(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃពុធ-ព្រហស្បតិ៍ ៧-៨រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលានៃការបោះជំរំសាលារៀនទឹកភ្លៀងអន្តរជាតិ និងការប្រកួតប្រជែកកម្មវិធីទឹកភ្លៀង ក្រោមគម្រោងស្ដីពី «ការកសាងសាលារៀនទឹកភ្លៀងប្រកបដោយភាពធន់នឹងអាកាសធាតុនៅតំបន់ទន្លេមេគង្គ» ក្នុងគោលបំណងលើកកម្ពស់ចំណាប់អារម្មណ៍របស់សិស្សានុសិស្ស និងការយល់ដឹងជាសាធារណៈ លើវិស័យស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក ក៏ដូចជាការលើកកម្ពស់ភាពធន់នឹងអាកាសធាតុ នៅទូទាំងតំបន់នៃបណ្ដាប្រទេសទន្លេមេគង្គផងដែរ។ ការចូលរួមនេះនឹងធ្វើឡើងនៅស្ថាប័នស្រាវជ្រាវរបស់ជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានអ្នកចូលរួមមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីចែករំលែកគំនិតរបស់ពួកគេ តាមរយៈការប្រកួតប្រជែងវីដេអូខ្លី និងការបង្ហាញតាមរយៈផ្ទាំងរូបភាព (Posters) ក្រោមប្រធានបទ «ទឹកភ្លៀង និងដំណោះស្រាយ»។

 

សិក្ខាសាលានៃការបោះជំរំសាលារៀនទឹកភ្លៀងអន្តរជាតិ និងការប្រកួតប្រជែកកម្មវិធីទឹកភ្លៀង ក្រោមគម្រោងស្ដីពី «ការកសាងសាលារៀនទឹកភ្លៀងប្រកបដោយភាពធន់នឹងអាកាសធាតុនៅតំបន់ទន្លេមេគង្គ» ត្រូវបានរៀបចំឡើងដោយទទួលបានកិត្តិយសអញ្ជើញថ្លែងសុន្ទរកថាបើកដោយ លោកសាស្ត្រាចារ្យ មូយ៉ុង ហាន និង ឯកឧត្តមបណ្ឌិត យង់ ពៅ។ សមាសភាពចូលរួមនៅក្នុងសិក្ខាសាលានេះរួមមាន៖

 

1-  សាស្រ្តាចារ្យ មូយ៉ុង ហាន (Mooyoung HAN), ពីសាកលវិទ្យាល័យជាតិកូរ៉េ

2-  លោក គីម យុនវូ (Hyun Woo KIM) សហស្ថានិក ក្រុមហ៊ុនមីតា (Meetta Co., Ltd.) ដែលមានស្នាក់ការនៅទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា

3-  លោកបណ្ឌិត ង្វៀន ឌឹកខាន់ (Dr. NGUYEN Duc Canh) ប្រធានវិទ្យាស្ថានស្រាវជ្រាវសម្រាប់ការគ្រប់គ្រងទឹក និងបរិស្ថាន (RIWEM) ពីប្រទេសវៀតណាម

4-  សិស្សជាតំណាងពីសាលា Phonthong ប្រទេសឡាវ ចំនួន ០៣នាក់ (ស្រី ០២នាក់)

5-  តំណាងពី Genius Private High School ប្រទេសមីយ៉ាន់ម៉ា ចំនួន ០៤នាក់ (គ្រូ០១នាក់)

6-  តំណាងពីសាលា Nguyen Binh Khiem School ប្រទេសវៀតណាម ០១នាក់

7-  នាយករងវិទ្យាល័យកំបូល គ្រូដឹកនាំ និងសិស្ស សរុប ០៧នាក់។

 

នៅថ្ងៃទី២ នៃសិក្ខាសាលានេះ មានការរៀបចំការប្រកួតប្រជែកកម្មវិធីទឹកភ្លៀង ដែលមានការចូលរួមពីសំណាក់បេក្ខជនមកពីសាលារៀនចំនួន៥គឺ វិទ្យាល័យ ហ៊ុន សែន ពញាពុន (ភ្នំពេញ)  វិទ្យាល័យ ពងទឹក (ភ្នំពេញ)  វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន កោះដាច់ (ភ្នំពេញ) វិទ្យាល័យ ជាស៊ីម ចំរើនរដ្ឋ (ភ្នំពេញ) វិទ្យាល័យ ទួលប្រាសាទសែនសុខ (ភ្នំពេញ)។ ក្នុងចំណោមសាលាទាំង០៥ខាងលើ នឹងចូលរួមប្រឡងប្រណាំងនៅចំពោះមុខក្រុមគណៈកម្មការវាយតម្លៃនិងផ្ដល់ពិន្ទុ នៅលើឆាកសម្ដែងដោយផ្ទាល់នៅសាលមរតកសិល្បៈនៃអគារឥន្ទ្រទេវី ជាមួយនឹងលំនាំបទភ្លេង ទំនុកច្រៀង និងគំនិតច្នៃប្រឌិត ដែលបានត្រៀមលក្ខណៈរួចជាស្រេច  ដើម្បីបង្ហាញនូវការប្តេជ្ញាចិត្ត ចំពោះដំណោះស្រាយទឹកប្រកបដោយចីរភាព។ សមាសភាពគណៈកម្មការវាយតម្លៃនិងផ្តល់ពិន្ទុ រួមមានសមាសភាពជាអ្នកតំណាងអញ្ជើញមកពី៖ (១). ក្រសួងអប់រំ យុវជន និងកីឡា, (២). ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, (៣). សាកលវិទ្យាល័យជាតិសេអ៊ូល នៃសារធារណៈរដ្ឋកូរ៉េ និង ៤) រាជបណ្ឌិត្យសភាកម្ពុជា។

 

នៅថ្ងៃទី២ នៃសិក្ខាសាលានៃការបោះជំរំសាលារៀនទឹកភ្លៀងអន្តរជាតិ និងការប្រកួតប្រជែកកម្មវិធីទឹកភ្លៀង ក្រោមគម្រោងស្ដីពី «ការកសាងសាលារៀនទឹកភ្លៀងប្រកបដោយភាពធន់នឹងអាកាសធាតុនៅតំបន់ទន្លេមេគង្គ» ទទួលបានការផ្ដល់កិត្តិយសថ្លែងសុន្ទរកថាបិទដោយ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាផងដែរ៕

 

RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការ