31
បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន
សមាជិកពេញសិទ្ធិ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

ឯកឧត្តម ណាត ប៊ុនរឿន កើតនៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩៤៥ នៅភូមិប៉ុស្តិចាស់  ឃុំព្រះនេត្រព្រះ  ស្រុក​ព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ ឯកឧត្តមបានរៀបអាពាហ៍ពិពាហ៍​ជាមួយ​លោក​ជំទាវ ញឹម វ៉ាន់ច័ន្ទកន។

ឯកឧត្តមបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សានៅឆ្នាំ១៩៦៨ រួចបានបន្តការសិក្សានៅមហា​វិទ្យាល័យ​វិទ្យាសាស្រ្ត​នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ១៩៦៩-១៩៧០។ ក្រោយមកបានសិក្សា​នៅមហាវិទ្យាល័យ​គរុកោសល្យភ្នំពេញ រួចបានក្លាយជាគ្រូបឋមសិក្សានៅឆ្នាំ១៩៧២។ ដោយមានការខិតខំប្តេជ្ញាចិត្តខ្ពស់ក្នុង​ការ​រៀន​សូត្រ ឯកឧត្តមបានបន្តប្រឡងចូល​មហាវិទ្យាល័យគរុកោសល្យជាលើកទី២ ដើម្បីក្លាយជាសាស្រ្តចារ្យ​មធ្យម​សិក្សា​បឋមភូមិមុខវិជ្ជាខ្មែរ បារាំង។ លទ្ធផលបានសម្រេចដូចបំណងដោយជោគជ័យ ហើយបានទៅជា​សាស្រ្តាចារ្យ​មធ្យមសិក្សាបឋមភូមិនៅឆ្នាំ១៩៧៤។

នៅឆ្នាំ១៩៨០ បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រអប់រំនៅសាកលវិទ្យាល័យភ្នំពេញ។ បន្ទាប់មកបានក្លាយ​ជា​គ្រូបង្រៀនកម្រិត​ទី៣ មុខវិជ្ជាចិត្ត-គរុកោសល្យ បង្រៀននៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តបាត់ដំបង​ក្នុងឆ្នាំ១៩៨៣។  ដោយផ្អែក​លើ​លទ្ធផល​នៃការសិក្សាល្អ នៅសាកលវិទ្យាល័យភ្នំពេញ​ក្រសួងអប់រំបាន​ស្នើសុំឱ្យ​មក​បំពេញ​ការងារនៅក្រសួងនាឆ្នាំ១៩៨៣។ ក្នុង​ឆ្នាំ១៩៨៦ ក្រសួងបាន​មើលឃើញពីការ​បំពេញការងារល្អប្រកប​ដោយ​មនសិការ​វិជ្ជាជីវៈខ្ពស់ រួចបានបញ្ជូនឱ្យទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម​ដោយទទួលបានសញ្ញាបត្រ​បណ្ឌិត​ផ្នែកអប់រំនាឆ្នាំ១៩៩០។

ឆ្នាំ១៩៩០ ដល់​១៩៩៧ ជាប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានបណ្តុះបណ្តាល​និង​វិក្រឹតការ​។ ឆ្នាំ១៩៩៨ ដល់ ២០០៣ ជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ។ ចាប់ពីខែមករា  ឆ្នាំ២០០១ ដល់ឆ្នាំ២០១៥ ជាអគ្គលេខាធិការនៃគណៈកម្មាធិការ​​ជាតិអប់រំសម្រាប់ទាំងអស់គ្នា។  ខែកញ្ញា ឆ្នាំ២០០៣ ដល់២០០៨​ ជាអនុរដ្ឋលេខាធិការទទួលបន្ទុកនាយកដ្ឋានបណ្តុះ​បណ្តាល​និងវិក្រឹតការ និងនាយកដ្ឋាន​ផែនការ។ ខែកញ្ញាឆ្នាំ២០០៨ ដល់បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា  ទទួលបន្ទុកនាយកដ្ឋាន​បណ្តុះបណ្តាល និងវិក្រឹតការ នាយកដ្ឋានបឋមសិក្សា នាយកដ្ឋានអប់រំ ពិសេសនាយកដ្ឋានសំណង់  នាយកដ្ឋាន​អប់រំ​ក្រៅប្រព័ន្ធ និងអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ។

ក្នុងការបំពេញភារកិច្ច ឯកឧត្តមបានប្រកាន់ខ្ជាប់នូវឆន្ទៈមុះមុត  ប្តូរផ្តាច់ដោយត្រូវរក្សាទស្សនៈសុទិដ្ឋិ​និយម​ធ្វើឱ្យសម្រេចប្រកបដោយគុណភាព និងការទទួលខុសត្រូវកម្រិតខ្ពស់ ដើម្បីផលប្រយោជន៍រួម  ព្រមទាំង​ខិតខំ​ពុះ​ពារ​​ការលំបាកគ្រប់បែបយ៉ាង។

ចាប់តាំងពីឆ្នាំ១៩៩៨ ក្នុងតួនាទីជាប្រធាននាយកដ្ឋានរហូតដល់បានបំពេញតួនាទីជារដ្ឋលេខាធិការ​ទទួលបន្ទុក​ការងារ​គោល​នយោបាយ និងផែនការ ឯកឧត្តមបានដឹកនាំការងារបច្ចេកទេសអភិវឌ្ឍគោលនយោបាយជាតិសំខាន់ៗ​ សម្រាប់ក្រសួងក៏ដូចជារាជរដ្ឋាភិបាល មានជាអាទិ៍គោលនយោបាយជាតិស្តីពីការគាំពារនិងអភិវឌ្ឍកុមារតូច  គោល​នយោបាយ​ជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំ និងកីឡាគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជន  គោលនយោ​បាយ​គ្រូបង្រៀន...។ ដោយឡែកឯកឧត្តមបានដឹកនាំកម្រិតបច្ចេកទេសបូកសរុបលទ្ធផលការងារអប់រំយុវជន និង​កីឡា​សម្រាប់​ឆ្នាំសិក្សាកន្លងមក និងលើកទិសដៅសម្រាប់ឆ្នាំសិក្សាបន្ទាប់ក្នុងសន្និបាតអប់រំជារៀងរាល់ឆ្នាំ។ ប្រការនេះ​បាន​ទទួល​ការលើកទឹកចិត្តការកោតសរសើរពីសំណាក់រដ្ឋមន្រ្តី   សហការី  និងមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់  ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ នៅឆ្នាំ២០១៣  រាជរដ្ឋាភិបាលបានប្រគល់មេដាយជាតូបការដើម្បីបញ្ជាក់ពីស្នាដៃ និងការ​ទទួល​ស្គាល់ជោគជ័យក្នុងការបំពេញការងារជូនជាតិមាតុភូមិ។

ក្នុងឋានៈជារដ្ឋលេខាធិការទទួលបន្ទុកការងារផែនការ  និងគោលនយោបាយ  ឯកឧត្តម បានចូលរួម​ប្រជុំ​ជាប់​ជាប្រចាំអមរដ្ឋមន្រ្តីក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីអប់រំតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសកិច្ចសន្ទនានយោបាយពាក់ព័ន្ធ​និន្នាការ​អប់រំសកលលោក និងតំបន់។ ឯកឧត្តមធ្លាប់បានចូលរួមជាសមាជិកក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិក្សា​បើក​ទូលាយ (SEAMEO SEAMOLEC) ប្រចាំប្រទេសឥណ្ឌូនេស៊ីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០៣។ ឯកឧត្តម​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌលបច្ចេកវិទ្យា និងនវានុវត្តន៍ (SEAMEO INNOTECH)​ ប្រចាំ​ប្រទេស​ហ្វីលីពីន ឆ្នាំ២០០៤ ដល់ឆ្នាំ២០១៦។ ក្រោយមកចាប់ពីឆ្នាំ២០០៧ ឯកឧត្តម បាន​ក្លាយ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ រហូតដល់បច្ចុប្បន្ននេះ។

ឯកឧត្តមបានព្យាយាម  សម្រិតសម្រាំងការងារដោយយកចិត្តទុកដាក់  ទើបទួលបានការទទួលស្គាល់ស្នាដៃ​ពី​សំណាក់​រដ្ឋ​មន្រ្តី ព្រមទាំងដៃគូអភិវឌ្ឍ។ ឯកឧត្តមទទួលបានកិត្តិយសពីឯកឧត្តមរដ្ឋមន្រ្តី​ឱ្យ​ដឹកនាំ​ការ​ពិភាក្សា​ជាមួយ​ដៃ​គូ​អភិវឌ្ឍជាតិ អន្តរជាតិក្នុងការកៀរគរជំនួយគាំទ្រវិស័យអប់រំ។

ក្នុងដំណាក់កាលចុងក្រោយនេះ ឯកឧត្តមបានចូលរួមយ៉ាងសកម្មក្នុងកម្មវិធីកំណែទម្រង់វិស័យ​អប់រំ​ស៊ី​ជម្រៅ គ្រប់ជ្រុងជ្រោយ​លើការពិនិត្យកែលម្អឡើងវិញក្របខណ្ឌកម្មវិធីសិក្សា  ការងារអធិការកិច្ច  ការវាយតម្លៃ​លទ្ធផល​សិក្សា ឧត្តមសិក្សា ដោយ​ចាប់​យក​គ្រូបង្រៀនជាចំណុចចាប់ផ្តើម ជាបញ្ហាស្នូល ជាអាទិភាព  ជាពិសេស​កំណែ​ទម្រង់​ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។​ កំណែទម្រង់វិស័យអប់រំ បាននាំមកនូវជោគជ័យ និង​សមិទ្ធផល​ធំៗ សម្រាប់ប្រព័ន្ធអប់រំក្នុងការកសាង​ធនធានមនុស្សសំដៅឆ្លើយតបទៅនឹងចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង​ឆ្នាំ២០៥០ខាងមុខ។

ឯកឧត្តម ណាត  ប៊ុនរឿន  បានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់  មានការទទួលស្គាល់ និង​ទទួល​បាន​គោរមងារ​ជា «បណ្ឌិតសភាចារ្យ» នាពេលនេះមានដូចខាងក្រោម៖

  • ឯកឧត្តមបានរួមចំណែកយ៉ាងសកម្មក្នុងការងារកែទម្រង់វិស័យអប់រំ  ជាពិសេសការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ ព្រមទាំងរួមចំណែកក្នុងការអនុវត្តកំណែទម្រង់ផ្សេងៗទៀតរបស់វិស័យអប់រំ និង​កំណែ​ទម្រង់របស់រាជរដ្ឋាភិបាល
  • ឯកឧត្តមបានដឹកនាំកម្រិតបច្ចេកទេសលើគ្រប់ការដ្ឋាន អនុវិស័យ ដើម្បីរៀបចំផែនការ​យុទ្ធសាស្រ្ត​វិស័យ​អប់រំដែលជាក្របខណ្ឌផែនទីចង្អុលផ្លូវសម្រាប់អនុវត្តគោលនយោបាយស្របតាមផែនការយុទ្ធ​សាស្រ្ត​​​អភិវឌ្ឍ​ជាតិ​របស់រាជរដ្ឋាភិបាល
  • ឯកឧត្តមបានផ្សារភ្ជាប់ការងារទៅនឹងគ្រូបង្រៀនគ្រប់កម្រិតជាប់ជាប្រចាំដោយយកការងារ នេះ​ជា​ការងារ​ស្នូលក្នុងក្នុងការផ្តល់កិត្តិយស តម្លៃគ្រូដែលជាវិស្វករព្រលឹងជាតិ
  • ឯកឧត្តមបានខិតខំកៀរគរជំនួយគាំទ្រវិស័យអប់រំពីគ្រប់ភាគីពាក់ព័ន្ធដោយរក្សាខ្ជាប់នូវភាពជាម្ចាស់​ក្នុងការបំពេញភារកិច្ច ឯកឧត្តមតែងប្រកាន់នូវទស្សនៈទូលាយដោយកំណត់គោលការណ៍​ច្បាស់​លាស់​​នោះគឺឆន្ទៈ ការប្តេជ្ញាចិត្តកម្រិតខ្ពស់ សមត្ថភាពពេញលេញ ឱកាស និងការចូលរួម។