្ថានភាពនេះ តាមទស្សនៈរបស់លោក នីកូឡា ម៉ាគីយ៉ាវ៉ែលី (Niccolò Machiavelli) លើកឡើងថា «អ្នកណាដែលធ្លាប់បានចាប់ផ្ដើមរស់នៅដោយការលួចប្លន់ តែងតែរកឃើញហេតុផល សម្រាប់យកអ្វីដែលមិនមែនជារបស់ខ្លួន»(“He who has once begun to live by rapine always finds reasons for taking what is not his.”)។ នៅពេលដែលសៀមបានចាប់ផ្ដើមពង្រីកឥទ្ធិពលខ្លួនលើរដ្ឋជិតខាង ជាពិសេសលើកម្ពុជាដោយប្រើកម្លាំងយោធា ឬយុទ្ធសាស្ត្រផ្សេងៗ (នេះជាទម្រង់មួយនៃ “ការលួចប្លន់” តាមន័យទូលំទូលាយរបស់ ម៉ាគីយ៉ាវ៉ែលី ដែលសំដៅលើការយកអ្វីដែលមិនមែនជារបស់ខ្លួន) នោះសៀមតែងតែរកហេតុផលដើម្បីបន្តធ្វើដូច្នេះ។ នៅពេលដែលថៃបានភ្លក់រសជាតិនៃការទទួលបានផលប្រយោជន៍ដោយខុសច្បាប់ ឬដោយការរំលោភបំពាន ពួកគេពិបាកនឹងបោះបង់ចោល ហើយនឹងតែងតែស្វែងរកលេស ឬហេតុផលដើម្បីបន្តសកម្មភាពទាំងនោះ ជានិច្ច។
នៅពេលបច្ចុប្បន្ន ស្ថានភាពខាងលើនេះ ថៃមិនបោះបង់ឡើយ។ អំណាចរបស់ថៃដែលដឹកនាំដោយស្ដេចនិងយោធា តែងរកលេសដោយអប់រំអ្នកជំនាន់ក្រោយអំពីប្រវត្តិសាស្រ្តមិនពិត និងលាងឈ្មោះដោយប្រើប្រាស់ការផ្សព្វផ្សាយជាប្រព័ន្ធក្នុងស្រុកនិងអន្តរជាតិ។ មាគ៌ារបស់ថ្នាក់ដឹកនាំថៃដែលធ្វើបែបនេះ បើយោងតាមទស្សនៈរបស់លោក អាប្រាហាម លីនខូន (Abraham Lincoln) ជាប្រធានាធិបតីទី១៦ របស់សហរដ្ឋអាម៉េរិកថា «អ្នកអាចបោកប្រាស់មនុស្សមួយចំនួនបានគ្រប់ពេល និងមនុស្សទាំងអស់បានមួយរយៈពេល ប៉ុន្តែអ្នកមិនអាចបោកប្រាស់មនុស្សទាំងអស់បានគ្រប់ពេលឡើយ» (“You can fool some of the people all of the time, and all of the people some of the time, but you cannot fool all of the people all of the time.”— Abraham Lincoln.)។
ដោយសារការដឹកនាំរបស់ថៃស្ថិតនៅលើផ្លូវមិនត្រឹមត្រូវ និងមិនហ៊ានជជែកជាមួយកម្ពុជានៅលើផ្លូវច្បាប់អន្តរជាតិគឺ វិធីបង្កាច់បង្ខូចនឹងក្លាយជាឧបករណ៍របស់ថៃជានិច្ច។ ក្នុងស្ថានភាពបែបនេះ ការឆ្លើយតបរបស់រដ្ឋាភិបាល កម្ពុជាជាមួយប្រទេសថៃ គឺអាចឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកប្រាជ្ញ តើយើងនៅលើមាគ៌ាត្រឹមត្រូវដែរឬទេ?
ប្រជាជនខ្មែរជាច្រើនដែលតាមដានព័ត៌មានអំពីជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រាកដណាស់មិនត្រឹមតែមានចិត្តទន្ទះសារចង់ឱ្យថ្នាក់ដឹកនាំរបស់ខ្លួនប្រើប្រាស់កម្លាំងតបតវិញប៉ុណ្ណោះទេ ថែមទាំងមានអ្នកសង្ស័យលើការដឹកនាំរបស់ថ្នាក់ដឹកនាំផងដែរ។ បើតាមទស្សនៈរបស់អ្នកប្រាជ្ញសកលលោក អ៊ីម៉ាណញូអ៊ែល ខាន់ (Immanuel Kant) ជាទស្សនវិទូអាល្លឺម៉ង់លើកឡើងថា «ការអត់ធ្មត់គឺជាកម្លាំងរបស់អ្នកទន់ខ្សោយ ការមិនអត់ធ្មត់គឺជាភាពទន់ខ្សោយរបស់អ្នកខ្លាំង»(“Patience is the strength of the weak, impatience is the weakness of the strong.” — Immanuel Kant)។ មាគ៌ានេះយើងបានប្រកាន់ខ្ជាប់ជានិច្ច និងបន្តអនុវត្តមកដល់សព្វថ្ងៃ។ ចំណែកស្ដេចសង្គ្រាមនៅប្រទេសចិនវិញ ដែលខ្មែរយើងហៅលោកថា ស៊ុន អ៊ូ (Sun Wu) ឬ ស៊ុន ជឺ (Sun Tzu) គឺជាស្ដេចសង្គ្រាមដ៏ល្បីល្បាញនៅក្នុងប្រវត្តិសាស្ត្រចិនបានពោលថា «ប្រយុទ្ធរយដង ឈ្នះរយដង មិនមែនជាចំណុចកំពូលនៃភាពពូកែនោះទេ, ការបង្ក្រាបកងទ័ពសត្រូវដោយមិនបាច់ប្រយុទ្ធ ទើបជាចំណុចកំពូលនៃភាពពូកែយ៉ាងពិតប្រាកដ»(百战百胜,非善之善者也;不战而屈人之兵,善之善者也)- 孙子。)។ ដោយឆ្លុះបញ្ចាំងចំពោះទ្រឹស្ដីនេះ ការប្រើកម្លាំងរបស់ថៃមិនមែនជាភាពពូកែរបស់ថៃនោះទេ។ ចំពោះការបង្រ្កាបកងទ័ពសត្រូវដោយមិនបាច់ប្រយុទ្ធ បើធៀបគ្នាមើលទៅឃើញថា កម្ពុជាគ្រាន់បើជាងថៃ។ កម្ពុជាមានប្រៀបតាមរយៈអំណាចទន់លើ វិស័យការទូត សារព័ត៌មាន អាស៊ាន និងច្បាប់អន្តរជាតិជាដើម។ នៅក្នុងទស្សនៈផ្សេងទៀតដូចជាលោក អាប្រាហាម លីនខូន (Abraham Lincoln) ដែលជាប្រធានាធិបតីទី១៦ របស់សហរដ្ឋអាម៉េរិកបានពោលថា «អ្នកមិនអាចបរាជ័យបានទេ លុះត្រាតែអ្នកបោះបង់ចោល» (“You cannot fail unless you quit.”— Abraham Lincoln)។ ឈរលើទស្សនៈនេះ ពលរដ្ឋយើងទាំងនៅក្នុងស្រុកនិងក្រៅស្រុក ជាពិសេសថ្នាក់ដឹកនាំរបស់យើងមិនបានបោះបង់ចោលគ្នានោះទេ។ ពេលថៃឈ្លានពាន ពលរដ្ឋយើងបានរួបរួមសាមគ្គី ឆ្លងទុក្ខលំបាកជាមួយគ្នា។
មិនថាខណៈពេលដែលយើងមានបញ្ហា ឬគ្មានបញ្ហាជាមួយសៀមនោះទេ យើងមិនគួរសង្ឃឹមលើបរទេសមកជួយយើងនោះទេ។ មានតែយើងខ្លួនឯងទេទើបអាចធ្វើឱ្យខ្លួនឯងខ្លាំងបាន ហើយបើតាមឱវាទរបស់ព្រះពុទ្ធគឺ «អត្តាហិ អត្តនោ នាថោ» ប្រែថាខ្លួនទីពឹងខ្លួន។ ដូច្នេះយើងត្រូវតែបន្តសកម្មភាពខ្លួនទីពឹងខ្លួន និងមិនត្រូវទុកចិត្តបរទេសណាមួយជាដាច់ខាត យើងគួរតែបន្តបង្កើតចរន្តសរសៃឈាមការទូតជាប្រព័ន្ធដោយខ្លួនឯង។ នៅក្នុងឱវាទផ្សេងទៀតរបស់ព្រះពុទ្ធគឺថា «គ្មាននរណាម្នាក់ជួយសង្គ្រោះយើងក្រៅពីខ្លួនយើងឡើយ, គ្មាននរណាម្នាក់អាចធ្វើបាន ហើយក៏គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឡើយ, យើងខ្លួនឯងត្រូវតែដើរផ្លូវនេះ» — (“No one saves us but ourselves. No one can and no one may. We ourselves must walk the path.”— Buddha)។
ចំពោះមេរៀនជម្លោះរវាងកម្ពុជានិងថៃ យើងមិនគួរដេកក្រោមដើមឈើដោយរង់ចាំផ្លែឈើធ្លាក់ចុះមកនោះទេ ឬក៏យើងមិនអាច«កាប់បំពង់ រង់ចាំទឹកភ្លៀង»នោះទេ ប៉ុន្តែយើងចាំបាច់ត្រូវតែរៀបចំត្រៀមខ្លួនជានិច្ច។ លោក ខាល ហ្វុន ក្លូសេវីតស៍ ជាឥស្សរជនដ៏សំខាន់បំផុតមួយរូបក្នុងប្រវត្តិសាស្ត្រយោធា និងជាទស្សនវិជ្ជានយោបាយលើកឡើងថា «ដើម្បីធានាសន្តិភាព គឺត្រូវត្រៀមខ្លួនសម្រាប់សង្គ្រាម» (“To secure peace is to prepare for war.” — Carl von Clausewitz) ដែលទស្សនៈនេះស្របទៅនឹងទស្សនៈរបស់លោក នីកូឡូ ម៉ាគីយ៉ាវ៉ែលី ជាទស្សនវិទូនយោបាយដ៏ល្បីឈ្មោះបំផុតនៅក្នុងប្រវត្តិសាស្រ្ត និងជាអ្នកនិពន្ធសៀវភៅ«The Prince»។ នៅក្នុងសៀវភៅរបស់លោក នីកូឡូ ម៉ាគីយ៉ាវ៉ែលី បានសរសេរថា «សង្រ្គាមគួរតែជាការសិក្សាតែមួយគត់របស់ព្រះអង្គម្ចាស់, គាត់គួរតែចាត់ទុកសន្តិភាពត្រឹមតែជាពេលសម្រាក ដែលផ្តល់ឱ្យគាត់នូវភាពទំនេរដើម្បីរៀបចំផែនការ និងផ្តល់នូវសមត្ថភាពដើម្បីអនុវត្តផែនការយោធា» (“War should be the only study of a prince. He should consider peace only as a breathing-time, which gives him leisure to contrive, and furnishes as ability to execute, military plans.” — Niccolò Machiavelli)។
ក្រៅពីពឹងខ្លួនឯងដែលជាឥទ្ធិពលនៃកម្លាំងផ្ទាល់ខ្លួន និងត្រៀមខ្លួន យើងមិនអាចសង្ស័យលើគ្នាឯង និងច្រណែនគ្នាឯងនោះឡើយ តែយើងចាំបាច់ត្រូវតែរួមដំណើរសាមគ្គីជាមួយគ្នា។ ហេតុអ្វីយើងមិនគួរសង្ស័យគ្នា និងច្រណែនគ្នា? ប្រសិនបើយើងឆ្លុះបញ្ចាំងពីភាពរុងរឿងនាសម័យអង្គរ ដោយសារភាពសាមគ្គីគ្នាក្នុងការបង្រួបបង្រួមសាសនានាពេលនោះ បានធ្វើឱ្យខ្មែរមានភាពរីកចម្រើនយ៉ាងមហិមា។ ដោយសារមេរៀនពីអតីតកាល សាមគ្គីមិនមែនជាពាក្យទន្ទេញចាំមាត់ថាតាមគ្នានោះទេ តែសាមគ្គីជាវេទមន្តធ្វើឱ្យខ្មែរខ្លាំង។ ជាក់ស្ដែងព្រះពុទ្ធបានផ្ដល់ឱវាទថា «គ្មានអ្វីគួរឱ្យខ្លាចជាងទម្លាប់នៃសេចក្ដីសង្ស័យនោះទេ, សេចក្ដីសង្ស័យបំបែកមនុស្ស, វាជាថ្នាំពិសដែលបំផ្លាញមិត្តភាព និងបំបែកទំនាក់ទំនងល្អ, វាជាបន្លាដែលរំខាន និងធ្វើឱ្យឈឺចាប់, វាជាដាវដែលសម្លាប់» (“There is nothing more dreadful than the habit of doubt. Doubt separates people. It is a poison that disintegrates friendships and breaks up pleasant relations. It is a thorn that irritates and hurts; it is a sword that kills.”— Buddha)។ ចំណែកលោក សូក្រាត (Socrates) ជាទស្សនវិទូជនជាតិក្រិចលើកឡើងថា «សេចក្ដីច្រណែន គឺជាដំបៅនៃព្រលឹង» (“Envy is the ulcer of the soul.” — Socrates)។ ទាំងនេះជាអំណាចសាមគ្គីដែលយើងមិនអាចមើលរំលងបានឡើយ។
សរុបមក បើយោងតាមទ្រឹស្ដីខាងលើ យើងត្រូវតែជឿជាក់លើថ្នាក់ដឹកនាំរបស់យើងដោយឈរលើស្មារតីសាមគ្គីភាពគ្នា និងត្រៀមខ្លួនជានិច្ចដើម្បីបន្តអភិវឌ្ឍន៍សមត្ថភាពលើគ្រប់វិស័យ។ ការពឹងផ្អែកលើខ្លួនឯង គឺជាការការពារដ៏ល្អបំផុតប្រឆាំងនឹងសម្ពាធនានា។ ភាពរឹងមាំរបស់ខ្លួនឯង គឺជាពន្លឺសម្រាប់អ្នកជំនាន់ក្រោយ ហើយយើងត្រូវតែព្យាយាមអភិវឌ្ឍខ្លួនឯង និងធ្វើឱ្យខ្លួនឯងរីកចម្រើនទាំងអស់គ្នា គ្មានអ្វីដែលមិនអាចទៅរួចទេសម្រាប់អ្នកដែលព្យាយាម។ បើយើងមិនត្រៀមខ្លួនទេ បើយើងមិនសាមគ្គីគ្នាទេ នោះយើងនឹងធ្វើបាបកូនចៅជំនាន់ក្រោយរបស់យើង។ សូមបង្កើតសមិទ្ធផលអច្ឆរិយៈថ្មីដើម្បីបន្សល់ទុកឱ្យកូនខ្មែរគ្រប់ជំនាន់៕
***បញ្ជាក់៖ ទស្សនៈខាងលើ គឺជាការយល់ឃើញរបស់ស្មេរផ្ទាល់ និងមិនឆ្លុះបញ្ចាំងពីទស្សនៈរួមរបស់រាជបណ្ឌិត្យ សភាកម្ពុជាឡើយ។