ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ រាជបណ្ឌិត្យសភាកម្ពុជាបើកបេះដូងទូលាយចំពោះអ្នកមានសមត្ថភាពពីគ្រប់ទិសទី
146
1039

(រាជបណ្ឌិត្យសភាកម្ពុជា)៖ រាជបណ្ឌិត្យសភាកម្ពុជាបើកបេះដូងទូលាយចំពោះអ្នកមានសមត្ថភាពពីគ្រប់ទិសទី នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងឱកាសពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរាជ​បណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលមរតកសិល្បៈខ្មែរ អគារឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា។

ឯកឧត្ដមបណ្ឌិតសភាសភាចារ្យ សុខ ទូច បានគូសបញ្ជាក់បន្ថែមថា អ្នកប្រាជ្ញរបស់កម្ពុជាត្រូវតែរួមគ្នាគិត     និងស្រាវ​ជ្រាវ ដើម្បីស្វែងរកធាតុចូលជូនដល់រាជរដ្ឋាភិបាល អ្នកសិក្សាស្រាវជ្រាវ ក្នុងការកំណត់ចក្ខុវិស័យ និងរៀបចំផែនទីសម្រាប់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយនិរន្តរភាព។ ឯកឧត្ដមបានបន្តថា ការចុះអនុស្សរណៈនាថ្ងៃនេះ គឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបី ក្នុងការចងក្រងឯកសារលើគ្រប់វិស័យ ពិសេសបានឆ្លុះបញ្ចាំងអំពីទស្សនៈ «ទ្រឹស្ដីផ្សារភ្ជាប់នឹងការអនុវត្ត ចងភ្ជាប់ដោយក្រមសីលធម៌»។

ពិធីចុះអនុស្សរណៈនាព្រឹកនេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១០:៥០នាទីព្រឹកថ្ងៃដដែល ប្រកដបដោយបរិយាកាសរីករាយ និងភាតរភាព៕

RAC Media| លឹម សុវណ្ណារិទ្ធ


សេចក្តីប្រកាស