ព័ត៌មាន

«ឥណ្ឌូនេស៊ី កំពុងស្វែងរកឱកាសនៅកម្ពុជា...»
24

ថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨

តាមការផ្សាយរបស់សារព័ត៌មានភ្នំពេញប៉ុស្តិ៍ ថ្ងៃទី២៨ ខែកញ្ញានេះ គឺពាណិជ្ជករជាង ៨០នាក់មកពីប្រទេស កម្ពុជា និងឥណ្ឌូនេស៊ី បានជួបប្រជុំគ្នាកាលពីថ្ងៃទី២៦ ខែកញ្ញា នៅទីក្រុងភ្នំពេញដើម្បីសម្លឹងទៅរកការសហការវិនិយោគលើវិស័យដែលមានសក្ដានុពលរបស់កម្ពុជា។

ការផ្គូផ្គងពាណិជ្ជកម្មនេះ ត្រូវបានរៀបចំឡើងដោយស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ស្របនឹងវេទិកាពាណិជ្ជកម្ម និងការលើកកម្ពស់ទេសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០១៨។ លោក Sudiraman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីបានឱ្យដឹងថា ខណៈការកត់សម្គាល់ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីររក្សាបានកំណើន និងកិច្ចសហប្រតិបត្តិការជាច្រើននៅតែកំពុងរង់ចាំសមភាគី និងភាពជាដៃគូរវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតបានបន្តថ្លែងថា៖ «ឱកាស និងកិច្ចសហប្រតិបត្តិការនៅរង់ចាំក្នុងការស្វែងរកដើម្បីការរីកចម្រើន»។ ក្នុងឱកាសនោះដែរ ក្រុមហ៊ុនជាង៣០ របស់ប្រទេសឥណ្ឌូនេស៊ី និងក្រុមហ៊ុនជាង៥០ នៃប្រទេសកម្ពុជា បានចូលរួមក្នុងវេទិកាផ្គូផ្គងពាណិជ្ជកម្មនេះ។ ក្រុមហ៊ុនឥណ្ឌូនេស៊ី គឺមានមកពីវិស័យឱសថ សិប្បកម្ម សម្លៀកបំពាក់ សំណង់ និងគ្រឿងបន្លាស់រថយន្ត។

ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានកើនឡើងដល់ជាង ៣១៨លានដុល្លារ នៅរយៈពេល ៧ខែដំបូងឆ្នាំ២០១៨នេះ កើនឡើង ៨,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះបានបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅឥណ្ឌូនេស៊ីបានកើនឡើងដល់ជាង ១៧លានដុល្លារ កើន ១២,៤១ភាគរយធៀបនឹងឆ្នាំមុន ខណៈការនាំចូលមកពីប្រទេសឥណ្ឌូនេស៊ី មានជាង ៣០១លានដុល្លារ កើនឡើង ៨,០៧ភាគរយ។

ដកស្រង់៖ ភ្នំពេញប៉ុស្តិ៍

RAC Media | ផាញ់ សារឿន




សេចក្តីប្រកាស