ព័ត៌មាន

«វប្បធម៌ដឹងគុណ និងការបន្តនិរន្តរភាពនៃរាជបណ្ឌិត្យសភាកម្ពុជា»
40
942

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស.២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងសហការីបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ដែលជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជំនាន់ទីពីរ។

នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា លោកចង់ឱ្យមានការចងចាំដល់អ្នកដែលបានផ្តួចផ្តើមឡើងដំបូងពីអ្នកបន្តវេន។ រាជបណ្ឌិត្យសភាកម្ពុជា នឹងមិនមានថ្ងៃនេះនោះទេ បើសិនជាគ្មានការខិតខំប្រឹងប្រែងរបស់អតីតបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាគ្រប់ៗរូប និងក្រុមការងារដែលបានឈ្មុសឈ្មុលប្រមែប្រមូលបញ្ញវន្តកម្ពុជា ដើម្បីរៀបចំស្ថាប័ននេះឡើងតាំងពីបាតដៃទទេ ដោយមានការលើកទឹកចិត្តពីសម្តេចនាយករដ្ឋមន្ត្រី។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងនាមជាប្រធានជំនាន់ទី៣ នៃរាជបណ្ឌិត្យ សភាកម្ពុជា ក៏បានជម្រាបជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ដែលជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជាទីពីរពីវឌ្ឍនភាពនៃស្ថាប័នស្រាវជ្រាវនេះ គិតចាប់ពីពេលដែលឯកឧត្តម បណ្ឌិតសភាចារ្យ បានទទួលសេចក្តីទុកចិត្តពីថ្នាក់ដឹកនាំតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា តាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ មក។

លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា បានបង្ហាញពីទឹកចិត្តរីករាយដោយបានឃើញអ្នកបន្តវេនពីរូបលោកជំទាវ និងសហការីបានអញ្ជើញមកសួរសុខទុក្ខ និងជូនពរសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ គ.ស.២០២០។

ការសំណេះសំណាលរវាងរៀមច្បងនិងអ្នកបន្តវេន បានប្រព្រឹត្តទៅដោយក្តីសោមនស្ស នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ ក្នុងគេហដ្ឋានរបស់លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា។ ឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវបណ្ឌិតសភាចារ្យបានមានប្រសាសន៍លើកឡើងពីរំលែកនូវបទពិសោធន៍ការងារ ពីប្រវត្តិនៃការផ្តួចផ្តើម រៀបចំបង្កើតស្ថាប័ន និងវឌ្ឍនភាពបច្ចុប្បន្នរបស់ស្ថាប័ន។

សូមជម្រាបជូនថា លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ជាអតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជំនាន់ទីពីរ ចាប់តាំងពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧៕

RAC Media | រឿន ភារុន


សេចក្តីប្រកាស