(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃអង្គារ ៦រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយនឹងប្រតិភូបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ Jing Yang ប្រធានវិទ្យាស្ថានសង្គមវិជ្ជា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើឡើងក្នុងគោលបំណងពិភាក្សាពីការងារសិក្សាស្រាវជ្រាវ និងការស្វែងយល់អំពីស្ថានភាពសង្គមនិងសេដ្ឋកិច្ចកម្ពុជា។
ក្នុងជំនួបនារសៀលនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានជម្រាបណែនាំដល់ប្រតិភូអំពីដំណើរការប្រព្រឹត្តទៅ និងសមិទ្ធិផលនានាដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងដៃគូសហប្រតិបត្តិការនានា ពិសេសដៃគូមកពីសាធារណរដ្ឋប្រជាមានិតចិន។
លោកស្រីសាស្ត្រាចារ្យ Jing Yang បានថ្លែងអំណរគុណចំពោះឯកឧត្ដមបណ្ឌិត ចំពោះការអនុញ្ញាតឱ្យមានជំនួបនាឱកាសនេះ និងបានសម្ដែងសេចក្ដីសោមនស្សចំពោះជំនួបនាពេលនេះ ព្រមទាំងបានជម្រាបជូនឯកឧត្ដមបណ្ឌិតអំពីគោលដៅស្រាវជ្រាវសំខាន់ៗទាំង៣ នៃវិទ្យាស្ថានសង្គមវិជ្ជា នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមយូណាន និងគោលបំណងដែលលោកស្រីសាស្ត្រាចារ្យអញ្ជើញមកកាន់ប្រទេសកម្ពុជា គឺដើម្បីស្វែងយល់អំពីស្ថានភាពសង្គម នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
នៅក្នុងជំនួបនាឱកាសនេះ ភាគីទាំងពីរបានជជែកពិភាក្សាអំពីប្រធានបទសំខាន់មួយចំនួន ពាក់ព័ន្ធនឹងការវិវត្តស្ថានភាពសង្គមនៅកម្ពុជា និងបានគូសបញ្ជាក់អំពីលទ្ធភាពនៃការធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងការស្វែងយល់បន្ថែមស្ថានភាពសង្គមកម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែកនៅក្នុងការជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែប្រសើររវាងប្រទេសទាំងពីរ៕
RAC Media | នាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការ