ព័ត៌មាន
(ក្រុងដាលី)៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបមួយជាមួយ លោក Lyu Xing និងលោក Bi Shihong សាស្ត្រាចារ្យពីមជ្ឍមណ្ឌលសិក្សាផ្នែកការទូតប្រទេសជិតខាងនៃប្រទេសចិន (Center for China’s Neighbor Diplomacy Studies) នៃសាកលវិទ្យាល័យយូណាន នៅឯសាកលវិទ្យាល័យដាលី ទីក្រុងដាលី នៃខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។ ឆ្លៀតក្នុងជំនួបនោះដែរ កិច្ចពិភាក្សារវាងស្ថាប័នទាំងពីរ បានផ្តោតសំខាន់លើប្រធានបទសំខាន់ពីរ ៖
- កិច្ចសហប្រតិបត្តិការរវាងស្ថាប័នស្រាវជ្រាវទាំងពីរដើម្បីសិក្សារួមគ្នាស្វែងរកធាតុចូលសម្រាប់ជូនដល់រដ្ឋាភិបាលទាំងពីរ។
- សិក្សារួមគ្នាពីឥរិយាបថរបស់ជនជាតិចិនដែលចូលមករស់នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា បញ្ហាដែលបានលើកឡើងមកនេះ ជារឿងសំខាន់ដែលស្ថាប័នទាំងពីរគួរតែចាប់ផ្តើមធ្វើអ្វីមួយដើម្បីជាប្រយោជន៍នៃប្រទេសទាំងពីរ។ ចំណែកលោកសាស្ត្រាចារ្យ Lyu Xing បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការរួមសហការគ្នា ដើម្បីសិក្សារួមគ្នាក្នុងនាមជាអ្នកស្រាវជ្រាវ។
ជាលទ្ធផលនៃកិច្ចប្រជុំ ភាគីទាំងពីរបានព្រមព្រៀងគ្នាពិចារណាលើ៣ចំណុចសម្រាប់ជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យយូណាន ដូចខាងក្រោម៖
- ផ្អែកលើរបៀបវារៈទី១ ភាគីទាំងពីឯកភាពគ្នា នឹងធ្វើកិច្ចសហការគ្នាដោយមានមជ្ឍមណ្ឌលសិក្សាចិនខាងភាគីរាជបណ្ឌិត្យសភាកម្ពុជា និងមជ្ឍមណ្ឌលសិក្សាកម្ពុជានៅខាងភាគីសាកលវិទ្យាល័យយូណាន។
- ស្ថាប័នទាំងពីរនឹងរៀបចំធ្វើការផ្លាស់ប្តូរអ្នកស្រាវជ្រាវជាមួយគ្នាទៅវិញទៅមកទាក់ទងនឹងបញ្ហាព័ត៌មាន ការស្រាវជ្រាវ ហើយនឹងមានការផ្តល់ជាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតពីភាគីរាជបណ្ឌិត្យសភាកម្ពុជា។
- ស្ថាប័នទាំងពីរនឹងសហការគ្នាដើម្បីសិក្សារួមគ្នាពីបញ្ហាផ្សេងៗ ហើយការស្រាវជ្រាវគប្បីនឹងបន្តមានច្រើនទៀតនៅថ្ងៃអនាគត។ ការសហការគ្នានេះ អាចជាការរៀបចំវេទិកាអន្តរជាតិ ដោយមានការចូលរួមពីភាគីទាំងពីរ នៅកម្ពុជា ឬនៅប្រទេសចិន។