ព័ត៌មាន
ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨៖
- មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជា ៦រូបទទួលបានគ្រឿងឥស្សរិយយសពីវិទ្យាស្ថានស្តង់ដាកម្ពុជានៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីបំពេញភារកិច្ចក្នុងគណៈកម្មាការស្តង់រយៈកាលជាង១០ឆ្នាំមក។
- រាជបណ្ឌិត្យសភាកម្ពុជា ចេញសេចក្តីប្រកាសពីការប្រជុំតាមវិទ្យាស្ថាន និងស្ថាប័នឧបសម្ព័ន្ធបន្ថែមក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងារហើយសេចក្តីប្រកាសនេះ នឹងចាប់ធ្វើដោយការជូនដំណឹងមុនភ្លាម។
ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨៖
- កិច្ចប្រជុំបន្ទាន់លើកទី១ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៅសាលនាងនួន វេលាម៉ោង ៩ព្រឹក។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធភាព និងវិន័យការងារ សំដៅលើកកម្ពស់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ មិនសំដៅតែវិទ្យាស្ថាន តែការពង្រឹងវិន័យការងារនេះ ត្រូវធ្វើទាំងនៅក្នុងផ្នែកចំណុះទាំងប្រាំរបស់វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា រួមមាន៖ (១) ផ្នែកវប្បធម៌វិទ្យា, (២) ផ្នែកសិល្បៈ និងឥស្សរិយយស, (៣) ផ្នែកស្ថាបត្យកម្ម, (៤) ផ្នែកបុរាណវិទ្យា និងទី(៥) ផ្នែកទស្សនីយភាព។ សរុបថ្នាក់ដឹកនាំ និង មន្ត្រីកំពុងបម្រើការនៅវិទ្យាស្ថាន មានចំនួន ១៤នាក់ (ស្រី៤នាក់)។
- រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសអនុវត្តអភិក្រមទាំង៥ ជាលើកដំបូង៖ (១) ឆ្លុះកញ្ចក់ (២) ងូតទឹក (៣) ដុសក្អែល (៤) ព្យាបាល និង(៥) វះកាត់។
ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨៖
បញ្ហាស្រាវជ្រាវ ជារឿងសំខាន់ តែសុខភាពអ្នកស្រាវជ្រាវ រឹតសំខាន់។ ទីលានលេងកីឡាបាល់ទះ ទីលានវាយកូនបាល់ (តិននីស) និងទីលានកីឡាប៉េតង់ (ប៊ូល) ត្រូវបានសាងសង់ឡើង។ ទីលានកីឡាទាំង៣ប្រភេទនេះ អាចផ្តល់ឱ្យមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា លេងកីឡានៅរៀងរាល់ក្រៅម៉ោងការងារដើម្បីថែរក្សាសុខភាពឱ្យកាន់តែល្អប្រសើរ។ មកទល់ពេលនេះ ការងារសាងសង់ទីលានកីឡាទាំង៣ប្រភេទនេះ សម្រេចបានជាង៩០%ហើយ។
ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨៖
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានអញ្ជើញទៅទស្សនកិច្ចនៅសហគមន៍ចិញ្ចឹមគោយកទឹកដោះ វ៉ាងណាំយិន ស្ថិតក្នុងខេត្តស្រះកែវ ប្រទេសថៃ នៅថ្ងៃសុក្រ១២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨៖
ឯកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃវិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម ដែលជាវិទ្យាស្ថានទី២ ហើយដែលឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានធ្វើការកោះហៅភ្លាមៗ ដើម្បីចូលរួមប្រជុំក្នុងការត្រួតពិនិត្យការងារ និងភាពអសកម្មរបស់មន្ដ្រីមួយចំនួន។ វិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គម មាន ៨ផ្នែកចំណុះ៖ (១)ធម្មសាស្ដ្រ និងចរិយាសាស្ដ្រ, (២)ផ្នែកនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, (៣)ផ្នែកពាណិជ្ជកម្ម និងការគ្រប់គ្រង, (៤)ផ្នែកប្រវត្តិវិទ្យានិងវិទ្យាសាស្រ្តនយោបាយ, (៥)ផ្នែកភូមិវិទ្យា និងនគរូបនីយកម្ម, (៦)ផ្នែកទស្សនវិជ្ជា និងសង្គមវិជ្ជា, (៧)ផ្នែកនរវិទ្យានិងជាតិពន្ធុវិទ្យា, (៨)ផែ្នកវិទ្យាសាស្រ្តអប់រំ។
ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨៖
- ឯកឧត្តមបណ្ឌិត យង់ ពៅ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបាឋកថា ស្តីពី «បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» របស់ឯកឧត្តមបណ្ឌិត ហ៊ឹម សុភី នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជា។
- ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ប្រកាសជ្រើសរើសមន្ត្រីស្ម័គ្រចិត្ត២រូបទៅបម្រើការនៅសួនឧទ្យានឫស្សីត្រឹប ដែលមានទីតាំងនៅខេត្តព្រះវិហារ។
ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨៖
អត្ថបទស្រាវជ្រាវ «ប្រវត្តិសិល្បៈមហោរី» ស្រាវជ្រាវ និងចងក្រងដោយលោកស្រី យ៉ាន់ វិភារតន៍ ប្រធានផ្នែកសិល្បៈទស្សនីយភាព នៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា។
RAC Media