ព័ត៌មាន

ជំងឺកូរ៉ូណា១៩(COVID-19) បញ្ហាប្រឈមនិងដំណោះស្រាយមួយចំនួនចំពោះមីក្រូសហគ្រាស​ធុនតូច និងមធ្យម ដោយ៖ បណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានសង្គមសាស្រ្ត និងវិទ្យាសាស្រ្តសង្គម
118
894

គិតត្រឹមម៉ោង៣រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ មានអ្នករងគ្រោះដោយសារមេរោគ COVID-19 សរុបក្នុងពិភពលោកមានចំនួន១៨៣ ០៦១នាក់ ក្នុងនោះអ្នកស្លាប់មានចំនួន៧ ១៧៥នាក់និងបានជាសះស្បើយឡើងវិញចំនួន៧៩ ៨៩១នាក់ [១]។ តើអ្វីទៅជាCOVID-19?

ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរថ្មីដែលត្រូវបានអង្គការសុខភាពពិភពលោកដាក់ឈ្មោះថា COVID-19 (Coronavirus disease 2019)ត្រូវបានគេរកឃើញជាដំបូងបង្អស់នៅ វូហាន ប្រទេសចិន នាដើមខែមករា ឆ្នាំ២០២០នេះ។ ចាប់តាំងពីពេលនោះមក មានព័ត៌មានមួយចំនួនមិនមានការផ្លាស់ប្តូរគឺ (ទីមួយ) COVID-19 ស្ថិតនៅក្នុងក្រុមជាមួយនឹងជំងឺSARS (Severe Acute Respiratory Syndrome)ដែលបានកើតឡើងក្នុងឆ្នាំ២០០៣និងជំងឺ MERS (Middle East Respiratory Syndrome) ក្នុងឆ្នាំ២០១២។ (ទីពីរ) អត្រាមរណភាព (ចំនួននៃអ្នកស្លាប់ធៀបនឹងចំនួនអ្នកជំងឺ)ស្ថិតនៅចន្លោះ១ទៅ៣,៤%។ បើប្រៀបធៀបទៅនឹងជំងឺSARS មាន១០%និងជំងឺMERSមានរហូតដល់ទៅ​៣៤% តែខ្ពស់ជាជំងឺផ្តាសាយធម្មតាដែលមានត្រឹមតែ០,១%ប៉ុណ្ណោះ[២]  និង(ទីបី) ទោះជាមានការគិតថាជំងឺនេះកើតចេញមកពីសត្វ តែឥឡូវនេះមានការឆ្លងពីមនុស្សទៅមនុស្សហើយ។ ផ្អែកលើមូលដ្ឋាននេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានធ្វើការប៉ាន់ស្មានថា អត្រានៃការឆ្លងជំងឺ COVID-19 អាចខ្ពស់ជាងជំងឺផ្តាសាយតាមរដូវកាលនិងMERS[៣] ។

គិតត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ករណីមានភាពវិជ្ជមានវីរុសCOVID-19នៅកម្ពុជាបានកើនឡើងដល់​២៤​[4] ។ ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ(កូវីដ-១៩) បានធ្វើឱ្យមានផលប៉ះពាល់ដល់វិស័យជាច្រើនរបស់ប្រទេស​កម្ពុជា​។ ជាដំបូងមានវិស័យទេសចរណ៍និងឧស្សាហកម្មកាត់ដែរ ដែលពឹងផ្អែកលើវត្ថុធាតុដើម ដែលត្រូវនាំចូលពីប្រទេសចិន។ ឥឡូវនេះ ដោយសារមានកំណើនចំនួនអ្នកឆ្លងរហូតដល់១២នាក់ហើយ និងមាននៅទីក្រុងភ្នំពេញនិងខេត្តសៀមរាប ផលប៉ះពាល់ដោយផ្ទាល់ក៏មានដល់វិស័យអប់រំដែរ ព្រោះក្រសួងអប់រំបានសម្រេចឱ្យបិទសាលារៀននៅទីក្រុង​សៀម​​​រាប​និងរាជធានីភ្នំពេញជាបណ្តោះអាសន្ន [៥] ។

ជាកិច្ចឆ្លើយតបនឹងការវិវត្តន៍ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមប្រាក់ចន្លោះពី៨០០លានទៅ២០០០លានដុល្លារ​អាម៉េរិកដើម្បីស្រោចស្រង់សេដ្ឋកិច្ចប្រទេសកម្ពុជា[6]។ ចំពោះវិស័យទេសចរណ៍សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសចូលមកកម្ពុជា បានធ្លាក់ចុះប្រមាណជាង ៦០% ជាពិសេស ភ្ញៀវទេសចរជនជាតិចិន បានធ្លាក់ចុះក្នុងរង្វង់ ៩០%។ ដើម្បីជួយវិស័យមីក្រូសហគ្រាស សហគ្រាសធុនតូចនិងមធ្យម(Micro, Small and Medium Enterprise: MSME)ដែលពាក់ ព័ន្ធដោយផ្ទាល់និងដោយប្រយោលក្នុងវិស័យទេសចរណ៍ជាពិសេសនៅខេត្តសៀមរាប រាជរដ្ឋា​ភិបាលកម្ពុជាបានដាក់ចេញវិធានការណ៍ចំនួនដែលផ្តោតលើការបន្ធូរបន្ថយពន្ធ ការទាក់ទាញភ្ញៀវទេសចរណ៍ ជាពិ​សេសនៅខេត្តសៀមរាប និងការផ្តល់នូវចំណេះដឹងថ្មីឬបន្ថែមដល់អ្នកបាត់បង់ការងារក្នុងវិស័យទេសចរណ៍។

ចំពោះវិស័យកាត់ដេរ វត្ថុធាតុដើមដែលត្រូវនាំចូលពីប្រទេសចិននោះបានមកដល់ជាបន្តបន្ទាប់ហើយ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ភាគីចិន[7]។ ក្រៅពីនោះប្រមុខរាជ រដ្ឋាភិបាលបានធ្វើការអំពាវនាវ(១)មិនឱ្យរោងចក្រទាំងឡាយឆ្លៀតពេលដែលព្យួរការងារ លុបកិច្ចសន្យាការងារជាមួយកម្មករ (២) គ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវលើកលែងការប្រាក់សម្រាប់កម្មករដែលត្រូវព្យួរការងារ(៣) ម្ចាស់បុរីឬផ្ទះដែលលក់បង់រំលោះ​ឱ្យកម្មករដែលត្រូវព្យួរការងារ កុំផ្តាច់កុងត្រា និង(៤)អគ្គិសនីកម្ពុជា ក៏ដូចជារដ្ឋាករទឹក នៅកន្លែងខ្លះ ដែលកម្មករត្រូវបានព្យួរការងារ ផ្ដល់ការយោគយល់ឱ្យជំពាក់សិន[8]

ចំពោះវិស័យអប់រំវិញ ដំបូងឡើយក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចបិទសាលារៀនតែនៅក្នុងទីក្រុង សៀម​រាបប៉ុណ្ណោះ បន្ទាប់មកដោយសារទីតាំងនៃអ្នកមានភាពវិជ្ជមានវីរុសCOVID-19កាន់តែមានច្រើនកន្លែងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងក៏បានសម្រេចចេញសេចក្តីណែនាំស្តីពីការចាប់ ផ្តើមវិស្សមកាលតូចមុនកាលកំណត់​​​​សម្រាប់គ្រឹះស្ថានគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈនិងឯកជន នៅទូទាំងប្រទេសនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២០[9]។​ ទន្ទឹមគ្នានឹងនេះដែរ ក៏មានស្ថាប័នជាច្រើន ដូចជារាជបណ្ឌិត្យសភាកម្ពុជា ក្រសួងការបរទេស ក្រសួងសិប្បកម្មនិងឧស្សាហកម្មជាដើម បានចេញនូវសេចក្តី ណែនាំឱ្យមន្រ្តីរាជការក្រោមឱវាទផ្អាកជាបណ្តោះអាសន្ននូវការ​ជួបជុំបំពេញការងារបើសិនជាចៀសបាន ហើយជំនួសដោយការទំនាក់ទំនាក់ទំនងតាមអនឡាញ ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរោគ COVID-19។

ដើម្បីជួយMSMEបន្ថែមទៀតលើវិធានការដែលបានដាក់ចេញរួចមកហើយ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានចេញនូវសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដោយបញ្ចុះតម្លៃ៤សេនដុល្លារអាម៉េរិកក្នុងមួយលីត្រសម្រាប់ពាក់កណ្តាលទី២នៃខែមីនា ឆ្នាំ២០២០នេះ[១០]។ ដោយឡែក សេចក្តីប្រកាសនេះមិនបានបញ្ជាក់ពីការបញ្ចុះតម្លៃហ្គាសទេ[១១]។

ទោះជាយ៉ាងណាក៏ដោយ ចំពោះMSMEទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃCOVID-19 មានទំហំធំ ហើយពិបាក​នឹងធ្វើការប៉ាន់ស្មាន។ ការធ្លាក់ចុះនៃភ្ញៀវទេសចរ មិនមែនមានតែនៅសៀមរាបប៉ុណ្ណោះទេ គឺមាននៅភ្នំពេញ និងខេត្តផ្សេងៗទៀតផងដែរ។ ការបន្ធូរបន្ថយពន្ធនិងការប្រមូលអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ដែលត្រូវព្យួរការងារនោះ គ្រាន់តែជាចំណែកមួយប៉ុណ្ណោះ។ គេអាចនិយាយបានថា ជាការជួយសម្រាប់វិស័យដែលមានការពាក់ព័ន្ធផ្ទាល់ជាមួយវិស័យទេសចរណ៍ប៉ុណ្ណោះ តែជាក់ ស្តែងនៅវិស័យពាក់ព័ន្ធមិនផ្ទាល់ដូចជាអ្នកផ្គត់ផ្គត់ដល់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អ្នកបើកបរតាក់ស៊ី រ៉ឺមក អ្នកលក់វត្ថុអនុស្សាវរីយ៍ ចំណីចំណុកតាមទីសាធារណៈនានា ក៏មិនសូវមានអតិថិជនដែរ។

ចំពោះMSMEដែលពាក់ព័ន្ធដោយនឹងវិស័យអប់រំផ្ទាល់និងប្រយោល ក៏មិនតិចជាងក្នុងវិស័យទេសចរណ៍ដែរ។ ការចាប់ផ្តើមវិស្សមកាលតូចមុនកាលកំណត់ សម្រាប់បុគ្គលិកអប់រំជាមន្រ្តីរាជការនៅមានប្រាក់ខែ ដែលអាចទ្រទ្រង់ជីវភាពបាន។ តែបើគ្រូបង្រៀនក្នុងវិស័យឯកជនវិញ ឬជាគ្រូបង្រៀនវេលាការ អ្នកទាំងនោះនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុង។ អ្នកពាក់ព័ន្ធដោយប្រយោលមួយចំនួនទៀតដូចជាអ្នកលក់ចំណី អាហារសម្រន់ សម្ភារៈសិក្សា ក៏មិនមានអតិថិជនទៀតដែរ។ អ្នករត់រ៉ឺមក ធ្លាប់ដឹកជញ្ជូនសិស្សទៅសាលារៀន អ្នកលក់ចល័តធ្លាប់លក់ឱ្យសិស្ស-និស្សិតតាមរបងសាលារៀន របងសាកលវិទ្យា ល័យ នឹងមិនមានអតិថិជនទៀតទេ។

ព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថាមាន១២ករណីថ្មីទៀតហើយ ភាគច្រើនពាក់ព័ន្ធនឹងកម្មវិធីជួបជុំបែបសាសនា[១២]។ មិនយូរមិនឆាប់ទេ អាចនឹងមានវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលទៀតពាក់ព័ន្ធនឹងការកាត់បន្ថយជួបជុំបែបសាសនា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺCOVID-19នេះ។ បើអីចឹង​មែននោះ ព្រះសង្ឃ ជាពិសេសក្នុងវត្តនៅរាជធានីភ្នំពេញ នឹងខ្វះខាតចង្ហាន់ ។

ដំណោះស្រាយដំបូងបំផុតសម្រាប់អ្នកធ្វើការក្នុងវិស័យMSME ជាពិសេសអ្នកធ្វើការក្នុងវិស័យមិនផ្លូវការ(Informal Sector) អាចត្រឡប់ទៅភូមិកំណើតសិន និងចិញ្ចឹមជីវិតតាមរបៀបកសិកម្មចិញ្ចឹមពោះមួយរយៈសិន។ តែបញ្ហាត្រង់​ថា អាចទាំងមន្រ្តីរាជការ ទាំងអ្នកមានការងារធ្វើក្នុងMSMEមួយចំនួនមានបំណុលនៅធនាគារពាណិជ្ជឬគ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុនានា។ ប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវរួចហើយឱ្យពន្យាពេលបង់ប្រាក់ចំពោះអ្នកដែលត្រូវព្យួរការងារ។

វិស័យសាធារណៈបានប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីឆ្លើយតបនឹងគ្រោះអាសន្ននេះ នៅឡើយវិ ស័យឯកជន ជាពិ​សេស​មកដល់ពេលនេះមិនទាន់មានគ្រឹះស្ថានហិរញ្ញវត្ថុណាមួយនៅព្រះរាជាណាចក្រកម្ពុជាបន្ធូរបន្ថយអត្រាការប្រាក់ក្នុងគ្រាជួបការលំបាកនេះទេ ខណៈពេលដែលប្រទេសខ្លះបានចាប់អនុវត្តហើយ។

សង្ឃឹមថា ជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ COVID-19នេះរសាត់បាត់ឆ្ងាយពីព្រះរាជាណាចក្រកម្ពុជា ហើយការចូលរួមថែ​រក្សាសុខភាពនិងអនាម័យរបស់ប្រជាជនខ្មែរតាមការណែនាំរបស់ស្ថាប័នជំនាញ ការចូលរួមរបស់វិស័យឯកជនជា​មួយ​នឹងរាជរដ្ឋាភិបាល អាចធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជាបានល្អប្រសើរឡើងវិញ។

---------------------------

១. Worldometer in: https://www.worldometers.info/coronavirus/?fbclid=IwAR1EVMwNkMSygttRbzDyMg-6pVdL3L0omDJwa5K-4oKdQN607jr1OtUsBPI. Accessing on 17 March 2020.

២.​ Time: The WHO Estimated COVID-19 Mortality at 3.4%. That Doesn't Tell the Whole Story. In: https://time.com/5798168/coronavirus-mortality-rate/. Accessing on 16 March 2020.

៣. ADB: The Economic Impact of the COVID-19 Outbreak on Developing Asia, ADB Briefs No.128, 6 March 2020.

៤. អ្នកទាំងនោះមាន៖ នៅរាជធានីភ្នំពេញចំនួន៧នាក់ ខេត្តបាត់ដំបងចំនួន៤នាក់ កំពង់ចាមចំនួន៣នាក់ ខេត្តព្រះ​វិហារចំនួន២នាក់ ខេត្តបន្ទាយមានជ័យចំនួន២នាក់ ខេត្តកំពង់ឆ្នាំងចំនួន២នាក់ ខេត្តព្រះសីហនុ នួន១នាក់​(ព្យាបាលជារួចហើយ) ខេត្តសៀមរាបចំនួន១នាក់ ខេត្តកំពតចំនួន១នាក់ និងខេត្តត្បូងឃ្មុំចំនួន១នាក់។

 ៥.ក្រសួងអប់រំ យុវជន និងកីឡា៖ សេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។

៦. សូមមើលបន្ថែម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ សារាចរណែនាំស្តីពីការធ្វើវិចារណកម្មនិងការពង្រឹងសមត្ថភាពចំណាយសម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ លេខ០០១ សហវ.អថ ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

៧. GMAC: សេចក្តីជូនដំណឹងស្តីពីការមកដល់នៃវត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកាត់ដេរនិងវិធានការសម្របសម្រួល​ពិសេសរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

៨. នៅក្នុង http://km.cnv.org.kh/ ដកស្រង់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០

៩. ក្រសួងអប់រំ យុវជន និងកីឡា៖សេចក្តីណែនាំស្តីពីការចាប់ផ្តើមវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណៈនិងឯកជន នៅទូទាំងប្រទេស លេខ១៣ អយក.សណន ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

១០. ក្រសួងពាណិជ្ជកម្ម៖ សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ លេខ១១៦៣.ពណ.អវឯ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

១១. រ៉ឺម៉កកង់បីមួយចំនួនធំប្រើហ្គាស។

  ១២. ក្រសួងសុខាភិបាល៖ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការរកឃើញ១១ករណីថ្មីទៀតជាបុរសជនជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីនិងបុរសជនជាតិខ្មែរ១នាក់ត្រឡប់មកពីប្រទេសថៃ វិជ្ជមានវីរុសកូវីដ១៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

គន្ថនិទ្ទេស

១-ក្រសួងពាណិជ្ជកម្ម៖ សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ លេខ១១៦៣. ពណ.អវឯ ចុះ​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

២-ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ សារាចរណែនាំស្តីពីការធ្វើវិចារណកម្មនិងការពង្រឹងសមត្ថភាព ចំណាយសម្រាប់អនុវត្ត ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ លេខ០០១ សហវ.អថ ចុះថ្ងៃទី៦ ខែមីនាឆ្នាំ២០២០។

៣-ក្រសួងសុខាភិបាល៖ សេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការរកឃើញ១១ករណីថ្មីទៀតជាបុរសជន​ជាតិខ្មែរឥស្លាមដែលវិលត្រឡប់មកពីចូលរួមពិធីសាសនានៅប្រទេសម៉ាឡេស៊ីនិងបុរសជនជាតិខ្មែរ១នាក់ត្រឡប់ម​ក​ពីប្រទេសថៃ វិជ្ជមានវីរុសកូវីដ១៩ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

៤- ក្រសួងអប់រំ យុវជន និងកីឡា៖ សេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនិងឯកជននៅរាជធានីភ្នំពេញ និងក្រុងសៀមរាប ថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០​២០។

៥-ក្រសួងអប់រំ យុវជន និងកីឡា៖សេចក្តីណែនាំស្តីពីការចាប់ផ្តើមវិស្សមកាលតូចមុនកាលកំណត់សម្រាប់គ្រឹះស្ថានគ្រប់កម្រិត គ្រប់ប្រភេទទាំងសាធារណៈនិងឯកជន នៅទូទាំងប្រទេស លេខ១៣ អយក.សណន ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។

៦- GMAC: សេចក្តីជូនដំណឹងស្តីពីការមកដល់នៃវត្ថុធាតុដើមសម្រាប់បម្រើឱ្យវិស័យកាត់ដេរនិងវិធានការសម្របសម្រួលពិសេសរបស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

៧- ADB: The Economic Impact of the COVID-19 Outbreak on Developing Asia, ADB Briefs No.128, 6 March 2020.

៨- Time: The WHO Estimated COVID-19 Mortality at 3.4%. That Doesn't Tell the Whole Story. In: https://time.com/5798168/coronavirus-mortality-rate/. Accessing on 16 March 2020.

៩- Worldometer in: https://www.worldometers.info/coronavirus/?fbclid=IwAR1EVMwNkMSygttRbzDyMg-6pVdL3L0omDJwa5K-4oKdQN607jr1OtUsBPI. Accessing on 17 March 2020.

១០-http://km.cnv.org.kh/ ដកស្រង់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០



 



 

 


សេចក្តីប្រកាស