(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំនូវបាឋកថា ស្ដីពី «អាថ៌កំបាំងនៃក្រាំងរបស់ខ្មែរ៖ អត្ថបទពិសិដ្ឋ ក្រដាសដែលបានបាត់បង់ និងកេរដំណែលរបស់ខ្មែរនាពេលអនាគត» ដែលឧទ្ទេសនាមដោយ លោកស្រី អ៊ីសាប៊ែលឡា ម៉េយ័រ អ្នកស្រាវជ្រាវក្រុមប្រឹក្សាវប្បធម៌អាស៊ី និងជាអតីតអ្នកស្រាវជ្រាវរបស់កម្មវិធីអាហារូបករណ៍ Fulbright របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងទទួលបានការអញ្ជើញថ្លែងមតិស្វាគមន៍ដោយឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា។
ក្នុងឱកាសអញ្ជើញថ្លែងមតិស្វាគមន៍នាកម្មវិធីបាឋកថានាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ការសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីកេរដំណែលមរតកដូនតាខ្មែរ គឺជាមូលដ្ឋានគ្រឹះនៅក្នុងការថែរក្សាអត្តសញ្ញាណជាតិ ដែលយើងគ្រប់គ្នាត្រូវតែផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុត។ ឯកឧត្ដមបណ្ឌិតបន្តថា កម្ពុជាមានវប្បធម៌និងអរិយធម៌ដ៏យូរលង់ ដែលប្រទេសក្នុងតំបន់មួយចំនួន មិនមានអត្ថិភាពក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំនោះឡើយ គឺបានបង្កើតរដ្ឋដោយសញ្ជ័យទឹកដីកម្ពុជាតែប៉ុណ្ណោះ។ ការសិក្សាប្រវត្តិសាស្ត្រមានតម្លៃសំខាន់ណាស់ សម្រាប់ស្វែងយល់ និងយល់ដឹងអំពីគុណតម្លៃរបស់ជាតិសាសន៍ខ្លួន។ ខ្មែរមានក្បួនខ្នាតនៅក្នុងការផលិត តាក់តែងនិពន្ធ និងក្បួនខ្នាតនៅក្នុងការធ្វើកិច្ចការងារផ្សេងៗ។ អារ្យធម៌ខ្មែរទាំងភាសា អក្សរ និងវប្បធម៌ផ្សេងៗ យើងមានក្បួនខ្នាតច្បាស់លាស់។ ឯកឧត្ដមបណ្ឌិតបានជំរុញឱ្យសាធារណជន និងយុវជនស្វែងយល់ឱ្យបានស៊ីជម្រៅអំពីអត្តសញ្ញាណ ដើម្បីជាដើមទុននៃមោទកភាពចំពោះប្រទេសជាតិរបស់ខ្លួន។
នៅក្នុងកម្មវិធីបាឋកថាស្ដីពី «អាថ៌កំបាំងនៃក្រាំងរបស់ខ្មែរ៖ អត្ថបទពិសិដ្ឋ ក្រដាសដែលបានបាត់បង់ និងកេរដំណែលរបស់ខ្មែរនាពេលអនាគត» លោកស្រី អ៊ីសាប៊ែលឡា ម៉េយ័រ អ្នកស្រាវជ្រាវក្រុមប្រឹក្សាវប្បធម៌អាស៊ី នៃកម្មវិធីអាហារូបករណ៍ Fulbright របស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក និងជាអ្នកជំនាញសិក្សាស្រាវជ្រាវអំពីសិល្បៈ ប្រវត្តិសិល្បៈ ការផលិតក្រដាស និងផលិតសៀវភៅ បានលើកឡើងអំពីចំណាប់ផ្ដើមការងារស្រាវជ្រាវរបស់លោកស្រីថា នៅឆ្នាំ២០១៨ លោកស្រីបានរៀនភាសាខ្មែរនៅមជ្ឈមណ្ឌលភាសាខ្មែរ ដោយលោកស្រីបានសិក្សារៀនសូត្រអំពីភាសា អក្សរសាស្ត្រ និងវប្បធម៌ខ្មែរជាច្រើនផងដែរ។ នៅឆ្នាំ២០១៩ លោកស្រីបានត្រឡប់មកកម្ពុជា ដោយសិក្សាស្រាវជ្រាវនៅខេត្តកំពង់ចាម និងមានរយៈពេល៧ឆ្នាំហើយ ដែលលោកស្រីជាប់ចិត្ត និងបន្តនិស្ស័យជាមួយនឹងក្រាំងបុរាណរបស់ខ្មែរ។
លោកស្រីបានថ្លែងសង្កត់ធ្ងន់ថា ក្រដាសក្រាំងរបស់ដូនតាខ្មែរមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដោយក្រាំងដែលលោកស្រីបានស្រាវជ្រាវរកឃើញ គឺជាក្រាំងស្ថិតនៅក្នុងសតវត្សរ៍ទី៧ ហើយអក្សរដែលសរសេរលើក្រាំងដែលលោកស្រីបានរកឃើញ ប្រហែលជានៅសតវត្សរ៍ទី១៩-២០។ លោកស្រី អ៊ីសាប៊ែលឡា ម៉េយ័រ បានកត់សម្គាល់ពីការរីកចម្រើនវប្បធម៌និងអរិយធម៌របស់ខ្មែរបន្ថែមទៀតថា ខណៈដែលប្រទេសចិនត្រូវបានគេទទួលស្គាល់ថា ជាប្រទេសផលិតក្រដាសដំបូងគេបង្អស់ ហើយនៅសតវត្សរ៍ទី១៥ បច្ចេកទេសផលិតក្រដាសបានហូរចូលមកតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែខ្មែរមានផលិតក្រដាសនិងក្រាំងផ្ទាល់របស់ខ្លួន នៅមុនការហូរចូលបច្ចេកទេសក្រដាសចូលមកក្នុងតំបន់ទៅទៀត។ លោកស្រីបានគូសបញ្ជាក់បន្ថែមទៀតថា ជាការពិតណាស់ នៅពេលខ្លះ ប្រវត្តិសាស្ត្រដែលត្រូវបានគេសរសេរ ក៏ជាអត្ថន័យបែបនយោបាយផងដែរ។
បើតាមលោកស្រី Isabella Myers តាមរយៈការស្រាវជ្រាវរបស់លោកស្រី ក្រាំងរបស់ខ្មែរគឺជាវត្ថុដ៏មានតម្លៃមួយសម្រាប់ប្រជាជនខ្មែរ ដែលភាគច្រើនត្រូវបានគេចាត់ទុកថាជាវត្ថុស័ក្តិសិទ្ធិ មានសីលបារមី និងមន្តអាគមជាដើម។ លោកស្រីបន្តថា នៅកម្ពុជា គេជឿជាក់ថា អ្នកធ្វើក្រាំង អ្នកសរសេរ និងអ្នករៀនអំពីក្រាំង សុទ្ធតែទទួលបានបុណ្យកុសលទាំងអស់។ លោកស្រីបានបន្ថែមទៀតថា នៅក្នុងជំនឿខ្មែរ ឯកសារបុរាណដែលមានដូចជា ក្រាំង និងសាស្ត្រាស្លឹករឹត នៅបន្សល់រហូតមកដល់សព្វថ្ងៃ ដោយសារតែមានមន្ត និងជាវត្ថុស័ក្តិសិទ្ធិ ដែលអ្នកចេះមន្តអាគមជាអ្នកចារ និងសរសេរ ហើយមុននឹងដាក់ប្រើប្រាស់ ត្រូវតែមានធ្វើបុណ្យឆ្លងនិងប្រសិទ្ធីថែមទៀតផង។
យោងតាមលោកតាអាចារ្យ សឹម ស៊ូសាយ ជាសហការីស្រាវជ្រាវនិងផ្ដល់សម្ភាសន៍ដល់លោកស្រី Isabella Myers ដែលលោកតាធ្លាប់បានបួសរៀនសូត្រក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងមានការយល់ដឹងច្រើនអំពីក្រាំងបុរាណខ្មែរ បានមានប្រសាសន៍ថា ការសរសេរនៅលើក្រាំង ខ្មែរបុរាណច្រើនតែសរសេរជាអក្សរមូល អក្សរជ្រុង អក្សរផ្ចង់ និងអក្សរខ្វៀក។ បើតាមលោកតា សឹម ស៊ូសាយ កំណត់ដែលគេសរសេរច្រើនសរសេរនៅលើក្រាំងមានដូចជា ត្រៃវេទ (បានដល់ក្បួនខ្នាតរបស់ព្រះត្រៃយ៍បិដក ឬជាច្បាប់ស្រីច្បាប់ប្រុស ពាក្យចាស់ពាក្យព្រេងជាដើម) ត្រៃមន្ត (កត់ត្រាមន្តគាថាផ្សេងៗ) ត្រៃយុទ្ធ (មើលទឹកដី ជ័យភូមិសម្រាប់សាងសង់ផ្ទះ ឬប្រើនៅក្នុងយុទ្ធសាស្ត្រសឹកសង្គ្រាមផ្សេងៗជាដើម) ត្រៃដា (ក្បួននៃការការរៀបចំកម្មវិធី សែនព្រែន ឬបុណ្យទានផ្សេងៗ) និងត្រៃភេទ (មើលជតារាសី ទស្សន៍ទាយ និងការបាត់របស់ផ្សេងៗ)។ អំពីទឹកថ្នាំសរសេរគឺ គេយកផ្លែគទុំ ដោយយកសម្បក១គីឡូមកដុត ហើយយកផេះមកលាយជាមួយនឹងទឹក មកធ្វើជាទឹកក្បុង។ ក្រោយមក គឺយើងផ្លែម៉ាក្លឿ មកបុកលាយគ្នា ពូតយកកាកចេញ រួចយកទឹកនោះទៅរម្ងាស់ឱ្យខាប់ យ៉ាងច្រើននៅសល់កន្លះលីត្រ មកធ្វើជាទឹកថ្នាំ។ សម្រាប់ស្លាបប៉ាកា គេអាចយកស្លាបសត្វកុក ឬសត្វក្រសារ ឬសត្វត្រដក់ ជាដើម មកធ្វើជាឧបករណ៍សរសេរ។
គួរបញ្ជាក់ផងដែរថា បាឋកថា ស្ដីពី «អាថ៌កំបាំងនៃក្រាំងរបស់ខ្មែរ៖ អត្ថបទពិសិដ្ឋ ក្រដាសដែលបានបាត់បង់ និងកេរដំណែលរបស់ខ្មែរនាពេលអនាគត» នាព្រឹកនេះ មានការនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ និស្សិតអក្សរសាស្ត្រខ្មែរ មន្ត្រីរាជការ និងអ្នកសិក្សាស្រាវជ្រាវ សរុបប្រមាណជាង ១០០ អង្គ/នាក់៕