(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងប្រតិភូវិទ្យាសា្ថន Pushkin នៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី ដឹកនាំដោយលោកស្រី Yulia Karmanova ប្រធាននាយកដ្ឋានការអប់រំបន្ត។
សមាសភាពប្រតិភូវិទ្យាសា្ថន Pushkin នៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ីដែលអញ្ជើញមកកាន់រាជបណ្ឌិត្យសភាកម្ពុជានាពេលនេះរួមមាន៖
+ លោកស្រី Yulia Karmanova ប្រធាននាយកដ្ឋានការអប់រំបន្ត
+ លោកស្រី Daria Vinogradova អ្នកឯកទេសឈានមុខនៃនាយកដ្ឋាននៃអង្គការសហប្រតិបត្តិការអន្តរជាតិ
+ លោក Vladimir Misyukevich, គ្រូបង្រៀនផ្នែកការអប់រំបន្ត នៃនាយកដ្ឋានភាសារុស្សីជាភាសាបរទេស
+ លោកស្រី Gulnaz Mardanova គ្រូបង្រៀនផ្នែកការអប់រំបន្ត នៃនាយកដ្ឋានការបង្រៀនដែលពឹងផ្អែកខ្លាំងនៃភាសារុស្សីជាភាសាបរទេស
ក្នុងឱកាសជំនួបពិភាក្សានារសៀលនេះ រាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាសា្ថន Pushkin នៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី ក៏ចុះអនុស្សរណៈនៃការយោគយល់គ្នាផងដែរ ក្នុងគោលបំណងបណ្ដុះបណ្ដាលភាសារុស្ស៊ីដល់សាធារណជននិងនិស្សិតកម្ពុជាដោយឥតគិតថ្លៃ។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំងពីរនាឱកាសនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងផ្ដល់ការបណ្ដុះបណ្ដាលភាសារុស្ស៊ីដោយឥតគិតថ្លៃ ដល់និស្សិតកម្ពុជា និងសាធារណជនទូទៅដោយឥតគិតថ្លៃ។ ការបណ្ដុះបណ្ដាល នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ខាងមុខនេះ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ