ព័ត៌មាន

«កសិករនៅខេត្តស្ទឹងត្រែងបង្កាត់ពូជស្រូវថ្មីបានហៅថាពូជស្រូវត្រីរៀល...»
32
109

M.C ពូជស្រូវត្រីរៀលជា​កសិផលមួយមានរយៈពេលខ្លីដាំដុះ​ទទួលបាន​ទិន្នផលល្អដែលកសិករនៅ ឃុំភ្លុក ស្រុក សេសាន ខេត្តស្ទឹងត្រែង​បានរកឃើញដោយខ្លួនឯង អាចចែកចាយដល់កសិករយើងផ្សេងៗ​​​​មិនបាច់ចំណាយថវិការ ទិញស្រូវពូជ មកពីខេត្តនានា​។

ក្នុងឱកាសចុះជួបកសិករដែលជ្រើសរើសបានពូជស្រូវថ្មី (ហៅស្រូវត្រីរៀល) លោក ថងឌីអាត កសិករនៅភូមិភ្លុកជាម្ចាស់ស្រូវ​បានបញ្ជាក់ថា ស្រូវនេះលោកបានសន្សំវាធ្វើពូជបានរយៈពេល៣ឆ្នាំ​ហើយ ព្រោះវាដាំដុះ​មិនរើសដីនិងឆាប់ទទួលបានផលមុនគេ ។

លោកបញ្ជាក់ថា ដំបូងឡើយលោកធ្វើស្រូវរំដួល ពេលនោះ​វាមានលាយឡំនៅក្នុងស្រែបានចេញផ្លែទុំមុនគេ ហើយក៏ចេះតែប្រមូលពូជវាទុកបានមួយតៅយកមកដាំ។​ពេលចេញផ្លែទុំមានសម្បុរភ្លឺផ្លេកចាំងពន្លឺថ្ងៃដូចហ្វូងត្រីរៀលឡើង ទើបគាត់ដាក់ឈ្មោះវាជាស្រូវត្រីរៀល។

លោកទួន ថាំងមេ​ឃុំភ្លុក ស្រុកសេសាន បានអះអាងថាបច្ចុប្បន្នពូជស្រូវនេះត្រូវបានកសិករ​ចាប់អារម្មណ៍ធ្វើបានប្រមាណ២០គ្រួសារហើយ ចំណែកស្រូវផ្សេងៗទៀតដូចជាពូជស្រូវរំដួល ផ្កាម្លិះ -ផ្កាល្មៀត- ផ្ការំដេង- សែនពិដោរ- ក៏កសិករយើងនិយមធ្វើដែរ ព្រោះពេលបានផលងាយស្រួលលក់ ។

លោកថាចំពោះស្រូវត្រីរៀលថ្មីដែលកសិករបង្កាត់ពូជបាននេះ ពិតជាពូជស្រូវមួយ​​ដាំដុះឆាប់ទទួលបានផលពិត      ប្រាកដមែន ជាពិសេសនៅចុងខែកញ្ញានេះ ត្រូវបានប្រមូលផលរួចរាល់ហើយ លោកនឹងទាក់​ទងទៅខាងបច្ចេកទេសកសិកម្មឱ្យគាំទ្រលើគម្រោងនេះ ព្រោះជាលើកទី១ហើយដែលកសិករយើងមករកឃើញពូជស្រូវនេះ​ ដើម្បីឱ្យផ្នែកបច្ចេកទេសមកជួយរបៀបបន្សុទ្ធបន្ថែម ដើម្បីយើងទុកពូជ​ឱ្យបានកាន់តែល្អ ។

លោក ធី សាយ កសិករដាំស្រូវនេះដែរបានបញ្ជាក់ថា តាំងពីបានដាំដុះស្រូវនេះមក ឃើញថាមិនពិបាកថែទាំទេ ហើយក្នុងរយៈពេលតែ៧៥ថ្ងៃបានចេញផ្លែទុំ​ ទទួល​ផលទាន់ចិត្ត​ ​និងបានដាល់អំបុកលក់មុនគេថែមទៀត ។

សូមបញ្ជាក់ថា ឃុំភ្លុក ស្រុកសេសាន ស្ថិតនៅតាមបណ្តោយដងទន្លេសេសាន មានចំងាយពីទីរួមខេត្តប្រមាណជាង ២០គីឡូម៉ែត្រ មានប្រជាពលរដ្ឋរស់នៅ ៤០៧ គ្រួសារ ស្មើនឹងចំនួនមនុស្ស ១៦៨៥ នាក់ និងមានផ្ទៃដីដាំដុះដំណាំស្រូវស្រែចម្ការប្រមាណ ជាង៤០០ហិកតា ​ ។

ប្រភព៖ Facebook រដ្ឋមន្ត្រីក្រសួងព័ត៌មាន

RAC Media, លឹម សុវណ្ណរិទ្ធ



សេចក្តីប្រកាស