ព័ត៌មាន

«ការផ្លាស់ប្តូរ»!!! ដោយ៖ បណ្ឌិត គិន ភា
83

ការដួលរលំនៃរបបដឹកនាំមួយចំនួននៅមជ្ឈិមបូព៌ា នៅអាហ្វ្រិក បដិវត្តន៍ផ្កាម្លិះ និងនិទាឃរដូវអារ៉ាប់ បាននាំមកនូវបទពិសោធន៍ដ៏អាក្រក់នៃការផ្លាស់ប្តូរនៅជុំវិញពិភពលោក។ ប្រជាជនជាច្រើនត្រូវបានបំភ័យដោយការផ្លាស់ប្តូរ។ ពួកមហាអំណាចមិនបានរៀបចំផែនការដ៏ល្អសម្រាប់ការផ្លាស់ប្តូរ ដែលស្ថិតក្រោមរបៀបវារៈនយោបាយរបស់ខ្លួនឡើយ។

តាមរយៈបទពិសោធន៍ខាងលើ ប្រជាជនកម្ពុជាមិនគួរប្រឈមនឹងហានីភ័យនៃការផ្លាស់ប្តូរណាមួយ ដែលគ្មានភាពប្រាកដប្រជានោះទេ។ អ្វីដែលប្រជាជនកម្ពុជាគួរធ្វើនៅពេលនេះ គឺមិនមែនដូរអ្នកដឹកនាំនោះទេ គឺ «ដូររបៀបដែលពួកគាត់ដឹកនាំ» តាមរយៈការជំរុញឱ្យមានកំណែទម្រង់ស៊ីជម្រៅពិតប្រាកដមួយ ដែលមិនមែនជាការសន្យាម្តងហើយម្តងទៀតនោះទេ។

ប្រជាជនកម្ពុជានៅពេលនេះកំពុងមានទឹកមាត់ប្រៃ ដូច្នេះ ត្រូវចេះប្រើឱកាសមាសនេះ និយាយត្រង់ៗ ឬព្រមានចំៗទៅកាន់រាជរដ្ឋាភិបាល ឱ្យដូរមនុស្ស និងដូររបៀបដឹកនាំមួយចំនួនដែលដើរឆ្ងាយពីសភាពការណ៍ពិត និងតម្រូវការជាក់ស្តែងរបស់ប្រជាជន, «របៀបធ្វើដដែល មិនអាចបានលទ្ធផលប្រសើរជាងមុនទេ»។

រាជរដ្ឋាភិបាលត្រូវតែហ៊ានទទួលយកពាក្យពិតពីប្រជាជនដោយគ្មានការរើសអើង ឬការលាបពណ៌។ អាជ្ញាធរមួយចំនួន ដែលនៅតែប្រកាន់ឥរិយាបថរើសអើង ឬលាបពណ៌ហួសហេតុទៅលើប្រជាជនខ្លួនឯង គឺគ្មានបានជួយអ្វីទាល់តែសោះដល់រាជរដ្ឋាភិបាល ក្រៅតែពីការរុញច្រានប្រជាជនឱ្យឃ្លាតឆ្ងាយពីដើមទ្រូងរាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាល និងប្រជាជន ប្រៀបដូចឪពុកម្តាយ និងកូនៗ។ គ្មានឪពុកម្តាយណាចង់ឱ្យកូនៗក្រលំបាកទេ ហើយក៏គ្មានកូនៗណាចង់ឱ្យឪពុម្តាយចាកចេញពីខ្លួនដែរ។ គ្រួសារមួយដែលមានសុភមង្គល គឺជាគ្រួសារដែលមានឪពុកម្តាយពោរពេញដោយព្រហ្មវិហារធម៌ ហើយកូនៗពោរពេញដោយកត្តញ្ញូតាធម៌។

សុខុមដុមនិយកម្មនៃសង្គមយើង មិនមែនជាមោទនភាពនៃការភ្លក្សរសជាតិប្រជាធិបតេយ្យបែបបស្ចិមប្រទេសនោះឡើយ ប៉ុន្តែ អ្វីដែលយើងត្រូវការ គឺសន្តិភាព វិបុលភាព និងយុត្តិធម៌សង្គម។ ប្រជាជនមិនត្រូវការផ្លាស់ប្តូរទេ បើរាជរដ្ឋាភិបាលចេះផ្លាស់ប្តូរ។ ប្រជាជនមិនល្ងង់ដល់ថ្នាក់ «យកឆ្កែអូសរទេះជំនួសគោនោះទេ»!!!

(ទស្សនៈលើកឡើងខាងលើ ជាទស្សនៈផ្ទាល់របស់អ្នកនិពន្ធ ផ្ដល់ជូនជាការត្រិះរិះពិចារណាបន្ថែម សម្រាប់ជិវិតរស់នៅសាធារណជនទូទៅ ក៏ដូចជាសិស្ស និស្សិត ដែលកំពុងសិក្សារៀនសូត្រ ក្លាយជាសសរទ្រូងរបស់ប្រទេសជាតិ)

សេចក្តីប្រកាស