29
បណ្ឌិតសភាចារ្យ នេត បារ៉ុម
សមាជិកពេញសិទ្ធិ ក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

បណ្ឌិតសភាចារ្យ នេត បារ៉ុម៖

- សមាជិកបម្រុង នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៦
- ជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា ឆ្នាំ២០១៨។

ជីវប្រវត្តិរូបសង្ខេប៖

ឯកឧត្តម នេត បារ៉ុម 
កើតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៥២ នៅភូមិច្បារអំពៅ ឃុំច្បារអំពៅ ស្រុកគៀនស្វាយ ខេត្តកណ្តាល ក្នុងត្រកូលដែលមានឳពុកជាគ្រូបង្រៀន ឈ្មោះ នេត សំឱក និងម្តាយជាមេផ្ទះឈ្មោះ យិន សំអាត។ ឯកឧត្តមបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ស បូហនី នៅថ្ងៃទី៣ ខែមករា ឆ្នាំ១៩៧៤ ហើយមានកូនបីនាក់ (ប្រុស១ និងស្រី២នាក់) និងចៅ៦នាក់។

កាលនៅវ័យកុមារ ឯកឧត្តមបានសិក្សាកម្រិតបឋមសិក្សានៅសាលាបឋមសិក្សាវត្តតុំ និងបន្ទាប់មកនៅសាលា​បឋម​សិក្សាកុមារាតាកែវក្រុង ក្នុងស្រុកទ្រាំង ខេត្តតាកែវ។ ឯកឧត្តមបានបន្តការសិក្សាកម្រិតមធ្យមសិក្សា នៅ​​វិទ្យាល័យព្រះឧទ័យ ខេត្តតាកែវ រហូតដល់ថ្នាក់ទី១ទំនើប និងថ្នាក់ទីបញ្ចប់នៅវិទ្យាល័័យព្រះយុគន្ធរ ភ្នំពេញ ហើយនិងបានប្រឡងជាប់មធ្យមសិក្សាបត្រទុតិយភូមិ នៅឆ្នាំ១៩៦៩។ ឯកឧត្តមបានបន្តការសិក្សាថ្នាក់ឧត្តមសិក្សាផ្នែករូបវិទ្យា‑គីមី នៅមហាវិទ្យាល័យវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយបានទទួលបរិញ្ញាបត្រ​ផ្នែកនេះនៅឆ្នាំ១៩៧៣។ បន្ទាប់មក ឯកឧត្តមបានប្រឡងជាប់ចូលរៀនជាគរុសិស្ស ផ្នែករូបវិទ្យា‑គីមី នៅសាលាគរុវិជ្ជាជាន់ខ្ពស់ (Ecole Normale Superieure) ឆ្នាំសិក្សា​១៩៧៤‑៧៥។

ឆ្លងកាត់របបខ្មៅងងឹត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ  ឯកឧត្តមត្រូវបានបញ្ជូនឱ្យទៅរស់នៅក្នុងមន្ទីរលត់ដំភ្នំលូ ឃុំស្រែក្នុង ស្រុកឈូក ខេត្តកំពត រយៈពេលមួយឆ្នាំ និងបន្ទាប់មក នៅភូមិបើន(ភ្នំល្អាង) ឃុំក្រាំងលាវ ស្រុកឈូក ខេត្តកំពត ក្នុងនាមជាប្រជាជនជម្លៀសចំណូលថ្មី។

ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ឯកឧត្តមបានចូលបម្រើការក្នុងក្រសួងអប់រំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៧៩ ទទួលភារកិច្ចជាអ្នកនិពន្ធសៀវភៅគីមីវិទ្យាមធ្យមសិក្សា សម្រាប់​ថ្នាក់ទី៧ ទី៨​ ទី៩ និងទី១០ចាស់។ នៅឆ្នាំ​១៩៨១ នៅពេលដែលនិពន្ធសៀវភៅគីមីខាងលើចប់​ ឯកឧត្តមត្រូវបានក្រសួងបញ្ជូន ឱ្យទៅបន្តការសិក្សាថ្នាក់ក្រោយ​ឧត្តមសិក្សា នៅសាកលវិទ្យាល័យគរុកោសល្យហាណូយ១ នាទីក្រុងហាណូយ ប្រទេសវៀតណាម ហើយឯកឧត្តម​បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីវិទ្យា នៅឆ្នាំ១៩៨២។ ក្រោយពេលត្រឡប់ពីការសិក្សាវិញ ឯកឧត្តម​ត្រូវបានតែងតាំងជានាយករងបច្ចេកទេសសាលាគរុវិជ្ជាជាន់ខ្ពស់(បច្ចុប្បន្នជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) នៅចុងឆ្នាំ១៩៨២។ នៅពេលប្រែក្លាយសាលាគរុវិជ្ជាជាន់ខ្ពស់ទៅជាសាកលវិទ្យាល័័យភ្នំពេញនាឆ្នាំ​១៩៨៨ ឯកឧត្តមត្រូវបានក្រសួងបញ្ជូនទៅបន្តការសិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យទីក្រុងហូជីមិញ ប្រទេស​វៀតណាម ហើយឯកឧត្តមបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតផ្នែកគីមីវិទ្យា នៅឆ្នាំ១៩៩២។

នៅក្នុងវិស័យគីមីវិទ្យា ឯកឧត្តមជារៀមច្បងមួយរូបក្នុងការអប់រំនិងបណ្តុះបណ្តាលជួរគ្រូនិងនិស្សិតក្នុងវិស័យនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៧៩រៀងរហូតមក។ តាមរយៈដេប៉ាតឺម៉ង់គីមី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធនធានផ្នែកនេះបានរីកចម្រើននិងសម្បូណ៌​ជាងផ្នែកដទៃខ្លះទៀត និងវិស័យគីមីបានចូលរួមបង្កជាធន​ធាន​​​សម្រាប់ជំនាញផ្សេងៗទៀត ដូចជា បរិស្ថាន គីមីជីវៈ គីមីចំណីអាហារ និងជំនាញថ្មីៗពាក់ព័ន្ធមួយចំនួនទៀត។ នៅឆ្នាំ២០១០ ឯកឧត្តមបានកៀងគរកម្លាំងអ្នកគីមីដើម្បីបង្កើតបានជា «សមាគមគីមីកម្ពុជា» ​មួយឡើងសម្រាប់ជាកម្លាំងសាមគ្គី និងជំរុញជំនាញនេះសម្រាប់ការចូលរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សរបស់ជាតិ ហើយសមាគមនេះក៏កំពុងបន្តវេនវិវឌ្ឍឈានឡើងរហូតមកដល់បច្ចុប្បន្ន។ ឯកឧត្តមត្រូវបាន​ជាប់ឆ្នោត ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមរយៈពេល២អាណត្តិ(សិទ្ធិអតិបរមា)បន្តបន្ទាប់គ្នា ២០១០​‑​២០១៨។

ក្នុងវិស័យជំនាញស្រាវជ្រាវវិញ  ឯកឧត្តមក៏ជាជនឈានមុខមួយរូបក្នុងការជំរុញការស្រាវជ្រាវឱ្យដើរទន្ទឹមនឹងការ​បង្រៀននៅក្នុងបេសកកម្មរបស់សាកលវិទ្យាល័យនៅកម្ពុជា។ មានព្រឹត្តិការណ៍ និងវេទិកាស្រាវជ្រាវវិទ្យាសាស្ត្រ​ជាច្រើនត្រូវបានរៀបចំឡើងបន្តបន្ទាប់ចាប់ពីឆ្នាំ១៩៩៦រៀងមកនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញដែលដឹកនាំដោយឯកឧត្តម និងបន្តវេនពីឯកឧត្តម។ បច្ចុប្បន្នគេឃើញមានធនធានប្រកបដោយគុណភាព​ជា​ច្រើនរបស់សាកលវិទ្យាល័យ និងចេញពីសាកលវិទ្យាល័យនេះ កំពុងបន្តវេននិងឈានទៅរកភាពម្ចាស់ការនៃបញ្ញវន្តភាពរបស់ជាតិ។

តាមរយៈស្នាដៃពីភាពដឹកនាំលេចធ្លោក្នុងវិស័យស្រាវជ្រាវនេះ ឯកឧត្តមបានទទួលទំនុកចិត្តនិងគាំទ្រពីដៃគូអភិវឌ្ឍន៍ក្នុងការដឹកនាំគម្រោងពាក់ព័ន្ធមួយចំនួន ដូចជា «ការកសាងសមត្ថភាពស្រាវជ្រាវរបស់សាកលវិទ្យាល័យ និងការអប់រំបរិស្ថាន» រយៈពេល១០ឆ្នាំ(១៩៩៧‑២០០៦) ដោយមូលនិធិហិនរីជបូលអាល្លឺម៉ង់។ ការរៀប​ចំ​សន្និសីទអន្តរជាតិខេមរវិទ្យាលើកទី២ ឆ្នាំ២០០០ និងបោះពុម្ពសៀវភៅកម្រងអត្ថបទសន្និសីទ ដោយមូលនិធិ​តូយ៉ូតា​ជប៉ុន (សន្និសីទអន្តរជាតិខេមរវិទ្យា លើកទី១ ប្រព្រឹត្តទៅនៅឆ្នាំ១៩៩៦ ក៏គាំទ្រដោយមូលនិធិ​តូយ៉ូតាដែរ ប៉ុន្តែសហការជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង)។ ជាងនេះទៀត គេឃើញចលនាបំផុស​​ការស្រាវជ្រាវ និងការកសាងសមត្ថភាពស្រាវជ្រាវដែលដឹកនាំដោយឯកឧត្តម តាមរយៈសមាជស្រាវជ្រាវសង្គម​‑​វប្បធម៌​ប្រចាំឆ្នាំ(៩ដង) និងវគ្គបំប៉នសមត្ថភាពស្រាវជ្រាវ(១០ដង) ប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំ។ ទន្ទឹមនេះ ឯកឧត្តម​ក៏បានចូលរួមបង្កើតនិងដឹកនាំជានាយក«មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអំពីប្រជាជន» របស់សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ពីឆ្នាំ២០០១ ​ដល់ ២០០៥ ផងដែរ។

ចំពោះវិស័យអប់រំបរិស្ថាន ឯកឧត្តមក៏ជាជនឈានមុខមួយរូបក្នុងការរួមចំណែក ជាពិសេសក្នុងការផ្តួចផ្តើមគំនិតពីយុទ្ធសាស្ត្របង្កើតដេប៉ាតឺម៉ង់បរិស្ថានរបស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ១៩៩៥ ដោយចាប់ផ្តើម​ពី​​ការកសាងធនធានគ្រូ និងកម្មវិធីសិក្សា ហើយលេចជារូបរាងពិតប្រាកដចាប់ដំណើរការនៅឆ្នាំ២០០០ ដើម្បីកសាង​ធនធានមនុស្សសម្រាប់វិស័យនេះ។ ដើម្បីសម្រេចនូវបេសកកម្មអប់រំនិងស្រាវជ្រាវបរិស្ថាននេះជាពិសេស​​​លើការកសាងសមត្ថភាពជួរគ្រូបង្រៀន ឯកឧត្តមបានទទួលការគាំទ្រក្នុងការដឹកនាំគម្រោងពាក់ព័ន្ធមួយ​​ចំនួនពីដៃគូអភិវឌ្ឍន៍មានជាអាទិ៍៖​ «ការគាំទ្ររបស់សាកលវិទ្យាល័យសម្រាប់ការស្រាវជ្រាវបរិស្ថាន ២០០០​‑​២០០២ (USAID)»  «សេដ្ឋកិច្ចលើសំណល់ ២០០១‑២០០៥​ (CIDA)» «អភិវឌ្ឍន៍មេរៀននិងសៀវភៅសិក្សាសម្រាប់ការ​អប់រំបរិស្ថាន ២០០២‑២០០៦ (DANIDA)»  «ការគាំទ្ររបស់សាកលវិទ្យាល័យដល់​ការធ្វើផែនការនិងការគ្រប់គ្រង​បរិស្ថាន ២០០២‑២០០៦(DANIDA)» «ការគ្រប់គ្រងនិងការវាយតម្លៃបរិស្ថានទីប្រជុំជន ២០០៣‑២០១០ (CIDA)» និង​ «ការផ្តួចផ្តើមសម្រាប់អភិវឌ្ឍន៍ធនធានមនុស្ស សម្រាប់វិស័័យបរិស្ថានកម្ពុជា និង​ឡាវ ២០០៨​‑​២០១០​ (EU)» ហើយនិងចុងក្រោយនេះ «ការកសាងសមត្ថភាពអំពីការកាត់បន្ថយការប្រែប្រួល​អាកាស​ធាតុ និង​ផលចំណេញនៅក្នុងវិស័យព្រៃឈើ ២០១៤‑២០១៥ (ASEAN-JAIF)» និង «ប្រព័ន្ធគិត​គូរ​ពី​កាបូន និងការ​ជួញ​ដូរកាបូន ២០១៥ (ASEAN-JAIF)»។ ទន្ទឹមនឹងនេះដែរ  ឯកឧត្តមត្រូវបានជ្រើស​រើស​ជាសមាជិក​នៃវេទិកាវីរជន​អាស៊ីនិងប៉ាស៊ីហ្វិក សម្រាប់បរិស្ថាននិងអភិវឌ្ឍន៍ (APFED) ដែលផ្តួចផ្តើមដោយក្រសួង​​បរិស្ថានប្រទេស​ជប៉ុន នាឆ្នាំ២០០០‑២០០៤។

សម្រាប់វិស័យអប់រំតំបន់ ឯកឧត្តមធ្លាប់ឈរជាតំណាងកម្ពុជា ជាសមាជិកក្រុមប្រឹក្សាភិបាលរយៈពេល២១ឆ្នាំ (១៩៩៣‑២០១៣)​ ប្រចាំមជ្ឈមណ្ឌល SEAMEO-BIOTROP Bogor ប្រទេស​​​​​​​​​​​​ឥណ្ឌូណេស៊ី និងធ្លាប់ឈរជាសមាជិក​តំណាងកម្ពុជានៃបណ្តាញការស្រាវជ្រាវឧត្តមសិក្សាសម្រាប់អាស៊ីប៉ាស៊ីហ្វិក ១៩៩៤‑២០០០ ​(APHERN- UNESCO)។ 

ពីឆ្នាំ១៩៩៧ដល់២០០៩ ជាសមាជិកគណៈកម្មការរៀបរៀងទស្សនាវដ្តីអាស៊ីអគ្នេយ៍ (SAHER) របស់​ SEAMEO–RIHED។ 

​ពីឆ្នាំ២០០០​ដល់​២០០៩ ជាសមាជិកក្រុមអ្នកនិពន្ធតំណាងកម្ពុជារបស់ទស្សនាវដ្តីអាស៊ានអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីអភិវឌ្ឍន៍ នៅទីក្រុងបាងកក។

សម្រាប់វិស័យអប់រំជាតិ ពីឆ្នាំ១៩៩៥​ដល់១៩៩៨ ឯកឧត្តមត្រូវបានជ្រើសរើសជាសមាជិកក្រុមការងារ និងគណៈកម្មការបច្ចេកទេសនៃក្រុមដឹកនាំការងារជាតិកំណែទម្រង់ឧត្តមសិក្សា ដោយរាជរដ្ឋាភិបាលកម្ពុជា។​ និងជាប្រធានគណៈកម្មការបណ្ណាធិការនៃទស្សនាវដ្តីស្រាវជ្រាវកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា ពីឆ្នាំ២០០៩ ដល់២០១២។

ជាមួយនោះផងដែរ ឯកឧត្តមក៏ជាស្ថាបនិកមួយរូបក្នុងការកសាងធនធានមនុស្សវិស័យទេសចរណ៍ ដោយផ្តួចផ្តើមការបង្កើតដេប៉ាតឺម៉ង់ទេសចរណ៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ១៩៩៧ តាមរយៈការការកសាងធនធានគ្រូនិងកម្មវិធីសិក្សាស្តង់ដាជាមុន ហើយម្ចាស់ការដំណើរការបាននៅឆ្នាំ២០០០។ គោលដៅនេះសម្រេចឡើងបាន គឺជាបទពិសោធន៍មួយក្នុងការអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សាកលវិទ្យាល័យជាមួយដៃគូសាកលវិទ្យាល័យអន្តរជាតិ។ ឯកឧត្តមក៏ជាសមាជិកតំណាងកម្ពុជា នៅក្នុងសមាគមសាកលវិទ្យាល័យដែលមានការអប់រំផ្នែកទេសចរណ៍ និងការកំសាន្ត (ATLAS) អាស៊ី នាឆ្នាំ១៩៩៩‑២០០៩។

ចំពោះស្នាដៃខាងលើនេះ ឯកឧត្តមធ្លាប់បានទទួលការសរសើរកម្រិតជាតិ និងអន្តរជាតិ ដូចតទៅ៖
‑​ បណ្ណសរសើរ៥ឆ្នាំ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី នាឆ្នាំ១៩៨៧ លើការគ្រប់គ្រងល្អ
‑ បណ្ណសរសើរ ១០ឆ្នាំ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី នាឆ្នាំ ១៩៨៩ លើការគ្រប់គ្រងនិងដឹកនាំល្អ
‑ ប្រកាសនីយបត្រគ្រឿងឥស្សរយសការងាររបស់រាជរដ្ឋាភិបាលកម្ពុជា នាឆ្នាំ២០០៣​និង​ឆ្នាំ២០០៥
‑ ឯកអគ្គរដ្ឋទូតសន្តិភាព  ប្រគល់ដោយអង្គការសន្តិភាព និងអន្តរសាសនាពិភពលោក នាឆ្នាំ២០០២
‑ បណ្ណសរសើរជា«World Leading Educator» លើការងារគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាល្អ ប្រគល់ដោយស្ថាប័ន Cambridge នាឆ្នាំ២០០៥។

ក្រោយរយៈពេលបំពេញការងារជាសាកលវិទ្យាធិការរងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅចន្លោះឆ្នាំ​១៩៨២​‑​២០០៩​ ​មក នៅនាឆ្នាំ២០០៩ ឯកឧត្តមត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា និង​ជា​ទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជានៅឆ្នាំ២០១២ បន្ទាប់ពីឯកឧត្តមបានចូលនិវត្តន៍។

ក្រៅពីការងារគ្រប់គ្រងនិងដឹកនាំវិទ្យាសាស្ត្រ និងការអប់រំឧត្តមសិក្សាល្អ ឯកឧត្តមក៏ជាគ្រូបង្រៀន អ្នកស្រាវ​ជ្រាវ និងអ្នកនិពន្ធមួយរូបផងដែរ ដែលជាមួយនោះមានជាអាទិ៍គឺ៖

‑ ធ្លាប់បង្រៀនមុខវិជ្ជាកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ចំនួន៣០មុខវិជ្ជា
‑ ធ្លាប់បោះពុម្ពផ្សាយអត្ថបទកម្រិតអន្តរជាតិ ចំនួន ១០
‑ អត្ថបទជាបទបង្ហាញក្នុងសន្និសីទជាតិ និងអន្តជាតិ ចំនួន ៨
 អត្ថបោះពុម្ពកម្រិតជាតិ ចំនួន​ ២
 និពន្ធសៀវភៅសិក្សា និងបោះពុម្ពផ្សាយបានចំនួន៤។