នៅល្ងាចថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ជុំនួបនេះមានគោលបំណងសំខាន់ដើម្បីស្វែងរកលទ្ធភាពនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតជប៉ុន ជាពិសេសផ្តោតលើការស្រាវជ្រាវ ការរៀនសូត្រពីប្រទេសជប៉ុន និងការដោះស្រាយបញ្ហាប្រឈមនានាដែលអាចកើតមានជាមួយបណ្តាប្រទេសជិតខាង។

 

អំឡុងកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងអំពីសារៈសំខាន់នៃទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន ដែលបាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។

 

ឯកឧត្តមបានសម្តែងនូវការកោតសរសើរចំពោះការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលជប៉ុន តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) និងគម្រោងសហប្រតិបត្តិការផ្សេងៗដែលបានជួយលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។ ជាពិសេស កិច្ចជួបនេះបានផ្តោតលើតួនាទីរបស់ប្រទេសជប៉ុនក្នុងការជួយសម្របសម្រួល និងដោះស្រាយបញ្ហាទាក់ទងនឹងទំនាក់ទំនងរវាងកម្ពុជា និងប្រទេសថៃ។

 

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ប្រទេសជប៉ុន ដែលជាដៃគូដ៏សំខាន់ និងមានបទពិសោធន៍ច្រើនក្នុងការទូតអន្តរជាតិ អាចដើរតួនាទីជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាព ដើម្បីធានាថាទំនាក់ទំនងរវាងកម្ពុជា និងថៃ នៅតែមានស្ថិរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

កិច្ចសហប្រតិបត្តិការនេះនឹងជួយជំរុញសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចក្នុងតំបន់ ជាពិសេសតាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍រួមគ្នា ដូចជាការធ្វើពាណិជ្ជកម្មឆ្លងដែន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។

 

ឯកអគ្គរាជទូតជប៉ុនបានសម្តែងនូវការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុនក្នុងការបន្តគាំទ្រកម្ពុជាលើវិស័យជាច្រើន រួមទាំងការអប់រំ បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសកម្ពុជា ជាពិសេសសម្រាប់កិច្ចសហប្រតិបត្តិការជាមួយនឹងរាជបណ្ឌិត្យសភាកម្ពុជា។ លើសពីនេះ ឯកឧត្តមក៏បានលើកឡើងអំពីសក្តានុពលនៃការពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរវប្បធម៌ និងកម្មវិធីផ្លាស់ប្តូរចំណេះដឹងរវាងអ្នកស្រាវជ្រាវ និងអ្នកជំនាញនៃប្រទេសទាំងពីរ។