ព័ត៌មាន

«រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រហាក់ប្រហែល ៦,៧ពាន់លានដុល្លារ សម្រាប់វិស័យរដ្ឋទូទៅក្នុងឆ្នាំ២០១៩ កើនឡើង១១,៤%»
49

(ភ្នំពេញ)៖ នៅឆ្នាំ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ចំណាយប្រមាណ ២៧ ១៦៤ ៩៩៦ លានរៀល​ដែលប្រហាក់ប្រហែលនឹង ៦,៧ពាន់លានដុល្លារសហរដ្ឋអាម៉េរិកសម្រាប់ការចំណាយទូទៅរបស់រដ្ឋ ក្នុងឆ្នាំ ២០១៩ ខាង​មុខ​នេះ។ ចំនួននេះ បានកើនឡើង១១,៤% បៀបនឹងគម្រោងចំណាយថវិការដ្ឋកាលពីឆ្នាំ២០១៨​ ដែល​មាន​ចំនួន​សរុប​ចំនួន ២៤ ៣៧៥ ១០២លានរៀល។ នេះបើតាមខ្លឹមសារសង្ខេបស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ របស់​ក្រសួង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន RAC Media ទទួលបាន។

តាមសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៩ ចំណូលក្នុងប្រទេសចូលក្នុងខ្ទង់ថវិការដ្ឋឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២១ ១៨៦​​ ២២៨លានរៀល ស្មើនឹង១៩,២៨ភាគរយ នៃ ផ.ស.ស. និងមានកំណើន១៤,០ភាគរយ បើធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៨។ ចំណែកឯចំណាយសរុបថវិការដ្ឋឬថវិកាជាតិ ត្រូវបានគ្រោងទុកចំនួន២៧ ១៦៤ ៩៩៦លានរៀល ស្មើនឹង​២៤,៧២ភាគរយ នៃផ.ស.ស. និងមានកំណើន១១,៤ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០១៨។

តាមការព្យាករណ៍ ជាលទ្ធផលអតិរេកថវិកាចរន្តអាចរក្សាបានក្នុងកម្រិតប្រមាណ២,៨១ភាគរយ នៃផ.ស.ស. នៅឆ្នាំ ២០១៩​ និងមានឱនភាពថវិកាសរុបស្មើនឹង -៥,៤៤ភាគរយ នៃ ផ.ស.ប ស្របតាមគោលនយោបាយ​ពង្រឹង​ការ​គ្រប់​គ្រង​ថវិកា (Fiscal Consolidation)។ ឱនភាពនេះ ត្រូវបានបំពេញបន្ថែមដោយហិរញ្ញប្បទានក្រៅប្រទេសក្នុងទំហំ ៤,៨៤​ភាគ​រយនៃផ.ស.ស. មូលនិធិទ្រទ្រង់ថវិកាប្រមាណ ០,២៣ភាគរយនៃ ផ.ស.ស និងប្រាក់បញ្ញើរាជរដ្ឋាភិបាលក្នុងទំហំ ០,៣៧​​ភាគរយនៃផ.ស.ស ស្មើនឹង ៤០៤ ០០០លានរៀល​ ឬសមមូលនឹង ១០០លានដុល្លារអាម៉េរិក ដែល​ត្រូវ​បាន​គ្រោង​យក​មក​ប្រើ​ប្រាស់​សម្រាប់​ផ្តល់ទុកដល់ការបង្កើតធនាគារ សហគ្រាសធុនតូច និងមធ្យម (SMEs Bank) របស់រដ្ឋ។

ដូច្នេះបើមិនគិតអំពីតម្រូវការទុនសម្រាប់បង្កើតធនាគារធុនតូច និងមធ្យមនេះទេ គឺថវិកាឆ្នាំ២០១៩ មានតុល្យភាពដោយ​មិន​ចាំបាច់ប្រើប្រាក់បញ្ញើ ឬហៅកាត់ថា «ប្រាក់សន្សំ» របស់រាជរដ្ឋាភិបាលនោះទេ។ សូមសិក្សាសេចក្តីលំអិតក្នុងខ្លឹមសារ​សង្ខេបទាំងស្រុង ស្តីពីសេចក្តី​ព្រាង​ច្បាប់​ថវិកាជាតិឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

ប្រភព: ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ

RAC Media | ហេង​ សុភី




















សេចក្តីប្រកាស