(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅវេលាម៉ោង ២:៣០នាទីរសៀលថ្ងៃសុក្រ ១២រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំ «ពិធីបើកវគ្គបណ្ដុះបណ្ដាលភាសារុស្ស៊ីនៅរាជបណ្ឌិត្យសភាកម្ពុជា» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា និងឯកឧត្ដម lgor Karavaev អគ្គទីប្រឹក្សាស្ថានទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា និងនិស្សិតសិក្សាវគ្គបណ្ដុះបណ្ដាលភាសារុស្ស៊ី សរុបចំនួន ១៣០រូប។

 

ពិធីបើកវគ្គបណ្ដុះបណ្ដាលភាសារុស្ស៊ីនៅរាជបណ្ឌិត្យសភាកម្ពុជា រៀបចំឡើង ដោយមានការអញ្ជើញថ្លែងចំណាប់អារម្មណ៍ដោយលោកស្រី Yulia Kamanova ប្រធានផ្នែកអប់រំនៃវិទ្យាស្ថានភូស្គីន (Pushkin Institute) ការអញ្ជើញថ្លែងចំណាប់អារម្មណ៍ដោយឯកឧត្ដម lgor Karavaev អគ្គទីប្រឹក្សាស្ថានទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងទទួលបានកិត្តិយសអញ្ជើញថ្លែងចំណាប់អារម្មណ៍និងមតិសំណេះសំណាលរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា។

 

លោកស្រី Yulia Kamanova ប្រធានផ្នែកអប់រំនៃវិទ្យាស្ថានភូស្គីន (Pushkin Institute) បានបង្ហាញសេចក្ដីសោមនស្សក្រៃលែង នៅក្នុងការថ្លែងចំណាប់អារម្មណ៍នៅក្នុងពិធីពិធីបើកវគ្គបណ្ដុះបណ្ដាលភាសារុស្ស៊ីនៅរាជបណ្ឌិត្យសភាកម្ពុជា ដែលមានការគាំទ្រដោយក្រសួងវិទ្យាសាស្ត្រ និងឧត្ដមសិក្សារុស្ស៊ី។ លោកស្រីចាត់ទុកព្រឹត្តិការណ៍ថ្ងៃនេះ គឺជាឧទាហរណ៍នៃការសន្ទនារវាងប្រទេសទាំងពីរ កម្ពុជានិងរុស្ស៊ី ដែលបានផ្សារភ្ជាប់នូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ ពិសេសនៅក្នុងវិស័យវប្បធម៌ វិទ្យាសាស្ត្រ និងស្វែងយល់ពីបេះដូងគ្នាទៅវិញទៅមក។ បន្ថែមពីនេះ លោកស្រីបានថ្លែងអំណរគុណដល់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ដែលបានផ្ដួចផ្ដើមនិងគាំទ្រដល់ការបង្កើតវគ្គបណ្ដុះបណ្ដាលភាសារុស្ស៊ីនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងរាជធានីភ្នំពេញ ជាបេះដូងព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្ដម lgor Karavaev អគ្គទីប្រឹក្សាស្ថានទូតនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ដែលបានគាំទ្រនិងជំរុញការបណ្ដុះបណ្ដាលភាសារុស្ស៊ីនៅរាជបណ្ឌិត្យសភាកម្ពុជាទទួលបានប្រសិទ្ធភាព និងនិរន្តរភាព និងបានថ្លែងសាទរចំពោះប្រសាសន៍របស់លោកស្រីជាប្រធានផ្នែកអប់រំនៃវិទ្យាស្ថានភូស្គីន ដែលបានគូសបញ្ជាក់អំពីការសិក្សាភាសានិងអក្សរសាស្ត្ររុស្ស៊ីប្រកបដោយភាពកក់ក្ដៅ។ ឯកឧត្ដមបានបន្តថា ក្នុងរយៈកាលនៃកិច្ចសហប្រតិបត្តិការរាប់សិបឆ្នាំនៃប្រទេសទាំងពីរ សហភាពសូវៀតនិងរុស្ស៊ី បណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជាប្រមាណជា៨ពាន់នាក់។ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្ររវាងម៉ូស្គូនិងភ្នំពេញ មិនមានពេលបញ្ចប់ទេ ហើយមកដល់ពេលនេះ រុស្ស៊ីបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាបន្តបន្ទាប់។

 

ក្នុងឱកាសថ្លែងចំណាប់អារម្មណ៍និងមតិសំណេះសំណាល ក្នុងពិធីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា ការសិក្សាភាសារុស្ស៊ី ពិតជានឹងចូលរួមចំណែកជំរុញការស្វែងយល់ដឹងបន្ថែមទៀតអំពីប្រទេសរុស្ស៊ី ពិសេសគឺការបើកទូលាយចំណេះដឹង និងលទ្ធភាពសិក្សាមុខជំនាញជាច្រើនទៀតជាភាសារុស្ស៊ី។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកឡើងអំពីបទពិសោធន៍ នៃការបណ្ដុះបណ្ដាល និងជីវភាពរបស់ប្រជាជនរុស្ស៊ី ដែលខ្មែរអាចដកស្រង់បទពិសោធន៍និងឆន្ទៈទាំងនោះមកអភិវឌ្ឍជីវភាព ការរស់នៅប្រចាំ និងឈានទៅសម្រេចគោលដៅជីវិតរបស់ខ្លួនបាន។ បន្ថែមពីនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានថ្លែងសារជូនពរសិក្ខាកាមដែលសិក្សាភាសារុស្ស៊ី សូមឱ្យក្លាយទៅជាអ្នកមានចំណេះដឹងភាសាច្បាស់លាស់ ហើយសូមបកប្រែឯកសារពីភាសារុស្ស៊ី មកជាភាសាខ្មែរ ដើម្បីបង្កើនភាពសម្បូរបែបនៃឯកសារសិក្សាស្រាវជ្រាវជាភាសាខ្មែរសម្រាប់មហាជនទូទៅ៕

 

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ